ថ្នាក់​សិក្ខាសាលា
មេរៀនទី ៨០ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:៥០-៨០


មេរៀន​ទី ៨០

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០-៨០

បុព្វកថា

ខណៈពេល​កំពុង​តែ​ធ្វើ​ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប នៅ​ថ្ងៃទី ១៦ ខែ​កុម្ភៈឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បាន​ធ្វើការ​ផ្លាស់​ប្ដូ​រ​ដ៏​បំផុសគំនិត​ចំពោះយ៉ូហាន ៥:២៩ស្ដីអំពី​ការ​រស់ឡើងវិញ​នៃ​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត ។ បន្ទាប់ពី​មើលឃើញ​ការនិមិត្ត​អំពី​សិរីល្អ​នៃ​ព្រះបិតា និងព្រះរាជបុត្រា ការធ្លាក់​របស់​លូស៊ីហ្វើរ និង​ពួក​កូន​អន្ដរធាន នោះ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ត្រូវ​បាន​បង្ហាញ​ការនិមិត្ត​អំពី​អ្នកទាំងឡាយ​ដែលនឹង​មានចំណែក​ក្នុងការ​រស់ឡើង​វិញ​នៃ​មនុស្សសុចរិត ៖ ជា​ប្រជាជន​នៃ​នគរ​សេឡេស្ទាល និង​ទេរេស្ទ្រាល ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០-៧០

ព្រះអម្ចាស់​បើក​សម្ដែង​អំពី​តម្រូវការ​នានា និងពរជ័យ​ទាំងឡាយ​នៃការ​ទទួល​បាន​ការ​លើក​តម្កើង​នៅក្នុង​នគរ​សេឡេស្ទាល 

សូម​យក​នំប៉័ង​មួយចំណិត​មក​ថ្នាក់រៀន និង​គ្រឿង​ផ្សំ​សម្រាប់​ធ្វើនំប៉័ង ។ ( ឬ​អ្នកអាច​ប្រើ​ប្រភេទ​នៃផលិតផល​ដុត​នំ​ផ្សេង​ទៀត ដែល​តម្រូវ​ឲ្យ​មាន​គ្រឿង​ផ្សំច្រើន ) ។ សូម​សរសេររូបមន្ដ​សម្រាប់ធ្វើ​នំប៉័ងនៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ប្រាប់​អំពីគ្រឿង​ផ្សំ​សម្រាប់​ធ្វើ​នំប៉័ង ហើយ​បង្ហាញវត្ថុ​ទាំង​នោះ នៅពេល​សិស្ស​និយាយ​ពី​វា ។ ( បើ​អ្នក​ពុំ​មានគ្រឿង​ផ្សំ​ច្រើនទេ អ្នកអាច​សរសេរ​វា​នៅលើ​ក្ដារខៀន នៅពេល​ពួក​គេ​ប្រាប់ ) ។ សូម​ប្រាប់​សិស្ស​ថា ដំណើរ​ការ​នៃ ការ​ធ្វើនំប៉័ង អាច​ជួយ​ពួកគេ​យល់​អំពី​សេចក្ដីពិត​ដែល​នឹង​ប្រាប់ពួកគេ​នៅក្នុង​ការ​សិក្សា​របស់​ពួកគេ​អំពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥០-៨០

សូម​ជួយ​សិស្ស​មើល​បរិបទ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦ដោយ​ការ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានធ្វើ​អ្វីខ្លះ ពីមុន​ការ​ទទួល​បាន​ការ​និមិត្ត ដែលបាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦? ( ការ​បកប្រែ និងការ​ពិចារណាយ៉ូហាន ៥:២៩។ បើ​សិស្ស​ត្រូវការ​ជំនួយ​ដើម្បីចងចាំ​បរិបទ​នេះ សូមអញ្ជើញ​ពួកគេ​ឲ្យ​មើល​ត្រួសៗ​នូវ​ប្រយោគ​ចុង​ក្រោយចង្អស់​នៃ​សេចក្ដីណែនាំ​ដល់កណ្ឌ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានយ៉ូហាន ៥:២៩ឲ្យ​ឮៗ ។ សូម​ពន្យល់​ថា យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន កំពុងពិចារណា​អំពីការ​ពិពណ៌​នា​របស់​យ៉ូហាន អំពី​ការ​រស់ឡើងវិញ​នៃ​អ្នកទាំងឡាយ​ដែលបាន​ធ្វើល្អ និង​ការ​រស់ឡើងវិញ​នៃ​អ្នកទាំងឡាយ​ដែល​ធ្វើ​អាក្រក់ នៅពេលពួក​លោក​បាន​ទទួល​ការ​និមិត្ត ដែល​បានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​នូវ​អ្វី​ដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ត្រូវ​បាន​បើកបង្ហាញ បន្ទាប់ពី​ការ​និមិត្ត​អំពី​ពួក​កូន​អន្ដរធាន ។ ( អ្នកអាច​នឹង​ចង់​ពន្យល់​ថា នៅក្នុង​ខ​នេះ ពាក្យល្អមានន័យ​ថា សុចរិត ) ។

  • ស្រប​តាមខ ៥០តើ​នរណា​ដែល​ព្យាការី និង ស៊ីឌនី រិកដុន មើល​ឃើញ​នៅក្នុងការ​និមិត្ត​បន្ទាប់អំពី​ពួកកូន​អន្ដរធាន ? ( អ្នកទាំងឡាយ​ដែល​នឹង​ចេញ​មក ក្នុង​ដំណើរ​រស់ឡើងវិញ​នៃ​មនុស្ស​សុចរិត ) ។

សូម​ពន្យល់​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥០-៨០ពិពណ៌នា​អំពី​អ្នកទាំងឡាយ​ដែល​នឹង​ត្រូវ​បាន​រស់ឡើងវិញ​នៅក្នុង​ការរស់ឡើងវិញ​នៃ​មនុស្ស​សុចរិត ។ សូម​ឲ្យ​សិស្ស​មើល​ត្រួសៗ​អំពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៧០ហើយពិពណ៌នា​ប្រាប់​អំពីក្រុម​មនុស្ស​ដំបូង​ដែល​នឹង​ត្រូវ​បាន​រស់ឡើងវិញ អំឡុង​ការ​រស់ឡើងវិញ​នៃ​មនុស្ស​សុចរិត ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​សរសេររូបមន្ត​សម្រាប់​ការ​ក្លាយជា​មនុស្ស​សេឡេស្ទាលនៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា ជា​ចំណែក​នៃ​ការ​និមិត្ត​នេះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន​នូវ​ការ​ពិពណ៌នា​មួយ​អំពីអ្នកទាំងឡាយ​ដែលនឹង​ទទួល​គ្រង​ការ​លើក​តម្កើង​នៅក្នុង​នគរ​សេឡេស្ទាល ។ សូម​អញ្ជើញសិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥១-៥៣ដោយ​ស្ងាត់ស្ងៀម ហើយ​រក​មើល​តម្រូវការ​នានា (គ្រឿង​ផ្សំ ) ដើម្បីប្រែក្លាយ​ទៅជាមនុស្ស​សេឡេស្ទាល ។ សូម​ណែនាំ​សិស្ស​ថា នៅពេល​ពួកគេ​រក​ឃើញ​តម្រូវការ​មួយ នោះ​ពួកគេ​ត្រូវ​បានអញ្ជើញ​ឲ្យមក​កាន់​ក្ដារខៀន ហើយ​សរសេរ​នូវ​អ្វី​ដែលពួកគេ​រក​ឃើញ ។

បន្ទាប់ពី​សិស្ស​បាន​សរសេរ​អំពី​តម្រូវការ​នានា​នៅលើ​ក្ដារខៀន​ហើយ អ្នកអាច​នឹង​ចង់​ជួយ​ពួកគេ​ឲ្យ​យល់​កាន់​តែ​ល្អ​ប្រសើរ​អំពី​ពាក្យ​មួយចំនួន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច ដើម្បី « [ទទួល] ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » ? (គ. និង ស. ៧៦:៥១) ។ ( ចម្លើយ​នានា​អាច​នឹង​រួមមាន ការ​មាន​សេចក្ដីជំនឿ​ទៅលើ​បេសកកម្ម​ដ៏ទេវភាព​របស់ព្រះអង្គសង្គ្រោះ និង​ការ​ដើរតាម​ដំណឹងល្អ​របស់ទ្រង់ ) ។

  • តើ​មនុស្ស​ម្នាក់ « បា​នឈ្នះ​ដោយសារ​សេចក្ដីជំនឿ » ដោយ​របៀប​ណា ? (គ. និង ស. ៧៦:៥៣) ។ ( ដើម្បី « បា​នឈ្នះ​ដោយសារ​សេចក្ដីជំនឿ » មានន័យ​ថា ដើម្បី​យកឈ្នះលើ​ការ​ល្បួង និង​អំពើបាប​ទាំងឡាយ ដោយការ​អនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដើម្បី​ស៊ូទ្រាំ​គ្រប់​ការ​សាកល្បង​ទាំងអស់ ) ។

  • តើ​វា​មានន័យ​យ៉ាងណា ដើម្បី « បាន​ភ្ជាប់​ដោយ​សារ​ព្រះវិញ្ញាណ​នៃ​សេចក្ដីសន្យា » ? (គ. និង ស. ៧៦:៥៣) ។ ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ នៃ​សេចក្ដីសន្យា គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​ត្រូវ​បាន​ផ្សាភ្ជាប់​ដោយ​សារ​ព្រះវិញ្ញាណបរិសុទ្ធ​នៃ​សេចក្ដីសន្យា នៅពេល​ព្រះវិញ្ញាណបរិសុទ្ធ​ថ្លែង​ជា​សាក្សី​ទៅ​កាន់ព្រះវរបិតា​សួគ៌​ថា ពិធីបរិសុទ្ធ​ទាំងឡាយ ដែល​យើងបាន​ទទួល ត្រូវ​បាន​ធ្វើឡើង​ដោយ​ត្រឹមត្រូវ ហើយ​ថា យើង​បាន​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​យើងបានធ្វើ ។ ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​អាច​បញ្ជាក់​ដល់​យើងថា សេចក្ដីស្មោះត្រង់​របស់​យើង​ចំពោះពិធី​បរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ​ត្រូវ​បាន​ទទួល​យក​ចំពោះ​ព្រះ​ផងដែរ ) ។

