ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:៣៤-៦៥


មេរៀន​ទី ៦៤

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៤-៦៥

បុព្វកថា

ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់ពួក​អែលឌើរ អំពី​របៀប​ដើម្បី​ដំណើរ​ការ​ស្ថាបនា​ទីក្រុង​នៃ​ស៊ីយ៉ូន ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែលបានកត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨ថ្ងៃទី ១ ខែ​សីហា ឆ្នាំ ១៨៣១ ។ ខ ៣៤-៦៥មាននូវ​ការ​ណែនាំ​ស្ដីអំពី​ការ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ​ចំពោះអ្នកទាំងឡាយ​ដែល​បាន​ផ្លាស់ទៅ​កាន់​ស៊ីយ៉ូន ។ នៅក្នុង​ខគម្ពីរ​ទាំងនេះ ព្រះអម្ចាស់​ក៏បាន​បង្រៀន​ផងដែរ​អំពី​គោលការណ៍​នៃ​ការ​ប្រែចិត្ត ដែលបាន​បញ្ជាឲ្យពួកអែលឌើរ ផ្សាយ​ដំណឹងល្អ ហើយ​ទូន្មាន​ពួកគេ​ទាក់ទង​នឹង​របៀប​ដើម្បី​ស្ថាបនា​ក្រុង​ស៊ីយ៉ូន ។

យោបល់​សម្រាប់ការ​បង្រៀន

នៅក្នុង​មេរៀន​មុនៗ សិស្ស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ប្រើ​សិទ្ធិសេរីភាព​របស់ពួកគេ​ឲ្យ​ធ្វើអ្វីមួយ​ដែលល្អ​មុន​ពេល​ចាប់​ផ្ដើម​ថ្នាក់នៅថ្ងៃ​នេះ ។ សូម​តាមដាន​ការ​អញ្ជើញ​នេះ ដោយ​សុំ​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍​របស់ពួកគេ​អំពីការ​ជ្រើសរើស « ឧស្សាហ៍​ចូលរួម » (គ. និង ស. ៥៨:២៧) ក្នុង​ប្រយោជន៍​ល្អ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៤-៤៣

ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ស្ដីអំពី​ស៊ីយ៉ូន ហើយ​បង្រៀន​គោលការណ៍​នៃ​ការ​ប្រែចិត្ត 

មុនពេល​ចាប់​ផ្ដើម​ថ្នាក់ សូមសរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖តើ​ការប្រែចិត្ត​មានន័យ​យ៉ាងណា ?

សូមឲ្យ​សិស្ស​ពីរបីនាក់​ឆ្លើយតប​សំណួរ​នេះ ។ បន្ទាប់មក​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​ខ្ញុំអាច​ដឹង​ថា ខ្ញុំ​បាន​ប្រែចិត្ត​ពេញលេញ​ដោយ​របៀប​ណា ? តើ​ខ្ញុំអាច​ដឹង​ថា ព្រះអម្ចាស់​អភ័យទោស​ចំពោះអំពើបាប​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សំណួរ​ទាំងនេះ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ សូម​ឲ្យពួកគេ​ចំណាយពេល​ពីរបីនាទី ដើម្បីសរសេរ​ចម្លើយ​ចំពោះសំណួរ​និមួយៗ​ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ប្រាប់ពួកគេ​ថា ពួកគេ​នឹង​មាន​ឱកាស​មួយ​ដើម្បី​មើល​ចម្លើយ​ពួកគេ​នៅពេល​ក្រោយ​ក្នុង​មេរៀន ។

សូមសង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៣៤-៣៧ដោយ​ការ​ពន្យល់​ថា ពួកអែលឌើរ​ជាច្រើន ដែលបានធ្វើដំណើរ​ទៅ​រដ្ឋ មិសសួរី ហើយ​នឹង​រស់នៅទីនោះ ចង់ដឹង​ពីអ្វី​ដែលពួកគេ​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​រៀបចំ ដាក់ផែនការ និង​ស្ថាបនា​ក្រុង​ស៊ីយ៉ូន ។ ព្រះអម្ចាស់បាន​ណែនាំ​ដល់អ្នក​ទាំងឡាយ​ដែល​ផ្លាស់ទៅ​រដ្ឋ មិសសួរី ឲ្យ​ផ្ដល់​ប្រាក់ និងទ្រព្យសម្បត្តិ​របស់ពួកគេ​សម្រាប់ជា​បុព្វហេតុ​នៃ​ការ​ស្ថាបនា​ស៊ីយ៉ូនឡើង ។ ម៉ាទីន ហារិស ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ជាគំរូ​នៅក្នុង​ការ​ប្រគល់​ប្រាក់ទៅ​ឲ្យ​ប៊ីស្សព ។ គាត់​បាន​បរិច្ចាគ​ប្រាក់​យ៉ាងច្រើន​ដើម្បីជួយ​ប៊ីស្សព អែតវឹត ប៉ាទ្រិច ទិញ​ដី​សម្រាប់​សាសនាចក្រ ។

សូមសរសេរ​ឈ្មោះ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ម៉ាទីន ហារិស, វិលាម ដ័បុលយូ ហ្វែប្សនិងសេបា ភីតើសុន ។ សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៣៨-៤១, ៦០ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម រកមើល​ការ​ទូន្មាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ម៉ាទីន ហារិស, វិលាម ដ័បុលយូ ហ្វែប្ស និង សេបា ភីតើសុន នៅពេលពួកគេ​បាន​រៀបចំ​ដើម្បីស្ថាបនា​ក្រុងស៊ីយ៉ូន ។

នៅពេលសិស្ស​ឆ្លើយ​តប​ចំពោះសំណួរ​ដូច​ខាង​ក្រោម សូមសរសេរ​ចម្លើយ​របស់ពួកគេ​នៅ​ក្រោម​ឈ្មោះ​ត្រឹមត្រូវ​នៅលើ​ក្ដារខៀន ។

  • តើ​អំពើបាប​អ្វី​ខ្លះ​ដែលព្រះអម្ចាស់​មានបន្ទូលថាជាកំហុស​របស់ ម៉ាទីន ហារីស ? តើ​ព្រះអម្ចាស់ប្រាប់​គាត់​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​អំពើបាប​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​មានបន្ទូលថាជា​កំហុស​របស់ វិលាម ដ័បុលយូ ហ្វែប្ស ? តើ​ព្រះអម្ចាស់ប្រាប់​គាត់​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( អ្នកអាច​ចាំបាច់​ត្រូវ​ពន្យល់​ថា ឃ្លា « ស្វែងរក​ដើម្បីតម្កើង​ខ្ពស់ » [ខ ៤១] ពុំ​មានន័យ​ថា​ធ្វើ ឬ​ព្យាយាម​ដើម្បី​កែលម្អ​ដោយអស់ពី​លទ្ធភាព​របស់​យើង​ទេ ។ តែ​ឃ្លានេះ​ចង់​សំដៅ​ទៅលើ​បំណង​ប្រាថ្នា​ឥតសុចរិត និង​ប្រកប​ដោយ​អំនួត ដើម្បី​បង្ហាញថា​ល្អ​ប្រសើរ ឬ​សំខាន់ជាង​មនុស្ស​ដទៃទៀត ) ។

  • តើ​សេបា ភីតើសុន ព្យាយាម​ធ្វើ​អ្វីខ្លះ​ជាមួយ​នឹង​អំពើ​បាប​របស់គាត់ ?

សូម​ចង្អុល​បង្ហាញ​ថា អំពើបាប​ទាំងឡាយ​របស់​មនុស្សទាំងនេះ​បានគំរាម​គំហែង​ដើម្បី​រារាំងពួក​គេ​ពីការ​ជួយ​ស្ថាបនា​ស៊ីយ៉ូន ។

  • តើ​អំពើបាប​របស់យើង​អាច​នឹង​ដាក់​កំហិត​លើ​សមត្ថភាព​របស់យើង​ដើម្បីបម្រើ​ព្រះអម្ចាស់​តាម​វិធី​មួយចំនួន​ណា​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី​ដែល​ព្រះអម្ចាស់​បានបង្រៀន​អំពីការ​ប្រែចិត្ត ។

  • យោងតាម​ខគម្ពីរ​នេះ តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះដល់យើង បើ​យើង​ប្រែចិត្តពី​អំពើបាប​របស់​យើង ? ( សិស្ស​គួរ​តែ​ប្រាប់អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់យើង នោះ​ព្រះអម្ចាស់​នឹង​អភ័យទោសដល់​យើង ហើយ​ពុំ​ចងចាំ​អំពើបាប​របស់យើង​ទៀត​ឡើយ ។ សូមសរសេគោលការណ៏នេះនៅលើក្តាខៀន។ អ្នក​ក៏អាច​ឲ្យ​យោបល់​សិស្សឲ្យ​គូសចំណាំ​ឃ្លា​ដែល​បង្រៀន​គោលលទ្ធិ​ទាំង​នេះ​នៅក្នុង ខ ៤២ ) ។

  • តើ​អំពើបាប​របស់យើង​មួយ​ណា ដែល​ការ​សន្យា​នេះ​ត្រូវ​បាន​អនុវត្ត ? ( អំពើបាប​ទាំងអស់ ) ។

​សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុមនៃ​ពួក​សាវក​ដប់​ពីរនាក់ឲ្យ​ឮៗ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកពាក្យ ឬ​ឃ្លា​ដែលទាក់ទង​ទៅនឹង​គោលការណ៍​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« មិន​ថា​ការរំលង​របស់​យើង​ជាអ្វី​នោះ​ទេ មិន​ថា​សកម្មភាព​របស់​យើង​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺ​ចាប់​យ៉ាង​ណា​ទេ កំហុស​ទាំងនោះ អាច ត្រូវ​បាន​លុបចោល ។ ចំពោះ​ខ្ញុំ ឃ្លា​ដែល​ល្អ​បំផុត​នៅក្នុងបទគម្ពីរ​ទាំងអស់ គឺ​នៅពេល​ព្រះអម្ចាស់​មានបន្ទូល​ថា ‹ មើល​ចុះ អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះថា​បាន​អត់ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់ មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ › [គ. និង ស. ៥៨:៤២] ។

« នោះ​គឺ​ជា​ការ​សន្យា​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន » (The Atonement, »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៧៧ ) ។

សូមនាំ​សិស្ស​មើល​ទៅ​សំណួរ​នៅលើ​ក្ដារខៀន ។

  • តើ​ការ​សន្យា​របស់ព្រះអម្ចាស់នៅក្នុងខ ៤២ជួយ​ឆ្លើយ​សំណួរ​ទីបីយ៉ាង​ដូចម្ដេច ៖តើខ្ញុំ​អាច​ដឹងថា ព្រះអម្ចាស់​បាន​អភ័យទោសចំពោះ​អំពើបាប​របស់ខ្ញុំ​យ៉ាងដូចម្ដេច ? ( ការ​សន្យា​របស់ព្រះអម្ចាស់ ជួយ​យើង​ដឹង​ថា ទ្រង់​តែងតែ​ប្រទាននូវការ​អភ័យ​ទោស​ជានិច្ច នៅពេល​យើង​បាន​ប្រែចិត្ត​ដោយ​ពេញលេញ ) ។

  • បន្ថែម​ពី​លើ​ការ​ដឹង​ថា ព្រះអម្ចាស់ បាន​សន្យា​ថាអភ័យ​ទោស​ដល់យើង នៅពេល​យើង​ប្រែចិត្ត​ដោយពេញលេញ តើ​យើងអាច​ដឹង​ថា យើង​ត្រូវ​បាន​អភ័យទោស​យ៉ាង​ដូចម្ដេច?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរអេស្វ.អុជដូហ្វ នៃ​គណៈ​ប្រធាន​ទី​មួយ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​អំពី​របៀប​ដែលពួកគេ​អាច​ដឹង​ថា តើនៅពេល​ណា​ព្រះអម្ចាស់​បាន​អភ័យទោស​ដល់អំពើបាប​របស់​ពួកគេ ។

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« នៅពេល​យើង​ពិត​ជា​បាន​ប្រែចិត្ត​នោះ ព្រះគ្រីស្ទ​នឹង​ដក​ចេញ​នូវ​បន្ទុក​នៃ​ទោស​ដែល​ជា​បាប​ទាំងឡាយ​របស់​យើង ។ យើង​អាច​ដឹង​ដោយ​ខ្លួនឯង​ថា យើង​ត្រូវ​បាន​អត់ឱន​ឲ្យ ហើយ​បាន​ធ្វើ​ឲ្យ​ស្អាត ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​ពី​ការណ៍​នេះ​ដល់​យើង ។ទ្រង់​គឺជា​អ្នកញែក​ឲ្យ​បរិសុទ្ធ ។ គ្មាន​ទីបន្ទាល់​ណា​ផ្សេង​ទៀត​នៃ​ការអភ័យទោស អាច​អស្ចារ្យ​ជាង​នេះ​នោះ​ទេ » « Point of Safe Return, »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០១ ) ។

  • តើ​ការ​ដឹង​ថា​អ្នកអាច​ត្រូវ​បាន​អភ័យ​ទោស​ចំពោះ​អំពើបាប​របស់​អ្នក​ទាំងអស់ ប្រទាន​ពរដល់ជីវិត​របស់អ្នក​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់ដល់​សិស្ស​ថា មនុស្ស​មួយចំនួន​បាន​គិត​ដោយ​ខុសឆ្គង​ថា បើ​ពួកគេ​អាច​នៅតែ​ចងចាំ​អំពើ​បាប​របស់ពួកគេ នោះ​ពួកគេ​ពុំ​ទាន់​បាន​ប្រែចិត្ត​ពេញលេញ​ទេ ។ សូមអញ្ជើញសិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឲ្យ​ឮៗ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​ពី​មូលហេតុ​ដែល​យើង​អាច​នៅចងចាំ​អំពើបាប​របស់យើង ទោះ​ជា​យើង​បាន​ប្រែចិត្ត​រួច​ហើយ​ក្ដី ។

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

«សាតាំង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ថា អំពើ​បាប​របស់​យើង​មិន​ត្រូវបាន​អត់ទោស​ទេ ដោយសារយើងអាច​ចាំវា ។ សាតាំង​ជា​មេកុហក វា​ព្យាយាម​ធ្វើ​ឲ្យ​ទស្សនៈ​របស់​យើង​ស្រអាប់ ហើយ​ដឹកនាំ​យើង​ចេញ​ពី​ផ្លូវ​នៃ​ការប្រែចិត្ត និង ការអត់ទោស ។ ព្រះ​ពុំ​បាន​សន្យា​ថាយើងនឹង​មិន​ចងចាំ​អំពើ​បាប​របស់​យើង​ទៀត​នោះទេ ។ ការចងចាំ​នឹង​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការធ្វើ​កំហុស​ដដែលៗ​ម្ដងទៀត ។ ប៉ុន្តែ បើ​យើង​នៅតែ​ពិត និង ស្មោះត្រង់ នោះ​ការចងចាំ​ពី​អំពើបាប​របស់​យើង​នឹង​ត្រូវបាន​បន្ទន់ ចំពោះពេល​វេលា​ទៅមុខទៀត ។ នេះ​នឹង​ជា​ចំណែក​នៃ​ដំណើរ​ការនៃការ​ព្យាបាល និង​ការ​ញែក​ចេញ​ឲ្យ​បរិសុទ្ធ » ( « Point of Safe Return,» ទំព័រ ១០១ ) ។

សូម​ចង្អុលបង្ហាញ​ថា ការសន្យា​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន គឺ​មានលក្ខខណ្ឌ ។ យើង​អាច​ទទួល​បាន​ការ​អភ័យទោស​ពី​ព្រះអម្ចាស់ បើសិនជា​យើង​ធ្វើ​នូវអ្វីៗ​គ្រប់យ៉ាង​ដែល​យើងអាច​ធ្វើបាន ដើម្បីប្រែចិត្ត​ពី​អំពើបាប​របស់​យើង​ដោយពេញ​លេញ​តែប៉ុណ្ណោះ ។

  • តើ​ការប្រែចិត្ត​មាន​អត្ថន័យ​យ៉ាងណា ? ( អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​យោង​ទៅ​លើ​ចម្លើយ​ដែលពួកគេ​សរសេរ ឆ្លើយនឹង​សំណួរ​នៅលើ​ក្ដារខៀន​ ) ។

បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ នូវ​សេចក្ដីថ្លែង​ការ​ណ៍​ដូច​ខាង​ក្រោម​មកពីកូនសៀវភៅដើម្បី​កម្លាំង​នៃ​យុវជន ។ សូម​ឲ្យ​សិស្សក្នុង​ថ្នាក់​ស្ដាប់​រឿង​បន្ថែម​ទៀត ដើម្បី​ពួកគេ​អាច​រៀនអំពី​អត្ថន័យ​នៃ​ការ​ប្រែចិត្ត ។

« ការ​ប្រែចិត្ត​គឺ​សំខាន់​ជាង​ការ​ទទួល​ស្គាល់​កំហុស​ដ៏​សាមញ្ញ ។ វា​ជា​ការផ្លាស់ប្តូរ​នៃគំនិត និង ដួងចិត្ត ។ វា​រួម​មាន​ការ​បែរ​ចេញ​ពី​អំពើ​បាប ហើយ​បែរ​ទៅ​រក​ព្រះ​សម្រាប់​ការ​អភ័យ​ទោស ។ វា​ត្រូវបាន​ជម្រុញ​ដោយ​សេចក្ដីស្រឡាញ់​ដល់​ព្រះ និង បំណង​ដ៏​ស្មោះត្រង់​ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​ » (ដើម្បី​កម្លាំង​នៃ​យុវជនកូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២៨ ) ។

សូម​ពន្យល់​ថា ការ​ប្រែចិត្ត​ពិត រួមមាននូវ​តម្រូវការ​មួយចំនួន ។ តម្រូវការ​ចំនួន​ពីរ​នៃ​តម្រូវការ​ទាំងនេះ មាន​ប្រាប់នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤៣ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ខគម្ពីរនោះ​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​រឿង​ពី​រយ៉ាង​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បីប្រែចិត្ត​ពេញលេញ​ពី​អំពើបាប​របស់​យើង ។

  • ស្របតាមខ ៤៣ តើ​រឿង​ពីរ​យ៉ាង​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បីប្រែចិត្ត​ពី​អំពើបាប​របស់​យើង​ពេញលេញ​មានអ្វីខ្លះ ? ( សិស្ស​គួរ​តែ​ប្រាប់អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ ដើម្បី​ប្រែចិត្ត យើងត្រូវ​តែ​សារភាព ហើយលះបង់ចោល​នូវអំពើបាប​ទាំងឡាយ​របស់យើង ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • តើ​សេចក្ដីពិត​នេះ ជួយយើង​ឲ្យឆ្លើយ​ចំពោះសំណួរថាតើ​យើង​អាច​ដឹង​ថា បើ​យើង​បាន​ប្រែចិត្ត​បាន​ពេញ​លេញ​ដោយ​របៀប​ណា ? ( សូម​ជួយសិស្ស​ឲ្យយល់​ថា ការ​សារភាព និង​ការ​លះបង់​ចោល​អំពើបាប​ទាំងឡាយ គឺ​សំខាន់​ចំពោះ​ការ​ប្រែចិត្ត​ពេញលេញ ) ។

