ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៥ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៧-៤៨


មេរៀន​ទី ៥៥

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៧-៤៨

បុព្វកថា

នៅក្នុង​ខែ មីនា ឆ្នាំ ១៨៣១ ជិត​រយៈពេល​មួយឆ្នាំ បន្ទាប់ពី​ការ​រៀបចំ​សាសនាចក្រ​ឡើង នោះ​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ​ដែល​ឥឡូវ​ត្រូ​វបាន​កត់ត្រា​នៅជា កណ្ឌ ៤៧ និង ៤៨ នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ ពីមុន​គ្រានេះ អូលីវើរ ខៅឌើរី ត្រូវបាន​ដើរតួ​ជា​អ្នកប្រវត្តិសាស្ត្រ និង​ជាអ្នកកត់កំណត់ត្រា​សម្រាប់​សាសនាចក្រ ។ នៅក្នុង​តួនាទីនេះ លោកបាន​រក្សា​កំណត់ត្រា​មួយ​អំពី វិវរណៈ​នានា ដែលព្យាការី​បាន​ទទួល ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អូលីវើរ ខៅឌើរី បាន​ចេញ​បេសកកម្ម ចាប់តាំង​ពី​ខែ​តុលា ឆ្នាំ ១៨៣០ ​ហេតុដូច្នោះ លោកពុំ​អាច​បន្ដ​កិច្ចការ​ជា​អ្នកប្រវត្តិសាស្ត្រ និង​អ្នក​កត់កំណត់​ត្រា​បាន​ទៀតទេ ។ នៅ​ក្នុងវិវរណៈ​បានកត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៧ ព្រះអម្ចាស់ បានហៅ យ៉ូហាន វិតមើរ ឲ្យ​ជំនួស​អូលីវើរ ក្នុង​តំណែង​នេះ ។ អំឡុង​គ្រា​នេះ ពួកបរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ក៏​បាន​ស្វែង​រក​ការ​ដឹកនាំ ស្ដី​អំពី​របៀប​ដើម្បីជួយ​ដល់​សមាជិក​សាសនាចក្រ ផ្លាស់ចេញ​ពី​រដ្ឋ​នូវ​យ៉ោក ។ នៅក្នុងវិវរណៈ ឥឡូវ​ត្រូវ​បាន​ដាក់បញ្ចូល​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៨ ព្រះអម្ចាស់បាន​ណែនាំ​ដល់ពួកបរិសុទ្ធ​ឲ្យ​ចែក​ដី​របស់ពួកគេ​ជាមួយ​នឹង​អ្នកដែល​ខ្វះ​ខាត ហើយ​រៀបចំ​ដើម្បី​ដាក់​គ្រឹះ​នៃ​ក្រុង​ស៊ីយ៉ូន ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដី សញ្ញា ៤៧

ព្រះអម្ចាស់ បានតែងតាំង យ៉ូហាន វិតមើរ ឲ្យ​កត់ត្រា​ប្រវត្តិ​នៃ​សាសនាចក្រ

សូម​ឲ្យ​សិស្ស​គិត​អំពី​បទពិសោធន៍​សំខាន់ៗ​ខាង​វិញ្ញាណ ដែល​ពួកគេ​បាន​មាន ដែលពួកគេ​មានអារម្មណ៍​ថា​មានតម្លៃ​ក្នុង​ការ​ចងចាំ ។ ( ឧទាហរណ៍ ពួកគេ​អាច​គិត​អំពី​ព្រឹត្តការ​នានា ដូចជា ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ ឬ​ការ​ប្រជុំ​សាសនាចក្រ​មួយ ឬ​ពួកគេ​អាច​នឹង​នឹកគិត​អំពីគ្រា​មួយ ដែល​ពួកគេ​បាន​ទទួល​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​មួយ ឬ​ទទួលអារម្មណ៍​ពីវត្តមាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ) ។ សូមអញ្ជើញ​​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​ទាំងនេះ ។ សូម​សួរ​ដល់សិស្ស​ម្នាក់ៗ​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ហេតុអ្វី​ក៏​បទពិសោធន៍​នេះ មានអត្ថន័យចំពោះ​អ្នក ?

  • ហេតុអ្វី​ក៏អ្នកគិត​ថា វា​សំខាន់​ដើម្បី​ចង​ចាំ​ពីបទពិសោធន៍​នេះ ?

  • តើ​កំណត់ត្រា​អំពី​បទពិសោធន៍​នេះ ប្រទានពរ​ដល់​កូនចៅជំនាន់ក្រោយ​របស់អ្នក​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាននូវ​ការណែនាំ នៃ​ក្បាល​កណ្ឌ​សម្រាប់គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៧​ឲ្យ​ឮៗ​ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ធ្វើ​អ្វីខ្លះ ។ បន្ទាប់​មក​សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៧:១–៣ ដោយ​ស្ងៀមស្ងាត់ ហើយ​រកមើល​ព័ត៌មាន​លម្អិត​អំពី​ការបម្រើ​របស់ យ៉ូហាន វិតមើរ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន ។ ( អ្នក​អាច​នឹង​ចង់​រំឭក​សិស្ស​ថា នៅក្នុង​វិវរណៈ​មុន ព្រះអម្ចាស់​បានមានបន្ទូល​ថា « នឹងមាន​បញ្ជីមួយ​កត់ទុក នៅក្នុង​ចំណោម​អ្នករាល់គ្នា » [គ. និង ស. ២១:១] ។ សូម​ពន្យល់​ថា នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ គណៈ​ប្រធាន​ទី​មួយ បាន​ហៅ​អ្នកប្រវត្តិសាស្ត្រ​សាសនាចក្រ និង​អ្នក​កត់កំណត់ត្រា​ម្នាក់ [ តាមធម្មតា សំដៅទៅ​លើ អ្នកប្រវត្តិសាស្ត្រ​សាសនាចក្រ ] ហើយណែនាំគាត់​ជាសាធារណៈ ​ដើម្បី​លើកដៃ​គាំទ្រ ) ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថា វា​សំខាន់​ដែលប្រវត្តិ​នៃ​សាសនាចក្រ​ត្រូវ​បាន​កត់ត្រា​ទុក ?

  • តើ​រឿង​មួយចំនួន​អ្វីខ្លះ ចេញមកពី​ប្រវត្តិសាសនាចក្រ ដែលបានបំផុសគំនិត​អ្នក​ជាពិសេស ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ នូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម ដោយ​អែលឌើរ ម៉ាលីន ឃេ ជែនសិន នៃ​ពួក​ចិតសិប​នាក់ ដែលបម្រើ​ជា​អ្នកប្រវត្តិសាស្ត្រ​សាសនាចក្រ ចាប់​ពីឆ្នាំ ២០០៥ ដល់ ឆ្នាំ ២០១២ ៖

រូបភាព
អែលឌើរ ម៉ាលីន ឃេ. ជែនសិន

« មាន​រឿង​អស្ចារ្យ​ផ្សេងៗ​ជាច្រើន​នៅក្នុងប្រវត្តិ​របស់យើង ដែល​មានតម្លៃ​ដើម្បី​ដឹង ហើយ​បង្រៀន​នៅ​ព្រះវិហារ និង​នៅ​ក្នុងគេហដ្ឋាន ។ មេរៀនអំពី​ទីក្រុង​ខឺតឡង់ ការសាកល្បង​នៅរដ្ឋ​មីសសួរី ជ័យជំនះ និងទីបំផុត​ជា​ការ​បណ្ដេញ​ពួកបរិសុទ្ធ​ពី​រដ្ឋ ណៅវូ ហើយនឹង​ការ​ធ្វើដំណើរ​របស់ពួក​អ្នកត្រួសត្រាយ​ផ្លូវ​ទៅ​កាន់​ទិស​ខាង​លិច គឺ​ជា​រឿង​ដ៏​បំផុសគំនិត​ដល់ពួកបរិសុទ្ធ​នៅក្នុង​គ្រប់ផែនដី និងភាសា ។ ​ ប៉ុន្តែ​មាននូវ​រឿង​នៃ​ការ​ឆ្ពោះ​ទៅមុខ​ដូចគ្នា​ផងដែរ អំពី​ការ​រីកចម្រើន និងការអភិវឌ្ឍន៏នៃ​សាសនាចក្រ និង​ឥទ្ធិពល​នៃ​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​សមាជិក​សាមញ្ញៗ​នៅគ្រប់ជាតិសាសន៍ ដែល​ត្រូវ​បាន​ប៉ះដួងចិត្ត​ដោយ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ រឿង​ទាំងនេះ ត្រូវការ​នូវការ​កត់ត្រា និង​រក្សា​ទុក​ឲ្យ​ល្អ​ផងដែរ ។

« … រឿង​ដ៏អស្ចារ្យ​ៗ​ជាច្រើន​របស់សាសនាចក្រ គឺ​មាននៅក្នុង​ប្រវត្តិ​ផ្ទាល់ខ្លួន និង​ប្រវត្តិ​គ្រួសារ ហើយ​ទាំងនេះ​គឺជា​ចំណែក​មួយ​នៃ​កេរដំណែល​គ្រួសារ និង​បុគ្គលម្នាក់ៗ » (There Shall Be a Record Kept among You » Ensign ខែ ធ្នូ ឆ្នាំ ២០០៧, ទំព័រ ៣១ ) ។

  • ហេតុអ្វីក៏​​អ្នក​គិត​ថា​ប្រវត្តិ​ផ្ទាល់ខ្លួន និង​ប្រវត្តិ​គ្រួសារ​សំខាន់ ?

យោង​ទៅលើ​បទពិសោធន៍ទាំងឡាយ​ដែល​សិស្ស​បាន​ចងចាំ នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់រៀន ។ សូម​ពួកគេ​ឲ្យ​នឹកស្រម៉ៃ​ថា កូនចៅ​របស់ពួកគេ និង​ចៅៗ​របស់ពួកគេ​កំពុង​អាន​ដំណើរ​រឿង​ផ្ទាល់ខ្លួនទាំងឡាយ​របស់​ពួកគេ​អំពី​បទពិសោធន៍​ទាំងនោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ចំណែក​បទពិសោធន៍​ណា​មួយ ដែលអ្នក​នឹង​គូស​បញ្ជាក់ ? តើ​អ្នក​ចង់​ឲ្យគ្រួសារ​របស់អ្នកមានអារម្មណ៍ និង​ដឹង​ពី​លទ្ធផល​នៃ​ការ​អានដំណើរ​រឿង​របស់អ្នក​ឬទេ ?

សូម​ពន្យល់​ថា គោលការណ៍​ទាំងឡាយ​ដែល​យ៉ូហាន វិតមើរ​បាន​ធ្វើ​តាម ក្នុងនាម​ជា​អ្នកប្រវត្តិសាស្ត្រ​សាសនាចក្រ និង​អ្នក​កត់​កំណត់ត្រា អាច​អនុវត្ត​ចំពោះ​ប្រវត្តិ​ផ្ទាល់ខ្លួន និង​ប្រវត្តិ​គ្រួសារ​របស់យើង​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៧:៤ ដោយ​ស្ងាត់​ស្ងៀម ដើម្បី​រៀន​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា បើ យ៉ូហាន វិតមើរ នឹង​ស្មោះត្រង់​នៅក្នុងកិច្ច​ខិតខំ​របស់​គាត់​នោះ ។

  • តើ​ព្រះអម្ចាស់​សន្យា​អ្វីខ្លះ​ដល់យ៉ូហាន វិតមើរ? ( ព្រះអម្ចាស់ បានសន្យា​ថា អង្គលួងលោម​ចិត្ត--ព្រះវិញ្ញាណបរិសុទ្ធ-- នឹង​ជួយ​គាត់​នៅក្នុង​កិច្ចខិតខំ​ដើម្បី​សរសេរ​ប្រវត្តិ​នៃ​សាសនាចក្រ ) ។

  • តើ​យើង​អាច​ភ្ជាប់រឿង​នេះ​ទៅ​នឹង​​កិច្ចខិតខំរបស់​យើង​ដើម្បី​រក្សា​ប្រវត្តិ​ផ្ទាល់ខ្លួន និង​ប្រវត្តិ​គ្រួសារ​យ៉ាង​ដូចម្ដេច ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ស្មោះត្រង់​នៅក្នុងកិច្ចខិត​ខំ​របស់​យើង ដើម្បី​រក្សា​ប្រវត្តិ​ផ្ទាល់ខ្លួន និងប្រវត្តិ​គ្រួសារ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ជួយ​យើង ។ អ្នក​អាច​នឹង​ចង់​​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន) ។

  • តើ​ព្រះវិញ្ញាណបរិសុទ្ធ​អាច​ជួយ​មនុស្ស​ម្នាក់ នៅពេល​គាត់ រក្សា​ប្រវត្តិ​ផ្ទាល់ខ្លួន ឬ​គ្រួសារ​យ៉ាង​ដូចម្ដេច ?

នៅពេល​សិស្ស​ពិភាក្សា​គ្នា​អំពី​សំណួរ​នេះ សូម​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ អាច​នាំ​រឿង​ទាំងឡាយ​មក​ក្នុង​ការ​ចងចាំ​របស់​យើង ( សូមមើល យ៉ូហាន ១៤:២៦) ហើយ​ជួយ​យើងឲ្យ​សរសេរ​អំពី​ព្រឹត្តការណ៍ និង​ស្ថានភាព​នានា ក្នុង​របៀប​មូយ ដែល​នឹង​ប្រទានពរ​ដល់​សមាជិក​គ្រួសារ និងអ្នកដទៃទៀត ។

សូម​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​សុំ​ជំនួយ​ពីព្រះវិញ្ញាណបរិសុទ្ធ នៅពេល​ពួកគេ​រក្សា​ប្រវត្តិផ្ទាល់ខ្លួន និង​ប្រវត្តិ​គ្រួសារ​របស់ពួកគេ​ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៨

ព្រះអម្ចាស់​ណែនាំ​ដល់ពួកបរិសុទ្ធ​នៅ​រដ្ឋ អូហៃអូឲ្យជួយ​ដល់អ្នកទាំងឡាយ​ដែល​មក​ពីរដ្ឋ​នូវយ៉ោក

សូម​ឲ្យ​សិស្ស​នឹក​ស្រម៉ៃ​ថា ពួកបរិសុទ្ធ​នៅ​ក្នុង​តំបន់​ឆ្ងាយៗ គឺ​ត្រូវ​តែ​ជម្លៀស​ចេញពី​គេហដ្ឋាន​របស់ពួកគេ ។ អ្នកដឹកនាំ​សាសនាចក្រ បាន​សុំ​ឲ្យ​គ្រួសារ​របស់សិស្ស​​ផ្ដល់​ជា​ម្ហូបអាហារ និង​ជម្រក​ដល់​ក្រុមគ្រួសារ​ដែលគ្មាន​កន្លែង​ស្នាក់​នៅមួយចំនួន​សម្រាប់​រយៈពេល​ច្រើនខែ ។

  • តើ​សំណួរ និងកង្វល់​អ្វីខ្លះ ដែលអ្នក និង​គ្រួសារ​របស់អ្នក អាច​មាន​ចំពោះ​សំណើរ​បែបនេះ ?

  • តើ​កង្វល់ ​និង​អារម្មណ៍​អ្វីខ្លះ ពេល​ដែល​អ្នក​គិត​អំពី​អ្នកទាំងឡាយ ​ដែល​ផ្លាស់​មក​នៅ​ក្នុង​ផ្ទះ​អ្នក​ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ​ទំព័រ ផែនទី ទី៣ ( « រដ្ឋនូវយ៉ោក ផែនសិលវេញ៉ា និង អូហៃអូ នៃ​សហរដ្ឋ​អាមេរិក » ) នៅក្នុង​វគ្គ​ផែនទី​ប្រវត្តិ​សាសនាចក្រ​ក្នុងគម្ពីរ​របស់ពួកគេ ។ សូម​ឲ្យ​ពួកគេរក​មើល ហ្វាយ៉ែត រដ្ឋ នូវ យ៉ោក និង ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ហើយ​កំណត់​ចម្ងាយ​ប្រហាក់ប្រហែល​រវាង​ទីក្រុង​ទាំង​នេះ ( ប្រហែល ២៥០ ម៉ែល ឬ ៤០០ គ.ម ) ។ សូម​រំឭក​សិស្ស​ថា នៅខែ​ធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួកបរិសុទ្ធ​នៅរដ្ឋ នូវ យ៉ោក ឲ្យ​ប្រមូល​គ្នីគ្នា​មក​ឯ​រដ្ឋ អូហៃអូ ( សូមមើល គ. និង ស. ៣៧:៣) ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៨:១-៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម ហើយ​រកមើល​នូវ​អ្វី​ដែលព្រះអម្ចាស់ បានប្រាប់​ដល់ពួកបរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ឲ្យធ្វើ​សម្រាប់​សមាជិក​នៃ​សាសនាចក្រ ដែលបានផ្លាស់​ចូលមក​តំបន់នោះ ។ រួច​ហើយ​​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • តើ​ព្រះអម្ចាស់​បញ្ជា​ឲ្យពួកបរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ធ្វើ​អ្វីខ្លះ ? ( ទ្រង់​បញ្ជា​ឲ្យ​អ្នកទាំងឡាយ​ដែល​មាន​ដី ឲ្យ​ចែក​ជាមួយនឹង​ពួកបរិសុទ្ធ​ដែល​ផ្លាស់​ចូល​មក​ក្នុង​តំបន់ ) ។ តើ​គោលការណ៍​មួយ​ដែល​យើងអាច​រៀនមក​ពី​បទបញ្ញត្តិ​នេះ​គឺ​ជា​អ្វី ? ( ចម្លើយ​របស់​សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់ បញ្ជា​ឲ្យពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចែកចាយ​នូវ​អ្វី​ដែលពួកគេ​មានជាមួយ​នឹង​អ្នក​ខ្វះខាត ។ វា​អាច​នឹង​ជា​ប្រយោជន៍​ដើម្បី​ចង្អុល​បង្ហាញ​ថា ពុំ​មែន​គ្រប់ពួកបរិសុទ្ធ​នៅក្នុង​រដ្ឋ​អូហៃអូ មាន​ដី​ចែកទេ ហើយ​ថា​សមាជិក​មួយចំនួន​មកពី​រដ្ឋ នូវ យ៉ោក គឺតម្រូវ​ឲ្យទិញ​ដីផ្ទាល់ខ្លួន​របស់ពួកគេ ) ។

  • តើ​វិធីមួយចំនួន​ដែល​យើង​អាច​ចែកចាយ​នូវ​អ្វី​ដែលយើង​មានជាមួយ​អ្នក​ដទៃ​មានអ្វីខ្លះ ?

សូម​ឲ្យសិស្ស​ចែកចាយ​នូវ​បទពិសោធន៍ដែលពួកគេ​មាន នៅពេល​ពួកគេ​ធ្វើជាសាក្សី​ពីមនុស្ស​ដែលចែករំលែក​ជាមួយ​អ្នកទាំងឡាយដែលខ្វះខាត ។ អ្នកក៏អាច​នឹង​ចង់អញ្ជើញ​ពួកគេ​ឲ្យពិពណ៌នា​អំពី​គ្រា​នានា ដែលពួកគេ​ទទួលបាន​ប្រយោជន៍​មកពី​សេចក្ដីសប្បុរស និង​ការ​បម្រើ​របស់​អ្នកដទៃ ។

ដើម្បីផ្ដល់​ជាឧទាហរណ៍មួយចំពោះការ​ជួយ​ដល់អ្នកទាំងឡាយ​ដែលខ្វះខាត សូម​ឲ្យ​សិស្ស​ម្នាក់អាន​នូវ​ដំណើររឿងខាងក្រោម ​ដោយប្រធាន ថូម៉ាស អេស ម៉នសុន អំពី​បទពិសោធន៍​មួយ ដែលលោក​បានមាន​ជាមួយ​នឹង​ថ្នាក់​អង្គការ​បឋមសិក្សារបស់លោក កាលនៅកុមារភាព ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« យើង​បាន​ធ្វើគម្រោង​មួយ​ដើម្បី​សន្សំ​ប្រាក់​ចំនួនមួយកាក់​មួយសេន​សម្រាប់ធ្វើ​ពិធីជប់លៀង​បុណ្យគ្រីស្ទ​ម៉ាស​ដ៏ធំមួយ ។ បងស្រី ហ្គើស្ទ បាន​កត់ត្រា​យ៉ាង​ប្រុងប្រយ័ត្ន​នូវការ​រីកចម្រើន​របស់​យើង ។ កាលនៅជា​ក្មេង​តូចៗអ្វី​ដែល​ចង់​បរិភោគក្នុងគំនិតរបស់យើង​គឺ​គិតដល់ នំឃុកគី នំផៃ និង​ការ៉េម​បាន​ច្រើន​ប៉ុណ្ណា ដែល​ប្រាក់​ទាំងអស់​របស់​យើង​អាចទិញ​បាន ។ នេះ​គឺ​ជា​ព្រឹត្តការណ៍​ដ៏​រុង​រឿង​មួយ ។ យើង​ពុំ​ធ្លាប់​មាន​គ្រូ​បង្រៀនណាម្នាក់​របស់​យើង​កាលពីមុន ផ្ដល់​យោបល់​អំពី​ព្រឹត្តការណ៍​ដូច​នេះ​ទេ ។

« រដូវ​ក្ដៅ​បាន​កន្លងផុតឈាន​ចូល​ដល់​រដូវ​ស្លឹកឈើជ្រុះ ។ រដូវ​ស្លឹក​ឈើជ្រុះឈាន​ចូល​ដល់រដូវ​រងារ ។ គោលដៅ​ពិធីជប់លៀង​របស់យើង ត្រូវ​បាន​សម្រេច ។ សិស្ស​ក្នុង​ថ្នាក់​បាន​ធំៗ ។ អារម្មណ៍​ល្អ​បាន​គ្របដណ្ដប់ ។

