ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៧ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០


មេរៀន​ទី ៥៧

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០

បុព្វកថា

នៅពេល​យ៉ូសែប ស៊្មីធ បាន​មក​ដល់​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ លោក​បាន​សង្កេត​ឃើញ​ថា « មាន​សញ្ញាណ​ចម្លែក​ខ្លះៗ និង​វិញ្ញាណ​ក្លែង​បន្លំ មាន​នៅក្នុងចំណោម » ពួកបរិសុទ្ធ​មួយចំនួន ។ លោក​បាន​ចាប់​ផ្ដើម​បង្រៀន​ដោយ « ការ​ដាស់តឿង និង … ដោយប្រាជ្ញា » ដើម្បី​យកឈ្នះ​លើ​រឿង​ទាំងនេះ ( សូមមើល History of the Church, ១:១៤៦ ) ។ អែលឌើរ ប៉ាលី ភី ប្រាត្ត បាន​ត្រឡប់មកពី​បេសកកម្មមួយ ហើយបានសង្កេត​ឃើញ​មាន​ឥរិយាបទ​ស្រដៀងគ្នា​នេះ នៅក្នុង​សាខា​ជាច្រើន​នៃ​សាសនាចក្រ នៅក្រៅ​ទីក្រុង​ខឺតឡង់ ។ លោក និង​ពួកអែលឌើរ​ដទៃទៀត បាន​ទៅ​រក យ៉ូសែប ស៊្មីធ ដើម្បី ទទួលការ​ណែនាំ ( សូមមើល History of the Church ១:១៧០ ) ។ នៅក្នុង​ខែ​ឧសភា ឆ្នាំ ១៨៣១ ព្យាការី​បាន​ទូល​សួរដល់ព្រះអម្ចាស់ ហើយបាន​ទទួលវិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០ ។ នៅ​ក្នុងវិវរណៈ​នេះ ព្រះអម្ចាស់​បានណែនាំ​ពួកបរិសុទ្ធ​ឲ្យ​បង្រៀន និង​ទទួលយក​ដំណឹងល្អ​ដោយព្រះវិញ្ញាណ នៃ​សេចក្ដីពិត ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១-៩

ព្រះអម្ចាស់​ព្រមាន​ដល់ពួក​អែលឌើរ​នៃ​សាសនាចក្រ​អំពី​វិញ្ញាណ​ក្លែង​បន្លំ

សូម​ឲ្យ​សិស្ស​នឹក​ស្រម៉ៃ​ថា កំពុងចូលរួម​ក្នុងការ​ប្រជុំ​សាក្រាម៉ង់​មួយ​ដែល​មាន​សមាជិក​មជ្ឈិម​វ័យ​ក្នុង​សាសនាចក្រ​មួយចំនួន កំពុង​ឈរ​នៅលើ​កៅអី ហើយ​និយាយ​ឮៗ ខណៈ​ដែល​អ្នក​ដទៃទៀត​កំពុង​រមៀល​ខ្លួន​នៅ​លើ​កម្រាលឥដ្ឋ​នោះ ។

  • តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា ? តើ​អ្នកគិត​ថា​មាន​អ្វី​ខ្លះនឹង​កើតឡើង​ចំពោះ​ព្រះវិញ្ញាណ ដែល​ស្ថិត​នៅក្រោម​ស្ថានភាព​ដូច្នេះ ? ( សូម​ប្រាកដ​ថា ការពិភាក្សា​នេះ​ពុំ​ក្លាយទៅជា​ការ​រិះគន់​អំពី​សាសនា​មួយ ដែល​មនុស្ស​ចូលរួម​នៅក្នុង​សកម្មភាព​ដូច្នោះ ) ។

សូម​ពន្យល់​ថា នៅពេល យ៉ូសែប ស៊្មីធ បាន​មកដល់ទីក្រុង​ខឺតឡង់ ជា​លើក​ដំបូង លោក​បាន​ឃើញ​ថា ពួកបរិសុទ្ធ​មួយចំនួន​បាន​ត្រូវ​បញ្ឆោត ក្នុងគ្រា​មួយ ពេល​ដែលពួកគេ​ពុំ​មានថ្នាក់​ដឹកនាំច្រើន ។ ជាលទ្ធផល « មាន​សញ្ញាណ​ចម្លែក​ខ្លះៗ និង​វិញ្ញាណ​ក្លែង​បន្លំ មាន​នៅក្នុងចំណោម » ពួកគេ (History of the Church, ១:១៤៦ ) ។ សមាជិក​ថ្មី​នៅក្នុង​តំបន់​ទីក្រុង​ខឺតឡង់ បាន​ណែនាំអំពីសកម្មភាពចម្លែកៗ ឮៗ ហើយ​ភាន់ច្រឡំ​នៅក្នុង​កម្មវិធី​ថ្វាយ​បង្គំ​របស់ពួកគេ ។ សកម្មភាព​ទាំងនេះ បាន​បង្វក់​អារម្មណ៍​របស់មនុស្ស ប៉ុន្ដែ​ពួកគេ​ពុំ​ត្រូវ​បាន​ស្អាង​ឡើងទេ ។ ពួកអែលឌើរ​នៃ​សាសនាចក្រ​មួយចំនួន ពុំ​យល់​នូវ​អ្វី​ដែលបាន​កើតឡើង​ទេ ដូច្នេះ​ពួកគេ​បាន​សុំ​នូវ​ការ​ទូន្មាន​ពីព្យាការី ។ លោក​បាន​ទូល​សួរ​ដល់ព្រះអម្ចាស់ ហើយ​បាន​ទទួលវិវរណៈ​មួយ​ដែល​នឹង​ជួយ​ឲ្យ​ពួកបរិសុទ្ធ​បាន​ស្អាង​ដល់គ្នា​ទៅវិញ​ទៅមក នៅពេល​ពួកគេ​បានបង្រៀន និង​រៀន​សេចក្ដីពិត​នៃ​ដំណឹងល្អ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:១-៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលប្រភព​នៃ​ឥទ្ធិពល​នេះ​នៅក្នុង​ចំណោម​​ពួក​អ្នកបរិសុទ្ធ ។

  • តើ​ប្រភព​នៃ​ឥទ្ធិពល​នេះ​គឺ​ជា​អ្វី ?

