ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៩ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៣-៥៥


មេរៀន​ទី ៥៩

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៣-៥៥

បុព្វកថា

នៅ​ក្នុងខែ​មិថុនា ឆ្នាំ ១៨៣១ ព្យាការី​យ៉ូសែប ស្ម៊ីធ បានទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៣-៥៥។ វិវរណៈ​មាន​នូវការណែនាំ​របស់ព្រះអម្ចាស់​ចំពោះ​សមាជិក​មួយចំនួន​នៃ​សាសនាចក្រ​ដែលបាន​រស់នៅក្នុងរដ្ឋ អូហៃអូ ប៉ុន្ដែ​មិន​យូរប៉ុន្មាន​បានផ្លាស់​ទៅ​រដ្ឋ មីសសួរី ។ នៅក្នុងវិវរណៈ​ទាំងនេះ ព្រះអម្ចាស់​បាន​មានបន្ទូល​ទៅ​កាន់ ស៊ីឌនី ហ្គីលប៊ើត, នូវែល ណៃត និង វិលលាម ដ័បបុលយូ ហ្វែប្ស ដោយ​ប្រទាន​ដល់ពួកគាត់នូវការ​ណែនាំ ដែលជាក់លាក់​ចំពោះ​កិច្ចការ​សាសនាចក្រ និង​ទេពកោសល្យ​របស់ពួកគាត់ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៣

ព្រះអម្ចាស់ ហៅ ស៊ីឌនី ហ្គីលប៊ើត ឲ្យ​ធ្វើ​ជា​អែលឌើរ​ម្នាក់ ហើយ​បាន​ធ្វើ​ដំណើរ​ជាមួយ​នឹង យ៉ូសែប ស៊្មីធ ទៅកាន់​រដ្ឋ មិសសួរី ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ពីរ​នាក់ឡើង​មក​ខាងមុខ​ថ្នាក់ ។ សូមសុំ​ឲ្យ​សិស្ស​ម្នាក់​ណែនាំ​ដល់សិស្ស​ផ្សេងទៀត​អំពី​របៀប​ដើម្បីធ្វើ​កិច្ចការ​ជាក់លាក់មួយ​ ។ ឧទាហរណ៍ សិស្ស​ម្នាក់​អាច​បង្រៀន​សិស្ស​ផ្សេងទៀត ឲ្យ​ចងចំណង​ជាក់លាក់​មួយ បត់​ជា​យន្ដ​ហោះក្រដាស ឬ​សម្ដែង​ការ​រាំ​ជាក់លាក់​មួយ​ ។ ( បើ​អាច​ធ្វើទៅបាន សូម​បា្រប់​ដល់​​សិស្ស​ម្នាក់​ឲ្យ​រៀបចំខ្លួន​ដើម្បី​ប​ង្រៀន​ជំនាញ​មួយពីមុន​ម៉ោង ) ។

  • នៅក្នុង​ការ​សម្ដែង​នេះ ហេតុអ្វី​ក៏​វា​សំខាន់ ដែល​អ្នក​រៀន​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ទាំងអស់នេះ ? តើ​នឹង​មានអ្វី​កើតឡើង បើ​ពួកគេ​សម្រេច​ចិត្ត​ថា​មិន​ធ្វើ​តាម​ផ្នែក​ណា​មួយ​នៃ​ការ​ណែនាំ​នោះ ?

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់ បាន​ហៅ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ មិសសួរី ( សូមមើល គ. និង ស. ៥២ ) ។ សូម​ពន្យល់​ថា អ្នក​ផ្លាស់ប្រែចិត្តជឿ​ថ្មីម្នាក់ ឈ្មោះ ស៊ីឌនី ហ្គីលប៊ើត បាន​រក​ឃើញ​ថា គាត់ពុំ​រាប់បញ្ចូល​ជា​អ្នកផ្សព្វផ្សាយ​ម្នាក់​ក្នុង​ចំណោម​អ្នកផ្សព្វផ្សាយ​ទាំងឡាយទេ ។ គាត់​បាន​ទៅ​ជួប​ព្យាការី​យ៉ូសែប ស៊្មីធ ហើយ​បាន​សួរ​ថា តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​គាត់​ធ្វើ​អ្វី ។ យ៉ូសែប បាន​ទូលសួរ ហើយ​បាន​ទទួល​វិវរណៈ​នេះ​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៣, ដែល​ផ្តល់​នូវ​ជំហាន​ចាប់ផ្តើម​មួយ​ចំនួន​នៃ​សេចក្តីណែនាំ​ដល់ ស៊ីឌនី ។

សូម​ឲ្យ​សិស្ស​ធ្វើ​ការ​ជា​ដៃគូ ។ សូម​អញ្ជើញ​គូ​និមួយៗ​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៣:១-៥ រកមើល​ការណែនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ស៊ីឌនី ហ្គីលប៊ើត ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គូស​ចំណាំ​ការណែនាំ​និមួយៗ ដែលពួក​គេ​រកឃើញ ។

  • តើ​ការណែនាំ​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ស៊ីឌនី ហ្គីលប៊ើត ? ( នៅពេល​សិស្ស​រៀបរាប់នូវ​អ្វី​ដែលពួកគេ​រក​ឃើញ វា​អាច​នឹង​ជា​ប្រយោជន៍​ដើម្បី​ចង្អុល​បង្ហាញ​ថា កិច្ចការ​របស់​បងប្រុស ហ្គីលប៊ើត ឲ្យ​ធ្វើ​ជា « ភ្នាក់ងារ​មួយ​ចំពោះ​សាសនាចក្រ » ត្រូវ​បាន​ពន្យល់​កាន់តែ​ពេញលេញ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៧:៦-១០, ទំព័រ ១៥ ) ។

សូម​ពន្យល់​ថា ព្រះអម្ចាស់ បាន​សំដៅ​ទៅលើ​បញ្ជីនៃ ការ​ណែនាំ​នេះ​ថាជា « ពិធីបរិសុទ្ធ​ដំបូង​ទាំងឡាយ​ដែល [ ស៊ីឌនី ] នឹង​ទទួល » (គ. និង ស. ៥៣:៦ ) ។ ពាក្យ ពិធីបរិសុទ្ធ ពេល​ខ្លះ សំដៅទៅលើ​ច្បាប់​មួយ ឬ​បញ្ញត្តិ ​មួយ ។ សូម​អញ្ជើញសិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៣:៦ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើលគ្រា ​ដែល​ព្រះអម្ចាស់ នឹង​ប្រទាន​ការណែនាំ​ដែលនៅ​សល់ (« ដែលនៅសល់ » ) ទាំងប៉ុន្មាន​របស់​ទ្រង់ ដល់​ស៊ីឌនី ។

  • តើ​យើងអាច​រៀន​អ្វី​ខ្លះ​មកពី ខ ៦​នេះ ?​ ( សូម​ពិចារណា​ផ្ដល់​យោបល់​ថា សិស្ស​អាចយោង​បទគម្ពីរ​នេះ​ជាមួយនឹង​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:៤-៥ ។ សិស្ស​អាច​ចងចាំ​ប្រាប់​អំពី​គោលការណ៍​ដូច​ខាង​ក្រោម​នៅក្នុង​មេរៀន​មុនៗ ៖ នៅពេល​យើងធ្វើ​តាម​ការ​ណែនាំ​របស់ព្រះ​ដោយស្មោះស្ម័គ្រ នោះទ្រង់​នឹង​បើក​សម្ដែង​ព្រះឆន្ទៈ​របស់​ទ្រង់ដល់​យើងកាន់តែ​ច្រើន ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៤

ព្រះអម្ចាស់ ណែនាំ​ពួកបរិសុទ្ធ​នៅ ខូលស្វិល ឲ្យ​ចាក​ចេញ​ពី ថមសុន រដ្ឋ អូហៃអូ ហើយ​ផ្លាស់ទៅរដ្ឋ មិសសួរី 

សូម​ពន្យល់​ថា នៅ​ខែមេសា ឆ្នាំ ១៨៣១ នូវែល ណៃត បាន​ដឹកនាំ​ក្រុម​នៃ​ពួកបរិសុទ្ធ​ម្នាក់​ចេញពី ខូលស្វិល រដ្ឋ នូវ យ៉ោក ទៅ​ចូលរួម​នឹង​ពួកបរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ។ នៅ​​ខែ ឧសភា ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ណែនាំ​ប៊ីស្សព អែតវឺត ប៉ាទ្រិច ឲ្យ​ជួយ​ពួកបរិសុទ្ធ​ទាំងនោះ​ស្នាក់នៅ​លើ​ទឹកដី​ក្នុង ភូមិ ថមសុន រដ្ឋ អូហៃអូ ដែល​លីម៉ាន ខូព្លី ត្រូវ​បាន​ធ្វើ​សេចក្ដីសញ្ញា​កាលពី​លើក​មុន ( ឬ បាន​សន្យា ) ថា​ផ្ដល់ឲ្យ​សម្រាប់​គោលបំណង​នោះ ។ ពួកគេ​បាន​ដាំ​ដំណាំ​នៅ​ទី​នោះ ហើយ​បាន​ចាប់ផ្ដើម​បង្កបង្កើន​ផល​នៅ​លើ​ដីធ្លី​នោះ ។ ប៉ុន្តែ ទោះ​ជា​ពួកគេ​បាន​ធ្វើ​ការ​ជាមួយគ្នា​ដើម្បី​កែលម្អ​ដល់​ដែនដី​ក្ដី ក៏​ពួកគេ​បាន​ចាប់​ផ្ដើម​មានចិត្ត​កំណាញ់ ហើយ​អត្មានិយម ។ ស្ថានភាព​របស់ពួកគេកាន់តែ​អាក្រក់​ឡើង នៅពេល លីម៉ាន ខូព្លី បាន​ត្រឡប់​មក​ពីបេសកកម្ម​របស់គាត់​ទៅកាន់​ពួក​សេកើរវិញ ហើយ​បាន​ចាប់​ផ្ដើម​សង្ស័យ​លើ​ជំនឿ​របស់គាត់ ( សូមមើល គ. និង ស. ៤៩ និង​មេរៀនទី ៥៦ ) ។ គាត់​បាន​បដិសេធ​ក្នុង​ការ​អភិវឌ្ឍ​​ទីបន្ទាល់​របស់​គាត់ អំពី​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ ហើយ​គាត់​បាន​បញ្ជា​ឲ្យ​ពួកបរិសុទ្ធ​ចាកចេញ​ពី​ដី ។ គាត់​ក៏​បាន​គិត​ថ្លៃ​ពីពួកគេ ៦០ ដុល្លារ​ផងដែរ ។ ដោយ​សារ លីម៉ាន មិនគោរព​សេចក្ដីសញ្ញា​របស់គាត់ នោះ​ពួកបរិសុទ្ធ​ទាំងនេះ​ឥឡូវ​គ្មាន​កន្លែង​រស់នៅទេ ។ នូវែល ណៃត និង​អ្នកផ្សេងទៀត​បាន​សួរ​ព្យាការី ពី​អ្វីដែល​ពួកគេ​គួរ​ធ្វើ​អ្វី ។ ( សូមមើល Documents, Volume ១: ខែ មិថុនា ឆ្នាំ ១៨២៨–ខែ មិថុនា ឆ្នាំ ១៨៣១ vol.of the Documents series of The Joseph Smith Papers [ឆ្នាំ ២០១៣], ទំព័រ ៣៣៤–៣៣៥។ )

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៤:១-៣ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​នូវអ្វី​ដែល ពួកបរិសុទ្ធ​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ជួយ​កែលម្អ​ស្ថានភាព​របស់ពួកគេ ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថា ការ​ប្រែចិត្ត និង​ភាព​រាបសារ នឹង​ជួយ​ដល់ពួកបរិសុទ្ធ​ទាំងនេះ ?

សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់ ពុំ​សព្វព្រះទ័យ​នឹង​ពួកបរិសុទ្ធ​នៅក្នុងភូមិ ថមសុន ដែលបានក្បត់​សេចក្ដីសញ្ញា​របស់ពួកគេនោះទេ ។ សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៤:៤-៥ ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែលព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​អ្វី​ដែលបាន​កើត​មានឡើង​នៅពេលដែលមិនរក្សា​សេចក្ដីសញ្ញា​ ។

  • តើ​អ្នកគិត​ថា វា​មានន័យ​យ៉ាង​ណា​ចំពោះ​សេចក្ដីសញ្ញា​មួយ « ត្រូវ​បាន​លុបចោល ហើយ​គ្មានប្រសិទ្ធភាព​នោះ » ? តើ​ពរជ័យអ្វីខ្លះ​ដែល​យើង​បាន​បាត់បង់ នៅពេល​យើង​ពុំ​រក្សា​សេចក្ដីសញ្ញា​របស់យើង ?

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៤:៦ ដោយ​ស្ងាត់ស្ងៀម រកមើល​ពរជ័យមួយ ដែល​យើង​ទទួល​នៅពេល​យើង​រក្សា​សេចក្ដីសញ្ញា​របស់យើង ហើយគោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ពួកគេ​អាច​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ចម្លើយ​របស់ពួកគេ​គួរ​តែនាំ​ទៅរក​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង ហើយ​គោរព​តាម​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួល​បាន​សេចក្ដី​មេត្តាករុណា ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

  • តើ​អ្នក​បាន​ឃើញ​ថា ព្រះអម្ចាស់​បាន​ផ្ដល់​ក្ដីមេត្តា​ករុណា​ដល់អ្នកទាំងឡាយ​ដែល​រក្សា​សេចក្ដីសញ្ញា​របស់ពួកគេ​ជាមួយ​ទ្រង់​នៅពេល​ណា ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ពិធីបុណ្យជ្រមុជទឹក ហើយ​គោរព​បទបញ្ញត្តិ​ទាំងឡាយ ដើម្បី​ពួកគេ​អាច​ទទួល​បាន​សេចក្ដីមេត្តាករុណា​មកពី​ព្រះអម្ចាស់ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៤:៧-៩ ដោយ​ពន្យល់​ថា បន្ទាប់ពី​ពួកបរិសុទ្ធ​ទាំងនេះ​បាន​បាត់បង់​គេហដ្ឋាន​របស់ពួកគេ​នៅលើ​ដី​របស់ លីម៉ាន ខូព្លី នោះព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅ​រដ្ឋ មិសសួរី ។ ពួកគេ​ត្រូវ​តែងតាំង​នរណា​ម្នាក់​ឲ្យ​បង់​ថ្លៃ​ការ​ចំណាយ​នៅតាម​ផ្លូវ ។ ព្រះអម្ចាស់ មានបន្ទូល​ថា នៅពេល​ពួកគេ​ទៅដល់រដ្ឋ មិសសួរី នោះ​ពួកគេ​នឹង​ធ្វើ​ការ​សម្រាប់​ការរស់នៅ​របស់ពួកគេ​នៅទីនោះ រហូត​ទាល់តែ​ព្រះអម្ចាស់​នឹង​រៀបចំ​កន្លែង​មួយសម្រាប់ពួកគេ​តាំង​ទីលំនៅ ។

ដើម្បីជួយ​សិស្ស​រក​ឃើញ​របៀប​ដែលព្រះអម្ចាស់​ចង់​ឲ្យពួកបរិសុទ្ធ​ទាំងនេះ​ឆ្លើយ​តប​ចំពោះ​ការ​សាកល្បង​របស់ពួកគេ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៤:១០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ រកមើល​ការ​ទូន្មាន​របស់​ព្រះអម្ចាស់​ដល់​ពួកបរិសុទ្ធ​ទាំងនេះ ។

  • តាម​បទពិសោធន៍​របស់អ្នក តើ​ពរជ័យ​មួយ​ចំនួន​ណា​ខ្លះ ដែល​យើង​ទទួលបាន នៅពេល​យើង « មាន​ចិត្ត​អត់ធន់​នៅក្នុង​សេចក្ដី​លំបាក » ?

  • តើ​នរណា​ដែល​ព្រះអម្ចាស់​មានបន្ទូល​ថា​នឹង « រក​ឃើញ​សេចក្ដី​សម្រាកដល់​ព្រលឹង​របស់ពួកគេ » ? ( សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​នេះ​ជាមួយ​នឹងប្រយោគ « បើសិនជា- នោះ » ។ នៅពេល​ពួកគេ​ឆ្លើយ​សំណួរ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ៖ បើ​យើង​ស្វែងរក​ព្រះអម្ចាស់ពីមុនៗ នោះ​យើង​នឹង​រក​ឃើញ​សេចក្ដីសម្រាក​ដល់​ព្រលឹង​របស់​យើង ) ។

ដើម្បីជួយសិស្ស​យល់នូវ​អត្ថន័យ​ដើម្បី​រក​ឃើញ​សេចក្ដីសម្រាក​ដល់​ព្រលឹង​របស់​យើង សូមអាន​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម ដោយអែលឌើរ ភើរ ជី ម៉ាម នៃ​ពួក​ចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ភៀរ ជី ម៉ម

« ដើម្បី​រក​ឃើញ​សេចក្ដីសម្រាក​ដល់​ព្រលឹង​របស់​យើង រួមមាន​សេចក្ដីសុខសាន្ដ​ក្នុងគំនិត និង​ដួងចិត្ត ដែល​ជាលទ្ធផលមកពី​ការ​រៀនសូត្រ និង​ការ​ធ្វើតាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » (« Rest unto Your Souls,» Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១០១ ) ។

ដើម្បី​ជួយសិស្ស​យល់​អំពី​អត្ថន័យ​មួយ​ចំនួន​ចំពោះ​ពាក្យថា​ស្វែងរក​ព្រះអម្ចាស់​ជាមុន សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា​ដើម្បី​​ស្វែងរកព្រះអម្ចាស់ជាមុន​នោះ ? ( ចម្លើយ​អាច​រួមមានថា វាមានន័យ​ថា ឲ្យ​ស្វែងរក​ទ្រង់តាំងពីក្មេង ដែលវា​មានន័យ​ថា ស្វែងរក​ទ្រង់​ជាមុន​រាល់ថ្ងៃ ហើយវាមានន័យ​ថា ស្វែងរក​ជំនួយ​របស់ទ្រង់​ពីមុន​មានការសាកល្បង​មកក្នុងជីវិត​របស់យើង ) ។

  • ហេតុអ្វី​ក៏​យើងគិត​ថា​យើង​រកឃើញ​សេចក្ដី​សម្រាកដល់​ព្រលឹង​របស់យើង នៅពេល​យើង​ស្វែងរក​ព្រះអម្ចាស់​ជាមុន​នោះ ?

