ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៧២-៧៦:៨០ ( មេរៀន​ទី ១៦ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៧២-៧៦:៨០ ( មេរៀន​ទី ១៦ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះ​គឺជា​សេចក្ដី​សង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២-៧៦:៨០ ( មេរៀនទី ១៦ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៧២-៧៤)

នៅពេល​សិស្ស​បាន​សិក្សា​ការហៅ​បម្រើ​របស់​នូវល ខេ វីតនី ឲ្យ​ធ្វើ​ជា​ប៊ីស្សព នោះពួកគេ​បាន​រៀន​ថា​ការហៅបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​មក​ពី​ព្រះអង្គ​សង្គ្រោះ ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា ប៊ីស្សព និង​ប្រធានសាខា​គ្រប់គ្រង​កិច្ចការខាង​សាច់ឈាម និង ខាង​វិញ្ញាណ​របស់​សាសនាចក្រ​នៅក្នុង​វួដ ឬ​សាខា​របស់ពួកគាត់ ។ អំឡុងពេល​រៀន​អំពី​កិច្ចការបកប្រែ​ដ៏​បំផុស​គំនិត​នៃ​ព្រះគម្ពីរ​ប៊ីប​របស់ព្យាការីយ៉ូសែប ស្ម៊ីធ នោះ​សិស្ស​បាន​រកឃើញ​គោលការណ៍​ថា កូនក្មេង​តូចៗ​គឺ​មាន​ភាព​បរិសុទ្ធ ត្រូវបាន​ញែក​ដោយ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥)

តាមរយៈ​ការសិក្សា​ការណែនាំ​របស់​ព្រះអម្ចាស់ ចំពោះ​ពួក​អែលឌើរ​មួយ​ក្រុម​នៃ​សាសនាចក្រ នោះ​សិស្ស​បាន​រៀន​អំពី​ពរជ័យ​នានា ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ដែលស្មោះត្រង់​នៅក្នុង​ការប្រកាស​ដំណឹង​ល្អ​ ។ តាមរយៈ​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ​ពួកអែលឌើរ​មួយ​ក្រុម​ផ្សេង​ទៀត នោះ​សិស្ស​បាន​ឃើញ​ថា​ព្រះអម្ចាស់​បញ្ជា​យើង​ឲ្យ​ឧស្សាហ៍​ក្នុង​គ្រប់​ជំពូក​ទាំងអស់ ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១-៤៩)

ខណៈ​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន​បាន​ពិចារណា​ពី​អត្ថន័យ​នៃ យ៉ូហាន ៥:២៩ពួកគេ​ត្រូវបាន​ប្រទាន​ការនិមិត្ត​មួយ​ពី​ព្រះអម្ចាស់ ។ មុននឹង​សិក្សា​អំពីការនិមិត្ត​នេះ សិស្ស​បាន​ឃើញ​គោលការណ៍​នានា​ទាក់​ទង​នឹង​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ដើម្បី​បើក​សម្តែង​សេចក្តីពិត​ដល់​ពួក​យើង ។ នៅពេល​សិស្ស​បាន​សិក្សា​ផ្នែកដំបូង​នៃ​ការនិមិត្ត នោះពួកគេ​បាន​រកឃើញ​គោលលទ្ធិ​ជាច្រើន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង សាតាំង ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ កូន​ចៅ​ទាំងអស់​របស់​ព្រះ លើកលែង​តែ​ពួក​កូន​អន្តរធានប៉ុណ្ណោះ អាច​ត្រូវបាន​សង្គ្រោះ​ចេញ​ពី​អំពើបាប​ផង និង សេចក្ដី​ស្លាប់​ផង ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០-៨០)

អំឡុងពេល​សិក្សា​ពី​អ្វី​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បាន​ឃើញ​នៅក្នុង​ការនិមិត្ត​ទាក់​ទង​នឹង​នគរ​សេឡេស្ទាល នោះ​សិស្ស​បាន​រកឃើញ​ពី​ពរជ័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​នឹង​ត្រូវប្រទាន​មក​ដល់​អស់​អ្នក​ដែល​ទទួល​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ហើយ​គោរពព្រះបញ្ញត្តិ​របស់​ទ្រង់ ។ សិស្ស​ក៏​បាន​ឃើញ​ផងដែរ​ថា យើង​អាច​ត្រូវបាន​ធ្វើ​ឲ្យ​ល្អ​ឥតខ្ចោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ការប្រៀបធៀប​នូវភាព​ខុសគ្នា​រវាង​នគរ​សេឡេស្ទាល និង នគរទេរេសទ្រាល នោះសិស្ស​បាន​រៀន​ថា ប្រសិន​បើ​យើង​ក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ នោះ​យើង​អាច​គ្រង​នគរ​សេឡេស្ទាល​នៃ​ព្រះ​បាន ។

សេចក្តីផ្ដើម

មេរៀន​នេះផ្តោតលើ​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន​បាន​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ និង នគរ​សេឡេស្ទាល និង នគរទេរេសទ្រាល​តាមរយៈ​ការនិមិត្ត​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦ ។

យោបល់​សម្រាប់​ការបង្រៀន

កំណត់ចំណាំ ៖ ដើម្បី​ជួយ​សិស្ស​ក្នុង​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​ទន្ទេញវគ្គ​ចំណេះចំណាន​ខគម្ពីរ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៤០–៤១, អ្នក​អាច​សូត្រ​វា​ជាមួយ​ពួកគេ​នៅ​ពេល​ចាប់ផ្តើម ឬ ពេល​ចប់​ថ្នាក់​នេះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២០-២៤

យ៉ូសែប ស៊្មីធ និង​ ស៊ីឌនី រិកដុន បាន​មើលឃើញ​ការនិមិត្ត​មួយ​អំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ

សម្រាប់​ទំនុក​ដម្កើង​ធម្មានិដ្ឋាន សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ច្រៀង​បទ « ខ្ញុំ​ដឹង​ថា ព្រះប្រោសលោះ​ខ្ញុំ​នៅរស់ » (ទំនុក​តម្កើង ទំព័រ ៧៦ ) ។ ពាក្យពេចន៏​នៃ​ទំនុក​តម្កើង​នេះ អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​គោលការណ៍​ទាំងឡាយ​ដែល​ពួកគេ​នឹង​រៀន​នៅថ្ងៃ​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ស្ថានភាព​ដូច​ខាង​ក្រោម ៖ អំឡុងពេល​កំពុង​អង្គុយ​នៅក្នុង​ថ្នាក់​រៀន​មួយ​នៅសាលារៀន គ្រូបង្រៀន​របស់អ្នក​ចាប់​ផ្ដើម​ពិភាក្សា​អំពី​សាសនា​ក្នុង​ពិភពលោក ។ នៅពេល​និយាយ​ពីគ្រិស្តសាសនា គ្រូបង្រៀន​សួរ​បើ​មាននរណា​ជាគ្រិស្ត​សាសនិក​ក្នុង​ថ្នាក់នេះ ដែល​ស្ម័គ្រចិត្ត​ចែកចាយ​អំពីជំនឿ​របស់​ខ្លួន​អំពីព្រះយេស៊ូវ​គ្រីស្ទ ។

  • ប្រសិន​បើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​នេះ តើ​អ្នក​នឹង​និយាយ​ថា​អ្នក​ជឿ ហើយ​ស្គាល់​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

សូមចង្អុល​បង្ហាញថាយើង​អាច​រៀន​សេចក្តីពិត​ជា​ច្រើន​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦ ។ សូម​ជួយ​សិស្ស​ឲ្យ​រំឭកបរិបទ​នៃ​វិវរណៈ​នេះ​ឡើង​វិញ​ដោយសួរ​សំណួរ​ខាងក្រោម ៖

  • តើ​ព្យាការី​យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន​បានធ្វើ​អ្វីខ្លះ​ពីមុនពួកលោកបាន​ទទួលការ​និមិត្ត ដែលបាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦? ( ប្រសិនបើ​ចាំបាច់ សូម​លើក​ទឹកចិត្តសិស្ស​ឲ្យ​មើលការណែនាំ​កណ្ឌ​នេះ​ឡើង​វិញ ) ។

  • តើ​យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន​បានឃើញនរណាមុន​គេ​នៅក្នុង​ការនិមិត្ត​នោះ ? ( ប្រសិនបើ​សិស្ស​ពុំអាចចាំ​ទេ សូមអញ្ជើញ​ពួកគេ​ឲ្យ​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:២០-២៤ ដើម្បី​ស្វែងរក​ចម្លើយ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:២០-២៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្អៀង​តាម រក​មើល​សេចក្តីពិត​ដែល​យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • តើមាន​សេចក្តីពិត​អ្វី​ខ្លះ​ដែល​យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការនិមិត្តនេះ ? ( សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ) ។

សិស្ស​អាច​នឹង​រកឃើញ​គោលលទ្ធិ​ផ្សេងៗ រួមមាន​ដូច​ខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​ជា​តួអង្គ​មានព្រះជន្ម​រស់ មាន​ព្រះកាយសិរី​រុងរឿង ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​តួអង្គ​ផ្សេង​ពីគ្នា ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​សំណព្វតែ​មួយគត់​របស់ព្រះវរបិតា ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​អង្គ​បង្កបង្កើត​នៃ​ពិភពលោក​នេះ និង​ពិភព​ដទៃទៀតហើយ យើង​គឺ​ជា​បុត្រា​បុត្រី​សំណព្វ​របស់​ព្រះ ។ ( ដើម្បី​ជួយសិស្ស​ឲ្យ​យល់​កាន់តែ​ប្រសើរ​ឡើង​នូវ​គោលការណ៍​ចុងក្រោយ​នេះ នោះ​អ្នកអាចអញ្ជើញ​ពួកគេ​ឲ្យ​អាន ម៉ូសាយ ៥:៧) ។

  • តើ​សេចក្តី​ពិត​ណា​មួយដែល​បាន​សរសេរ​នៅ​លើ​ក្តារខៀន ដែល​អ្នក​អាច​ថ្លែង​ទីបន្ទាល់​អំពី​វា​បាន ? តើ​អ្នកដឹង​ថា​វាជាការ​ពិត​ដោយ​របៀប​ណា ?

សូម​គិត​ពី​ការចែកចាយ​ទីបន្ទាល់ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ។

សូម​រំឭក​សិស្ស​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២២-២៤ គឺ​ជាវគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ សូម​ឲ្យ​ពួកគេ​ប្រាប់​ឈ្មោះ​ពីមនុស្ស​ដទៃ​ទៀត​ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​បង្ហាញព្រះកាយ​ទ្រង់​ដល់​ពួកគេ​ក្រៅ​ពីព្យាការី​យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន​ ។ ( នៅក្នុង​មេរៀន​សិក្សា​នៅ​ផ្ទះ​របស់​ពួកគេ​សម្រាប់​ថ្ងៃ​ទី ៣ សិស្ស​ត្រូវបាន​ចាត់​ឲ្យ​ស្វែងរក​បទគម្ពីរ​យោង ​ទៅ​នឹង​ដំណើរ​រឿង​ផ្សេង​ទៀត​នៅក្នុង​ព្រះគម្ពីរ ដែល​ព្យាការី​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការឃើញ​ព្រះអង្គ​សង្គ្រោះ ។ ឧទាហរណ៍​សូមមើល និក្ខមនំ ៣៣:១១; ពង្សាវតារក្សត្រទី ១ ១១:៩; និង អេសាយ ៦:៥; សូមមើល​ផងដែរ ម៉ាថាយ ៥:៨) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០-៨០

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន​ឃើញ​នរគ​សេឡេស្ទាល និង នគរ​ទេរេសទ្រាល​នៅក្នុង​ការនិមិត្ត

សូម​ឲ្យ​សិស្ស​ប្រាប់​ពីឈ្មោះ​ទីកន្លែង​មួយចំនួន​ដែល​ពួកគេ​ចង់​ទៅ​ពេល​វិស្សមកាល ឬ នៅថ្ងៃ​បុណ្យ​ជាតិ ។ ( សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ) ។ សូម​គូស​រង្វង់​លើ​ទិសដៅ​មួយ​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ពិពណ៌នា​ពី​ផ្លូវ​ដែលពួកគេ​នឹងត្រូវតែ​ធ្វើដំណើរ ដើម្បី​ទៅ​ដល់​ទិសដៅ​ដែល​ពួកគេ​បាន​ជ្រើសរើស ។ សូម​ជ្រើសរើស​យក​ទិសដៅ​មួយ​ទៀត​ចេញ​ពី​បញ្ជី​ទាំងនោះ​ដែល​សរសេរ​នៅ​លើ​ក្តារខៀន ​ដែល​មាន​ចំណុច​ពិសេស​ខុសៗគ្នា​ពី​ទិសដៅ​ទីមួយ​ដែល​អ្នក​បាន​គូសរង្វង់ ។

  • ប្រសិន​បើ​អ្នក​ធ្វើដំណើរតាម​ផ្លូវនៃ​ទិសដៅ​ទីមួយដែល​អ្នកបាន​ពិពណ៌​នា តើ​វា​នឹង​នាំ​អ្នក​ទៅកាន់​ទិសដៅ​ផ្សេងទៀត​ឬទេ ?

  • តើ​ទិសដៅ​ដែលអ្នកជ្រើសរើស​មានឥទ្ធិពល​លើ​ផ្លូវ​ ដែលអ្នក​ត្រូវ​តែ​ធ្វើ​ដំណើរ​ដើម្បីទៅដល់​ទីនោះ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​បើកសៀវភៅមគ្គុទេសន៍ការសិក្សារបស់​ពួកគេ​ទៅ «គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦៖ ចំណុចសំខាន់ៗ​នៃ​ការនិមិត្ត » រូប​នៅក្នុង​មេរៀន​សម្រាប់​ថ្ងៃ​ទី ៣ ។

រូបភាព
នគរ​នៃ​សិរីល្អ
  • តើ​ការពិភាក្សា​របស់​យើង​អំពី​ផ្លូវ និង ទិសដៅ​នានា​ទាក់ទង​នឹង​ការនិមិត្តដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦យ៉ាង​ដូចម្តេច ? ( ចេញ​ពី​ការនិមិត្ត​នេះ​យើង​រៀន​អំពី​ផ្លូវ ឬ ជម្រើស​នានា​ដែល​នាំ​ទៅ​រក​ទិសដៅ​ដ៏​អស់កល្ប​ជានិច្ច​ដែល​អាច​មាន​ដល់​យើង​ម្នាក់ៗ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥១-៥៣ ឲ្យ​ឮៗ ដែល​ពិពណ៌នា​អំពី​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ភាពតម្កើង​ឡើង ​នៅក្នុង​នគរ​សេឡេស្ទាល ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ទៀត​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៧២-៧៩ ឲ្យ​ឮៗ​ដែល ​ពិពណ៌នា​អំពីផ្លូវ​ដែល​នាំ​ទៅ​រកនគរ​ទេរេសទ្រាល ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើលផ្លូវ​ដែល​នាំ​ឆ្ពោះ​ទៅកាន់​នគរ​សេឡេស្ទាល ខុសពី​ផ្លូវ​ដែល​នាំ​ទៅកាន់​នគរ​ទេរេសទ្រាល​យ៉ាង​ដូចម្តេច ។

  • តើ​អ្នកបាន​សម្គាល់​ឃើញ​ភាពខុសគ្នា​អ្វី​ខ្លះ រវាង​អ្នក​ដែលគ្រងមរតក​នៃ​ភាព​តម្កើង​ឡើង​នៅក្នុង​នគរ​សេឡេស្ទាល និង អស់​អ្នក​ដែល​គ្រងមរតក​នៃនគរ​ទេរេសទ្រាល ? ( ភាពខុសគ្នា​មួយ​សំខាន់ ដែល​សិស្ស​អាច​សម្គាល់​ឃើញ​នោះ​គឺ​ថា អស់​អ្នក​ដែល​គ្រង​នគរ​ទេរេសទ្រាល « ពុំ​ក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ឡើយ (គ. និង ស. ៧៦:៧៩ ) ។

សូមឲ្យ​សិស្ស​រំឭក គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥១-៥៣ដោយ​រកមើលគោលការណ៍​មួយ​ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំង​នោះ ។

សូម​សរសេរ​គោលការណ៍​ពុំ​ពេញលេញ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​ក្លាហានក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ នោះ…