  • ស្រប​តាម ខ ៣ ហេតុអ្វី​ក៏សាតាំង​ចង់​បោកបញ្ឆោត​ពួកបរិសុទ្ធ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:៤-៩ ដោយ​ស្ងាត់ស្ងៀម រកមើល​ការ​ព្រមាន​របស់ព្រះអម្ចាស់ អំពី​មនុស្ស​មួយចំនួន​នៅក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៅ​រដ្ឋ អូហៃអូ ។

  • តើបន្ទូល​អ្វីខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បីពិពណ៌នា​អំពី​សមាជិក​សាសនាចក្រមួយចំនួន​​នៅជំនាន់​នេះ​ ?

  • តើ​មនុស្ស​លាក់ពុត​ជា​អ្វី ? តើ​ការលាក់ពុត​ផ្ដល់​អំណាច​ដល់​មារសត្រូវ​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះអម្ចាស់​មានបន្ទូល​ថា អ្វី​នឹង​កើត​ឡើង​ដល់​មនុស្ស​លាក់ពុត ? ( សូម​មើល  គ. និង ស. ៥០:៦, ៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១០-៣៦

អ្នកកាន់បព្វជិតភាព ត្រូវ​បានណែនាំ​អំពី​របៀប​ដើម្បី​បង្រៀន និង​រៀន​តាមរយព្រះវិញ្ញាណ

សូម​សរសេរ សំណួរ​ខាង​ក្រោម នៅ​លើ​ក្តារខៀន ៖

តើ​តម្រូវ​ឲ្យ​មានអ្វីខ្លះ ដើម្បី​ក្លាយ​ជា​គ្រូបង្រៀនដំណឹងល្អ​ដ៏មានប្រសិទ្ធភាពម្នាក់ ?

តើ​តម្រូវ​ឲ្យ​មានអ្វីខ្លះ ដើម្បី​ក្លាយ​ជាអ្នក​រៀនដំណឹងល្អ​ដ៏មានប្រសិទ្ធភាពម្នាក់ ?

សូម​អញ្ជើញ​សិស្សឲ្យ​ឆ្លើយ​​សំណួរ​ទាំងនេះ ។ សូម​កត់ត្រា​ចំណុច​សំខាន់​ៗ​របស់ពួកគេ​នៅលើ​ក្ដារខៀន​ក្រោម​សំណួរ​និមួយៗ ។ សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ពីរ​ក្រុម ។ សូម​អញ្ជើញ​ក្រុម​ទីមួយ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:១៣-២០ ដោយ​ស្ងាត់ស្ងៀម រកមើលចម្លើយចំពោះ​សំណួរ​ទីមួយ ។ សូម​អញ្ជើញ​ក្រុម​ផ្សេងទៀត​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:១៣-២០ ដោយ​ស្ងាត់ស្ងៀម រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទីពីរ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរកឃើញ ។

  • តើ​ធាតុ​នៃ​ការបង្រៀន និង​ការ​រៀន​ដំណឹងល្អអ្វី​ខ្លះ ត្រូវ​បាន​លើក​ឡើង​ដដែលៗ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? ( តម្រូវការ​សម្រាប់មានព្រះវិញ្ញាណ ) ។

  • តើ​តួនាទី​របស់ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ថ្លែង​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:១៤មានអ្វីខ្លះ ? ( សិស្ស​គួរ​តែ​បង្ហាញ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ជា​អង្គ​លួងលោមចិត្ត ហើយ​ថា ព្រះវិញ្ញាណបរិសុទ្ធ​បង្រៀន​សេចក្ដីពិត ) ។

  • តើ​អ្នក​គិត​ថា​វាមានន័យ​យ៉ាង​ណា ដើម្បី​បង្រៀន​ដំណឹងល្អ « ដោយ​ព្រះវិញ្ញាណ » ? (គ. និង ស. ៥០:១៤) ។ តើ​អ្នក​គិត​ថា វាមានន័យយ៉ាង​ណា ដើម្បី​បង្រៀន « តាមរបៀប​ផ្សេង » ? (គ. និង ស. ៥០:១៧) ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ឱកាស​ទាំងឡាយ​ដែលពួកគេ​ត្រូវ​បង្រៀនដំណឹងល្អ ។ ពួកគេ​អាច​គិត​អំពី​ការ​បង្រៀន​នៅ​ផ្ទះ ជាមួយមិត្តភក្ដិ នៅក្នុង​ថ្នាក់សិក្ខាសាលា នៅ​ព្រះវិហារ ឬ​ជា​គ្រូបង្រៀនតាមផ្ទះ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​ទាំង​ឡាយ​ដែលពួកគេ​មាន នៅពេល​ពួកគេ​មានព្រះវិញ្ញាណបរិសុទ្ធ​ដឹកនាំ​ពួកគេ​នៅក្នុង​ការ​បង្រៀនដំណឹងល្អ ឬ​ការ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ ។

  • តើ​អ្នក​គិត​ថា វាមានន័យ​យ៉ាង​ណា​ដើម្បី « ទទួល [ពាក្យ​នៃ​សេចក្ដីពិត ] ដោយ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត​នោះ » ? (គ. និង ស. ៥០:១៩) ។ តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណាដើម្បីទទួលវាតាម « វិធី​ផ្សេង » នោះ ? (គ. និង ស. ៥០:១៩) ។

  • តើ​អ្នកអាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​ដំណឹងល្អ​ឲ្យបានកាន់​តែ​ល្អ​ប្រសើរ នៅពេល​វា​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​រឿង​ដូច​ខាង​ក្រោម ដែល​បាន​ប្រាប់​ដោយ​អែលឌើរ ចាក អេក. ហ្គូស្លីន នៃ​ពួកចិតសិប​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវគំនិត​អំពី​របៀប​ដែល​យើង​អាច​ទទួលបាន​ពាក្យ​សម្ដី​នៃ​សេចក្ដីពិត​តាមព្រះវិញ្ញាណ​កាន់តែ​ល្អ​ប្រសើរ ។

រូបភាព
អែលឌើរ ចាក អេក ហ្គោសលីន

« តើ​អ្នករាល់​គ្នា​ប៉ុន្មាន​នាក់ ដែល​មាន ‹ អាការៈធុញទ្រាន់ › អំឡុង​ពេល​ម៉ោង​ប្រជុំ​សាក្រាម៉ង់ ? អ្នកដឹង​អំពីអាការៈ​នោះ​ថា ៖ ការ​ឱនជ្រុប ការ​អង្គុយ​ច្រត់ចង្ការ អង្គុយ​ច្រត់​ដៃលើជង្គង់ ឈ្ងោក​​មើល​ទៅ​ឥដ្ឋ​ជាដើម ។​ តើ​អ្នក​ធ្លាប់​មាន​ឥរិយាបថ​បែប​នេះ ដែល​ជា ជម្រើសរបស់​អ្នក ទោះ​ជា​ការប្រជុំ​នោះ​មាន​ការចាប់អារម្មណ៍ ឬ អត់​ដែរ​ឬ​ទេ ?…

« ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​មាន​ប្រសាសន៍​អំពី​ការថ្វាយបង្គំ​បែប​នោះ​ថា ‹ ជា​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន​មួយ ហើយ​ទោះ​ជា​អ្វី​ដែល​ត្រូវ​បាន​ថ្លែង​ចេញ​ពី​វេទិកា​ក៏​ដោយ ប្រសិនបើ​បុគ្គល​ម្នាក់​មាន​បំណង​ថ្វាយបង្គំ​ព្រះអម្ចាស់​តាម​វិញ្ញាណ និង តាម​សេចក្ដីពិត នោះ​គាត់​អាច​ធ្វើ​ដូចនោះ​បាន ។… ប្រសិនបើ​ការប្រជុំ​នោះ​ជា​ការធ្វេសប្រហែស​ចំពោះ​អ្នក អ្នក​បាន​បរាជ័យ​ហើយ ។ គ្មាន​នរណាម្នាក់​អាច​ថ្វាយបង្គំ​ជំនួស​អ្នក​បាន​ឡើយ អ្នក​ត្រូវតែ​ចាំ​ទទួល​ព្រះអម្ចាស់​ដោយ​ខ្លួន​អ្នក​ផ្ទាល់ › ។ ( Ensign ខែ មករា ឆ្នាំ ១៩៧៨ ទំព័រ ៥ ) ។

« យុវវ័យ​ម្នាក់​បាន​ប្រាប់​អំពី​បទពិសោធន៍​ដំបូង ដែល​គាត់​មាន​អំពី​វិញ្ញាណ​នៃ​ការថ្វាយបង្គំ ។ គាត់​ពុំ​សូវ​មាន​ភាពសកម្ម ក្នុង​ការកាន់​បព្វជិតភាព​អើរ៉ុន​របស់​គាត់​ឡើយ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ។ នៅ​ពេល​គាត់​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ជា​ធម្មតា​គាត់​អង្គុយ​នៅ​ខាង​ក្រោយ​ជាមួយ​ក្រុម​មិត្តភក្ដិ​របស់​គាត់ ហើយ​គាត់​ពុំ​បាន​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការមាន​គារវភាព​ឡើយ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ថ្ងៃ​មួយ​គាត់​បាន​មក​យឺត​ពេល ហើយ​ពុំ​មាន​កន្លែង​អង្គុយ​ក្បែរ​មិត្តភក្ដិ​របស់​គាត់​នោះ​ទេ ។ គាត់​បាន​អង្គុយ​តែ​ឯង ហើយ​នោះ​ជា​លើក​ទី​មួយ​ហើយ​នៅ​ក្នុង​ជីវិត​របស់​គាត់​ដែល​អង្គុយ​តែ​ឯង គាត់​បាន​បិទ​ភ្នែក​ពេល​អធិស្ឋាន គាត់​បាន​ច្រៀង​ទំនុកតម្កើង គាត់​បាន​ស្ដាប់​ការអធិស្ឋាន​សាក្រាម៉ង់ ហើយ​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ឡើង​និយាយ ។ នៅ​ពេល​អ្នក​ឡើង​និយាយ​ទី​មួយ និយាយ​បាន​ប្រហែល​ពាក់​កណ្ដាល គាត់​ឃើញ​ថា ទឹក​ភ្នែក​គាត់​បាន​ស្រក់​ពី​ភ្នែក​របស់​គាត់ ។ ដោយ​ការអៀនប្រៀន​បន្តិច គាត់​បាន​សម្លឹង​មើល​ទៅ​ជុំវិញ​ខ្លួន​ដោយ​ប្រុងប្រយ័ត្ន ប៉ុន្តែ គ្មាន​នរណា​ម្នាក់​មាន​អារម្មណ៍​រំជួល​ដូចជា​គាត់​ឡើយ ។ គាត់​ពុំ​បាន​ដឹង​ថា មាន​អ្វី​បាន​កើតឡើង​ចំពោះ​គាត់​នោះ​ទេ ប៉ុន្តែ បទពិសោធន៍​នោះ​បាន​កែប្រែ​ជីវិត​របស់​គាត់ ។ អំឡុង​ពេល​ការប្រជុំ​នោះ​ហើយ ដែល​គាត់​បាន​ចាប់ផ្ដើម​ត្រៀមខ្លួន​យ៉ាង​ប្រាកដប្រជា​ខាង​វិញ្ញាណ​ដើម្បី​បម្រើ​បេសកកម្ម ។ គាត់ បាន​ដឹង​ពី អ្វី​មួយ ហើយ​ជា​កុសលល្អ គាត់​បាន​ធ្វើ​តាម ហើយ​គាំទ្រ​អារម្មណ៍​ទាំងនោះ » (Yagottawanna »Ensign ខែ ឧសភា ឆ្នាំ ១៩៩១, ទំព័រ ៤៦ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយតើផ្នែក​ណា​មួយនៃរឿង​នេះ ដែល​ធ្វើ​ឲ្យពួកគេ​ចាប់​អារម្មណ៍ ។ បន្ទាប់ពី​ពួកគេ​ពីរបីនាក់​បាន​ចែកចាយ​រួច​ហើយ នោះ​អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ថា ពួកគេ​សរសេរ​របៀប​ជាក់លាក់មួយ ដែលពួកគេ​អាច​កែលម្អ​នៅក្នុង​ការ​ខិតខំ​របស់ពួកគេ​ដើម្បី​រៀន​ដោយព្រះវិញ្ញាណ ។

សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​របៀប​ដែលពួកគេ​អាច​កំណត់​ថា​តើ​ពួកគេ​កំពុង​តែ​បង្រៀន ឬ​កំពុង​តែ​រៀន​ដោយព្រះវិញ្ញាណ​ឬ​ទេ ។ បន្ទាប់មក​អញ្ជើញសិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:២១-២២ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើលការណែនាំ​របស់ព្រះអម្ចាស់​អំពី​របៀប​ដើម្បី​ធ្វើដូចនេះ ។

  • តើ​មានអ្វីកើត​ឡើងខ្លះ នៅពេល​យើង​បង្រៀន និង​រៀន​ដោយព្រះវិញ្ញាណ ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « ស្អាងឡើង ហើយ​ត្រេក​អរ​ជាមួយគ្នា » ? តើ​អ្នក​ទទួល​បទពិសោធន៍​នេះ​នៅពេល​ណា ?

