ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥-៧១ ( មេរៀន​ទី ១៥ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥-៧១ ( មេរៀន​ទី ១៥ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោមនេះគឺជាសេចក្ដីសង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅ​ពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥-៧១ ( មេរៀន​ទី ១៥ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥-៦៦)

អំឡុង​ពេល​សិក្សា​មេរៀន​នេះ សិស្ស​បាន​រៀន​ថា ដំណឹងល្អរបស់​ព្រះយេស៊ូវគ្រីស្ទ នឹង​ចេញរហូតដល់​ចុង​ផែនដី ។ ពួកគេ​បាន​ឃើញ​ថា យើង​មាន​ទំនួល​ខុសត្រូវ​មួយ​ដើម្បី​ត្រៀមខ្លួន​យើង និង​អ្នក​ដទៃ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧)

នៅក្នុង​មេរៀន​នេះ សិស្ស​បាន​រកឃើញ​គោលលទ្ធិ​ខាង​ក្រោម ៖ ព្រះអម្ចាស់ឮការអធិស្ឋាន​របស់​យើង ហើយ​ជ្រាប​ដឹង​ពី​ដួងចិត្ត​របស់​យើង ប្រសិនបើ​យើង​ទុក​ឲ្យ​ភាព​ភ័យ​ខ្លាចមាន​នៅក្នុង​ដួងចិត្ត​របស់​យើង នោះ​យើង​អាច​នឹង​បាត់​បង់​ពរជ័យ​នោះ ។ ពួកគេ​ក៏​បានរៀន​ផងដែរ​ថា ប្រសិនបើ​យើង​កម្ចាត់​ខ្លួន​ចេញពី​សេចក្ដីច្រណែន និង​សេចក្ដីខ្លាច ហើយ​បន្ទាប​ខ្លួន និង​បន្ដ​នៅក្នុង​ភាព​អត់ធន់ នោះ​យើង​នឹង​អាច​នៅ​ជាប់​នៅក្នុង​ទីវត្តមាន​របស់​ព្រះអម្ចាស់ ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨)

ជាផ្នែក​នៃ​មេរៀន​នេះ សិស្ស​បាន​រៀន​ថា នៅ​ពេល​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ត្រូវបាន​បណ្ដាល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពាក្យសម្ដី​របស់​ពួកលោក​នឹង​ដឹកនាំ​មនុស្ស​ទៅ​រក​សេចក្ដី​សង្គ្រោះ ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា ប៊ីស្សព​ត្រូវតែ​បាន​អនុមតិ​ដោយ​គណៈប្រធាន​ទីមួយ និង ត្រូវបាន​តែង​តាំង​ដោយ​អ្នក​មាន​សិទ្ធអំណាច​ត្រឹមត្រូវ ។ លើសពី​នេះ​ទៀត សិស្ស​បាន​ឃើញ​ថា​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ឪពុក​ម្តាយ​ឲ្យ​បង្រៀន​កូនៗ​របស់​ខ្លួន​ឲ្យ​យល់​គោលលទ្ធិនៃ​ការប្រែចិត្ត, សេចក្តី​ជំនឿជឿដល់​ព្រះគ្រីស្ទ, បុណ្យជ្រមុជទឹក និង អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩-៧១)

ចេញពី​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ យ៉ូហាន វិតមើរ នោះ​សិស្ស​បាន​រៀន​ថា ព្រះអម្ចាស់​រំពឹង​ឲ្យ​រក្សា​ប្រវត្តិសាស្ត្រ​សម្រាប់​ជា​ការណ៍​ល្អ​នៃ​សាសនាចក្រ និង​ជំនាន់​ដែលកំពុង​ពេញវ័យ ។ សិស្ស​ក៏​បាន​ឃើញ​ផងដែរ​ថា ព្រះអម្ចាស់​នឹង​ឲ្យ​យើង​ទទួល​ខុសត្រូវ ចំពោះ​កាតព្វកិច្ច​ទាំងឡាយ ដែល​ទ្រង់​បាន​ទុក​ព្រះទ័យ​មក​លើ​យើងផងដែរ ។ ជា​ចុងក្រោយ​សិស្ស​បាន​រៀន​ថា នៅពេល​មនុស្ស​រិះគន់​សាសនាចក្រ នោះ​យើង​អាច​ឆ្លើយ​តប​ដោយ​ការចែកចាយ​សេចក្ដីពិត​ចេញ​មកពី​បទគម្ពីរ ហើយ​ធ្វើតាម​ការ​ដឹកនាំ​ពីព្រះវិញ្ញាណ ។

