ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤១ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៦-៣៧


មេរៀន​ទី ៤១

គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦-៣៧

បុព្វកថា

នៅ​ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ១៨៣០ រយៈពេល​ពីរ​ថ្ងៃ​ពីមុន អែតវឹត ប៉ាទ្រិច បានទទួលបុណ្យជ្រមុជទឹក នោះ ព្រះអម្ចាស់​បាន​ប្រទាន​ដល់គាត់​នូវវិវរណៈ​មួយ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅក្នុង​វិវរណៈ​នេះ ដែល​ឥឡូវ​ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៦ព្រះអម្ចាស់​បាន​អភ័យទោស​ដល់ អែតវឹត ប៉ាទ្រិច ពី​អំពើបាប​របស់គាត់ ហើយ​បាន​ហៅ​គាត់​ឲ្យ​ផ្សាយ​ដំណឹងល្អ ។ ព្រះអម្ចាស់​ក៏​បាន​ចេញ​បទបញ្ញត្តិ​មួយ​សម្រាប់អ្នកកាន់ បព្វជិតភាព​ទាំងអស់​ឲ្យ​ផ្សាយ​ដំណឹងល្អ​ផងដែរ ។ មិន​យូរ​ប៉ុន្មាន បន្ទាប់ពី​ទទួលបាន​វិវរណៈ​នេះ យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​ដែលមាន​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៧ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យពួកបរិសុទ្ធ​ចាកចេញពី រដ្ឋ​នូវ យ៉ោក ហើយ​ទៅប្រមូល​ផ្ដុំ​គ្នា​នៅរដ្ឋ អូហៃអូ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:១-៣

ព្រះអម្ចាស់​បាន​អត់ទោស​ឲ្យ អែតវឹត ប៉ាទ្រិច ពី​អំពើ​បាប​របស់គាត់ ហើយ​ហៅ​គាត់​ឲ្យ​ផ្សាយដំណឹងល្អ

សូម​នាំ​យកវ៉ាលី ( ឬ​កាបូប​ស្ពាយ ) មួយ​មក​ថ្នាក់ ដែលមាននូវ​សម្ភារ ដែល​អ្នក​ផ្សព្វផ្សាយសាសនា​អាច​នឹង​ត្រូវ​ការ​នៅពេល​កំពុង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​មួយ ។ ឧទាហរណ៍ អ្នកអាច​ដាក់​ព្រះគម្ពីរ អាវ-ស ក្រវ៉ាត់ក សំលៀកបំពាក់ ស្បែក​ជើង និង សៀវភៅ ប្រកាស​ដំណឹងល្អរបស់​យើង​មួយក្បាល ។ សូម​បង្ហាញ​ដល់សិស្ស​នូវ​វ៉ាលី​ដែល​បិទ​ជិត​មួយ ហើយ​អញ្ជើញ​ឲ្យ​ពួកគេ​នឹកគិត​ថា វា​បាន​ដាក់​អ្វីខ្លះ​សម្រាប់​អ្នកផ្សព្វផ្សាយ សាសនា ដែល​កំពុង​ត្រៀម​ខ្លួន​ទៅ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ សូម​សួរ​ថា​តើ​ពួកគេ​រំពឹង​ទុក​ថា​មានអ្វី​ខ្លះ​នៅក្នុងវ៉ាលី​នេះ ។ បន្ទាប់មក បើកវ៉ាលី ហើយ​បង្ហាញ​វត្ថុ​ដែលមានក្នុង​នោះ ។ ( ឬ អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​ជា​គូ ដើម្បីបង្កើត​ជា​បញ្ជី​មួយ ឬ​គូរូប​រាង​វត្ថុ​ទាំងឡាយ ដែលអ្នកផ្សព្វផ្សាយសាសនា​អាច​នឹង​ត្រូវការ​ក្នុង​បេសកកម្ម​របស់ពួកគេ ) ។

សូម​ពន្យល់​ថា មាន​អ្វីៗ​ផ្សេងទៀតជាច្រើន ដែល​ពួកអ្នក ផ្សព្វផ្សាយសាសនា​ត្រូវការ ដែលពុំចាំបាច់​ត្រូវ​វេច​ខ្ចប់​ក្នុងវ៉ាលី ( ឬ​កាបូបស្ពាយ ) ។ ព្រះអម្ចាស់​បាន​ប្រាប់​នូវ​រឿង​មួយចំនួននេះ នៅក្នុងវិវរណៈ​មួយ ដែល​បាន​ថ្លែង​ទៅកាន់ អែតវឹត ប៉ាទ្រិច ។ វិវរណៈ​នោះ ឥឡូវ​គឺសរសេរ​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៦ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​នូវ​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយសាសនា​ម្នាក់​ត្រូវការ ពីមុន​ពេល​គាត់​ត្រូវ​បាន​រៀបចំ​ខ្លួន​ដើម្បីបម្រើ​បេសកកម្ម ខណៈពេលដែល​ពួកគេ​សិក្សា​អំពី​វិវរណៈនេះ ។ ( នៅពេល​សិស្ស​ប្រាប់​អំពីសេចក្ដីពិត​ទាំងឡាយ អំឡុង​ពេល​រៀនមេរៀន​នេះ នោះ​អ្នកអាច​នឹង​ចង់​សរសេរ​សេចក្ដីពិត​ទាំងនោះ​នៅលើ​ក្រដាសមួយសន្លឹក ។ បន្ទាប់មក​បិទ ឬដោតជាមួយម្ជុល​ខ្ទាស់​ក្រដាស​នោះ​ទៅ​នឹង​ផ្នែក​ខាង​ក្រៅ​នៃ​វ៉ាលី ឬ​កាបូប​ស្ពាយ ដើម្បី​ឲ្យ​សិស្ស​មើល​ឃើញ ។ អ្នក​ក៏អាច​រៀបរាប់​វា​ដោយសាមញ្ញ​នៅលើ​ក្ដារខៀន​ផងដែរ ) ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវព័ត៌មាន​នៃប្រវត្តិ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦ដូច​ខាង​ក្រោម ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​អ្វី​ដែល​បាន​ជួយ​ដល់ អែតវឹត ប៉ាទ្រិច ធ្វើ​ការ​សម្រេច​ចិត្ត​ទទួល​បុណ្យជ្រមុជទឹក ។

អំឡុង​ពីរបីសប្ដាហ៍​នៃ​ការ​មកដល់​របស់​អែលឌើរ អូលីវើរ ខៅឌើរី និង​ដៃគូ​របស់គាត់ នៅ​ប៉ែកឦសាន​នៃ​រដ្ឋ​អូហៃអូ នោះមានមនុស្ស​ជាច្រើន​បាន​ទទួលបុណ្យជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទោះបីជា​ភរិយា​របស់ អែតវឹត ប៉ាទ្រិច លីឌា ស្ថិត​នៅក្នុង​ចំណោម​អ្នកទាំងឡាយ​ដែល​បាន​ផ្លាស់ប្រែចិត្តជឿ និង​ទទួលបុណ្យជ្រមុជទឹក​ដោយពួក​អ្នកផ្សព្វផ្សាយសាសនា​ក្ដី ក៏​អែតវឹត នៅ​ពុំ​ទាន់​ជឿ​ពេញ​លេញនោះដែរ ។ គាត់​មាន​បំណង​ដើម្បី​ទៅ​ជួប​ព្យាការី យ៉ូសែប ស្ម៊ីធ មុន​ពេល​គាត់​សម្រេចចិត្ត ។ គាត់ និង​ស៊ីឌនី រិកដុន បាន​ទៅដល់ វ៉តធើរលូ រដ្ឋ នូវ យ៉ោក ចំពេល​ដែល យ៉ូសែប ស្ម៊ីធ កំពុង​ធ្វើ​ទេសនកថា​មួយ ។ នៅពេល​ព្យាការី បាន​បញ្ចប់​ការ​និយាយ​ហើយ នោះ​អែតវឹត បាន​ក្រោកឈរ​ឡើង​និយាយ ។ គាត់​បានរៀបរាប់​ថា នៅតាម​ផ្លូវ​ទៅកាន់ វ៉តធើរលូ គាត់បាន​និយាយ​ជាមួយ​នឹង​អ្នកជិត​ខាង ដែលនៅជិត​ចម្កា​គ្រួសារ ស្ម៊ីធ នៅ ម៉ានឆែសស្ដើរ អំពី​ចរិកលក្ខណៈ​របស់​គ្រួសារ ស៊្មីធ ។ ដោយ​បាន​ស្កប់ស្កល់​នឹង​អ្វី​ដែល​គាត់បាន​ដឹង នោះ​អែតវឹត បាន​សួរ​ថា តើ​យ៉ូសែប អាច​នឹង​ជ្រមុជទឹក​ឲ្យ​គាត់បាន​ឬទេ ។ ( សូមមើល Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨–ខែ មិថុនា ឆ្នាំ ១៨៣១, វ៉ុលទី ១ of the Documents series of The Joseph Smith Papers [ឆ្នាំ ២០១៣], ទំព័រ ១៩៧, ១៩៩, ២២៤ ) ។

សូម​អញ្ជើញសិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦:១ ដោយ​ស្ងៀម​ស្ងាត់ រកមើល​អ្វី​ដែល​ព្រះអម្ចាស់ បាន​ប្រាប់​ដល់ អែតវឹត ប៉ាទ្រិច បន្ទាប់ពី​គាត់​បាន​ទទួល​បុណ្យជ្រមុជទឹក​ហើយ ។

  • តើ​ពរជ័យអ្វី​ខ្លះ ដែល​អែតវឹត ប៉ាទ្រិច បានទទួល ដែលជាលទ្ធផលបាន​មកពី​ពិធីបុណ្យជ្រមុជទឹក​របស់គាត់​នោះ ? ( ព្រះអម្ចាស់​អត់ទោស​អំពើបាប​របស់គាត់ ) ។

  • តើ​ទំនួល​ខុសត្រូវ​អ្វីខ្លះ ដែល អែតវឹត មាន បន្ទាប់ពី​គាត់​បានទទួល​បុណ្យជ្រមុជទឹករួច ?

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា វាសំខាន់​សម្រាប់អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ ត្រូវ​ប្រែចិត្ត ហើយ​ត្រូវ​បាន​អត់ទោស​អំពើបាប​របស់ពួកគេ​ដូច្នេះ ?

ដើម្បីជួយសិស្ស​យល់​ពីមូល​ហេតុដែល​វាសំខាន់​ចំពោះ​អ្នកដែល​ត្រៀម​ធ្វើជា​អ្នកផ្សព្វផ្សាយសាសនា ត្រូវ​ប្រែចិត្តពីអំពើបាប​របស់ពួកគេនោះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ដូចខាង​ក្រោម​ដោយ អែលឌើរ ជែហ្វ្រី អរ ហូឡិន នៃកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ( អ្នកអាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា នៅពេល​អែលឌើរ ហូឡិន ប្រើ​ឃ្លា​ថា « លេង​ឲ្យ​ខាង​មារសត្រូវ » ហើយ « ត្រូវ​ខាង​ព្រះអង្គសង្គ្រោះ » នោះ​គាត់​កំពុង​ប្រៀបប្រដូច​ទៅនឹង​ការប្រកួត​រវាង​សេចក្ដីល្អ និង​សេចក្ដីអាក្រក់ នៅក្នុង​ការ​ប្រកួតប្រជែង​អត្តពលកម្ម​មួយ ) ។ សូម​ពិចារណា​ធ្វើ​ការ​រៀបចំ​ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែង​ការណ៍​នេះ​សម្រាប់​សិស្ស​ម្នាក់ៗ ។

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« នៅក្នុង​ការប្រកួត​រវាង​សេចក្ដីល្អ និង​សេចក្ដី​អាក្រក់​នេះ អ្នក​ពុំ​អាច​លេង​ឲ្យ​ខាង​មារសត្រូវ នៅ​ពេល​ណា​មាន​ការ​ល្បួង​កើត​ឡើង រួច​មក​រំពឹងទុក​ថា ខ្លួន​បែរ​ត្រូវ​ខាង​ព្រះអង្គសង្គ្រោះ​វិញ នៅ​ឯ​ព្រះវិហារបរិសុទ្ធ និង​នៅ​ពេល​ចេញ​បេសកកម្ម ដែល​ហាក់ដូច​ជា​គ្មាន​អ្វី​បាន​កើត​ឡើង​បាន​នោះ​ទេ ។… ព្រះ​នឹង​ពុំ​ត្រូវ​ចំអក​ឡើយ ។