  • តើ​អ្នក​នឹង​សង្ខេប​ការ​បង្រៀន​របស់ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:១៣-២២ ដោយ​របៀប​ណា ? ( សិស្ស​គួរ​តែ​ប្រាប់​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ នៅពេល​យើង​បង្រៀន និង​រៀន​ដោយព្រះវិញ្ញាណ នោះ​យើង​យល់​ពីគ្នា​ទៅវិញទៅមក ហើយ​យើង​ត្រូវ​បាន​ស្អាងឡើង ហើយ​ត្រេក​អរជាមួយគ្នា ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:២៣-២៥ ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រក​មើល​ភាព​ផ្ទុយ​គ្នា​រវាង​អ្វីដែល​កើត​ឡើង នៅពេល​មនុស្ស​បង្រៀន​ដោយ​ព្រះវិញ្ញាណ និង​អ្វី​ដែល​កើត​ឡើង​នៅពេល​មនុស្ស​បង្រៀន ហើយ​រៀន​តាម « តាម​មាគ៌ា​ណា​មួយ​ទៀត » (គ. និង ស. ៥០:១៧) ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ព្រះអម្ចាស់​ពិពណ៌នា​អំពី​ការបង្រៀន​ដែល​ពុំ​ស្អាងគ្នាឡើង​យ៉ាងដូចម្ដេច​ខ្លះ ?

  • តើ​ព្រះអម្ចាស់​ពិពណ៌នា​អំពី​ការបង្រៀន​ដែល « មកពីព្រះ »​យ៉ាងដូចម្ដេច​ខ្លះ ? (គ. និង ស. ៥០:២៤) ។ តើ​ទ្រង់មានបន្ទូល​ថា​យើង​នឹង​ត្រូវ​បាន​ប្រទានពរ​យ៉ាង​ដូចម្ដេច នៅពេល​យើង​ទទួល​ការ​បង្រៀន​ដូច្នេះ ?

  • តើ​គោលលទ្ធិអ្វីខ្លះ ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​គួរ​តែ​ប្រាប់នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ អ្វី​ដែល​មក​ពីព្រះ​ជា​ពន្លឺ ហើយ​​ស្អាង​គ្នាឡើង តែ​អ្វី​ដែល​មិន​មក​ពី​ព្រះ នាំ​ឲ្យ​មាន​ការ​ច្របូក​ច្របល់ និង​ភាព​ងងឹត ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

  • តើ​អ្នក​ធ្លាប់​ដឹង​ថា អ្វីមួយដែលអ្នកបាន​ស្ដាប់​ឮ មើល​ឃើញ ឬ​បាន​ជួប​ពុំ​មែនមកពី​ព្រះ​នៅពេលណា ? តើ​ព្រះវិញ្ញាណ​ជួយអ្នក​ឲ្យ​ស្គាល់​រឿង​នោះ​យ៉ាង​ដូចម្ដេច ?

ចូ​រពន្យល់​ទៅ​សិស្ស​ថា ពួកគេ​នឹង​ស្ដាប់ឮ ហើយ​មើល​ឃើញ​សារ​ទាំងឡាយ ដែល​មានបំណង​ចង់​បំផ្លាញ​សេចក្ដីជំនឿ​របស់​យើង ។ គោលការណ៍ទាំង​ឡាយ ដែល​ពួកគេ​កំពុង​រៀន​នៅថ្ងៃ​នេះ អាច​ជា​កំផែង​ការ​ពារ​ពួកគេ​ទប់ទល់នឹង​សារ​ទាំងនោះ ។ អ្នកអាច​នឹង​ចង់​ចែកចាយបទពិសោធន៍​មួយ ដែលអ្នកមាន នៅពេល​ព្រះវិញ្ញាណ​បាន​ជួយ​អ្នក​ឲ្យ​ញែក​ដឹង​ថា សារ​មួយ​ពុំ​មែន​មកពី​ព្រះ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:២៦-៣៦ ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រឹក្សា​នឹង​អ្នក​កាន់បព្វជិតភាព​ទាក់ទង​នឹង​អំណាច និង​ទំនួលខុសត្រូវ​ទាំងឡាយ ដែលមាន​មក​ជាមួយ​នឹង​ការតែងតាំង​របស់ពួកគេ ។ ទ្រង់​មានបន្ទូល​ថា អ្នកកាន់បព្វជិតភាព​ទាំងឡាយ គឺ​ត្រូវ​បម្រើ​អ្នកដទៃ និង​រក្សា​ខ្លួនពួកគេ​ឲ្យ​បរិសុទ្ធ ។ នៅពេល​ពួកគេ​ធ្វើ​ដូច្នេះ ព្រះអម្ចាស់ នឹង​ប្រទាន​អំណាច​ដល់​ពួកគេ​ដើម្បី​យក​ឈ្នះ​លើ​វិញ្ញាណ​ក្លែង​បន្លំ ដូច​ជា​វិញ្ញាណ​ទាំង​ឡាយ​ដែល​រក​ឃើញ​មាននៅក្នុង​ចំណោម​ពួកបរិសុទ្ធ​មួយចំនួន នៅគ្រា​ដែល​វិវរណៈ​នេះ ត្រូវ​បាន​ប្រទាន​ឲ្យ​នោះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៣៧-៤៦

ព្រះអម្ចាស់​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ​ឲ្យ​បន្ដ​រីកចម្រើន​នៅក្នុង​ព្រះគុណ និង​សេចក្ដីពិត ហើយ​ទ្រង់​អះអាង​ដល់​ពួកគេ​ថា ទ្រង់​គង់​នៅជាមួយ​ពួកគេ ។

សូម​ដាក់​បង្ហាញ​រូបភាព ការអធិស្ឋាន​ជា​គ្រួសារ (សៀវភៅ​សិល្បៈ​ដំណឹងល្អ [ឆ្នាំ ២០០៩ ] ទំព័រ ១១២, សូមមើលផងដែរ LDS.org)។ សូម​ចង្អុល​ទៅ​ក្មេង​ប្រុស​តូច​ជាងគេ ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

រូបភាព
ការអធិស្ឋាន​ជា​គ្រួសារ
  • តើអ្នកអាច​នឹក​ស្រម៉ៃ​ពី​កុមារា​តូច​នេះ​បម្រើ​បេសកកម្ម​ពេញម៉ោង នៅពេល​គាត់ធំឡើងដែរ​ឬទេ ? តើ​រូបភាព​នេះ​ផ្ដល់មាន​យោបល់អ្វី​ខ្លះ ដែលគាត់អាចនឹង​ត្រៀមខ្លួន​ដើម្បីបម្រើ ?

  • សូម​ពិចារណា​អំពី​កិច្ចការ ដែល​ព្រះអម្ចាស់​មាន​នៅក្នុង​ឃ្លាំង​សម្រាប់​យើង​ម្នាក់ៗ តើ​យើង​ដូច​កុមារា​តូច​នេះ តាម​របៀប​ណា​ខ្លះ ?

សូម​ចង្អុល​បង្ហាញ​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:៣៧-៤០ មាន​នូវ​ការ​ប្រឹក្សា​របស់ព្រះអម្ចាស់​ចំពោះ​ពួក​អែលឌើរ​មួយចំនួន ដែល​មានវត្តមាន នៅពេល​វិវរណៈ​នេះ​ត្រូវ​បាន​ទទួល ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ខ ៤០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការប្រឹក្សា ដែល​​ព្រះអម្ចាស់​បាន​ផ្ដល់​ទៅ​ឲ្យពួក​អែលឌើរ​ទាំងនេះ ។

  • ស្របតាម ខ ៤០ហេតុអ្វី​ក៏ព្រះអម្ចាស់​ហៅ​អ្នកកាន់បព្វជិតភាព​ទាំងនេះ ថា « ជាកុមារ​តូចៗ » ដូច្នេះ ? តើ​យើង​ដូចជា​កុមារតូចៗ​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​គិត​ថា « ចម្រើន​ឡើង​ក្នុង​ព្រះគុណ » មាន​ន័យ​យ៉ាង​ណា ? តើ​អ្នក​គិត​ថា ចម្រើនឡើង « ក្នុង​ការ​ចេះ​ដឹង​ពី​សេចក្ដីពិត » មាន​ន័យ​យ៉ាង​ណា ?

  • តើ​យើង​អាច​រៀនអ្វីខ្លះ​មកពី​ខនេះ អំពី​ពរជ័យ​ទាំងឡាយ​ដែល​ព្រះអង្គសង្គ្រោះ​ចង់​ឲ្យ​យើង​ទទួល ? ( សិស្ស​គួរ​តែ​ប្រាប់​នូ​វគោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះអង្គ​សង្គ្រោះ ចង់​ឲ្យ​យើង​រីកចម្រើន​នៅក្នុង​ព្រះគុណ និងក្នុង​ការ​ចេះ​ដឹង​ពី​សេចក្ដីពិត ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:៤១-៤៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពាក្យ​នៃ​ការ​លួងលោមចិត្ត និង​ការ​ធានា​អះអាង ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកអែលឌើរ​ទាំងនេះ និង​ចំពោះ​យើង ។

  • តើ​វា​មាន​ន័យ​យ៉ាង​ណា នៅពេល​ព្រះអម្ចាស់​មានបន្ទូល​ថា « អ្នកជា​របស់​ផងយើង » ? តើ​ការ​អះអាង​នេះ​អាច​ជួយ​យើង​កុំ​ឲ្យ « ភ័យខ្លាច » យ៉ាង​ដូចម្ដេច ? (គ. និង ស. ៥០:៤១) ។

  • តើ​ការ​សន្យា​ផ្សេងទៀត​នៅក្នុង​​ខគម្ពីរ​ទាំងនេះ មាន​អត្ថន័យ​យ៉ាងណាខ្លះចំពោះ​អ្នក ?

សូម​បញ្ចប់​ដោយការ​ថ្លែងទីបន្ទាល់អំពីគោលការណ៍​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​ថ្ងៃ​នេះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បង្រៀន និង​រៀនដោយព្រះវិញ្ញាណ​កាន់តែ​ពេញលេញបន្ថែម​ទៀត ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០។ ឥរិយាបទ ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នេះ

អែលឌើរ ប៉ាលី ភី ប្រាត្ត បាន​ផ្ដល់​ការពិពណ៌នា​មួយ អំពី​យ៉ូសែប ស្ម៊ីធ ការ​សរសេរ​វិវរណៈ ដែល​ឥឡូវ​ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០ ) ។ នេះ​គឺ​ជា​ការពិពណ៌នា​ដ៏​លម្អិត​បំផុត​មួយ ដែល​យើង​បាន​មានអំពី​ការ​សរសេរ​វិវរណៈ​របស់ព្យាការី ។ អែលឌើរ ប្រាត្ត បាន​មាន​ប្រសាសន៍​ថា ៖

រូបភាព
ប៉ាលី ភី ប្រាត្ត

« ប្រយោគ​នីមួយៗ ត្រូវ​បាន​និយាយយឺតៗ និង​ច្បាស់​លាស់​បំផុត ហើយ​មាន​​ដកឃ្លារ រវាង​ប្រយោគ​នីមួយៗ មាន​ប្រវែង​វែង​ល្មម​ដើម្បី​អាច​ត្រូវ​បាន​កត់ត្រា​ទុក ដោយ​អ្នក​សរសេរ​សាមញ្ញ​ម្នាក់ ដែល​សរសេរ​ដោយដៃយ៉ាង​វែង ។

« … គ្មាន​នូវ​ការស្ទាក់ស្ទើរ​ណា​មួយ ការពិនិត្យឡើងវិញ ឬ​មាន​ការ​អាន​ឡើង​វិញ ដើម្បី​ធ្វើ​ឱ្យ​ប្រធានបទ​ស្តាប់​ទៅ​មាន​ភាព​រលូន​នោះ​ទេ … ខ្ញុំ​នៅ​ក្នុង​វត្តមាន​នោះធ្វើជា​សាក្សី​អំពី​ការ​សរសេរ​នូវ​ការ​ទំនាក់ទំនង​មួយចំនួន​នៃ​ទំព័រ​និមួយៗជាច្រើន » (Autobiography of Parley P. Pratt,បាន​បោះពុម្ព​ដោយ Parley P. Pratt Jr. [ ឆ្នាំ ១៩៣៨ ], ទំព័រ ៦២ ) ។

បន្ទាប់ពីយ៉ូសែប ស្ម៊ីធ បាន​សរសេរ​វិវរណៈ​ទាំងឡាយមក នោះលោក​តែងតែ​ពិនិត្យ​មើល​កំណែថ្មី​ដែលបានសរសេរ​នោះ ដោយ​ស្វែងរក​ការ​បំផុសគំនិត​ដើម្បីធ្វើការ​ផ្លាស់ប្ដូរចំនុច​ណា​មួយ ដែល​ចាំបាច់ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០ ។ « មាន​សញ្ញាណ​ចម្លែក​ខ្លះៗ និង​វិញ្ញាណ​ក្លែង​បន្លំ » បាន​មាននៅក្នុងចំណោម​ពួកបរិសុទ្ធ

យ៉ូហាន វិតមើរ បានពិពណ៌នា​អំពី « មាន​សញ្ញាណ​ចម្លែក​ខ្លះៗ និង​វិញ្ញាណ​ក្លែង​បន្លំ » មួយចំនួន (History of the Church ១:១៤៦ ) នៅក្នុង​ចំណោម​ពួកបរិសុទ្ធ​នៅ​ទីក្រុង​ខឺតឡង់ នៅ​និទារឃរដូវ ឆ្នាំ ១៨៣១ ថា ៖

រូបភាព
យ៉ូហាន វិតមើរ

« មនុស្ស​មួយចំនួន​មាន​ការនិមិត្ត ហើយ​មិន​អាច​ប្រាប់នូវ​អ្វី​ដែលពួកគេ​បាន​ឃើញនោះ​ទេ មនុស្ស​មួយចំនួន​ទៀត រវើរវាយ​លើក​ខ្លួនឯង​ថា គេ​មាន​ដាវ​របស់ឡាបាន់ ហើយមានអំណាច​ប្រើ​វា [ ដូចជា​ទាហាន​ជិះ​នៅលើ​ខ្នង​សេះ ] អ្នក​ខ្លះ​មាន​សកម្មភាព​ដូចជា ជនជាតិ​អាមេរិកកាំង​ដើម ពាក់មួក​រោម​សត្វ អ្នកខ្លះ​នឹង​រំអិល ឬ​រំកិល​ខ្លួន​នៅលើ​កម្រាលឥដ្ឋ លឿន​ដូចសត្វ​ពស់ ដែល​[ ពួកគេ ] បាន​ចាត់ទុក​ដូចជា​កំពុង​ជិះទូក​ទៅ​ពួកសាសន៍​លេមិន​ផ្សាយ​ដំណឹងល្អ ។ ហើយ​មានអ្នកខ្លះទៀត ធ្វើ​កាយវិការ​ឥតប្រយោជន៍ ហើយ​ឆ្កួតលីលា​ផ្សេងៗ​ទៀត​ជា​ច្រើន ដែល​វា​ពុំ​មានតម្លៃ ឬ​សម​នឹង​លើក​យកមក​ថ្លែង​ឲ្យ​អស់នោះទេ » (Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨–ខែ​មិថុនា ឆ្នាំ ១៨៣១ វ៉ុលទី ១ of the Documents series of The Joseph Smith Papers [ ឆ្នាំ ២០១៣ ], ទំព័រ ៣០៥ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:១៣-១៤, ១៧ ។ ការបង្រៀន​ដោយព្រះវិញ្ញាណ​នៃ​សេចក្ដីពិត

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពីអ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ មុនពេល​យើង​អាច​បង្រៀន​ដោយព្រះវិញ្ញាណ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« យើង​ត្រូវ​តែ​​សិក្សា​ព្រះគម្ពីរ ។ យើង​ត្រូវ​តែ​សិក្សា​ការ​បង្រៀន​របស់ពួកព្យាការី​នៅរស់ ។ យើង​ត្រូវ​រៀន​ទាំង​អស់​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សមត្ថភាព ហើយ​អាច​យល់​បាន ។… ការ​រៀបចំខ្លួន គឺជាលក្ខខណ្ឌ​ជាមុន​ចំពោះការ​បង្រៀន​ដោយព្រះវិញ្ញាណ » ( Teaching and Learning by the Spirit » Ensign ខែ មិនា ឆ្នាំ ១៩៩៧, ទំព័រ ១០ ) ។

ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ បាន​ផ្ដល់ជាគំនិត និង​ការ​ណែនាំ​​ដើម្បីជួយ​យើងអាច​បង្រៀន​ដោយព្រះវិញ្ញាណថា ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« គោលលទ្ធិ​បង្កើន​នូវ​អានុភាព​របស់វា នៅពេល​ព្រះវិញ្ញាណបរិសុទ្ធ​បញ្ជាក់ថា​វា​គឺជា​ការ​ពិត ។…

« ដោយ​សារ​យើង​ត្រូវ​ការ​ព្រះវិញ្ញាណ​បរិសុទ្ធ យើងត្រូវ​តែ​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​ទៅហួស​ពីការ​បង្រៀន​គោលលទ្ធិ​ពិត ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ។ ពិធីបញ្ជាក់របស់ទ្រង់ ត្រូវ​បាន​អញ្ជើញ​ដោយ​ចៀស​វាង​ពី​ទ្រឹស្តី ឬ​ការ​បកប្រែផ្ទាល់ខ្លួន​របស់​យើង ។ ជា​រឿង​មួយ​ដែល​ពិបាក​នឹង​ធ្វើ ។ អ្នក​ស្រឡាញ់​មនុស្ស​ដែល​អ្នក​កំពុង​ព្យាយាម​ជះឥទ្ធិពល​លើ​គាត់ ។ ពួកគេ​អាច​នឹង​បដិសេធ​នឹង​គោលលទ្ធិ​ដែល​បាន​ស្ដាប់​ឮ​កាលពីមុន ។ វា​គឺ​ជា​ការ​ល្បួង​ដើម្បីព្យាយាម​ធ្វើអ្វី​មួយ​ថ្មី ឬ​អស្ចារ្យ​ពេក ។ ប៉ុន្តែ​យើង​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​មក​ធ្វើជា​ដៃគូ​របស់​យើង នៅពេល​យើង​ត្រូវ​បង្រៀន​ដោយ​ប្រុងប្រយ័ត្ន​ចំពោះតែ​គោលលទ្ធិ​ដែល​ពិត​ប៉ុណ្ណោះ » (Teaching True Doctrine » Ensign ខែ មេសា ឆ្នាំ ២០០៩ ទំព័រ ៦ ) ។

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានបង្ហាញ​ពីភាព​ខុសគ្នា​រវាង​ការ​បង្រៀន​ដោយព្រះវិញ្ញាណ និង​ការ​បង្រៀន​ដោយ​បញ្ញា​របស់យើង ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​មាន​កិច្ចការ​មួយ​នៅ​ប្រទេស​ម៉ិកស៊ិក និង ទ្វីប​អាមេរិក​កណ្ដាល​ដែល​ស្រដៀង​គ្នា​នឹង​ប្រធាន​តំបន់​ដែរ ។…

« នៅ​ថ្ងៃ​អាទិត្យ​មួយ…ខ្ញុំ​បាន​ទៅ​លេង​ការប្រជុំ​បព្វជិតភាព​នៅ​សាខា​មួយ​ដែល​មាន​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ម្នាក់​ដ៏​រាបសា ហើយ​រៀន​មិន​បាន​ខ្ពង់ខ្ពស់ ដែល​​បាន​មាន​ការ​ពិបាក​ក្នុង​ការ​រៀបរាប់​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ វា​ពិត​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវិត​របស់​គាត់​ហើយ​មើល​ទៅ ។ ខ្ញុំ​បាន​ឃើញ​ពី​បំណង​ប្រាថ្នា​ដ៏ពិត​របស់​គាត់​ដើម្បី​រៀបរាប់​ពី​គោលការណ៍​ទាំងនោះ ។ គាត់​បាន​ដឹង​ថា វា​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​បងប្អូន​ប្រុស​ដែល​គាត់​ស្រឡាញ់ ។ គាត់​បាន​អាន​ចេញ​ពី​សៀវភៅ​សិក្សា​មេរៀន ប៉ុន្តែ​ទង្វើ​របស់​គាត់​គឺ​ជា​សេចក្ដី​ស្រឡាញ់​ពិត​របស់​ព្រះអង្គ​សង្គ្រោះ និង អ្នក​ទាំងឡាយ​ដែល​គាត់​បង្រៀន ។ សេចក្ដីស្រឡាញ់ ចិត្តស្មោះ និង ភាព​បរិសុទ្ធក្នុង​ចិត្ត​នោះ​បាន​អនុញ្ញាត​ឲ្យ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គ្រប​ដណ្ដប់​ពេញ​បន្ទប់​នោះ ។…

« ក្រោយ​មក​ទៀត ខ្ញុំ​បាន​ទៅ​ចូលរួម​នៅ​ថ្នាក់​សាលាថ្ងៃអាទិត្យ​ក្នុង​វួដ​ដែល​គ្រួសារ​ខ្ញុំ​ទៅ​ចូលរួម ។ សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ដែល​មាន​ការ​អប់រំ​ខ្ពស់​បាន​បង្រៀន​មេរៀន ។ បទពិសោធន៍​នោះ​គឺ​ផ្ទុយ​ពី​បទពិសោធន៍​ដែល​ខ្ញុំ​បាន​រីករាយ​នៅ​ក្នុង​ការ​ប្រជុំ​បព្វជិតភាព​នៃ​សាខា​នោះ ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា គ្រូបង្រៀន​បង្រៀន​មាន​ចេតនា​ជ្រើស​យក​សេចក្ដីយោង​ស្រពិច​ស្រពិល និង ឧទាហរណ៍​ប្លែកៗ​ដើម្បី​បង្រៀន​ប្រធានបទ ដែល​បាន​ចាត់​ឲ្យ​បង្រៀន​---គឺ​ឆាកជីវិត​របស់​យ៉ូសែប ស្ម៊ីធ។ ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ច្បាស់​ថា គាត់​បានប្រើ​ឱកាស​បង្រៀន​នោះ​ដើម្បី​ធ្វើ​ឲ្យ​សិស្ស​ស្ងើច​សរសើរ​ដល់​ចំណេះដឹង​ដ៏​ជ្រៅ​ជ្រះ​របស់​គាត់ ។… គាត់​ទំនង​ដូចជា​មិន​បាន​រៀបរាប់​ពី​គោលការណ៍​ដូចជា​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដ៏​រាបសា​ម្នាក់​នោះ​ឡើយ ។

« … ភាព​រាបសារបស់​អ្នក​កាន់បព្វជិតភាព​ម៊ិកស៊ីកូ គឺ​ចាំបាច់​ដើម្បី​ខ្លួន​របស់គាត់​​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​មួយ សម្រាប់​ទំនាក់ទំនង​ខាង​វិញ្ញាណ​នៃ​សេចក្ដីពិត » ( « Helping Others to Be Spiritually Led » [address to CES religious educators, ថ្ងៃទី ១១ ខែ​សីហា ឆ្នាំ ១៩៩៨ ], ១០–១១, LDS.org) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៩-២០ ។ ការ​ទទួល​ដោយព្រះវិញ្ញាណ

ប្រធាន ជេ រ៉ូប៊ីន ក្លាក នៃគណៈប្រធានទីមួយ បាន​ផ្ដល់​យោបល់​ថា យើង​មាន​តួនាទីសំខាន់​មួយ នៅក្នុង​ការកំណត់ថា តើអ្នកឡើងនិយាយ​​​បង្រៀន​ដោយព្រះវិញ្ញាណឬ​អត់ ៖

រូបភាព
ប្រធាន ជេ រ៉ូប៊ីន ក្លាក

« យើង​អាច​ប្រាប់​បាន ពេល​អ្នកឡើងនិយាយ គឺត្រូវ​បាន ‹ បំផុស​ដោយព្រះវិញ្ញាណបរិសុទ្ធ › គឺនៅពេលដែល​ខ្លួន​យើង​ផ្ទាល់ បាន ‹ បំផុសដោយព្រះវិញ្ញាណបរិសុទ្ធដែរ › ។

« តាមរបៀប​មួយ ការណ៍​នេះ​ផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​ទំនួលខុសត្រូវ​របស់ពួកគេ ​មក​កាន់ពួក​យើង ដើម្បី​កំណត់ថា​តើ​​នៅពេ​ល​ណា​ពួកគេ​និយាយ​ដូច្នោះ​ » (« When Are Church Leaders’ Words Entitled to Claim of Scripture ? » Church News,ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ១៩៥៤, ទំព័រ ៩ ) ។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃពួកសាវកដប់ពីរ​នាក់ បាន​សរសេរ​ចំពោះទំនួល​ខុសត្រូវ​របស់សិស្ស​ដើម្បី​រៀន​ប្រកប​ដោយ​ប្រសិទ្ធភាពថា ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« កាលណា​សមាជិក​ក្នុង​ថ្នាក់​អាន​ព្រះគម្ពីរ​ដែលបាន​ចាត់ឲ្យពួកគេអានកាន់តែ​ច្រើន នោះពួកគេ​នឹងយក​គម្ពីរ​របស់ពួកគេ​មក​ថ្នាក់​កាន់តែ​ច្រើន ហើយ​កាលណា​ពួកគេ​ពិភាក្សា​នូវ​អត្ថន័យ​នៃ​ដំណឹងល្អពិតជា​មាន​ន័យ​ក្នុងជីវិត​ពួកគេ នោះ​ពួកគេ​នឹង​ត្រូវ​បាន​បំផុសគំនិត​កាន់តែ​ច្រើន រីកចម្រើន និង​មានក្ដីអំណរ​កាន់​តែ​ច្រើន នៅពេល​ពួកគេ​ព្យាយាម​ដើម្បី​ដោះ​ស្រាយ​កង្វល់ និង​ឧបសគ្គ​ផ្ទាល់ខ្លួន​របស់ពួកគេ » (Teaching by the Spirit » Ensign ខែ មករា ឆ្នាំ ១៩៨៩, ទំព័រ ១៥ ) ។

អេ រ៉ូជើរ មើរីល ជា​ប្រធាន​សាលាថ្ងៃអាទិត្យទូទៅ បាន​គូស​បញ្ជាក់អំពី​តម្រូវ​ការ​គ្រឹះ​សម្រាប់យើង​រៀន​ដោយព្រះវិញ្ញាណ ថា៖

រូបភាព
អេ រ៉ូជើ មើរ៉ល

« ខ្ញុំ​បាន​យល់​កាន់តែ​ច្រើន​​ថា​វា​មានសារៈសំខាន់​យ៉ាង​ណា ដើម្បី​ ទទួល​បាន តាមរយៈ​ព្រះវិញ្ញាណ ។ ជាញឹកញាប់ យើងត្រូវ​ផ្ដោត​ទៅលើ​សារៈសំខាន់​នៃ​ការ​បង្រៀនដោយព្រះវិញ្ញាណ ។ ប៉ុន្តែ យើង​ក៏​ចាំបាច់​ត្រូវ​យល់​ផងដែរថា ព្រះអម្ចាស់ បាន​ដាក់​ភាព​ស្មើគ្នានូវ​សារៈ​សំខាន់​នៃ​ការ​ទទួល​យក​ដោយព្រះវិញ្ញាណ គឺមិន​ធំជាង​គ្នានោះទេ ។ ( សូម​មើល គ. និង ស. ៥០:១៧-២២) » ។ (« Receiving by the Spirit,» EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៦, ទំព័រ ៩៣ ) ។

អែលឌើរ ចាក អេក ហ្គូស្លីន នៃពួកចិតសិប​នាក់ បាន​ចែកចាយនូវរឿងដូច​ខាង​ក្រោម ដើម្បី​បង្ហាញ​ថា យើង​ម្នាក់ៗ​មាន​លទ្ធភាព​ដើម្បី​ជ្រើសរើសថា​តើ​យើង​រៀន​ដោយព្រះវិញ្ញាណ ឬ​អត់ ៖

រូបភាព
អែលឌើរ ចាក អេក ហ្គោសលីន

« ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បានស្ដាប់​ឮ​អំពី​បងប្រុស​ល្អ​ម្នាក់ ដែល​បាន​ពិពណ៌នា​អំពី​ឥរិយា​របស់​គាត់ នៅពេល​ប្រធាន ដេវីឌ អូ មិកឃេ បាន​មាន​ប្រសាសន៍​នៅចុង​បញ្ចប់​នៃ​សន្និសីទ​ទូទៅ ។ វា​គឺ​ជា​ពេល​រសៀល​ដ៏​ស្អុះស្អាប់​មួយ ហើយ​នេះ​គឺ​ជា​សម័យ​ប្រជុំ​ទីប្រាំ ដែល​គាត់​បាន​ចូលរួម ។ គាត់​អង្គុយ​នៅ​ឡៅតឿ ហើយ​គំនិត​របស់គាត់​ងឿងឆ្ងល់ពីបញ្ហាជា​ច្រើន ។ គាត់​បាន​កត់សម្គាល់​បុរស​ម្នាក់​អង្គុយ​នៅ​ជួរ​កណ្ដាល ដែល​ដេកលក់​​ក្បាល​ផ្ងារឡើងបន្ដិច ហើយ​ចំហរ​មាត់ ។ ករណីនេះវា​ធ្វើ​ឲ្យ​គាត់​គិតថា បើ​សិន​ជា​គាត់​នៅលើ​ដំបូល​រោងឧបោសថវិញ នោះ​គាត់​អាច​ស្ដោះ​​ទឹកមាត់ តាម​ប្រហោង​តូច​មួយចូល​ទៅ​ក្នុងមាត់​របស់​បុរស​ដែល​ដេកលក់​នោះ ។ អូ៎ នេះ​ជា​គំនិតឡូយ​ណាស់! បន្ទាប់ពីការ​ប្រជុំ គាត់​បាន​ស្ដាប់​ឮ​បុរស​ពីរនាក់​និយាយគ្នា​អំពី​អារម្មណ៍​របស់ពួកគេ អំឡុង​ពេល​ប្រធាន មិកឃេ មានប្រសាសន៍ ។ ពួកគេ​​បាន​រៀបរាប់​ជាក់លាក់​អំពី​អ្វីដែលពួកគេ​បានស្ដាប់​ឮ ។ គាត់បាន​គិតពី​​ខ្លួន​ឯង​ថា បុរស​ទាំងពីរ​នាក់​នេះ កំពុង​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏អស្ចារ្យ​មួយ ហើយ​ចុះ​តើ​ខ្ញុំវិញ ? គិត​អំពី​ការ​ស្ដោះទឹកមាត់​ពី​លើ​ពិដានទៅវិញ ! » « Yagottawanna, » Ensign, ខែ ឧសភា ឆ្នាំ ១៩៩១, ទំព័រ ៤៦ ) ។