  • តើ​ការសារភាព​អំពើបាប​របស់​យើងមានន័យដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ប្រសើរ​អំពី​អត្ថន័យ​នៃការសារភាព​អំពើបាប​របស់យើង សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ការ​សារភាព និង​ការ​លះបង់​ចោល គឺ​ជា​គោលគំនិត​ដ៏​មានអានុភាព ។ វា​មាន​ន័យ​ច្រើន​ជាង​ពាក្យថា ‹ ខ្ញុំព្រមទទួលកំហុស ខ្ញុំសូមទោស › ។ ការ​សារភាព គឺជា​ការ​ទទួលស្គាល់ដោយអស់ពីចិត្ត ពេល​ខ្លះ ដោយការឈឺចាប់​ចំពោះកំហុស និង​ការធ្វើទាស់​នឹង​ព្រះ និង​មនុស្ស » (« The Divine Gift of Repentance » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៤០ ) ។

  • តើ​ការ​សារភាព​អំពើបាប​របស់​យើង​ជួយយើង​ងាក​ចេញពី​អំពើបាប ហើយ​បែរ​ទៅរក​ព្រះ​សុំ​ការ​អភ័យ​ទោសយ៉ាង​ដូចម្ដេច ?

ជា​ចំណែក​នៃ​ការ​ពិភាក្សានេះ សិស្ស​អាចនឹងងឿង​ឆ្ងល់​ថា អំពើបាប​អ្វីខ្លះ​ដែលចាំបាច់​ត្រូវ​សារភាព ហើយ​ត្រូវ​សារភាព​ដល់នរណា ។ សូម​ពន្យល់​ថា យើងចាំបាច់​ត្រូវ​សារភាព​ចំពោះអំពើ​បាប​ទាំងអស់​របស់យើង​ចំពោះ​ព្រះវរបិតាសួគ៌ ។ ការ​រំលង​ធ្ងន់ធ្ងរ ដូចជា​អំពើ​រំលង​ខាង​ផ្លូវភេទ ឬ​ការ​ប្រើ​រូបអាសគ្រាម គួរ​តែ​ត្រូវ​សារភាព​ដល់​ប៊ីស្សព ឬ​ប្រធាន​សាខាផងដែរ ។

សូម​នាំ​សិស្ស​ទៅកាន់​សេចក្ដីពិត​ចុង​ក្រោយ​ដែល​អ្នកបាន​សរសេរ​នៅលើ​ក្ដារខៀន ។

  • តើ​ការលះបង់​ចោល​អំពើបាប​របស់​យើងមានន័យដូចម្ដេច ? ( ដើម្បី​ងាក​ចេញពី​អំពើបាប​ទាំង​ស្រុង ហើយ​ឈប់​ធ្វើ​វា​តទៅទៀត ) ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ និង​គោលការណ៍​នានា​នៃ​ការ​ប្រែចិត្ត និង​ការ​អភ័យទោស​ដែល​អ្នក​បាន​ពិភាក្សា ។ សូម​អញ្ជើញ​សិស្សឲ្យ​ពិចារណា​ថា​តើ​ពួកគេ​មានអំពើបាប​ណាដែល​ពួកគេ​ចាំបាច់​ត្រូវ​ប្រែចិត្ត​ឬទេ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រែចិត្ត​ដោយ​ការ​ធ្វើ​តា​សេចក្ដីពិត​ដែល​ពួកគេ​បាន​រៀន ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៤-៦៥

ព្រះអម្ចាស់​បញ្ជា​ឲ្យពួក​អែលឌើរ​ផ្សាយ​ដំណឹងល្អ ហើយ​ប្រឹក្សា​ពួកគេ​ស្ដីអំពី​របៀប​ដើម្បី​ស្ថាបនា​ស៊ីយ៉ូន​ឡើង

សូមសង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤៩-៦២ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រាប់ពួក​អែលឌើរ ដែល​ស្នាក់នៅ​រដ្ឋ មិសសួរី ថា​ពួកគេ​គួរ​តែទិញ​ដី ហើយ​រៀបចំ​សម្រាប់​ការ​ប្រមូល​ផ្ដុំ​នៃ​ពួកបរិសុទ្ធ​នៅ​រដ្ឋ មីសសួរី ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:​៤៦-៤៧ ,៦៣-៦៥ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើលនូវដំបូន្មាន ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់ពួក​អែលឌើរ ដែល​ត្រឡប់ទៅកាន់​រដ្ឋ អូហៃអូ ។

  • ស្របតាមខ ៤៦-៤៧តើ​ពួកអែលឌើរ​ត្រូវ​ធ្វើ​អ្វីខ្លះ នៅពេល​ពួកគេ​បាន​ត្រឡប់ទៅ​រដ្ឋ អូហៃអូ វិញ ?

  • ស្របតាមខ ៦៤តើ​ដំណឹងល្អ​ត្រូវ​ផ្សាយទៅ​ដល់នរណា ? ( សិស្ស​អាច​នឹង​ប្រើពាក្យ​ផ្សេងៗ ប៉ុន្តែ​ចម្លើយ​របស់ពួកគេ​គួរ​តែ​ឆ្លុះបញ្ចាំង​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ដំណឹង​ល្អ ត្រូវ​តែ​ផ្សាយ​ដល់មនុស្ស​គ្រប់រូប ។ អ្នក​ក៏អាច​ឲ្យ​យោបល់​សិស្សឲ្យ​គូសចំណាំ​ឃ្លា​ដែល​បង្រៀន​សេចក្ដីពិត​​នេះ នៅខ ៦៤) ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើតាម​ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ​ដើម្បី​ចែក​ចាយ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ជាមួយ​នឹង​អ្នកទាំងឡាយ​ដែល​នៅជុំវិញ​ពួកគេ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៩។ « ប្រែ​ចិត្ត »

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានបង្រៀន​ថា ការ​ប្រែចិត្ត គឺ​មានច្រើនជាង​ការ​គ្រាន់តែ​គូសសម្គាល់​នូវអ្វីៗ​ដែលត្រូវ​ធ្វើ ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« ការ​ព្យាយាម​បង្កើត​បញ្ជី​អំពី​ជំហាន​ជាក់លាក់​នៃ​ការ​ប្រែចិត្ត នោះអាច​ជា​ប្រយោជន៍​ខ្លះៗ ប៉ុន្តែ​វា​ក៏​អាច​នាំ​ទៅ​រក​វិធី​គូសសំគាល់​ដោយ​ស្វ័យប្រវត្តិ​ដែល​គ្មាន​នូវអារម្មណ៍ ឬ​ការ​ផ្លាស់ប្ដូរ​ពិត ។ ការ​ប្រែចិត្ត ពុំ​មែនជា​រឿងរាក់កំផែល​នោះទេ ។​ ព្រះអម្ចាស់​ប្រទាន​តម្រូវការ​ពីរ ៖ ‹ តាម​របៀប​នេះ អ្នករាល់គ្នា​អាច​ដឹង បើសិនជា​មនុស្ស​ណាម្នាក់​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់ខ្លួន​មែន ឬ​អត់-- មើល​ចុះ​អ្នកនោះ​នឹង​សារភាព​អំពី​អំពើបាប​ទាំងឡាយ ហើយ​លះបង់ចោល​អំពើបាប​ទាំងនោះ › (គ. និង ស. ៥៨:៤៣The Divine Gift of Repentance, » Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៤០ ) ។

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​អត្ថន័យ​ដើម្បី​ប្រែចិត្តថា ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« គោលលទ្ធិ​នៃ​ការ​ប្រែចិត្ត គឺ​ធំទូលំទូលាយជាងនិយម​ន័យ​ក្នុង​វចនានុក្រម ។ នៅពេល​ព្រះយេស៊ូវ​បានមានបន្ទូលថា ‹ប្រែចិត្ត› នោះ​ពួកសិស្ស​ទ្រង់​បាន​កត់ត្រា​បញ្ជា​នោះ​ជាភាសា​ក្រិច​ជាមួយ​នឹង​កិរិយាសព្ទmetanoeo ។ ពាក្យ​ដ៏មាន​អំណាច​នេះ គឺ​សំខាន់ណាស់ ។ នៅក្នុងពាក្យ​នេះ បុព្វបទmetaមានន័យថា ‹ ផ្លាស់ប្ដូរ › ។ បច្ច័យបទ​ទាក់ទង​ទៅនឹង​ពាក្យ​ក្រិច​សំខាន់បួន​គឺ ៖nousមានន័យ​ថា ‹ ចិត្ត ›gnosisមានន័យ​ថា ‹ ចំណេះដឹង ›pneumaមានន័យថា ‹ វិញ្ញាណ › និងpnoe មានន័យ​ថា ‹ ដង្ហើម › ។

« ដូច្នេះ​នៅពេលព្រះយេស៊ូវ​មានបន្ទូល​ថា ‹ ប្រែចិត្ត › នោះ​ទ្រង់​បាន​សុំ​យើង​ឲ្យ​ផ្លាស់ប្ដូរ--ផ្លាស់ប្ដូរ​គំនិត ចំណេះដឹង និងវិញ្ញាណ​របស់​យើង --សូម្បី​តែ​ដង្ហើម​របស់​យើង ។ ព្យាការី​ម្នាក់ បាន​ពន្យល់​ថា ការ​ផ្លាស់ប្ដូរ​ដូច្នោះនៅក្នុង​ការ​ដក​ដង្ហើម​របស់មនុស្ស​គឺ​ជា​ដង្ហើម​ដែល​មានការ​ទទួលស្គាល់​ដោយការ​ដឹងគុណ​ដល់ទ្រង់ ដែល​បាន​ប្រទាន​ដង្ហើម​ឲ្យ​ដក​គ្រប់ពេល​នោះ ។ ស្ដេច​បេយ៉ាមីន បាន​មាន​ប្រសាសន៍​ថា ‹ បើ​សិនជា​អ្នករាល់គ្នា​នឹង​បម្រើ​ទ្រង់​ដែលបាន​បង្កើត​អ្នក… ហើយ​កំពុង​តែ​ថែរក្សា​អ្នក​ឲ្យគង់រង់​នៅ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយបាន​ប្រទាន​ដង្ហើម​ដល់អ្នក… ពី​រយៈ​ពេលមួយទៅរយៈពេល​មួយ--យើង​សូមប្រាប់​ថា បើសិនជា​អ្នករាល់គ្នា​នឹង​បម្រើ​ទ្រង់ ឲ្យអស់ពី​ព្រលឹង​ទាំងមូល​របស់អ្នកទៅទៀត ក៏​អ្នករាល់គ្នា​នៅ​តែ​ជា​អ្នក​បម្រើ​ដ៏​ឥតប្រយោជន៍​ដែរ › ។ [ម៉ូសាយ ២:២១] .

« មែនហើយ ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​ប្រែចិត្ត ដើម្បី​ផ្លាស់ប្ដូរ​របៀប​របស់​យើង មក​រក​ទ្រង់ ហើយ​ឲ្យ​បាន​កាន់​តែ​ដូច​ជា​ទ្រង់ ។ [ សូមមើលនីហ្វៃទី ៣ ២៧:២១, ២៧] ។ ការណ៍​នេះ​តម្រូវ​ឲ្យមាន​ការ​ផ្លាស់ប្ដូរ​ទាំងស្រុង » (« Repentance and Conversion »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២។ « មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ »

អែលឌើរ អេហ្វ ប៊ើរតុន ហាវើដ នៃ​ពួក​ចិតសិបនាក់ បានចែកចាយបទពិសោធន៍មួយ ដែលគាត់មាន ពេល​គាត់​រៀន​ថា បន្ទាប់ពីការ​ប្រែចិត្ត នោះ​ព្រះអម្ចាស់​ពិតជា​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ ៖

រូបភាព
អែលឌើរ អែហ្វ ប៊ើរតុន ហៅវើត

« រឿង​ចុង​ក្រោយមួយ--ជាថ្មីម្ដង​ទៀត វា​មក​ពី​គ្រា​ដែលខ្ញុំជា​ប៊ីស្សព​ម្នាក់ ។ នៅយប់មួយ ពេល​ខ្ញុំ​កំពុង​តែ​ដេក​លង់លក់ នោះ​កន្ដឹង​ទ្វារ​បាន​រោទិ៍​ឡើង ។ ខ្ញុំ​ស្ទុះឡើង​ទៅ​បើក​ទ្វារ ហើយ​បាន​ឃើញ​សមាជិក​កូរ៉ូម​សង្ឃ​ម្នាក់​របស់ខ្ញុំ​ឈរ​នៅមាត់ទ្វារ ។ ខ្ញុំ​ស្គាល់គាត់​ច្បាស់ ដោយ​ធ្លាប់បាន​ចេញទៅ​ក្រៅ​ជាមួយ​គាត់ ធ្លាប់អធិស្ឋានជាមួយគាត់ និង​អធិស្ឋាន​អំពីគាត់ ហើយ​ធ្លាប់បាន​បង្រៀនគាត់ ។ ខ្ញុំ​ស្គាល់គាត់​យ៉ាង​ល្អ​ក្នុងនាមជា​ប៊ីស្សព​ល្អ​ម្នាក់ ដែលត្រូវស្គាល់​ពួកសង្ឃ​សកម្ម​អាយុដប់ប្រាំបីឆ្នាំគ្រប់រូប ដែល​ទំនាក់ទំនងនោះល្អល្មមគ្រប់គ្រាន់​ខ្ញុំ​អាច​សួរ​គាត់ថា​តើមក​ធ្វើ​អី​នៅកណ្ដាល​យប់​នៅមាត់ទ្វារ​ខ្ញុំដូច្នេះ។

« គាត់​បាន​និយាយ​ថា ‹ ខ្ញុំ​ត្រូវការ​ពិភាក្សា​ជាមួយ​លោក ប៊ីស្សព ។ ខ្ញុំទើប​តែធ្វើ​អ្វីមួយ​ដែលជារឿងធ្ងន់ធ្ងរ ហើយ​ខ្ញុំពុំអាច​ទៅផ្ទះបាន​ទេ › ។

« គាត់និយាយត្រូវ ។ វា​គឺ​ជា​រឿង​ធ្ងន់ធ្ងរ ។ ខ្ញុំ​បាន​អញ្ជើញគាត់​ឲ្យចូលក្នុងផ្ទះ ហើយ​យើង​បាន​ពិភាក្សាគ្នា ។ គាត់បាន​និយាយ ហើយ​ខ្ញុំបាន​ស្ដាប់ រួច​ខ្ញុំបាន​និយាយ ហើយគាត់បាន​ស្ដាប់ រហូត​ដល់យប់ជ្រៅ ។ គាត់មាន​ចម្ងល់ជាច្រើន ។ គាត់បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ ។ គាត់​ចង់ដឹង​បើសិនជា​មាន​សេចក្ដីសង្ឃឹម​ឬ​ទេ ។ គាត់​ចង់​ដឹង​ពី​របៀប​ប្រែចិត្ត ។ គាត់ចង់​ដឹង​បើសិន​ការ​ប្រែចិត្ត រួម​បញ្ចូល​ទាំង​ការ​ប្រាប់​ដល់ឪពុក​ម្ដាយ​របស់គាត់ ។ គាត់​ចង់ដឹង​ថាតើ​មានឱកាស​ដើម្បី​គាត់អាចទៅធ្វើបេសកកម្ម​ឬទេ ។ គាត់ចង់​ដឹង​រឿង​ផ្សេងៗ​ជាច្រើនទៀត ។

« ខ្ញុំ​ពុំ​មាន​ចម្លើយ​ទាំងអស់​ទេ ប៉ុន្ដែ​ខ្ញុំ​បាន ប្រាប់គាត់​ថា គឺ មាន សេចក្ដីសង្ឃឹម ។ ខ្ញុំបានប្រាប់គាត់​ថា ផ្លូវ​ដើម្បីត្រឡប់មក​វិញ​នឹង​ពិបាក ប៉ុន្តែ​អាច​ធ្វើបាន ។ ខ្ញុំ​បាន​ពន្យល់​អំពី​អ្វី​ដែល​ខ្ញុំ​ដឹង​អំពី​ដំណើរការ​នៃ​ការប្រែចិត្ត ហើយ​បាន​ជួយ​គាត់​ឲ្យ​ឃើញ​ពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ប្រសិនបើ​គាត់​ពិតជា​ចង់​ទៅ​បម្រើ​បេសកកម្ម នោះ​ការសម្រេច​ចិត្ត​អាច​ធ្វើ​បាន​នា​ពេល​ខាង​មុខ​បន្ទាប់​ពី​គាត់​បាន​ប្រែចិត្ត​ហើយ​ប៉ុណ្ណោះ ។ រួច​ខ្ញុំ​បាន​ប្រាប់គាត់​ឲ្យទៅ​ផ្ទះ ហើយគាត់បាន​ទៅផ្ទះវិញ ។

« គាត់​បាន​ធ្វើឲ្យ​មានភាព​សុខសាន្ដ​ជាមួយនឹង​ឪពុក​ម្ដាយគាត់ ។ គាត់បានសុំ​ការ​អភ័យទោស​ចំពោះអ្នកទាំងឡាយ​ដែលគាត់បាន​ធ្វើខុស​នឹងគេ ។ គាត់បានទុកចោលអំពើបាប និង​សេចក្ដីអាក្រក់​នៅពីក្រោយ ហើយ​បានធ្វើ​អ្វីៗគ្រប់យ៉ាង​ដែលគាត់អាចធ្វើបាន​ដើម្បីប្រែចិត្ត ។​

« ប៉ុន្មាន​ជាមួយឆ្នាំ​ក្រោយមក យុវជន​ប្រាំ​នាក់​មកពី​កូរ៉ុម​នោះ​បាន​ចេញ​បេសកកម្ម ។ គាត់ជា​មនុស្ស​ម្នាក់​ក្នុងចំណោមពួកគេ ។ ខ្ញុំជិត​ស្និត​នឹង​ពួកគេ​ទាំងអស់គ្នា ។ ខ្ញុំបាន​ចូលរួម​ក្នុងកម្មវិធីលាគ្នា​របស់ពួកគេ​ម្នាក់ៗ ។ ពួកគេ​ទាំងអស់​បានបម្រើ​បេសកកម្ម​ប្រកប​ដោយកិត្តិយស ។ ក្នុង​មួយរយៈ​ពេល​ខ្លី បន្ទាប់ពី​ត្រឡប់មក​ផ្ទះវិញ ពួកគេ​ទាំងអស់គ្នា​បាន​រៀប​ការ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ ភរិយាខ្ញុំ និង​ខ្ញុំ​បាន​ចូលរួម​ក្នុង​ពិធីមង្គល​ការ​របស់ពួកគេ​ម្នាក់ៗ ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​អាច​យក​ក្រដាស​មក​សរសេរ​ឈ្មោះ​របស់ពួកគេ និង​ឈ្មោះភរិយា​របស់ពួកគេ និង​កូនៗ​មួយចំនួន​របស់ពួកគេ​បានផងដែរ ។ នោះ​គឺ​ជា​របៀប​ដែលខ្ញុំស្គាល់ពួកគេ​ច្បាស់ ។