សេចក្តីផ្ដើម

មេរៀន​នេះ​ផ្តោត​លើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ចំពោះ វិលលាម អ៊ី ម៉័ក​ខ្លេលិន នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៦ ។ តាមរយៈ​ការសិក្សា​របស់​ពួកគេ​នៃកណ្ឌនេះ នោះ​សិស្ស​អាច​រៀន​ពី​សារៈសំខាន់​នៃ​ការប្រែចិត្ត​ពី​អំពើ​បាប​ទាំងអស់​របស់​ខ្លួន ដកយក​ចេញ​ពី​ជីវិត​ពួកគេ​នូវ​អ្វីៗ​ដែល​រារាំង​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ និង បន្ត​នៅ​ស្មោះត្រង់​រហូត​ដល់​ទីបំផុត ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តី សញ្ញា ៦៦

ព្រះអម្ចាស់​បញ្ជា​ឲ្យ​វិលលាម អ៊ី ម៉័ក​ខ្លេលិន ប្រកាស​ដំណឹងល្អ លះបង់​ចោល​នូវ​សេចក្ដី​ទុច្ចរិត​ទាំងអស់ ហើយ​បន្ដ​ស្មោះត្រង់​ដល់ទីបំផុត ។

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​គូរ រូប ខាងក្រោម​នៅលើ​ក្ដារខៀន ។

រូបភាព
line diagram

នៅពេល​ថ្នាក់​ចាប់​ផ្ដើម សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​រូប​នៅលើ​ក្ដារខៀន ។ សូមឲ្យ​ពួក​គេ​ពិចារណា​ដោយ​ស្ងាត់ស្ងៀម​ពី​កន្លែង ដែល​ពួកគេ​នឹង​ដាក់​ខ្លួន​ពួកគេ​នៅ​លើរូបនោះ ។ សូម​ផ្ដល់​យោបល់​ផងដែរ​ថា ពួកគេ​ពិចារណា​អំពី​ទិសដៅ​ដែលពួកគេ​ត្រូវផ្លាស់ទី—ទៅ​កាន់តែជិត​នឹង​ព្រះ ឬទៅ​កាន់តែ​ឆ្ងាយពី​ទ្រង់ ។ បន្ទាប់មកអញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យឮ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​វិធី​ដែល​យើង​អាច​ខិត​ទៅកាន់តែជិត​នឹង​ព្រះ ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ប្រសិនបើ​អ្នក​ចង់​នៅ​ជិត​នឹង​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់ ប៉ុន្តែ​ជា​អ្នក​ដែល​នៅ​បែក​ពី​អ្នក នោះអ្នក​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា​ហើយ ។ អ្នក​នឹង​រក​វិធី​មួយ​ដើម្បី​និយាយ​នឹង​ពួកគេ អ្នក​នឹង​ស្ដាប់​ពួកគេ ហើយ​អ្នក​នឹង​រក​ឃើញ​ដំណោះស្រាយ​ធ្វើ​រឿង​ទាំងឡាយ​សម្រាប់គ្នា​ទៅវិញ​ទៅមក ។ កាល​ណា​វា​កើត​ឡើង​កាន់តែ​ញឹកញាប់ ហើយ​បន្ដ​ទៅកាន់តែ​យូរ នោះ​ចំណង​នៃសេច​ក្ដី​ស្រឡាញ់​នឹង​មាន​កាន់តែ​ជ្រាលជ្រៅ ។ ប្រសិនបើ​ពេលវេលា​ជាច្រើន​បាន​កន្លង​ផុតទៅ​ដោយ​គ្មាន​ការ​និយាយ ការ​ស្ដាប់ និង​ធ្វើអ្វី​បន្ដិច​សោះនោះ នោះ​ចំណង​ទំនាក់ទំនងនឹង​ត្រូវ​ទន់ខ្សោយ ។

« ព្រះគឺ​ល្អ​ឥតខ្ចោះ ព្រមទាំង​មានគ្រប់ព្រះចេស្ដា ហើយអ្នក និង​ខ្ញុំ គឺ​ជាមនុស្ស​រមែងស្លាប់ ។ ប៉ុន្តែ​ទ្រង់គឺជា​ព្រះបិតា​របស់យើង ទ្រង់​ស្រឡាញ់​យើង ហើយ​ទ្រង់​ប្រទាន​ឱកាស​ដូចគ្នា​នេះ ដើម្បីឲ្យ​យើង​ខិត​ទៅកាន់តែជិត​នឹង​ទ្រង់ ក៏ដូចជា​មិត្ត​ម្នាក់ដែរ ។ ហើយអ្នក​នឹង​ធ្វើ​វា​តាមរបៀប​ដែល​ស្រដៀងគ្នា​នេះ ៖ ការ​និយាយ ការ​ស្ដាប់ និង​ការ​ធ្វើ » (« To Draw Closer to God » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ៦៦ ) ។

  • យោងតាម​ប្រធាន អាវរិង តើ​យើងអាច​ខិត​ទៅកាន់តែជិត​ព្រះ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​គិត​ថា​វា​មានន័យ​យ៉ាងណា​ដើម្បី​និយាយ ស្ដាប់ និ​ង​ធ្វើ នៅពេល​យើង​ព្យាយាម​ខិតទៅ​កាន់តែ​ជិត​ព្រះ​នោះ ?

សូម​ពន្យល់​ថា​នៅជំនាន់​មុនក្នុង​សាសនាចក្រ មាន​បុរស​ម្នាក់​ឈ្មោះ វីលលាម អ៊ី ម៉័ក​ខ្លេលិន បានខិត​ទៅកាន់តែជិត​ព្រះ នៅពេលលោក​បាន​រៀន​អំពី​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។ លោក​បានជ្រមុជទឹកនៅថ្ងៃទី ២០ ខែ​សីហា ឆ្នាំ ១៨៣១ ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពីនោះ លោកត្រូវ​បាន​តែងតាំង​ជា​អែលឌើរ ហើយ​គាត់​បាន​រួមដំណើរជាមួយ ហៃរ៉ុម ស្ម៊ីធ ពីរបីសប្ដាហ៏​ក្នុង​នាមជា​អ្នកផ្សព្វផ្សាយ​សាសនា ។ នៅ​ខែ​តុលា ឆ្នាំ ១៨៣១ គាត់​ធ្វើ​ដំណើរ​ទៅ​រដ្ឋ អូហៃអូ សម្រាប់​សន្និសីទ​របស់​សាសនា​ចក្រ ។ ពេលនៅទីនោះ​លោកបានជួប​នឹង​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ នៅ​ខែ តុលា ថ្ងៃទី ២៩ បងប្រុស​ម៉័ក​ខ្លេលិន​បាន​អធិស្ឋាន​ជា​សម្ងាត់ ទូលសុំ​ដល់ព្រះអម្ចាស់​ឲ្យ​បើក​សម្ដែង​ចម្លើយ​ចំពោះ​សំណួរ​ជាក់លាក់​ចំនួន​ប្រាំ​របស់លោក​តាមរយៈព្យាការី ។ ដោយ​ពុំ​បាន​ប្រាប់អំពី​សំណួរ​ដល់​យ៉ូសែប ស៊្មីធ នោះ​បង​ប្រុស​ម៉័ក​ខ្លេលិន បាន​ស្នើ​សុំ​វិវរណៈ​មួយ ។ នៅពេល​ព្យាការី​បានសរសេរ​វិវរណៈ​ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦, បងប្រុស ម៉័ក​ខ្លេលិន​បាន​រក​ឃើញ​ថា​សំណួរ​និមួយៗ​របស់លោក​ត្រូវ​បាន​ឆ្លើយ​តប ។ ព្រះអម្ចាស់​បាន​ប្រទាន​ដល់​លោក​នូវ​ការណែនាំ និង ការព្រមាន​ដើម្បីជួយ​លោក​ឲ្យ​នៅ​ស្មោះត្រង់ និងទទួលបាន​ជីវិត​ដ៏អស់កល្ប​ជានិច្ច​នៅទីបំផុត ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:១-២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មូលហេតុ ដែល​ព្រះអម្ចាស់​បានប្រទានពរ​ដល់​បងប្រុស វីលលាម ម៉័ក​ខ្លេលិន នៅ​អំឡុង​វិវរណៈ​នេះ ។

  • ហេតុអ្វី​ក៏​បងប្រុសម៉័ក​ខ្លេលិន អាច​ទទួលបានពរជ័យ​មកពី​ព្រះអម្ចាស់ ? ( ដោយ​សារលោក​បាន​ងាក​ចេញពី​អំពើបាប​របស់ខ្លួន បានទទួល​សេចក្ដីពិត​របស់ព្រះអម្ចាស់ ហើយ​បាន​ទទួល​ភាពពេញលេញ​នៃ​ដំណឹងល្អ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:៣ ដោយ​ស្ងាត់ស្ងៀម រកមើល​នូវ​អ្វី​ដែលព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា បងប្រុសម៉័ក​ខ្លេលិន នៅតែ​ចាំបាច់​ត្រូវ​ធ្វើ ដើម្បី​គាប់​ព្រះទ័យ​ទ្រង់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « ស្អាតហើយ ប៉ុន្តែ​ពុំ​មែន​ទាំងអស់ទេ » នោះ ? ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ជួយ​សិស្ស​ឲ្យ​យល់​ថា ទោះ​បី​ជា​បងប្រុស ម៉័ក​ខ្លេលិន បាន​ធ្វើ​ការ​រីកចម្រើន​យ៉ា​ងខ្លាំង​ក្ដី ហើយ​ត្រូវ​បាន​ប្រទានពរ​ចំពោះ​កិច្ចខិតខំ​របស់លោក​ក្ដី ក៏លោក​នៅតែ​ចាំបាច់​ត្រូវ​ប្រែចិត្ត ពីអំពើបាប​មួយចំនួនទៀតផងដែរ ) ។

  • តើ​យើង​អាច​រៀនអ្វីខ្លះមកពី​ព្រះឱវាទ​របស់ព្រះអម្ចាស់​នៅក្នុង ខ ៣? ( សិស្សគួរតែ​រកឃើញ​ព្រះបញ្ញត្តិ​ខាង​ក្រោម​នេះ ៖ យើង​ត្រូវ​បានបញ្ជា​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើងទាំងអស់) ។

  • ហេតុអ្វី​វា​សំខាន់ ដើម្បី​ប្រែចិត្ត​ពី​អំពើបាប​របស់យើង​ទាំងអស់ ហើយ​ពុំ​គ្រាន់តែ​មួយចំនួន​នោះ ?

  • តើ​យើង​អាច​រៀនអ្វី​ខ្លះមកពី​ខគម្ពីរ​នេះ អំពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ជួយ​យើងនៅក្នុង​ការ​ប្រែចិត្ត​របស់​យើង ? ( ចម្លើយ​របស់​សិស្ស​អាច​មាន​ផ្សេងៗ​គ្នា ប៉ុន្តែពួកគេ​គួរ​តែ​បង្ហាញ​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​នឹង​បង្ហាញ​យើង​នូវ​ការណ៍​ទាំងឡាយ​ដែល​យើង​ចាំបាច់ត្រូវ​ប្រែចិត្ត) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗ ដោយ​ប្រធាន ហិនរី ប៊ី អាវរិង ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​វិធីមួយ ដែល​យើងអាច​ទូលសូម​ព្រះអម្ចាស់​ដើម្បីជួយ​យើងឲ្យ​ប្រែចិត្ត ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« សំណួរ​មួយ​ដែល​យើង​ត្រូវ​ទូល​សូម​ពីព្រះវរបិតាសួគ៌​របស់​យើង គឺ​នៅក្នុងការ​អធិស្ឋាន​តែម្នាក់ឯងដូច​នេះ​ថា ៖ ‹ តើ​ទូលបង្គំ​បានធ្វើ​អ្វីខ្លះនៅថ្ងៃនេះ ឬ​ពុំ​បានធ្វើ​អ្វី​សោះ ដែល​នាំ​ឲ្យ​ទ្រង់​ពុំ​សព្វ​ព្រះទ័យ ? ប្រសិនបើ​ទូលបង្គំ​អាចគ្រាន់តែ​ដឹង ទូលបង្គំ​នឹង​ប្រែចិត្ត​អស់ពី​ដួងចិត្ត​ដោយ​គ្មាន​បង្អង់​ឡើយ › ។ ការ​អធិស្ឋាន​ដោយរាបសារ​នោះ​នឹង​ត្រូវ​បាន​ឆ្លើយ​តប » (« Do Not Delay » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៤ ) ។

សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យគិតអំពី​ពរជ័យ​នានា​ដែល​ពួកគេ​បាន​ទទួល នៅពេលពួកគេ​បាន​ងាក​ចេញពី​អំពើបាប ហើយ​បាន​ទទួលដំណឹងល្អ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងយល់​អំពី​រឿង​ដែលពួកគេ​ចាំបាច់​ត្រូវ​ប្រែចិត្ត ដើម្បីឲ្យពួកគេ​អាច​ទទួល​បាន​ពរជ័យ​កាន់តែ​ច្រើន ។

សូម​ចែក​សិស្ស​ជាគូៗ ។ សូម​ឲ្យដៃគូ​នោះ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:៥-៩ដោយ​ស្ងាត់ស្ងៀម រកមើល​នូវ​អ្វី​ដែលព្រះ​អម្ចាស់សព្វព្រះទ័យ​ឲ្យបងប្រុស ម៉័ក​ខ្លេលិន​ធ្វើ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោង​តាម ខ ៨-៩តើ​ពរជ័យ​អ្វីខ្លះដែល​បងប្រុស ម៉័ក​ខ្លេលិន នឹង​ទទួល ប្រសិនបើ​គាត់​នឹង​ស្មោះត្រង់​ធ្វើតាម​ព្រះឆន្ទៈ​របស់ព្រះអម្ចាស់ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​ខ​ទាំងនេះ​អំពី​ពរជ័យនានា​ដែល​យើងអាច​ទទួលបាន នៅពេល​យើង​ធ្វើ​តាម​ព្រះទ័យ​របស់ព្រះអម្ចាស់​សម្រាប់​យើង ? ( សិស្ស​គួរ​តែ​ប្រាប់​អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖ ប្រសិនបើ​យើង​ស្មោះត្រង់​នៅក្នុងការធ្វើតាម​ព្រះទ័យ​របស់ព្រះអម្ចាស់ នោះទ្រង់​នឹង​គង់​នៅជាមួយ​យើង ហើយ​នឹង​ប្រទានពរ​ដល់យើង ដើម្បី​យើង​អាច​សម្រេច​នូវអ្វី​ដែលទ្រង់​តម្រូវ​ពីយើង) ។

សូម​ពន្យល់​ថា បន្ថែមពីលើ​ការ​ផ្ដល់​ការណែនាំដល់ វិលលាម ម៉័ក​ខ្លេលិន អំពី​អ្វី​ដែលត្រូវធ្វើនោះ ព្រះអម្ចាស់​បានប្រទាន​ការ​ព្រមាន​ដល់គាត់ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាននូវ​ការណែនាំ នៃ​ប្រយោគទាំងពីរដំបូងក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:១០ ឲ្យ​ឮៗ ។ ពីមុន​ពួកគេ​អាន​សូម​ចង្អុល​បង្ហាញ​ថា ប្រយោគ​ទីមួយ​មាននូវ​ពាក្យ អំពល់ ។ សូម​ពន្យល់​ថា​អ្វីមួយៗដែលអំពល់​ដល់យើង ប្រសិនបើ​វា​បង្ខាំង​ផ្លូវ​របស់​យើង ឬ ធ្វើ​កិច្ចការ​ដ៏​លំបាក​បំផុត​ដើម្បីបានសម្រេច ។

  • ព្រះអម្ចាស់​បានបញ្ជា​ដល់​បងប្រុស ម៉័ក​ខ្លេលិន « បោះបង់​ចោល​អស់​ទាំង​សេចក្ដី​ដ៏ឥត​សុចរិត » ។ តើ​ភាព​ទុច្ចរិត ឬ អំពើបាប អំពល់ដល់​កិច្ចការផ្សព្វផ្សាយសាសនា​របស់គាត់​យ៉ាង​ដូច​ម្ដេច​ខ្លះ ?

  • តើ​សេចក្ដីទុច្ចរិត​អំពល់​ដល់វិញ្ញាណ​របស់​យើង​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​អាន​ប្រយោគ​ទីបីនៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:១០ ឲ្យឮៗ ហើយអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវ​ការ​ព្រមាន​ជាក់លាក់​មួយ ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់ វិលលាម ម៉័ក​ខ្លេលិន ។

  • យោងតាម ខ ១០, តើ​បងប្រុស ម៉័ក​ខ្លេលិន មាន​ការ​ពុះពារ​លើ​ការ​ល្បួង​អ្វីខ្លះ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី ខ ១០ អំពី​ចំណេះ​ដឹង​របស់​ព្រះអម្ចាស់​ចំពោះ​យើង​ម្នាក់ ? ( សូមជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ថា ព្រះអម្ចាស់​ស្គាល់​ពី​បញ្ហា និង​សេចក្តីល្បួង​ជាក់លាក់​របស់​យើង ក៏ដូចជា​ទ្រង់​បាន​ជ្រាបពី​បងប្រុស ម៉័ក​ខ្លេលិនផងដែរ ) ។

