ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦០ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៦


មេរៀន​ទី ៦០

គោលលទ្ធិ និង សេចក្ដី សញ្ញា ៥៦

បុព្វកថា

អ៊ែសរ៉ា ធេយ័រ ត្រូវ​បាន​ចាត់​ឲ្យ​រស់នៅ និង​ធ្វើ​ការ ជាមួយ​នឹង យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ នៅ​ចម្ការ​របស់ ហ្រ្វេដឌើរីក ជី វិល្លាម នៅ​ក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ។ បងប្រុស ធេយ័រ ក៏​បាន​ជួយ​បង់សងបំណុល​មួយចំនួន​ដែល​ជំពាក់​ថ្លៃ​ដី​ផងដែរ ។ នៅ​ដើម​ខែ​មិថុនា ឆ្នាំ ១៨៣១ គាត់ និង ថូម៉ាស ប៊ី ម៉ាស ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម​ទៅកាន់​រដ្ឋ មិសសួរី ( សូមមើល គ និង ស ៥២:២២) ។ ដោយសារ​តែ​ភាព​ឆ្មើង​ឆ្មៃ និង​ភាពអត្មា​និយម បងប្រុស ធេយ័រ ពុំ​បាន​ត្រៀម​ខ្លួន​ដើម្បី​ចេញដំណើរជាមួយ បងប្រុស ម៉ាស ទេ ។ នៅក្នុងវិវរណៈ​បានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦បាន​ទទួល​នៅថ្ងៃទី ១៥ ខែ មិថុនា ព្រះអម្ចាស់​បាន​លុបចោល​នូវ​ការ​ហៅ​បម្រើ​របស់​បងប្រុស ធេយ័រ ហើយ​បាន​ចាត់​តាំងដៃគូ​ថ្មី​ដល់បងប្រុស ម៉ាស ។ ព្រះអម្ចាស់​បាន​ព្រមាន​ទាស់​នឹង​ភាព​ឆ្មើង​ឆ្មៃ ហើយ​បានបង្រៀន​ដល់ពួក​បរិសុទ្ធ​ថា ទ្រង់​មានអ្វី​ៗយ៉ាង​ច្រើន​សម្រាប់ពួកគេ ប្រសើជាងដីធ្លី និង​ប្រាក់កាសទៅទៀត ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១-១៣

ព្រះអម្ចាស់​បាន​លុបចោល​នូវ​ការ​ហៅ​បម្រើ​បេសកកម្ម​របស់​បងប្រុស ធេយ័រ ហើយ​ព្រមាន​ដល់គាត់​ឲ្យ​ប្រែចិត្ត

សូម​សួរ​សិស្ស​ប្រសិនបើ​ពួកគេ​មាន​ស្គាល់​នរណា​ម្នាក់​ដែលលះបង់​អ្វី​ដែល​សំខាន់ ដើម្បី​គោរព​តាម​បទបញ្ញត្តិ​មួយ​របស់ព្រះអម្ចាស់ ។ ( ឧទាហរណ៍ អាច​រួម​មាន​ទាំង​នរណា​ម្នាក់​ដែល​ពលិកម្ម ដើម្បី​ចូលរួម​ក្នុង​សាសនាចក្រ ទៅ​បេសកកម្ម ឬ​គោរព​តាម​បទដ្ឋាន​ជាក់លាក់​របស់​សាសនាចក្រ ) ។ សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយនូវគំរូ​របស់ពួក​គេ ។

សូម​ពន្យល់​ថា នៅក្នុង​ខែ​មិថុនា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ហៅ អ៊ែសរ៉ា ធេយ័រ ឲ្យ​បម្រើ​បេសកកម្ម​នៅ​រដ្ឋ មិសសួរី ជាមួយ​នឹង ថូម៉ាស ប៊ី ម៉ាស ។ កង្វល់​របស់​បងប្រុស ធេយ័រ អំពី​ទ្រព្យសម្បត្តិ និង​លុយ​កាក់​បាន​បណ្តាល​ឲ្យ​គាត់​ពុំ​បាន​រៀបចំ​ខ្លួន​ចាកចេញ​ឡើយ ពេល​បងប្រុស ម៉ាស បាន​ត្រៀម​ខ្លួន​រួចរាល់​នោះ ដូច្នេះ​បងប្រុស ម៉ាស បាន​ទៅ​ជួប​យ៉ូសែប ស្ម៊ីធ សួរ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ នៅពេល​ព្យាការី​បាន​ទូលសូម​ដល់​ព្រះអម្ចាស់ នោះ​ព្រះអម្ចាស់​បាន​ឆ្លើយ​តប​មក​កាន់​លោក​ជាមួយ​នឹង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៦ ។

សូមអញ្ជើញ​សិស្សម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:១-២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​អ្នកទាំង ឡាយ ដែលបាន​បដិសេធ​ក្នុង​ការ​គោរព​តាមបទបញ្ញត្តិ​របស់ទ្រង់ ។

  • តើ​ព្រះអម្ចាស់​បាន​មានបន្ទូល​អ្វីខ្លះ អំពី​អ្នកទាំងឡាយណា​ដែល​បដិសេធ​ក្នុងការ​គោរពតាម​បញ្ញត្តិ​របស់ទ្រង់ ?

សូម​សរសេរ​សេចក្ដីថ្លែងការណ៍ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន៖ ដើម្បី​បាន​សង្គ្រោះ នោះយើង​ត្រូវ​តែ …

សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សេចក្ដីថ្លែងការ​ណ៍ ស្របតាម ខ ២ ។ សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ដើម្បី​បាន​សង្គ្រោះ នោះ​យើង​ត្រូវ​តែ​ផ្ទុក​ឈើ​ឆ្កាង​របស់​យើង ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ហើយ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។ ( សូមបំពេញគោលការណ៍នៅលើក្តារខៀន ) ។

  • តើ​អ្នក​គិត​ថា « ផ្ទុក​ឈើ​ឆ្កាង​របស់​យើង » មានន័យ​យ៉ាង​ដូចម្ដេច ? ( ដើម្បី​ជួយ​សិស្ស​យល់​អំពី​ឃ្លា​នេះ អ្នក​អាច​នឹង​ចង់​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៃ​គម្ពីរ​ម៉ាថាយ ១៦:២៤ មាននៅក្នុង ម៉ាថាយ ១៦:២៤ លេខ​យោង )

  • តើ​បទបញ្ញត្តិ​អ្វី​ខ្លះ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ដែល​តម្រូវ​ឲ្យ​អ្នក​ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​ធ្វើ​ការ​លះបង់​ដើម្បីគោរពប្រតិបត្តិ ? ( គំរូ​មួយចំនួន អាចរក​បាន​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ) ។

  • តើ​ពរជ័យ​អ្វីខ្លះ ដែល​អ្នកបាន​ទទួល ឬ​នឹង​ទទួល​បាន ដោយសារ​អ្នក​ជ្រើសរើស​គោរពប្រតិបត្តិ​តាម​ ?

សូម​សួរ​ថា តើ​មនុស្ស​នៅក្នុងឧទាហរណ៍​ដូច​ខាង​ក្រោម អាច​ផ្ទុក​ឈើ​ឆ្កាង​របស់​គេ ហើយគោរព​តាម​បទបញ្ញត្តិ​របស់ព្រះអម្ចាស់​តាម​វិធី​ណា ៖

  1. យុវជន​ម្នាក់​កំពុង​ឈាន​ចូល​ដល់​អាយុ ដែល​គាត់​អាចនឹង​បម្រើ​បេសកកម្មបាន ។ គាត់​បារម្ភ​អំពី​អ្វីៗ​ដែលគាត់​នឹង​ទុកចោល នៅពេល​គាត់​ចេញ​ទៅ​បម្រើ ។

  2. យុវនារី​ម្នាក់​ដឹង​ថា យុវវ័យនៅក្នុង​វួដ​នាង​នឹង​ទៅ​ទស្សនា​ព្រះវិហារបរិសុទ្ធ​ក្នុង​រយៈពេលពីរ​បីខែ​ទៀត ប៉ុន្តែ​នាង​ពុំ​មាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​ទេ ។ មាន​អ្វី​មួយកើតឡើងក្នុងជីវិត​របស់នាង​ក្នុងពេលនេះ ដែល​រារាំង​នាង​មិនឲ្យ​ទទួលបាន​ប័ណ្ណនោះ ។

សូម​ពន្យល់​ថា បើ​យើង​ជ្រើសរើស​មិន​ផ្ទុក​ឈើ​ឆ្កាង​របស់​យើងទេ នោះ​យើង​អាច​នឹង​បាត់បង់​ឱកាស​ដើម្បី​ប្រទាន​ពរ​ដល់អ្នកដទៃ ហើយ​ទទួលពរជ័យ​សម្រាប់​ខ្លួន​យើង ។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:៣-៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវ​អ្វី​ដែល​បានកើត​ឡើង ដោយសារ អ៊ែសរ៉ា ធេយ័រ ពុំ​បាន​ត្រៀមខ្លួន​ទៅ​រដ្ឋ មិសសួរី ។ មុន​ពេល​សិស្ស​អាន អ្នកអាច​នឹង​ចង់ពន្យល់​ថា ពាក្យ លុបចោល មានន័យ​ថា​ដកចេញ ឬ​បដិសេធ ។

  • តើ អ៊ែសរ៉ា ធេយ័រ បានបាត់បង់​អ្វីខ្លះ ដោយសារ​តែ​គាត់​ពុំ​ត្រៀមខ្លួន​ជាស្រេច​ដើម្បីទៅ ? ( គាត់​បាន​បាត់បង់​ឱកាស​របស់គាត់​ដើម្បីបម្រើ​បេសកកម្ម ក៏​ដូចជា​ការ​ទទួល​ពរជ័យ​ដែល​នឹង​កើតមាន​ផងដែរ ) ។

  • ស្របតាម ខ ៤តើ​ព្រះអម្ចាស់​អាច​ធ្វើអ្វីខ្លះ​ជាមួយនឹង​បទបញ្ញត្តិ​ដែល​ទ្រង់​ប្រទាន​ឲ្យ ? ( សិស្ស​គួរ​តែ​ប្រាប់​ពីគោលការណ៍​ដូច​ខាងក្រោម ៖ ព្រះអម្ចាស់ អាច​ប្រទាន​បទបញ្ញត្តិមួយ ឬ​ដក​បទបញ្ញត្តិ​នោះចេញ ពេលទ្រង់​ទត​ឃើញ​ថា​សមស្រប ) ។