សូម​សង្ខេប​ដោយ​ខ្លីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥៤-៦៨ដោយ​ពន្យល់​ថា វគ្គគម្ពីរ​នេះ មាន​រៀបរាប់​នូវ​ពរជ័យ​ជាច្រើន​ដែលប្រទានដល់អ្នកគ្រង​នគរ​សេឡេស្ទាលដ៏​តម្កើងឡើង នឹង​ទទួល ។ បើ​មានពេល អ្នក​អាច​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អានឲ្យ​ឮៗគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥៤-៦៨ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​ រក​មើលពរជ័យ​ទាំង​នេះ ។ អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យសិស្ស​គូស​ចំណាំ​រាល់ពរជ័យ​ដែល​មានអត្ថន័យពិសេស​ចំពោះ​ពួកគេ ។

  • តើពរជ័យ​មួយ​ណា​ដែល​មាន​អត្ថន័យជាពិសេស​ចំពោះ​អ្នក ? ហេតុអ្វី ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៦៩-៧០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​តម្រូវ​ឲ្យ​បុគ្គល​ម្នាក់ៗ​មាន​ភាព​សក្ដិសម​ចំពោះ​នគរ​សេឡេស្ទាល ។

  • ទោះ​ជា​យើង​ព្យាយាម​ដើម្បីមាន​គ្រប់គ្រឿងផ្សំដែល​ចាំបាច់​ទាំងអស់​នៅក្នុងជីវិត​រស់នៅ​របស់​យើង​ក្ដី តើ​ខគម្ពីរ​ទាំងនេះ​បាន​និយាយ​ថា យើង​នៅតែ​ចាំបាច់​ត្រូវ​ធ្វើអ្វីខ្លះទៀត ដើម្បី​មានភាព​សក្ដិសម​ទទួលគ្រង​នគរ​សេឡេស្ទាល ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូម​សរសេរ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ក្រោមពាក្យថា រូបមន្ដ​ដើម្បី​ក្លាយ​ទៅជា​មនុស្ស​សេឡេស្ទាលយើង​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អ​ឥតខ្ចោះ​តែ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទប៉ុណ្ណោះ )

សូម​ពន្យល់​ថា ខណៈ​ដែល​កិច្ចខិតខំ​ដ៏​ល្អបំផុត​របស់​យើង​ដើម្បី​រក្សា​រាល់​បទបញ្ញត្តិ​ពុំ​ធ្វើ​ឲ្យ​យើង​បាន​ល្អ​ឥតខ្ចោះក្ដី ក៏​កិច្ចខិតខំ​របស់យើង​នោះ បានជួយ​ធ្វើ​ឲ្យ​យើង​សក្ដិសម​ដើម្បីទទួលព្រះគុណ​របស់ព្រះអង្គសង្គ្រោះ និង​ត្រូវ​បាន​សម្អាត​ដោយ « ដង្វាយធួន​ដ៏​ល្អ​ឥតខ្ចោះ​តាមរយៈ​ការ​បង្ហូរ​លោហិត​របស់​ទ្រង់… » (គ. និង ស. ៧៦:៦៩) ។ សេចក្ដីពិតនេះ​អាច​លើក​ទឹកចិត្ត​យើង​ឲ្យ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ហើយ​ទទួល​ពិធីបរិសុទ្ធ​នានា​នៃ​សេចក្ដី​សង្គ្រោះ ដូច្នេះ​យើងអាច​ទទួល​ពរជ័យ​ដ៏អស់កល្បទាំង​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​សំណួរ​ដូច​ខាង​ក្រោម រួច​ហើយ​សរសេរ​ចម្លើយ​របស់ពួកគេ​នៅក្នុង​សៀវភៅកំណត់ចំណាំ​ក្នុងថ្នាក់ ឬ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់ពួកគេ ៖

  • តើ​គោលលទ្ធិ​នៅក្នុងខ ៦៩​អាចជួយ​យើង​ឲ្យយក​ឈ្នះ​លើ​ការ​បាក់​ទឹកចិត្ត នៅពេល​យើង​ព្យាយាម​ដើម្បី​មានការ​លើក​តម្កើង​ឡើង​នៅក្នុងនគរ​សេឡេស្ទាល​យ៉ាង​ដូចម្ដេច ?

បន្ទាប់ពីឲ្យ​ពេលគ្រប់គ្រាន់ដល់សិស្ស​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ចែកចាយ​ចម្លើយ​របស់ពួកគេ ។ សូម​ពិចារណា​អំពីការ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​តួនាទី​របស់ព្រះអង្គសង្គ្រោះ​នៅក្នុង​ការ​ជួយ​យើង​ឲ្យ​ប្រែក្លាយជា​ល្អ​ឥតខ្ចោះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៧១-៨០

