ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៤៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦


មេរៀន​ទី ៥៤

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦

បុព្វកថា

នៅ​ខែ​មិនា ឆ្នាំ ១៨៣១ ជិត​រយៈពេល​មួយឆ្នាំ បន្ទាប់ពី​ការ​រៀបចំ​សាសនាចក្រ​ឡើង នោះ​ព្រះអម្ចាស់​បាន​រំឭក​ពួកបរិសុទ្ធ​ថា ការ​ប្រជុំ​ក្នុង​សាសនាចក្រ គឺ​ត្រូវ​ដឹកនាំ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ។ នៅក្នុង​វិវរណៈ​ដដែល​នេះ ទ្រង់​បាន​គូសបញ្ជាក់​ថា មនុស្ស​ដែលមិន​មែន​ជា​សមាជិក​នៃ​សាសនាចក្រ ពុំ​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រជុំ​ជា​សាធារណៈ​នោះ​ឡើយ ។ បន្ថែម​ពីលើ​ការ​កែតម្រូវ​ចំពោះ​ការ​អនុវត្ត​ដែល​ពុំ​រាប់បញ្ចូល​នូវ​អ្នក​ឥត​​ជឿ​នៅក្នុង​ការ​ប្រជុំ នោះ​ព្រះអម្ចាស់​បាន​បង្រៀនអំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១-៦

ព្រះអម្ចាស់ បង្រៀន​ដល់ពួកបរិសុទ្ធ​អំពី​ការ​ប្រជុំ​ក្នុង​សាសនាចក្រ​របស់ពួកគេ

សូម​ឲ្យ​សិស្ស​នឹក​ស្រម៉ៃ​ថា ពួកគេ​កំពុង​ដឹកនាំ​ផែនការ​នៃការ​ប្រជុំ​សាក្រាម៉ង់ ។

  • តើ​អ្នក​ដឹង​ថា អ្នក​​ត្រូវ​រាប់បញ្ចូល​អ្វីខ្លះនៅក្នុងការប្រជុំ​តាមរបៀប​ណា ? តើ​អ្នកនឹង​ជ្រើសរើស​តន្ត្រី ហើយ​សម្រេច​ចិត្ត​ថា​នរណា​នឹង​ឡើងនិយាយ​ដោយរបៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:១-២ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរក​មើល​ការណែនាំ​ដែលព្រះអម្ចាស់​បានប្រទានឲ្យ អំពីរបៀប​ដែល​ការ​ប្រជុំ​សាសនាចក្រ​គួរ​ត្រូវ​បាន​ដឹកនាំ ។ អ្នកអាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា ទំនួលខុសត្រូវ​ដើម្បីដឹកនាំ​ការ​ប្រជុំ រួម​មានទាំង​ទំនួលខុសត្រូវ​ក្នុងការ​រៀបចំ​សម្រាប់​ការប្រជុំ​ទាំងនោះ​ផងដែរ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ចម្លើយ​របស់ពួកគេ​អាច​នឹង​មាន​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​តែ​បង្ហាញ​ពី​គោលការណ៍​ដូចខាង​ក្រោម ៖អ្នកដឹកនាំ​សាសនាចក្រ គឺ​ត្រូវ​បាន​ដឹកនាំ​ដោយព្រះវិញ្ញាណបរិសុទ្ធ នៅពេល​ពួកគាត់​ដឹកនាំ​ការប្រជុំ ។

  • តើ​នៅពេល​ណា ដែល​អ្នក​មានអារម្មណ៍​ដឹង​ថា ពួកអ្នកដឹកនាំ​ត្រូវ​បាន​ដឹកនាំ​ដោយព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​ការ​ប្រជុំ​មួយនោះ ?

  • តើ​សមាជិកសាសនាចក្រ​អាច​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពលពី​ព្រះវិញ្ញាណ​នៅក្នុងការ​ប្រជុំ​សាសនាចក្រ​ដោយរបៀបណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់ពួកគេ អំពី​របៀប​មួយ ដែលពួកគេ​នឹង​កែលម្អ​នូវការ​ចូលរួម​របស់ពួកគេ​នៅក្នុង​ការ​ប្រជុំ​សាសនាចក្រទាំងឡាយ ។

សូម​សរសេរឃ្លាខាង​ក្រោម​នៅ​លើ​ក្តារខៀនសូម​ស្វាគមន៍​ភ្ញៀវ​ទស្សនា ។ សូម​ឲ្យ​សិស្ស​ប្រាប់ពី​ទីកន្លែង​ដែលពួកគេ​ធ្លាប់​បាន​ឃើញ​ឃ្លានេះ​បាន​ដាក់​នៅកន្លែង​ណា​មួយ​ ។ សូម​សួរ​ពួកគេ​បើសិនជា​ពួកគេ​ធ្លាប់ឃើញ​វា​នៅ​ខាងក្រៅ​​សាលាប្រជុំ​សាសនាចក្រ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាននូវ​ការណែនាំ នៃ​ក្បាល​កណ្ឌ​សម្រាប់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាមនៅក្នុង​ព្រះគម្ពីរ​របស់ពួកគេ ហើយ​រកមើល​ថា​ពួកបរិសុទ្ធ​ជំនាន់​មុន​រូបណា ដែល​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ការ​ប្រជុំ​របស់ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ បន្ទាប់មក​សូម​ឲ្យពួកគេ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៣-៦ ដោយ​ស្ងាត់ស្ងៀម រកមើល​ឃ្លា​ដែល​បាន​កែតម្រូវ​ចំពោះ​ការ​អនុវត្ត​កាលពីដើម​នេះ ។

  • តើ​យើង​អាច​រៀនអ្វី​ខ្លះមកពី​ខគម្ពីរ​ទាំងនេះ អំពី​របៀប​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ? ( សិស្ស​គួរ​តែ​ប្រាប់​នូវ​គោលការណ៍​ដូចខាង​ក្រោម ៖ ព្រះអម្ចាស់ បាន​បញ្ជា​ឲ្យ​យើង​ស្វាគមន៍​មនុស្ស​ទាំងអស់​ចូល​រួម​ក្នុងការ​ប្រជុំ​ជា​សាធារណៈ​របស់​យើង ) ។

  • តើ​យើងអាច​ជួយ​អ្នកដទៃ​ឲ្យ​ដឹង​ថា ពួកគេបានទទួល​ស្វាគមន៍ក្នុងការចូល​មក​កាន់ការ​ប្រជុំ​សាសនាចក្រ​របស់​យើង​យ៉ាង​ដូចម្ដេច ?

ដើម្បីជួយសិស្ស​យល់​កាន់​តែ​ជ្រៅជ្រះ​អំពី​សេចក្ដីពិត​នេះ សូម​ចែកចាយ​នូវ​ឧទាហរណ៍​ដូច​ខាង​ក្រោម ៖

សមាជិក​វ័យ​ក្មេង​ម្នាក់​ក្នុង​សាសនាចក្រ បាន​ទៅ​ទស្សនា​វួដ​ថ្មីមួយ​ជាមួយ​នឹង​គ្រួសារ​របស់នាង​ជា​លើក​ដំបូង ។ បន្ទាប់ពី​ចប់ម៉ោង​សាក្រាម៉ង់ មាន​សមាជិក​ក្នុង​វួដ​ម្នាក់​បាន​មក​ស្វាគមន៍​គ្រួសារ​នោះ ហើយ​បង្ហាញ​ពួកគេ​ពីកន្លែង​ដែលត្រូវ​ទៅ​សាលា​ថ្ងៃ​អាទិត្យ ។ គាត់​បាន​នាំ​យុវនារី​ទៅកាន់​ថ្នាក់រៀន ហើយ​ណែនាំ​នាង​ដល់​គ្រូបង្រៀន ។ យុវជន និង យុវនារី ក្នុង​ថ្នាក់​បាន​ជួប​នឹង​ពួកគេបន្ដិច បន្ទាប់មក​ម្នាក់ៗ ​សួរសុខទុក្ខ​គ្នា​គេ ដោយ​ពុំខ្វល់​ពីនាង ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វាគមន៍​ដល់​អ្នកទាំងឡាយ​ដែល​មក​ចូលរួម​ក្នុងការ​ប្រជុំ​សាសនាចក្រ ក្នុងថ្នាក់រៀន ឬ​ក្នុង​សកម្មភាព​នានា ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៧-៣៣

ព្រះអម្ចាស់​បាន​ពន្យល់​អំពី​គោលបំណង​ចំពោះ​អំណោយទាន​នៃ​ព្រះវិញ្ញាណ

សូម​រំឭក​ដល់សិស្ស​ថា នៅ ខែ ​កុម្ភៈ ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បាន​ចូលរួម​នឹង​ពួកបរិសុទ្ធ នៅទីក្រុង​ខឺតឡង់ ( សូមមើល មេរៀន​ទី ៥០ នៅក្នុង​សៀវភៅ​សិក្សា​នេះ ) ។ នៅពេល​លោក​មក​ដល់ លោក​បាន​ឃើញ​ថា​សមាជិក​សាសនាចក្រ​ទាំងនេះ បាន​ទទួលយក​នូវការ​អនុវត្ត​ខុសឆ្គង​មួយចំនួន ។ ការ​អនុវត្ត​ខុសឆ្គង​មួយ គឺពុំ​រាប់បញ្ចូល​មនុស្ស​ផ្សេង​មកក្នុងការ​ប្រជុំ​សាសនាចក្រ ដូច​បាន​ពន្យល់​ពីដំបូង​នៅក្នុង​មេរៀននេះ ។ ការអនុវត្ត​ខុស​ឆ្គង​មួយទៀត គឺ​ថា សមាជិក​មួយចំនួន បាន​មាន​​​ឥរិយាបទ​ចម្លែកៗ ពេល​ពួកគេ​ចូលរួម​ក្នុង​ការ​ប្រជុំ​សាសនាចក្រ ។ ពួកគេ​បាន​ប្រកាស​ថា ទង្វើ​របស់ពួកគេ​គឺ​ត្រូវ​បាន​បំផុសគំនិត​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ។ សមាជិក​មួយចំនួន​ជឿ​លើ​ពួកគេ ហើយ​អ្នកផ្សេង​ទៀត​មានអារម្មណ៍​ថា ឥរិយាបទបែប​នោះ​គឺ​ពុំ​មែន​មក​ពី​ព្រះទេ ។ នៅក្នុង​វិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦ព្រះអម្ចាស់​បាន​បង្រៀនគោលការណ៍​ទាំងឡាយ ដែល​នឹង​ជួយ​ពួកបរិសុទ្ធឲ្យ​ចៀសវាង​ពី​ការ​បោក​បញ្ឆោត ហើយ​ដែល​នឹង​ជួយពួកគេ​ឲ្យយល់​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដ៏ពិត ។

  • តើ​ការត្រូវ​បានបញ្ឆោត​មានន័យ​ដូចម្តេច ? ( នាំ​ឲ្យយល់​ខុស ឬ​ប្រើ​​ឧបាយកល​ឲ្យជឿ​លើ​អ្វី​មួយដែល​ពុំ​ពិត ) ។ តើ​អ្នក​អាច​ប្រាប់អំពីគ្រាមួយ ដែលអ្នកត្រូវ​បាន​គេ​បោក​បញ្ឆោត​បាន​ឬទេ ?

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៧-៨ ដោយ​ស្ងាត់ស្ងៀម រកមើល​នូវអ្វី​ដែលព្រះអម្ចាស់​បាន​ទូន្មាន​ដល់​រាស្ត្រ​របស់ទ្រង់​ឲ្យ​ធ្វើ​ដូច្នោះ ដើម្បី​ពួកគេ​អាច​ចៀសវាង​ពី​ការ​ត្រូវ​បាន​គេ​បោក​បញ្ឆោត ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​នូវអ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ខទាំងនេះ​បង្រៀន​អ្វីខ្លះ អំពី​របៀប​ដើម្បី​ចៀសវាង​ពី​ការ​ត្រូវ​គេ​បោក​បញ្ឆោត ? ( សូមជួយ​ដល់សិស្ស​ឲ្យ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ វិធី​មួយដើម្បី​ចៀសវាង​ពី​ការត្រូវ​គេ​បោក​បញ្ឆោត គឺ​ត្រូវ​ធ្វើ​តាម​ការ​ដឹកនាំ​មកពី​ព្រះវិញ្ញាណ​នៅក្នុង​គ្រប់ភាព​បរិសុទ្ធ ) ។

  • ស្របតាម ខ ៨ តើ​យើង​គួរព្យាយាម​ស្វែងរក​អ្វី​ខ្លះ ? ( អំណោយទាន​ដ៏​ល្អបំផុត ) ។

សូម​សរសេរ​ឃ្លាខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត…

នៅពេល​សិស្ស​ចូលរួម​ក្នុង​សកម្មភាព​ដូចខាង​ក្រោម សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​ពរជ័យ​ដែល​នឹង​កើត​មាន នៅពេល​ពួកគេ​ស្វែងរក​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ អ្នកអាច​នឹង​ចង់​ពន្យល់​ថា អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ គឺ​ជា « ពរជ័យ ឬ​លទ្ធភាព​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះចេស្ដារ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះប្រទាន​ឲ្យ​នូវ​អំណោយទាន​យ៉ាង​ហោចណាស់​មួយ ទៅដល់​សមាជិក​ស្មោះត្រង់​នៃ​សាសនាចក្រ » (ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៦៥) ។

ពីមុន​ថ្នាក់រៀន សូមសរសេរ​លេខ ១៣ ទៅដល់ ២៥ និង ២៧ ហើយពង្រាយ នៅលើ​សន្លឹក​ក្រដាស ។ បន្ទាប់មក​កាត់​ក្រដាសជាចំណែកៗធ្វើ​ជា​​ក្រដាស​​ផ្គុំ​ចំនួន​ដប់បួន ដែលមានលេខសម្គាល់មួយ​​នៅលើ​ក្រដាស​ផ្គុំ​នីមួយៗ ។

ចែក​ក្រដាស​ផ្គុំ​នីមួយៗ​ឲ្យទៅដល់​សិស្ស ។ អាស្រ័យទៅ​លើ​ចំនួនសិស្ស អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ឲ្យ​ក្រដាស​ផ្គុំ​មួយ ទៅដល់​ក្រុម​តូច​មួយ ឬ​ឲ្យ​ច្រើន​ទៅ​ដល់​សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញ​​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ផ្គុំក្រដាស​នោះ ។

  • នៅក្នុង​រូប​ផ្គុំ​មួយ ហេតុអ្វី​ក៏​ចំរៀក​រូបផ្គុំនិមួយៗ​សំខាន់ ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៨-១២, ២៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​គោលបំណង​នៃ​អំណោយទាន​ដែលព្រះប្រទាន​ឲ្យ​យើង ។

  • តើ​អំណោយទាន​ខាង​វិញ្ញាណ ត្រូវ​បានប្រើ​សម្រាប់​អ្វី ? ( « សម្រាប់ជាប្រយោជន៍​ដល់កូនចៅ​របស់ព្រះ » ) ។

  • ស្រប​តាម ខ ៩ តើ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ឲ្យ​ដល់​នរណា ? ( ដល់​អ្នកទាំងឡាយ​ដែល​ស្រឡាញ់​ព្រះ ហើយ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ និង​ដល់​អ្នកទាំងឡាយ​ដែល « ព្យាយាម​ធ្វើ​ដូច្នោះ » ) ។

  • ស្របតាម ខ ១១ តើ​មានគ្នា​យើង​ប៉ុន្មាន​នាក់ ដែល​ត្រូវ​បាន​ប្រទាន​ឲ្យនូវ​អំណោយទាន​នៃ​ព្រះវិញ្ញាណ ?

  • ចេញ​មកពី​អ្វី​ដែលអ្នក​បាន​រៀន​នៅក្នុង​ខទាំងនេះ តើ​អ្នក​នឹង​បំពេញ​បញ្ចប់​ឃ្លា​នៅលើ​ក្ដារខៀន​យ៉ាងដូចម្ដេច ? ( ទោះ​ជាយ៉ាងណា សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងគ្នា តែចម្លើយ​របស់ពួកគេ​គួរ​តែ​បង្ហាញ​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត នោះព្រះ​នឹង​ប្រទាន​វា​មក​​យើង​សម្រាប់ជា​ប្រយោជន៍​ដល់​អ្នកដទៃ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​​សិស្ស​គូស​ចំណាំ​ឃ្លា​នៅក្នុង​គម្ពីរ​របស់ពួកគេ ដែល​បង្រៀន​ពីសេចក្ដីពិត​នេះ ) ។

សូម​នាំ​ចំណាប់អារម្មណ៍​របស់​សិស្ស​ផ្ដោត​ទៅ​លើ​ក្រដាសផ្គុំ ដែល​ពួកគេ​បាន​ផ្គុំ​នោះ ។ សូម​រំឭក​ពួកគេ​អំពី​សារៈសំខាន់​នៃ​ចំណែក​ក្នុង​រូបផ្គុំ​នោះ ។

  • ហេតុអ្វី​ក៏សមាជិកគ្រប់រូប​សំខាន់​នៅក្នុង​សាសនាចក្រ​របស់ព្រះអម្ចាស់ ? ( មនុស្ស​គ្រប់រូប មានអំណោយទាន​មួយ​ដែល​អាច​ជាប្រយោជន៍​ដល់អ្នកដទៃ ) ។

សូម​បំបែក​រូបផ្គុំ​ចេញពីគ្នា ហើយ​ផ្ដល់​ចំណែក​នោះត្រឡប់ទៅឲ្យ​សិស្ស​វិញ ។ សូម​ពន្យល់​ថា លេខ​សម្គាល់នៅលើ​ចំណែក​ក្រដាស​នោះ សំដៅ​ទៅលើ​ខគម្ពីរ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦ ហើយ​ថា​ខទាំង​នេះ​និមួយៗ មាន​នូវ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​មួយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន​ឮៗនូវ​ខ ដែល​ឆ្លើយឆ្លង​ទៅនឹង​លេខ​ដែល​ពួកគេ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នោះ ។

បន្ទាប់ពី​អាន​ខនិមួយៗ​ហើយ សូម​ឲ្យ​សិស្ស​ផ្ដល់​យោបល់​អំពី​ស្ថានភាព​មួយ ដែល​អំណោយទាន​នោះ​អាច​ផ្ដល់ជា​ប្រយោជន៍​ដល់​កូនចៅរបស់ព្រះ ។ សិស្ស​អាច​នឹង​មានការលំបាក​យល់​អំពី​អំណោយទាន​មួយចំនួន ។ ការពន្យល់​អំពី​អំណោយទាន​មួយចំនួន​ដូច​ខាង​ក្រោម អាចជួយ​អ្នក​ដល់​ការដឹកនាំក្នុងការ​ពិភាក្សា​របស់ពួកគេ ៖

អំណោយទាន​ដើម្បី​ដឹង​ពីភាពខុសគ្នា​នៃ​ការ​គ្រប់គ្រង គឺ​ជាញឹកញាប់​បង្ហាញ​ឲ្យឃើញមាន​​នៅក្នុងខ្លួន​​អ្នកដឹកនាំ ដែល​បានដឹង​​អំពី​របៀប​ដែល​អំណោយទាន​របស់អ្នកដទៃ អាច​នឹង​ជាប្រយោជន៍​នៅក្នុង​តំណែង​នៃ​ការ​ធ្វើការ​បម្រើ​ផ្សេងៗ ។

អំណោយទាន​ដើម្បី​ដឹង​ពី​ភាព​ផ្សេងគ្នា​នៃ​ប្រតិបត្តិការ គឺ​មានបង្ហាញ​នៅក្នុងស​មត្ថភាព​របស់មនុស្ស​ម្នាក់ ដើម្បី​មើល​ឃើញ​ពីភាព​ខុសគ្នា​រវាង​អំណោយទានពិត​ប្រាកដ ឬ​ជាការ​ធ្វើការ​របស់ព្រះវិញ្ញាណបរិសុទ្ធ និង​ដឹង​រវាង​វិញ្ញាណ​ខុសឆ្គង គោលលទ្ធិ ឬ​បទបញ្ញត្តិ​ទាំងឡាយ ។

អំណោយទាន​នៃ​ពាក្យសម្ដី​នៃ​ប្រាជ្ញាវាងវៃ ពុំ​សំដៅ​ទៅលើ​បទបញ្ញត្តិ​ដែល​ត្រូវ​បាន​ស្គាល់ថា​ជា​ពាក្យ​សម្ដី​នៃ​ប្រាជ្ញាវាង​វៃទេ ។ តែ​វា​សំដៅទៅលើ​ពរជ័យ​នៃ​ប្រាជ្ញា ដែល​កើត​មាន​ចំពោះ​អ្នកទាំងឡាយ​ដែល « សូមដ​ល់​ព្រះ ដែលទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដោយសទ្ធា » ( យ៉ាកុប ១:៥ ) ។

អំណោយទាន​នៃ​ការ​ញែក​ដឹង​ខាងវិញ្ញាណ អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​ស្គាល់ ឬ​យល់​អំពី​បំណង​ពិត និង​ការលើក​ទឹកចិត្ត​ដែល​កប់លាក់​ទុក​របស់អ្នកដទៃ ។ អំណោយទាន​នេះ ជួយ​មនុស្ស​ម្នាក់​ឲ្យ​ឃើញ​ពី​សេចក្ដីអាក្រក់​ដែល​កប់លាក់ទុក ហើយ​ឲ្យ​មើល​ឃើញ​ពី​សេចក្ដីល្អ​នៅក្នុង​ខ្លួន​អ្នកដទៃ ។

អំណោយទាន​ខាង​ភាសា និង​អំណោយទាន​នៃ​ការ​បកប្រែ​ភាសា គឺ​ជាទូទៅ​បង្ហាញ​ឲ្យឃើញ​មាននៅក្នុង​ខ្លួន​អ្នក​ផ្សព្វផ្សាយសាសនា ដែល​អាច​រៀន ហើយ​យល់​ភាសា​បាន​យ៉ាង​ឆាប់ ។ អំណោយទាន​ទាំងនេះ ក៏អាច​ត្រូវ​បាន​រីករាយ​ដោយមនុស្ស​ដែល​ត្រូវការ​យកឈ្នះ​លើ​ឧបសគ្គ​ខាង​ភាសា ដើម្បី​រៀន និង​បង្រៀនដំណឹងល្អ​ផងដែរ ។

  • ហេតុអ្វី​ក៏​យើងត្រូវ​ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ ? តើ​អ្នកគិត​ថា យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ស្វែងរក​វា​បាន ? ( វា​អាច​នឹង​ជា​ប្រយោជន៍​ដើម្បី​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់ អាច​បើក​សម្ដែង​អំណោយទាន​ខាង​វិញ្ញាណ​តាមរយៈពរជ័យ​អយ្យកោ ឬ​ការ​ប្រសិទ្ធពរ​បព្វជិតភាព​ផ្សេងៗ​ទៀត ។

  • តើ​អ្នក​ធ្លាប់បាន​ឃើញ​នរណា​ម្នាក់​ទទួលអំណោយទាន​ខាង​វិញ្ញាណ​មួយ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នកដទៃ នៅពេលណា ?

សូម​ឲ្យ​សិស្សស្វែងរក​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៣០-៣៣ ដោយ​ខ្លួន​ឯងហើយ​ប្រាប់​នូវ​ចំនុច​បួន​យ៉ាង ដែល​យើង​ត្រូវ​ធ្វើ នៅពេល​យើង​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ របស់​យើង ។ ( ចម្លើយ​អាច​នឹង​មានដូចជា យើង​គួរ​តែ​សូមដើម្បី​ស្គាល់ពីព្រះហឬទ័យ​របស់ព្រះ ធ្វើកិច្ចការ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ថ្លែង​អំណរគុណ​ចំពោះ​ពរជ័យទាំងឡាយ​ដែល​យើង​ទទួល ហើយ​អនុវត្ត​គុណធម៌ និង​ភាពបរិសុទ្ធ ) ។

សូម​បង្ហាញ​នូវ​ការ​ដឹងគុណ​ចំពោះ​អំណោយទាន​នានា​ខាង​វិញ្ញាណ និង​ដឹងគុណចំពោះ​ឥទ្ធិពល​នៃ​អំណោយ​ទាន​ទាំងនោះ​នៅក្នុងជីវិត​របស់អ្នក ។ សូម​ផ្ដល់​ឱកាស​ដល់សិស្ស​ឲ្យ​ធ្វើ​ដូចគ្នា ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​បំណង​ប្រាថ្នា​របស់ព្រះអម្ចាស់ចង់​ឲ្យ​មនុស្ស​ទាំងអស់​ដឹង​ថា ពួកគេ​ត្រូវ​បាន​ស្វាគមន៍ និងសំខាន់ នៅក្នុង​សាសនាចក្រ​របស់ទ្រង់ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៤។ ស្វាគមន៍​មនុស្សគ្រប់គ្នា​ឲ្យមក​ការប្រជុំ​សាសនាចក្រ

អែលឌើរ អិល ថម ភែរី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ អិល ថម ភែរី

« សហគមន៍​នៃ​ពួកបរិសុទ្ធ​របស់​យើង គឺ​ត្រូវ​រាប់បញ្ចូល​មនុស្ស​ទាំងអស់ ហើយ​មិនត្រូវ​បដិសេធ​នរណា​ម្នាក់ឡើយ ស្ថាបនា​គ្រឹះ​នៃ​ពួកសាវក និងពួកព្យាការី ដែលមាន​ព្រះយេស៊ូវគ្រីស្ទ​ផ្ទាល់ ជា​ថ្មជ្រុង​យ៉ាងឯក ។ វា​ត្រូវ​បាន​បើក​ចំហរ​សម្រាប់​យើង ដែល​ស្រឡាញ់ មាន​អំណរគុណ និង​មាន​មេត្តាករុណា​ចំពោះកូនចៅ​របស់ព្រះវរបិតាសួគ៌​របស់​យើង » (Building a Community of Saints, » Ensign ខែ ឧសភា ឆ្នាំ ២០០១, ទំព័រ ៣៧ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:១១-១២ ។ « មនុស្សគ្រប់​រូប​ត្រូវ​បាន​ប្រទាន​ឲ្យនូវអំណោយទាន​មួយ »

អែលឌើរ អួរសុន ប្រាត្ត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ អួរសុន ប្រាត្ត

« នៅពេលណា​ដែល​ព្រះវិញ្ញាណបរិសុទ្ធមាននៅក្នុង​ខ្លួន​មនុស្ស​ម្នាក់ វា​ពុំគ្រាន់តែ​សម្អាត ញែក​ឲ្យបរិសុទ្ធ ហើយ​ធ្វើ​ឲ្យគាត់​បរិសុទ្ធ​ប៉ុណ្ណោះទេ តែ​គាត់​ទទួលបាន​នូវ​ឥទ្ធិពលដល់ខ្លួនគាត់ ក៏​ផ្ដល់​ឲ្យ​នូវ​អំណោយទាន​មួយចំនួន ដែល​សម្រាប់​ជាប្រយោជន៍​របស់​គាត់ និង​មនុស្ស​ផ្សេងទៀតផងដែរ ។ ពុំដែល​មាននរណា​ម្នាក់​បាន​កើត​ពីព្រះវិញ្ញាណ ហើយ​នៅ​បន្ដ​មានភាព​សក្ដិសម​ល្មមគ្រប់គ្រាន់ ត្រូវ​បាន​ទុក​ចោល​ដោយគ្មានអំណោយទាន​ខាង​វិញ្ញាណនោះទេ ។…

« សមាជិក​ម្នាក់ៗ​ពុំ​បានទទួល​អំណោយទានទាំង​នេះ ប៉ុន្តែ​ពួកគេបាន​បរិច្ចាគ​ពេញទាំង [ សាសនាចក្រ ] ស្របតាម​ព្រះទ័យ ឬ​ប្រាជ្ញា​នៃ​ព្រះវិញ្ញាណ ។… មនុស្ស​មួយចំនួន​អាច​មាន​អំណោយទាន​ទាំងអស់​នេះធ្លាក់មក​លើ​ពួកគេ ដើម្បីឲ្យ​ពួកគេយល់​នូវអ្វីៗគ្រប់​យ៉ាង ហើយ​ត្រូវ​បាន​ត្រៀមខ្លួន​ដើម្បី​រក​ឃើញ​នូវ​អំណោយទាន​ភ្លាំង​ភ្លាត់​ណាមួយ ហើយ​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​ទាំងមូល ដែល​មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​ទទួលប្រយោជន៍ ។ អំណោយ​ទាន​ខាង​វិញ្ញាណ​ទាំងនេះ គឺ​ត្រូវ​បាន​បរិច្ចាគ​នៅក្នុង​ចំណោម​សមាជិក​នៃ​សាសនាចក្រ ស្របតាម​សេចក្ដីស្មោះត្រង់ ស្ថានភាព សមត្ថភាពពីធម្មជាតិ កាតព្វកិច្ច និង​ការ​ហៅ​បម្រើ​ទាំងឡាយរបស់ពួកគេ ដើម្បី​មនុស្ស​ទាំងអស់ អាច​ត្រូវ​បាន​ណែនាំ​ដោយ​ត្រឹមត្រូវ បាន​បញ្ជាក់ បាន​ធ្វើ​ឲ្យល្អ​ឥតខ្ចោះ និង​បាន​សង្គ្រោះ » (Masterful Discourses and Writings of Orson Pratt, ចងក្រងដោយ N. B. Lundwall [ ឆ្នាំ ១៩៤៦ ], ទំព័រ ៥៣៩–៤១ ) ។ ( សូមមើល​ផងដែរ Doctrine and Covenants Student Manual, បាន​បោះពុម្ពជាលើកទីពីរ [ Church Educational System manual, ឆ្នាំ ២០០១ ], ទំព័រ ១០០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១១។ អំណោយទាន​ខាង​វិញ្ញាណ​ជាច្រើន

អំណោយទាន​ខាង​វិញ្ញាណ​ត្រូវ​បាន​រៀបរាប់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦ និង​នៅក្នុង កូរិនថូស​ទី ១ ១២:១-១៣ និង មរ៉ូណៃ ១០:៨-១៨ ។ ប៉ុន្តែ​ទាំងនេះ​ពុំ​មែន​ជា​អំណោយទាន​ខាង​វិញ្ញាណ​ដែល​យើង​អាច​ទទួលបាន​តែប៉ុណ្ណោះ​នោះទេ ។ អែលឌើរ ប្រ៊ូស. អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« អំណោយទានខាង​វិញ្ញាណ គឺ​រាប់ពុំ​អស់​នោះទេ ហើយ​គ្មាន​ដែនកំណត់នោះ​ឡើយ ។ អំណោយទាន​ទាំងឡាយ​ដែល​​មាននៅក្នុង​បន្ទូល​​បើក​សម្ដែង គឺ​បានបង្ហាញ​ដោយសាមញ្ញ​អំពី​ព្រះគុណ​របស់ព្រះ​ដែល​បាន​ចាក់​ស្រោច​ដោយ​គ្មាន​ព្រំដែន ដែលព្រះ​ដ៏ប្រកប​ដោយព្រះគុណ បានប្រទាន​ដល់អ្នកទាំងឡាយ​ដែល​ស្រឡាញ់ និង​បម្រើ​ទ្រង់​តែ​ប៉ុណ្ណោះ » (A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៣៧១ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១២។ « ចំពោះ​មនុស្ស​ខ្លះ​ត្រូវ​បាន​ប្រទាន​ឲ្យ​មួយ រីឯ​ចំពោះ​មនុស្ស​ខ្លះ​ត្រូវ​បានប្រទាន​ឲ្យ​មួយផ្សេងទៀត »

អែលឌើរ ម៉ាវិន ជេ អាស្តុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បានមាន​ប្រសាសន៍​ថា ៖

រូបភាព
អែលឌើរ ម៉ាវីន ជេ អាស្តុន

« ខ្ញុំ​សូម​លើក​ឡើង​ខ្លះៗ​នូវ​អំណោយទាន​មួយ​ចំនួន​តូច ដែល​ពុំ​តែងតែ​បង្ហាញ​ឲ្យ​ឃើញ ឬ​កត់​សម្គាល់​ឡើយ ប៉ុន្តែ​មាន​សារៈសំខាន់​ខ្លាំង ។…

« … អំណោយទាន​នៃ​ការ​សូម អំណោយទាន​នៃការចេះ​ស្ដាប់ អំណោយទាន​នៃ​ការ​ប្រុង​ស្ដាប់ ហើយ​ប្រើ​សំឡេង​តូច​រហៀង អំណោយទាន​នៃការ​អាច​យំ អំណោយទាន​នៃ​ការ​ចៀសវាងពី​ការ​ឈ្លោះប្រកែក អំណោយទាន​នៃការព្រមព្រៀង អំណោយទាន​នៃ​ការ​ចៀសវាង​ពី​ភាព​ច្រំដែលៗ​ឥត​ប្រយោជន៍ អំណោយទាន​នៃ​ការ​ស្វែង​រក​អ្វីដែល​សុចរិត អំណោយទាន​នៃ​ការ​ពុំ​វិនិច្ឆ័យ​លឿន​ពេក អំណោយទាន​នៃ​ការ​មើល​ទៅព្រះសុំ​ការ​ដឹកនាំ អំណោយទាន​នៃ​ការ​ធ្វើ​ជា​សិស្ស អំណោយទាន​នៃ​ការ​មើល​ថែ​អ្នកដទៃ អំណោយទាន​នៃ​ការ​ចេះ​ពិចារណា អំណោយទាន​នៃ​ការ​អធិស្ឋាន អំណោយទាន​នៃ​ការ​ថ្លែង​ទីបន្ទាល់​ដ៏អស្ចារ្យ និង​អំណោយទាន​នៃ​ការ​ទទួលព្រះវិញ្ញាណបរិសុទ្ធ » (There Are Many Gifts,» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ២០ ) ។