ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៩ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៤:១-១៩


មេរៀន​ទី ៦៩

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១-១៩

បុព្វកថា

នៅ​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ ១៨៣១ ព្យាការី​យ៉ូសែប ស្ម៊ីធ និងពួកអែលឌើរមួយចំនួនបានត្រឡប់ទៅ​រដ្ឋ អូហៃអូ ថ្មីៗ ពី​ការ​ធ្វើដំណើរ​របស់ពួកគាត់​ដើម្បី​ឧទ្ទិស​ឆ្លង​ទឹកដី និង​ទីតាំង​ព្រះវិហារបរិសុទ្ធ​នៅ​ស៊ីយ៉ូន ឬ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី ។ អំឡុង​ពេលការ​ធ្វើ​ដំណើរ​ទៅមករដ្ឋ មីសសួរី នោះ​មាន​ពួកអែលឌើរ​មួយចំនួន​បាន​ទាស់​គ្នា ហើយ​បាន​មានអារម្មណ៍​នៃ​ការ​ទាស់ទែងគ្នា ប៉ុន្តែ​ភាគ​ច្រើន​អាច​ផ្សះផ្សារ​គ្នា​វិញបាន ។ នៅថ្ងៃទី ១១ ខែ​កញ្ញា ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤ ។ មេរៀន​នេះ គ្របដណ្ដប់គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១-១៩ដែល​ព្រះអម្ចាស់​មានបន្ទូល​អំពី ព្រះទ័យ​របស់ទ្រង់​ដើម្បីអភ័យទោស​ដល់ពួក​អ្នកបម្រើ​របស់​ទ្រង់ ។ ទ្រង់​ក៏​បានបញ្ជា​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​អភ័យទោស​ដល់គ្នា​ទៅវិញ​ទៅមក​ផងដែរ ។

កំណត់ចំណាំមេរៀន​ទី ៧០ ផ្ដល់​នូវ​ឱកាស​មួយ​សម្រាប់​សិស្ស​ពីរនាក់​ឡើង​មក​បង្រៀន ។ បើ​អ្នក​ពុំ​ទាន់​បានធ្វើ​ដូច្នោះ​ទេ អ្នក​អាច​នឹង​ជ្រើសរើស​សិស្សពីរ​នាក់​ក្នុង​ពេលឥឡូវនេះ ហើយ​ផ្ដល់​ច្បាប់​ចម្លង​ផ្នែក​នៃ​មេរៀន​ទី ៧០ ចាត់តាំងដល់ពួកគេ ដើម្បីពួកគេ​អាច​ត្រៀម​ខ្លួន ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១-៧

ព្រះអម្ចាស់​អះអាង​នឹង​ពួក​អែលឌើរ​អំពី​ព្រះទ័យ​របស់​ទ្រង់​ដើម្បីអភ័យទោស

មុនចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

តើ​ពេលណា ដែល​អ្នកទទួល​អារម្មណ៍ឈឺចាប់​ដោយសារ​តែ​ពាក្យសម្ដី ឬ ទង្វើ​នៃ​មនុស្ស​ម្នាក់​ទៀត ?

តើ​អ្នក​ឆ្លើយ​តប​នឹង​ស្ថានភាព​នោះ​យ៉ាង​ដូចម្ដេច ?

សូម​ចាប់ផ្ដើម​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ចំពោះសំណួរទាំងឡាយ​នៅលើ​ក្ដារខៀន ។

សូម​ពន្យល់​ថានៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤ព្រះអម្ចាស់​បង្រៀន​យើង​អំពី​របៀបដើម្បី​ឆ្លើយតប​នៅពេល​អ្នកដទៃ​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ។ យ៉ូសែប ស៊្មីធ បាន​ទទួលវិវរណៈ​ដែ​លបាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤នៅថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ ១៨៣១ ប្រហែលជា​ពីរ​សប្ដាហ៍​បន្ទាប់ពី​គាត់ និង​ក្រុម​នៃ​ពួកអែលឌើរ បាន​ត្រឡប់ទៅរដ្ឋ អូហៃអូ ពីអ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី វិញ។ ពួកអែលឌើរ​ទាំងនេះ និង​សមាជិក​សាសនាចក្រ​ដទៃទៀត បាន​ជួប​នឹង​ការ​លំបាក​ដោយសារ​តែ​ការ​មិន​យល់​ស្រប និង​អារម្មណ៍​ទាស់ទែង​នៅក្នុង​ចំណោម​សមាជិក​ក្រុម​មួយចំនួន ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់ បាន​មានបន្ទូល​ថា « មាន​ពួក​អ្នក​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ដែល​បាន​ធ្វើ​បាន » (គ និង ស ៦៤:៣) ។

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១–៤ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើលឃ្លា​ដែលពិពណ៌នា​អំពី​របៀប​ដែល​ព្រះអម្ចាស់ នឹង​ឆ្លើយ​តប​ចំពោះ​អ្នកទាំងឡាយ​ដែល​បានធ្វើ​បាប ។ អ្នក​អាចឲ្យ​យោបល់​ដល់​សិស្ស​ឲ្យ​គូសចំណាំ​ឃ្លា​ដែល​ពួកគេ​បាន​ប្រាប់ ។

  • តើ​ព្រះអម្ចាស់​មានបន្ទូល​ថា​ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​សមាជិក​នៃ​សាសនាចក្រ​ដែល​បានធ្វើបាប​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ឆ្លើយ​តប​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​មាន​ក្ដីមេត្តា​ករុណា ការអភ័យទោស ហើយ​ប្រកប​ដោយព្រះគុណ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • ហេតុអ្វី​ក៏​សេចក្ដីពិត​នេះ សំខាន់ចំពោះ​សមាជិក​នៃ​សាសនាចក្រ​ដែល​បានជួប​នឹង​ការ​លំបាក ដោយសារ​តែ​ការ​មិន​យល់ស្រប និងអារម្មណ៍​តានតឹង​នោះ ? ហេតុអ្វី​សេចក្ដីពិតអំពីព្រះអង្គសង្គ្រោះ​សំខាន់ចំពោះ​អ្នកដូច្នេះ ?

សូម​ពន្យល់​ថា នៅគ្រា​នេះ សមាជិក​សាសនាចក្រ​មួយចំនួន រួមទាំង​ពួកអែលឌើរ​មួយចំនួន​ដែលបាន​ធ្វើដំណើរ​ជាមួយ​នឹង យ៉ូសែប ស៊្មីធ បាន​រិះគន់​ដល់ យ៉ូសែប ស៊្មីធ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៥-៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី ដែល​ព្រះអម្ចាស់​បានមាន​បន្ទូលអំពី យ៉ូសែបស៊្មីធ ។ ពីមុន​សិស្ស​អាន សូម​ពន្យល់​ថា ការ​ស្វែងរក​ឱកាស​ដើម្បី​ទាស់​នឹង​នរណា​ម្នាក់ បាន​បង្ហាញ​នៅក្នុង​ខ ៦គឺ​ជា​ការ​រក​កំហុស​ចំពោះ​នរណា​ម្នាក់ ។

  • តើព្រះអម្ចាស់​មានបន្ទូល​​អ្វីខ្លះអំពី​យ៉ូសែប ស្ម៊ីធ? ( យ៉ូសែប ស៊្មីធ បាន​កាន់កូនសោ​ទាំងឡាយ​នៃ​នគរ​របស់ព្រះអម្ចាស់ ហើយ​ជា​អ្នកបម្រើ​របស់ព្រះអម្ចាស់ ។ មនុស្ស​ខ្លះ​ចាំចាប់កំហុស​យ៉ូសែប ) ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៧ ដោយ​ស្ងាត់​ស្ងៀម រកមើល​អ្វី​ផ្សេងទៀត​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល អំពី​យ៉ូសែប ស្ម៊ីធ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញមក​ពីខ​នេះអំពី​យ៉ូសែប ស្ម៊ីធ ? ( យ៉ូសែប ស៊្មីធ បាន​ធ្វើ​បាប ប៉ុន្តែ​ព្រះអម្ចាស់​មាន​ឆន្ទៈ​ដើម្បីអភ័យទោស​ដល់​លោក ។ ដើម្បីជួយ​សិស្ស​យល់​វគ្គ​គម្ពីរ​នេះ អ្នកអាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា ក៏ដូច​ជា​មនុស្ស​ទាំងអស់​ដែរ យ៉ូសែប ស៊្មីធ មាន​ភាព​ទន់ខ្សោយ ហើយ​ចាំបាច់​ត្រូវ​ស្វែងរក​ការ​អភ័យទោសចំពោះ​អំពើបាប​របស់​លោក​​ពីព្រះអម្ចាស់ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ពុំ​បានប្រព្រឹត្តកំហុស ធ្វើ​អំពើបាប​ធ្ងន់ធ្ងរ​នោះទេ ) ។

  • តើ​យើង​អាច​រៀនអ្វីខ្លះចេញ​មកពី​ខគម្ពីរ​នេះ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បីទទួលបាន​ការ​អភ័យទោស​ពីព្រះអម្ចាស់ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨-១៩

ព្រះអម្ចាស់ បញ្ជា​ពួក​អ្នក​បម្រើ​ទ្រង់​ឲ្យអភ័យទោស​ដល់គ្នាទៅវិញទៅមក

បើ​អាច​ធ្វើទៅបាន សូម​បង្ហាញ​រូប​ពស់ពិស​មួយ ដែល​រស់នៅ​ក្នុង​តំបន់​របស់អ្នក ឬ​រូបភាព​នៃ​ដំបៅ​មួយដែលបណ្ដាល​មកពី​ពស់​ចឹក ។

  • បន្ថែម​ពី​លើអារម្មណ៍​ឈឺចាប់​ខាង​រាងកាយ តើ​អារម្មណ៍​អ្វីខ្លះ​ដែលអ្នក​គិត​ថា នឹងកើតមានចំពោះអ្នក បើអ្នក​ត្រូវ​បាន​ពស់ពិស​ចឹកនោះ ?

សូម​ពន្យល់​ថា មានអ្នកខ្លះ​នៅក្នុង​ស្ថានភាពនេះ អាច (១) ដេញតាម​ពស់ ហើយ​សម្លាប់​វា​ដោយកំហឹង ឬ​ភ័យខ្លាច ឬ (២) រកវិធីបន្សាបពិសចេញពី​រូបកាយ​របស់គាត់​ភ្លាមៗ​ ។

  • ទង្វើរ​ទាំងពីរ​នេះ តើ​ទង្វើ​មួយណា​ដែល​អ្នកគិត​ថា​មាន​ភាព​ឆ្លាត​វៃជាង ? ហេតុអ្វី ?

សូម​ពន្យល់​ថា ជម្រើស​របស់មនុស្សម្នាក់ បន្ទាប់ពីពស់ពិស​ចឹក អាច​ប្រៀបធៀប​នឹង​ជម្រើស​របស់​យើង នៅពេល​យើង​មានអារម្មណ៍ឈឺចាប់​ដោយ​សារ​ពាក្យសម្ដី ឬ​ទង្វើ​របស់អ្នកដទៃ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ផលវិបាក​នានា​ដែល​សិស្ស​របស់ព្រះអម្ចាស់​មួយចំនួន​បាន​ជួប ដោយ​សារតែ​ពួកគេ​បដិសេធ​ពុំ​អភ័យទោស​ដល់គ្នាទៅវិញទៅមក ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • តើ​គោលការណ៍​អ្វី​ដែល​យើង​រៀនមក​ពី ខ ៨​នេះ ?​ ( សិស្ស​អាច​នឹង​ប្រើ​ពាក្យផ្សេង ប៉ុន្តែ​ពួកគេ​គួរ​ប្រាប់​អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖នៅពេល​យើង​បដិសេធ​ពុំ​អភ័យទោស​ដល់អ្នកដទៃ នោះគឺយើងនាំទុក្ខដាក់ខ្លួនឯង​ ។ សូម​ពិចារណា​អំពីការ​អញ្ជើញសិស្ស​ឲ្យសរសេរ​គោលការណ៍​នេះជា​ពាក្យ​របស់​គេ​ផ្ទាល់​នៅក្នុង​ព្រះគម្ពីរ​របស់ពួកគេ ។

  • តើ​មនុស្ស​ម្នាក់អាច​ត្រូវ​រងទុក្ខ (ឬឈឺចាប់) ដោយការ​មិន​អភ័យទោស​ដល់អ្នកដទៃ​យ៉ាង​ដូចម្ដេច ? តើ​ការណ៍​នេះ ដូចគ្នា​នឹងលទ្ធផល​នៃ​មនុស្ស​ម្នាក់​ដែល​រត់ដេញ​តាមពស់​ដែល​ទើបចឹកគាត់​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោល​លទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៩ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ប្រាប់​អំពី​លទ្ធផល​មួយ​ទៀត​នៃ​ការ​មិនអភ័យទោស​ដល់ អ្នកដទៃ ។

  • ស្របតាម​ខ ៩តើ​លទ្ធផល​នៃ​ការ​បដិសេធ​ពុំ​អភ័យទោស​ដល់អ្នកដទៃ​មានអ្វីខ្លះ ? (បើ​យើង​ពុំ​អភ័យទោស​ដល់អ្នកដទៃ នោះ​យើង​ឈរ​ទទួលទោស​នៅចំពោះព្រះអម្ចាស់ ។ សូមសរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ) ។

ជា​ចំណែក​នៃ​ការ​ពិភាក្សា​នេះ អ្នកអាច​នឹង​ចង់សុំ​ឲ្យសិស្ស​អាន​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ​អែលឌើរ ដេវីឌ អ៊ី សូរិនសិន នៃ​ពួក​ចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អ៊ិ សូរិនសិន

« វា​អាច​នឹង​មានការ​លំបាក​ណាស់​ដើម្បីអភ័យទោស​ដល់នរណា​ម្នាក់​ចំពោះ​ការអាក្រក់​ដែលពួកគេ​បានធ្វើ​មកលើ​យើង ប៉ុន្តែ​នៅពេល​យើងអភ័យទោស នោះយើងនឹង​បើកផ្លូវឲ្យខ្លួនយើងឈាន​ទៅរក​អនាគត​កាន់តែ​ល្អប្រសើរ​មួយ ។ នោះទង្វើ​នៃ​ការ​ធ្វើ​ខុសឆ្គង​របស់​អ្នកដទៃនឹង​ឈប់ មានឥទ្ធិពលគ្រប់គ្រង​លើ​ផ្លូវនៃ​ជីវិតរបស់​យើងហើយ ។ នៅពេល​យើង​អភ័យទោស​ដល់​អ្នកដទៃ វា​រំដោះ​យើង​ឲ្យ​មាន​សេរីភាព ដើម្បី​ជ្រើសរើស​ថា​តើ​យើង​នឹង​រស់នៅ​ក្នុងជីវិត​របស់​យើង​តាម​របៀប​ណា ។ ការអភ័យទោស​មានន័យថា បញ្ហា​កាល​ពី​អតីតកាល ឈប់​សម្រេច​ជោគវាស​នា​របស់​យើង​ទៀត​ហើយ ហើយ​យើង​អាច​ផ្ដោត​ទៅលើ​អនាគត​កាល​ដោយ​ក្ដីស្រឡាញ់​របស់ព្រះ​នៅក្នុង​ដួងចិត្ត​របស់​យើង » (​« Forgiveness Will Change Bitterness to Love » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។

ដើម្បីជួយ​សិស្ស​ប្រាប់ ឬ​អនុវត្ត​បទបញ្ញត្តិ​របស់ព្រះអម្ចាស់​ដើម្បីអភ័យទោស​ដល់មនុស្សទាំងអស់ សូមអាននូវ​ឧទាហរណ៍ដូច​ខាង​ក្រោម ហើយ​សួរ​សំណួរ​ដូច​តទៅ ៖

  1. យុវនារីម្នាក់​ត្រូវ​បាន​ឈឺចាប់ ហើយ​មានការខ្មាស់អៀនពេលដែលបានដឹងថាមិត្តរបស់នាងបាន​និយាយ​ដើមនាងតៗគ្នា ។ ក្រោយមក មិត្តមួយចំនួន​បានមក​សុំទោស ប៉ុន្តែ​អ្នកដទៃទៀត​ពុំ​បានមក​ទេ ។ យុវនារី​នោះបានអភ័យទោសដល់​អ្នកដែលមក​សុំទោស ប៉ុន្តែ​បាន​គុំគួន​នឹង​អ្នក​ផ្សេងទៀត ។

    សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១០-១១ ឲ្យឮៗ ។ សូម​ឲ្យពួកគេ​គិត​អំពី​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​ទាក់ទង​នឹង​ឧទាហរណ៍​ដែលអ្នកបាន​អាន ។

    • តើ​បទបញ្ញត្តិ​អ្វី​ដែល​ព្រះអម្ចាស់បានប្រទាន​ឲ្យ​នៅក្នុង​ខ ១០ ? ( សូម​ជួយ​សិស្ស​ស្គាល់​បទបញ្ញត្តិ​ដូច​ខាង​ក្រោម ៖ព្រះអម្ចាស់បញ្ជា​យើង​ឲ្យ​អភ័យទោស​ដល់មនុស្ស​ទាំងអស់ )

    • តើ​បទបញ្ញត្តិ​នេះ​ទាក់ទង​នឹង​យុវនារី​នៅក្នុងឧទាហរណ៍​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​ក៏អ្នកគិត​ថា​វា​សំខាន់​ដើម្បីអភ័យទោស​មនុស្ស​ទាំងអស់ មិន​ថា​ពួកគេ​មក​សុំទោស​ចំពោះ​កំហុស​របស់ពួកគេ​ឬ​អត់នោះ ?

  2. យុវជន​ម្នាក់ ពុំគោរព​បទបញ្ញតិ​មួយ ។ គាត់បាន​អធិស្ឋាន​សូម​ការ​អភ័យទោស ហើយ​ពិភាក្សា​បញ្ហា​ជាមួយនឹង​ប៊ីស្សព​របស់គាត់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់ពី​ប៊ីស្សព​បាន​អះអាង​នឹង​យុវជន​នោះថា គាត់​បាន​ប្រែចិត្ត​ពេញលេញ ក៏​យុវជន​នោះ​នៅ​បន្ដ​មានអារម្មណ៍​មិនសក្ដិសម​ដោយសារ​តែ​អំពើបាប​ពី​អតីតកាល​របស់គាត់ ។

    • តើ​បទបញ្ញត្តិ​នៃការអភ័យទោស​ដល់មនុស្ស​ទាំងអស់​ទាក់ទង​នឹង​យុវជន​ក្នុងឧទាហរណ៍​នេះ​យ៉ាងដូចម្ដេច? ហេតុអ្វី​ក៏​យើង​ត្រូវ​អភ័យទោស​ឲ្យ​ខ្លួនឯង ?

  3. យុវនារី​ម្នាក់ មានអារម្មណ៍​សោក​សៅ ហើយ​មានការ​ច្របូក​ច្របល់ ដោយសារ​តែ​ទង្វើ​របស់​ឪពុក​នាង ។ គាត់​បាន​បោះបង់​គ្រួសារចោល ។ ពីមុនគាត់​ចាកចេញ គាត់​កម្រ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់ក្រុម​គ្រួសារ ឬ​មានចរិក​ឃោរឃៅ​ជាញឹកញាប់ ។ នាងពុំ​យល់​ថា ហេតុអ្វី​ក៏​ឪពុក​នាង​មានទង្វើ​របែប​នេះ ហើយ​នាង​មានអារម្មណ៍​ខឹង​ដល់គាត់ ។ នាង​បាន​ដឹង​ថា នាង​គួរ​ស្វែង​រក​ការ​អភ័យទោសឲ្យ​ឪពុក នាង ប៉ុន្តែនាងគិត​ថា នាងមិនអាច​ធ្វើបាន​ទេ ។

    • តើ​ការ​ទូន្មាន​របស់ព្រះអម្ចាស់នៅក្នុងខ ១១អាច​ជួយ​យុវនារី​នេះ​ឲ្យអភ័យទោស​ដល់​ឪពុក​របស់នាង​យ៉ាង​ដូចម្ដេច ? តើ​វា​ជួយ​យើង​ឲ្យ​ទុក​ការ​ជំនុំជម្រះ​ដល់អ្នកទាំងឡាយ​ដែល​ធ្វើឲ្យ​យើង​ឈឺចាប់ទៅលើ​ព្រះយ៉ាងដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ពិចារណា​ថា​តើ​មាននរណា​ម្នាក់​ដែល​ពួកគេចាំបាច់​ត្រូវ​អភ័យទោស​ឲ្យ ។ ដោយ​ទទួលស្គាល់ថា ជួនកាល​វា​មានការ​លំបាក​ណាស់​ដើម្បីអភ័យ​ទោស​ដល់នរណា​ម្នាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​អ្វីដែល​ពួកគេ​អាច​ធ្វើ បើ​ពួកគេ​កំពុង​មានការ​លំបាក​ក្នុង​អភ័យ​ទោស​ដល់នរណា​ម្នាក់ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ខ្ញុំ​សូម​អង្វរ​អ្នក​ឲ្យ​ទូល​សុំ​កម្លាំង​មកពីព្រះអម្ចាស់​ដើម្បី​អភ័យទោស ។… វាប្រហែជាពុំងាយ​ស្រួល​ទេ ហើយ​វា​អាច​នឹង​ប្រហែលជាពុំកើត​មាន​យ៉ាង​ឆាប់រហ័សផងដែរ ។ ប៉ុន្តែ បើ​អ្នក​នឹង​ស្វែងរក​វា​ដោយ​ចិត្ត​ស្មោះសរ ហើយ​បណ្ដុះ​វាឡើង នោះ​វា​នឹង​កើត​មាន​ឡើង » (« Of You It Is Required to Forgive »​Ensignខែ មិថុនា ឆ្នាំ ១៩៩១ ទំព័រ ៥ ) ។

  • តើ​ប្រធាន ហ៊ិងគ្លី បាន​ប្រឹក្សា​ដល់យើងឲ្យ​ធ្វើ​អ្វីខ្លះ បើ​យើង​កំពុង​ពុះ​ពារ​ក្នុង​ការ​អភ័យ​ទោស​ដល់នរណា​ម្នាក់នោះ ? តើ​អ្នក​គិត​ថាការអធិស្ឋាន​សុំ​កម្លាំង​អាច​ជួយ​យើងឲ្យ​អភ័យទោស​បាន​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១២-១៤ដោយការ​ពន្យល់ថា ព្រះអម្ចាស់​បានបង្រៀន​ថា ជម្រើស​របស់​យើង​ដើម្បីអភ័យទោស​ដល់អ្នកដទៃ ពុំរំ​ដោះ​ពួកគេ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ពួកគេ​នោះទេ ។ ពួកគេ​នៅ​តែ​ទទួល​ខុសត្រូវ​ចំពោះព្រះអម្ចាស់​ចំពោះ​កំហុស​ដែលពួកគេ​បានធ្វើ ។ នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១៥-១៧យើង​មើល​ឃើញ​ថា ព្រះអម្ចាស់​បានអភ័យទោស​ដល់ពួកអ្នកបម្រើ​របស់ទ្រង់​ពីរ​នាក់​យ៉ាងជាក់ គឺ អ៊ីសាក មួលី និង អែតវឹត ប៉ាទ្រិច ដោយសារ​ពួកគេ​បាន​ប្រែចិត្តពីបាប​របស់ពួកគេ ។

សូម​ដាក់​តាំង​រូប​ភាព​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ចង្អុល​បង្ហាញ​ទៅ​សេចក្ដីពិត​ទីមួយ​ដែលអ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន នៅពីមុន​មេរៀនថា ៖ព្រះអម្ចាស់​មាន​ក្ដីមេត្តាករុណា ការ​អភ័យទោស និង​ប្រកប​ដោយ​ព្រះគុណ ។ សូម​ថ្លែងទីបន្ទាល់ថា នៅពេល​យើងអភ័យទោស នោះ​យើង​កាន់តែ​ប្រែក្លាយដូចជា​ព្រះអង្គសង្គ្រោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​តាម​គោលការណ៍​នៃ​ការ​អភ័យទោស​ដែលពួកគេ​បាន​រៀន​នៅថ្ងៃ​នេះ ។ សូម​ផ្ដល់​ពេល​ដល់ពួកគេ​ឲ្យ​សរសេរ​អ្វី​ដែលពួកគេ​នឹង​ធ្វើ​ដើម្បីអនុវត្ត​សេចក្ដីពិត​ទាំងនេះ ហើយ​កត់ត្រា​ចំណាប់អារម្មណ៍​នានា ដែលពួកគេ​បានទទួល ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨។ យើង​នាំ​ទុក្ខដាក់ខ្លួន នៅពេល​យើង​ពុំអភ័យទោស​ឲ្យអ្នកដទៃ

អែលឌើរ ដេវីឌ អ៊ី សូរិនសិន នៃ​ពួក​ចិតសិប​នាក់ បានប្រាប់អំពី​បុរស​ពីរនាក់​ដែលបំផ្លាញ​ខ្លួនពួកគេ និងអ្នកដទៃទៀត​ជាច្រើន ដោយសារ​តែការ​ពុំ​ព្រមអភ័យ​ទោស​របស់ពួកគេ ៖

រូបភាព
អែលឌើរ ដេវីឌ អ៊ិ សូរិនសិន

« ខ្ញុំ​បានធំឡើង​នៅក្នុងទីជនបទ​តូច​មួយ ដែល​ទឹក​គឺជា​វត្ថុ​ទ្រទ្រង់ជីវិត​សហគមន៍​ដ៏ខ្លាំង​បំផុត ។ ខ្ញុំចាំ​ថា មនុស្ស​ក្នុងសង្គម​របស់យើងតែងតែ​ទន្ទឹងចាំ បារម្ភ និង​អធិស្ឋាន​សុំទឹកភ្លៀង ទទួលសិទ្ធិ​បញ្ចូលទឹក និង​ទឹក​ប្រើប្រាស់​ទូទៅ​ជា​ប្រចាំ ។

« នៅក្រោម​អាកាសធាតុអាប់អួរ និងតានតឹង ពេល​ខ្លះ​មនុស្ស​ពុំ​ធ្វើ​ខ្លួន​ល្អ​ជានិច្ច​នោះទេ ។ ជួនកាល អ្នកជិត​ខាង​នឹង​ឈ្លោះ​គ្នា​ដោយ​សារ​កសិករ​ម្នាក់​ចំណាយពេល​យូរពេក​ក្នុងការបើក​ប្រឡាយ​ធារា​សាស្រ្ត ។ នោះជា​របៀប​ដែល​វា​បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​បុរស​ពីរនាក់ ដែល​រស់នៅ​ជិត​នឹងភូមិមួយលើ​ភ្នំ​របស់​យើង ដែល​ខ្ញុំ​នឹង​ហៅ​គាត់ថា ឆិត និង វ៉ល ។ អ្នកជិត​ខាង​ពីរ​នាក់នេះ បាន​ចាប់​ផ្ដើម​ឈ្លោះ​គ្នា​ដោយសារទឹក​ហូរមកពីប្រឡាយធារាសាស្រ្ត ដែលពួកគេ​បាន​ចែកគ្នា ។ ដំបូង​ឡើយ​វា​ជា​រឿងដែល​អចេតនាទេ ប៉ុន្តែ​យូរឆ្នាំទៅ បុរស​ទាំងពីរ​នាក់នេះ អនុញ្ញាត​ឲ្យ​ភាពមិនចុះសម្រុង​នេះ​ក្លាយទៅ​ជា​រឿង​អាក់អន់ចិត្ត រួច​ហើយ​ទាស់ទែងគ្នា--រហូតឈាន​ដល់ការ​គំរាមគំហែង​ចំពោះគ្នា ។

« នៅព្រឹក​ខែ​កក្កដា​មួយ បុរស​ទាំងពីរ​នាក់ បាន​ដឹងថា ពួកគេ​ខ្វះទឹក​ទៀត​ហើយ ។ ម្នាក់ៗ​បាន​ទៅ​ប្រឡាយទឹក​ដើម្បី​មើល​ថា​មានអ្វី​កើតឡើង ដោយម្នាក់ៗ​គិត​ក្នុង​គំនិត​ផ្ទាល់ខ្លួនថា ម្នាក់ទៀត​បានលួច​ទឹក​របស់ខ្លួន ។ ពួកគេ​បាន​ទៅ​ដល់ប្រភពទឹក​ដំណាលគ្នា ។ បាន​ប្រើពាក្យខឹងសំបា​ដាក់គ្នា រួច​ហើយ​បាន​វាយតប់គ្នា ។ វ៉ល ជាមនុស្ស​មាន​មានឌធំ​ខ្លាំង ។ ឆិត មានមាឌតូច ស្គម ហើយមានៈ ។ នៅក្នុង​ការ​វាយតប់គ្នានោះ បុរសទាំងពីរ​នោះបាន​ប្រើ​ប៉ែល​ដែលពួកគេ​កាន់មក​ជាមួយ​ធ្វើជា​អាវុធ ។ វ៉ល​បាន​វៃត្រូវ​ភ្នែក​របស់ ឆិត ម្ខាងនឹង​ប៉ែល​នោះ ដោយ​ធ្វើ​ឲ្យ​គាត់​ខ្វាក់ភ្នែក ។

« អស់​រយៈ​ពេល​ជាច្រើនខែ ច្រើន​ឆ្នាំ​បាន​កន្លង​ផុតទៅ តែ ឆិត នៅតែពុំអាច​បំភ្លេច និង​ពុំ​អាច​អភ័យទោស​ឲ្យ​បាន ។ កំហឹង​ដែល​គាត់​មាន​ដោយសារ​តែ​ការ​បាត់បង់​កែវភ្នែករបស់គាត់ បាន​ដុត​រោល​ក្នុង​ខ្លួនគាត់ ហើយ​ការ​ស្អប់របស់​គាត់​បាន​កើន​ឡើងយ៉ាង​ខ្លាំង ។ នៅថ្ងៃ​មួយ ឆិត បានទៅ​ជង្រុក​របស់គាត់ ដក​យក​កាំភ្លើង​ចេញមក ហើយ​បាន​ឡើងជិះសេះ​គាត់ចេញទៅ ហើយបានទៅដល់ប្រភពទឹក​នៅ​ប្រឡាយនោះ ។​ គាត់​បានធ្វើទំនប់ទឹក ហើយបាន​បង្វែរ​ទឹកឲ្យ​ហូរ​ចេញពី​ស្រែ​របស់​វ៉ល ដោយ​ដឹង​ថា វ៉ល នឹង​មក​មើល​ថា​មានអ្វី​កើត​ឡើង​ជា​មិន​ខាន ។ បន្ទាប់​មក ឆិត បាន​រំអិល​ខ្លួន​ទៅ​ពួន​ចាំ​នៅ​គុម្ពោធ​ព្រៃ ។ នៅពេល វ៉ល បាន​លេច​ខ្លួន​ចេញ​មក ឆិត បាន​បាញ់​សម្លាប់គាត់​តែម្តង ។ រួច​គាត់​ឡើងជិះ​លើ​សេះ​របស់គាត់​ត្រឡប់​ទៅផ្ទះវិញ ហើយ​បាន​ទូរសព្ទហៅមន្ត្រី​ក្នុង​មូលដ្ឋាន​ប្រាប់​ថា គាត់​ទើប​តែ​បាញ់​សម្លាប់ វ៉ល ។

« ឪពុក​របស់ខ្ញុំ​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​ជាក្រុមប្រឹក្សា​តុលាការ កាត់ទោស ឆិត ជា​ឃាតករ ។ ឪពុក​ខ្ញុំ​ពុំ​ធ្វើ​ទេ ព្រោះ​គាត់​គឺ​ជា​មិត្តជិតស្និត​របស់​បុរស​ទាំងពីរ​នាក់នេះ និង​ក្រុមគ្រួសារ​របស់ពួកគេ ។ ឆិត ត្រូវបាន​កាត់ទោស ហើយ​ផ្ដន្ទាទោស​ថាជា​ឃាតករ ហើយ​កាត់ទោស​ឲ្យជាប់​គុគ​អស់​មួយជីវិត ។

« អស់ជាច្រើនឆ្នាំ​ក្រោយមក ភរិយា​របស់ ឆិត បាន​មក​ជួប​ឪពុក​របស់ខ្ញុំ ហើយ​បាន​សុំ​បើ​សិន​ជា​គាត់​អាច​ចុះហត្ថលេខា​លើ​ញត្តិ​សំណើរ​មួយទៅកាន់​អភិបាល ដោយសុំក្ដី​មេត្តា​ដល់​ប្ដី​របស់នាង ដែល​ឥឡូវ​មានជំងឺ បន្ទាប់ពីជាប់ក្នុងពន្ធធនាគារ​អស់ជាច្រើនឆ្នាំ ។ ឪពុក​ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​ញត្តិ​សំណើរ ។ ប៉ុន្មាន​យប់ក្រោយមក កូនប្រុស​ពីរនាក់​របស់ វ៉ល​បាន​មក​ដល់​ផ្ទះ​របស់យើង ។ ពួកគេបាន​ខឹង និង​អន់ចិត្ត​នឹង​ឪពុក​ខ្ញុំ​យ៉ាង​ខ្លាំង ។ ពួកគេ​បាន​និយាយ​ថា ដោយសារ​តែ​ឪពុក​របស់ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​ញត្តិ​សំណើរនោះ ទើ​ប​មានអ្នកដទៃទៀត​ជា​ច្រើន​បាន​ចុះហត្ថលេខាដែរ ។ ពួកគេ​បាន​សុំ​ឲ្យ​ឪពុក​របស់ខ្ញុំ​ដក​ឈ្មោះ​គាត់​ចេញពីញាតិសំណើរនោះ ។ គាត់​បាន​និយាយ​បដិសេធ ។ គាត់​បានដឹង​ថា ឆិត បានខូចចិត្ត និង ធ្លាក់ខ្លួន​ឈឺ ។ គាត់បាន​រងទុក្ខ អស់ជាច្រើនឆ្នាំ​នៅក្នុងគុកចំពោះ​បទ​ឧក្រិដ្ឋ​នោះ ។ គាត់​ចង់​មើលឃើញ ឆិត មានពិធីបុណ្យសព​ល្អ​មួយ ហើយ​បាន​បញ្ចុះ​នៅ​ជិត​នឹង​គ្រួសារ​គាត់ ។

« កូនប្រុស​របស់ វ៉ល បាន​ខ្មួល​ខ្មាញ់​នៅក្នុង​កំហឹង ហើយ​និយាយ​ថា ‹ បើ​គាត់​ត្រូវ​គេ​ដោះលែង​ចេញពីគុក នោះ​យើង​នឹង​មើល​ឃើញ​នូវអន្ដរាយ​កើតមាន​ដល់គាត់ និង​គ្រួសារ​គាត់ហើយ › ។

« ទីបំផុត​ ឆិត ត្រូវ​បាន​ដោះលែង ហើយ​អនុញ្ញាត​ឲ្យ​មក​ផ្ទះវិញ​ដើម្បី​ស្លាប់​ជាមួយ​គ្រួសារ​គាត់ ។ ជា​សំណាងល្អ វា​ពុំ​កើតមាន​នូវ​អំពើហឹង្សា​អ្វី​ទៀត​ទេ​រវាង​គ្រួសារ​ទាំងពីរឡើយ ។ ជារឿយៗ ឪពុក​ខ្ញុំ​សោកសៅ​ចំពោះ​សោនាដកម្ម​ដែល ឆិត និង វ៉ល បានមាន ដែល​ជាអ្នកជិតខាង​ទាំងពីរ​នេះ និង​ជា​មិត្ត​កាលពី​ក្មេងៗ បាន​ធ្លាក់​ខ្លួន​ជាប់ជា​ឈ្លើយ​នៃ​កំហឹង​របស់​ពួកគេ ហើយ​ទុក​ឲ្យ​វា​បំផ្លាញ​ជីវិត​របស់ពួកគេ ។ តើ​វា​ជាសោកនាដកម្ម​ប៉ុណ្ណា ពេល​ដែលកំហឹ​ងក្នុង​គ្រា​នោះ បានធ្វើ​ឲ្យ​មានការជ្រុលជ្រួស​បាន--ទីបំផុត​បាន​យកជីវិត​របស់បុរស​ទាំងពីរ-- ជាការសាមញ្ញ ដោយសារ​តែ​បុរស​ទាំងពីរ​ពុំអាច​អភ័យទោស​ដល់គ្នា​ទៅវិញទៅមក​ដោយ​សារតែ​ការ​ចែកទឹកគ្នា​ចេញ​ពី​ធារាសាស្រ្ត ។…

« …នៅពេល​នរណា​ម្នាក់​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ ឬធ្វើ​ឲ្យ​អ្នកទាំងឡាយ​ដែល​យើងស្រឡាញ់ឈឺចាប់ នោះ​ការ​ឈឺចាប់​នោះ​អាច​នឹង​គ្រប​ដណ្ដប់​លើ​យើងយ៉ាងធ្ងន់ធ្ងរ ។ វា​អាច​មានអារម្មណ៍​ដូចជា ការ​ឈឺចាប់ ឬ​សេចក្តី​អយុត្តិធម៌​នោះ វា​សំខាន់​បំផុត​នៅក្នុងពិភពលោកនេះ ហើយ​ថា​យើង​គ្មាន​ជម្រើស ក្រៅពីការ​សង​សឹក ។ ប៉ុន្ដែ​ព្រះគ្រីស្ទ ដែលជា​ស្ដេច​នៃ​មេត្រីភាព បង្រៀន​យើង​នូវ​របៀប​មួយ​ដែល​ល្អ​ប្រសើរ​ជាង ។ វា​អាច​ជារឿងដ៏លំបាក​មួយ​ដើម្បី​អភ័យទោស​ដល់នរណា​ម្នាក់ ចំពោះ​ការ​បំផ្លាញ​ដែល​ពួកគេ​បានធ្វើ​មកលើ​យើង ប៉ុន្តែ​នៅពេល​យើងអភ័យ​ទោស នោះយើង​ផ្តល់ឱកាស​ឲ្យខ្លួនយើង​ឈានទៅរក​អនាគតកាល​កាន់តែ​ល្អប្រសើរ​មួយ ។ ទង្វើ​នៃ​ការ​ធ្វើ​ខុសឆ្គង​របស់​អ្នកដទៃនោះ នឹង​ឈប់​មកគ្រប់គ្រង​លើ​ផ្លូវ​ជីវិត​យើងទៀតឡើយ ។ នៅពេល​យើង​អភ័យទោស​ដល់​អ្នកដទៃ វា​រំដោះ​យើង​ឲ្យ​មាន​សេរីភាព ដើម្បី​ជ្រើសរើស​ថា​តើ​យើង​នឹង​រស់នៅ​ក្នុងជីវិត​របស់​យើង​តាម​របៀប​ណា ។ ការអភ័យទោស​មានន័យថា បញ្ហា​កាល​ពីអតីត​កាល ឈប់​សម្រេច​ជោគវាសនា​របស់​យើង​ទៀត​ហើយ ហើយ​យើង​អាច​ផ្ដោត​ទៅលើ​អនាគត​ដោយ​ក្ដីស្រឡាញ់​របស់ព្រះនៅក្នុងដួងចិត្ត​របស់យើង » (Forgiveness Will Change Bitterness to Love, »Ensignខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១០-១១, ១២ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១២-១៤។ « នោះ​អ្នករាល់គ្នា​ត្រូវ​យក [ គាត់ ] មក​ចំពោះ​សាសនាចក្រ​ចុះ »

ការ​បង្រៀន​របស់ព្រះអម្ចាស់​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១២-១៤បង្ហាញ​ថា ការអភ័យទោស​ឲ្យអ្នកដទៃរបស់យើង ពុំរំដោះពួកគេពីលទ្ធផលនៃទង្វើររបស់ពួកគេ ។ អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« បើអ្នកជា​ជនរងគ្រោះ​ស្លូតត្រង់ ដែល​ត្រូវ​គេ​ធ្វើខុស​មក​លើ​យ៉ាង​ធ្ងន់ធ្ងរ​នោះ សូម​កុំ​ទុក​អារម្មណ៍​ស្អប់​ក្នុងខ្លួន ខឹង​នឹង​អ្វី​ដែល​បាន​ធ្វើ​មកដោយអយុត្តិធម៌​នោះ​ឡើយ ។ សូម​អភ័យទោស​ដល់អ្នកដែល​ធ្វើខុសនោះ ទោះ​ជា​អ្នក​មិន​បាន​ធ្វើ​អ្វី​ខុស​ក្តី ។ ដើម្បី​ធ្វើដូច្នោះ​បាន អាច​នឹង​តម្រូវ​ឲ្យ​មាន​ការ​ខិតខំយ៉ាង​ខ្លាំង​នៅ​ផ្នែក​របស់អ្នក ។ ការ​អភ័យ​ទោស​ដូច្នោះ​គឺ​ពិបាក​បំផុត ប៉ុន្តែ​វា​ជា​ផ្លូវ​ពិត​ទៅ​រក​ភាព​សុខសាន្ដ និង​ការ​ព្យាបាល ។ បើ​មាន​ការណ៏ណាមួយទាស់​នឹង​អ្នកចំពោះ​ការ​រំលង​ដ៏ធ្ងន់ធ្ងរ​មួយ សូម​ទុក​ឲ្យ​សាសនាចក្រ និង​អជ្ញាធរ​ស៊ីវិលជា​អ្នក​ធ្វើការ​ចុះ ។​ សូម​កុំ​ដាក់បន្ទុក​ជីវិត​របស់អ្នក​ដោយគំនិត​សងសឹក​ឡើយ ។ ដំណើរ​ការ​នៃ​សេចក្ដីយុត្តិធម៌របស់ព្រះអម្ចាស់​មានជា​សន្សឹមៗ តែ​វា​មានប្រសិទ្ធភាព​ណាស់ ។ នៅក្នុងផែនការ​របស់ព្រះអម្ចាស់ គ្មាននរណា​ម្នាក់​នឹង​ចៀសផុត​ពី​លទ្ធផល​នៃ​ការ​ល្មើស​ច្បាប់​របស់ទ្រង់​ដោយ​ពុំ​បាន​ដោះស្រាយនោះឡើយ ។ តាមពេលវេលា និង​របៀប​បង់ថ្លៃ​ពេញលេញ​របស់​ទ្រង់ នឹង​តម្រូវ​ឲ្យ​មាន​ចំពោះ​ទង្វើ​អាក្រក់​ដែលពុំ​ប្រែចិត្ត​នោះ » (« Peace of Conscience and Peace of Mind, »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ១៦-១៧ ។

អែលឌើរ ដេវីឌ អ៊ី សូរិនសិន នៃ​ពួក​ចិតសិប​នាក់​បានពន្យល់​ដោយសាមញ្ញថា ៖

រូបភាព
អែលឌើរ ដេវីឌ អ៊ិ សូរិនសិន

« ខ្ញុំ​ចង់​ប្រាប់ឲ្យ​ច្បាស់​ថា ការ​អភ័យទោសពី​អំពើបាប ពុំ​គួរ​ត្រូវ​ច្រឡំ​ជាមួយនឹង​ការ​អត់ទ្រាំ​នឹង​សេចក្ដីអាក្រក់នោះទេ ។ តាមពិត នៅក្នុង​ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បាន​មានបន្ទូល​ថា ‹ ជំនុំជម្រះ​តាម​សេចក្តី​សុចរិត​ › ។ [ ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:១ ( នៅក្នុងម៉ាថាយ ៧:១, footnote] ។ព្រះអង្គ​សង្គ្រោះបាន​សុំ​ឲ្យ​យើង​លះបង់ ហើយ​តយុទ្ធ​នឹង​សេចក្ដីអាក្រក់​គ្រប់ទម្រង់ ហើយ​ទោះ​ជា​យើង​ត្រូវ​អភ័យទោស​នឹង​អ្នកជិត​ខាង​ដែល​ធ្វើ​ឲ្យ​យើង​រងគ្រោះ​ក្ដី ក៏​យើង​គួរ​តែធ្វើការការ​ពារជាប្រយោជន៍​កុំ​ឲ្យ​ការ​រងគ្រោះ​នោះ​កើត​មាន​សារ​ជា​ថ្មីទៀត ។ ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​គេ​រំលោភបំពាន ពុំ​គួរ​ព្យាយាម​សងសឹកវិញឡើយ ទាំង​ពុំ​គួរ​មាន​អារម្មណ៍ថា គាត់​ពុំអាច​ធ្វើ​ការ​ការ​ពារ​កុំ​ឲ្យ​មាន​ការ​រំលោភបំពាន​នោះ​ដែរ ។ អ្នកជំនួញ ដែល​បាន​ប្រព្រឹត្ត​ដោយពុំ​យុត្តិធម៌​នៅក្នុង​ដំណើរ​ការ​អាជីវកម្ម ពុំ​គួរស្អប់​មនុស្ស​ដែលពុំ​ស្មោះត្រង់​ទេ ប៉ុន្តែ​អាច​នឹង​ប្រើ​នូវ​ជំហាន​ត្រឹមត្រូវ ដើម្បី​កែ​កំហុស​វិញ ។ ការអភ័យទោស​ពុំ​តម្រូវ​ឲ្យ​យើង​ទទួល​យក ឬ​អត់​ឱន​ឲ្យ​សេចក្ដីអាក្រក់ឡើយ ។ វា​ពុំ​តម្រូវ​ឲ្យ​យើង​ពុំ​អើពើ​ដឹង​នូវភាព​ខុសឆ្គង​ដែល​យើង​មើល​ឃើញ​នៅក្នុង​ពិភពលោ​កជុំ​វិញ​យើង ឬ​នៅក្នុង​ជីវិត​ផ្ទាល់​ខ្លួន​យើង​ឡើយ ។ ប៉ុន្តែ​នៅពេល​យើង​តយុទ្ធ​ទាស់​នឹង​អំពើបាប យើង​មិនត្រូវ​អនុញ្ញាត​ឲ្យ​ការ​ស្អប់ ឬ​កំហឹង​គ្រប់គ្រង​លើ​គំនិត ឬ​សកម្មភាព​របស់​យើង​ឡើយ » (Forgiveness Will Change Bitterness to Love» Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។