ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៨ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៥១-៥២


មេរៀន​ទី ៥៨

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥១-៥២

បុព្វកថា

នៅពេល​ពួកបរិសុទ្ធ​មួយចំនួន​ធ្វើ​អន្ដោប្រវេសន្ដ៍​មកពី​រដ្ឋនៅ​ប៉ែក​ខាង​កើត​បានចាប់​ផ្ដើម​មកដល់​រដ្ឋ អូហៃអូ នៅក្នុង​ខែ ឧសភា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បានបើក​សម្ដែង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥១ ដល់ យ៉ូសែប ស៊្មីធ សម្រាប់​ប៊ីស្សព អេតវឹត ប៉ាទ្រិច ។ ក្រុម​ដែលមក​ដល់ ខូស្វិល រដ្ឋ នូវ យ៉ោក ត្រូវ​បាន​ដឹកនាំ​ឲ្យទៅ ថមសុន រដ្ឋ អូហៃអូ ជាកន្លែង​ដែលពួកគេ​នឹង​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃការ​ថ្វាយ ។ នៅ​ចុង​បញ្ចប់​នៃ​សន្និសីទ​សាសនាចក្រ​លើកទី បួន ដែល​បានធ្វើឡើង​នៅថ្ងៃទី ៣-៦ ខែ មិថុនា ឆ្នាំ ១៨៣១ នៅ​ទីក្រុង​ខឺតឡង់ នោះព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​យ៉ូសែប ស៊្មីធ និង​ពួកអែលឌើរ​ដទៃទៀត ធ្វើ​ដំណើរ​ជា​គូៗ​ទៅ​រដ្ឋ មិសសួរី ផ្សាយដំណឹងល្អ​នៅ​តាមផ្លូវ ។ វិវរណៈ​ដែលបានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២ព្រះអម្ចាស់​បានហៅ​ដៃគូ​និមួយៗ ហើយ​ប្រទាន​ឲ្យនូវ​គំរូ​មួយ​ដើម្បីជួយពួកគេ​ឲ្យ​ចៀសវាង​ពីការ​បោកបញ្ឆោត ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥១:១-២០

ព្រះអម្ចាស់​ដឹកនាំ​ប៊ីស្សព អែតវឹត ប៉ាទ្រិច ឲ្យ​ថ្លែង​អំពី​តម្រូវ​ការ​ខាងសាច់ឈាម​របស់ពួកបរិសុទ្ធ ។

ដើម្បីជួយសិស្ស​ចាប់ផ្ដើម​គិតអំពី​លទ្ធផល​មួយ​នៃ​ការ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃការ​ថ្វាយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ដូច​ខាង​ក្រោម​ជា​គូៗ ឬ​ក្រុម​តូចៗ ឬ​ជា​ថ្នាក់រៀនទាំងមូល ។

  • តើ​ក្រុម​ដែល​មានសាមគ្គីភាពបំផុត​ដែល​អ្នក​ចូលរួម​គឺជាក្រុម​អ្វី ? តើ​អ្នក​ដឹង​ថា ក្រុមមួយ​មានសាមគ្គីភាព​ដោយរបៀប​ណា ? តើ​ការអនុវត្ត ឬ​ព្រឹត្តការណ៍​ប្រភេទ​ណា ដែលជួយ​ក្រុម​មួយ​ឲ្យ​មានសាមគ្គីភាព​នោះ ?

សូម​ពន្យល់​ថា ពួកបរិសុទ្ធ​ដែល​ផ្លាស់ពី​រដ្ឋ នូវ យ៉ោក បានចាប់​ផ្ដើម​មក​ដល់​រដ្ឋ អូហៃអូ នៅ​ដើម​និទារឃរដូវ​ឆ្នាំ ១៨៣១ ។ ក្រុមមួយ​បាន​ចេញមកពី ខូលស្វិល រដ្ឋ នូវ យ៉ោក ដោយមានការ​លះបង់​យ៉ាង​ខ្លាំង ។ ក្រុម​នេះ​ត្រូវ​បាន​ណែនាំ​ឲ្យ​បោះទីតាំងនៅ ថមសុន រដ្ឋ អូហៃអូ ហើយ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃការ​ថ្វាយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​អំពី​សាមគ្គីភាព​ដែល​ជា​លទ្ធផលបានមកពី​ក្រុមមួយ ដែល​បានលះបង់ជាមួយគ្នា ដើម្បី​ធ្វើតាម​ព្រះឆន្ទៈ​របស់ព្រះអម្ចាស់ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥១:១-៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ទំនួលខុសត្រូវ​របស់​ប៊ីស្សព អែតវឹត ប៉ាទ្រិច ។

  • តើ​ទំនួលខុសត្រូវ​មួយចំនួន​របស់ ប៊ីស្សព ប៉ាទ្រិច មានអ្វីខ្លះ ? ( អ្នកអាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា នៅក្នុង ខ ៣ ឃ្លា « ត្រូវបាន​ដូចគ្នា​តាមគ្រួសារ​របស់ខ្លួន » ពុំ​មានន័យ​ថា ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​ទទួល​ជំនួយ​ដូចគ្នា​នោះទេ ។ ប៊ីស្សព​ត្រូវ​គិត​អំពី​ស្ថានភាព​របស់គ្រួសារ​និមួយៗ​ផ្សេងៗគ្នា ហើយ « ផ្ដល់​ឲ្យ » ពួកគេ​នូវ​អ្វី​ដែលពួកគេ​ត្រូវ​ការ ។ ពួកគេ​ត្រូវ​បាន​ស្មើគ្នា ដោយ​សារ​ប៊ីស្សព បាន​គិត ហើយ​មើល​ថែ​គ្រួសារ​នីមួយៗ​ដូចៗ​គ្នា ) ។

សូម​អញ្ជើញសិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥១:៩ ដោយ​ស្ងាត់ស្ងៀម រកមើល​នូវអ្វី​ដែលព្រះអម្ចាស់​បានពន្យល់​ដែលជា​លទ្ធផល​ពីរយ៉ាង​នៃការ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃការ​ថ្វាយ ។

  • តើ​ព្រះអម្ចាស់​រំពឹង​អ្វីខ្លះពី​រាស្ត្រ​របស់​ទ្រង់ ? ( សិស្ស​គួរ​តែ​បង្ហាញ​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​រំពឹង​ឲ្យរាស្ត្រ​របស់ទ្រង់ ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ស្មោះត្រង់ ហើយ​ត្រូវមាន​សាមគ្គីភាព ) ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥១:១០-២០ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ណែនាំ​ប៊ីស្សព ប៉ាទ្រិច ឲ្យ​បង្កើត​ឃ្លាំង​មួយ សម្រាប់​ផ្ទុក​ផលិតផលដែល​នៅសល់ ។ ទ្រង់​បាន​ពន្យល់​ថា ទ្រង់​បាន​តាំង​ដែនដី​នេះ​ដល់​ពួកបរិសុទ្ធ « សម្រាប់​មួយរដូវ​តូច » (គ. និង ស. ៥១:១៦ ) ។ ទោះបីជា​ពួកគេ​ពុំ​ដឹង​ថា​ពួកគេ​ស្នាក់នៅ​បានរយៈពេល​យូរ​ប៉ុណ្ណា​ក្ដី ក៏ពួកគេ​ត្រូវ « ប្រព្រឹត្ត​នៅលើ​ដែនដីនេះហាក់ដូចជា​នៅ​ច្រើន​ឆ្នាំ » (គ. និង ស. ៥១:១៧) ដោយ​ធ្វើជា​បាវ​ស្មោះត្រង់ ឈ្លាសវៃ និង​យុត្តិធម៌ នូវអ្វីដែលពួកគេ​ត្រូវ​បានប្រទាន​ឲ្យ ។ អ្នកក៏អាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា នៅក្នុង ខ ១០ ពាក្យ ព្រះវិហារ សំដៅ​ទៅលើ​សាខា​មួយ​របស់​សាសនាចក្រ ( សូមមើល គ. និង ស. ៥១:១០ លេខយោង សូមមើលផងដែរ គ. និង ស. ២០:៨១, ៤៥:៦៤) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥២:១-១៣, ២២-៣៦ ។

ព្រះអម្ចាស់​បាន​បញ្ជាព្យាការី និង​ពួកអែលឌើរ​ដទៃទៀត ឲ្យ​ធ្វើដំណើរ​ទៅ​រដ្ឋ មិសសួរី ហើយ​ផ្សាយដំណឹងល្អ​អំឡុងពេល​នៃការ​ធ្វើដំណើរ​របស់ពួកគេ

ពីមុនថ្នាក់​ចាប់ផ្ដើមសូម​រៀបចំ​តម្រុយចំនួនបី ដែលតម្រុយនិមួយៗ​នាំ​ទៅរក​តម្រុយ​មួយទៀត ។ ឧទាហរណ៍ តម្រុយទីមួយ អាច​នឹងនាំ​សិស្ស​ឲ្យ​រកមើល​តម្រុយទីពីរ នៅក្រោម ឬ​នៅ​ក្នុង​វត្ថុ​មួយ នៅកន្លែង​ណាមួយក្នុង​ថ្នាក់រៀន ។ តម្រុយទីពីរ​អាច​នឹង​នាំ​ពួកគេ​ឲ្យ​ស្វែងរកតម្រុយទីបី​នៅកន្លែង​ផ្សេង​ក្នុងថ្នាក់រៀន ។ តម្រុយទីបី​គួរ​តែ​និយាយ​ថា « អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:១-៦ ។ សូមរក​គោលការណ៍​មួយ​ដែល​ស្រដៀងគ្នា​ទៅនឹង​សកម្មភាព​នេះ » ។

សូមបិទ​តម្រុយទីមួយ​នៅលើក្ដារខៀន ហើយសរសេរ​ការណែនាំ​ដូច​ខាង​ក្រោម​នៅជិត​​វា ៖ ធ្វើតាម​តម្រុយ​នេះ ​ដើម្បី​រៀន​អំពី​របៀប​ទទួលបានការ​ណែនាំ​ជាបន្ដបន្ទាប់មកពីព្រះ​​អម្ចាស់ ។

បន្ទាប់ពីសិស្ស​អាន​តម្រុយទីមួយ សូម​អញ្ជើញពួកគេឲ្យ​ធ្វើតាម​ការណែនាំ​ដើម្បីរក​តម្រុយ​ទីពីរ ។ បន្ទាប់​មក​​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ការណែនាំ​នៅតម្រុយទីពីរ ហើយ​ស្វែងរក​តម្រុយ​ទីបី ។

ពីមុន​សិស្ស​ធ្វើតាម​ការដឹកនាំ​ទៅ​តម្រុយទីបី សូម​ពន្យល់​ថា វគ្គបទគម្ពីរ ដែលពួកគេ​នឹង​ស្វែងរក គឺមានការ​ណែនាំ​ដែលបាន​ប្រទានឲ្យ​យ៉ូសែប ស្ម៊ីធ និង​អ្នកដឹកនាំ​បព្វជិតភាព​ដទៃទៀត នៅ​ក្នុង​សន្និសីទ​មួយ​របស់សាសនាចក្រ ដែលបាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ក្នុង​ខែ​មិថុនា ឆ្នាំ ១៨៣១ ។ សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់ បាន​បើកសម្ដែង​ពី​មុនមក​ថា ពួកបរិសុទ្ធ​នឹង​បង្កើត​ទីក្រុង​មួយ ហៅថា ស៊ីយ៉ូន ( សូមមើល គ. និង ស. ២៨:៩) ប៉ុន្តែ​ទ្រង់ពុំ​ទាន់​បាន​បើក​សម្ដែង​ពីទីតាំង​នោះទេ ។

សូម​អញ្ជើញសិស្ស​ឲ្យធ្វើតាម​ការ​ណែនាំ​នៅក្នុង​តម្រុយ​ទីបី ។ សូមអញ្ជើញ​សិស្ស​ពីរបីនាក់​ឆ្លាស់វេន​គ្នា​អានចេញពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:១-៦ឲ្យ​ឮៗ ។ សូមអញ្ជើញសិស្ស​ឲ្យ​ផ្ទៀងតាម រកមើល​គោលការណ៍​មួយដែល​ស្រដៀងគ្នា​ទៅនឹង​សកម្មភាព ដែលពួកគេ​ទើបតែបាន​បំពេញ ។

  • យោងតាម ខ ៤-៥, តើ​អ្វីខ្លះ​អាច​កើតឡើង នៅពេល​យើង​ស្មោះត្រង់​ចំពោះ​ការណែនាំ​របស់ព្រះ ? (នៅពេល​យើង​ធ្វើតាម​ការណែនាំ​របស់​ព្រះ​ដោយ​ស្មោះត្រង់ នោះ​ទ្រង់​នឹង​បើក​សម្ដែង​ព្រះទ័យ​ទ្រង់​កាន់តែ​ច្រើន​ដល់​យើង ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​សកម្មភាព​នេះ​ស្រដៀង​គ្នា​នឹង​គោលការណ៍​នេះ​យ៉ាង​ដូចម្ដេច ? ( នៅពេល​សិស្ស​ធ្វើតាម​ការណែនាំ​នីមួយៗ នោះពួកគេ​បានទទួល​ការដឹកនាំ​បន្ថែម ដែលទីបំផុត​នាំ​ពួកគេ​ទៅរក​ចម្លើយ ដែល​ពួកគេ​កំពុង​ស្វែងរក ) ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ដែលមនុស្ស​មួយចំនួន​ទទួល​បានការណែនាំ និង​សេចក្ដីពិត​​របស់ព្រះអម្ចាស់​បន្ដិចម្ដងៗ ជាជាង​បានទទួលម្ដងទាំងអស់នោះ ?

សូម​អញ្ជើញសិស្ស​ដែល​មានបទពិសោធន៍​មួយ​ជាមួយនឹង​គោលការណ៍​នេះ ឲ្យ​ចែកចាយបទពិសោធន៍​របស់ពួកគេ ឬ​ថ្លែងទីបន្ទាល់អំពី​សេចក្ដីពិត​ពេញលេញ​ ។ អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​មួយ ឬទីបន្ទាល់របស់​អ្នក​ផង​ដែរ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យសរសេរ​សំណួរ កង្វល់ ឬ​ការសម្រេចចិត្ត​មួយ ដែលពួកគេ​កំពុង​ជួប ដែលពួកគេ​ចង់​ទទួលបានជំនួយ និងការ​ដឹកនាំ​របស់ព្រះអម្ចាស់ ។ បន្ទាប់​មក អញ្ជើញពួកគេ​ឲ្យពិចារណា និង​សរសេរ​នូវ​ការណែនាំ​នានា ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ពួកគេ ដែលពួក​គេ​អាច​នឹង​ប្រុងស្ដាប់​កាន់តែ​ច្រើន ដើម្បី​អញ្ជើញ​ឲ្យ​មានការ​ដឹកនាំ​បន្ថែម​មកពី​ទ្រង់ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:៧-១០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម រកមើល​ការណែនាំ​ដែលព្រះអម្ចាស់​បានប្រទាន​ដល់​អ្នកកាន់បព្វជិតភាព​មួយចំនួន ពីមុន​ពួកគេ​បានធ្វើដំណើរ​ទៅ​រដ្ឋ មិសសួរី ។

  • តើអ្នកកាន់បព្វជិតភាព​ទាំងនេះ បានណែនាំ​ឲ្យ​ធ្វើអ្វីខ្លះ នៅពេលពួកគេ​បានធ្វើ​ដំណើរ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥២:១៤-២១, ៣៦

ព្រះអម្ចាស់​បើក​សម្ដែង​គំរូ​មួយ​ដើម្បីជួយយើង​ចៀសវាង​ពី​ការ​ត្រូវ​បញ្ឆោត​ដោយសាតាំង

សូម​រំឭក​សិស្ស​ថា នៅក្នុងវិវរណៈ​ដែលបានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០ព្រះអម្ចាស់​បានព្រមាន​ដល់ពួកអែលឌើរ​នៃ​សាសនាចក្រ​អំពី​វិញ្ញាណ​ក្លែងក្លាយ ហើយ​ប្រទាន​ការណែនាំ​ដែល​នឹង​ជួយ​ពួកបរិសុទ្ធ​ស្អាងគ្នាទៅវិញទៅមក នៅពេលពួកគេ​បានបង្រៀន និង​រៀនសេចក្ដីពិតនៃដំណឹងល្អ ។

សូម​ពន្យល់ថា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:១៤-២១ព្រះអម្ចាស់បានបើក​សម្ដែង​ការណែនាំ​បន្ថែម​ដើម្បីជួយពង្រឹង​ដល់សមាជិក​សាសនាចក្រ ជាពិសេស​អ្នកទាំងឡាយ​ដែល​ទ្រង់​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ នៅពេលពួកគេ​បានធ្វើដំណើរ​ទៅរដ្ឋ មិសសួរី ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:១៤ ​​ឲ្យឮៗ ។ សូម​ឲ្យសិស្ស​ក្នុងថ្នាក់ផ្ទៀង​តាម ហើយ​ប្រាប់ឃ្លា​ដែលព្រះអម្ចាស់​បាន​ប្រើ​ដើម្បីពិពណ៌នា​អំពីអ្វី​ដែលទ្រង់​ហៀប​នឹង​បង្រៀន ។ ( « គំរូ​នៃ​រឿង​គ្រប់យ៉ាង » ) ។

  • តើ​គំរូ​ជាអ្វី ? ( គំរូមួយ​ដែលយើងអាច​ធ្វើតាម ដើម្បី​សម្រេច​លទ្ធផល​ជាក់លាក់មួយ ) ។

  • តើ​ព្រះអម្ចាស់​បាន​ផ្ដល់​មូលហេតុ​អ្វីខ្លះ ចំពោះ​ការ​ផ្ដល់គំរូនេះ ?

សូម​បំបែកសិស្សឲ្យ​ធ្វើ​ការ​ជា​ដៃគូ ។ សូម​អញ្ជើញ​សិស្ស​បួនប្រាំ​នាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អាន​ឲ្យឮៗដកស្រង់ចេញពី​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:១៥-១៩។ សូម​ឲ្យពួកគេ​រកមើលសកម្មភាព និង​អាកប្បកិរិយា​ដែលព្រះអម្ចាស់​បាន​មានបន្ទូល​ថា​នឹង​ជួយ​រាស្ត្រ​ទ្រង់​ចៀសវាង​ពីការ​ត្រូវ​បញ្ឆោត​ដោយសាតាំង ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ធ្វើជា​ស្មៀន ហើយសរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្ដារខៀន ។

នៅពេលសិស្ស​ឆ្លើយ​តប អ្នកអាច​នឹង​ចង់ពន្យល់ ឬ​សុំ​ឲ្យពួកគេ​ពន្យល់​អំពីអត្ថន័យ​នៃឃ្លា​ដូច​ខាង​ក្រោម ៖ « ដែលមានវិញ្ញាណទន់ទាប » (គ. និង ស. ៥២:១៥) សំដៅ​ទៅលើ​មនុស្ស​ម្នាក់ ដែល​មានឥរិយាបទ​ប្រែចិត្ត « គោរពតាម​ពិធីបរិសុទ្ធ​ទាំងឡាយរបស់យើង » (គ. និង ស. ៥២:១៥) សំដៅ​ទៅលើ​មនុស្ស​ដែលទទួល​ពិធីបរិសុទ្ធ​របស់ព្រះអម្ចាស់ ហើយរក្សា​នូវសេចក្ដីសញ្ញា​ទាំងឡាយដែលជាប់ទាក់ទង « ដែល​ប្រើ​ពាក្យ​សម្ដី​សុភាព​ហើយ​ស្អាងឡើង » (គ. និង ស. ៥២:១៦) សំដៅទៅលើ​មនុស្ស​ដែល​និយាយ​រាបសារ ហើយ​លើក​តម្កើង និង​ស្ថាបនា​អ្នកដទៃ « ដែលញ័ររន្ធត់​នៅក្រោមព្រះចេស្ដា​របស់យើង » (គ. និង ស. ៥២:១៧) ពិពណ៌នា​អំពី​មនុស្ស​ដែល​មានអារម្មណ៍​គារវភាព​ចំពោះព្រះចេស្ដានៃ​ព្រះ « នឹង​នាំ​ផល​ » (គ. និង ស. ៥២:១៧) សំដៅទៅលើ​មនុស្ស​ដែលបង្កើត​​​សេចក្ដីល្អ (​ ដូចជា « ការសរសើរ និងប្រាជ្ញា » ) ដោយ​ធ្វើតាម​វិវរណៈ​ដែលព្រះបានប្រទានឲ្យ ។

សូម​ទុកពេលឲ្យ​សិស្ស​ដែលជាដៃគូ ពិភាក្សា​អំពីរបៀប​ដែលពួកគេ​នឹង​សង្ខេបអំពី​សេចក្ដីពិត ដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:១៤-១៩ ។ បន្ទាប់ពី​ផ្ដល់ពេលវេលា​​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យចែកចាយ​សេចក្ដីពិត​ដែលពួកគេ​បានពិពណ៌នា ។ សិស្ស​អាច​នឹង​ផ្ដល់ចម្លើយ​ផ្សេងៗគ្នា ប៉ុន្តែ​អ្នក​អាច​នឹង​ចង់​គូសបញ្ជាក់​គោលការណ៍​ដូច​ខាង​ក្រោម ៖ ដើម្បី​ចៀសវាង​ពី​ការត្រូវ​បញ្ឆោត​ដោយសាតាំង មនុស្ស​ម្នាក់នោះ​ត្រូវតែគោរព​តាម​ពិធីបរិសុទ្ធ​របស់ព្រះអម្ចាស់ ហើយ​រស់នៅ​ស្របតាម​វិវរណៈ​ទាំងឡាយ​ដែលទ្រង់បានប្រទានឲ្យ ។​

សូមរំឭក​សិស្ស​ថា នៅពេលព្រះអម្ចាស់​បើកសម្ដែង​គំរូនេះ​ដើម្បីចៀស​វាង​ពីការបោកបញ្ឆោត នោះទ្រង់​កំពុង​មានបន្ទូលទៅ​ក្រុម​អ្នកកាន់បព្វជិតភាព​មួយក្រុម ដែល​នឹង​ផ្សាយដំណឹង​ល្អ​ដល់អ្នកដទៃ ។