សូម​សួរ​ដល់​សិស្ស បើសិនជា​ពួកគេ​អាច​គិត​អំពី​ឧទាហរណ៍​ចេញមកពី​បទគម្ពីរ ឬ​ប្រវត្តិ​សាសនាចក្រ អំពី​ការ​ប្រទានបទបញ្ញត្តិ និង​ការ​ដក​បញ្ញត្តិ​ចេញ​របស់ព្រះអម្ចាស់ ។ ខាងក្រោម​នេះ គឺ​ជា​ឧទាហរណ៏​មួយចំនួន ៖

  1. បន្ទាប់ពី​ព្រះអម្ចាស់​បាន​ប្រទាន​ក្រឹត្យវិន័យ​ខ្ពស់ជាង​ដល់ម៉ូសេ និង​រាស្ត្រ​របស់ទ្រង់ នោះ​កូនចៅ​អ៊ីស្រាអែល បាន​បះបោរ ហើយ​ចាប់​ផ្ដើម​ថ្វាយបង្គំ​រូបគោមាស ។ ក្រោយមក ព្រះអម្ចាស់​បាន​ប្រទាន​ដល់ពួកគេ​នូវ​ក្រឹត្យវិន័យ​ទាបជាង ។ ( សូមមើល និក្ខមនំ ៣២-៣៤, ការ​បកប្រែដោយ យ៉ូសែប ស៊្មីធ និក្ខមនំ ៣៤:១-២, គ និង ស ៨៤:២៣-២៧) ។

  2. អំឡុង​ពេល​ការ​បម្រើ​ក្នុងជីវិត​រមែង​ស្លាប់​របស់ព្រះអង្គសង្គ្រោះ ទ្រង់​បាន​បញ្ជូន​ពួកសាវក​ទៅ​កាន់តែសមាជិក​នៃ​វង្ស​អ៊ីស្រាអែល​ប៉ុណ្ណោះ ( សូមមើល ម៉ាថាយ ១០:៥) ។ មិន​យូរប៉ុន្មាន​បន្ទាប់ពី​ការ​រស់ឡើងវិញ​របស់ព្រះអង្គសង្គ្រោះ នោះទ្រង់​បាន​ប្រាប់​ដល់ពួកសាវក​ឲ្យ​ផ្សាយដំណឹងល្អ​ទៅ​គ្រប់ជាតិសាសន៍ទាំងអស់ ( សូមមើល ម៉ាថាយ ២៨:១៩) ។

  3. នៅក្នុង​គ្រា​កាន់កាប់ត្រួតត្រា​នេះ ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួកបរិសុទ្ធ​ជំនាន់​មុន​មួយចំនួន​ឲ្យ​អនុវត្ត​ពហុពន្ធភាព ។ ព្យាការី យ៉ូសែប ស៊្មីធ និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត​ជាច្រើន​បាន​រក​ឃើញ​ថា បទបញ្ញត្តិ​នេះ​ពិបាក ប៉ុន្តែ​ពួកគេ​បានគោរព​តាម ។ បន្ទាប់ពី​ការ​ទទួលបាន​វិវរណៈ នោះ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ចេញសេចក្តីប្រកាសដែល​ត្រូវ​បាន​ទទួល​យកដោយសាសនាចក្រ ជា​ការអនុញ្ញាត​ជា​ផ្លូវការ ហើយ​គោរពតាម នៅថ្ងៃទី ៦ ខែ​តុលា ឆ្នាំ ១៨៩០ ។ ការណ៍​នេះ នាំ​ទៅ​រក​ការ​បញ្ចប់​នូវការ​អនុវត្ត​នៃ​ពហុពន្ធភាព​ក្នុង​សាសនាចក្រ ( សូមមើល សេចក្ដីប្រកាស​ជាផ្លូវការ ទី ១ ) ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:៦-៧ ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​ក៏​បាន​ផ្លាស់ប្ដូរ​ការ​ហៅ​បម្រើ​បេសកកម្ម​របស់ សេឡា ជេ គ្រិពហ្វិន និង នូវែល ណៃត ផងដែរ ។ សូម​រំឭក​សិស្ស​ថា ដោយសារ​ការលំបាក​ជាច្រើន​ដែលបណ្ដាល​ឡើង​ដោយ លីម៉ាន ខូព្លី នៅក្នុង ថមសុន រដ្ឋ អូហៃអូ នោះ​ពួកបរិសុទ្ធ​នៅខូលស្វិល ត្រូវ​បាន​ដឹកនាំ​ឲ្យ​ផ្លាស់​ទីទៅ​រដ្ឋ មិសសួរី ។ ពួកគេ​បាន​សួរ​ព្យាការី យ៉ូសែប ស៊្មីធ បើសិនជា​ពួកគេ​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​ដោយមាន នូវែល ណៃត ដឹកនាំ​ពួកគេ ដូច​ដែលគាត់ធ្លាប់​ធ្វើ ចាប់តាំងពី​ចាក​ចេញ​ពី​ខូលស្វិល ។ នូវែល ណៃត ត្រូវ​បាន​ហៅបម្រើ​ជាមួយ សេឡា ជេ គ្រិពហ្វិន ពីមុន​ការ​លំបាក​ទាំងនេះ ( សូមមើល គ. និង ស. ៥២:៣២) ដើម្បី​ព្រះអម្ចាស់​ដឹកនាំ​សេឡា ជេ គ្រិពហ្វិន ឲ្យ​ជំនួស​កន្លែង​របស់ អ៊ែសរ៉ា ធេយ័រ ធ្វើជា​ដៃគូ​របស់ ថូម៉ាស ប៊ី ម៉ាស រួច​ហើយ នូវែល ណៃត បន្ដ​នៅជាមួយពួក​បរិសុទ្ធ​នៅ ខូលស្វិល ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:៨-១១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា អ៊ែសរ៉ា ធេយ័រ ឲ្យ​ធ្វើ បន្ទាប់ពី​ការហៅបម្រើ​បេសកកម្ម​របស់​គាត់ ត្រូវ​បាន​លុបចោល ។