  • តើ​ការ​ស្វែង​រកព្រះអម្ចាស់​ជាមុន​ពីមុន​គ្រា​នៃ​សេចក្ដីទុក្ខលំបាក ខុសគ្នា​ពី​ការស្វែង​រក​ទ្រង់​អំឡុង​ពេលមាន​គ្រា​នៃ​សេចក្ដីទុក្ខ​លំបាកយ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​ពួកគេ​ឲ្យសរសេរ​ចម្លើយ​​ចំពោះ​សំណួរ​នេះ​ចូល​ក្នុង​សៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ អ្នក​អាច​នឹង​ចង់​​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ឬ ចែក​ជា​ក្រដាសមួយសន្លឹក​ដល់​ពួកគេ ៖

  • តើ​អ្នក​អាច​ស្វែងរក​ព្រះអម្ចាស់ជាមុន មុន​ពេល​ការសាកល្បង​ទាំងឡាយ​នឹង​កើត​មាន​នៅក្នុង​ពេលអនាគត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្វែងរក​ព្រះអម្ចាស់​ជាមុន​រាល់ថ្ងៃ ?

  • តើ​អ្នកអាច​ធ្វើ​អ្វីខ្លះ​ដើម្បីស្វែងរក​ព្រះអម្ចាស់​ពី​ពេលឥឡូវ​នេះ ខណៈ​ដែល​អ្នកជា​នៅយុវវ័យនៅឡើយ ?

បន្ទាប់ពី​​សិស្ស​បាន​​សរសេររួច​ហើយ សូម​អញ្ជើញឲ្យ​ពួកគេ​ពីរ​បី​នាក់​ចែកចាយគំនិត​របស់​ពួកគេ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៥

ព្រះអម្ចាស់ ហៅ វិលលាម ដ័បបុលយូ ហ្វែប្ស ឲ្យ​ជួយ​នៅក្នុង​ការសរសេរ និង​ការ​បោះពុម្ព​ឯកសារនានារបស់​សាសនាចក្រ

សូម​សិស្ស​ជាមុន​ឲ្យមក​ថ្នាក់​រៀន ដោយ​ត្រៀម​ខ្លួន​ដើម្បី​សម្ដែង​នូវ​ទេពកោសល្យ ឬ​ជំនាញ​មួយ ។ សូម​ប្រាកដ​ថា បទបង្ហាញ​របស់​សិស្ស​នឹង​នាំឲ្យ​មាន​ព្រះវិញ្ញាណ ។ ឬ​សុំ​សិស្ស​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ទេពកោសល្យ និង​ជំនាញ​ទាំងឡាយ ដែលពួកគេ​បាន​ឃើញ​មានក្នុង​ខ្លួន​របស់គ្នា​ទៅវិញ​ទៅមក ។ បន្ទាប់​មក ហៅសិស្ស​ម្នាក់​តាម​ឈ្មោះ ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ហេតុអ្វី​ក៏អ្នកគិត​ថា ទេពកោសល្យ និងជំនាញ​របស់អ្នក ខុសគ្នា​ពី​ទេពកោសល្យ និងជំនាញ​របស់​អ្នកដទៃ​ក្នុង​ថ្នាក់​ដូច្នេះ ?

  • ហេតុអ្វី​ក៏អ្នកគិត​ថា អ្នកត្រូវ​បាន​ប្រទានពរ​ជាមួយនឹង​ទេពកោសល្យ និងជំនាញ​ទាំងនេះ​ដូច្នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្ដីណែនាំ​កណ្ឌ​ទៅ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៥ ដោយស្ងាត់ស្ងៀម រកមើល​ជំនាញ​មួយរបស់ វិលលាម ដ័បបុលយូ ហ្វែប្ស ។ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែលពួកគេ​បាន​រកឃើញ។

សូម​ពន្យល់​ថា វិលលាម ដ័បបុលយូ ហ្វែប្ស បាន ទិញ​ព្រះគម្ពីរមរមន​មួយច្បាប់​ក្នុង​រយៈពេលពីរសប្ដាហ៍ បន្ទាប់ពី​វា​ត្រូវ​បាន​ដាក់លក់ ។ ការណ៍នេះ​នាំ​ឲ្យ​គាត់​ផ្លាស់ប្រែចិត្ត​ជឿ ។ ក្រោយមក​គាត់បាន​មាន​ប្រសាសន៍​ថា « ក្រៅពី​រូបកាយខ្ញុំ​ពុំ​ត្រូវ​បាន​ទទួលបុណ្យជ្រមុជទឹក​ចូលក្នុង​ព្រះវិហារនេះ​រហូតដល់… ខែ​មិថុនា ឆ្នាំ ១៨៣១ ក្ដី ក៏​ដួងចិត្ត​របស់​ខ្ញុំ​បាន​នៅទីនោះ ចាប់តាំងពី​ពេល​ដែលខ្ញុំ​បាន​ស្គាល់ព្រះគម្ពីរមរមន​មក​ម្ល៉េះ » ( នៅក្នុង Documents, Volume ១: ខែ មិថុនា ឆ្នាំ ១៨២៨–ខែ មិថុនា ឆ្នាំ ១៨៣១ ទំព័រ ៣៣៧ ) ។ នៅ​ថ្ងៃទី ១៤ ខែ ​មិថុនា ឆ្នាំ ១៨៣១ មិនយូរប៉ុន្មាន​បន្ទាប់ពី​បងប្រុស ហ្វែប្ស បាន​មកដល់​ទីក្រុង​ខឺតឡង់ នោះព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួលវិវរណៈ​ដែលបានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៥ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៥:៤ ឲ្យ​ឮៗ ហើយ​សុំ​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​ទេពកោសល្យ​ផ្សេងទៀត ​ដែលវិលលាម ដ័បបុលយូ ហ្វែប្ស មាន ។​ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​អញ្ជើញ​សិស្ស​ផ្សេងទៀត​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៥:៥ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្សក្នុង​ថ្នាក់​រកមើល​ទីតាំង​ដែល​បងប្រុស ហ្វែប្ស ត្រូវ​បាន​ហៅ​ឲ្យធ្វើ​កិច្ចការ​នៃ​ការ​សរសេរ និងការ​បោះពុម្ព ។ ( ព្រះអម្ចាស់ បានណែនាំ​គាត់ឲ្យ​ធ្វើដំណើរ​ជាមួយ យ៉ូសែប ស៊្មីធ ហើយ​នឹង ស៊ីឌនី រិកដុន ទៅកាន់រដ្ឋ មិសសួរី ) ។

សូម​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះ​អាច​ប្រើ​ទេពកោសល្យ ជំនាញ និងសមត្ថភាព​ទាំងឡាយ​របស់​យើង ដើម្បីប្រទានពរ​ដល់កូនចៅ​របស់ទ្រង់ ។

  • តើ​អ្នកបាន​ឃើញ​ព្រះប្រើ​ទេពកោសល្យ និង​សមត្ថភាព​របស់មនុស្ស​​ឲ្យប្រទាន​ពរ​ដល់កូនចៅ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​គិត​អំពី​ទេពកោសល្យ ឬ​សមត្ថភាព​មួយ ដែល​ពួកគេ​មាន និង​របៀប​ដែល​ពួកគេ​អាច​ប្រើ​សមត្ថភាព​នោះ ដើម្បីជួយ​ដល់អ្នកដទៃ ហើយ​រំកិល​កិច្ចការ​របស់ព្រះអម្ចាស់​ឆ្ពោះទៅមុខ ។ សូមអញ្ជើញ​​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​គំនិត​របស់ពួក​គេ ។

សូមបញ្ចប់​មេរៀន​ដោយការ​យោង​ទៅ​គោលលទ្ធិ និងគោលការណ៍ទាំងឡាយ​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យជ្រើសរើស​សេចក្ដីពិតមួយ ហើយចែកចាយ​ពី​មូលហេតុ​ដែលវា​សំខាន់​ចំពោះពួកគេ និង​អ្វី​ដែល​ពួកគេ​ចង់ធ្វើ​ដើម្បីអនុវត្ត​វា​ឲ្យកាន់តែពេញលេញ​ក្នុងជីវិត​របស់ពួកគេ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៥។ ការ​បរិច្ចាគ​របស់វិលលាម ដ័បបុលយូ ហ្វែប្ស ចំពោះ​សាសនាចក្រ