« … ព្រះអម្ចាស់ បាន​គូស​បន្ទាត់​ភាពសក្ដិសម​សម្រាប់អ្នកទាំងឡាយ ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើការ​ជាមួយ​ទ្រង់​ក្នុងកិច្ចការ​របស់ទ្រង់។ គ្មាន​អ្នក​ផ្សព្វផ្សាយសាសនា​ណា អាច​មិន​ប្រែចិត្ត​ពី​អំពើ​រំលង​ខាង​ផ្លូវភេទ ឬ​ភាសា​អាសគ្រាម ឬ​បណ្ដោយ​ខ្លួន​តាម​ភាពអាសគ្រាម ហើយ​មក​រំពឹង​ឲ្យ​អ្នកដទៃ​ប្រែចិត្ត​ពី​រឿង​ទាំងអស់​នេះ​នោះ​ទេ !… ព្រះវិញ្ញាណ​នឹង​ពុំ​គង់​នៅ​ជាមួយ​អ្នក​ឡើយ ហើយ​ពាក្យ​ទាំងឡាយ​នឹង​ត្រូវ​ស្លាក់​នៅ​ក្នុង​បំពង់ក​អ្នក ពេល​អ្នក​ថ្លែង​វា​ចេញ​មក ។ អ្នក​ពុំ​អាច​ធ្វើដំណើរ​តាម​ផ្លូវ​ដែល លីហៃ បាន​ហៅថា ‹ ផ្លូវហាម​ឃាត់ › នោះ​ឡើយ នីហ្វៃទី ១ ៨:២៨ហើយ​រំពឹង​ថា​ដឹកនាំ​អ្នកដទៃ​ឲ្យ​ដើរ​លើ ‹ ផ្លូវ​ត្រង់ និង​ចង្អៀត › នោះឡើយ [នីហ្វៃទី ២ ៣១:១៨វា​ពុំ​អាច​ធ្វើ​ទៅរួចទេ » ( We Are All Enlisted » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១,ទំព័រ ៤៥ ) ។

ដើម្បី​ជួយសិស្ស​ឲ្យ​យល់​អំពីអ្វី​ដែលពួកគេ​អាច​ធ្វើ​នៅពេល​ឥឡូវ​នេះ ដើម្បី​បាន​ស្អាត​ស្អំ​ចំពោះ​ការ​បម្រើ​ផ្សព្វផ្សាយសាសនា សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានឮៗ​នូវការ​អញ្ជើញឲ្យ​ប្រែចិត្ត​ដូច​ខាង​ក្រោម មកពី​អែលឌើរ ហូឡិន ផងដែរថា ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« មិនថា​អ្នកជា​នរណា ឬ​អ្នកបានធ្វើអ្វី​នោះទេ អ្នកអាច​ត្រូវ​បាន​អភ័យទោសឲ្យ ។ អ្នករាល់​គ្នា​គ្រប់រូប … អាច​ទុកចោល​អំពើ​រំលង​សព្វបែប​យ៉ាង ដែល​អ្នក​អាច​នឹង​មានបញ្ហា ។ វា​គឺ​ជា​អព្ភូតហេតុ​នៃ​ការអភ័យទោស វា​គឺជា​អព្ភូតហេតុ​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ប៉ុន្តែ​អ្នក​ពុំ​អាច​ធ្វើ​វា​បាន​ដោយ​គ្មាន​ការតាំងចិត្ត​ដ៏​សកម្ម​មួយ​ចំពោះ​ដំណឹងល្អ​នោះ​ទេ ហើយ​អ្នក​ពុំ​អាច​ធ្វើ​វា​បាន​ដោយ​គ្មាន​ការប្រែចិត្ត ពេល​ដែល​វា​ចាំបាច់​តម្រូវ​ឲ្យ​មាន​នោះ​ឡើយ ។ ខ្ញុំ​សុំ​ឲ្យ​អ្នក… សកម្ម ហើយ​ស្អាតស្អំ ។ បើ​វា​តម្រូវឲ្យខ្ញុំ​ធ្វើ​ដូច្នោះ នោះ​ខ្ញុំសំណូមពរដល់អ្នក​ឲ្យ ទទួលបានការសកម្ម ហើយ ទទួលបាន​ ភាព​ស្អាតស្អំ » ( We Are All Enlisted » ទំព័រ៤៥ ) ។

សូម​ពន្យល់​ថា ទោះ​ជា អេតវឹត ប៉ាទ្រិច បានទទួលបុណ្យជ្រមុជទឹក​ពីមុន​ទទួលវិវរណៈ​នេះ​ក្ដី តែ​គាត់​ពុំទាន់​ទទួលបាន​អំណោយ​ទាននៃព្រះវិញ្ញាណ​បរិសុទ្ធ​នៅឡើយ​ទេ ។ សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦:២-៣ ដោយ​ស្ងាត់​ស្ងៀម រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​ប្រាប់ ដល់អែតវឹត អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • ផ្អែក​ទៅលើ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ដល់អែតវឹត ប៉ាទ្រិច ហេតុអ្វី​ក៏អ្នកផ្សព្វផ្សាយសាសនា​ត្រូវការ​ព្រះវិញ្ញាណបរិសុទ្ធ ជាដៃគូ​របស់ពួកគេដូច្នេះ ?

  • ស្របតាម ខ ២តើ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​បង្រៀន អែតវឹត ប៉ាទ្រិច អ្វីខ្លះ ? តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាងដូចម្តេច​ដើម្បី​រៀន « ការណ៍​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដីសុខសាន្ដ​នៃ​នគរ » ? ( ដើម្បីជួយសិស្ស​ឆ្លើយ​សំណួរ​នេះ សូម​ឲ្យពួកគេ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៦១) ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​បទពិសោធន៍​នានា ដែល​ពួកគេ​មាន នៅពេល​ព្រះវិញ្ញាណបរិសុទ្ធ បាន​បង្រៀន​ពួកគេ​នូវ​ការណ៍​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដីសុខសាន្ដ​នៃ​នគរ ។ ( សូម​រំឭក​សិស្ស​ថា បទពិសោធន៍​មួយចំនួន គឺ​ពិសិដ្ឋ ឬ​ផ្ទាល់ខ្លួន​ណាស់ ដែល​ពុំ​គួរ​ចែក​ចាយ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៤-៨

ព្រះអម្ចាស់​ចេញ​បទបញ្ញត្តិ​មួយ ស្ដីអំពី​អ្នកទាំងឡាយ​ដែលត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយដំណឹងល្អ

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦:៤-៥, ៧ ឲ្យឮៗ ។ មុន​ពេលសិស្ស​អាន សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង​ខទាំង​នេះ ព្រះអម្ចាស់ កំពុង​មានបន្ទូល​ទៅកាន់ « ពួក​អែលឌើរ​នៃ​សាសនាចក្រ [ ​របស់ទ្រង់ ] » (គ. និង ស. ៣៦:៧) ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលនូវ​ទំនួលខុសត្រូវ​មួយ ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​ទៅ​ឲ្យ​ពួក​អ្នក​កាន់​បព្វជិតភាព ។

  • តើទំនួលខុសត្រូវ​អ្វីខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រគល់​ទៅឲ្យ​អ្នក​កាន់បព្វជិតភាព ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូមសរសេរ​សេចក្ដីពិត​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ អ្នក​កាន់បព្វជិតភាព ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយដំណឹងល្អ ) ។

ដើម្បីជួយសិស្ស​យល់​អំពី​សារៈសំខាន់​នៃ​សេចក្ដីពិត​នេះ និង​របៀប​ដែល​វា​អនុវត្ត​នៅក្នុង​ជីវិត​របស់យើង សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យអាន​អំពី​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំ​រំឭក​ឡើង​វិញ​នូវ​អ្វី​ដែល​ពួកព្យាការី​បានបង្រៀន​ជា​យូរ​លង់មក​ហើយ—ថា​រាល់យុវជន​ដែលមានលក្ខណៈសម្បត្តិ​សក្ដិសម និង​មានសមត្ថភាព​គ្រប់រូប គួរ​តែ​ត្រៀម​ខ្លួន​បម្រើ​បេសកកម្ម ។ កិច្ចការ​ផ្សព្វផ្សាយ​សាសនា គឺ​ជា​កាតព្វកិច្ច​បព្វជិតភាព​មួយ--​ជា​កាតព្វកិច្ច​មួយ ដែល​ព្រះអម្ចាស់​រំពឹង​ពីយើង ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​យ៉ាង​ច្រើន​នោះ » (As We Meet Together Again, »Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០, ទំព័រ ៥-៦ ) ។

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦:៥តើ​អ្នកកាន់បព្វជិតភាពចាំបាច់ត្រូវ​ធ្វើ​អ្វី​ខ្លះ មុន​ពេល​ពួកគេ​ត្រូវ​បាន​តែងតាំង ហើយបញ្ជូន​ទៅ​ផ្សាយ​ដំណឹងល្អ​នោះ ?

  • តើ​យុវជន​ម្នាក់​អាច​បង្ហាញ​ដល់ព្រះអម្ចាស់​ថា គាត់​ឱបក្រសោប​យក​បទបញ្ញត្តិ​ដើម្បីផ្សាយដំណឹង​ល្អ​ដោយ​របៀបណា ?

  • តើ​នរណា​ដែលអ្នក​ស្គាល់ ថា​បាន​ឱបក្រសោប​យក​បទបញ្ញត្តិ​ដើម្បី​ផ្សាយដំណឹងល្អ ? តើ​គំរូ​របស់បុគ្គល​នេះ មាន​ឥទ្ធិពល​មក​លើ​អ្នក​យ៉ាង​ណា​ខ្លះ ?

អ្នកអាច​នឹង​ចង់​ពន្យល់​ថា ទោះ​ជា​ការ​បម្រើ​អ្នក​ផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង គឺ​ជា​កាតព្វកិច្ច​បព្វជិតភាព​ក្ដី ក៏​យុវនារី​អាច​បម្រើ​បាន​ផងដែរ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ពាក្យសម្ដី​ទៅ​កាន់​យុវនារី​ទាំងឡាយ ខណៈដែល​អ្នក​ពុំ​មាន​នូវ​ទំនួល​ខុសត្រូវ បព្វជិតភាព ដូច​យុវជន​ដើម្បី​បម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ក្ដី ក៏​អ្នកអាច​ធ្វើការ​ចូលរួម​ចំណែក​ដ៏​មាន​តម្លៃ​ជា​ពួកអ្នកផ្សព្វ ផ្សាយសាសនា​បានផងដែរ ហើយ​យើង​ស្វាគមន៍​ចំពោះ​ការបម្រើ​របស់​អ្នក » ( As We Meet Together Again »៦ ) ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦:៦ ដោយ​ស្ងាត់ស្ងៀម រក​មើល​សារលិខិតជា​មូលដ្ឋាន ដែល​ព្រះអម្ចាស់បញ្ជា​ដល់​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​របស់​ទ្រង់ឲ្យ​បង្រៀន ។​ ដើម្បីជួយ​សិស្ស​យល់​ឃ្លាថា « អាវ​ដែល​ត្រូវ​ស្មោក​គ្រោក​ដោយ​សាច់ឈាម​ផង » នោះ​សូម​ពន្យល់​ថា នៅក្នុង​សាសន៍​អ៊ីស្រាអែល​បុរាណ សំលៀក​បំពាក់​ដែល​មាន​មេរោគ​ឆ្លង គឺ​ត្រូវ​ដុត​ចោល ដើម្បី​ការ​ពារ​កុំ​ឲ្យ​ជំងឺ​ឆ្លង​រាតត្បាត ។ នៅក្នុង​ខ​នេះ ព្រះអម្ចាស់ ប្រៀបធៀប​ជំងឺ​ទៅនឹង​អំពើបាប ដូច្នេះហើយទ្រង់បាន​បញ្ជា​ដល់​យើង​ឲ្យ​ចៀសវាង​នូវ​អ្វីៗ​ទាំងអស់​ដែល​ទាក់ទង​នឹង​អំពើបាប ។ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary, វ៉ុលទី ៣ [ឆ្នាំ ១៩៦៥--៧៣], ៣:៤២៨ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦:៧ ឲ្យឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រកមើល​លក្ខណៈ​ដែល​អ្នកកាន់បព្វជិតភាព គួរ​ឱបក្រសោប​នៅក្នុង​ការ​ហៅ​របស់ពួកគេ ។​

  • តើ​អ្នកកាន់បព្វជិតភាព​ម្នាក់​អាច « ឱប​ក្រសោប [ ការ​ហៅបម្រើ​របស់គាត់ ] ដោយ​មាន​ចិត្ត​ព្រមព្រៀង » យ៉ាង​ដូចម្ដេច ? ( ចម្លើយ​អាច​រួមមាន​ទាំង​ការ​ចាប់​ផ្តើម​តាំងចិត្ត​ចំពោះ​ការ​ហៅបម្រើ​របស់គាត់ ហើយ​បម្រើ​ដោយ​ស្មោះ និង​ដោយ​សេចក្ដីសុចរិត ) ។

បើ​អ្នក​បាន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​មួយ សូម​ពិចារណា​ធ្វើការ​ចែកចាយ​បទពិសោធន៍​របស់អ្នក​អំពី​ការ​ឱប​ក្រសោប​យកការ​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៧

ព្រះអម្ចាស់​បញ្ជា​សាសនាចក្រ​របស់ទ្រង់​ឲ្យ​ប្រមូល​គ្នីគ្នា​ទៅ​ឯ​រដ្ឋ អូហៃអូ 

សូម​ពន្យល់​ថា ខណៈ​ដែល​ស៊ីឌនី រិកដុន និង អែតវឹត ប៉ាទ្រិច កំពុង​សង្កេត​មើល​សាសនាចក្រ​នៅ​រដ្ឋ​អូហៃអូ នោះ​ការ​បៀតបៀន​ដល់ពួកបរិសុទ្ធ​នៅក្នុង រដ្ឋ​នូវយ៉ោក បាន​កើនឡើង ។ ក្នុង​ករណី​មួយចំនួន ការគំរាម​គំហែង​ទាំងឡាយ​បានកើត​ឡើង​ដល់ជីវិត​របស់អ្នកដឹកនាំ​សាសនាចក្រ ហើយខ្មាំង​សត្រូវ​របស់ពួកគេ បានប្រជុំ​នៅក្នុង​កន្លែង​សម្ងាត់​ដើម្បី​ដាក់ផែនការ​ការ​បំផ្លាញ​របស់ពួកគេ ( សូមមើល គ. និង ស. ៣៨:១៣, ២៨-២៩ ) ។ នៅជិត​ចុង​ខែ​ធ្នូ ឆ្នាំ ១៨៣០ ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ពី ស៊ីឌនី រិកដុន និង អែតវឹត ប៉ាទ្រិច បានមកដល់​រដ្ឋ នូវ យ៉ោក នោះ​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់ពួកបរិសុទ្ធ ឲ្យ​គេច​ចេញ​ពី​ខ្មាំង​សត្រូវ​របស់ពួកគេ ហើយ​ផ្លាស់ទៅ​រដ្ឋ អូហៃអូ ។

សូម​អញ្ជើញ​សិស្ស​បី​នាក់​ឲ្យ​ឆ្លាស់វេណ​គ្នា​អាន​ឲ្យឮៗដកស្រង់ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៧:២-៤ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រកមើល​នូវការ​រៀបចំ ដែលព្រះអម្ចាស់​ចង់​ឲ្យ យ៉ូសែប ធ្វើមុន​ពេល​លោក​ទៅ​កាន់​រដ្ឋ​អូហៃអូ ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • ហេតុអ្វី ព្រះអម្ចាស់ បញ្ជា​ឲ្យ យ៉ូសែប ស៊្មីធ ទៅ​រក​ពួកបរិសុទ្ធ​នៅ ខូលស្វិល ?

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ អំពី​ការ​អធិស្ឋាន ? ( សិស្ស​អាច​នឹង​ប្រើពាក្យ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ប្រាប់​អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើងអធិស្ឋាន​ដោយ​សេចក្ដីជំនឿ នោះ​ព្រះអម្ចាស់​នឹងឆ្លើយ​តបរាល់ការ​អធិស្ឋា​ន​របស់​យើង ។ ព្រះអម្ចាស់ ជាញឹកញាប់​ប្រើ​អ្នកដទៃ​ឲ្យ​ឆ្លើយតបនឹង​ការ​អធិស្ឋាន​របស់​យើង ) ។

  • តើ​នរណា​ម្នាក់​បាន​ឆ្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់អ្នក​នៅពេល​ណា ?

ពេល​បានបំផុសគំនិត​ដោយព្រះវិញ្ញាណ សូម​ចែកចាយទីបន្ទាល់​របស់អ្នក​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែលបាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​តាម​អ្វី​ដែលពួកគេ​បាន​ទទួលអារម្មណ៍ ពេល​ពួកគេ​បានសិក្សា​វិវរណៈ​ទាំងនេះ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី សញ្ញា ៣៦។ អែតវឹត ប៉ាទ្រិច

អែតវឹត ប៉ាទ្រិច បាន​ស្ដាប់​ឮ​អំពី​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​លើក​ដំបូង​អំឡុង​ខែ តុលា ឆ្នាំ ១៨៣០ នៅពេលពួក​អ្នក​ផ្សព្វផ្សាយសាសនា​បានបញ្ជូន​ឲ្យ​ទៅ​កាន់​ពួកសាសន៍​លេមិន បាន​ឈប់​នៅ​ទីក្រុង ខឺតឡង់ រដ្ឋ​អូហៃអូ តាមផ្លូវ​ទៅកាន់​រដ្ឋ មីសសួរី ( សូមមើល គ. និង ស. ២៨:៨, ៣២:២-៣ ) ។ ទោះជា​យ៉ាង​ណា​ក្ដី គាត់ពុំ​ទាន់បាន​ទទួល​បុណ្យជ្រមុជទឹក​ទេ រហូត​ដល់​រយៈពេល​ប្រហែលជា​ពីរ​ខែ​ក្រោយ​មក​ទៀត ។ លូស៊ី ម៉ាក ស្ម៊ីធ ជា​ម្ដាយ​របស់ព្យាការី បាន​សរសេរ​អំពីការ​សម្រេចចិត្ត​របស់ អែតវឹត ប៉ាទ្រិច ដើម្បីទទួលបុណ្យជ្រមុជទឹក​ថា ៖ « នៅ​ខែ​ធ្នូ ក្នុង​ឆ្នាំ​ដដែល [ ១៨៣០ ] យ៉ូសែប បានតាំង​ឲ្យ​មាន​ការ​ប្រជុំ​មួយ​នៅក្នុង​ផ្ទះ​របស់យើង ។ ខណៈ​ពេល​ដែល​គាត់​កំពុង​ផ្សាយ នោះ​ស៊ីឌនី រិកដុន និង អែតវឹត ប៉ាទ្រិច បាន​ចូល​មក ហើយ​អង្គុយ​ចុះ​នៅក្នុង​ក្រុមជំនុំ ។ នៅពេល​យ៉ូសែប បាន​បញ្ចប់​នូវ​ប្រសាសន៍​របស់លោក នោះ​លោក​បាន​ផ្ដល់​ឯកសិទ្ធិ​ដល់អ្នក​ទាំងអស់​ណា​ដែល​ចង់​មានប្រសាសន៍ ។ ដោយហេតុនេះ លោក ប៉ាទ្រិច បាន​ក្រោកឈរ​ឡើង ហើយ​បាន​ថ្លែង​ថា គាត់​បាន​ទៅ ម៉ានឆែសស្តើរ ដោយមាន​ទស្សនៈវិស័យ​ចង់​ទទួល​បាន​នូវ​ព័ត៌មាន​បន្ថែម​អំពី​គោលលទ្ធិ​ជាក់លាក់​ដែល​យើង​បាន​ផ្សាយ ប៉ុន្តែរក​ពុំ​ឃើញ​យើង​ទេ គាត់​បាន​សួរ​ទៅ​អ្នកជិត​ខាង​របស់​យើងខ្លះៗ អំពី​ចរិតលក្ខណៈ​របស់​យើង ក្នុងសេចក្តី​ថ្លែងណ៍របស់ពួកគេ រកអ្វីមក​បន្ទោសខ្ញុំ​ពុំ​បានឡើយ រហូត​ដល់ចំណុចដែល យ៉ូសែប បាន​បញ្ឆោត​ពួក​យើង [ ពួកគេ ] ទាក់ទង​នឹង​ព្រះគម្ពីរមរមន ។ គាត់​ក៏​បាន​ថ្លែង​ផងដែរ​ថា គាត់​បាន​ដើរលើ​ដីកសិដ្ឋាន​របស់​យើង បាន​សង្កេត​ឃើញ​មាន​សណ្ដាប់ធ្នាប់ល្អ ហើយបង្ហាញ​នូវ​ភាពប៉ិនប្រសប់ និង​បាន​មើល​ឃើញ​នូវ​អ្វី​ដែល​យើង​បាន​លះបង់​ដើម្បី​សេចក្ដីជំនឿ​របស់​យើង ហើយបាន​ស្ដាប់​ឮ​ថា សេចក្ដីពិត​ពេញលេញ​របស់​យើង ដែល​ធ្វើ​ឲ្យ​គ្មាន​ការ​សង្ស័យ​ទៅលើ​ចំណុច​ផ្សេងទៀត ដែល​មាន​នៅក្នុង​សាសនា​របស់​យើង​ទេ គាត់​បាន​ជឿ​ទីបន្ទាល់​របស់​យើង ហើយ​បាន​ត្រៀម​ខ្លួនជាស្រេច​ដើម្បី​ទទួលបុណ្យជ្រមុជទឹក គាត់និយាយថា ‹ បងប្រុស យ៉ូសែប តើលោកនឹង​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​ខ្ញុំ​ឬទេ ›» ( History of Joseph Smith by His Mother, បាន​បោះពុម្ព​ដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ទំព័រ ១៩១–៩២) ។ អែតវឹត ប៉ាទ្រិច បាន​ទទួលបុណ្យជ្រមុជទឹក​ដោយ យ៉ូសែប ស៊្មីធ នៅថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ១៨៣០ ។

អែតវឹត ប៉ាទ្រិច ក្រោយមក​បាន​ក្លាយជា​ប៊ីស្សព​ទីមួយ​នៃ​សាសនាចក្រ ហើយ​បាន​រងទុក្ខ​នូវការ​បៀតបៀន​ជាច្រើន​នៅ​រដ្ឋ មីសសួរី ។ គាត់បាន​ស្លាប់​ក្នុងនាមជា​សមាជិក​ស្មោះត្រង់​របស់សាសនាចក្រ នៅក្នុង​ឆ្នាំ ១៨៤០ នៅ​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ក្នុង​វ័យ ៤៧ ឆ្នាំ ។ ( សម្រាប់​ព័ត៌មាន​បន្ថែម​អំពី អែតវឹត ប៉ាទ្រិច សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦:១–៧; ៤១:៩–១១; ៤២:១០; ៥០:៣៩; ៥១:១–៤, ១៨; ៥២:២៤; ៥៧:៧; ៥៨:១៤–១៦, ២៤–២៥, ៦១–៦២; ៦០:១០; ៦៤:១៧; ១២៤:១៩; សូមមើល​ផងដែរ Church History in the Fulness of Times Student Manual, បាន​បោះពុម្ព​ជា​លើកទីពីរ [ Church Educational System manual, ឆ្នាំ ២០០៣ ],ទំព័រ ៨២; Doctrine and Covenants Student Manual, បាន​បោះពុម្ព​ជា​លើកទីពីរ [Church Educational System manual,ឆ្នាំ ២០០១ ], ទំព័រ ៧២ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦:៤-៨ ។ យុវជន​គ្រប់រូប​គួរ​បម្រើ​បេសកកម្ម

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន​ថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« សំណួរ​ត្រូវបាន​សួរ​ជារឿយៗ​ថា តើ​យុវជន​គ្រប់រូប​គួរតែ​បម្រើ​បេសកកម្ម​ដែរ​ឬទេ ? ចម្លើយ​ចំពោះសំណួរ​នេះ ត្រូវ​បាន​ប្រទានឲ្យដោយ ព្រះអម្ចាស់ ។ គឺ​ថា​គួរតែ​បម្រើ​បេសកកម្ម ។យុវជន គ្រប់រូប គួរ​តែ​បម្រើ​បេសកកម្ម ។

« ខណៈ​ដែល​យុវជន​គ្រប់រូប​គួរ​បម្រើ​បេសកកម្ម នោះ​យើង​ត្រូវ​ដឹង​ថា យុវជន​គ្រប់រូប​គឺ​ពុំ​មែន​គ្រប់គ្នាបាន​រៀបចំ​ខ្លួន​ហើយ ខាង​រូបកាយ​ ខាង​សតិអារម្មណ៍ ឬ​ខាង​សីលធម៌​ទាំងអស់​នោះទេ ។ ជា​លទ្ធផល យុវជន​ខ្លះ អាច​នឹង​ពុំ​មានឱកាស​ធ្វើជា​អ្នក​ផ្សព្វផ្សាយសាសនា​ទេ ។ ប៉ុន្តែ​យុវជន​ទាំងអស់ គួរ​តែ​ត្រៀម​ខ្លួន​ដើម្បី​ទៅ-- ដោយមានភាព​សក្ដិសម​ដើម្បី​បម្រើ​ព្រះអម្ចាស់ » ( Our Commission to Take the Gospel to All the World » Ensign ខែ ឧសភា ឆ្នាំ ១៩៨៤,ទំព័រ ៤៥ ) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« សំណួរ​ត្រូវ​បាន​សួរ​ជារឿយៗ​ថា តើ​កម្មវិធី​បេសកកម្ម​គឺ​ជា​កម្មវិធី​មួយដែលចាប់​បង្ខំ​ឬទេ ? ប្រាកដ​ណាស់​ចម្លើយ​គឺ​ថា​ពុំ​មែន​ទេ ។ មនុស្ស​គ្រប់​រូប​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​សេរីភាព​ជ្រើសរើស​ដោយ​សេរី ។ សំណួរ​ត្រូវបាន​សួរ​ថា ៖ តើ​យុវជន​គ្រប់រូប​គួរ​បម្រើ​បេសកកម្ម​ឬទេ ? ហើយ​ចម្លើយ​របស់​សាសនាចក្រ គឺ​ថាមែនហើយ ហើយចម្លើយ​របស់​ព្រះអម្ចាស់​គឺ ពិតហើយ ។ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​លម្អិត​ចំពោះ​ចម្លើយ​នេះ យើង​សូម​និយាយ​ថា ៖ សមាជិក​ភេទ​ប្រុស​គ្រប់រូប​នៃ​សាសនាចក្រ គួរតែ បំពេញ​បេសកកម្ម​មួយ ដូចជា​គាត់ គួរ​តែ ថ្វាយ​ដង្វាយ​មួយភាគ​ដប់របស់គាត់​អញ្ចឹង​ដែរ ដូច​ជា​គាត់ គួរ​តែ ចូល​រួម​នៅក្នុង​ការ​ប្រជុំ​របស់គាត់ ដូច​ជា​គាត់ គួរ​តែ រក្សា​ឲ្យជីវិត​របស់គាត់​ឲ្យស្អាតស្អំ ហើយ​គ្មាន​ស្នាម​ប្រឡាក់​នៃ​លោកិយ រួច​ហើយ​រៀប​ចំផែនការ​រៀបអាពាហ៍ពិពាហ៍​សេឡេស្ទាល នៅក្នុង​ព្រះវិហារបរិសុទ្ធ​របស់ព្រះអម្ចាស់ » ( Planning for a Full and Abundant Life, »Ensignខែ ឧសភា ឆ្នាំ ១៩៧៤, ទំព័រ ៨៧ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦:៤-៨ ។ ស៊ីស្ទើរ​ផ្សព្វផ្សាយសាសនា

ព្រះអម្ចាស់​បាន​បញ្ជា​សមាជិកគ្រប់រូប​នៃសាសនាចក្រ​របស់ទ្រង់ ចែកចាយ​ដំណឹងល្អ ស្ត្រី​មួយចំនួន បាន​ឱបក្រសោប​យក​បទបញ្ញត្តិ​នេះ ដោយ​ការ​បម្រើ​បេសកកម្ម​ពេញម៉ោង ទោះជា​ពួកគេ​ពុំ​មានកាតព្វកិច្ច​ចំបាច់ត្រូវ​ធ្វើ ដូច​យុវជនក្ដី ។

ប្រធាន​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ថ្លែង​ថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« សូម​ចងចាំ យុវនារី​ទាំងឡាយ អ្នក​ក៏​អាច​មាន​ឱកាស​បម្រើ​បេសកកម្ម​ពេញម៉ោង​ផងដែរ ។… អ្នកផ្សព្វផ្សាយសាសនា​ដ៏ល្អ​បំផុតមួយចំនួន​របស់​យើង គឺ​ស្ត្រី​វ័យក្មេង » ( To the Young Women of the Church, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦,ទំព័រ ៨៣ ) ។

ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« យើង​ត្រូវ​ការ​យុវនារី​មួយ​ចំនួន ។ ពួកគេ​ធ្វើ​កិច្ចការ​ដ៏អស្ចារ្យ​មួយ ។ ពួកគេ​អាច​ចូល​ទៅ​ក្នុង​ផ្ទះជាច្រើន ដែលពួកអែលឌើរ​ពុំ​អាច​ចូលទៅ​បាន ។

« … គណៈ​ប្រធាន​ទី​មួយ និង​ក្រុមប្រឹក្សា​នៃ​ពួកដប់ពីរ​នាក់ បាន​ថ្លែង​រួមគ្នា​ទៅ​កាន់​ស្ត្រីវ័យក្មេង​របស់យើង​ថា ពួកគេ​ពុំ​ស្ថិត​នៅក្រោម​កាតព្វកិច្ច​ដើម្បី​ចេញ​បម្រើ​បេសកកម្ម​នោះទេ ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​និយាយ​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ​តាមរបៀប​មួយ ដែល​នឹង​ពុំ​ធ្វើ​ឲ្យ​នរណា​ម្នាក់អាក់អន់ចិត្តឡើយ ។ ស្ត្រី​វ័យ​ក្មេង ពុំ​គួរ​មានអារម្មណ៍​ថា ពួកគេ​មានកាតព្វកិច្ច​មួយធៀបនឹង​យុវជន​នោះទេ ។ ពួក​គេ​មួយ​ចំនួន​ចង់​ទៅ​ខ្លាំង​ណាស់ ។ បើ​ដូច្នោះ ពួកគេ​គួរ​ប្រឹក្សា​ជាមួយ​ប៊ីស្សព​របស់ពួកគេ ក៏​ដូចជា​ជាមួយឪពុក​ម្ដាយ​របស់ពួកគេ​ផងដែរ » ( « Some Thoughts on Temples, Retention of Converts, and Missionary Service, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧, ទំព័រ ៥២ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៦។ តើ « តំណវៀច » គឺ​ជា​អ្វី ?

ពាក្យ​ថា វៀច មានន័យ​ថា ពុំមានការ​គ្រប់គ្រង ហើយ​ពិបាក​គ្រប់គ្រង ។ ហេតុដូច្នោះ​ហើយ មនុស្ស​វៀច គឺ​ពុំ​មានការ​គ្រប់គ្រង ជាមនុស្ស​បះបោរ ដែលជីវិតរស់​នៅ​ពុំ​ងាក​ទៅរក​ព្រះ​អម្ចាស់​ទេ ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​មាន​ប្រសាសន៍​សំដៅ​ទៅលើ​អ្នកទាំងឡាយ​នៃ​ថ្ងៃ​ចុង​ក្រោយថា « នេះ​គឺ​ជា​ជំនាន់​វៀច ដែលកំពុង​ដើរ​នៅក្នុង​សេចក្ដីងងឹត​ខាង​វិញ្ញាណ » ( Church History and Modern Revelation, វ៉ុលទី ២ [ឆ្នាំ ១៩៥៣ ], ១:១៦៣ ) ។ ចំណាប់អារម្មណ៍នេះ ក៏​រក​បាន​នៅក្នុង កិច្ចការ ២:៤០ផងដែរ ។ ( សូមមើល​ផងដែរ Doctrine and Covenants Student Manual បាន​បោះពុម្ព​ជាលើក​ទីពីរ [ Church Educational System manual,ឆ្នាំ ២០០១ ], ទំព័រ ៧៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៦។ តើ​វា​មានន័យ​យ៉ាង​ណា​ដើម្បី « ចេញ​មកពី​ភ្លើង​ដោយ​ស្អប់​ដល់​ទាំង​អាវ​ដែលត្រូវ​ស្មោក​គ្រោក​ដោយសាច់ឈាម​ផង » នោះ ?