« គ្មាន​គ្នា​យើងណា​ម្នាក់​នឹង​បំភ្លេច​បាន​នូវ​ព្រឹក​ព្រលឹមដ៏សែនសោកសៅ ពេល​ដែល​គ្រូបង្រៀនបាន​ប្រកាស​ប្រាប់យើង​ថា ម្ដាយមិត្ត​រួម​ថ្នាក់​របស់​យើង​ម្នាក់បាន​ទទួលមរណៈភាពនោះទេ ។ យើង​បានគិត​អំពី​ម្ដាយ​របស់​យើង​ផ្ទាល់ ហើយ​ថា​តើ​ពួកគាត់មាន​អត្ថន័យ​ខ្លាំង​ប៉ុណ្ណា​ចំពោះ​យើង ។ យើង​បាន​មានអារម្មណ៍​សោក​សៅអស់ពីដួងចិត្ត​ចំពោះ ប៊ីលី ឌីវិន​ផត នៅក្នុង​ការ​បាត់​បង់​ដ៏ធំ​របស់គាត់នោះ ។

« មេរៀន​ថ្ងៃ​អាទិត្យមួយ​នេះ គឺ​ចេញមកពី​សៀវភៅ កិច្ចការ ជំពូក​ទី ២០ ខ ៣៥ ៖ ‹ នឹក​ចាំ​ពី​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេស៊ូវ ដែល​ទ្រង់​មាន​ព្រះបន្ទូល​ថា ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល › ។ នៅ​ចុង​បញ្ចប់​នៃ​ការ​ធ្វើបទបង្ហាញ​នៃ​មេរៀន​ដែល​បាន​រៀបចំ​ដ៏ល្អ​នោះ លូស៊ី ហ្គើស្ទ បាន​ថ្លែង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​គ្រួសារ ប៊ីលី ។ ទាំងនេះ​គឺ​ជា​គ្រា​ដ៏​មានវិបត្តិធំ ហើយ​ប្រាក់​កាស​ក៏​មាន​តិចតួច​ស្ដួច​ស្ដើង ។ ដោយ​ការ​ព្រិចភ្នែក គាត់​បាន​សួរ​ថា ៖ ‹ តើ​អ្នក​នឹង​ធ្វើតាម​ការ​បង្រៀន​នេះ​របស់ព្រះអម្ចាស់​របស់​យើង​យ៉ាងដូចម្ដេច ? តើ​អ្នក​នឹង​មានអារម្មណ៍​យ៉ាង​ណា​ក្នុងការ​ដក​ប្រាក់​សម្រាប់ពិធីជប់លៀង​របស់យើង ហើយ​យើងទាំងអស់គ្នាតំណាង​ថ្នាក់ទាំងមូល​ផ្ដល់​ប្រាក់​នោះ​ទៅ​ឲ្យ​គ្រួសារ ឌីវិន​ផត ជាការ​សម្ដែង​សេចក្ដីស្រឡាញ់របស់​យើង​វិញ​នោះ ? › ការ​សម្រេច​ចិត្ត​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ជាឯកឆ័ន្ទ ។ យើង​បាន​រាប់​វា​យ៉ាង​យកចិត្តទុកដាក់ នូវ​​កាក់និមួយៗ ហើយ​បានដាក់​ចំនួន​សរុប​នៅក្នុង​ស្រោមសំបុត្រ​ធំមួយ​ ។ កាត​ដ៏ស្អាត​មួយ ត្រូវ​បាន​ទិញ ហើយ​សរសេរ​ឈ្មោះ​របស់ពួកយើង ។

« ទង្វើនៃ​សន្ដានចិត្តល្អ​ដ៏សាមញ្ញ​នេះ បាន​ចងភ្ជាប់​ពួក​យើង​ជាមួយ​គ្នា » (« Your Personal Influence, » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤, ទំព័រ ២១--២២ ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​​ចេញមក​ពីដំណើរ​រឿង​ទាំងនេះ ? តើ​សន្ដានចិត្ត​ល្អ និងការ​បម្រើ ប្រទានពរ​ដល់ជីវិត​នៃ​អ្នក​ផ្ដល់​ឲ្យ ក៏​ដូចជា​អ្នកទទួល​យ៉ាងដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​បទពិសោធន៍​មួយ ដែលពួកគេ​បាន​មាន នៅពេល​ពួកគេ​បានជួយ ( ឬ​បាន​ឃើញ​អ្នកដទៃ​ជួយ ) ដល់អ្នកទាំងឡាយ​ដែល​មានការ​ខ្វះខាត ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យគិត​អំពី​របៀប​មួយ ដែលពួកគេ​អាច​ជួយ​នរណា​ម្នាក់នៅក្នុង​សប្ដាហ៍​ក្រោយ ។

សូម​សង្ខេប​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៨:៤-៦ ដោយការ​ពន្យល់​ថា ព្រះអម្ចាស់ចង់​ឲ្យ​ពួកបរិសុទ្ធ​ត្រៀម​ខ្លួន​ដើម្បី​ទិញ​ដី ពេល​ទ្រង់​នឹង​បើក​សម្ដែង​ពីទីតាំង​នៃ​ទីក្រុង​ស៊ីយ៉ូន ឬ​ទីក្រុង​យេរូសាឡិម​ថ្មី ។ ព្រះអម្ចាស់ បានបញ្ជា​ពួកបរិសុទ្ធ​ឲ្យ​សន្សំ​ប្រាក់​ទាំងអស់ ដែល​ពួកគេ​អាច​ធ្វើបាន ដើម្បីត្រៀម​ចាក់គ្រឹះ​នៃទីក្រុង​នោះ ( សូមមើល គ. និង ស. ៤៨:៤-៦ ) ។ សូម​ប្រាប់​សិស្ស​ថា ពួកគេ​នឹង​រៀន​កាន់តែ​ច្រើន​ថែម​ទៀត​អំពី​កិច្ចខិតខំ​របស់​ពួកបរិសុទ្ធ ដើម្បី​ស្ថាបនា​ទីក្រុង​​ស៊ីយ៉ូន​នៅក្នុង​មេរៀន​ក្រោយៗ ។

​សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៧:១។ « កត់​ពីប្រវត្តិ​ត្រឹមត្រូវ »

ព្យាការី យ៉ូសែប ស៊្មីធ បានពិពណ៌នា​អំពី​លទ្ធផល​នៃ​ការ​ពុំ​បាន​កត់​ត្រា​ព្រឹត្តការណ៍សំខាន់ៗ​នៅក្នុង​ប្រវត្តិ​សាសនាចក្រ​របស់យើង​ថា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« វាគឺជាការ​ពិត បើ​ឥឡូវ​ខ្ញុំ​មាន​ក្នុង​ដៃ នូវ​គ្រប់​ការ​សម្រេចចិត្ត​ដែល​មាន​ចំពោះ រឿង​សំខាន់ៗ​នៃ​គោលលទ្ធិ និង​កាតព្វកិច្ច ចាប់​តាំងពី​ការ​ចាប់​ផ្ដើម​នៃការ​ងារ​នេះ ខ្ញុំ​នឹង​​មិនបោះបង់​វា​ដើម្បី​ប្រាក់​នោះទេ ប៉ុន្តែ​យើង​បាន​ធ្វេសប្រហែល​ក្នុងការ​កត់ត្រា​នូវ​រឿង​ទាំងនេះ ដោយគិត​ថា​វា​នឹង​ពុំ​អាច​ជា​ប្រយោជន៍​ដល់​យើង​នៅពេល​ក្រោយ ដែល​យើង​មាន​វា​ក្នុងពេល​ឥឡូវនេះ នឹង​សម្រេច​ស្ទើរ​គ្រប់​ចំនុច​នៃ​គោលលទ្ធិ អាច​នឹង​ត្រូវ​បាន​ពិភាក្សា ។ ប៉ុន្ដែ​ការណ៍នេះ​ត្រូវ​បានមិន​អើរពើ ហើយ​ឥឡូវនេះ ​យើង​ពុំ​អាច​ថ្លែង​កំណត់ត្រា​ចំពោះសាសនាចក្រ និង​ចំពោះ​ពិភពលោក អំពី​ការ​បើក​សម្ដែង​ដ៏​អស្ចារ្យ និង​រុងរឿង ដែល​បាន​ផ្ដល់​ដល់​យើង​ដោយកម្រិត​នៃ​អំណាច និង​សិទ្ធិអំណាច ដែល​យើង​ពុំ​អាច​ទទួលបានតាម​របៀប​ផ្សេង បើសិន​ជា​​យើង​ឥឡូវ​នេះ​មាន​រឿងទាំង​នេះ​ត្រូវ​បាន​បោះពុម្ព​ដោយ​ទូលំទូលាយនោះ » ( នៅក្នុង History of the Church ២:១៩៨–៩៩ ) ។ ( សូមមើល​ផងដែរ Doctrine and Covenants Student Manual, បាន​បោះពុម្ព​ជាលើកទីពីរ [Church Educational System manual, ឆ្នាំ ២០០១], ទំព័រ ១០៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៧ ។ តើ​ការ​ហៅ​នៃ​អ្នកប្រវត្តិសាស្ត្រ និង​អ្នកកត់កំណត់ត្រា​សាសនាចក្រ​គឺ​ជា​អ្វី ?

អែលឌើរ ម៉ាលីន ឃេ ជែនសិន នៃ​ពួក​ចិតសិប​នាក់ ដែល​បាន​បម្រើ​ជា​អ្នកប្រវត្តិសាស្ត្រ និង​អ្នក​កត់កំណត់ត្រា​ចាប់​តាំងពីឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១២ បានពន្យល់​ថា ៖

រូបភាព
អែលឌើរ ម៉ាលីន ឃេ. ជែនសិន

« កិច្ចការ​នៃ​អ្នកប្រវត្តិសាស្ត្រ និង​អ្នក​កត់កំណត់ត្រា គឺ​ជា​ការ​រក្សា​កំណត់ត្រា​ដ៏ធំមួយ ។ វា​មានរួមទាំង​ការ​ប្រមូល​ផ្ដុំ និង​ការ​រក្សា​ធនធាន​ប្រវត្តិ​សាសនាចក្រ ការ​កត់ត្រា​ពិធីបរិសុទ្ធ និង​ការ​ចងក្រង​កំណត់ចំណាំ ។ បទគម្ពីរ​ក៏​ផ្ដល់​យោបល់​ថា មានទំនួល​ខុសត្រូវមួយ​ដើម្បី​ប្រាកដ​ថា កំណត់ត្រា​ត្រូវ​បាន​ប្រើ ‹ ជាការល្អ​ដល់សាសនាចក្រ និង​ដល់​តំណ​មនុស្ស​មានវ័យធំឡើង › ( គ. និង ស. ៦៩:៨) ។

« តួនាទី​របស់អ្នកប្រវត្តិសាស្ត្រ និង​អ្នក​កត់កំណត់ត្រា គឺ​ត្រូវ​បាន​បង្គប់បន្ថែម ហើយជួនកាល​ស្ទើរតែ​ពុំអាច​សម្គាល់បាន ។ ខ្ញុំ​គិត​ថា នោះ​ជា​មូលហេតុ​ដែល​នៅក្នុង​សាសនាចក្រ​ជំនាន់មុន ពេល​ខ្លះ​អ្នកកត់កំណត់ត្រា​ម្នាក់ និងអ្នកប្រវត្តិ​សាស្ត្រម្នាក់ដែលត្រូវ​បាន​តែងតាំង ហើយ​ជាមូលហេតុ​ដែល​អស់​រយៈ​ពេល​ជា​យូរមក តួនាទីទាំងឡាយ​​ត្រូវ​បាន​រួម​បញ្ចូល​គ្នា​ក្នុង​ការហៅបម្រើ​មួយ » (There Shall Be a Record Kept among You, » Ensign ខែ ធ្នូ ឆ្នាំ ២០០៧ ទំព័រ ២៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៨:៦។ « ដោយគណៈប្រធាន និង​ប៊ីស្សព​នៃ​សាសនាចក្រ »

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៨:៦ រួមមានទាំង​ឃ្លា « ដោយគណៈប្រធាន និង​ប៊ីស្សព​នៃ​សាសនាចក្រ » ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេលដែល​​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ នោះ​គណៈប្រធានទីមួយ ពុំ​ទាន់បាន​រៀបចំឡើងនៅឡើយ​ទេ ។ ឯកសារ​សរសេរ​ដោយដៃ​ដំបូង​បំផុត​នៃ​វិវរណៈ​នេះ មាននូវ​ឃ្លា « ដោយប៊ីស្សព និង ពួកអែលឌើរ នៃសាសនាចក្រ » ( សូមមើលDocuments, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨–ខែ ​មិថុនា ឆ្នាំ ១៨៣១វ៉ុលទី ១ នៃ Documents series of The Joseph Smith Papers[ ឆ្នាំ ២០១៣ ], ទំព័រ ២៨៨ ) ។ ពាក្យត្រូវបានផ្លាស់ប្ដូរ បន្ទាប់ពី​គណៈប្រធានទីមួយ ត្រូវ​បាន​រៀបចំ​ឡើង ។ ការ​ផ្លាស់ប្ដូរ​ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង​ម្ដងម្កាល នៅពេល​សាសនាចក្រ​បាន​រីកចម្រើន ហើយ​នៅពេល​អង្គការ​បព្វជិតភាព ត្រូវ​បាន​ពង្រីក ស្របទៅតាម​វិវរណៈ ។