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​យល់​ថា ព្រះអម្ចាស់​ជ្រាប​ពី​បញ្ហា និងការល្បួង​ជាក់លាក់​របស់​យើង ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:១១-១៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលព្រះឱវាទបន្ថែម​ទៀត ដែល​ព្រះអម្ចាស់​បានប្រទាន​ឲ្យ វិលលាម ម៉័ក​ខ្លេលិន ។

  • យោងតាម ខ ១២តើ​យើង​ចាំបាច់​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បីទទួល​ជីវិត​ដ៏នៅអស់កល្បជានិច្ច ? ( សូមជួយ​សិស្ស​ឲ្យ​ទទួលស្គាល់ថា ប្រសិនបើ​យើង​បន្ដ​ស្មោះត្រង់​ដល់​ទីបញ្ចប់ នោះយើង​នឹង​ទទួលបាន​ជីវិត​ដ៏អស់កល្បជានិច្ច ។)

  • តើដើម្បី​ឲ្យ​អ្នក​បន្ដ​ស្មោះត្រង់​រហូតដល់ទីបញ្ចប់ មានន័យ​យ៉ាង​ណាសម្រាប់​អ្នក ?

សូម​ពន្យល់​ថា នៅពេល​ដែលវិវរណៈ​នេះ​ត្រូវ​បានប្រទាន​ឲ្យ នោះ​វិលលាម ម៉័ក​ខ្លេលិន បាន​ទទួល​ទីបន្ទាល់មួយ​អំពី​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។ បន្ទាប់ពី​វិវរណៈ​ត្រូវ​បានប្រទាន​ឲ្យ នោះគាត់​បាន​ថ្លែង​ទីបន្ទាល់អំពី​ការហៅ​ជា​ព្យាការី​របស់ យ៉ូសែប ស៊្មីធ ។ បងប្រុស ម៉័ក​ខ្លេលិន បាន​បម្រើ​ដោយស្មោះត្រង់​អស់ជា​ច្រើនឆ្នាំ ហើយ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​ទីមួយ​ម្នាក់ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៅក្នុងគ្រាកាន់កាប់ត្រួតត្រា​នេះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់ពុំ​បាន​បន្ដ​ដោយ​ស្មោះត្រង់​ដល់​ពី​បញ្ចប់នោះ​ទេ ។ តាមពិត​ទៅ គាត់​បាន​ងាក​មក​ប្រឆាំង​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​គាត់​ត្រូវបាន​កាត់​កាល​ចេញពីសាសនាចក្រ​ក្នុង​ឆ្នាំ ១៨៣៨ ។

សូម​បង្វែ​រ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅ​លើរូប នៅលើ​ក្ដារខៀន ហើយ​ឲ្យ​យោបល់​ថា ពួកគេ​នឹង​ត្រូវពិចារណា​ម្ដងទៀត​ពី​កន្លែង​ដែល​ពួកគេ​នឹង​ដាក់ខ្លួនគេ​នៅលើ​រូប​នោះ ។ សូម​ឲ្យ​ពួកគេ​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម ៖

  • តើ​អ្នកនឹង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ខិតទៅកាន់តែជិត​ព្រះ ហើយ​បន្ដ​នៅស្មោះត្រង់រហូត​ដល់ទីបំផុត ?

សូម​ថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍​ទាំងឡាយ ដែលអ្នកបាន​ពិភាក្សា ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ត​តាម​សេចក្តីពិត​ទាំង​នេះ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៧២-៧៦)

សូម​ឲ្យ​សិស្ស​ស្រមៃ​បន្តិច​ថា​ស្ថាន​នរក ( ពិភព​ងងឹង​ខាង​ក្រៅ ) មាន​សភាព​បែបណា ហើយ​ថាការឈឺចាប់​ផ្សេង​ទៀត​នៃ​ភាព​មិនមែន​ជា​ព្រះ ហើយ​ក្រោយ​មក​ទទួល​ការនិមិត្ត​មួយ​អំពី​នគរនៃ​សិរីល្អ សេឡេស្ទាល ទេរេសទ្រាល និង នគរ​ទេឡេស្ទាល ។ សូម​ពន្យល់​ថា ដោយសារ​កិច្ចការ​របស់​ពួកគេ​ស្តី​ពី ការបកប្រែ​ប្រកប​ដោយ​ការ​បំផុស​គំនិត​នៃ​ព្រះគម្ពីរ​ប៊ីប នោះ​ព្យាការី​យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ត្រូវបាន​អនុញ្ញាតឲ្យ​មើល​ឃើញ​ការនិមិត្ត​មួយ​នៃ​កម្រិត​ទាំងបី​នៃ​នគរ​សិរី​ល្អ ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ។