ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥០ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៣-៤៤


មេរៀន​ទី ៥០

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៣-៤៤

បុព្វកថា

នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បាន​មក​ដល់​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ។ ពេល​លោក​មក​ដល់ លោក​បាន​ឃើញ​ថា ពួកបរិសុទ្ធ​នៅទីក្រុង​ខឺតឡង់ ត្រូវ​បាន​បញ្ឆោត​ដោយ​វិវរណៈ​ក្លែង​ក្លាយ ។ ឧទាហរណ៍ ស្ត្រី​ម្នាក់​ឈ្មោះ អ្នក​ស្រី ហឹបបិល បាន​អះអាង​ថា​ជា​ព្យាការីស្រី ហើយ​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ ។ ដោយ​បារម្ភ​អំពី​ឥទ្ធិពល​ដែល​កើត​មាននៅក្នុង​ចំណោម​ពួកបរិសុទ្ធ​នៅទីក្រុង​ខឺតឡង់ នោះ​យ៉ូសែប​បាន​ទូល​សួរ​ដល់ព្រះអម្ចាស់​អំពី​អ្វី​ដែល​គួរ​តែ​ធ្វើ ។ ជាការ​ឆ្លើយ​តប លោក​បាន​ទទួល​វិវរណៈ​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣ ។ នៅ​ក្នុង​វិវរណៈ​នោះ ព្រះអម្ចាស់ បាន​ណែនាំ​ដល់ពួកបរិសុទ្ធ​អំពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ដើម្បី​ចៀស​វាង​ពី​ការ​បោកបញ្ឆោត ។ វិវរណៈ នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៤ ក៏​ត្រូវ​បាន​ទទួល​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ១៨៣១ ផងដែរ ដែល​ផ្ដល់​នូវការ​ណែនាំ​ដល់​ពួកបព្វជិតភាព​ឲ្យ​ផ្សាយ​ដំណឹងល្អ ហើយ​បម្រើ​ដល់​មនុស្ស​ទាល់ក្រ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:១-៧

ព្រះអម្ចាស់​ប្រកាស​ថា វិវរណៈ និង ព្រះបញ្ញត្តិ​ទាំងឡាយ គឺ​មាន​តាម​តែ​រយៈ​ព្យាការី​ដែល​ត្រូវ​បាន​តែងតាំង​របស់​ទ្រង់​ប៉ុណ្ណោះ

សូម​ជ្រើសរើស​ទំនុក​តម្កើង​ពីរ​សម្រាប់​ឲ្យ​សិស្សច្រៀង ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពីការ​លំបាក​ក្នុង​ការ​ធ្វើតាម​អ្នកដឹកនាំ​ពីរ​នាក់​ផ្សេងគ្នា​ក្នុង​ពេល​តែមួយ សូម​សួរ​ដល់​សិស្ស​ពីរនាក់​ឲ្យ​ឈរ​នៅ​ខាង​មុខ ហើយ​នាំ​សិស្ស​ឲ្យ​ច្រៀង​ទំនុក​តម្កើង​ពីរ​ក្នុង​ពេល​តែ​មួយ ។ បន្ទាប់ពី​ច្រៀង​បាន​ពីរបី​ជួរ​ចេញពី ទំនុក​តម្កើង​ទាំងពីរ​នោះ​ហើយ សូម​ឈប់​ច្រៀង ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ហេតុអ្វី​បានជា​វា​លំបាក​ដើម្បី​ធ្វើ​តាម​អ្នកដឹកនាំ ឬ​ច្រៀង​ចម្រៀង​ពីរ​ផ្សេងគ្នា​ក្នុង​ពេល​តែ​មួយ​ដូច្នេះ ?

សូម​ពន្យល់​ថា នៅ​ខែ​កុម្ភៈ ឆ្នាំ ១៨៣១ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ហឹបបិល បាន​មកក្នុង​ចំណោម​ពួកបរិសុទ្ធ​នៅ​ខឺតឡង់ រដ្ឋ អូហៃអូ ។ នាង​បាន​អះអាង​ថា នាង​គឺ​ជា​ព្យាការីស្រីម្នាក់ ដែល​នាង​បាន​ទទួលវិវរណៈ​សម្រាប់​សាសនាចក្រ នាង​បាន​ដឹង​ថា ព្រះគម្ពីរ​មរមន​ពិត ហើយ​ថា​នាង​គួ​រតែ​ក្លាយ​ជា​គ្រូបង្រៀនម្នាក់​នៅក្នុង​សាសនាចក្រ ។ នាង​អាច​បោក​បញ្ឆោត​ដល់ពួកបរិសុទ្ធ​មួយចំនួន ។ យ៉ូសែប ស៊្មីធ និង​អ្នកដទៃទៀត បាន​បារម្ភ​អំពី​ឥទ្ធិពល​របស់នាង និង​អំពី​វិវរណៈ​ក្លែង​ក្លាយ​ផ្សេងទៀត នៅក្នុង​ចំណោម​ពួកបរិសុទ្ធ ។ ព្យាការី បាន​សម្រេច​ចិត្ត​ទូល​សួរ​ដល់ព្រះអម្ចាស់​អំពី​អ្វី​ដែល​ត្រូ​វ​ធ្វើ ហើយ​លោក​បាន​ទទួល​វិវរណៈ ។ យ៉ូហាន វិតមើរ ដែល​បាន​មក​ដល់​ទីក្រុង​ក្នុង​ពេល​ថ្មីៗ​ផងដែរ​នោះ បាន​សរសេរ​ថា « ព្រះអម្ចាស់​បានប្រទានវិវរណៈ [ នេះ ] ថា​ពួកបរិសុទ្ធ​មិន​អាច​ត្រូវ​បាន​បោកបញ្ឆោត​ឡើយ » (Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨–ខែ​មិថុនា ឆ្នាំ ១៨៣១វ៉ុល​ទី ១ of the Documents series ofThe Joseph Smith Papers[ ឆ្នាំ ២០១៣ ],ទំព័រ ២៥៧ ) ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់​វេន​គ្នា​អាន​ឮៗ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:១-៥។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ពន្យល់​របស់​ព្រះអម្ចាស់ អំពី​នរណា​ដែល​អាច​ទទួល​វិវរណៈសម្រាប់​សាសនាចក្រ​ទាំង​មូល ។

  • តើ​នរណា​ត្រូវ​បាន​តែងតាំង​នៅ​គ្រា​នោះ​ដើម្បី​ទទួល​បទបញ្ញត្តិ និងវិវរណៈ​សម្រាប់​សាសនាចក្រ​ទាំង​មូល ? ( យ៉ូសែប ស្ម៊ីធ ) ។ តើ​នរណា​ត្រូវ​បាន​តែងតាំង​តំណែង​នោះ​នា​សព្វថ្ងៃ​នេះ ? ( ប្រធាន​នៃ​សាសនាចក្រ ) ។

  • តើ​យើង​អាច​រៀនអ្វីខ្លះមក​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្ដែ​ពួកគេ​គួរ​តែ​ប្រាប់​អំពី គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ មាន​តែ​ប្រធាន​នៃ​សាសនាចក្រ​ប៉ុណ្ណោះ ដែល​អាច​ទទួលវិវរណៈ​សម្រាប់​សាសនា​ចក្រ​ទាំងមូល ។ អ្នក​អាច​នឹង​ចង់​ផ្ដល់​យោបល់​ថា សិស្ស​គួរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ខ ៣-៤ ។ ដើម្បី​គូសបញ្ជាក់អំពី​សារៈសំខាន់​នៃ​គោលលទ្ធិនេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៤-៦,២៨:២-៧ ) ។

សូម​ចង្អុល​បង្ហាញ​ថា ដូចជា​អ្នក​ស្រី ហឹបបិល និង​អ្នក​ផ្សេងទៀត​នៅក្នុង​សាសនាចក្រ​ជំនាន់​មុន មនុស្ស​មួយចំនួន​នៅក្នុង​ជំនាន់​របស់​យើង​ក៏​ព្យាយាម​ដើម្បី​បញ្ចុះ​បញ្ចូល​អ្នកដទៃ​ឲ្យ​ធ្វើ​តាម​ពួកគេ ហើយ​ទទួល​យក​ការ​បង្រៀន​របស់ពួកគេ​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:៦-៧ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ពិពណ៌នា​អំពីគំរូ ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​បាន​ការ​ពារ​យើង​ពី​ការ​បោក​បញ្ឆោត​ដោយ​ពួក​អ្នកទាំងឡាយ​ដែល​ពុំ​មានសិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:៨-១៦

ពួក​អែលឌើរ ត្រូវ​បាន​បញ្ជា​ឲ្យ​ណែនាំ និង​ស្អាង​ដល់គ្នា​ទៅវិញ​ទៅមក ហើយ​ក្លាយ​ជា​បរិសុទ្ធ

សូម​ឲ្យ​សិស្ស​រៀបរាប់​នៅលើ​ក្ដារខៀន​អំពី​ការ​ប្រជុំ​មួយ​ចំនួន​ដែល​ពួកគេ​បាន​ចូលរួម​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ។ បន្ទាប់មក អញ្ជើញ​សិស្ស​ឲ្យ​បំបែក​ជា​គូៗ ហើយពិភាក្សា​អំពី​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​គោលបំណង​មួយ​ចំនួន​នៃ​ការ​ប្រជុំ​ទាំង​នេះ គឺ​ជា​អ្វី ?

បន្ទាប់​ពី​សិស្ស​បាន​ពិភាក្សា​អំពី​សំណួរ​ទាំងនេះ អ្នកអាច​នឹង​ចង់សុំ​ពួក​គេ​មួយចំនួន​ឲ្យ​ចែកចាយ​នូវ​ចម្លើយ​របស់ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។ បន្ទាប់​មកសុំ​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:៨ ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ប្រាប់​នូវ​អ្វី​ដែល​ខគម្ពីរ​នេះ បង្រៀន​អំពី​គោលបំណង​នៃ​ការ​ប្រជុំក្នុង​សាសនាចក្រ ។

  • តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​ពួក​អែលឌើរ​នៃ​សាសនាចក្រឲ្យ​ធ្វើ​អ្វីខ្លះ នៅពេល​ពួកគេ​ប្រ​ជុំ​គ្នា ? តើ​ការស្អាង​គ្នា​ទៅវិញទៅមកមានន័យដូចម្ដេច ? ( ដើម្បី​ស្ថាបនា​គ្នាទៅវិញ​ទៅមក ហើយពង្រឹង​ដល់គ្នាទៅវិញ​ទៅមក ) ។

  • ស្របតាម ខ ៨ តើ​យើង​នឹង​រៀន​អ្វី​ខ្លះ នៅពេល​យើង​ណែនាំ និង​ស្អាង​គ្នាទៅវិញ​ទៅមក​នោះ ? ( ចម្លើយ​របស់សិស្ស​អាច​មាន​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​តែ​បង្ហាញ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ នៅ​ពេល​យើង​ប្រជុំគ្នា យើង​ត្រូវ​ណែនាំ ហើយ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​យើង​អាច​រៀន​អំពី​របៀប​ប្រព្រឹត្ត និង ដឹកនាំ​សាសនាចក្រ ) ។

ចូរ​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:៩, ១១ ដោយស្ងាត់ស្ងៀម ហើយ​ប្រាប់​ពី​អ្វី​ដែលយើង​ត្រូវ​ធ្វើ បន្ទាប់ពី​យើង​រៀន​អំពី​របៀប​ប្រព្រឹត្ត ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ បន្ទាប់ពី​យើង​ត្រូវ​បាន​ណែនាំ​នៅក្នុង​ការ​ប្រជុំ​ក្នុង​សាសនាចក្រ​របស់យើង ? ( សិស្ស​គួរ​តែ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ យើង​ត្រូវ​មាន​កាតព្វកិច្ច​ធ្វើ​តាម​ចំណេះ​ដឹង​ដែល​យើង​បាន​ទទួល​នោះ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​គូសចំណាំ​សេចក្ដីពិត​នេះ​នៅក្នុង ខ ៩) ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​យើង​ត្រូវ​បាន​ប្រទានពរ​យ៉ាង​ដូចម្ដេច នៅពេល​យើង​ទទួល​ចំណេះ​ដឹង ហើយ​ប្រព្រឹត្ត​តាម​នោះ ? ( នៅពេល​សិស្ស​ពិភាក្សា​អំពី​សំណួរ​នេះ សូម​ប្រាកដ​ថា​គូសបញ្ជាក់​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ យើង​ប្រែក្លាយជា​បរិសុទ្ធ នៅពេល​យើង​ប្រព្រឹត្ត​តាម​សេចក្ដីពិត ដែល​យើង​រៀន ។ យើង​ក៏អាច​នឹង​ចង់​ពន្យល់​ថា ដើម្បី​បាន​ញែក​ជា​បរិសុទ្ធ គឺ​ត្រូវ​បានធ្វើ​ឲ្យ​បរិសុទ្ធ ស្អាត​ពី​អំពើ​បាប ) ។

សូម​គូស ឌីយ៉ាក្រាមដែល​អម​ជាមួយ​ខាងក្រោម​នេះ​នៅ​លើ​ក្ដារខៀន ។

រូបភាព
ប្រព្រឹត្ត​តាម​ចំណេះដឹង
  • តើ​អ្នក​គិត​ថា « ត្រូវ​មាន[ កាតព្វកិច្ច ] ធ្វើ​តាម » មានន័យ​យ៉ាង​ណា ?

  • តើ​ចំណេះ​ដឹង​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ការ​ប្រជុំ​នៃ​សាសនាចក្រ ជួយ​យើង​​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​គិត​អំពី​ពរជ័យ​ទាំងឡាយ​ដែលពួកគេ​បាន​ទទួល នៅពេល​ពួកគេ​បាន​ធ្វើ​តាម​អ្វី​ដែលពួកគេ​បាន​រៀននៅក្នុង​ការ​ប្រជុំ​សាសនាចក្រ ។ សូម​ឲ្យ​សិស្ស​ពីរបីនាក់​ចែកចាយ​នូវ​បទពិសោធន៍​ទាំងនេះ ហើយ​ពន្យល់​អំពី​របៀប​ដែលពួកគេ​ត្រូវ​បាន​ប្រទានពរ​ដើម្បី​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នោះ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:១២-១៤ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បានប្រាប់​ដល់ពួក​បរិសុទ្ធ​ថា បើ​ពួកគេ​ចង់​ទទួល​សេចក្ដីពិត​នៃ​ដំណឹងល្អ នោះ​ពួកគេ​ចាំបាច់​ត្រូវ​គាំទ្រ​ដល់ យ៉ូសែប ស៊្មីធ នៅក្នុង​ការ​ហៅ​របស់លោក ។

សូម​ពន្យល់​ថា ព្រះអម្ចាស់ បាន​បើក​សម្ដែង​សេចក្ដីពិត​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:១៥-១៦ ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​កំពុង​រៀបចំ​ខ្លួន​ចេញបម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ​ឲ្យ​ឮៗ ។

  • តើ​អ្នក​គិត​ថា ខគម្ពីរ​ទាំងនេះ អនុវត្ត​ចំពោះ​កិច្ចការ នៃ​អ្នក​ផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:១៧-៣៥

ពួក​អ្នក​បម្រើ​របស់​ព្រះ ត្រូវ​ផ្សាយ​អំពី​ការប្រែចិត្ត ក្នុង​ការប្រុងប្រៀប​ខ្លួន​សម្រាប់​ការយាង​មក​ជាលើកទីពីរ និង សហស្សវត្សរ៍

សូម​ឲ្យ​សិស្ស​រៀបរាប់អំពី​សកម្មភាព ឬ​ព្រឹត្តការណ៍​ទាំងឡាយ ដែល​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​ដោយ​ប្រុងប្រយ័ត្ន ។ សិស្ស​អាច​ចែកចាយ​នូវ​ឧទាហរណ៍​មួយ​ចំនួន ដូចជា​បេសកកម្ម​ពេញ​ម៉ោង ព្រឹត្តការណ៍​កីឡា ផលិតកម្ម​តន្ត្រី ការចាត់តាំង​ឲ្យ​បង្រៀន​នៅ​ព្រះវិហារ និង​ការ​ប្រឡង​នៅសាលា​រៀនជាដើម ។

  • តើអ្នក​គិត​ថា​មនុស្ស​នឹង​មាន​អារម្មណ៍​យ៉ាងណា បើ​ពួកគេ​ពុំ​បាន​រៀបចំ នៅពេលដល់ពេលវេលាត្រូវ​សម្ដែង​ក្នុង​សកម្មភាព​ដូច្នេះ​នោះ ?​

សូមអញ្ជើញ​សិស្សម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:១៧-១៨ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ព្រឹត្តការណ៍​មួយ ដែល​តម្រូវ​ឲ្យ​យើង​មានការ​រៀបចំ ។ ( « ថ្ងៃ​ដ៏​ធំនៃ​ព្រះ​អម្ចាស់ » ឬ​ជាពាក្យ​ម្យ៉ាង​ទៀត​ថា ការយាង​មក​ជា​លើក​ទីពីរ ) ។

សូម​បែងចែក​សិស្ស​ជា​គូ ។ សូម​ឲ្យ​ដៃ​គូ​និមួយៗ​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:១៧-២២​ជាមួយគ្នា រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ពួកអែលឌើរ​ឲ្យ​ធ្វើ ដើម្បីជួយ​មនុស្ស​រៀបចំ​ខ្លួន​សម្រាប់ការ​យាង​មក​ជា​លើក​ទីពីរ ។ នៅពេល​សិស្ស​បាន​អាន​ហើយ សូម​សួរសិស្ស​ក្នុង​ថ្នាក់​នូវ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ព្រះអម្ចាស់​ណែនាំ​ពួក​អែលឌើរ​ឲ្យ​បង្រៀន​អ្វីខ្លះ ? តើ​សេចក្ដីពិត​អ្វី​ខ្លះ ដែល​​យើង​អាច​រៀនមក​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​គួរ​តែ​បង្ហាញ​ថា​ដើម្បី​រៀបចំ​ខ្លួន​យើង​សម្រាប់ការ​យាងមក​ជា​លើក​ទីពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​ត្រូវ​តែ​ប្រែចិត្ត ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន) ។

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ប្រមូល​រាស្ត្រ​ទ្រង់​ដូចជា​មេមាន់​ប្រមូល​កូន​វា​នៅក្រោម​ស្លាបដូច្នោះ​ដែរ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​បាន​បដិសេធ​ប្រែចិត្ត ឬ​រៀបចំ​ខ្លួន​គេ​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ ( សូមមើល គ. និង ស. ៤៣:២៣-២៤ សូមមើល​ផងដែរ​គ. និង ស. ២៩:១-២ និងមេរៀន​ទី ៣៥ នៅក្នុង​សៀវភៅ​សិក្សា​នេះ ) ។

សូម​ដៃគូ​ទាំងឡាយ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:២៥-២៧ ជាមួយ​គ្នា រកមើល « សំឡេង » ផ្សេងៗ ដែលព្រះអម្ចាស់​បានប្រើ​ដើម្បី​ហៅ​រាស្ត្រ​ឲ្យមកទ្រង់ ។ បន្ទាប់ពីសិស្ស​បាន​បញ្ចប់ការ​អាន សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • តើ « សំឡេង » អ្វី​ដែល​អ្នក​ស្គាល់ ? ហេតុអ្វី​ក៏​សំឡេង​ខុសៗ​គ្នាទាំងនេះ ត្រូវការ​ជាចាំបាច់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​រឿង​ជាក់លាក់​ដែលពួកគេ​ចាំបាច់​ត្រូវ​ធ្វើ ដើម្បី​ប្រែចិត្ត ហើយ​រៀបចំខ្លួន​សម្រាប់ការ​យាងមក​ជា​លើក​ទីពីរ ។ រួច​អញ្ជើញសិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:២៨-៣១ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើលព្រឹត្តការណ៍​ធំៗ​ដែល​បានព្យាករ​នៅក្នុង​ខគម្ពីរទាំងនេះ ។

  • តើ​ព្រឹត្តការណ៍​ដ៏ធំ ដែលបាន​ព្យាករ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​គឺជា​អ្វី ? ( សហស្សវត្សរ៍ ) ។

  • តើ​មានអ្វីខ្លះ​នឹង​កើត​ឡើង​នៅក្នុង​អំឡុងពេលសហស្សវត្សរ៍ ? ( សិស្ស​គួរ​តែ​ប្រាប់​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ អំឡុង​ពេល​សហស្សវត្សរ៍ សាតាំង​នឹង​ត្រូវ​បាន​ចង ហើយ​ព្រះយេស៊ូវ​គ្រីស្ទ នឹង​សោយរាជ្យ​ជាមួយនឹង​រាស្ត្រ​ទ្រង់​នៅលើ​ផែនដី ។ អ្នក​ក៏អាច​ឲ្យ​យោបល់​សិស្សឲ្យ​គូសចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​បង្រៀន​សេចក្ដីពិត​នេះ នៅ ខ ២៨-៣១ ) ។ ដើម្បីជួយសិស្ស​ឲ្យយល់​កាន់តែ​ច្បាស់ អំពី​របៀប​ដែល​សាតាំង​នឹង​ត្រូវ​ចង សូម​ពិចារណា​ធ្វើការ​អញ្ជើញ​ពួកគេ​ឲ្យ​អាន នីហ្វៃទី១ ២២:២៦ ) ។

សូម​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដី​ថ្លែងការ​ណ៍​ដូច​ខាង​ក្រោម​ដោយ ប្រធាន ចច ឃ្យូ ខានុន នៃ​គណៈប្រធានទីមួយ ដែលពន្យល់​អំពី​របៀប​ដែល​សាតាំង​នឹង​ត្រូវ​ចង អំឡុងសហស្សវត្សរ៍​ថា ៖

រូបភាព
ប្រធាន ចច ឃ្យូ ឃែណុន

« យើង​និយាយ​អំពី​សាតាំង​ដែល​នឹង​ត្រូវ​ចង ។ សាតាំង​នឹង​ត្រូវ​ចង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ប៉ុន្តែ វា​ក៏​នឹង​ត្រូវបាន​ចង​ផងដែរ ដោយ​ការប្ដេជ្ញាចិត្ត​របស់​រាស្ត្រ​នៃ​ព្រះ មិន​ស្ដាប់​តាម​វា ដោយ​មិន​អនុញ្ញាត​ឲ្យ​វា​គ្រប់គ្រង​លើ​បាន » ( Gospel Truth: Discourses and Writings of President George Q. Cannon ជ្រើសរើសដោយ Jerreld L. Newquist វ៉ុល ២ [ ឆ្នាំ ១៩៥៧–៧៤ ] ១:៨៦ ) ។

  • តើ​យើង​អាច​ត្រូវ​បាន​រៀបចំ​ខ្លួន​នាពេល​ឥឡូវ​នេះ ដើម្បី​ត្រូវ​បាន​រាប់​នៅក្នុង​ចំណោម​មនុស្ស​សុចរិត ពេល​ព្រះអង្គសង្គ្រោះ​យាងមក​ម្ដងទៀត​ដោយរបៀប​ណា ? ( នៅពេល​សិស្ស​ឆ្លើយ​តប​ចំពោះ​សំណួរ​នេះ អ្នកអាច​នឹង​ចង់​រំឭក ហើយ​ធ្វើទីបន្ទាល់អំពី​សេចក្ដីពិត ដែលបាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៤

ព្រះអម្ចាស់ បញ្ជា​ពួក​អ្នក​បម្រើ​ទ្រង់​ឲ្យ​ជួបជុំ​គ្នា

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៤:១-៦ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បានដឹកនាំ​ពួកអែលឌើរ​ឲ្យជួបជុំ​គ្នា​សម្រាប់​សន្និសីទ​មួយ ។ ព្រះអម្ចាស់បាន​សន្យា​នឹង​ពួកអែលឌើរ​ថា បើ​ពួកគេ​នឹង​នៅស្មោះត្រង់ ហើយ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ នោះ​ទ្រង់​នឹង​ចាក់​ស្រោច​ព្រះវិញ្ញាណ​របស់ទ្រង់​មក​លើ​ពួកគេ ហើយ​ប្រទានពរ​ដល់ពួកគេ ដើម្បី​កុំ​ឲ្យ​មារសត្រូវ​របស់ពួកគេ មាន​អំណាច​លើ​ពួកគេ​ឡើយ ។ ព្រះអម្ចាស់​បានដឹកនាំ​ពួកគេ​ឲ្យផ្សាយ ពីការ​ប្រែចិត្ត បម្រើ​ដើម្បី​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ទ័លក្រ ហើយ​រៀប​ចំ​ខ្លួន​គេ​ស្របតាម​ច្បាប់​នៃ​ដែន​ដី ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៣:៦-៧។ « អ្នក​ដែល​យើង​តែងតាំង »

ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​ធ្វើ​តាម​ការ​ប្រឹក្សា​របស់​ប្រធាន​នៃ​សាសនាចក្រ ហើយ​ពុំ​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ចេញ​ឆ្ងាយ ដោយពួក​អ្នកបោក​បញ្ឆោតថា ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ‹ យើងប្រាប់​អ្នកថា ការណ៍​នេះ​មិន​បាន​អនុញ្ញាត​ដល់​អ្នក​ណា​មួយ ដើម្បី​ឲ្យ​ចេញ​ទៅ​ផ្សាយដំណឹងល្អ​របស់​យើង ឬ​ដើម្បី​ឲ្យ​ស្ថាបនា​សាសនាចក្រ​របស់​យើង​ឡើង​ឡើយ លើកលែង​តែ​អ្នក​នោះ​បាន​តែងតាំង​ឡើង ដោយ​នរណា​ម្នាក់​ដែល​មាន​សិទ្ធិអំណាច ហើយ​បាន​តែងតាំង​ដោយ​ត្រឹមត្រូវ​ដោយ​ពួក​អ្នកដឹកនាំ​នៃ​សាសនាចក្រ › ។ ( គ. និង ស. ៤២:១១ ) ។

« មាន​មនុស្ស​មួយចំនួន​នៅក្នុង​ចំណោម​ពួក​យើង​ឥឡូវ​នេះ ពុំត្រូវ​បាន​តែងតាំង​ត្រឹមត្រូវ​ដោយ​អ្នកដឹកនាំ​នៃ​សាសនាចក្រ ដែលប្រាប់​ពី​ភាព​ចលាចល​ខាង​នយោបាយ និង​ខាង​សេដ្ឋកិច្ច​ដែល​នឹង​កើត​មាន ទៅដល់​ចុង​នៃ​ផែនដី ។​

« ពួក​អ្នក​បោកបញ្ឆោត​ទាំង​ឡាយ​និយាយថា អ្នកដឹកនាំ​ពុំ​ដឹង​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នៅក្នុងពិភពលោក ឬ​ថា អ្នកដឹកនាំ​អនុញ្ញាត​ឲ្យ​ពួកគេ​បង្រៀន ប៉ុន្តែ​ពុំ​ចង់​និយាយ​ចេញ​ពី​វេទិកាឡើយ ។ គ្មាន​មួយណា​ពិតទេ ។ អ្នកដឹកនាំ តាមរយៈ​ការ​ធ្វើ​ដំណើរ​ដោយខ្ជាប់​ខ្ជួន​ទៅកាន់​គ្រប់ទីកន្លែង​នៅលើ​ផែនដី បាន​ដឹង​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​កំពុង​កើតឡើង ហើយ​ដោយសារ​តែ គុណធម៌នៃ​ការយល់ដឹង​ដោយការ​ព្យាករណ៍ នោះពួក​លោក​អាច​អាន​យល់​នូវ​ទីសម្គាល់​ទាំងឡាយ​នៃ​ជំនាន់ទាំងឡាយ ។

« សូម​កុំ​ឲ្យ​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​ពួកគេឡើយ--ជាពួក​អ្នកបោក​បញ្ឆោត​ទាំង​ឡាយ​នោះ ។ បើ​មាន​ការ​ជួបជុំ​គ្នា​ណាមួយ​នោះ វា​នឹង​ត្រូវ​បាន​ប្រកាស​ដោយ​អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​តែងតាំង​ត្រឹមត្រូវ ហើយ​ដែល​ត្រូវ​បាន​សាសនាចក្រ​ទាំង​មូល​ទទួល​ស្គាល់ថា​មានសិទ្ធិអំណាច ។

« សូម​ចៀស​ចេញ​ពីទីសម្គាល់​ផ្សេងៗ​ទៀត ។ សូម​ធ្វើ​តាម​អ្នកដឹកនាំ​របស់​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ត្រឹមត្រូវ ហើយ​មានការ​គាំទ្រ​ជា​សាធារណៈ នោះ​អ្នក​នឹង​មិនត្រូវ​បាន​ដឹកនាំ​ឲ្យ​វង្វេង​នោះទេ » ( « To Be Learned Is Good If … »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩២, ទំព័រ ៧៣ ) ។ ( សូមមើល​ផងដែរDoctrine and Covenants Student Manual, បានបោះពុម្ពជា​លើក​ទីពីរ [Church Educational System manual, 2001], ទំព័រ ៨៧ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:៧។ « ត្រូវ​មក​តាម​ទ្វារ »

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « អ្នក​ណា​ដែល​ត្រូវ​បាន​តែងតាំង​… នោះ​នឹង​ត្រូវ​មក​តាម​ទ្វារ » (គ. និង ស. ៤៣:៧) ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​អំពី​សេចក្តី​ប្រកាស​នេះ​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ព្រះអម្ចាស់ នឹង​ឲ្យ​យើង​ដឹង​ថា ទ្រង់​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​មាន​របៀប​រៀបរយ ហើយ​នៅពេល​ណា​ដែល​ទ្រង់​ហៅ​មនុស្ស​ម្នាក់​ឲ្យដឹកនាំ​សាសនាចក្រ មនុស្ស​នោះ​នឹង​មក​តាម​ទ្វារ ហើយ​ត្រូវ​បាន​តែងតាំង​ដោយ​អ្នកទាំងឡាយ​ដែល​កាន់​សិទ្ធិអំណាច ។ វា​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូច្នេះ ចាប់តាំង​ពី​ដំបូង​មក​ម្ល៉េះ ហើយ​នឹង​បន្ត​យ៉ាង​ដូច្នេះ​ដរាប​ដល់​ទីបំផុត » ( Church History and Modern Revelation វ៉ុល ២ [ ឆ្នាំ ១៩៥៣ ] ១:១៣៨ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:២២-៣១ ។ ការ​យាងមក​ជា​លើក​ទីពីរ សហស្សវត្សរ៍ និង « មួយរដូវ​ដ៏ខ្លី »

ព្រះអម្ចាស់ បាន​មានបន្ទូល​ថា នៅ​ចុង​សហស្សវត្សរ៍ សាតាំង​នឹង « ត្រូវ​បាន​ស្រាយម្ដង​ទៀត » ប៉ុន្តែ « នឹង​សោយ​រាជ្យ​តែ​មួយ​រដូវ​ខ្លី​ប៉ុណ្ណោះ » (គ. និង ស. ៤៣:៣១ ) ។ ឌីយ៉ាក្រាម​ដូច​ខាងក្រោមគឺជា​ការ​រៀបចំដើម្បីជួយ​ឲ្យ​មើល​ឃើញកន្លែង​ថា « មួយរដូវ​ខ្លី » នៅក្នុង​បរិបទ​នេះ ។​

រូបភាព
ឌីយ៉ាក្រាម ១០០០ ឆ្នាំ