  • ចេញពីអ្វីដែលអ្នកបាន​រៀន​នៅក្នុង ខ ៥១-៥៣តើ​អ្នក​នឹង​បំពេញ​គោលការណ៍​នេះ​យ៉ាង​ដូចម្ដេច ? ( ពួកគេ​អាច​ប្រើ​ពាក្យផ្សេងៗ​គ្នា ប៉ុន្តែ​សិស្ស​គួរតែ​រកឃើញគោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​ក្លាហាន​នៅក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ នោះ​យើង​អាច​ទទួល​បានភាពតម្កើង​ឡើង​នៅក្នុង​នគរ​សេឡេ​ស្ទាល​នៃ​ព្រះ) ។

ដើម្បី​ជួយ​សិស្សឲ្យ​យល់​កាន់​តែប្រសើរ​ឡើង​អំពី​គោលការណ៍​នេះ សូម​ពិភាក្សា​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា​អ្វីខ្លះ​ជា​ភាពខុស​គ្នា​រវាង​ការមាន​ទីបន្ទាល់​ពី​ព្រះអង្គ​សង្គ្រោះ និង ការមាន​ភាព​ក្លាហាន​នៅក្នុង​ទីបន្ទាល់​នោះ ?

  • តើ​ទង្វើ និង ឥរិយាបទមួយ​ចំនួន​ណា​ខ្លះ ដែល​អ្នកបាន​ឃើញ​នៅក្នុងខ្លួន​នៃ​អស់អ្នក​ដែល​ក្លាហាន​ក្នុង​ទីបន្ទាល់​របស់​ខ្លួន​ពី​ព្រះអង្គសង្គ្រោះ ?

  • តើ​មានអ្វីខ្លះ​ដែលបាន​ជួយ​អ្នក​ឲ្យ​ក្លាហាន​នៅក្នុង​ទីបន្ទាល់​របស់ខ្លួន​ពីព្រះយេស៊ូវ​គ្រីស្ទ ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ពួកគេ​ម្នាក់​ៗ​មាន​សក្ដានុពល ​ដើម្បី​ទទួល​ភាពតម្តើង​ឡើង​នៅ​ក្នុង​នគរ​សេឡេស្ទាល ។ សូម​អញ្ជើញ​ពួកគេ​ឲ្យពិចារណា​ថា តើ​ជម្រើស​ដែលពួកគេ​កំពុង​ធ្វើ ​នាំ​ពួកគេ​ទៅកាន់​ទិសដៅ​អស់កល្បជានិច្ច ដែល​នឹង​នាំ​ពួកគេ​ទៅកាន់​សុភមង្គល​ដ៏​មហិមា​បំផុត​ឬទេ ។ សូម​លើក​ទឹកចិត្តពួកគេ​ឲ្យ​ក្លាហាន​នៅក្នុង​ទីបន្ទាល់​របស់ខ្លួន​ពីព្រះយេស៊ូវ​គ្រីស្ទ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១-១១៩; ៧៧-៨៣)

ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ការសិក្សា​របស់​ខ្លួន​ អំឡុងពេល​នៃ​សប្តាហ៍ក្រោយ​នេះ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​សំណួរ​ខាង​ក្រោម ៖ ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់រំពឹង​កាន់តែ​ខ្លាំង​ពី​អស់​អ្នក​ដែល​បាន​ទទួល​ពន្លឺ និង ចំណេះដឹង​កាន់តែ​ច្រើន​យ៉ាង​ដូច្នេះ ? ក្រៅពីបញ្ចប់​ការសិក្សា​របស់​ពួកគេ​អំពី​ការនិមិត្ត​ដែល​បាន​ប្រទាន​ឲ្យ​ព្យាការី​យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦, នោះ​នៅក្នុង​មេរៀន​បន្ទាប់​សិស្ស​នឹង​រៀន​ពី​អ្វី​ ដែល​ព្រះអម្ចាស់​រំពឹង​ចង់​បាន​ពី​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នូវ​អ្វីៗ​ជា​ច្រើន ។ សិស្ស​ក៏នឹង​អាន​ផងដែរអំពី​ការពន្យល់​នៃ​ពាក្យ « តួ​មាន​ជីវិត​បួន » ដែល​មាន​នៅក្នុង វិវរណៈ ៤:៦–៩