« ប៉ុន្តែ​ឥឡូវ​ខ្ញុំប្រាប់អ្នក​នូវរឿង​មួយ--រឿង​ដែល​សម្ងាត់បំផុត និង​សំខាន់បំផុត ។ ខ្ញុំពុំចាំ​ឈ្មោះរបស់យុវជន​ដែលមក​ផ្ទះ​របស់​ខ្ញុំ​នៅ​ពាក់កណ្ដាល​អធ្រាត​នោះទេ ។ ខ្ញុំ​ដឹង​ថា គាត់​គឺ​ជា​យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ទាំងប្រាំ​នាក់នោះ ប៉ុន្តែ​ខ្ញុំពុំ​ចាំ​ថា​មួយណា​ទេ ។

« មាន​គ្រា​មួយខ្ញុំ​ធ្លាប់​បារម្ភ​អំពី​រឿង​នោះ ។ ខ្ញុំ​បានគិត​ថា ប្រហែល​ជា​ការ​ចងចាំ​របស់ខ្ញុំ​ត្រូវ​ធ្លាក់ចុះ​ហើយ ។ ខ្ញុំ​បាន​ព្យាយាម​នឹកគិត​ថា​នរណា ដែលមានបញ្ហា​នោះ ប៉ុន្តែ​ខ្ញុំពុំ​អាច​ចាំទេ ។

« ទីបំផុត ខ្ញុំត្រូវ​បាន​ដោះលែង ហើយ​ខ្ញុំ​បាន​ឈប់គិត​ពី​រឿង​ទាំងនោះទៀត ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក នា​ល្ងាច​មួយពេលកំពុង​ដើរ ខ្ញុំបាន​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅក្នុង​វួដ ដែលខ្ញុំ​ធ្លាប់ធ្វើ​ជា​ប៊ីស្សព ។ នា​ពេល​រសៀល​ស្ងប់ស្ងាត់នោះ ខ្ញុំបាននឹកឃើញអនុស្សាវរីយ៏​ជាច្រើន ។ ខ្ញុំ​បានគិត​ស្លុង ពេល​ខ្ញុំ​ដឹង​ថា ខ្ញុំ​កំពុង​ដើរ​នៅ​មុខ​ផ្ទះ​របស់​សង្ឃ​ម្នាក់​របស់ខ្ញុំ ដែល​ធ្លាប់​រស់នៅ​កាលពីច្រើនឆ្នាំកន្លងទៅហើយនោះ ។ រំពេច​នោះ រឿង​របស់យុវជនម្នាក់​ដែលខ្ញុំបាន​ប្រាប់​ខ្ញុំ ខ្ញុំបាននឹកឃើញ ក្នុងគំនិតខ្ញុំ ហើយ​ជាថ្មីម្ដងទៀត ខ្ញុំ​ព្យាយាម​នឹកចាំ​ថាតើ​គាត់ជានរណា​ម្នាក់ក្នុងចំណោម​អ្នកទាំងប្រាំ​នោះ ។ តើគាត់ធ្លាប់រស់នៅក្នុង​ផ្ទះ​នោះ​ឬ ? ខ្ញុំ​មាន​ការងឿងឆ្ងល់។ ហេតុអ្វីក៏ខ្ញុំ​ពុំអាច​នឹកឃើញ ?

« ពេល​ខ្ញុំ​បានបន្ដ​ដំណើរ​ទៀត មានអ្វីមួយបាន​កើត​ឡើង--ជា​អ្វី​មួយដែល​ពិបាក​នឹង​ពន្យល់ តែ​វាជាការពិតចំពោះខ្ញុំ ។ ខ្ញុំ​ហាក់ដូចជា​បាន​ស្ដាប់ឮ​សំឡេង​មួយដែល​ថ្លែង​ថា ៖ ‹ តើ​កូនពុំ​យល់​ទេឬអី កូនប្រុស ? យើង​បានបំភ្លេច​រឿងនោះហើយ ។ ហេតុអ្វី​ក៏កូន​គួរ​ចងចាំ​រឿងនោះទៀត ?

« ខ្ញុំ​បានភ្ញាក់ស្មារតី ។ គ្មាន​ចម្លើយ​ណា​ដែល​ស្កប់ស្កល់ចំពោះ​ចម្ងល់​នោះ​ទេ ។ ខ្ញុំ​ពុំដែលមានការ​ងឿង​ឆ្ងល់​អំពី​រឿង​នោះទៀត​ទេ ។ ហើយ​ខ្ញុំបាន​ដឹង​កាន់តែ​ច្បាស់​ជាង​មុន​ថា ព្រះអម្ចាស់​បាន​សព្វព្រះទ័យ​ពេល​កូនរបស់ទ្រង់​បានត្រឡប់មក​រក​ទ្រង់វិញ ។

« អ្នកដែលជា​អ្នកគង្វាល និង​ជា​ចៀម​ដែលវង្វេង​គ្រប់គ្នា​អើយ គប្បី​កត់ចំណាំ​នូវ​រឿង​ចុង​ក្រោយ​នេះ ។ ព្រះអម្ចាស់​ពិត​ជា​មានបន្ទូលមែន ពេល​ទ្រង់​បានមានបន្ទូលថា ‹ អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះថា​បាន​អត់ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់ មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ » (គ. និង ស. ៥៨:៤២) › » ( « Come Back to the Lord, »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៧៧-៧៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៣។ « សារភាព​អំពី​អំពើបាប​ទាំងឡាយ »

អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បានពន្យល់អំពីតម្រូវការនៃការសារភាព​ថា ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« អ្នក​តែងតែ​ត្រូវការ​សារភាព​អំពើបាប​របស់​អ្នក​ដល់​ព្រះអម្ចាស់​ជានិច្ច ។ ប្រសិនបើ​វា​ជា​ការរំលង​ធ្ងន់ធ្ងរ ដូចជា​ភាពអសីលធម៌ [ ខាង​ផ្លូវ​ភេទ ] ពួកគេ​ចាំបាច់​ត្រូវ​សារភាព​ដល់​ប៊ីស្សព ឬ ប្រធាន​ស្ដេក​ម្នាក់ ។ សូម​យល់​ថា ការសារភាព​គឺ​មិន​មែន​ជា​ការប្រែចិត្ត​នោះ​ទេ ។ វា​ជា​ជំហាន​មួយ​ដ៏​សំខាន់ ប៉ុន្ដែ​វា​ម្នាក់ឯង​មិន​គ្រប់គ្រាន់​នោះ​ទេ ។ ការសារភាពជា​ផ្នែកៗ ដោយ​ការប្រាប់​ពី​កំហុសតូច​ៗ​នោះ នឹង​មិន​បាន​ជួយ​អ្នក ដោះស្រាយ​ការរំលងដែល​កាន់តែធ្ងន់ធ្ងរនោះទេ​ ។ សារសំខាន់​សម្រាប់​ការអភ័យទោស​គឺជា​ឆន្ទៈ​ដើម្បី​លាតត្រដាងប្រាប់​ដោយ​ពេញលេញ​ដល់​ព្រះអម្ចាស់ ហើយ​ដែល​ចាំបាច់បង្ហាញដល់ចៅក្រម​បព្វជិតភាព​របស់​ទ្រង់នូវរឿងទាំងអស់ដែល​អ្នកបានធ្វើ » (Finding Forgiveness »Ensignខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៧៦ ) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ភាព​ស្មោះ​អស់ពីចិត្ត និង​ភាព​ទៀងត្រង់​ទាំងស្រុងនៅ​ពេលសារភាព​អំពើបាប​របស់យើង​ថា ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« គ្មាននរណា​ម្នាក់អាច​ត្រូវបាន​អភ័យទោស​ចំពោះ​អំពើរំលង​ណាមួយទេ ទាល់តែ​មានការ​ប្រែចិត្ត ហើយមនុស្ស​ម្នាក់ពុំ​ប្រែចិត្ត​ទេ ទាល់តែ​គាត់​បានសម្រាត​ព្រលឹង​របស់គាត់ ហើយ​សារភាព​ពី​បំណង​ចិត្ត​របស់គាត់ និងភាពទន់ខ្សោយ​ទាំងឡាយ​ដោយគ្មាន​ការ​ដោះសារ ឬ​ការ​រកលេះ​នោះ » (Love versus Lust,Brigham Young University Speeches of the Year [ ថ្ងៃទី ៥ ខែ​មករា ឆ្នាំ ១៩៦៥ ], ទំព័រ ១០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៣។ ហេតុអ្វី​ក៏​អំពើបាប​មួយចំនួន​ត្រូវ​សារភាព​ចំពោះ​អ្នកដឹកនាំ​បព្វជិតភាពដែលមានសិទ្ធិអំណាចម្នាក់ ?

ក្នុងនាមជាប្រធាននៃបព្វជិតភាព​អើរ៉ុន​ក្នុង​វួដ ប៊ីស្សព ឬ​ប្រធាន​សាខា កាន់​កូនសោ​នៃ​ការ​ប្រែចិត្ត​ចំពោះ​មនុស្ស​ទាំងអស់ក្នុង​វួដ​របស់គាត់ ។ ប៊ីស្សព និងប្រធាន​សាខា ប្រើ​កូនសោ​ដូច្នេះ​ដើម្បី​កំណត់​ជំហរ​របស់​បុគ្គល​ម្នាក់​នោះ​នៅក្នុង​សាសនាចក្រ ហើយ​ជួយ​បុគ្គល​នោះ​នៅក្នុង​ដំណើរ​ការ​នៃ​ការ​ប្រែចិត្ត ។ អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ការ​បំភ្លឺ​បន្ថែម​អំពីគោលបំណង​នៃ​ការ​ប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរ​ដល់​អ្នកដឹកនាំ​បព្វជិតភាព​ដែល​មានសិទ្ធិ​អំណាច​ថា ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« អំពើរំលង​ធ្ងន់ធ្ងរ ដូចជា​អំពើ​អសីលធម៌ តម្រូវ​ឲ្យ​មានជំនួយ​មកពី​មនុស្ស​ម្នាក់​ដែល​កាន់​កូនសោ​នៃ​សិទ្ធិអំណាច ដូចជា​ប៊ីស្សព ឬ​ប្រធាន​ស្ដេក ដើម្បី​ធ្វើឲ្យដំណើរ​ការ​នៃការ​ប្រែចិត្ត​ស្ងៀមស្ងាត់ ដើម្បី​ប្រាកដ​ថា វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយត្រឹមត្រូវ​ទាំងស្រុង » (« The Power of Righteousness, »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៦៩-៧០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៣។ « សារភាព​អំពី​អំពើបាប​ទាំងឡាយ ហើយ​លះបង់ចោល​អំពើបាប​ទាំងនោះ »

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ពីអត្ថន័យ​ដើម្បី​ប្រែចិត្តពីអំពើបាប​របស់​យើង​ថា ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« ការ​លះបង់ចោល​អំពើបាប គឺបញ្ជាក់​ថា​ពុំ​ត្រឡប់​ទៅធ្វើបាប​វិញឡើយ ។ ការ​លះបង់ចោល​អំពើបាប ត្រូវការ​ពេលវេលា ។ ដើម្បីជួយយើង ជួនកាល​ព្រះអម្ចាស់ អនុញ្ញាត​ឲ្យ​យើង​នៅចាំ​កំហុស​របស់​យើង ស្ថិតនៅក្នុងការចងចាំរបស់យើង ។ វា​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​រៀនសូត្រ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់យើង ។

« នៅពេល​យើង​សារភាព​អំពើបាប​របស់​យើង​ដោយ​ស្មោះត្រង់ សា្ដរឡើងវិញ​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​ចំពោះ​អ្នកដែល​យើង​ធ្វើ​ខុស ហើយ​លះបង់​អំពើបាប​របស់​យើង​ដោយ​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នឹង​នៅក្នុង​ដំណាក់កាល​នៃ​ការទទួលបាន​ការអភ័យទោស ។ ស្របតាម​ពេលវេលា យើង​នឹង​មានអារម្មណ៍​ថា ភាព​តានតឹង​នៃ​ទុក្ខព្រួយ​យើង​បាន​ថយចុះ ដោយ​ការ ‹ ដកយក​ទោស​ចេញ​ពី​ក្នុង​ចិត្ត​យើង › [អាលម៉ា ២៤:១០] និង ការនាំ​មក​នូវ ‹ សេចក្ដីសុខសាន្ដ​ក្នុង​សតិសម្បជញ្ញៈ › ។ [ម៉ូសាយ ៤:៣] ។

« សម្រាប់​អស់​អ្នកណា​ដែល​ពិត​ជា​បាន​ប្រែចិត្ត ប៉ុន្ដែ​ហាក់ដូចជា​មិន​អាច​មាន​អារម្មណ៍​ធូរស្បើយ ៖ សូម​បន្ដ​កាន់តាម​ព្រះបញ្ញត្តិ ។ ខ្ញុំ​សូម​សន្យា​ថា អ្នក​នឹង​ទទួល​បាន​ភាពធូរស្បើយ​តាម​ពេលវេលា​របស់​ព្រះអម្ចាស់ ។ ការព្យាបាល​ក៏​ត្រូវការ​ពេលវេលា​ដែរ » [ Repent … That I May Heal You» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤២ ] ) ។