ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦១ ៖ កន្លែង​កណ្ដាល​នៃ​ស៊ីយ៉ូន


មេរៀនទី ៦១

កន្លែង​កណ្ដាល​នៃ​ស៊ីយ៉ូន

បុព្វកថា

នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ ១៨៣១ មានពួកបរិសុទ្ធ​មួយចំនួន​ដែលបាន​ប្រមូល​គ្នីគ្នា​នៅរដ្ឋ អូហៃអូ បាន​ចាប់​ផ្ដើមការ​ធ្វើដំណើរ​ទៅ​តាំង​ទីលំនៅ​ក្នុង​តំបន់ ឃុំចាកសុន រដ្ឋ មីសសួរី ។ នៅក្នុង​វិវរណៈ​មួយ​ទៅកាន់ព្យាការី យ៉ូសែប ស៊្មីធ នៅ​ថ្ងៃទី ២០ ខែ​កក្កដា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​កំណត់​ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ជា « កន្លែងកណ្ដាល » នៃ​ស៊ីយ៉ូន (គ. និង ស. ៥៧:៣) ។ ពួកបរិសុទ្ធ​ទាំងឡាយ​បាន​ចាប់ផ្ដើម​ទិញ​ដី​នៅតំបន់​នោះ ហើយពួកគេ​ក៏​រក្សា​បទបញ្ញត្តិ​របស់ព្រះអម្ចាស់នៅក្នុង​ការ​ត្រៀម​ខ្លួនដើម្បី​ស្ថាបនា​ស៊ីយ៉ូន​ឡើង​ផងដែរ ។ ទោះជា​យ៉ាណា​ក៏ដោយ ពេលវេលា​បាន​កន្លង​ផុតទៅ ជម្លោះទាស់ទែង​បាន​កើត​ឡើង រវាង​ពួកបរិសុទ្ធ និង​ពលរដ្ឋ​ជាច្រើន​នៅឃុំ​ចាក​សុន រដ្ឋ មិសសួរី ដែល​នាំ​ឲ្យ​មានអំពើ​ហឹង្សា​ដ៏អាក្រក់​ទាស់​នឹង​ពួកបរិសុទ្ធ ។ ពួកបរិសុទ្ធ​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ឃុំ​ចាកសុន នៅ​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ឆ្នាំ ១៨៣៣ ។

យោបល់​សម្រាប់ការ​បង្រៀន

ព្រះអម្ចាស់​បាន​កំណត់​ក្រុង​អ៊ិនឌីប៉ែន​ដែនស៍ រដ្ឋ មិសសួរី ជា​កន្លែង​កណ្ដាល​នៃ​ស៊ីយ៉ូន

មុន​ពេល​ចាប់ផ្ដើម​ថ្នាក់រៀន សូមសរសេរ​ខឺតឡង់ រដ្ឋ អូហៃអូនៅ​លើ​ស្លាកសញ្ញា​មួយ ហើយ​ដាក់វា​នៅ​ផ្នែកម្ខាង​នៃ​ថ្នាក់រៀន ។ ហើយនៅ​ផ្នែកម្ខាងទៀត​នៃ​ថ្នាក់រៀន សូមដាក់​តាំង​ស្លាក​សញ្ញា​មួយ​ដែល​អាន​ថាក្រុង​អ៊ិនឌីប៉ែន​ដែនស៍ រដ្ឋ​មិសសួរី ។ ឬ បើអ្នក​ចង់​បាន អ្នកអាច​គូស​នៅលើ​ក្ដារខៀន​នូវផែនទី​សាមញ្ញមួយ អំពីបច្ចិម​ប្រទេស​អាមេរិក ជាមួយ​នឹងខឺតឡង់ រដ្ឋ អូហៃអូ និង ក្រុង​អ៊ិនឌីប៉ែន​ដែនស៍ រដ្ឋ មិសសួរី ដោយគូសចំណាំឲ្យច្បាស់ ( សូមមើល​ផែនទី​ប្រវត្តិសាស្ត្រ​សាសនាចក្រ ផែនទី ទី ៦ « ដំណើរ​នៃសាសនាចក្រទៅទិស​ខាង​លិច ») ។ សូម​យោងទៅ​ផែនទីនោះ​ពេលអ្នកបង្រៀន​មេរៀន ។

រូបភាព
ផែនទី ប៉ែក​ឦសាន​នៃ​សហរដ្ឋ

សូមចាប់ផ្ដើម​ដោយសុំ​ឲ្យ​សិស្ស​នឹកស្រម៉ៃថា ពួកគេ​កំពុង​បោះជំរុំ ហើយពួកគេ​ដឹង​ថា មានព្យុះ​កំពុង​តែ​ខិត​ជិត​មក ។

  • តើ​អ្នកអាច​រក​កន្លែងជ្រកគេច​ពីព្យុះ​តាមវិធីមួយចំនួនរបៀបណា​ខ្លះ ? តើ​តង់​អាចជួយ​នៅក្នុង​ស្ថានភាពយ៉ាង​ដូចម្តេចដែរ ?

សូមពន្យល់​ថា ព្យាការី អេសាយ បាន​ពណ៌នា​ថា ស៊ីយ៉ូន គឺដូចជា​ត្រសាល​ដ៏​ធំមួយ ។ លោក​បានមានប្រសាសន៍​ថា « សូម​ពង្រីក​ទីដំឡើង​ត្រសាល​ឯង​ឲ្យ​ធំឡើង ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ​សំពត់​ត្រសាល​របស់ឯង​ទៅ កុំ​ឲ្យ​សំចៃឡើយ ត្រូវ​ឲ្យ​បន្ដ​ខ្សែ​ឲ្យវែង ហើយ​បោះចំរឹង​ឲ្យ​មាំឡើង​ចុះ » (អេសាយ ៥៤:២) ។ នៅក្នុង​ការបំពេញ​តាម​ការព្យាករណ៍​នេះ ព្រះអម្ចាស់​បាន​បន្ដ​ដឹកនាំ​គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​នៅក្នុង​ការ​ស្ថាបនា​ស្ដេក​នៃ​ស៊ីយ៉ូន នៅទូទាំង​ពិភពលោក ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៤១-៤៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើលពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​ពួកបរិសុទ្ធ​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នីគ្នា​ទៅ​កាន់​ស៊ីយ៉ូន ។

  • តើ​ពរជ័យ​អ្វីខ្លះ ដែលព្រះអម្ចាស់​សន្យា​ដល់ពួកសុចរិត​ដែល​ប្រមូល​គ្នីគ្នា​ទៅកាន់ស៊ីយ៉ូន ?

សូម​ពន្យល់​ថា នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​អះអាង​ថា ដែនដី​មីសសួរី​គឺ​ជាដែនដី​សន្យា​នៃ​ក្រុង​ស៊ីយ៉ូន ហើយ​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី គឺ​ជា « កន្លែង​កណ្ដាល​ » នៃ​ស៊ីយ៉ូន ( សូមមើលគ. និង ស. ៥៧:​១-៣) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ឈរ ឬ​អង្គុយ​នៅជិត​នឹង​សញ្ញាអ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​គូ​រូប​តង់​មួយ​នៅ​លើ​ក្ដារខៀន ។ ( បើ​ថ្នាក់​រៀនមាន​ទំហំ​ធំ​ល្មម នោះ​អ្នកអាច​នឹង​ពិចារណាគ្រោង​យក​តង់មួយ​មក​ថ្នាក់​រៀន ហើយ​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​លាតង់​បោះ​ឡើង តំណាង​ឲ្យ​ពួកបរិសុទ្ធ​ចាប់​ផ្ដើម​ស្ថាបនា​ទីក្រុង​មួយធ្វើជា​ទីជម្រក ) ។

  • តើ​អ្នក​ធ្លាប់តំឡើងតង់មួយមិនត្រឹម​ត្រូវ ឬក៏​ព្យាយាមតំឡើង​វា​ដោយ​គ្មាន​បំណែក​គ្រប់គ្រាន់​ដែរ​ឬ​ទេ ? តើ​មាន​រឿងអ្វីបានកើតឡើង?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥:៥ដោយ​ស្ងាត់ស្ងៀម រកមើល​របៀប​ដែល « ត្រសាល » នៃស៊ីយ៉ូន ត្រូវ​តែ​សង់ឡើង​សម្រាប់​ព្រះអម្ចាស់​ដើម្បីទទួល​យកវាបាន ។​ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ទីក្រុង​ស៊ីយ៉ូន​ត្រូវ​តែ​ស្ថាបនា​ឡើងនៅលើ​គោលការណ៍​ទាំងឡាយ​នៃ​ក្រឹត្យវិន័យ​នៃនគរ​សេឡេ​ស្ទាល ។ សូម​ពន្យល់​ថា បន្ទាប់ពី​ព្រះអម្ចាស់​បើក​សម្ដែង​អំពី​ទីកន្លែង​នៃ​ដែនដីស៊ីយ៉ូន ក្នុង​ឆ្នាំ ១៨៣១ មក ទ្រង់​បាន​ប្រទាន​វិវរណៈ​ជាច្រើន​ជាង​ពី​រ​ឆ្នាំ​ក្រោយ ដែលពិពណ៌នា​អំពី​គោលការណ៍​ទាំងឡាយ​ដែលពួក​បរិសុទ្ធ​គួរ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន ។

សូម​សរសេរ​សេចក្ដី​យោង​ព្រះគម្ពីរដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨២ :១៤-១៩

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៧:១០-១៦

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៧:២១-២២, ២៥-២៧ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣:៤-៩

សូមបែងចែកសិស្ស​ទៅ​ជា​បួនក្រុម ហើយ​ចាត់តាំងសេចក្ដី​យោង​មួយ​ដែល​មាន​សរសេរ​នៅលើ​ក្ដារខៀនដល់​ក្រុម​នីមួយៗ ។ សូម​អញ្ជើញ​ក្រុម​ឲ្យ​អាន​វគ្គគម្ពីរ​ដែលបាន​ចាត់​ឲ្យ​ពួកគេអាន រកមើល​គោលការណ៍​នៃ​សេចក្ដីសុចរិត ឬ​បទបញ្ញត្តិ​ទាំងឡាយ​ដែលពួកបរិសុទ្ធ​នឹង​ចាំបា​ច់​ត្រូវ​ធ្វើ​តាម​ដើម្បី​ស្ថាបនា​ស៊ីយ៉ូន​ដោយជោគជ័យ ។

បន្ទាប់ពី​សិស្ស​បានសិក្សា​វគ្គ​គម្ពីរ​ដែល​បាន​ចាត់​ឲ្យ​របស់ពួកគេ​រួច​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រាយការណ៍​នូវ​អ្វី​ដែលពួកគេ​រក​ឃើញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។ ( ចម្លើយ​របស់​សិស្ស​គួរ​តែ​រួមមាន​ដូច​ខាង​ក្រោម ៖ រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ហើយ​ស្វែងរក​សុខមាលភាព​របស់អ្នក​ដទៃ [គ. និង ស. ៨២:១៧-១៩] សាងសង់​ព្រះវិហារបរិសុទ្ធ ហើយ​ទទួល​ការ​ណែនាំ​នៅទីនោះ [គ. និង ស. ៩៧:១០-១៤] បរិសុទ្ធ​នៅក្នុង​ដួងចិត្ត [គ. និង ស. ៩៧:១៦, ២១] ពិនិត្យសង្កេត​បទបញ្ញត្តិ​ទាំងឡាយ [គ. និង ស. ៩៧:២៥-២៦] និង​ត្រូវ​បាន​ញែកចេញ ហើយ « … ចេញពី​បាប៊ីឡូន » ដែល​មាន​ន័យ​ថា ងាក​ចេញពី​លោកិយ [គ. និង ស. ១៣៣:៤-៥] ។

  • តើ​ការ​រស់នៅ​តាម​គោលការណ៍​នៃ​សេចក្ដីសុចរិត​ទាំងនេះ អាច​បាន​ជួយ​ដល់ពួកបរិសុទ្ធ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន ហើយ​ត្រូវ​បាន​ការពារ​ពី​ព្យុះ​ខាង​វិញ្ញាណ​យ៉ាង​ដូចម្វេច​ខ្លះ ? តើ​ការ​រស់នៅ​តាម​គោលការណ៍​ទាំងនេះ ជួយ​ការពារ​យើង​សព្វថ្ងៃ​យ៉ាង​ដូចម្ដេច ?

អ្នកអាច​នឹង​ពិចារណា​ធ្វើការ​អញ្ជើញ​ដល់សិស្ស​មួយចំនួន​ឲ្យ​យក​ព្រះគម្ពីរ​របស់ពួកគេ​មកជាមួយ ហើយ​ឈរ ឬ​អង្គុយ​នៅជិត​នឹង​ផ្លាកសញ្ញា​ក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់ ឬពីរ​នាក់​នៃ​សិស្សទាំង​នេះ​ទៅកាន់ផ្លាក​សញ្ញា អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី ហើយ​ឈរ ឬ​អង្គុយ​នៅទីនោះ ។ សូម​ពន្យល់​ថា បន្ទាប់ពីព្រះអម្ចាស់​បានបើក​សម្ដែង​ទីតាំង​នៃ​ក្រុងស៊ីយ៉ូន​នៅខែ​កក្កដា ឆ្នាំ ១៨៣១ មក នោះ​មានពួកបរិសុទ្ធ​ជាច្រើន បាន​ធ្វើ​ដំណើរ​ជិត ៩០០ ម៉ែល ទៅកាន់ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី ដើម្បី​រស់នៅទីនោះ ហើយ​ស្ថាបនា​ស៊ីយ៉ូន ។ អ្នកដទៃទៀត បន្ដ​នៅ​ក្នុង​ក្រុង​ខឺតឡង់ និង​ក្នុង​តំបន់​ផ្សេងៗ​នៅទិស​ខាង​កើត ។ ស្ដេក​មួយ នឹង​ត្រូវ​បង្កើត​ឡើងនៅ​ក្រុង ខឺត​ឡង់ នៅ​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ ឆ្នាំ ១៨៣៤ ។

សូម​ចង្អុល​ទៅ​រូបភាព​តង់ ( ឬ​ចង្អុល​ទៅតង់ ដែល​អ្នក​បាន​យក​មក​ក្នុង​ថ្នាក់ ) ។ សូម​ពន្យល់​ថា ក្នុង​នាមជា​ពួកបរិសុទ្ធ​ដែល​បានធ្វើការ​ជាមួយ​គ្នា​ដើម្បី​ស្ថាបនា​ស៊ីយ៉ូន ពរជ័យ​នៃការ​ការពារ​នៃ​ស៊ីយ៉ូន ត្រូវ​បាន​ផ្ដល់​ដល់​ពួកគេ​ទាំងអស់គ្នា សូម្បី​តែ​អ្នកទាំងឡាយ​ដែល​ពុំ​រស់នៅក្នុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី ក៏ដោយ ។ ពួកបរិសុទ្ធ​បាន​ធ្វើការ​រួមគ្នា​ដើម្បី​បរិច្ចាគ​មូលនិធិ និង​ធនធាន​នានា​ដើម្បី​ចាក់គ្រឹះ​ទីក្រុង​ស៊ីយ៉ូន ។ សូម​ឲ្យ​សិស្ស​ស្រម៉ៃ​អំពី​ការ​ពន្លាត​ត្រសាល​នៃ​ស៊ីយ៉ូន គ្រងបាំង​លើ​ពួកបរិសុទ្ធ​នៅ​ក្រុង​ខឺតឡង់ ។

ការ​ឈ្លោះទាស់ទែង​បាន​កើតមាន រវាង​ពួកបរិសុទ្ធ និង​ពល​រដ្ឋ​មីសសួរី​ដទៃទៀត

ដើម្បីជួយ​សិស្ស​យល់​អំពី​ព្រឹត្តការ​ទាំងឡាយ​ដែល​កើតឡើ​ង​នៅ​រដ្ឋ អូហៃអូ និង មីសសួរី រវាង​ឆ្នាំ ១៨៣១ និង ឆ្នាំ ១៨៣៣ សូម​ឲ្យ​សិស្ស​ម្នាក់​ដែលនៅជិត​នឹង​ផ្លាក​សញ្ញា ក្រុង​ខឺតឡង់ អាន​ឲ្យឮៗ​នូវ​ការពន្យល់​អំពី​របៀប​ដែល​ពួកបរិសុទ្ធ​ក្នុង​ស្ដេក​ស៊ីយ៉ូន​ខឺតឡង់ បាន​គាំទ្រ​ដល់ការបង្កើត​កន្លែង​កណ្ដាល​នៃ​ស៊ីយ៉ូន​នៅ​រដ្ឋ​មីសសួរីដូចខាង​ក្រោម ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្ដាប់​នូវ​អ្វី​ដែល​ពួកបរិសុទ្ធ​មួយចំនួន​នៅ​ក្រុង​ខឺតឡង់​បានធ្វើដើម្បីជួយ​ស្ថាបនា​ក្រុងស៊ីយ៉ូន ។

ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ៖អំឡុង​ពេល​សន្និសីទ​មួយ​បានធ្វើឡើងនៅ​ខែ​វិច្ឆិកា ឆ្នាំ ១៨៣១ នោះ យ៉ូសែប ស៊្មីធ និង អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត បាន​ប្រមូល​ផ្ដុំ​វិវរណៈ​ទាំងឡាយ​ដែល​បាន​ទទួល​មក​រហូត​ដល់ពេល​នោះ ហើយ​បាន​រៀប​ផែនការ​ដើម្បី​បោះពុម្ព​ច្បាប់ចម្លង​នៅក្នុង​ទម្រង់​ជា​សៀវភៅ ។ អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ បានទទួល​ទំនួលខុសត្រូវ​ដើម្បី​នាំ​វិវរណៈ​ទាំងឡាយ​ទៅ​រដ្ឋ មិសសួរី ឲ្យ វិលលាម ដ័បបុលយូ ហ្វែប្ស អាច​បោះពុម្ព​វា​ជា​ព្រះគម្ពីរ​នៃ​បទបញ្ញត្តិ ។ អំឡុង​ឆ្នាំ ១៨៣១ ដល់ឆ្នាំ ១៨៣២ យ៉ូសែប បាន​បន្ដ​ទទួលវិវរណៈ និង​ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប ។ នៅ​ក្នុងនិទារឃរដូវ ឆ្នាំ ១៨៣២ យ៉ូសែប បាន​ធ្វើដំណើរ​ទៅកាន់រដ្ឋ មិសសួរី ដើម្បី​ជួប​នឹង​ពួកបរិសុទ្ធ​នៅស៊ីយ៉ូន ដើម្បី​ព្រមាន​ពួកគេ​ថា សាតាំង​កំពុង​ព្យាយាម​ដើម្បី « បំបែរ​ដួងចិត្ត​របស់​ពួកគេ​ចេញពី​សេចក្ដីពិត » (គ. និង ស. ៧៨:១០) ហើយសម្របសម្រួល​កិច្ចការ​នៃ​ឃ្លាំង​របស់ប៊ីស្សព​នៅក្នុង​ក្រុង​ខឺតឡង់ និង​​អ៊ិនឌីប៉ែនដែនស៍ ។ សមាជិក​សាសនាចក្រ​មួយចំនួន​នៅក្នុង​រដ្ឋ អូហៃអូ បាន​បរិច្ចាគ​ប្រាក់​ដើម្បីជួយ​ទិញ​ដី និង​សម្ភារ​ផ្គង់ផ្គង់​នៅ​រដ្ឋ មិសសួរី ។ ពួកបរិសុទ្ធ​ជាច្រើន​រូប​បាន​បន្ដ​ផ្លាស់​លំនៅទៅ​ស៊ីយ៉ូន ហើយ​ដល់ចុង​ឆ្នាំ ១៨៣២ មានសមាជិក​សាសនាចក្រ​ប្រហែល​ជា​មួយ​ភាគ​បី បាន​រស់នៅ​ក្នុង​ឃុំ​ចាកសុន ។

  • តើ យ៉ូសែប ស៊្មីធ និង ពួកបរិសុទ្ធ​ដទៃទៀត​នៅ​ខឺតឡង់ ជួយ​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ចាប់​ផ្ដើម​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់អាន​ឮៗ​អំពី​ព័ត៌មាន​អំពី​កិច្ចខិតខំ​របស់​ពួកបរិសុទ្ធ​ដើម្បីស្ថាបនា​ក្រុង​ស៊ីយ៉ូន ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​អ្វី​ដែលពួកបរិសុទ្ធ​បាន​ធ្វើ​ត្រឹមត្រូវ និង​មិន​ត្រឹមត្រូវ នៅពេលពួកគេ​ចាប់ផ្ដើម​ស្ថាបនា​ក្រុង​ស៊ីយ៉ូន ។

អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី ៖ ប៉ាលី ភី ប្រាត្ត បានពិពណ៌នា​អំពី​ការ​តាំង​លំនៅ​របស់​ពួកបរិសុទ្ធ​ក្នុង​ស៊ីយ៉ូន ដោយ​ការ​ប្រកាស​ថា « សេចក្ដីសុខសាន្ដ និង​ភាពបរិបូរណ៍ បាន​គ្រង​មក​លើ​កិច្ចការ​របស់ពួកគេ ហើយ​ទីរហោស្ថាន​បាន​ក្លាយជា​ចម្ការ​សម្បូរណ៍ភោគផល » (Autobiography of Parley P. Pratt,បាន​បោះពុម្ព​ដោយ Parley P. Pratt Jr. [ឆ្នាំ ១៩៣៨ ], ទំព័រ ៩៣) ។ អ្នកដឹកនាំ​សាសនាចក្រនៅរដ្ឋ មិសសួរី បានធ្វើការដើម្បីបំពេញ​តាម​តម្រូវ​ការ​នៃ​ពួកបរិសុទ្ធដែល​មក​ដល់ ។ ការណ៍​នេះ​រួមមានទាំង​ការ​ទិញដី និង​បង្កើត​ឃ្លាំង​មួយ និង​រោងពុម្ព​មួយ ។ ត្រឹម​ខែ​កក្កដា ឆ្នាំ ១៨៣៣ ចំនួន​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​កើនឡើង​ជិត​ដល់ ១២០០ នាក់ ។ ប៉ុន្តែ​អ្នកដឹកនាំ និងពួកបរិសុទ្ធ​ពុំ​មែន​ថា​គ្មាន​បញ្ហា​របស់ពួកគេ​នោះទេ ។ សមាជិក​មួយចំនួន​បាន​អនុញ្ញាត​ឲ្យ​ភាព​អត្មានិយម និងភាពលោភលន់​របស់ពួកគេ រារាំង​ពួកគេ​មិនឲ្យ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ។

បន្ថែម​ទៅលើ​បញ្ហា​នានា ដែលពួកបរិសុទ្ធ​បាន​ធ្វើ ដោយសារ​តែ​ការមិនគោរពប្រតិបត្តិ​ផ្ទាល់ខ្លួន​របស់ពួកគេ នោះពួកគេ​បាន​ប្រឈម​មុខ​នឹង​ជម្លោះ​ជាមួយ​នឹង​ប្រជាជន​ដើម​ក្នុង​តំបន់​នោះ ។ ប្រជាជន​រដ្ឋ​មីសសួរី បាន​ខ្វល់ជាខ្លាំង​អំពី​ការ​រីកចម្រើន​ដ៏​លឿន​របស់ « ពួកមរមន » និង​ឥទ្ធិពល​របស់ពួកគេ​ទៅលើ​សេដ្ឋកិច្ច និង​នយោបាយ​ក្នុង​តំបន់ ។ អ្នកដឹកនាំ​សាសនា​ក្នុង​តំបន់ ពុំ​យល់​ស្រប​ចំពោះ​ជំនឿ​របស់ពួកបរិសុទ្ធ​ទេ ។ អ្នកដឹកនាំ​សាសនា​ម្នាក់ បាន​ផ្សព្វផ្សាយ​ការ​កុហក​អំពីសមាជិក​សាសនាចក្រ ហើយ​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ ឲ្យ​ប្រព្រឹត្តអំពើ​ហឹង្សា​ទាស់​នឹង​ពួកគេ ។ ហើយ​នៅក្នុង​ខែ​កក្កដា ឆ្នាំ ១៨៣៣ ដ័បុលយូ ដបុលយូ ហ្វែប បានបោះពុម្ព​អត្ថបទ​មួយ​ចំណងជើងថា « Free People of Color (ការមិនរើសអើងពូជសាសន៏ ) » ដែល​ដាស់តឿន​ដល់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​អំពី​ការ​ផ្សាយ​សាសនា​នៅក្នុង​ចំណោម​ពួកទាសករ ។ ពលរដ្ឋមីសសួរី ដែល​ជាអ្នកគាំទ្រឲ្យ​មាន​ទាសភាព បាន​សន្និដ្ឋាន​ដោយពុំ​ត្រឹមត្រូវ​ថា ពួកបរិសុទ្ធ​កំពុង​អញ្ជើញ​ពួក​ទាសករ​ដែល​រួច​ខ្លួន​មកកាន់​រដ្ឋ​មីសសួរី ។ ការណ៍​នេះ​បាន​បន្ថែម​នូវ​ស្ថានភាព​តានតឹង​រួច​ទៅហើយ​នៅក្នុង​រដ្ឋ ។ នៅថ្ងៃទី ២០ ខែ​កក្កដា ឆ្នាំ ១៨៣៣ ពួកមនុស្ស​កំណាច​បានបោះ​ម៉ាស៊ីន​បោះពុម្ព​ទៅ​លើ​ផ្លូវ កំទេច​ការិយាល័យ​បោះពុម្ព បំផ្លាញ​សន្លឹក​នៃ​ព្រះគម្ពី​របទបញ្ញត្តិ​ដែលពុំ​ទាន់កិប​ជា​សៀវភៅ​ស្ទើរ​តែ​ទាំងអស់ ហើយបានចាក់​ជ័រ និង​រោម​សត្វ​លើ​ប៊ីស្សព ប៉ាទ្រិច និងអ្នកប្រែចិត្តជឿឈ្មោះ ឆាលេស អាលែន ហើយ​បាន​គំរាមគំហែងពួកលោក​ឲ្យ​ចេញពី​ក្រុង ។ ការ​ប្រទុស្ដរ៉ាយ បាន​បន្ដ ហើយពួកបរិសុទ្ធ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី ឃុំ​ចាកសុន នៅក្នុង​ខែ​វិច្ឆិកា និង​ខែ​ធ្នូ នៃ​ឆ្នាំ​នោះ ។

  • តើ​អ្នក​គិត​ថា អ្នក​នឹង​មានអារម្មណ៍​យ៉ាង​ដូចម្ដេច បើអ្នក​ជាមនុស្ស​ម្នាក់​ក្នុង​ចំណោមពួកបរិសុទ្ធ​សុចរិត​ទាំងនោះ ដែល​សង្ឃឹម​ថា ទទួល​បាន​ការការពារ​ពីព្រះអម្ចាស់ ប៉ុន្តែ​បែរ​ជា​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញពី​ឃុំ​ចាក​សុន​ទៅវិញ​នោះ ?

  • បើ​នរណា​ម្នាក់​សួរ​អ្នកថា ហេតុអ្វី​ក៏ពួកបរិសុទ្ធ​ជំនាន់​មុន ពុំ​អាច​ស្ថាបនា​ក្រុង​នៃ​ស៊ីយ៉ូន​បាន តើ​អ្នក​នឹង​តប​យ៉ាង​ណា ? ( ដើម្បីជួយ​សិស្ស​ឆ្លើយ​តបនឹងសំណួរ​នេះ អ្នកអាច​នឹង​ចង់​អញ្ជើញ​ពួកគេ​ឲ្យអាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៦-៧,១០៣:២-៤,១០៥:៣-៤, ៩) ។

បើ​អ្នក​ពុំ​ទាន់​បាន​សុំ​ឲ្យ​សិស្ស​ត្រឡប់ទៅ​កន្លែង​អង្គុយវិញ​ទេ សូម​អញ្ជើញ​ឲ្យ​ពួកគេ​ទៅកន្លែងអង្គុយវិញ​ចុះ ។

តើ​អនាគត​នៃ​ស៊ីយ៉ូន​ទៅជា​យ៉ាងណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:២១​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលថា​តើ​ព្រះអម្ចាស់ពិពណ៌​នា​អំពី​ស៊ីយ៉ូន​យ៉ាង​ណាខ្លះ ។ អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ដល់សិស្ស​ឲ្យគូស​ចំណាំ​ពាក្យ​ដែល​បង្រៀន​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម​ថា ៖ស៊ីយ៉ូន​គឺ​បរិសុទ្ធ​នៅក្នុង​ដួងចិត្ត ។ សូម​យោង​ទៅ​បញ្ជី​នៃ​គោលការណ៍ និង​ឥរិយាបទ​ទាំងឡាយ​នៅលើ​ក្ដារខៀន ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​គោលការណ៍​សុចរិត​ទាំងនេះ​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ប្រែជា​មានចិត្ត​ល្អ​សុទ្ធសាធដោយ​របៀប​ណា ?

  • តើ​តួនាទី​របស់យើង​នៅក្នុង​ការ​ស្ថាបនា​ស៊ីយ៉ូន​សព្វ​ថ្ងៃ​គឺជា​អ្វី ? ( យើង​អាច​រស់នៅ​ដោយ​សុចរិត ហើយ​លើក​ទឹកចិត្ត​អ្នកដទៃ​ឲ្យ​រស់នៅ​សុចរិត ។ នៅពេល​យើង​រស់នៅ ហើយ​ចែកចាយ​ដំណឹងល្អ នោះ​ព្រំ​ដែនស៊ីយ៉ូន​ត្រូវ​បានពង្រីក ស្ដេក​របស់​វា​ត្រូវ​បាន​ពង្រឹង ហើយព្រះ​ប្រទានពរ​ដល់ពួកបរិសុទ្ធ​ជាមួយ​នឹង​ការ​ការពារ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពីគោលការណ៍​ទាំងឡាយ​នៃ​សេចក្ដីសុចរិត ដែល​បានរៀបរាប់​នៅលើ​ក្ដារខៀន ។ សូម​លើក​ទឹកចិត្ត​ដល់ពួកគេ​សរសេរ​គោលដៅ​មួយ​នៅក្នុង​សៀវភៅកត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់ពួកគេ​ដើម្បី​រស់នៅ​តាមគោលការណ៍​មួយ​ឲ្យ​កាន់តែ​ស្មោះត្រង់ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

ស៊ីយ៉ូន​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅលើ​គោលការណ៍​នៃ​សេចក្ដីសុចរិត

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មានប្រសាសន៍​អំពី​តម្រូវ​ការ​ដើម្បី​ស្ថាបនា​ស៊ីយ៉ូន​នៅលើ​គោលការណ៍​ទាំងឡាយ​នៃ​ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាលថា ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« មានកិច្ចការ​ជាច្រើន​ត្រូវ​ធ្វើឡើង​នៅក្នុង​ស៊ីយ៉ូន ដែល​វាកើតឡើង​នៅក្នុង​កិច្ចខិតខំ​របស់បុគ្គល​ម្នាក់ៗ​ដើម្បី​ប្រែក្លាយ​ជា ‹ មានចិត្ត​ល្អ​សុទ្ធសាធ › (គ. និង ស. ៩៧:២១) ។ ព្រះអម្ចាស់​មានបន្ទូលថា ‹ ស៊ីយ៉ូន​មិនអាច​ស្ថាបនាឡើង លើក​លែង​តែ​ដោយ​សារ​គោលការណ៍​ទាំងឡាយ​នៃ​ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល បើ​ពុំ​នោះ​សោត​ទេ យើងមិនអាច​ទទួល​នាង​មក​ឯ​យើង​បាន​ឡើយ › (គ. និង ស. ១០៥:៥) ។ ប្រាកដ​ណាស់ ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល គឺ​ជា​ក្រឹត្យ​វិន័យ​នៃ​ដំណឹងល្អ និង​សេចក្ដីសញ្ញា​ទាំងឡាយ ដែល​រួមមាន​ទាំង​ការ​ចងចាំ​ដោយ​ខ្ជាប់ខ្ជួន​របស់យើង​អំពី​ព្រះអង្គសង្គ្រោះ និង​ការ​សន្យា​របស់យើង​ដើម្បី​គោរព​ប្រតិបត្តិតាម លះបង់ ធ្វើ​ការ​ថ្វាយ និង​ភក្ដីភាព ។

« ព្រះអង្គសង្គ្រោះ សោក​សៅ​ចំពោះ​ពួកបរិសុទ្ធ​ជំនាន់​មុនមួយចំនួន​ដែល​មាន ‹ ការ​ប៉ង​ប្រាថ្នា​ខាង​តណ្ហា…​ › (​គ. និង ស. ១០១:៦សូមមើល​ផងដែរគ. និង ស. ៨៨:១២១) ។ ​មនុស្ស​ទាំងនេះ​ដែល​រស់នៅ​ដោយ​គ្មាន​ទូរទស្សន៍ ខ្សែភាពយន្ដ អ៊ិនធើរណិត និង អាយផត​ទេ ។ ឥឡូវស្ថិត​នៅក្នុង​ពិភពលោក​មួយ ដែល​មាន​ពេញទៅ​ដោយ​រូបភាព និង​តន្ត្រី ដែល​ទាក់ទាញ​ខាង​ផ្លូវភេទ តើ​យើង​គ្មាន​បំណងប្រាថ្នាខាង​តណ្ហា ហើយ​ទាក់ទង​ជាមួយ​នឹង​សេចក្ដីអាក្រក់​របស់វា​ទេឬ ? យើង​ត្រូវ​ស្រេក​ឃ្លាន​សេចក្ដីសុចរិត ដោយ​នៅ​ឲ្យ​ឆ្ងាយពី​សំលៀកបំពាក់​ដែល​ពុំសមរម្យ ឬ​នៅ​ឲ្យ​ឆ្ងាយពី​ចូលរួម​នៅក្នុង​រឿង​អសីលធម៌​របស់អ្នកដទៃ​ដោយមើល​រូបអាគ្រាម ។ ដើម្បីមក​ស៊ីយ៉ូន វា​ពុំ​គ្រប់គ្រាន់​ទេ​ដែលអ្នក ឬ​ខ្ញុំ​ធ្វើ​នូវអំពើ​អាក្រក់​តិច​ជាង​អ្នក​ដទៃនោះ ។ យើង​ត្រូវ​តែ​ប្រែក្លាយ​ជា​មនុស្ស​មិនត្រឹម​តែល្អ​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ត្រូវ​ធ្វើជា​បុរស និង​ស្ត្រី​បរិសុទ្ធ​ផងដែរ ។ ដោយចាំ​អំពី​ឃ្លា​របស់​អែលឌើរ នែល អេ ម៉ាក់ស្វែល សូម​យើង​ទាំងអស់គ្នា​ស្ថាបនា​ទីលំនៅនៅក្នុង​ស៊ីយ៉ូន​របស់​យើង​ម្ដងទៀត ហើយ​បោះបង់នូវ​ខ្ទម​រដូវ​ក្ដៅ​នៃ​ក្រុង​បាប៊ីឡូន​ចោលទៅ ( សូមមើល នែល អេ ម៉ាក់ស្វែល A Wonderful Flood of Light[ ឆ្នាំ ១៩៩០ ], ៤៧) » (« Come to Zion, »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៣៨-៣៩) ។

ប៊ីស្សព ខេស ប៊ី ម៉ាក់ម៉ូលីន នៃ​គណៈប៊ីស្សព​បានរៀបរាប់នូវគោលការណ៍​មួយចំនួន ដែល​ទីក្រុង​ស៊ីយ៉ូន​ត្រូវ​បានស្ថាបនា​លើ ៖​

រូបភាព
ប៊ីស្សព ឃេស៍ ប៊ី ម៉ាក់មូលីន

« សេចក្ដីសញ្ញា​នៃការ​ថ្វាយ ទាក់ទង​នឹង​ការ​លះបង់ ហើយមាននិយមន័យរួម​ថា​ជាសេចក្ដីស្រឡាញ់ ការធ្វើការងារ​និងភាពខ្លួនទីពឹង​ខ្លួន ហើយ​វា​ជា​គ្រឹះ​ដើម្បី​ស្ថាបនា​នគរ​នៃ​ព្រះ ។ ព្រះអម្ចាស់ បាន​មាន​បន្ទូល​ថា ‹ ស៊ីយ៉ូន​មិនអាច​បានស្ថាបនាឡើង លើក​លែង​តែ​ដោយ​សារ​គោលការណ៍​ទាំងឡាយ​នៃ​ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល › [គ. និង ស. ១០៥:៥] ។ សេចក្ដីសញ្ញា​នៃ​ការ​ថ្វាយ​គឺ​ជា​ចំណុច​ចម្បង​នៃ​ក្រឹត្យវិន័យ​នេះ ។ ​ថ្ងៃ​ណាមួយ យើង​នឹង​អនុវត្ត​វា​នៅក្នុង​ភាពពេញលេញ ។ សេចក្ដីសញ្ញានេះ មាននូវ ‹ ការ​ផ្ដល់ពេលវេលា ទេពកោសល្យ និង​មធ្យោបាយ​ទាំងឡាយ​របស់​មនុស្ស​ម្នាក់ ដើម្បី​មើលថែ​ដល់អ្នក​ដែល​ខ្វះខាត--ទោះ​ជា​ខាង​វិញ្ញាណ ឬ​ខាង​សាច់ឈាម​ក្ដី-- និង​នៅក្នុងការ​ស្ថាបនា​នគរ​របស់ព្រះអម្ចាស់ › ។ [សូមមើលEnsignខែ សីហា ឆ្នាំ ១៩៨៤ ទំព័រ ៤,Tambuliខែ ធ្នូ ឆ្នាំ ១៩៨៤ ទំព័រ ៧ ] ។

« គោលការណ៍​នៃសេចក្ដីស្រឡាញ់ ការធ្វើការងារ ភាពខ្លួនទីពឹងខ្លួនទាំងនេះ និងការ​ថ្វាយ គឺ​ត្រូវបាន​ប្រទាន​ឲ្យ​ដោយព្រះអម្ចាស់ ។ អ្នក​ទាំងឡាយ​ដែល​ឱប​ក្រសោប​យក​វា ហើយ​គ្រប់គ្រង​ខ្លួនគេ​តាមរបៀប​ដូច្នោះ នឹង​ប្រែក្លាយជា​មានភាព​បរិសុទ្ធ​នៅក្នុងដួងចិត្ត ។ ការសាមគ្គីដោយសុចរិតភាព គឺ​ជា​សញ្ញា​សម្គាល់​អំពី​សង្គម​របស់ពួកគេ ។ សេចក្ដីសុខសាន្ដ និង​ភាព​សុខដុម​របស់ពួកគេ ក្លាយជាទង់ពន្លឺ​ចំពោះ​ជាតិសាសន៍​នានា ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​មានប្រសាសន៍​ថា ៖

«‹ ការ​ស្ថាបនា​ស៊ីយ៉ូន​ឡើង គឺ​ជា​បុព្វហេតុ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​រាស្ត្រ​របស់ព្រះ​ចាប់​អារម្មណ៍​នៅគ្រប់ជំនាន់ វា​គឺ​ជា​បាវចនា​មួយ​ដែលពួកព្យាការី ពួកសង្ឃ និង​ពួក​ក្សត្រ បាន​រស់នៅ​ដោយ​សាទរ​ជា​ពិសេស … វាបន្សល់​ទុក​ឲ្យ​យើង​ឃើញ ចូលរួម និង​ជួយ​ដើម្បី​រំកិល​សិរីល្អ [ នៃ​ស៊ីយ៉ូន ] ថ្ងៃ​ចុង​ក្រោយឆ្ពោះ​ទៅមុខ…កិច្ចការ​មួយ​ដែល​ត្រូវ​បាន​កំណត់​ដើម្បី​នាំ​មកនូវ​ការ​បំផ្លាញ​ដល់​អំណាច​នៃ​សេចក្ដីងងឹត កែទម្រង់​ផែនដី​ជាថ្មី ជាសិរីល្អ​នៃ​ព្រះ និង​ជា​សេចក្ដីសង្គ្រោះ​នៃ​គ្រួសារ​មនុស្ស​លោក › ។ [Teachings of the Prophet Joseph Smith, ជ្រើសរើសចេញ​ដោយ យ៉ូសែប ហ្វីលឌិង ស៊្មីធ (ឆ្នាំ ១៩៧៦ ), ទំព័រ ២៣១– ៣២; បាន​គូសបញ្ជាក់បន្ថែម » ] ។ (« មក​កាន់​ស៊ីយ៉ូន ! មក​កាន់​ស៊ីយ៉ូន! » Ensignលីអាហូណា,ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៩៦ ។

ហេតុអ្វីក៏ពួកបរិសុទ្ធ​ជំនាន់មុន បរាជ័យ​ក្នុងការ​ស្ថាបនា​ទីក្រុង​បរិសុទ្ធ ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« នៅក្រោម​ការ​ដឹកនាំ​របស់ព្យាការី យ៉ូសែប ស៊្មីធ នោះ​សមាជិក​សាសនាចក្រ​ជំនាន់​មុន បាន​ប៉ង​ដើម្បី​ស្ថាបនា​ទីកន្លែង​កណ្ដាល​នៃ​ស៊ីយ៉ូន​នៅក្នុង​រដ្ឋ មិសសួរី ប៉ុន្តែ​ពួកគេ​ពុំ​មានលក្ខណៈ​សក្ដិសម​គ្រប់គ្រាន់ដើម្បីស្ថាបនា​នគរ​បរិសុទ្ធ ។ ព្រះអម្ចាស់ បានពន្យល់​អំពី​មូលហេតុ​មួយ​ចំពោះការ​បរាជ័យ​របស់ពួកគេ​ថា ៖

«‹ ពួកគេ​ពុំ​បាន​រៀន​ដើម្បីគោរព​តាម​អ្វីៗ ដែល​យើង​តម្រូវ​ពីដៃ​របស់ពួកគេទេ ប៉ុន្តែ​បាន​ពោរពេញ​ទៅដោយ​អំពើ​អាក្រក់ ហើយ​មិនរំលែក​នូវ​ទ្រព្យ​របស់ខ្លួន តាម​បែប​ដែលគួរ​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ ដល់មនុស្ស​ទាល់ក្រ និង​មនុស្ស​កំសត់​ទុគ៌ត នៅក្នុងចំណោមពួកគេ › ។

«‹ ហើយមិន​បាន​សាមគ្គីគ្នា តាមការ​រួបរួម​គ្នា​ដែល​តម្រូវ​ដោយក្រឹត្យវិន័យ​នៃនគរ​សេឡេស្ទាលឡើយ › (គ. និង ស. ១០៥:៣-៤) ។

«‹ មានការ​រង្កៀស​ចិត្ត និងការ​ទាស់ទែងគ្នា និងការ​ច្រណែន​គ្នា និង​ការ​ប្រឆាំង​គ្នា និងការ​ប៉ង​ប្រាថ្នា​ខាង​តណ្ហា និង​ខាង​លោភលន់ នៅក្នុង​ចំណោម​ពួកគេ​ទាំងឡាយ ហេតុដូច្នេះ​ហើយ ដោយសារ​របស់ទាំងនេះ ទើប​ពួកគេ​បាន​បង្ខូច​កេរ្តិ៍​មរតក​ទាំងឡាយ​របស់ខ្លួន​ចោល › (​គ. និង ស. ១០១:៦) ។

« ជាជាង​ធ្វើការ​វិនិច្ឆ័យ​ដល់ពួកបរិសុទ្ធ​ជំនាន់មុន​រហ័ស​ពេក នោះ​យើង​គួរ​តែ​មើល​ខ្លួន​យើង ដើម្បី​ឃើញ​ថា តើ​យើង​កំពុង​ធ្វើ​អ្វីឲ្យ​ល្អ​ជាង​ពួកគេ​ឬទេ ។

« ស៊ីយ៉ូន គឺ​ជា​ស៊ីយ៉ូន​មួយ ដោយសារ​តែ​ចរិត លក្ខណៈ និង​ភាព​ស្មោះត្រង់​របស់​ពលរដ្ឋ​នៃ​ស៊ីយ៉ូន ។ សូម​ចងចាំ​ថា ‹ ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្រ្ត​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួក​គេ​មាន​ចិត្ត​តែ​មួយ និង គំនិត​តែ​មួយ រស់នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​គ្មាន​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ › (ម៉ូសេ ៧:១៨) ។ ប្រសិន​បើ​យើង​នឹង​ស្ថាបនា​ស៊ីយ៉ូន​នៅក្នុងគេហដ្ឋាន​សាខា វួដ និង ស្ដេក​របស់​យើង នោះ​យើងត្រូវ​តែចាប់​យកបទដ្ឋាន​នេះ ។ វា​នឹង​ចាំបាច់ (១) ដើម្បី​ក្លាយជាមានសាមគ្គីភាព​ក្នុងដួងចិត្ត ហើយ​គំនិត​តែមួយ (២) ដើម្បី​ប្រែក្លាយជា​រាស្ត្រ​ដ៏បរិសុទ្ធ ទាំង​ជា​បុគ្គល និង​ជា​រួម និង (៣) ដើម្បី​មើល​ថែ​ដល់អ្នក​ទាល់ក្រ និង​ទុគ៌តជន ដោយ​មាន​ប្រសិទ្ធភាព​ដូច្នេះ ដើម្បី​យើង​លុបបំបាត់​ភាពក្រីក្រ​នៅក្នុង​ចំណោម​ពួកយើង ។ យើង​ពុំ​អាច​រង់ចាំ​រហូត​ដល់​ស៊ីយ៉ូនមកដល់ ដើម្បីមាន​អ្វីៗ​ទាំងនេះ​កើតឡើង​នោះទេ--ស៊ីយ៉ូន នឹង​មក​ដល់​តែ​ពេល​ដែល​អ្វីៗ​ទាំងនេះ​កើតឡើង​ហើយ​ប៉ុណ្ណោះ » (« Come to Zion »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៣៧-៣៨ ) ។

ការ​បង្កើត​ស្ដេក​គឺ​ដូចជា​ការ​បង្កើត​ទីក្រុង​ទាំងឡាយនៅក្នុង​ស៊ីយ៉ូន

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​ពន្យល់​ថា ស្ដេក​ទាំងឡាយ គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំពួកបរិសុទ្ធ​រស់នៅទូទៅ​ពិភពលោក ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ស្ដេក​មួយ មាន​ព្រំ​ប្រទល់​ភូមិសាស្ត្រ ។ ដើម្បីបង្កើត​ស្ដេក​មួយ គឺ​ដូចជា​ការ​សង់​ទីក្រុង​នៃ​ភាព​បរិសុទ្ធមួយដែរ ។ គ្រប់ស្ដេក​នៅ​លើ​ផែនដី គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំកូន​ចៀម​អ៊ីស្រាអែល​ដែល​បាន​វង្វេង​បាត់ ដែល​រស់​នៅ​ក្នុង​តំបន់​នោះ ។…

« យើង​ម្នាក់ៗ​អាច​ស្ថាបនា​ស៊ីយ៉ូន​នៅក្នុងជីវិត​របស់​យើង​ផ្ទាល់ ដោយការ​មានដួងចិត្ត​បរិសុទ្ធ ។ ហើយ​ការសន្យា គឺថា ‹ មានពរ​ហើយ​អស់អ្នកដែលមានចិត្ត​បរិសុទ្ធ ៖ ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​ឃើញ​ព្រះ › ។ (ម៉ាថាយ ៥:៨) ។ យើងម្នាក់ៗ​អាច​ពង្រីក​ព្រំដែន​នៃ​ស៊ីយ៉ូន ដោយការ​ប្រមូល​ផ្ដុំ​មិត្តភក្ដិ និង​អ្នកជិត​ខាង​របស់​យើង​មកចូល​ក្នុង​ហ្វូង​នៃ​អ៊ីស្រាអែល » (« Come: Let Israel Build Zion, »Ensignខែ ឧសភា ឆ្នាំ ១៩៧៧ ទំព័រ ១១៨ ) ។

ការ​ធ្វើដំណើរត្រឡប់​ទៅកាន់ក្រុង​ខឺតឡង់ ពី​រដ្ឋ​មីសសួរីរបស់ យ៉ូសែប ស៊្មីធ

យ៉ូសែប ស៊្មីធ បាន​សរសេរ​ដូច​ខាង​ក្រោម​អំពី​ការ​ធ្វើដំណើរ​ត្រឡប់មកកាន់​ទីក្រុង​ខឺតឡង់​វិញ​របស់លោក បន្ទាប់ពីលោក​បាន​ទៅ​សួរសុខទុក្ខ​ពួកបរិសុទ្ធ​នៅ​រដ្ឋ​មីសសួរី ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« នៅថ្ងៃទី ៦ ខែ​ឧសភា [ ឆ្នាំ ១៨៣២ ] ខ្ញុំ​បានលើក​ដៃលា​បងប្អូន​ប្រុស​នៅ​រដ្ឋ អ៊ីនឌីប៉ែនដែនស៍ ហើយ​ដោយ​មាន​ការ​អមដំណើរ​ជាមួយនឹង​បងប្រុស ស៊ីឌនី និង វិតនី បានចាប់​ផ្ដើម​ត្រឡប់ទៅ​ក្រុងខឺតឡង់ ដោយ​រទេះ​ទៅកាន់ សេន លូវីស បន្ទាប់ពីនោះ​ទៅ វិនសិន អ៊ីនឌីអាណា និង​ចេញពីនោះ​ទៅកាន់ នូវ អាល់បានី នៅជិត​ទឹក​ធ្លាក់នៃ​ទន្លេ​អូហៃអូ ។ មុនពេល​យើង​បាន​ទៅដល់​កន្លែង​ចុង​ក្រោយ នោះ​សេះ​ទាំងឡាយ​បាន​ផ្អើល ហើយពេល​កំពុង​តែ​ជិះ​យ៉ាង​លឿន​នោះ ប៊ីស្សព វិតនី បាន​ប៉ង​លោត​ចេញ​ពីរទះសេះ ប៉ុន្តែ​ដោយសារ​អាវ​វែង​របស់គាត់​ទាក់ជាប់ គាត់បានទាក់ជើង​នឹង​កង់រទេះ ហើយ​បានធ្វើ​ឲ្យជើ​ង​របស់គាត់បាក់ជា​ច្រើន​កន្លែង ដែលក្នុង​ពេលដំណាលគ្នា​នោះ ខ្ញុំ​បាន​លោត​ចេញ​ដោយគ្មាន​រងរបួស​អ្វីទេ ។ យើង​បាន​ស្នាក់នៅ​ក្នុង​ផ្ទះ​សាធារណៈ​របស់​លោក ផតទើរ នៅគ្រីនវិល អស់រយៈពេល​បួន​សប្ដាហ៍ ខណៈ​ដែល​អែលឌើរ រិកដុន បានធ្វើដំណើរ​ឆ្ពោះទៅរក​ទីក្រុង​ខឺតឡង់ ។ អំឡុង​គ្រានេះ បងប្រុស វិតនី បានអត់អាហារ ឬអត់ដេក​មួយយប់ នោះ​វេជ្ជបណ្ឌិត ផតទើរ ដែលជា​បងប្រុស​របស់ម្ចាស់​ផ្ទះ ដែល​បាន​យកចិត្តទុកដាក់​នឹងគាត់ បាន​និយាយថា វា​គួរ​ឲ្យអាណិត​ដែលយើងគ្មាន ‹ ពួកមរមន › មួយចំនួន​នៅទីនោះ ព្រោះពួកគេ អាច​នឹង​តឆ្អឹងបាក់ ឬធ្វើ​អ្វីៗ​ផ្សេងទៀត ។ ខ្ញុំ​បាន​នៅ​ជាមួយ​បងប្រុស វិតនី ហើយ​បាន​បម្រើ​គាត់​រហូត​ដល់គាត់​អាច​កម្រើក​បាន ។ ខណៈពេលនៅកន្លែង​នេះ ខ្ញុំ​បាន​ដើរ​ចេញទៅក្នុងព្រៃ​ជាញឹកញាប់ ជាកន្លែង​ដែលខ្ញុំ​បាន​ឃើញ​ផ្នូរ​ថ្មីៗ​មួយចំនួន ហើយ​នៅថ្ងៃ​មួយ​ពេល​ខ្ញុំ​ក្រោក​ចេញពី​តុអាហារ​ពេលល្ងាច ខ្ញុំ​បាន​ដើរ​តម្រង់ទៅ​ទ្វារ ហើយ​ចាប់ផ្ដើម​ក្អួត​យ៉ាងខ្លាំង ។ ខ្ញុំ​បាន​ក្អួត​ចេញឈាម​ម​កយ៉ាងច្រើន មកពីជាតិពុល ដូច្នេះ​ប្រព័ន្ធ​សាច់ដុំ​ខ្ញុំ​បាន​កន្រ្តាក់​យ៉ាង​ខ្លាំង ដែលរំពេចនោះថ្គាម​របស់ខ្ញុំ​បាន​ភ្លាត់​ខុសឆ្អឹង។ ខ្ញុំ​អាច​ទាញ​ថ្គាម​ខ្ញុំ​តម្រង់​មក​វិញ​ដោយដៃ​ខ្ញុំផ្ទាល់ ហើយ​បាន​ដើរ​ទៅ​បងប្រុស វិតនី ( ដែលដេក​លើគ្រែ ) យ៉ាង​លឿន​បំផុត​តាមដែល​ខ្ញុំអាច​ធ្វើបាន គាត់​បាន​ដាក់ដៃលើ​ខ្ញុំ ហើយ​បាន​ធ្វើការ​បម្រើ​ខ្ញុំនៅក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ ហើយ​ខ្ញុំ​បាន​ជាសះស្បើយ​មួយរំពេច ទោះ​ជា​ឥទ្ធិពល​នៃ​ការ​ពុល​នោះ​មាន​កម្លាំង​ខ្លាំង ដែល​ធ្វើ​ឲ្យសក់​របស់ខ្ញុំ​ជ្រុះក្តី ។ អំណរគុណ​ចំពោះ​ព្រះបិតាសួគ៌​របស់ខ្ញុំ​ចំពោះ​ការ​ធ្វើអន្តរាគមន៍​របស់​ទ្រង់ តាមរយៈខ្ញុំជាតំណាង នៅក្នុងគ្រា​ដ៏​សំខាន់នេះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ អ៉ាមែន ។

« បងប្រុស វិតនី ពុំ​បាន​កម្រើក​ជើង​ចេញពីគ្រែ​អស់រយៈពេល​បួន​សប្ដាហ៍ បន្ទាប់ពី​ដើរ​ទៅក្នុងព្រៃ ខ្ញុំបាន​ទៅ​កាន់បន្ទប់គាត់ ហើយ​ប្រាប់គាត់​ថា បើ​គាត់​យល់ព្រម​ចេញទៅផ្ទះ​នៅព្រឹក​នេះ នោះ​យើង​នឹង​យក​រទេះ​មួយ​ធ្វើដំណើរ​ទៅ​កាន់​ទន្លេ ដែលនៅចម្ងាយ​ប្រហែលជា​បួន​ម៉ែល ហើយ​នៅទីនោះ​នឹង​មាន​សាឡាង​ដែលនៅរង់ចាំយើង ដែល​យើង​អាច​ជិះ​ឆ្លង​កាត់​ទន្លេ​បាន​យ៉ាង​លឿន យើង​នឹង​រក​សេះ​មួយជិះ​ទៅ​កាន់កំពង់ ដែល​យើងនឹង​រក​បាន​ទូក​មួយ រង់ចាំ​យើង ហើយ​យើង​នឹង​ទៅ​ដល់​ទន្លេ​នោះមុន​ម៉ោង ដប់ ហើយ​ធ្វើដំណើរទៅ​ផ្ទះ​ដោយ​រុងរឿង ។​ គាត់បាន​ប្រមូល​ភាព​ក្លាហាន ហើយ​ប្រាប់​ខ្ញុំ​ថា គាត់នឹង​ទៅ ។ ព្រឹកឡើង​យើង​បាន​ចាប់​ផ្ដើមទៅ រកបាន​អ្វីៗ​ដែល​ខ្ញុំបាន​ប្រាប់គាត់ ព្រោះ​យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​យ៉ាង​លឿន​ទៅដល់​ទន្លេ​មុន​ម៉ោង​ដប់ ហើយ​បាន​ចុះនៅ វែល​ស្វីល បាន​ទៅ ឆាដុន ដោយជិះ​រទេះ​សេះ​ទៅ​កាន់ខឺតឡង់​ពីទីនោះ ដែល​យើង​បាន​មក​ដល់​នៅ​ក្នុង​ខែ មិថុនា » (នៅក្នុងHistory of the Church១:២៧១–៧២) ។ ( សូមមើលផងដែរ Church History in the Fulness of Times Student Manual, បោះពុម្ពទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ១១៦ ) ។

ចលាចលនៅក្នុងឃុំចាកសុន

« ពីមុនខែមេសា [ ឆ្នាំ ១៨៣៣ ] បានកន្លង​ផុតទៅ វិញ្ញាណនៃការធ្វើទុក្ខបុកម្នេញ​សម្ដែង​ឡើង​ដោយ​ឯកឯង ។ នៅ​សម័យ​មុន ពល​រដ្ឋ​នៅ​ក្នុង​តំបន់​បាន​ព្រមាន​សមាជិក​នៃ​សាសនាចក្រ​ថា ពួកគេ​មាន​ការ​មិនពេញចិត្ត ចំពោះការ​មកដល់​របស់ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយជាច្រើន ដែល​ធ្វើ​ឲ្យ​ពួកគេ​មានការ​ភ័យខ្លាច​ថា ឆាប់ៗ​នឹង​ផ្ចាញពួកគេ​នៅកន្លែង​បោះឆ្នោត ។ ពួកបរិសុទ្ធភាគ​ច្រើន​មកពី​រដ្ឋ​ខាងជើង ហើយជាទូទៅ​ប្រឆាំង​នឹង​ទាសករ​ស្បែកខ្មៅ​ដែលរស់នៅ​ស្របច្បាប់​នៅក្នុង​រដ្ឋ​មីសសួរី ។

« សារាចរ ពេល​ខ្លះ​សំដៅ​ទៅលើដូចជា​រដ្ឋធម្មនុញ្ញ​សម្ងាត់ ឮ​តៗ​គ្នា​ពីមាត់មួយ​ទៅមាត់​មួយ​ដោយ​គូបដិបក្ស ដើម្បី​ទទួលបាន​នូវ​ហត្ថលេខា​ពី​អស់អ្នក​ដែល​មាន​ឆន្ទៈ​ចង់​កម្ចាត់ ‹ ពួក​មរមនដែល​មាន​ទោស › ។ អារម្មណ៍​នៃ​ការ​ស្អប់​ខ្ពើម​អស់ទាំងនេះ​ឡើង​ដល់​កម្រិត​ខ្ពស់បំផុត​នៅថ្ងៃទី ២០ ខែ​កក្កដា ឆ្នាំ ១៨៣៣ ពេល​ក្រុម​ចោរ​ដែលមាន​ចំនួន ៤០០ នាក់​បាន​ជួបជុំ​នៅ​សាលា​កាត់ក្ដី​នៅ អ៊ិនឌីប៉ែនដែនស៍ ដើម្បី​សម្របសម្រួល​ការ​ប្រឹងប្រែង​របស់ពួកគេ ។​ ការ​ប្ដឹង​ទាមទារ​ជា​លាយលក្ខ័អក្សរ​បានធ្វើឡើងពីមុន​អ្នកដឹកនាំ​របស់​សាសនាចក្រ​ប្រាប់ពួកបរិសុទ្ធ​ឲ្យ​ចាកចេញ​ពីឃុំ​ចាកសុន ដើម្បីបញ្ឈប់​ការ​បោះពុម្ព​ផ្សាយកាសែត​របស់ពួកគេ​ដែលមានឈ្មោះថា ផ្កាយព្រឹក និង​ផ្កាយ​ល្ងាច ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​សមាជិក​នៃ​សាសនាចក្រ​បន្ថែម​ទៀត​មកនៅ​ឃុំ​ចាក​សុន​ឡើយ ។ ពេល​ក្រុម​ចោរ​ដឹង​ថា​អ្នកដឹកនាំ​របស់សាសនាចក្រ នឹង​មិន​ឯកភាព​ចំពោះការ​ទាមទារ​មិន​ស្របច្បាប់​ទាំងនេះ ពួកគេ​វាយ​លុក​ចូល​ការិយាល័យ​សារព័ត៌មាន ដែលជាកន្លែង​បោះពុម្ពផ្សាយ​របស់​លោក វិលាម ដបុលយូ ហ្វែប្ស ។ អ្នក​ចូល​វាយ​ប្រហារ​បាន​លួច​ម៉ាស៊ីន​បោះពុម្ព ហើយ​បាន​បំផ្លាញ​អគារ ។…

« ហ្វូង​មនុស្ស​កំណាច​បានមក​ម្ដង​ទៀត​នៅ​ថ្ងៃទី ២៣ ខែ​កក្កដា [ឆ្នាំ ១៨៣៣] ហើយពួកអ្នកដឹកនាំ​សាសនាចក្រ​បាន​ស្ម័គ្រចិត្ត​ប្រគល់ខ្លួន​ជា​ថ្នូរ បើសិន​ហ្វូង​មនុស្ស​កំណាច​នឹង​មិន​ធ្វើទុក្ខ​ទោស​ដល់ប្រជាជន ។ ប៉ុន្តែ​ហ្វូង​មនុស្ស​កំណាច​បាន​គំរាម​គំហែង​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​សាសនាចក្រ​ទាំងមូល ហើយ​បាន​បង្ខំ​ឲ្យបងប្អូនប្រុសទាំងនោះធ្វើសេចក្តី ព្រម​ព្រៀង​ថា ឲ្យ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំងអស់​ចាក​ចេញពី​ទីនោះ ។ ខណៈ​ដែល​ទង្វើ​របស់​ហ្វូង​មនុស្ស​កំណាច​មានការ​មិនសមស្រប​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក និង​រដ្ឋ មិសសួរី អ្នកដឹកនាំ​សាសនាចក្រ​ស្វែងរក​ជំនួយ​ពី​អភិបាល គឺ​លោក ដានីយ៉ែល ដាក់គ្លីន ។ គាត់​បាន​ឲ្យ​ដំបូន្មាន​ពួកគេ​ពីសិទ្ធិ​ជា​ពលរដ្ឋ​របស់ពួកគេ ហើយ​បង្ហាញ​ផ្លូវ​ឲ្យ​ពួកបរិសុទ្ធ​ទទួល​ការ​ប្រឹក្សា​ស្របច្បាប់ ។

« នៅចុង​ឆ្នាំ ១៨៣៣ ពួកបរិសុទ្ធភាគច្រើន​បាន​ឆ្លងកាត់​ទន្លេ មិសសួរី នៅខាង​ជើង ទៅដល់​ឃុំ ឃ្លៃ ហើយ​បានរក​ជម្រក​បណ្ដោះអាសន្ននៅទីនោះ » (កេរដំណែល​របស់យើង ៖ ប្រវត្តិ​សាសនាចក្រ​សង្ខេប​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយឆ្នាំ ១៩៩៦ ] ទំព័រ ៤០, ៤២, ៤៣ ) ។