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ក៏​ត្រូវបាន​បង្ហាញ​នូវការ​និមិត្ត​មួយ​អំពី​នគរ​ទេរេសទ្រាល ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៧១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្អៀង​តាម រក​មើល​នូវ​អ្វី​ដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ត្រូវ​បាន​បង្ហាញ​បន្ទាប់ទៀត ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ស្របតាម​ខគម្ពីរ​នេះ តើ​សិរីល្អ​នៃ​នគរ​ទេរេសទ្រាល​ប្រៀបទៅនឹង​សិរីល្អ​នៃ​នគរ​សេឡេស្ទាល​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា បទគម្ពីរ​ប្រើ​ក្នុង​អំណាច​នៃ​ពន្លឺ​ផ្សេង​គ្នា ដែល​បញ្ចេញ​រស្មី​មក​ពី​ព្រះចន្ទ និងព្រះអាទិត្យ ដើម្បី​ជានិមិត្ត​រូប​នៃភាព​ខុស​គ្នា​រវាង​សិរីល្អ​នៃ​នគរ​ទេរេសទ្រាល និង នគរ​សេឡេស្ទាល ។ ខណៈ​ដែល​អ្នក​ទទួល​គ្រង​នគរ​សេឡេស្ទាល និង នគរ​ទេរេស​ទ្រាល គឺ​ទាំងពីរ​ត្រូវបានរាប់​បញ្ចូលនៅក្នុង​ការ​រស់ឡើងវិញ​នៃ​មនុស្ស​សុចរិត អ្នកទាំងឡាយដែល​ទទួល​រូបកាយ​សេឡេស្ទាល នឹង​ត្រូវ​បាន​រស់ឡើង​វិញ​ដោយសិរីល្អ​កាន់​តែ​មហិមា ហើយ​មានពរជ័យ​ច្រើនជាង​អ្នកទាំងឡាយ​ដែល​ទទួលបាន​រូបកាយ​ទេរេសទ្រាល ។

សូម​ឲ្យ​សិស្ស​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៧២-៨០ដោយ​ស្ងាត់ស្ងៀម រកមើល​របៀប​ដែល​ខុសគ្នារវាង​អ្នកគ្រង​មរតកនៃនគរ​ទេរេសទ្រាល នឹង​អ្នកគ្រងមរតក​នៃ​នគរ​សេឡេស្ទាល ។ បន្ទាប់ពីសិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​អាន​ហើយ សូម​ឲ្យ​ពួកគេ​ពិពណ៌នា​អំពីភាព​ខុសគ្នា​ដែលពួកគេ​បាន​រកឃើញ ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​ការពិពណ៌នា​ជាទូទៅ​មួយចំនួន​អំពី​អ្នកទាំងឡាយ​ដែល​នឹង​គ្រង​នគរ​ទេរេសទ្រាល​មានអ្វីខ្លះ ? ( ចម្លើយ​អាច​រួមមានដូច​ខាង​ក្រោម ៖ អ្នកទាំងឡាយ « ដែលបាន​ស្លាប់ទៅ​ដោយគ្មាន​ក្រឹត្យវិន័យ » [ខ ៧២] អ្នកទាំងឡាយ « ដែលពុំ​បាន​ទទួល​ទីបន្ទាល់ពីព្រះយេស៊ូវ​កាលនៅក្នុង​សាច់ឈាម ប៉ុន្តែ​ក្រោយមក​បានទទួលទីបន្ទាល់​នោះ » [ខ ៧៣-៧៤] « ដែលជា​មនុស្ស​មានកិត្តិយស​នៅលើ​ផែនដី ដែល​ខ្វាក់​ដោយសារ​ឧបាយកល​នៃ​មនុស្ស » [ខ ៧៥] និង « ពួកគេ​ដែល​ពុំ​ក្លាហាន​នៅក្នុង​ទីបន្ទាល់​ពីព្រះយេស៊ូវ » [ខ ៧៩] ) ។

ដើម្បីជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ល្អ​ប្រសើរ​នូវ​សេចក្ដីយោង​ចំពោះ​អស់អ្នកដែល​បាន​ស្លាប់​ដោយ​គ្មាន​ក្រឹត្យវិន័យ ឬ​អ្នក​ដែល​បាន​ទទួលដំណឹងល្អ បន្ទាប់ពី​ការ​ស្លាប់ ( សូមមើលខ ៧២-៧៤) សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​ការ​យល់​ដឹង​បន្ថែម​ដល់បុគ្គល​ម្នាក់ៗ​ទាំងនោះ ពេល​ទ្រង់​បាន​បើក​សម្ដែង​ដល់ យ៉ូសែប ស៊្មីធ នូវ​ជោគវាសនា​ចុង​ក្រោយ​របស់​បងប្រុស​លោក អាល់វិន ដែលបាន​ស្លាប់​ទៅ​ពីមុន​គាត់បាន​ទទួល​បុណ្យជ្រមុជទឹក ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:៧-៩ឲ្យ​ឮៗ ។ បន្ទាប់មក សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ការ​បញ្ជាក់​បន្ថែម​អ្វីខ្លះទៀត ដែលព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ទាក់​ទង​នឹង​អ្នកទាំងឡាយ​ដែលនឹង​ទទួល​យក​ដំណឹងល្អ បើ​សិន​ពួកគេ​ត្រូវ​បានអនុញ្ញាត​ឲ្យ​នៅរស់វិញនោះ ?

  • ស្របតាមគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:៩តើ​នរណា​នឹង​វិនិច្ឆ័យ​យើង​ស្របតាម​កិច្ចការ​របស់​យើង និង​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង​នោះ ?

សូម​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដី​ថ្លែង​ដូច​ខាង​ក្រោមថា ៖ « សូម​ចងចាំ​ថា មានតែ​ព្រះតែប៉ុណ្ណោះ ដែល​ស្គាល់​ដួងចិត្ត​របស់​បុគ្គល​ម្នាក់ៗ ដែលទ្រង់អាច​ធ្វើការ​វិនិច្ឆ័យ​ចុង​ក្រោយ​ដល់បុគ្គល​ម្នាក់ៗ​នោះ​បាន » (សេចក្ដីពិត​ចំពោះ​សេចក្ដីជំនឿ ៖ សេចក្ដីយោង​ដំណឹងល្អ[ ឆ្នាំ ២០០៤ ] ទំព័រ ៩០ ) ។ សូម​គូសបញ្ជាក់ថា ដោយសារ​តែ​ព្រះអម្ចាស់​អាច​ស្គាល់​ដួងចិត្ត​របស់​យើង នោះ​យើង​ពុំ​គួរ​ធ្វើការ​វិនិច្ឆ័យ​អំពី​នគរ​ណា​មួយ ដែល​យើង​ជឿ​ថា​អ្នកដទៃ​នឹង​ទទួល​គ្រងមរតក​នោះទេ ។

  • តើ​អ្នក​គិតថា « ដែល​ខ្វាក់​ដោយសារ​ឧបាយកល​នៃ​មនុស្ស » មានន័យ​ដូចម្តេច ? (គ. និង ស. ៧៦:៧៥) ។ ( មនុស្ស​មួយចំនួន ត្រូវ​បាន​ខ្វាក់​ចំពោះ​សារៈសំខាន់​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ​តែ​ឥទ្ធិពល​ខាង​លោកិយ ) ។ តើ​មនុស្ស​មួយចំនួន​នៅ​សព្វថ្ងៃ​នេះ​ខ្វាក់​ដោយសារ​ឧបាយកល​នៃ​មនុស្ស​យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ឃ្លា « ​ពុំ​ក្លាហាន​នៅក្នុង​ទីបន្ទាល់​ពីព្រះយេស៊ូវ » ( គ. និង ស. ៧៦:៧៩ ) សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយ​អែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« តើ​ភាព​ក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​មាន​ន័យ​ដូចម្តេច ?…

មូលដ្ឋានគ្រឹះ​ដ៏​ធំ​នៃ​ភាពក្លាហាន​នៅ​ក្នុង​បុព្វហេតុ​នៃ​សុចរិតភាព គឺ​ជា​ការគោរពប្រតិបត្តិ​ចំពោះ​ក្រឹត្យវិន័យ​ទាំងអស់​នៃ​ដំណឹងល្អ​ទាំងស្រុង ។…

« ក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គឺ ត្រូវ​ជឿ​លើ​ព្រះគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់​ជាមួយ​នឹង​ជំនឿ​ឥត​ងាករេ ។…

« ប៉ុន្តែ​វា​មិន​ទាន់​អស់​នៅ​ឡើយ​ទេ ។ វា​លើសពី​ការ​ជឿ និង ការ​ដឹង​ទៅ​ទៀត ។ យើង​ត្រូវ​តែ​ធ្វើ​ជា​អ្នក​រស់នៅ​តាម​ព្រះបន្ទូល ពុំមែន​គ្រាន់​តែ​ជា​អ្នក​ស្ដាប់​នោះ​ឡើយ ។ វា​លើស​ពី​ការ​ថា​បម្រើ​តែ​មាត់ វា​ពុំមែន​គ្រាន់​តែ​ជា​ការ​សារភាព​តែនឹងមាត់​ពី​ភាព​ជា​ព្រះរាជបុត្រា​របស់​ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះ​ទេ ។ វា​គឺ​ជា​ការ​គោរពប្រតិបត្តិ និង ការ​ធ្វើតាម​វិន័យ និង​សេចក្ដីសុចរិត​ផ្ទាល់ខ្លួន ។…

« ដើម្បី​ក្លាហាននៅក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គឺត្រូវ … ‹ កាន់ខ្ជាប់​ដរាប​ដល់ចុង​បំផុត › ។ (នីហ្វៃទី ២ ៣១:២០) ។ គឺ​ត្រូវ​រស់នៅ​តាម​សាសនា​របស់​យើង ដើម្បី​អនុវត្ត​នូវអ្វី​ដែល​យើង​ផ្សាយ ដើម្បី​រក្សា​បទបញ្ញត្តិ​ទាំងឡាយ » (Be Valiant in the Fight of Faith, » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៧៤ ទំព័រ ៣៥ ) ។

  • សូម​គិត​អំពី​នរណា​ម្នាក់​ដែលអ្នក​ស្គាល់ ដែល​អ្នក​គិត​ថា មានភាព​ក្លាហាន​នៅក្នុងទីបន្ទាល់ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​អត្ត​ចរិត និង សកម្មភាព​អ្វីខ្លះ ដែលបង្ហាញ​ពី​ភាព​ក្លាហាន​របស់ពួកគេ ?

  • តើ​មានអ្វីខ្លះ ដែលបាន​ជួយ​អ្នកឲ្យ​ក្លាហាន​នៅក្នុង​ទីបន្ទាល់​របស់អ្នក​ពីព្រះយេស៊ូវ​គ្រីស្ទ ?

  • បើ​យើង​ក្លាហាន​នៅក្នុង​ទីបន្ទាល់អំពី​ព្រះយេស៊ូវ​គ្រីស្ទ តើ​យើង​នឹង​ទទួលបាន​អ្វីខ្លះ ? ( នៅពេលសិស្ស​ឆ្លើយ​តប នោះពួកគេ​គួរ​តែ​ប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ បើ​យើង​ក្លាហាន​នៅក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​នគរ​សេឡេ​ស្ទាល​នៃ​ព្រះ ។ សូម​បន្ថែម​សេចក្ដីពិត​នេះ​ទៅក្នុង រូបមន្ដ​សម្រាប់​ការ​ក្លាយ​ទៅជា​មនុស្ស​សេឡេស្ទាលនៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​រៀន​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​អំពីអ្វី​មួយ ដែលពួកគេអាច​ធ្វើ​ដើម្បី​កាន់តែ​ក្លាហាន ទៅលើ​ទីបន្ទាល់​របស់ពួកគេពី​ព្រះយេស៊ូវ​គ្រីស្ទ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ពួកគេ​ម្នាក់​ៗ​មាន​សក្ដានុពល​ដើម្បី​ទទួល​បាន​នគរ​សេឡេស្ទាល ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:៥១-៥៣, ៦៩-៧០ ។ ការក្លាយ​ទៅជា​មនុស្ស​សេឡេស្ទាល

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​តួនាទី​នៃ​ការ​គោរពប្រតិបត្តិ និង​ដង្វាយធួន​នៅក្នុង​ការ​ធ្វើ​ឲ្យ​យើង​អាច​ប្រែក្លាយ​ទៅជា​សក្ដិសម​នៃ​នគរ​សេឡេស្ទាលថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

«ការ​ជំនុំជំរះ​ចុង​ក្រោយ គឺ​ពុំ​គ្រាន់តែ​ជា​ការ​វាយតម្លៃ​មួយ​នៃ​ការ​បូកសរុប​នៃ​សកម្មភាព​ល្អ និង​សកម្មភាព​អាក្រក់--ដែល​យើង​បាន​ធ្វើប៉ុណ្ណោះ​នោះទេ​ ។ វា​ជា​ការ​ទទួល​ស្គាល់​មួយ​អំពី​ឥទ្ធិពល​នៃ​ទង្វើ និង​គំនិត​របស់​យើង​នៅចុង​បំផុត—ជា​អ្វី​ដែល​យើង​បានប្រែក្លាយ ។ វា​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​នរណា​ម្នាក់ ដែល​គ្រាន់​តែ​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ការ​គិត​ពិចារណា​អំពី​វា​នោះ ។ ព្រះបញ្ញត្តិ ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃដំណឹងល្អពុំមែនជាបញ្ជីនៃប្រាក់កក់មួយដែលតម្រូវឲ្យធ្វើក្នុងគណនីសួគ៌ាខ្លះៗនោះទេ ។…

« ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ផែនការ​ដែល​យើង​អាច​ប្រែក្លាយ​ទៅ​ជា​កូនចៅ​នៃ​ព្រះ ដែល​យើង​គួរតែ​ប្រែក្លាយ ។ ស្ថានភាព​គ្មាន​ស្នាម​ប្រឡាក់ និង​ឥតខ្ចោះ​នេះ នឹង​ជា​លទ្ធផល​ចេញ​មក​ពី​តំណ​នៃ​សេចក្ដីសញ្ញា ពិធីបរិសុទ្ធ និង​ទង្វើ​នានា បូក​រួម​ទាំង​ការជ្រើសរើស​ត្រឹមត្រូវ ហើយ​នឹង​ចេញ​មក​ពី​ការប្រែចិត្ត​ឥត​ឈប់ឈរ ។…

« … ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដោយ​ការ​ដឹងគុណ​ចំពោះ​ផែនការ​នៃ​ព្រះបិតា ដែល​តាមរយៈ​ការ​រស់ឡើងវិញ និង​ដង្វាយធួន​នៃ​ព្រះអង្គ​សង្គ្រោះ​របស់យើង នោះ​យើង​បាន​អះអាងថានឹងទទួលបាន​ភាព​អមត និងឱកាស​ដើម្បី​ប្រែក្លាយ​​ទៅជា​អ្វី​ដែល​ចាំបាច់​សម្រាប់​ភាពអស់កល្ប​ជានិច្ច » (The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២, ៣៣, ៣៤ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៦៧។ « សាសនាចក្រ​នៃ​ហេណុក និង​នៃ​កូន​ច្បង »

ហេណុក និង​រាស្ត្រ​របស់លោក ដែល​អាច​សំដៅ​ថាជា​សាសនាចក្រ បាន​ជួប​ជុំគ្នា ឬ​ក្រុមជំនុំ​របស់​ហេណុក បាន​ស្ថាបនា​ស៊ីយ៉ូន​ដោយជោគជ័យ ហើយ​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថានសួគ៌ ។​ ការ​ក្លាយទៅជា​សមាជិក​ម្នាក់​នៃ​ព្រះវិហារ​របស់​កូនច្បង តម្រូវ​ឲ្យ​យើង​មានភាព​សក្ដិសម​ដើម្បី​រស់នៅ​ក្នុង​សង្គម​របស់​ហេណុក ដែល​អាច​ធ្វើទៅបាន​តាមតែ​រយៈ​សេចក្ដីសុចរិត​ផ្ទាល់​ខ្លួន ការគោរពតាមពិធីបរិសុទ្ធទាំងឡាយក្នុង​ដំណាក់នៃព្រះអម្ចាស់ និង​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

អែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​អត្ថន័យ​ដើម្បី ក្លាយជា​សមាជិកម្នាក់​នៃ​ព្រះវិហារ​របស់​កូនច្បង ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​បាន​លះបង់​ខ្លួន​គេ​ចំពោះសេចក្ដីសុចរិត ដែលពួកគេ​បាន​ទទួល​ពិធីបរិសុទ្ធ​នៃភាព​តម្កើង​ឡើង​កាន់តែខ្ពស់ដើម្បី​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​នៃ​កូន​ច្បង ។ ពិធីបុណ្យជ្រមុជទឹក គឺ​ជាការបើក​ច្រក​ផ្លូវ​ទៅកាន់សាសនាចក្រ ប៉ុន្ដែ​អាពាហ៍ពិពាហ៍សេឡេស្ទាល គឺ​ជា​ច្រកទ្វារទៅកាន់​សមាជិកភាព​នៅក្នុង​សាសនាចក្រ​នៃ​កូន​ច្បង ជា​រង្វង់​ខាង​ក្នុង​នៃ​ពួកបរិសុទ្ធ​ស្មោះត្រង់ ដែល​គឺជា​ពួក​ស្នង​មរតក​នៃ​ភាព​តម្កើងឡើង និង​ភាពពេញលេញ​នៃ​នគរ​របស់ព្រះបិតា » (Mormon Doctrineបានបោះពុម្ព​ជាលើកទី ២ [ឆ្នាំ ១៩៦៦] ទំព័រ ១៣៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៦៩។ ភាព​ល្អឥតខ្ចោះ

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ភាពល្អ​ឥតខ្ចោះ​នៅក្នុង​ផែនការ​របស់ព្រះអម្ចាស់ថា ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« ភាព​ល្អឥតខ្ចោះ​ដែលព្រះអង្គ​សង្គ្រោះ​បាន​ទត​ឃើញ​សម្រាប់យើង គឺ​មានច្រើនជាង​គ្រាន់តែការមិនធ្វើខុស។ វា​គឺ​ជា​ការ​រំពឹងទុក​ដ៏អស់កល្បជានិច្ច ដូច​បាន​បង្ហាញ​ដោយព្រះអម្ចាស់​នៅក្នុង​ការ​អធិស្ឋាន​អង្វរ​ជំនួស​ដ៏អស្ចារ្យ​របស់ទ្រង់​ទៅកាន់​ព្រះបិតា​ទ្រង់-- ដើម្បី​យើង​អាច​បាន​ល្អ​ឥតខ្ចោះ ហើយអាច​រស់​នៅ​ជាមួយ​ពួកគេ​ក្នុង​ភាពអស់កល្បជានិច្ច​នាពេល​ខាង​មុខ [ សូមមើលយ៉ូហាន ១៧:២៣-២៤] ។…

« … ភាព​ល្អ​ឥតខ្ចោះ​មាននៅក្នុង​ការ​ទទួល​បាន​ជីវិត​ដ៏អស់​កល្បជានិច្ច-- ជាប្រភេទជីវិត​ដែលព្រះរស់នៅ ។…

« … ក្នុងនាម​ជា​កូនចៅ​សំណព្វ​របស់ព្រះបិតា​មាតា​សួគ៌ យើង​ត្រូវ​បាន​ប្រទាន​ឲ្យ​ជាមួយ​នឹង​សក្ដានុពល​ដើម្បី​ប្រែក្លាយ​ដូចជា​ពួក​ទ្រង់ ក៏ដូចជា​កូនចៅ​នៃ​ជីវិត​រមែង​ស្លាប់ អាច​ប្រែក្លាយ​ដូចជា​ឪពុកម្ដាយ​នៃ​ជីវិត​រមែង​ស្លាប់​របស់ពួកគេ​ដូច្នោះ​ដែរ ។

« ព្រះអម្ចាស់​បាន​ស្ដារ​សាសនាចក្រ​របស់ទ្រង់​ឡើងវិញ ដើម្បីជួយ​យើង​រៀបចំ​ខ្លួន​សម្រាប់ភាព​ល្អឥតខ្ចោះ ។…

« មនុស្សឥត​ខ្ចោះគឺ​ជា​មនុស្ស​ដែលពេញលេញ… មានព្រលឹង​ដ៏​រុងរឿង !…

« យើង​ពុំចាំបាច់​ស្រងាក​ចិត្តទេ បើកិច្ចខិតខំ​ដ៏​ខ្លាំង​បំផុត​របស់​យើង​ទៅ​កាន់​ភាព​ល្អ​ឥតខ្ចោះ ក្នុងពេល​នេះ​មើល​ទៅ​ហាក់ដូចជា​ពិបាក​ក្រៃលែង ឬ​គ្មានទីបញ្ចប់នោះ ។ ភាពឥតខ្ចោះ​គឺ​នៅរង់ចាំ​ការសម្រេច ។ វា​អាច​បានមក​ពេញលេញ មានតែ​បន្ទាប់​ពី​ដំណើរ​រស់​ឡើងវិញ និង តាមរយៈ​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ វា​រង់ចាំ​សម្រាប់អស់អ្នក​ដែល​ស្រឡាញ់​ទ្រង់ ហើយរក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។ វា​រួមមាន បល្ល័ង្គ នគរ ក្សត្រ​បុរី អំណាច និង​អំណាច​គ្រប់គ្រង​ទាំងឡាយ [ សូមមើលគ. និង ស. ១៣២:១៩] ។ វា​គឺ​ជា​ទីបញ្ចប់​សម្រាប់​យើង​ដែល​កាន់ខ្ជាប់ ។ វា​គឺ​ជា​ភាព​ល្អ​ឥតខ្ចោះ​ដ៏អស់កល្បជានិច្ច ដែលព្រះ​បាន​ទុក​សម្រាប់​យើង​ម្នាក់ៗ » (Perfection Pending, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៧, ៨៨ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៦៩-៧០។ សមាជិក​នៃ​សាសនាចក្រ​ទាំងអស់មាន​សក្ដានុពល​ដើម្បីទទួលបាន​ភាព​តម្កើងឡើង​នៅក្នុង​នគរ​សេឡេស្ទាល ។

ប្រធាន ចច អ័លប៊ើត ស្ម៊ីធ បាន​បង្រៀន​អំពី​សក្ដានុពលសម្រាប់​មនុស្ស​គ្រប់រូប​ដើម្បី​ទទួលបាន​នគរ​សេឡេស្ទាល​ថា ៖

រូបភាព
ប្រធាន ចច អ័លប៊ើត ស៊្មីធ

« រឿង​ដ៏ស្រស់​ស្អាត​មួយ​ចំពោះ​ខ្ញុំ​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ថា​វា​នាំ​យើង​ទាំងអស់គ្នា​ទៅកាន់​កម្រិត​ដូចគ្នា​មួយ ។ វា​ពុំ​ចាំបាច់​ឲ្យ​មនុស្ស​ម្នាក់​ក្លាយជា​ប្រធាន​ស្ដេក ឬ​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដើម្បីទទួលបាន​កន្លែង​ខ្ពស់​មួយ​នៅក្នុង​នគរ​សេឡេស្ទាល​នោះទេ ។ សមាជិក​ដ៏រាបសារ​បំផុត​នៃ​សាសនាចក្រ បើ​គាត់​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់ព្រះ នោះ​នឹង​ទទួលបាន​ភាព​តម្កើងឡើង​ដូច​ជា​មនុស្ស​ដទៃទៀត​នៅក្នុង​នគរ​សេឡេស្ទាល​ផងដែរ ។ ភាព​ស្រស់ស្អាត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ថា វា​ធ្វើ​ឲ្យ​យើង​ទាំងអស់គ្នា​មានភាព​ស្មើគ្នា ដរាបណា​យើងរក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់ព្រះអម្ចាស់ ។… យើង​មាន​ឱកាស​ស្មើ​គ្នា​សម្រាប់​ភាព​តម្កើង​ឡើង » ( នៅក្នុង Conference Report, ខែ តុលា ឆ្នាំ ១៩៣៣,ទំព័រ ២៥ ) ។

ប៊ីស្សព យ៉ូសែប អិល វើស្លីន នៃ​គណៈ​ប៊ីស្សព​ជា​អធិបតី បាន​ថ្លែង​ទីបន្ទាល់​ថា ៖ « យើង​ទាំងអស់​គឺជា​បេក្ខជន​សម្រាប់​នគរ​សេឡេស្ទាល » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៥២, ទំព័រ ១១៨) ។​

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥៨, ៧១។ ការ​ក្លាយ​ទៅជា​ព្រះ និងការ​ទទួលបាន​ភាព​ពេញលេញ​នៃ​ព្រះបិតា

ក្នុងនាមជា​បុត្រ​ពិត​របស់ព្រះ ជា​ព្រះបិតា នោះ​សក្ដានុពល​របស់យើង គឺ​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ដើម្បីទទួលបាន​ភាពពេញលេញ​នៃ​ព្រះបិតា គឺ​ត្រូវទទួល​រង្វាស់​ពេញ​លេញនៃសិរីល្អ និងពរជ័យ​ទាំងឡាយ​របស់​ទ្រង់ ។ បើ​យើង​រស់នៅ​តាម​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ហើយ​អនុវត្ត​ដង្វាយធួន​របស់ទ្រង់​នៅក្នុង​ជីវិត​របស់​យើង នោះព្រះបិតា អាច​លើក​យើង​ឲ្យ​ប្រែក្លាយដូចជាទ្រង់ រស់នៅ​ក្នុងជីវិត​ដែល​ទ្រង់រស់នៅ ហើយ​រីករាយ​នឹង​សុភមង្គល​ដ៏អស់កល្បជានិច្ច ដែល​ទ្រង់​រីករាយ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៧៩។ « ភាពក្លាហាន​ទៅលើ​ទីបន្ទាល់​ពីព្រះយេស៊ូវ »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានពិពណ៌នា​អំពី​អត្ថន័យ​ដើម្បី​ក្លាហាន​នៅ​ក្នុង​ទីបន្ទាល់ពី​ព្រះយេស៊ូវ នៅក្នុង​សន្និសីទ​ទូទៅ​របស់​សាសនាចក្រ ខែ​មេសា ឆ្នាំ ១៩៨២ ។ សូមមើល« Valiant in the Testimony of Jesus »Ensignខែ ឧសភា ឆ្នាំ ១៩៨២ ទំព័រ ៦២-៦៤ ។