ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២៤-២៩:៣០ ( មេរៀន​ទី ៧ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ២៤–២៩:៣០ ( មេរៀន​ទី ៧ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាង​ក្រោម នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤–២៩:៣០ ( មេរៀន​ទី ៧ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៤-២៦)

តាមរយៈ​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ដល់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី អំពី​ការឆ្លើយតប​ទៅ​នឹង​ការសាកល្បង នោះ​សិស្ស​បាន​រៀន​ថា​យើង​គួរតែ​មាន​ចិត្ត​អត់ធ្មត់ ហើយ​ស៊ូទ្រាំ​នឹង​ទុក្ខ​វេទនា​របស់​យើង ដោយសារ​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​យើង ។ នៅពេល​សិស្ស​បាន​សិក្សា​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ អិមម៉ា ស្ម៊ីធ អំពី​តួនាទី​របស់​គាត់​នៅក្នុង​សាសនាចក្រ នោះពួកគេ​បាន​រកឃើញ​គោលការណ៍​មួយ​ចំនួន ហើយ​បាន​ជ្រើសរើស​យក​គោល​ការណ៍​មួយ​ដើម្បី​ផ្តោតយក​ចិត្ត​ទុក​ដាក់​លើ​វា នោះ​ពួកគេ​នឹង​មាន​អារម្មណ៍​ថា អាច​អនុវត្ត​បាន​នៅក្នុង​ជីវិត​ផ្ទាល់​ខ្លួន ។ ជាចុងក្រោយ សិស្ស​បាន​សិក្សា​ពី​ការប្រកាស​របស់​ព្រះអម្ចាស់ ដែល​ថា​របស់​ទាំងអស់​នឹង​ត្រូវបាន​សម្រេច ដោយសារ​ការយល់​ព្រម​ទូទៅ​នៅក្នុង​សាសនាចក្រ ហើយ​បាន​ពិចារណា​ពី របៀប​ដែល​ពួកគេ​អាច​ធ្វើ​ការតាំងចិត្ត​ខ្លួន​បាន​កាន់តែ​ប្រសើរ ដើម្បី​គាំទ្រ​អស់​អ្នក​ដែល​ត្រូវបាន​ហៅ ហើយ​គាំទ្រ​ឲ្យ​បម្រើ​នៅក្នុង​វួដ ឬ សាខា​របស់​ខ្លួន ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៧)

( នៅពេល​សិស្ស​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៧ នោះ​ពួកគេ​បាន​រៀន​ថា នៅពេល​យើង​ទទួលទាន​ពិធីសាក្រាម៉ង់ នោះ​យើង​ត្រូវ​ចងចាំ​អំពី​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា យើង​កំពុង​រស់នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​កំណត់កាល​ដ៏​ពោរពេញ ដែល​នាំ​មក​រួមគ្នានូវ​កូនសោ​ទាំងអស់​នៃ​ដំណឹងល្អ ពិធីបរិសុទ្ធ និង សេចក្ដីពិត​នៃ​គ្រាកាន់កាប់​ត្រួត​ត្រា​ដែល​បាន​កន្លង​ហួស​ទៅ ។ ដើម្បី​អាច​ទប់ទល់​នឹង​អំពើ​អាក្រក់​នៅ​ជំនាន់​របស់​យើង​នេះ សិស្ស​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ពាក់​លើ​ខ្លួន​ពួកគេ​នូវ​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៨)

ចេញ​ពី​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ អូលីវើរ ខៅឌើរី សិស្ស​បាន​រៀន​ថា​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ សមាជិក​ម្នាក់ៗ​ពុំ​ទទួល​វិវរណៈ ដើម្បី​ដឹកនាំ​នរណា​ម្នាក់​ដែល​ធ្វើ​ជា​អធិបតី​លើ​ពួកគេ​ឡើយ ហើយ​ថា​មាន​តែ​ប្រធាន​សាសនាចក្រ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​នឹង​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​អាច​នឹង​ទទួល​បាន​វិវរណៈ​សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន និង ដើម្បី​ជួយ​យើង​បំពេញ​ការហៅ និង ការចាត់តាំង​ដែល​បាន​ប្រគល់​ដល់​យើង ។ ( សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា អ្នក​ដឹកនាំ​សាសនាចក្រ​មាន​ទំនួលខុសត្រូវ ដើម្បី​នឹង​កែតម្រូវ​ដល់​អស់​អ្នក​ដែល​កំពុង​ដឹកនាំ​អ្នក​ដទៃ​ទៀត​ឲ្យ​វង្វេង ហើយ​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អ្វីៗ​គ្រប់យ៉ាង​ត្រូវ​តែ​មាន​របៀប​រៀបរយ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១-៣០)

ចេញពី​ការណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី ការយាង​មក​ជា​លើកទីពីរ និង ព្រឹត្តិការណ៍​ក្រោយ​ពី​សហស្សវត្សរ៍ នោះ​សិស្ស​បាន​រៀន​ថា អស់​អ្នក​ដែល​មករក​ព្រះអង្គស​ង្គ្រោះ នឹង​ត្រូវបាន​រៀបចំ​សម្រាប់​ការសាកល្បង និង សេចក្តី​ទុក្ខលំបាក​នៃ​ថ្ងៃ​ចុងក្រោយ ហើយ​នឹង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ។ មេរៀន​នេះ​ក៏​បាន​ជួយ​សិស្ស​ឲ្យ​យល់​ថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ បាន​ធ្វើ​ឲ្យ​ធួន​នឹង​អំពើបាប​ទាំងឡាយ​របស់​យើង និង ជា​ព្រះ​ដ៏​គាំទ្រ​ចំពោះ​ព្រះវរបិតា នោះ​យើង​អាច​លើក​ចិត្ត​យើង​ឡើង ហើយ​បាន​អរសប្បាយ ។

សេចក្តីផ្ដើម

មេរៀន​នេះ​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ពង្រីកនូវ​ការយល់​របស់​ខ្លួន​កាន់តែ​ជ្រាលជ្រៅ​អំពី សារៈសំខាន់​នៃ​ការពាក់​លើ​ខ្លួន​នូវ​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ។ នៅពេល​សិស្ស​រៀន​អំពី​ផ្នែកនិមួយៗ​នៃ​គ្រឿង​សឹកទាំង​មូល​របស់​ព្រះ នោះពួកគេ​នឹង​មាន​ឱកាស​វាយតម្លៃ​កម្លាំង​នៃគ្រឿងសឹក​របស់​ពួកគេ ហើយ​ធ្វើការ​ផ្លាស់ប្តូរ​នានា​តាម​ការ​បំផុស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥-១៨

ព្រះអម្ចាស់​ត្រាស់​បញ្ជា​រាស្ត្រ​របស់​ទ្រង់​ឲ្យ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ

សូម​យក​ឧបករណ៍​ការពារ​មួយ​ចំនួន​មក​ថ្នាក់​រៀន ដូច​ជា​ឧបករណ៍​ការពារ​សម្រាប់​កីឡា វ៉ែនតា​សុវត្ថិភាព ស្រោមដៃវិជ្ជាសាស្ត្រ មួក​សុវត្ថិភាព​សម្រាប់​ការសាងសង់ ឬ អាវ​ក្រោះ ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​គោលបំណង​នៃ​ឧបករណ៍​នោះ និង របៀប​ដែល​វា​ប្រើ​ដើម្បី​ការពារ​អ្នក​ពាក់​វា ។ សូម​ពន្យល់​ថា ខណៈដែល​ឧបករណ៍​ទាំងនេះ​ការពារ​ពួក​យើង​ខាង​រាង​កាយ នោះ​ព្រះអម្ចាស់​បាន​ផ្តល់​ព្រះឱវាទ​ដើម្បី​ជួយ​ការពារ​យើង​ខាង​វិញ្ញាណ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី​ដែល​ព្រះអម្ចាស់​បានមាន​បន្ទូល​ថា​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ត្រូវបាន​ការពារ​ខាង​វិញ្ញាណ ។

  • តើ​យើង​ត្រូវតែ​ធ្វើ​អ្វីដើម្បី​ត្រូវបាន​ការពារ​ខាង​វិញ្ញាណ ?

  • យោងតាម​ខគម្ពីរ​នេះ តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វី​ខ្លះ ចំពោះ​អស់អ្នក​ដែល​ពាក់​គ្រប់​គ្រឿង​សឹក​របស់ព្រះ​នោះ ?

សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ប្រសិនបើយើង​ពាក់​គ្រប់គ្រឿងសឹក​របស់​ព្រះ នោះ​យើង​នឹង​អាច​ទប់ទល់​នឹងអំពើ​អាក្រក់​បាន ។

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ពាក់ គ្រប់ គ្រឿង​សឹក​នៃ​ព្រះ ហើយ​កុំ​គ្រាន់តែ​ពាក់តែមួយ​ផ្នែក​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១៦-១៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ស្វែងរក​ផ្នែក​និមួយៗ​នៃ​គ្រឿងសឹក​ខាង​វិញ្ញាណ ដែល​យើង​ត្រូវពាក់​ដើម្បី​អាច​ទប់​ទល់​នឹង​សេចក្តី​អាក្រក់​បាន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​ធ្វើ​ជា​អ្នក​សរសេរ ហើយ​សរសេរ ( ឬ គូរ ) ផ្នែក​នៃ​គ្រឿងសឹក​នៅក្តារខៀន​នៅពេល​សិស្ស​រកឃើញ​វា ។ ( អ្នក​អាចចង្អុល​បង្ហាញ​ថា​សាវក ប៉ុល ក៏​បាន​បង្រៀន​ផងដែរ​អំពី​គ្រប់គ្រឿងសឹករបស់​ព្រះ [ សូមមើល អេភេសូ ៦:១១–១៧] ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃការការពារ​ខាង​វិញ្ញាណ​នេះ ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំង​នេះ សូមចែក​សិស្ស​ជា​ក្រុមតូចៗ ហើយចាត់តាំងក្រុមនិមួយៗនូវ​ចំណែក​មួយ​នៃ​គ្រឿងសឹក ។ សូម​ផ្ដល់​ដល់​ក្រុម​និមួយៗ​នូវ​សេចក្ដីថ្លែង​ការមួយច្បាប់ ដោយ​ប្រធាន ហារ៉ូល ប៊ី លី ដូចខាង​ក្រោម និង ព័ត៌មាន និង​សំណួរ​នៅក្នុង​វគ្គ​ខាង​ក្រោម ទាក់ទង​ទៅ​នឹង​ផ្នែក​នានា​នៃ​គ្រឿងសឹក​ដែលបាន​ចាត់ទៅ​ឲ្យ​គេ​នោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ការ​នៅក្នុង​ក្រុម​ពួកគេ ដើម្បី​ឆ្លើយ​សំណួរ​អំពីផ្នែក​នៃ​គ្រឿងសឹក​ដែល​បាន​ចាត់តាំង​ទៅ​ឲ្យ​ពួកគេ ហើយ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ចម្លើយ​របស់ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

« យើង​មាន​ផ្នែកបួន​នៃ​រាងកាយ ដែល​សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា [ គឺជា ] ផ្នែក​ដ៏ទន់ខ្សោយ​បំផុត​ចំពោះ​អំណាច​នៃ​សេចក្ដី​ងងឹត ។ ចង្កេះ​ជា​តួយ៉ាង​នៃ​គុណធម៌ ព្រហ្មចារីយ​ភាព ។ បេះដូង​ជា​តួយ៉ាង​នៃ​ទង្វើ​របស់​យើង ។ ជើង​របស់​យើង​ជា​គោលដៅ ឬ​គោលបំណងនៅ​ក្នុង​ជីវិត​របស់​យើង ហើយ​ចុង​ក្រោយ​គឺ​ជា​ក្បាល​របស់​យើង គំនិត​របស់​យើង » ( ហារ៉ូល ប៊ី លី, Feet Shod with the Preparation of the Gospel of Peace, Brigham Young University Speeches of the Year [ ថ្ងៃ​ទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៤ ] ទំព័រ​ទី ២ ) ។

« ក្រវាត់​ចង្កេះ​ដោយ​សេចក្ដី​ពិត » ( សូមមើលគ. និង ស. ២៧:១៥-១៦) ៖

ប្រធាន លី បាន​មាន​ប្រសាសន៍​ថា « ចង្កេះ​គឺ​ជា​ផ្នែង​នៃ​រាងកាយ ដែលនៅ ចន្លោះ​ឆ្អឹង​ជំនី និង​ត្រកៀក ដែល​អ្នក​នឹង​ស្គាល់ គឺ​ជា​សរីរាង្គ​ដ៏​សំខាន់ ដែល​ត្រូវ​តែ​មានសម្រាប់​ការ​បន្ដ​ពូជ » (ជា​ស្បែក​ជើង២ ) ។ ដើម្បី ក្រវាត់ គឺជា​ការ​ចង​យ៉ាង​តឹង​ដោយ​ខ្សែ​ក្រវាត់មួយ ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថា​សាតាំង​វាយ​ប្រហារ​ទៅលើ​បរិសុទ្ធភាព គុណធម៌ និង​ព្រហ្មចារីយភាព​ដូច្នេះ ?

  • តើ​អ្នក​គិត​ថា​ការ​ស្គាល់​បទដ្ឋាន​របស់ព្រះ​អំពី​សីលធម៌ អាច​ជួយ​អ្នក​ស្ថិត​នៅ​បរិសុទ្ធ ប្រកប​ដោយ​គុណធម៌ និង​ព្រហ្មចារីភាព​យ៉ាង​ដូចម្ដេច ?

ការ​សិក្សា​ព្រះគម្ពីរ​ជួយ​ក្រវ៉ាត់​យើង​នៅក្នុង​សេចក្ដីពិត ហើយជួយ​ការពារ​សេចក្តីពិត និង​ព្រហ្មចារីយភាពរបស់យើង ។

« ប្រដាប់​បាំង​ដើម​ទ្រូង​នៃ​សេចក្ដី​សុចរិត »(គ. និង ស. ២៧:១៦) ៖

  • យោង​តាម​ប្រធាន លី តើ​ប្រដាប់​បាំង​ដើម​ទ្រូង​ការពារ​អ្វីខ្លះ ?

  • តើ​អ្នក​គិត​ថា​សេចក្ដីសុចរិត​នៃ​ដួងចិត្ត​របស់​យើង ( បំណង​ប្រាថ្នា​របស់យើង ) មានឥទ្ធិពល​លើ​លទ្ធផល​របស់​យើង ដើម្បី​ច្បាំង​ក្នុង​ចម្បាំង​ខាង​វិញ្ញាណ​របស់យើង​យ៉ា​ងដូចម្ដេច ?

« ពាក់​សេចក្ដី​ប្រុងប្រៀប​របស់​ដំណឹងល្អ​នៃ​សេចក្ដីសុខសាន្ដ​ទុក​ជា​ស្បែក​ជើង »(គ. និង ស. ២៧:១៦) ៖

ការ « ពាក់ស្បែក » ជើង​របស់​អ្នក មានន័យ​ថា ជាការ​ពាក់ស្បែកជើង ឬ​ការការ​ពារ​ជើង​យើង ។

  • យោង​តាម​ប្រធាន លី តើ​ជើង​របស់​យើង​តំណាង​ឲ្យ​អ្វី ?

  • តើ​សាតាំង​វាយ​ប្រហារ​លើ​គោលដៅ និង​គោលបំណង​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះ​ប្រទានអ្វីខ្លះ​ដល់​យើង​ឲ្យ « តោងជាប់ » ដើម្បី​ជួយ​យើង​រក្សា​ជើង​របស់​យើង ដើរ​តាម​ផ្លូវ​នៃ​ជីវិត​ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​យើង ? ( សូមមើល នីហ្វៃទី ១ ៨:២៤) ។

  • តើ​ការ​ផ្ដោត​ទៅលើ​គោលដៅ និង​គោលបំណង​សុចរិត ជួយ​យើង​យកឈ្នះការ​ល្បួង​យ៉ា​ងដូចម្ដេច ?

« សេចក្ដីជំនឿទុកជា​ខែល »(គ. និង ស. ២៧:១៧) ៖

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា​ដើម្បី « រំលត់​អស់​ទាំង​ព្រួញ​ឆេះ [ ការល្បួង ] របស់​ពួក​ទុច្ចរិត ? »

  • តើ​សេចក្ដីជំនឿ​របស់អ្នក​ទុកជា​ខែល ហើយ​ការ​ពារ​ដល់​អ្នក​យ៉ាងដូចម្ដេច ?

« សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​សឹក »(គ. និង ស. ២៧:១៨) ៖

  • យោងតាម​ប្រធាន​លី នៅពេល​ក្បាល​របស់​យើង​ត្រូវ​បាន​គ្របបាំង តើ​វា​ការពារ​ដល់​អ្វីខ្លះ ?

  • ហេតុអ្វី​ក៏​វាសំខាន់​ដើម្បី​ការពារ​ដល់​គំនិត​របស់​យើង ?

  • តើ​សាតាំង​វាយប្រហារ​ដល់​គំនិត​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​រឿង​ជាក់លាក់​អ្វីខ្លះ ដែល​យើងអាច​ធ្វើ ដើម្បីការ​ពារ​គំនិត​របស់យើង ?

« ដាវ​របស់ព្រះវិញ្ញាណរបស់​ខ្ញុំ»(គ. និង ស. ២៧:១៨) ៖

  • តើ​ព្រះវិញ្ញាណ​អាច​ជួយ​យើង​យកឈ្នះ​លើ​ការ​វាយប្រហារ​របស់​សាតាំង​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​មាន​ព្រះវិញ្ញាណ​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​យើង នៅក្នុង​ការ​ប្រយុទ្ធ​របស់យើង​ទាស់​នឹង​អំពើ​អាក្រក់ ?

  • តើ​ព្រះបន្ទូល​នៃ​ព្រះ ជួយ​យើង​ប្រើ​ដាវ​របស់​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នកអាច​ធ្វើ​អ្វីខ្លះ ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ចូលក្នុង​ជីវិត​របស់​អ្នក​កាន់តែ​ច្រើន ?

បន្ទាប់ពី​សិស្ស​បាន​រាយការណ៍​ពី​ចម្លើយ​របស់​ពួកគេ​ហើយ សូម​អាន​នូវ​សេចក្ដីថ្លែងការ​ខាង​ក្រោម​ដោយ អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សុំ​ឲ្យ​សិស្ស​ស្ដាប់​ពី​របៀប​ដែល​យើង​ពាក់​គ្រឿងសឹក និង​ពង្រឹង​ដល់​គ្រឿងសឹក​របស់​ព្រះ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​អាវក្រោះ​ខាង​វិញ្ញាណ​នេះ ដែល​ពុំ​ប្រៀបដូចជា​បំណែក​នៃ​លោហៈ​ធាតុដែល​សូន្យ​ឡើង​មួយដុំ ដើម្បី​ពាក់​ឲ្យ​ត្រូវ​រូប​កាយ​នោះ​ទេ ប៉ុន្តែ​វា​ដូចជា​ច្រវ៉ាក់​ប្រទាក់​គ្នា​ទៅ​វិញ ។ ច្រវ៉ាក់​ប្រទាក់គ្នា​មាន​ជាបំណែក​តូចៗ​ជាច្រើន​ផែន​ត​ភ្ជាប់​នឹង​គ្នា ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​បត់បែន​បាន​កាន់តែ​ងាយ​ស្រួល​ដោយ​មិន​បាត់​បង់នូវ​ការ​ការពារ ។ ខ្ញុំ​និយាយ​ដូច្នោះ ដោយ​សារ​វា​ជា​បទពិសោធន៍​របស់​ខ្ញុំ ថា​គ្មាន​អ្វី​តែ​មួយ​ដ៏​ធំ ហើយ​អស្ចារ្យ​ដែល​យើង​អាច​ធ្វើ ដើម្បី​ការពារ​ខ្លួន​យើង​ខាង​វិញ្ញាណ​បាន​នោះ​ឡើយ ។ អំណាច​ខាងវិញ្ញាណពិត ពឹង​លើ​ទង្វើ​តូចៗ​ជា​ច្រើន​វេញ​បញ្ចូល​គ្នា​នៅក្នុងសាច់​ក្រណាត់​នៃ​ការការពារ​ខាង​វិញ្ញាណ ដែល​ការពារ និង​ជា​ខែលទាស់នឹង​រាល់​សេចក្ដីអាក្រក់ » (« Be Strong in the Lord »​Ensign ខែ កក្កដា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

  • តើ​ទង្វើរ​តូចៗ​មួយចំនួនអ្វី​ខ្លះ ដែល​បាន​ប្រមូល​ផ្ដុំ​ជា​កម្លាំង​របស់​វា នឹង​ជួយ​ការពារ​យើង​ទាស់​នឹង​ការល្បួង និង​អំពើ​អាក្រក់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ត្រឡប់ទៅ​មើល​នៅ​ដើម​បន្ទាត់​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១៥ ។

  • តើ​យើង​គួរ​មាន​អាក្បកិរិយា​យ៉ាង​ណា ពេល​យើង​ពាក់​គ្រឿងសឹក​របស់​ព្រះ ? ( យើង​គួរ​តែ « លើកទឹក​ចិត្ត [ របស់​យើង ] ឡើង​ហើយ​អរសប្បាយ » ) ។ ហេតុអ្វី​ក៏​យើង​គួរ​តែ​មាន​អាកប្បកិរិយា​បែប​នេះ ?

  • តើ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ណា​ខ្លះ​ដែល​អ្នក​រៀន​ក្នុង​សប្តាហ៍​នេះ ដែល​ទូន្មាន​យើង​ឲ្យ​លើក​ចិត្ត​របស់​យើង​ឡើង ហើយ​អរសប្បាយ​ផងដែរនោះ ? (គ. និង ស. ២៥:១៣) ។ សូម​គិត​ពី​ការអញ្ជើញ​សិស្ស​ឲ្យ​អាន​វា​ម្តង​ទៀត ឬ សូត្រ​វា​តាម​ការចាំ ) ។

  • តើ​ការធ្វើតាម​ការបញ្ជា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:១៣ ឲ្យ​យើង​នៅជាប់​នឹង​សេចក្តីសញ្ញា​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌​អាច​ការពារ​យើង​ពី សាតាំង​យ៉ាង​ដូចម្តេច ?

សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​មេរៀន​ថ្ងៃនេះ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​អ្វី​មួយ​ជាក់លាក់​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ពាក់​គ្រឿងសឹក​នៃ​ព្រះ​បាន​កាន់តែ​ល្អ​ប្រសើរ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​នូវ​អ្វី​ដែលពួកគេ​នឹង​ធ្វើ នៅលើ​ក្រដាស​មួយ​សន្លឹក ដែល​ពួកគេ​អាច​មើល​ជា​ញឹកញាប់ ទុកជា​ការរំឭក​មួយ​អំពី​ការតាំង​ចិត្ត​របស់​ពួកគេ ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​សេចក្ដីពិត ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១–៥០; ៣០–៣៥)

តើ​កូនចៅ​របស់​ព្រះវរបិតាសួគ៌​ប៉ុន្មាន​នាក់​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ពី​ឋានសួគ៌​នៅក្នុង​ជីវិត​មុន​ជីវិត​នេះ ? ហេតុអ្វី​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញ ? តើ​ឃ្លា​ថា « បញ្ជាន់ [ បាន​បញ្ជាន់ ] សាសន៍​ទាំងឡាយ » មាន​ន័យ​ដូចម្តេច ? នៅក្នុង​មេរៀន​បន្ទាប់ សិស្ស​នឹង​រៀន​អំពី​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ។ ពួកគេ​ក៏​នឹង​រៀន​ផងដែរ​អំពី​សមាជិក​កាល​ពី​ជំនាន់​មុន ដែល​ត្រូវបាន​ហៅ​ឲ្យ « បញ្ជាន់ [ បាន​បញ្ជាន់ ] សាសន៍ទាំងឡាយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​[ នោះ ] » (គ. និង ស. ៣៥:១៣) ។