  • តើ​ព្រះអម្ចាស់​មានបន្ទូល​ថា អ្វី​នឹង​កើត​ឡើង​ដល់ អ៊ែសរ៉ា ធេយ័រ បើ​គាត់​បាន​ប្រែចិត្ត ? តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​គាត់​មិន​ព្រម​ប្រែចិត្តវិ​ញ ?

សូម​ពន្យល់​ថា អ៊ែសរ៉ា បានជ្រើសរើស​ប្រែចិត្ត ហើយ​ប្រាំពីរ​ខែ​ក្រោយមក គាត់ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ម្ដងទៀត ជាអ្នកផ្សព្វផ្សាយសាសនា​ជាមួយ​នឹង ថូម៉ាស ប៊ី ម៉ាស ( សូមមើល គ. និង ស. ៧៥:៣១) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៤-២០

ព្រះអម្ចាស់​ព្រមាន​ដល់ពួកបរិសុទ្ធ​ឲ្យទាស់នឹង​ដួងចិត្តលោភលន់ និង​ឆ្មើង​ឆ្មៃ

សូម​ឲ្យ​សិស្ស​នឹក​ស្រម៉ៃ​ថា ពួកគេ​មានមិត្ត​ម្នាក់​ដែលធ្វើអំពើបាប ហើយ​កំពុង​មានអារម្មណ៍​សោកស្ដាយ ។ មិត្ត​នោះបានមករក​ពួកគេ ហើយ​សួរថា​« តើ​ខ្ញុំ​ចាំបាច់ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បីប្រែចិត្ត ? » សូម​ទុកពេល​ឲ្យ​សិស្ស​ពិចារណា ហើយឆ្លើយតប ។ បន្ទាប់ពី​ពួកគេ​បាន​ឆ្លើយ​តប​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៤-១៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អាកប្បកិរិយា និង​សកម្មភាព ដែល​រារាំង​អំពើបាប​របស់យើង​ពីការ​អភ័យទោស ឬ​អត់ទោស ។

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:១៤-១៥តើ​អាកប្បករិយា ឬសកម្មភាព​បែបណា ដែល​រារាំងអំពើបាប​របស់យើង​ពី​ការ​អភ័យទោស ឬ​អត់ទោស ?

  • តើ​អ្នកគិត​ថា​ឃ្លា « ស្វែងរក​ដំបូន្មាន​តាម​អំពើចិត្ត​របស់​ខ្លួន » មានន័យ​យ៉ាងណា ? តើ​ឃ្លា « ចិត្ត​របស់អ្នក​ទាំងឡាយ​ពុំ​បាន​ស្កប់ស្កល់​ឡើយ » ផ្ដល់ជាយោបល់​អ្វីខ្លះ ? ( វា​មានន័យថា ពុំ​ពេញចិត្ត​នឹង​អ្វីដែលអ្នកមាន ) ។

  • តើ​យើងអាច​រៀនអ្វីខ្លះមកពី ខ ១៤ និង ១៥ អំពី​អ្វី​ដែល​ចាំបាច់​ដើម្បី​ប្រែចិត្ត ហើយ​ទទួលបាន​ការ​អភ័យទោសនោះ ? ( សិស្ស​អាច​នឹង​ប្រាប់​នូវគោលការណ៍​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា គូសបញ្ជាក់នូវ​សេចក្ដីពិតដូច​ខាងក្រោម ៖ ការ​ប្រែចិត្ត​រួមមានទាំង​ការ​គោរព​តាម​ដំបូន្មាន​របស់ព្រះអម្ចាស់ ហើយ​ងាកចេញ​ពី​បំណងប្រាថ្នា​ពុំ​សុចរិត ។ អ្នកអាច​នឹង​ចង់អញ្ជើញសិស្ស​ឲ្យ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​គម្ពីរ​របស់ពួកគេ​ជិត គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:១៤-១៥) ។

  • ហេតុអ្វី​ក៏​ការ​គោរពប្រតិបត្តិ និងការ​ងាកចេញពី​ភាព​មិនសុចរិត វាចាំបាច់​នៅក្នុង​ការប្រែចិត្ត​ពិត ?

សូម​ពន្យល់​ថា ការ​ប្រែចិត្ត​ពុំគ្រាន់តែ​ជាការ​ធ្វើតាមជំហាន​ៗ​ដែលតម្រូវ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ដួងចិត្ត​ទាំងស្រុង​នោះទេ-- វាជា​ការតាំងចិត្ត​មួយ​ដើម្បីគោរព​ព្រះអម្ចាស់ ហើយ​ងាកចេញពី​គ្រប់​រឿង​មិនសុចរិត​ទាំងឡាយ ។ នៅពេល​វិវរណៈ​នេះ​ត្រូវ​បាន​ទទួល វា​បង្ហាញ​ថា ភាពអត្មានិយម និង​ភាព​ឆ្មើង​ឆ្មៃ របស់ អ៊ែសរ៉ា ធេយ័រ បានរារាំង​គាត់មិន​ឲ្យ​គោរពតាម​ការ​ទូន្មាន​របស់ព្រះអម្ចាស់ ។

  • តើ​ភាព​ឆ្មើងឆ្មៃ​របស់មនុស្ស​ម្នាក់ ជះឥទ្ធិពល​ដល់​សមត្ថភាព​របស់ពួកគេ​ដើម្បី​មានដួងចិត្ត​ផ្លាស់ប្រែ​យ៉ាងដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:១៦-១៧ ជាមួយដៃគូ ។ សូម​ឲ្យ​ដៃគូ​ម្នាក់​រកមើល​របៀប​ដែល​ដួងចិត្តពុំ​ផ្លាស់ប្រែ អាច​មាននៅក្នុង​ខ្លួន​មនុស្ស​ម្នាក់ដែលមានទ្រព្យ ។ សូម​ឲ្យ​ដៃគូ​ម្នាក់​រកមើល​របៀប​ដែល​ដួងចិត្តពុំ​ផ្លាស់ប្រែ អាច​មាន​នៅក្នុង​ខ្លួន​មនុស្ស​ម្នាក់ដែលក្រីក្រ ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រក​ឃើញ ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពីអ្វី​ដែល​ពួកគេ​រកឃើញ​ចំពោះ​ដៃគូរបស់​ពួកគេ បន្ទាប់មក​ពិភាក្សា​នូវ​សំណួរ​ដូច​ខាង​ក្រោមជាមួយ​គ្នា ( អ្នកអាច​នឹង​ចង់សរសេរ​វា​នៅលើ​ក្ដារខៀន ) ៖

  • តើ​អ្នក​អាច​ឃើញ​នូវភាព​ស្រដៀងគ្នា​អ្វីខ្លះ រវាង​ដួងចិត្ត​មិនផ្លាស់ប្រែ ទាំង​អ្នកមាន និង​អ្នក​ក្រ ?

  • ហេតុអ្វី​ក៏​ភាពលោភលន់​អាច​មាន​ទូទៅ ទាំង​ក្នុង​ពួកអ្នក​មាន និង​អ្នក​ក្រ​យ៉ាង​ដូច្នេះ ?

សូម​ដល់សិស្ស​ឲ្យពិចារណា​ថា ពីពេលដែល​ពួកគេ​បានឃើញ​ទង្វើ​ទាំងនេះ​បង្ហាញ​នៅក្នុងជីវិត​ផ្ទាល់ខ្លួន​របស់ពួកគេ ឬ​នៅក្នុងជីវិត​មនុស្ស​ទាំងឡាយ​ដែលពួកគេ​ស្គាល់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:១៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពាក្យ​ដែលពិពណ៌នា​អំពី​ដួងចិត្ត​នៃ​អ្នកទាំងឡាយ​ដែល​នឹង​ត្រូ​វ​បាន​ប្រទានពរ ។

  • ស្របតាម ខ ១៨​តើ​យើង​គួរតែ​មាន​ដួងចិត្តដូចម្តេច? តើ​ការ​មាន​ដួងចិត្ត​សង្រេង​មានន័យដូចម្តេច​ ? ចុះចំណែក​ឯវិញ្ញាណទន់ទាប​វិញ​យ៉ាងម៉េច​ដែរ ? ( ពាក្យ​ទាំងនេះ បង្ហាញ​ពី​ភាពរាបសា និង​ការ​ចុះចូល​នឹង​ព្រះអម្ចាស់ ) ។

  • បើដួងចិត្ត​របស់យើង​កំណាញ់ ឬ​មានអំនួត តើយើងអាច​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:១៩-២០ ជា​មួយ​ដៃគូ​របស់ពួកគេ ។ សូម​ឲ្យ​ពួកគេ​រកមើល​ពរជ័យ​ទាំងឡាយ​ដែលព្រះអម្ចាស់​បាន​សន្យា​ដល់អ្នកទាំងឡាយ​ដែល​មានដួងចិត្ត​រាបសា ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​សិស្សថា ពួកគេ​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​សរសេរ​សេចក្ដីថ្លែង​ការណ៍​ពុំពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ អ្នក​ទាំងឡាយ​ណា​ដែល​មានដួងចិត្ត​រាបសា នឹង…

  • ស្របតាម ខ ១៨-២០តើពរជ័យ​អ្វីខ្លះ ជួយបំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ? ( នៅពេល​សិស្ស​ប្រាប់អំពីពរជ័យ​ដែលបាន​ប្រាប់នៅក្នុង​ខ​គម្ពីរ​ទាំង​នេះ សូមសរសេរ​វា​នៅលើ​ក្ដារខៀន ។ អ្នកអាច​នឹង​ចង់​ពន្យល់​ថា ពាក្យ ឲ្យរង្វាន់ សំដៅ​ទៅលើ​រង្វាន់​សម្រាប់​ទង្វើ​ល្អ និង​ទណ្ឌកម្ម​សម្រាប់​ទង្វើ​មិនសុចរិត ) ។

សូម​ពន្យល់​ថា នៅក្រោម​ក្រឹត្យវិន័យ​នៃការ​ថ្វាយ ចំណែក​ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យបុគ្គលម្នាក់ៗ ឬ​គ្រួសារ ស្របតាម​ស្ថានភាព​របស់ពួកគេ ដែលត្រូវ​បាន​ហៅថា « កេរ្ដិ៍អាករ » (គ. និង ស. ៥៧:៧) ។ វា​ទំនង​ដូចជា​អំឡុងពេល​ការអនុវត្ត​ក្រឹត្យវិន័យ​នេះ​ដំបូង មាន​ពួកបរិសុទ្ធ​មួយចំនួន ដូច​ជា អ៊ែសរ៉ា ធេយ័រ បាន​បែរទៅជា​មានភាព​រំភើប​ហួសប្រមាណ​អំពី​ការ​ទទួលបាន « កេរ្ដិ៍​អាករ​ » របស់ពួកគេ ។

សូម​សរសេរ​ពាក្យ កេរ្ដិ៍​អាកររបស់​ខ្ញុំ នៅជិត​នឹង​ពរជ័យ​ទាំងឡាយ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

  • ចេញមកពីអ្វី​ដែលយើងបានសរសេរ តើ​អ្នក​នឹង​សង្ខេប​ពរជ័យ​ទាំងឡាយ​ដែលព្រះអម្ចាស់​បាន​មាន​ក្នុងឃ្លាំង​សម្រាប់អ្នកទាំងឡាយ​ដែល​មានដួងចិត្ត​រាបសា​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ អ្នកទាំងឡាយ​ដែល​មានដួងចិត្ត​រាបសា​នឹង​ទទួលគ្រង​ផែនដី ) ។

  • តើ​ពរជ័យ​ទាំងឡាយ​ដែលបានពិពណ៌នា​នៅក្នុង ខ ១៨-២០ ប្រៀបធៀប​ទៅនឹង​ទ្រព្យសម្បត្តិ និង​ប្រាក់​ដែល អ៊ែសរ៉ា ធេយ័រ និង​ពួកបរិសុទ្ធ​ជំនាន់មុនដទៃទៀត អាច​នឹង​មានចិត្ត​រំភើប​នឹង​របស់​នោះ យ៉ាង​ដូចម្ដេច ?

សូមថ្លែងទីបន្ទាល់​អំពី ពរជ័យ ឬ « កេរ្ដិ៍​អាករ » ដែលព្រះអម្ចាស់​មាន​ក្នុង​ឃ្លាំង​សម្រាប់​យើង នៅពេល​យើង​បដិសេធ​រាល់​សេចក្ដី​មិនសុចរិត​ចេញពី​ខ្លួន​យើង ហើយ​តាំង​ចិត្ត​ធ្វើតាម​បទបញ្ញត្តិ​របស់ទ្រង់ ។

​សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:២។ ផ្ទុក​ឈើ​ឆ្កាង​របស់​យើង ហើយ​ដើរ​តាម​ព្រះអម្ចាស់ ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន មានប្រសាសន៍​អំពី​ការរំពឹងទុក​សម្រាប់​យុវជន​ឲ្យ​លះបង់អ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បី​បម្រើ​បេសកកម្ម ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ស្ដី​អំពី​ការ​បម្រើ​បេសកកម្ម ប្រធាន [ ស្ពែនស៊ើរ ដបុលយូ ] ឃឹមបឹល បាន​មាន​ប្រសាសន៍​ថា ‹ តើ​វា​អត្មានិយម និងទុទិដ្ឋិនិយម​យ៉ាងណា បើ​យុវជន​ម្នាក់​ធំឡើង​ដឹងក្ដី បានចំណាយ​ពេល​រៀបចំខ្លួន​សម្រាប់ការងារ​ក្នុងជីវិត​របស់គាត់ និង​អាជីពរបស់គាត់ ហើយ​ពុំ​ស្ម័គ្រចិត្ត​ដើម្បី​បម្រើ​ដល់​អង្គបង្កបង្កើត​របស់គាត់​នៅក្នុង​កិច្ចការ​នេះ ដែលជាការ​បម្រើ​ដ៏សំខាន់​បំផុត​នៅក្នុង​ពិភព​លោក › ( Regional Representatives’ seminar, ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ១៩៧៧) ។

« យុវជនអើយ សេចក្ដីថ្លែងការណ៍​ដោយប្រធាន ឃឹមបឹល នេះ គួរ​តែ​ជា​បាវចនា​ផ្ទាល់ខ្លួនរបស់អ្នក ៖ « បុរស អិល.ឌី.អេស គ្រប់រូប​ដែល​មានភាព​សក្ដិសម ហើយ​មានលទ្ធភាព គួរ​តែ​បំពេញ​បេសកកម្ម​ »​ (Ensign ខែ ឧសភា ឆ្នាំ ១៩៧៤, ទំព័រ ៨៧ ) ។ យើង​សុំ​ឲ្យ​អ្នក​ធ្វើការ​លះបង់ ។ យើង​ហៅ​វា​ដូច្នោះ​ដោយសារ​ចង់បាន​នាមកាន់តែ​ល្អ​សម្រាប់វា ។ វា​គឺជា​ការ​វិនិយោគ​មួយ ។ ចូល​ខ្លួនធ្វើការ​នេះ ជាការ​បម្រើ​ដ៏អស្ចារ្យ​បំផុត​ក្នុងពិភពលោក ។ សូម​កុំ​គេច​វេស​ពី​ទំនួលខុសត្រូវ ។ សូម​កុំ​ជំទាស់នឹងមនសិកាឡើយ ។ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ចូលរួម​ក្នុង​កងទ័ព … ដែល​មាន​ចំនួន​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ។ កិច្ចការ​របស់អ្នក គឺ​ជា​ការ​ប្រកាស​សារ​នៃ​ការ​ស្ដារឡើងវិញ​ទៅដល់ពិភពលោក ។ សូម​ដឹង​ចុះថា អ្នក​ទទួលបាន​នូវ​ទំនុកចិត្ត និង​សេចក្ដីស្រឡាញ់របស់​យើង ។ យើង​រំពឹង​ឲ្យអ្នក​ធ្វើ​បេសកកម្ម​នោះ » ( This Is a Day of Sacrifice »Ensignខែ ឧសភា ឆ្នាំ ១៩៧៩, ទំព័រ ៣៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:៤។ ព្រះអម្ចាស់ចេញ​បញ្ជា ហើយដកបញ្ជាវិញ

ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​នូវ​គំនិត​អំពី​របៀប​ដែលព្រះអម្ចាស់ ពេល​ខ្លះ ផ្លាស់ប្ដូរ​ការដឹកនាំ ដែលបាន​ប្រទានដល់​សាសនាចក្រ ។ ប្រធាន ផាកកឺ បាន​លើក​ទឹកចិត្ត​ដល់សមាជិក​ឲ្យ​ទុកចិត្ត​ទៅលើ​ដំណើរ​ការ​នៃវិវិរណៈ​ដែលបាន​ប្រទាន​ដល់​ពួកសាវក ហើយ​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ទាំងឡាយ​នៅក្នុង​ការ​អនុវត្ត និង​ទម្រង់ការនានានៅពេល​វា​ត្រូវ​បាន​បើក​សម្ដែង ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ការ​ផ្លាស់ប្ដូរ​ទាំងឡាយ​នៅក្នុង​អង្គភាព ឬ​ទម្រង់ការ គឺជា​ទីបន្ទាល់​មួយ​ថា វិវរណៈ​កំពុង​តែមាន​សព្វថ្ងៃ ។ ខណៈដែលគោលលទ្ធិ គឺ​ស្ថិត​នៅ​ដដែល តែ​វិធីសាស្ត្រ និង​ទម្រង់​ការ​ទាំងឡាយ​ពុំ​ស្ថិត​នៅដដែលទេ ។…

« ផែនការ​ដំណឹងល្អ ត្រូវ​បាន​បើក​សម្ដែង​មួយបន្ទាត់​ម្ដងៗ មួយ​សិក្ខាបទម្ដងៗ ឯនេះ​បន្ដិច ឯណោះ​បន្ដិច ។ ហើយ​វា​បន្ដ​ថា ៖ ‹ យើង​ជឿ​ថា ទ្រង់​នឹង​នៅ​បន្ដ​បើក​សម្ដែង​នូវ​រឿងដ៏ធំ និង​សំខាន់ៗ​ជាច្រើន ដែលទាក់ទង​ទៅនឹង​នគរ​នៃព្រះ › ។ (ម និង ស ១:៩) ។

« នឹង​មានការ​ផ្លាស់ប្ដូរ​ជាច្រើននៅ​ពេលអនាគត​ក៏ដូចជា​ក្នុងពេលអតីតកាល​ដែរ ។ ទោះ​ជា​ថ្នាក់ដឹកនាំ បានធ្វើការ​ផ្លាស់ប្ដូរ ឬ បន្ដ​ធ្វើវា គឺពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការណែនាំ​ដែលពួកគាត់បាន​ទទួល តាមរយៈ​វិវរណៈ ដែល​ត្រូវបាន​ស្ថាបនា​ឡើង​តាំង​ពីដើម​ដំបូង ។

« គោលលទ្ធិ​នឹង​បន្ដ​នៅខ្ជាប់ខ្ជួន អស់កល្ប រីឯ​អង្គភាព កម្មវិធី និង​ទម្រង់ការ​ទាំងឡាយ នឹង​ត្រូវ​ផ្លាស់ប្ដូរ​ដូច​ដែលដឹកនាំ​ដោយទ្រង់ ដែលជា​ម្ចាស់នៃ​សាសនាចក្រ​នេះ ។

« ហើយនៅទីបំផុត អ្វី​ដែល​ត្រូ​វ​បាន​ប្រទាន​ឲ្យ​បានមក​ដល់ ព្រោះ​ព្រះអម្ចាស់​បាន​មានបន្ទូល ‹ ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា › ។ (គ. និង ស. ១:៣៨) ។ យើង​ស្គាល់​សំឡេង​ទ្រង់​នៅពេលទ្រង់មានបន្ទូល » (Revelation in a Changing World »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ១៥, ១៦ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:១៤-១៥ ។ ដើម្បីបានអភ័យទោសពី​អំពើបាប

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​គូស​បញ្ជាក់​អំពី​លទ្ធផល​នៃ​ការ​ទទួលបទពិសោធន៍​នៃការ​ផ្លាស់ប្ដូរ​ដួងចិត្ត​ដ៏ពេញលេញ​តាមរយៈ​ការ​ប្រែចិត្តថា ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ការ​ប្រែចិត្ត​តម្រូវ​ឲ្យ​មាន​ភាព​ម៉ឺងម៉ាត់ក្នុងគោលបំណង និង​មាន​ឆន្ទៈ​ស៊ូទ្រាំ ឆ្លងកាត់​ការ​ឈឺចាប់​ ។ សូម​ព្យាយាម​បង្កើត​បញ្ជី​អំពី​ជំហាន​ជាក់លាក់​នៃ​ការ​ប្រែចិត្ត នោះអាច​ជា​ប្រយោជន៍​ខ្លះៗ ប៉ុន្តែ​វា​ក៏​អាច​នាំ​ទៅ​រក​វិធី​គូសធីក​ដោយ​ស្វ័យប្រវត្តិ​ដែល​គ្មាន​នូវអារម្មណ៍ ឬ​ការ​ផ្លាស់ប្ដូរ​ពិត ។ ការ​ប្រែចិត្ត ពុំ​មែនជា​រឿងរាក់កំផែល​នោះទេ ។…

« ដោយមានជំនឿ​ទៅលើ​ព្រះប្រោសលោះ និង​ព្រះចេស្ដា​របស់ទ្រង់ នោះក្ដី​អស់សង្ឃឹម​ដ៏​ធ្ងន់ធ្ងរ ត្រឡប់ទៅជា​មានក្ដីសង្ឃឹម​វិញ ។ ​ដួងចិត្ត និង​បំណងប្រាថ្នា​របស់មនុស្ស​ម្នាក់ផ្លាស់ប្ដូរ ហើយ​អំពើ​បាប​ក្លាយជា​រឿង​កាន់តែ​គួរ​ខ្ពើម​ឆ្អើម ។ ដំណោះ​ស្រាយដើម្បី​បោះបង់ចោល និង​បញ្ឈប់អំពើបាប ហើយ​ជួសជុល​ឡើងវិញនូវ​ការ​ខូចខាត ដែល​ពួកគេ​បាន​បណ្ដាល​ឲ្យកើត​មាន ឥឡូវ​នេះ​បាន​បង្កើតនៅក្នុង​ដួងចិត្ត​ថ្មី អាច​ធ្វើ​ទៅបាន​ដោយ​ពេញលេញ ។ ដំណោះស្រាយនេះ នឹង​ធំឡើង​យ៉ាង​ឆាប់​ចូល​ទៅ​ក្នុង​សេចក្ដីសញ្ញា​នៃ​ការ​គោរព​ប្រតិបត្តិ​ដល់ព្រះ ។ ដោយ​មាន​សេចក្ដីសញ្ញាស្រាប់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ សារទូត​នៃ​ព្រះគុណ​ព្រះ នឹង​នាំ​មកនូវ​ភាព​ធូរស្បើយ និង​ការអភ័យ​ទោស » (The Divine Gift of Repentance, »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១, ទំព័រ ៤០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៩។ ព្រះអម្ចាស់​នឹង​នាំយករង្វាន់​មក​ជាមួយ​សម្រាប់អ្នកដែល​មានដួងចិត្ត​រាបសា

សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បង្រៀន​អំពីគោលការណ៍​នៃ​ការ​ឲ្យ​រង្វាន់ ដែល​រួមមាន​នៅក្នុងការ​សន្យា​នៃ​ការ​ឲ្យ​រង្វាន់​មកពី​ព្រះអង្គសង្គ្រោះថា ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« ព្រះ​អម្ចាស់​ឲ្យ​រង្វាន់​ដល់​ពួកស្មោះត្រង់​ចំពោះ​រាល់ការ​បាត់បង់ទាំងអស់ ។ អ្វី​ដែល​ត្រូវ​បាន​ដក​ចេញពី​អ្នកទាំងឡាយ​ណា​ដែល​ស្រឡាញ់ព្រះអម្ចាស់ នឹង​ត្រូវបានផ្តល់​បន្ថែម​ដល់​ពួកគេ​វិញ​តាម​មាគ៌ា​របស់ទ្រង់​ផ្ទាល់ ។ ខណៈ​ដែល​វា​ពុំ​កើតមាន​នៅ​គ្រា​ដែល​យើង​ប្រាថ្នា​ចង់បាន នោះ​ពួកអ្នក​ស្មោះត្រង់​នឹង​ដឹង​ថា រាល់​គ្រប់ដំណក់​ទឹកភ្នែក​នឹង​ត្រឡប់​ទៅ​ជា​ដំណក់ទឹក​ភ្នែក​នៃ​អំណរ និង​ការ​ដឹងគុណ​រាប់មិនអស់​វិញ »​ (« Come What May, and Love It » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៨ ) ។