មេរៀនទី ៤៩
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៣-៩៣
បុព្វកថា
ផ្នែកខាងក្រោយនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២ គឺជាការបន្ដនូវអ្វីដែលត្រូវបានស្គាល់ថាជា ក្រឹត្យវិន័យនៃសាសនាចក្រ ។ វារួមមានទាំងការបង្រៀនរបស់ព្រះអម្ចាស់ទាក់ទងនឹងសេចក្ដីស្លាប់ និងការព្យាបាល ។ វាក៏មាននូវការទូន្មានរបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធ ទាក់ទងនឹងរបៀបត្រូវដោះស្រាយជាមួយនឹងអំពើបាបដ៏ធ្ងន់ធ្ងរ និងឧក្រិដ្ឋកម្ម និងរបៀបគ្រប់គ្រងស្ថានភាពដោយត្រឹមត្រូវ ដែលយើងត្រូវបានអាក់អន់ចិត្ត ឬបានធ្វើឲ្យគេអាក់អន់ចិត្ត ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៣-៥៥
ព្រះអម្ចាស់ប្រទានការទូន្មានទាក់ទងនឹងសេចក្ដីស្លាប់ និងការព្យាបាល
សូមយកដៃម្ខាងលើកដបប្រេងអូលីវតូចមួយ សម្រាប់ធ្វើការប្រសិទ្ធិពរដល់អ្នកឈឺ ហើយយកដៃម្ខាងទៀតកាន់ដបថ្នាំ ។
-
តើវត្ថុទាំងពីរនេះប្រើសម្រាប់ធ្វើអ្វី ? តើវត្ថុមួយណាដែលយើងគួរតែពឹងផ្អែកនៅលើពេលមានជម្ងឺ ?
បន្ទាប់ពីសិស្សបានចែកចាយដោយសង្ខេបនូវគំនិតរបស់ពួកគេហើយ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៣-៤៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលការណែនាំរបស់ព្រះអម្ចាស់ ទាក់ទងនឹងអ្វីដែលយើងគួរតែពឹងផ្អែកលើវាពេលមានជំងឺ ។ ដើម្បីជួយសិស្សយល់នូវខគម្ពីរទាំងនេះ វាអាចជាប្រយោជន៍ដើម្បីពន្យល់ថា រុក្ខជាតិ និងអាហារស្រាលៗ ដែលបានប្រាប់នៅក្នុង ខ ៤៣ នេះសំដៅទៅលើការព្យាបាលខាងវេជ្ជសាស្ត្រ ដែលត្រូវបានគេប្រើជាទូទៅ អំឡុងពេលដែលវិវរណៈនេះត្រូវបានប្រទានឲ្យ ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់អំពីរបៀបដែលការព្យាបាលអាចកើតមានមកតាមរយៈ ទាំងសេចក្ដីជំនឿផង និង ការព្យាបាលខាងវេជ្ជសាស្ត្រផង ។
« ពួកបរិសុទ្ធថ្ងៃចុងក្រោយ ជឿទៅលើការអនុវត្តចំណេះដឹង និងបច្ចេកវិទ្យាខាងវិទ្យាសាស្ត្រដ៏ល្អបំផុតដែលមាន ។ យើងប្រើអាហាររូបត្ថម្ភ លំហាត់ប្រាណ និងការអនុវត្តដទៃទៀត ដើម្បីថែទាំសុខភាព ហើយយើងចូលរួមបម្រើ ក្នុងការព្យាបាលរបស់គ្រូពេទ្យជំនាញ ដូចជាវេជ្ជបណ្ឌិត និង គ្រូពេទ្យវះកាត់ ដើម្បីទទួលបានសុខភាពល្អឡើងវិញផងដែរ ។
« ការប្រើប្រាស់វិទ្យាសាស្ត្រវេជ្ជសាស្ត្រ គឺពុំមែនជាការជំទាស់នឹងការអធិស្ឋានដោយសេចក្ដីជំនឿរបស់យើង និងការពឹងផ្អែករបស់យើងទៅលើការប្រសិទ្ធពរនៃបព្វជិតភាពនោះទេ ។…
« ប្រាកដណាស់ថា យើងពុំរង់ចាំរហូតដល់វិធីសាស្ត្រដទៃទៀតទាំងអស់ប្រើការលែងបាន ទើបយើងអធិស្ឋានដោយសេចក្ដីជំនឿ ឬផ្ដល់ការប្រសិទ្ធពរបព្វជិតភាពសម្រាប់ការជាសះស្បើយនោះទេ ។ ក្នុងពេលអាសន្ន ការអធិស្ឋាន និងការប្រសិទ្ធពរត្រូវធ្វើឡើងដំបូងគេបង្អស់ ។ ជាញឹកញាប់ណាស់ ដែលយើងខិតខំធ្វើអ្វីៗគ្រប់យ៉ាងក្នុងពេលដំណាលគ្នា » (Healing the Sick » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០១០, ទំព័រ ៤៧ ) ។
-
ហេតុអ្វីអ្នកគិតថា វាសំខាន់សម្រាប់យើងដើម្បីប្រើការអធិស្ឋាន និងពរជ័យនៃបព្វជិតភាព ក៏ដូចជាការព្យាបាលខាងវេជ្ជសាស្ត្រសម្រាប់ធ្វើការព្យាបាលក្នុងពេលមានជំងឺយ៉ាងដូច្នេះ ?
-
ស្របតាម ខ ៤៤ តើមនុស្សមានជម្ងឺគ្រប់គ្នា ដែលបានទទួលពរជ័យបព្វជិតភាព នឹងត្រូវបានព្យាបាលជាឬ ?
សូមប្រាប់សិស្សថា ព្រះអម្ចាស់ បានពន្យល់ពីមូលហេតុដែលមនុស្សមួយចំនួន ដែលបានទទួលពរជ័យបព្វជិតភាព អាចនឹងពុំបានជាសះស្បើយផងដែរ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលគោលការណ៍ទាំងឡាយដែលគ្រប់គ្រង ថាតើនរណានឹងត្រូវបានជាសះស្បើយ ឬអត់ដោយសារការប្រសិទ្ធពរពីបព្វជិតភាព ។
-
យោងតាមខ ៤៨ តើកត្ដាចម្បងដែលកំណត់ពីលទ្ធផលនៃការប្រសិទ្ធពរពីបព្វជិតភាពគឺជាអ្វី ? ( នៅពេលសិស្សឆ្លើយតប អ្នកអាចពន្យល់ថា « ដែលពុំបានកំណត់ឲ្យស្លាប់ » សំដៅទៅលើកត្ដាដែលសេចក្ដីស្លាប់ ឬការព្យាបាល នឹងត្រូវធ្វើឡើង ស្របតាមពេលវេលា ប្រាជ្ញា និងព្រះទ័យរបស់ព្រះអម្ចាស់ ) ។
-
ហេតុអ្វីក៏មនុស្សគ្រប់គ្នាដែលមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នឹងពុំបានជាសះស្បើយដូច្នេះ ?
-
ហេតុអ្វីក៏វាសំខាន់ដើម្បីមានសេចក្ដីជំនឿទៅលើព្រះឆន្ទៈរបស់ព្រះ និងពេលវេលាសម្រាប់យើងម្នាក់ៗ ?
សូមអញ្ជើញសិស្សឲ្យប្រាប់គោលការណ៍មួយដែលយើងអាចរៀនចេញមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៨ អំពីការព្យាបាលពីអស់ទាំងរោគារបស់យើង ។ ចម្លើយរបស់សិស្សអាចនឹងឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖ បើយើងមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានព្យាបាលតាមព្រះឆន្ទៈរបស់ទ្រង់ ។ អ្នកអាចនឹងចង់ឲ្យយោបល់ដល់សិស្សគូសចំណាំពាក្យ ឬឃ្លានៅក្នុងខទី ៤៨ ដែលបង្រៀនពីគោលការណ៍នេះ។
ដើម្បីជួយសិស្សឲ្យយល់ថា សេចក្ដីជំនឿរបស់យើង ត្រូវតែផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ ជាជាងផ្ដោតទៅលើលទ្ធផលជាក់លាក់នានា ដែលយើងប្រាថ្នាចង់បាន សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ស្ដាប់រកមូលហេតុមួយថា ហេតុអ្វីក៏វាសំខាន់ដើម្បីផ្ដោតសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ។
« ក្នុងនាមជាបុត្ររបស់ព្រះ ដោយដឹងពីសេចក្ដីស្រឡាញ់ដ៏មហិមារបស់ទ្រង់ និងចំណេះដឹងដ៏គ្មានកម្រិតរបស់ទ្រង់អំពីអ្វីដែលល្អបំផុតសម្រាប់សុខុមាលភាពដ៏អស់កល្បរបស់យើង នោះយើងនឹងទុកចិត្តលើទ្រង់ ។ គោលការណ៍ទីមួយនៃដំណឹងល្អគឺជាសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយសេចក្ដីជំនឿមានន័យថាការទុកចិត្ត ។ ខ្ញុំបានទទួលអារម្មណ៍ដឹងពីទំនុកចិត្តនោះ នៅក្នុងការនិយាយដែលបងប្អូនជីដូនមួយរបស់ខ្ញុំបានផ្ដល់នៅពិធីបុណ្យសពរបស់ក្មេងស្រីជំទង់ម្នាក់ ដែលបានស្លាប់ដោយសារមានជំងឺធ្ងន់ ។ គាត់បាននិយាយពាក្យទាំងនេះ ដែលដំបូងវាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ហើយបន្ទាប់មកវាបានធ្វើខ្ញុំបានស្កប់ចិត្ត ៖ ‹ ខ្ញុំដឹងថា វាគឺជាព្រះឆន្ទៈរបស់ព្រះអម្ចាស់ ដែលថានាងត្រូវស្លាប់ ។ នាងបានទទួលនូវការយកចិត្តទុកដាក់ពីវេជ្ជសាស្ដ្រដ៏ល្អ ។ នាងបានទទួលការប្រសិទ្ធពរបព្វជិតភាព ។ ឈ្មោះនាងត្រូវបានដាក់នៅក្នុងបញ្ជីអធិស្ឋានក្នុងព្រះវិហារបរិសុទ្ធ ។ នាងគឺជាប្រធានបទនៃការអធិស្ឋានរបស់មនុស្សរាប់រយនាក់ ដែលសុំឲ្យនាងមានសុខភាពល្អប្រសើរវិញ ។ ហើយខ្ញុំដឹងថា គ្រួសារនេះមានជំនឿល្មមគ្រប់គ្រាន់ដើម្បីឲ្យនាងនឹងបានជាសះស្បើយ តែវាគឺជាព្រះទ័យរបស់ព្រះអម្ចាស់ ដើម្បីនាំនាងត្រឡប់ទៅផ្ទះវិញនាពេលនេះ › ។ ខ្ញុំបានមានអារម្មណ៍ពីទំនុកចិត្តដូចគ្នានេះ ទៅលើពាក្យរបស់ឪពុករបស់ក្មេងស្រីជម្រើសម្នាក់ទៀត ដែលបានស្លាប់ដោយសារមហារីក ក្នុងវ័យជំទង់របស់នាង ។ គាត់បានប្រកាសថា ‹ សេចក្ដីជំនឿរបស់គ្រួសារយើង គឺនៅលើព្រះយេស៊ូវគ្រីស្ទ ហើយវាមិនពឹងផ្អែកទៅលើលទ្ធផលណាមួយនោះទេ › ។ ការបង្រៀនទាំងនោះស្ដាប់ទៅពិតណាស់ចំពោះខ្ញុំ ។ យើងធ្វើនូវអ្វីៗទាំងអស់ដែលយើងអាចធ្វើ ដើម្បីព្យាបាលដល់មនុស្សជាទីស្រឡាញ់របស់យើង រួចហើយយើងទុកចិត្តទៅលើព្រះអម្ចាស់ចំពោះលទ្ធផលនោះ » (« Healing the Sick » ទំព័រ ៥០ ) ។
-
តើបុគ្គលម្នាក់ៗដែលអែលឌើរ អូក មានប្រសាសន៍បានអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
ពេលខ្លះវាតម្រូវឲ្យមានសេចក្ដីជំនឿកាន់តែខ្លាំង ដើម្បីមើលឃើញមនុស្សជាទីស្រឡាញ់ត្រូវស្លាប់ ឬរងទុក្ខនឹងជំងឺដ៏រាំរ៉ៃ ជាជាងមើលឃើញពួកគេរស់នៅ ឬត្រូវបានជាសះស្បើយ ។ ហេតុអ្វីអ្នកគិតថាការណ៍នេះអាចប្រែក្លាយជាដូច្នេះ ?
-
ហេតុអ្វីអ្នកគិតថា វាសំខាន់ដើម្បីអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ទោះជាយើងពុំទទួលបានលទ្ធផលដែលយើងចង់បានក្តី ?
សូមសួរសិស្សប្រសិនបើជាពួកគេស្គាល់នរណាដែលបានទទួលមរណភាព ទោះជាគាត់បានធ្វើតាមដំបូន្មានខាងវេជ្ជសាស្ត្រត្រឹមត្រូវ ហើយស្វែងរកការព្យាបាលតាមរយៈការអធិស្ឋាន និងការប្រសិទ្ធពរពីបព្វជិតភាពក៏ដោយ ។ ( សូមប្រយ័ត្នជាពិសេសចំពោះអារម្មណ៍របស់អ្នកដែលអាចនឹងជួបស្ថានភាពដូចនេះ ) ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៥-៤៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពាក្យ ឬឃ្លាដែលអាចនាំមកនូវការលួងលោមចិត្តដល់នរណាម្នាក់ដែលធ្លាប់មានមនុស្សជាទីស្រឡាញ់របស់ខ្លួនទទួលរមណភាព ។
-
ខ ៤៥ ប្រាប់យើងថា យើងនឹងយំសោកទៅតាមធម្មជាតិ ចំពោះការបាត់បង់មនុស្សដែលយើងស្រឡាញ់ ។ តើគោលការណ៍អ្វីខ្លះ បានបង្រៀននៅក្នុងខ ៤៦ ដែលអាចនាំមកនូវការលួងលោមចិត្តដល់អ្នកទាំងឡាយដែលយំសោកចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងគ្នា ប៉ុន្តែពួកគេគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ សេចក្ដីស្លាប់ គឺផ្អែមល្ហែមចំពោះអ្នកទាំងឡាយដែលស្លាប់នៅក្នុងព្រះអម្ចាស់ ) ។
-
តើអ្នកគិតថាសេចក្ដីស្លាប់នៅក្នុងព្រះអម្ចាស់ វាមានន័យយ៉ាងណា ?
-
តើអ្នកគិតថាវាមានន័យយ៉ាងណា ដែលថាសេចក្ដីស្លាប់នឹង « ផ្អែមល្ហែម » ចំពោះអ្នកទាំងឡាយដែលស្លាប់នៅក្នុងព្រះអម្ចាស់នោះ ? ( អ្នកចាំបាច់ត្រូវពន្យល់ថា សូម្បីតែមនុស្សស្មោះត្រង់ម្នាក់ដែលស្លាប់ ក៏អាចនឹងរងនូវការឈឺចាប់ខាងរូបកាយដែរ ការសន្យានេះសំដៅទៅលើភាពសុខសាន្ដ និងការឈប់សម្រាក ដែលបុគ្គលនោះ នឹងទទួលនៅក្នុងពិភពវិញ្ញាណ ) ។
សូមអញ្ជើញសិស្សឲ្យគិតពិចារណាថាតើពួកគេកំពុងរស់នៅក្នុងជីវិតតាមរបៀបដែលនឹងធ្វើឲ្យសេចក្ដីស្លាប់ « ផ្អែមល្ហែម » ចំពោះពួកគេ ប្រសិនបើវានឹងកើតឡើងនៅក្នុងថ្ងៃនេះឬទេ ។ ( អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យសរសេរគំនិតរបស់ពួកគេទុកនៅក្នុងសៀវភៅកត់ចំណាំការរៀនសូត្ររបស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៥៦-៧៣
ព្រះអម្ចាស់សន្យាថាបើកសម្ដែងបទគម្ពីរ និង វិវរណៈបន្ថែមទៅកាន់អ្នកទាំងឡាយណាដែលសុំ
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៥៦-៥៨ដោយការពន្យល់ថា ខគម្ពីរទាំងនេះ យោងទៅលើការបកប្រែព្រះគម្ពីរប៊ីបរបស់យ៉ូសែប ស្ម៊ីធ។ ព្រះអម្ចាស់បានប្រាប់ដល់ពួកបរិសុទ្ធថា ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ គួរតែត្រូវបានបង្រៀនដល់មនុស្សទាំងអស់ ។ សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៥៩-៦៩ដោយការពន្យល់ថា ខគម្ពីរទាំងនេះ មាននូវការណែនាំមកពីព្រះអម្ចាស់ ទៅកាន់ យ៉ូសែប ស៊្មីធ និងអ្នកដឹកនាំសាសនាចក្រដទៃទៀត ទាក់ទងនឹងពេលវេលា និង នរណាដែលពួកគេគប្បីផ្សាយដំណឹងល្អទៅ ។ ព្រះអម្ចាស់ បានដាស់តឿនពួកគេឲ្យរស់នៅតាមក្រឹត្យវិន័យទាំងឡាយដែលពួកគេត្រូវបានប្រគល់ឲ្យ ហើយទ្រង់បានពន្យល់ថា ពួកគេនឹងទទួលការដឹកនាំបន្ថែម ដែលនឹងជួយពួកគេស្ថាបនាសាសនាចក្រ ហើយរៀបចំពួកបរិសុទ្ធឲ្យរស់នៅក្នុងទីក្រុងយេរូសាឡិមថ្មីនាពេលអនាគត ។ បន្ថែមពីលើនោះ ព្រះអម្ចាស់បានបង្រៀនពួកគេអំពីគោលការណ៍ទាំងឡាយដែលទាក់ទងនឹងរបៀបដែលពួកគេអាចបន្ដទទួលវិវរណៈពីព្រះ ។ សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៧០-៧៣ដោយពន្យល់ថា នៅក្រោមក្រឹត្យវិន័យនៃការថ្វាយ នោះអ្នកទាំងឡាយដែលផ្ដល់ការបម្រើពេញម៉ោង ឬក្រៅមកដល់សាសនាចក្រ គឺត្រូវបានផ្ដល់ជំនួយខាងហិរញ្ញវត្ថុ ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦១, ៦៨ដោយស្ងាត់ស្ងៀម រកមើលគោលការណ៍ទាំងឡាយអំពីការទទួលវិវរណៈ ។ ចម្លើយសិស្សអាចរួមមានដូចខាងក្រោម ៖
បើយើងសូម នោះព្រះអម្ចាស់នឹងប្រទានចំណេះដឹងដល់យើង ដែលនឹងនាំមកយើងនូវសេចក្ដីសុខសាន្ដ សេចក្ដីអំណរ និងជីវិតដ៏អស់កល្បជានិច្ច ។
បើយើងសូមប្រាជ្ញា នោះព្រះអម្ចាស់នឹងប្រទានដល់យើងដោយសន្ធា ដោយឥតបន្ទោសផង ។
-
ពេលទូលសុំវិវរណៈពីព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាមតើនឹងមានពរជ័យអ្វីខ្លះ ?
សូមចែកចាយទីបន្ទាល់របស់អ្នកថា អ្នកដឹកនាំសាសនាចក្ររបស់យើងដឹកនាំ និងណែនាំយើងតាមរយៈគោលការណ៍នៃវិវរណៈជាបន្ដបន្ទាប់នេះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៧៤-៨៧
ថ្នាក់ដឹកនាំបព្វជិតភាព ទទួលបានសេចក្ដីណែនាំ ស្ដីពីការដោះស្រាយជាមួយសមាជិកសាសនាចក្រ ដែលបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ
សូមពន្យល់ថានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៧៤-៨៧ព្រះអម្ចាស់បានពិពណ៌នាអំពីក្រឹត្យវិន័យមួយចំនួនដើម្បីគ្រប់គ្រងការដាក់វិន័យសាសនាចក្រ ។ ទ្រង់បានប្រទានការដឹកនាំដ៏ជាក់លាក់ដល់ពួកអ្នកដឹកនាំបព្វជិតភាព ទាក់ទងនឹងរបៀបដើម្បីបម្រើដល់អ្នកទាំងឡាយដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ រួមទាំងអំពើបាបខាងផ្លូវភេទ ការលួច ការកុហក ឬ « ការប្រព្រឹត្តសេចក្ដីទុច្ចរិតណាមួយ » (គ. និង ស. ៤២:៨៧) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៨៨-៩៣
ព្រះអម្ចាស់ណែនាំពួកបរិសុទ្ធ អំពីរបៀបដោះស្រាយជាមួយហេតុទាស់ផ្ទាល់ខ្លួន
-
តើពេលណា ដែលអ្នកបានឃើញនរណាម្នាក់ មានហេតុទាស់នឹងពាក្យសម្ដី ឬ ទង្វើនៃមនុស្សម្នាក់ទៀត ? តើអ្នកធ្លាប់មានអារម្មណ៍ឈឺចាប់ ឬហេតុទាស់នឹងពាក្យសម្ដី ឬទង្វើរបស់មនុស្សម្នាក់ទៀតឬទេ ?
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៨៨-៨៩ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការណែនាំរបស់ព្រះអម្ចាស់ សម្រាប់អ្វីដែលត្រូវធ្វើ បើនរណាម្នាក់មានហេតុទាស់នឹងយើង ។
-
តើយើងនឹងធ្វើអ្វី ចំពោះនរណាម្នាក់ដែលមានហេតុទាស់នឹងយើង ? ( ផ្សះផ្សារជាមួយនឹងគាត់ ឬនាង ជាសម្ងាត់ ) ។ អ្នកអាចនឹងចង់ពន្យល់ថា ពាក្យផ្សះផ្សារ មានន័យថា ដោះស្រាយនូវភាពខុសគ្នា ហើយស្ដារឲ្យមានភាពសុខុដុមឡើងវិញ ។
-
ហេតុអ្វីអ្នកគិតថា ការធ្វើបែបនេះ អាចមានប្រយោជន៍ ?
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅផ្នែកម្ខាងនៃក្ដារខៀន ៖
នៅលើក្តារខៀនម្ខាងទៀត សូមសរសេរបញ្ចប់នូវសេចក្ដីថ្លែងការណ៍កាលពីមុននិមួយៗ ៖
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៩០-៩៣ ដោយស្ងាត់ស្ងៀម ហើយដឹកនាំពួកគេឲ្យផ្គូរផ្គងសេចក្ដីថ្លែងការណ៍ដែលពុំពេញលេញនិមួយៗជាមួយនឹងឃ្លាបញ្ចប់ដែលត្រឹមត្រូវ ។ ( ហេតុទាស់ដោយសម្ងាត់ គួរតែត្រូវបានដោះស្រាយដោយសម្ងាត់ ) ។ ( ហេតុទាស់ដែលជាសាធារណៈ គួរតែត្រូវបានដោះស្រាយជាសាធារណៈវិញ ) ។
-
ហេតុអ្វីបានជាវាមិនសមរម្យចំពោះហេតុទាស់ដោយសម្ងាត់ ត្រូវដោះស្រាយជាសាធារណៈនោះ ?
-
ហេតុអ្វីក៏ជួនកាលវាជារឿងឆ្លាតវៃដើម្បីដោះស្រាយហេតុទាស់ជាសាធារណៈនៅទីសាធារណៈ ?
សូមឲ្យសិស្សគិតអំពីស្ថានភាពទាំងឡាយ ដែលបង្ហាញ ទាំងការអនុវត្តត្រឹមត្រូវ និងការអនុវត្តមិនត្រឹមត្រូវនៃសេចក្ដីពិតទាំងនេះ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។ ( នៅពេលសិស្សចែកចាយ សូមគូសបញ្ជាក់ថា ការដោះស្រាយហេតុទាស់តាមវិធីរបស់ព្រះអម្ចាស់ មានជាប់ទាក់ទងនឹងការប្រែចិត្ត និងការអភ័យទោស ) ។
-
តើអ្នកគិតថាការដោះស្រាយហេតុទាស់ដោយត្រឹមត្រូវ អាចប្រទានពរដល់គ្រួសារមួយយ៉ាងដូចម្ដេច ? វួដ ឬ សាខាយ៉ាងដូចម្ដេច ? ក្រុមមួយនៃមិត្តរួមថ្នាក់យ៉ាងដូចម្ដេច ?
អ្នកអាចនឹងចង់ចង្អុលបង្ហាញថា យើងត្រូវការភាពក្លាហានដើម្បីទៅកាន់មនុស្សដែលបានធ្វើហេតុទាស់នឹងយើង ។ សូមអញ្ជើញសិស្សឲ្យអធិស្ឋានសុំជំនួយមកពីព្រះវរបិតាសួគ៌ នៅពេលពួកគេព្យាយាមដោះស្រាយបញ្ហានៃភាពខុសគ្នាជាមួយអ្នកដទៃដោយត្រឹមត្រូវនោះ ។