  • ហេតុអ្វី​អ្នក​គិត​ថា វាសំខាន់​ចំពោះអ្នកទាំងឡាយ​ដែល​បង្រៀន​ដំណឹងល្អ​ដល់អ្នកដទៃ ដើម្បីធ្វើតាម​គំរូ​ដែលព្រះអម្ចាស់​បាន​បើក​សម្ដែង​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? ( ដូច្នេះ​ពួកគេ​អាច​បង្រៀន​ដោយព្រះវិញ្ញាណ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:៣៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលការណែនាំ​​បន្ថែម ដែល​​ព្រះអម្ចាស់​បានប្រទាន​ឲ្យនៅក្នុង​វិវរណៈនេះ ។ សូមអញ្ជើញ​ពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ព្រះអម្ចាស់ណែនាំ​ពួក​អែលឌើរ​នៃ​សាសនាចក្រ​ឲ្យប្រកាស​​​អ្វីខ្លះ ?

  • ហេតុអ្វី​ក៏​យើងអាច​មានទំនុកចិត្ត​ទៅលើ​អ្នកដឹកនាំ ឬ​គ្រូបង្រៀន​ម្នាក់​ដែលរស់នៅ​ស្របតាម​គំរូ​ដែល​ព្រះអម្ចាស់​បានចែង​នៅក្នុង ខ ១៤-១៩ ហើយបង្រៀន​តែ​អ្វី​ដែលពួកព្យាការី និងពួកសាវក​បានបង្រៀន​ដូច្នេះ ?

អ្នកអាច​នឹង​ផ្ដល់​យោបល់​ថា សិស្ស​ពិចារណា​អំពីរបៀប​ដែល​សមាជិក​នៃ​គណៈប្រធានទីមួយ ឬកូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់ បង្ហាញ​ពីគំរូ​នេះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៣៧-៤៤

ព្រះអម្ចាស់​ប្រទាន​ដំបូន្មានដល់ពួក​អ្នកដឹកនាំ​ដែលនឹង​បន្ដនៅក្នុង​រដ្ឋ អូហៃអូ

សូមពន្យល់​ថា ខណៈដែលព្រះអម្ចាស់​បានហៅ​ពួកអ្នកកាន់​បព្វជិតភាព​​ពីជំនាន់មុន​ជាច្រើន​ឲ្យ​ផ្សាយ​នៅតាម​ផ្លូវ​របស់ពួកគេ​ទៅ​រដ្ឋ មិសសួរី នោះមានពួក​អែលឌើរ​ខ្លះទៀត​គឺត្រូវនៅ​ក្នុង​រដ្ឋ អូហៃអូ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:៣៩-៤០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលនូវការណែនាំ ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់ពួក​អែលឌើរ ដែល​បន្ដ​រស់នៅក្នុង​រដ្ឋ អូហៃអូ ។

  • តើ​ទំនួលខុសត្រូវ​អ្វី​ខ្លះ ដែលព្រះអម្ចាស់​បាន​ប្រទានដល់ពួកអែលឌើរ ដែលបន្ដនៅ​ក្នុងរដ្ឋ អូហៃអូ ?

  • តើ​អ្នក​គិត​ថា « …នឹក​ដល់​មនុស្ស​ទាល់ក្រ និង​ទុគត៌ » មានន័យ​យ៉ាង​ណា ? ហេតុអ្វី​ក៏ការគ្រាន់តែគិត​អំពីនរណា​ម្នាក់​ដែលមានការ​ខ្វះខាត វាពុំ​ល្មមគ្រប់គ្រាន់ក្នុងការ​បំពេញ​តាមដំបូន្មានមកពី​ព្រះអម្ចាស់ដូច្នេះ ?

  • តើ​ព្រះអម្ចាស់​មានបន្ទូល​អ្វីខ្លះ អំពី​អ្នកទាំងឡាយ​ដែល​នឹង​មិនបំពេញ​តាម​ទំនួលខុសត្រូវ​របស់ពួកគេ ?

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើងអាច​រៀនមកពី​ខគម្ពីរ​ទាំងនេះ អំពី​ការ​ធ្វើជាសិស្ស​ពិត​របស់ព្រះអម្ចាស់ ? ( ទោះជា​សិស្ស​ប្រើ​ពាក្យ​ផ្សេង​ៗ ក៏ពួកគេ​គួរ​ប្រាប់នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ ពួកសិស្ស​របស់ព្រះយេស៊ូវ​គ្រីស្ទ មើលថែ និង​ថែទាំ ​ដល់អ្នកទាំងឡាយ​ដែល​ក្រីក្រ ខ្វះខាត ឈឺ និង​រង​ទុក្ខ ) ។

សូម​ឲ្យ​សិស្ស​គិតអំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់ ដែល​ពួកគេ​ចាត់ទុក​ថា​ជាសិស្ស​របស់ព្រះយេស៊ូវគ្រីស្ទនោះ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យចែកចាយ​អំពី​របៀប​ដែល​មនុស្ស​ម្នាក់ ដែលពួកគេ​បានគិត ចំពោះការមើល​ថែ និងថែទាំ​ដល់​អ្នកទាំងឡាយ​ដែលខ្វះខាត ។ អ្នកអាច​នឹង​ចង់​សម្ដែង​នូវការ​ដឹងគុណ ដែលអ្នក​មានចំពោះ​អ្នកទាំងឡាយ​ដែល​បាន​មើលថែ និង​បានជួយ​អ្នក​នៅក្នុង​គ្រាខ្វះខាត ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥២:១៤-១៩។ ឧទាហរណ៍គំរូ​នៃភាព​ស្មោះត្រង់

អែលឌើរ ផល អ៊ី ខូឡែកឃើរ នៃ​ពួក​ចិតសិប​នាក់ បានរៀបរាប់​នូវ​ដំណើរ​រឿងដូច​ខាង​ក្រោម ដែល​រួមមានទាំង​ឧទាហរណ៍​មួយ​អំពី​របៀប​ដែលយើង​អាច​មានឥទ្ធិពល​វិជ្ជមាន​ដល់អ្នកដទៃ ពេល​យើងរស់នៅ​ស្របតាម​គំរូ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:១៤-១៩ ៖

រូបភាព
អែលឌើរ ប៉ុល អ៊ី ខូអែលឡែកឃើរ

« គំរូ​ទាំងនោះ គឺ​ជា​ខ្នាតវាស់វែង, ការដឹកនាំ, ជំហាន ឬ ផ្លូវដដែលៗ ដែល​មនុស្ស​ម្នាក់​ដើរតាម ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​គោលបំណង​របស់​ព្រះ ។ បើ​ធ្វើតាម​វា​នឹងជួយ​យើង​ឲ្យ​បន្ត​រាបទាប, ពញ្ញាក់, និង អាច​ញែកសំឡេង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចេញ​ពី​សំឡេង​ទាំងនោះ ដែល​ទាក់ទាញ និង​នាំ​យើង​ចេញ​ឆ្ងាយ ។…

« …ពេល​យើង​រស់នៅ​តាម​ដំណឹងល្អ​យ៉ាង​ពិតប្រាកដ​តាម​របៀប ដែល​បាន​បង្រៀន​ដោយ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ នោះ​សមត្ថភាព​របស់​យើង​ក្នុង​ការជួយ​អ្នកដទៃ​រីកចម្រើន​ឡើង ។ បទពិសោធន៍​ខាងក្រោម​នេះ ជា​គំរូមួយ​ពី​របៀប​ដែល​គោលការណ៍​នេះអាចត្រូវបាន​អនុវត្ត ។

« អ្នក​ផ្សព្វផ្សាយ​វ័យក្មេង​ពីរនាក់ បានគោះទ្វារ​មួយ ដោយ​សង្ឃឹមថា រកឃើញ​នរណា​ម្នាក់ ដែល​នឹង​ទទួល​យកសារ​របស់​ពួកគេ ។ ទ្វារ​បានបើកឡើង ហើយ​បុរស​មាឌធំ​ម្នាក់​បានទទួល​ពួកគេ ដោយ សំឡេង​ដែល​មិនសូវ​រួសរាយ​ប៉ុន្មាន ថា ៖ « ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រួចហើយ ថា​កុំ​ឲ្យ​គោះ​ទ្វារ​ខ្ញុំ​ទៀត ។ ខ្ញុំ​បាន​ព្រមាន​អ្នក​ពីមុន​ហើយ ថា​បើ​អ្នក​មកម្ដងទៀត វា​នឹង​មិន​មែន​ជា បទពិសោធន៍​ដ៏​រីករាយ​នោះទេ ។ ឥឡូវ​ថយ​ចេញ​ទៅ › ។ គាត់​បាន​បិទ​ទ្វារ​យ៉ាង​លឿន ។

« ពេល​ដែល​ពួក​អែលឌើរ​បាន​ដើរ​ចេញ អ្នកផ្សព្វផ្សាយ​ដែលបម្រើ​យូរជាង ហើយ​មាន​បទពិសោធន៍​ជាង បានដាក់ដៃ​លើ​ស្មា អ្នក​ផ្សព្វផ្សាយ​ដែល​ថ្មី​ជាង​ដើម្បី​លួងលោម និង លើកទឹកចិត្ត​គាត់ ។ ពួកអ្នក​ផ្សព្វផ្សាយ​មិនបានដឹងទេ ថាបុរស​នោះ​បាន​មើល​ពួកគេ​តាម​មាត់​បង្អួច ដើម្បី​ប្រាកដ​ថា ពួកគេ​យល់​អំពី​សាររបស់​គាត់ ។ គាត់ពិតជា​រំពឹង​ថា នឹង​ឃើញ​ពួកគេ​ចំអក​ដល់​ការឆ្លើយតប​ដ៏​គំរោះគំរើយ​របស់​គាត់ ពេល​ពួកគេ​ព្យាយាម​ជួប​ជាមួយគាត់ ។ ទោះជាយ៉ាងណា ពេល​គាត់​បានឃើញ​អ្នកផ្សព្វផ្សាយ​ទាំងពីររូប ដែល​បាន​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​គ្នា នោះ​ដួងចិត្ត​របស់​គាត់​ត្រូវបាន​បន្ទន់​មួយរំពេច ។ គាត់បាន​បើក​ទ្វាម្ដងទៀត ហើយ​បានសុំ​ឲ្យពួក​អ្នកផ្សព្វផ្សាយសាសនា​ត្រឡប់មកវិញ ហើយចែកចាយដំណឹងល្អ​របស់ពួកគេ​ជាមួយគាត់ » (He Truly Loves Us, Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១២, ទំព័រ ១៦, ១៧ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:៣៣-៣៤ ។ « អ្នកណាដែលមានចិត្ត​ស្មោះត្រង់ … ត្រូវ​បាន​ថែរក្សា​ទុក ហើយ​បានពរ »

« លីឌៀ ក្លីសប៊ី ប៉ាទ្រិច បាន​បន្សល់​ទុក​នូវ​ដំណើរ​រឿង​មួយ​អំពី​ស្ថានភាព​ដែល​ស្វាមី​របស់​គាត់ អែតវឹត ដែល​បាន​ទទួល​បង្គាប់​ក្នុង​វិវរណៈ ។ កូនចៅរបស់ពួកគេ មាន​ជំងឺ​កញ្ជ្រិល​ឆ្លង​មកពី​សមាជិក​មួយ​ចំនួន​ដែលបាន​មក​ដល់​រដ្ឋ​នូវ យ៉ោក ដែល​ស្នាក់នៅ​ជាមួយ​គ្រួសារ​ពួកគាត់ ។ គាត់​បាន​សរសេរ​ថា « កូន​ស្រីច្បង​របស់​ពួកគេ​បានធ្លាក់ខ្លួនឈឺ​ជំងឺរលាកសួត ហើយខណៈពេល​ដែល​នាង​ឈឺកាន់តែធ្ងន់ នោះ​ស្វាមី​ខ្ញុំ​ត្រូវ​បាន​ហៅ​ដោយវិវរណៈ​ដើម្បី​ទៅ​ជាមួយ​សមាជិក​មួយចំនួនទៀត​ទៅរដ្ឋ មិសសួរី ដើម្បី​រកទីតាំងមួយ​ដើម្បី​ប្រមូល​ផ្ដុំ​ពួកបរិសុទ្ធ តែ​ពួកអ្នកពុំជឿ​បានគិត​ថា គាត់​ច្បាស់ជា​ឆ្កួត​ហើយ ឬ​គាត់​នឹង​មិនទៅ​ទេ ។ ហើយ​ខ្ញុំបានគិតក្នុងចិត្តថា ខ្ញុំ​មាន​ហេតុ​ផលត្រូវ​គិត​អំពី​ការសាកល្បង​ទាំងឡាយ​របស់ខ្ញុំដែលចាប់ផ្តើមហើយ ហើយ​វា​បានមានពិតមែន ដូច្នេះ[វា]​មានមែន ប៉ុន្ដែ​ការសាកល្បង​នេះ​គឺមានដូចគ្នា​នឹង​​ការសាកល្បងផ្សេងៗ​ទៀត ដែលនឹងនាំមកនូវ​ពរជ័យតាមក្រោយ ដើម្បី​ឲ្យកូន​ស្រី​របស់គាត់បាន​ជាសះស្បើយ › ។ ( Partridge, Genealogical Record, ៦ ) » ។ (សូមមើលDocuments, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨–ខែ មិថុនា ឆ្នាំ ១៨៣១, វ៉ុលទី ១ of the Documents series of The Joseph Smith Papers [ ឆ្នាំ ២០១៣ ], ទំព័រ ៣៣០–៨៩ ) ។