វិលលាម ដ័បបុលយូ ហ្វែប្ស បាន​រៀបចំ​រោងពុម្ព​ដំបូងគេ​សម្រាប់​សាសនាចក្រ​នៅ​រដ្ឋ មិសសួរី ។ លោកបាន​បោះពុម្ព​កាសែត​សាសនាចក្រ​លើកដំបូង គឺ ។ លោកបានជួយ​ប្រមូលផ្ដុំ រៀបចំ និង​បោះពុម្ព​វិវរណៈ​នៅក្នុង​សៀវភៅ​នៃ បទបញ្ញត្តិ​នៅ​ក្នុង​ឆ្នាំ ១៨៣៣ ហើយ​ក្រោយមក​នៅក្នុង​ឆ្នាំ ១៨៣៥ បោះពុម្ព​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ លោកបានជួយ​រៀបចំ​សៀវភៅទំនុកតម្កើង​សាសនាចក្រ​ដំបូង​គេ ហើយ​បាន​សរសេរ​ទំនុក ក្នុង​ទំនុក​តម្កើង​ជាច្រើន រួមមានបទ « ព្រះវិញ្ញាណ​នៃ​ព្រះ » ដែលត្រូវ​បាន​ច្រៀង​នៅ​ក្នុងការ​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ។ លោកបាន​ផ្ដល់ប្រាក់ ៥០០ ដុល្លារ​ដើម្បីជួយ​សាងសង់​បញ្ចប់​ព្រះវិហារបរិសុទ្ធ​នោះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៥:៦។ ការ​បរិច្ចាគ​របស់​​យ៉ូសែប ខូ ចំពោះ​សាសនាចក្រ

យ៉ូសែប ខូ ដែលជា​អ្នកផ្លាស់ប្រែចិត្ត​ជឿ​ពីដំបូង​ម្នាក់​ចូលក្នុងសាសនាចក្រ​នៅ​រដ្ឋ នូវ យ៉ោក បានមក​ដល់​ទីក្រុង​ខឺតឡង់នៅឆ្នាំ ១៨៣១ ។ លោកបាន​ធ្វើដំណើរ​ទៅកាន់រដ្ឋ មិសសួរី ជាមួយនឹង យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ដែលចាកចេញ​ពីទីក្រុង​ខឺតឡង់ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ១៨៣១ ។ ក្រោយមក​បាន​ត្រឡប់ទៅ​ខឺតឡង់​ម្ដង​ទៀត ដែលលោក​ត្រូវ​បាន​តែងតាំង​ជា​ភ្នាក់ងារ​ទូទៅ​នៃ​សាសនាចក្រ ។ លោកបាន​គ្រប់គ្រង​លើ​ការ​ទិញ​ដី​នៅក្នុង​ឆ្នាំ ១៨៣៣ រួមទាំង ១០៣ ហិចតា នៃ​កសិដ្ឋាន​របស់ពេត្រុស ហ្វ្រែន ដែល​ព្រះវិហារបរិសុទ្ធ​ខឺតឡង់​នឹង​សាង​សង់​នោះ ។ លោកត្រូវ​បាន​ហៅ​ឲ្យ​ធ្វើជា​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៅខឺតឡង់ ក្នុង​ខែ​កុម្ភៈ ឆ្នាំ ១៨៣៤ ។ នៅ​ខែ​កក្កដា ឆ្នាំ ១៨៣៥ លោក​បាន​ជួយ​ទិញសាកសព​ពួក​អេស៊ីព្ទ និង ចំណារលើ​ដើម​ប៉ាមីរឹស ដែល​បណ្តាល​ឲ្យ យ៉ូសែប ស៊្មីធ នាំ​ចេញមក​នូវ​ព្រះគម្ពីរ​អ័ប្រាហាំ ។