យោង​ទៅលើ ពួកចៅហ្វាយ ១:២៣ដែល​មាន​នូវ​ភាសា​ស្រដៀងគ្នា​ទៅនឹង​ព្រះបន្ទូល​របស់ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦:៦នោះ​អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សរសេរ​ថា ៖ « ដើម្បី​បញ្ឈប់​ការ​រាតត្បាត​របស់​ជំងឺ​ក្នុង​ពួកសាសន៍​អ៊ីស្រាអែល​ពីបុរាណ នោះ​សំលៀក​បំពាក់​ដែល​មាន​ប្រឡាក់​ដោយ​ជំងឺ​ឆ្លង គឺត្រូវ​ដុត​បំផ្លាញ​ចោល ។ (លេវីវិន័យ ១៣:៤៧-៥៩, ១៥:៤-១៧) ។ ដូច្នេះ​គឺ​ដូចគ្នា​ជាមួយនឹង​អំពើបាបនៅ​ក្នុង​សាសនាចក្រ នោះ​ពួក​បរិសុទ្ធ​ត្រូវ​ចៀសវាង​ដាច់ឲ្យ​ឆ្ងាយ​ពីវា ក៏​ដូចគ្នា​នឹង​សំលៀកបំពាក់​របស់ពួក​អ្នកមាន​បាប​ត្រូវ​ដុត​ដោយភ្លើង​ដែរ នោះមានន័យ​ថា អ្វីគ្រប់យ៉ាង​ដែល​ទាក់ទង​នឹង​កា​របំពុល​នៃ​ពួកទុច្ចរិត នោះ​គឺត្រូវ​គេចចេញ ។ ក៏​ដូចគ្នា​ចំពោះ​អ្នកទាំងឡាយ​ដែលនៅក្នុងលោកិយ ដែលត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​ក្នុង​នគរដែរ » ( Doctrinal New Testament Commentary 3vols. [ឆ្នាំ ១៩៦៥–៧៣], ៣:៤២៨ ) ។ ( សូមមើល​ផងដែរ Doctrine and Covenants Student Manual បាន​បោះពុម្ព​ជា​លើក​ទីពីរ [Church Educational System manual, ឆ្នាំ ២០០១], ទំព័រ ៧៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧:១។ « មិន​… ត្រូវ​បក​ប្រែ​ទៀត​ទេ »

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៧:១ សំដៅ​ទៅលើ​ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប​របស់ យ៉ូសែប ស៊្មីធ ។ ព្យាការី យ៉ូសែបបានបញ្ចប់​ការ​បកប្រែព្រះគម្ពីរមរមន ។ ប៉ុន្តែទោះជា​កិច្ចការ​របស់​លោក​ចំពោះ​ព្រះគម្ពីរ​ប៊ីប​សំខាន់ខ្លាំងក្ដី ឯតម្រូវការ​ដើម្បី​ផ្លាស់​ទៅ​រដ្ឋ អូហៃអូ « ដោយសារ​តែ​ខ្មាំង​សត្រូវ » ក៏​ជា​អាទិភាព​ដែរ ( គ. និង ស. ៣៧:១) ។ លោក​បាន​បន្ដ​ធ្វើការ​នៅក្នុង​កំណែថ្មី​ព្រះគម្ពីរ​ប៊ីប​នៅ​រដ្ឋ អូហៃអូ នា​ពេល​ក្រោយ ។ ( សូមមើល​ផងដែរ Doctrine and Covenants Student Manual, បាន​បោះពុម្ព​ជា​លើក​ទីពីរ [Church Educational System manual,ឆ្នាំ ២០០១], ទំព័រ ៧៤ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧:៣។ ប្រមូល​គ្នីគ្នា​នៅ​រដ្ឋ អូហៃអូ ទំរាំ​អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង​នឹង​ត្រឡប់មក​វិញ

អូលីវើរ ខៅឌើរី បានចេញ​ទៅ​បេសកកម្ម​មួយ តាំង​ពី​ពាក់កណ្ដាល​ខែ​តុលា ឆ្នាំ ១៨៣០ ( សូមមើល គ. និង ស. ៣០:៥-៦, ៣២:២) ។ បេសកកម្ម​នេះ បាននាំ​គាត់ និង​ដៃគូ​គាត់​ធ្វើ​ដំណើរ​អស់ចម្ងាយ ១៤០០ ម៉ែល ឆ្លងកាត់​រដ្ឋ​នូវយ៉ោក អ៊ិនឌីអានណា អិលលីណោយ និង អូហៃអូ ទៅ មិសសួរី ជា​កន្លែង​ដែលពួក​គាត់​ត្រូវ​ផ្សាយ​ទៅ​ដល់​ពួកអាមេរិក​ជាតិដើម ដែល​បាន​រស់នៅ​ជា​យូរ​មក តាម​ព្រំប្រទល់​ភាគ​ខាង​លិច​នៃ​រដ្ឋ មីសសួរី ហើយ​បានតាំង​កន្លែង​ដែលព្រះវិហារបរិសុទ្ធ និង ក្រុង​យេរូសាឡិម​ថ្មី នឹង​ត្រូវ​សាងសង់ឡើង ( សូមមើល « Covenant of Oliver Cowdery and Others, ថ្ងៃទី ១៧ ខែ​តុលា ឆ្នាំ ១៨៣០ » នៅក្នុង Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨– ខែ​មិថុនា ឆ្នាំ ១៨៣១ វ៉ុលទី ១ នៃ the Documents series of The Joseph Smith Papers [ ឆ្នាំ២០១៣ ], ២០២–៥ ) ។ ពួកបរិសុទ្ធ ត្រូវ​បាន​បញ្ជា​ឲ្យ​ផ្លាស់​ទៅ​រដ្ឋ អូហៃអូ ហើយនៅ​រង់ចាំ អូលីវើរ ខៅឌើរី​ឲ្យ​ត្រឡប់មកវិញ ។ ការ​ផ្លាស់​ទៅ​រដ្ឋ អូហៃអូ នេះ គឺ​ស្ថិត​នៅក្នុង​ការ​ត្រៀម​ខ្លួន ដើម្បី​ទទួល​បាន​ការណែនាំ​បន្ថែម​ស្ដីអំពី ការ​ស្ថាបនា​នៃ​ទីក្រុង​ស៊ីយ៉ូន ( សូមមើល គ. និង ស. ៣៨:៣១-៣៣) ។ ទីបំផុត អូលីវើរ ខៅឌើរី ពុំបាន​ត្រឡប់មកវិញ​ទេ ប៉ុន្តែ​គាត់​បាន​បញ្ជូន ប៉ាលី ភី ប្រាត្ត ជំនួស​វិញ ។ ( សូមមើល​ផងដែរ Doctrine and Covenants Student Manual, បាន​បោះពុម្ព​ជាលើក​ទីពីរ [Church Educational System manual, ឆ្នាំ ២០០១ ], ទំព័រ ៧៤ ) ។