ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១-១១៩; ៧៧-៨៣ ( មេរៀន​ទី ១៧ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១-១១៩; ៧៧-៨៣ ( មេរៀន​ទី ១៧ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះ​គឺ​ជាសេចក្ដី​សង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង គោលការណ៍ដែលសិស្សបាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៨១-១១៩; ៧៧-៨៣ ( មេរៀន​ទី ១៧ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជាផ្នែកនៃមេរៀនរបស់អ្នកនោះទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ ៖ (គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១–១១៩៧៧)

នៅពេល​សិស្ស​បញ្ចប់​ការសិក្សា​របស់​ពួកគេអំពី​ការនិមិត្ត​នៃ​នគរ​នៃ​សិរីរុងរឿង នោះពួកគេ​បាន​រៀន​ថា អ្នកទាំងឡាយ​ដែល​ទទួលគ្រងមរតក​នៃ​នគរ​ទេឡេស្ទាល ត្រូវ​តែ​រងទុក្ខ​ក្នុង​ស្ថាននរក​ពីមុន​ពួកគេ​ត្រូវ​បាន​ប្រោសលោះ​ដោយ​ព្រះអង្គសង្គ្រោះ ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា នគរ​នៃ​សិរីល្អ​ដែល​យើង​គ្រងជាមរតកនឹង​ត្រូវ​បានកំណត់​ តាមរយៈ​ទង្វើ​របស់​យើង​នៅក្នុង​ជីវិត​នេះ និង បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨-៨០)

អំឡុងពេល​សិក្សា​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដើម្បី​បង្កើត​ក្រុមហ៊ុនរួម​មួយ​ នោះ​សិស្ស​បាន​រៀន​ថាការធ្វើកិច្ចការ​នានា​ដែល​ព្រះអម្ចាស់​បាន​បញ្ជា រៀបចំ​យើង​មានកន្លែង​មួយ​នៅក្នុង​នគរ​សេឡេស្ទាល ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា ប្រសិន​បើ​យើង​ទទួល​បាន​អ្វី​ទាំង​អស់​ដោយ​អំណរ​គុណ នោះ​ព្រះអម្ចាស់​នឹង​គុណទ្វេ​ពរជ័យ​របស់​យើង ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨១)

នៅពេល​សិស្ស​បាន​រៀន​អំពី​ការណែនាំ​របស់​ព្រះអម្ចាស់​ចំពោះ​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ នោះពួកគេ​បាន​ឃើញ​ថា​គណៈ​ប្រធាន​នៃ​បព្វជិតភាព​ជាន់ខ្ពស់ កាន់​កូនសោ​នៃនគរ​របស់ព្រះ​នៅលើ​ផែនដី ។ ក្រៅពីនោះ​ទៀត ពួកគេ​បាន​រៀន​ថា​ទីប្រឹក្សា​នៅក្នុងគណៈប្រធាន​គឺ​ដើម្បីគាំទ្រ និង ពង្រឹង​ដល់​ប្រធាន ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា ប្រសិន​បើ​យើង​ស្មោះត្រង់​នៅក្នុង​ការហៅ​បម្រើ​របស់​យើង នោះ​យើង​អាច​ធ្វើ​កិច្ចការ​បាន​យ៉ាង​អស្ចារ្យ​ដល់​មនុស្ស​ដទៃ​ទៀត ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨២-៨៣)

ចេញពី​ការណែនាំ​របស់​ព្រះអម្ចាស់​ទៅកាន់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពី​ជំនាន់​មុនៗ នោះសិស្ស​អាច​រៀន​ផងដែរ​ថា « ដល់​អ្នក​ណា​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជា​ច្រើន​វិញ » (គ. និង ស. ៨២:៣) ។ សិស្ស​បាន​សិក្សា​ពី​ការព្រមាន​របស់​ព្រះអម្ចាស់ថា ប្រសិន​បើ​យើងប្រព្រឹត្ត​អំពើបាប​ម្តង​ទៀត​បន្ទាប់ពី​យើង​ប្រែចិត្ត​ហើយ នោះ​អំពើបាប​ពីមុនៗរបស់​យើងនឹង​ត្រឡប់​មក​វិញ​ផងដែរ ។​ ពួកគេ​ក៏​បានរៀន​ផងដែរ​ថា ប្រសិន​បើ​យើង​នឹង​គោរព​តាម​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​រក្សា​ការ​សន្យា​របស់​ទ្រង់​ជានិច្ច ដើម្បី​ប្រទាន​ពរ​ដល់​យើង ។

សេចក្តីផ្ដើម

មេរៀន​នេះ​អាច​ជួយ​សិស្សឲ្យ​រកឃើញ​គោលការណ៍​នានា ចេញ​ពី​គំរូ​ដែល​បាន​ធ្វើ​ឡើង​ដោយព្យាការី​យ៉ូសែប ស្ម៊ីធ នៅពេល​លោក​បានសួរ​សំណួរដល់​ព្រះអម្ចាស់​អំពីគម្ពីរ​វិវរណៈ ។

យោបល់​សម្រាប់​ការបង្រៀន

កំណត់ចំណាំ ៖ សិស្ស​បាន​រៀន​អំពីវគ្គ​ចំណេះចំណាន​ខគម្ពីរ​ពីរ​នៅ​សប្តាហ៍​នេះ ។ ពួកគេ​បាន​ប្រើ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៩ ដើម្បី​សរសេរ​ការនិយាយ​រយៈពេល​ពីរនាទី ។ ​អ្នកអាច​អញ្ជើញ​ឲ្យ​សិស្ស​ពីរបីនាក់​ធ្វើ​បទបង្ហាញ​ការនិយាយ​របស់ពួកគេ​ក្នុង​ថ្នាក់ ។ ពួកគេ​ក៏​ទន្ទេញ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:១០ផងដែរ ។ សូម​គិត​ពី​ការអញ្ជើញ​សិស្ស​ក្នុងថ្នាក់​ឲ្យ​សូត្រ​ខគម្ពីនេះ​ជាមួយ​គ្នា ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៧

ព្រះអម្ចាស់​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​យ៉ូសែប ស៊្មីធ អំពី​គម្ពីរ​វិវរណៈ

សូម​ឲ្យ​សិស្ស​ពិចារណា​ដោយ​ស្ងៀមស្ងាត់​អំពីអ្វី ដែលពួកគេ​បាន​រៀន​នៅក្នុង​ការ​សិក្សា​ព្រះគម្ពី​រផ្ទាល់​ខ្លួនរបស់ពួកគេ ។ សូម​ឲ្យ​ពួកគេ​ពីរ​បី​នាក់​ចែកចាយគំនិត​ដែល​ពួកគេ​បានទទួល ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​មួយចំនួន​ចែកចាយ​ចម្ងល់​ដែលពួកគេ​មាន អំឡុងពេលសិក្សា​ផ្ទាល់ខ្លួន​របស់ពួកគេ​នោះ ។ ទាំងនេះ​អាច​រួមមានចម្ងល់​អំពី​អត្ថន័យនៃ​ពាក្យ ឬ​ឃ្លាណា​មួយ ជីវប្រវត្តិ​ខាង​ប្រវត្តិសាស្ត្រ អំពីអ្វីដែលពួកគេ​អាន ឬ​សារៈសំខាន់​នៃ​ខគម្ពីរ​ជាក់លាក់​មួយ ។ ( គោលបំណង​នៃ​ការអនុវត្ត​នេះ គឺ​ពុំ​មែន​ឆ្លើយ​ដល់សំណួរ​របស់សិស្ស​អំពី​បទគម្ពីរ​នោះទេ ប៉ុន្តែ​ដើម្បី​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​សួរ​សំណួរ​នៅពេល​យើង​សិក្សា ) ។ បន្ទាប់ពីសិស្សពីរបីនាក់​បាន​ចែកចាយ​រួច​ហើយ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​មាន​អ្វី​ខ្លះ​ដែល​ជួយ​អ្នក​ឲ្យ​យល់​ព្រះគម្ពីរ​បាន​កាន់តែ​ប្រសើរ​ឡើង ហើយ​រកឃើញ​ចម្លើយ​ចំពោះ​សំណួរទាំង​ឡាយ​ដែល​អ្នក​មាន ?

ដើម្បីជួយសិស្ស​យល់​បរិបទ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧, សូម​អញ្ជើញ​ពួកគេ​ឲ្យអាន​សេចក្ដីណែនាំ​កណ្ឌ ហើយ​រក​មើល​អ្វី​ដែល​ព្យាការី​យ៉ូសែប ស៊្មីធ​បាន​កំពុង​ធ្វើ​នៅពេល​លោក​បានទទួលវិវរណៈ​នេះ ។ បន្ទាប់ពី​សិស្ស​រាយ​ការណ៍ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​ហើយ នោះ​អ្នកអាចចង្អុល​បង្ហាញ​ថា​ឃ្លា «​ ទាក់ទងទៅនឹង​ការ​បកប្រែព្រះ​គម្ពីរ » គឺសំដៅ​ទៅលើ​បញ្ជា​របស់ព្រះអម្ចាស់​ថា យ៉ូសែប ស៊្មីធ​ត្រូវ​ធ្វើកំណែ​ថ្មី​ដែលបានបំផុសគំនិត​ចំពោះ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍ ។ កំណែថ្មី​ទាំងនេះ ឥឡូវ​ត្រូវ​បាន​ស្គាល់​ថា​ជា​ការ​បកប្រែ​របស់​យ៉ូសែប ស៊្មីធ ។ សូម​ពន្យល់​ថា​អំឡុងពេល​ដែល​យ៉ូសែប ស៊្មីធ​កំពុង​ធ្វើ​ការបកប្រែ​គម្ពីរ​វិវរណៈ នោះ​លោក​បាន​ទូលសួរ​ព្រះអម្ចាស់អំពី​អត្ថន័យ​នៃ​ខគម្ពីរ​មួយចំនួន ។ សំណួរ​ដែល​លោកបាន​សួរ និង ចម្លើយ​ដែលព្រះអម្ចាស់​បាន​បើក​សម្ដែង​គឺ​ត្រូវបាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើលការយល់ដឹង​នៅពេល​ពួកគេ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧ ដែល​អាចជួយ​ពួកគេឲ្យ​យល់​ដឹង​អំពី​ព្រះគម្ពីរ​កាន់តែជ្រៅជ្រះ ។

សូម​អញ្ជើញសិស្ស​ឲ្យសម្គាល់​ពី​របៀប​ដែលទម្រង់​នៃ គោលលទ្ធិ និងសេចក្ដី​សញ្ញា ៧៧ មានភាព​ខុសគ្នា​ពី​កណ្ឌ​ផ្សេង​ទៀត​នៅក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា ។ ពួកគេ​គួរ​តែ​កត់ចំណាំ​អក្សរ និង នៅជិត​នឹង​ខគម្ពីរ ឬ ឃ្លា និមួយៗពេញ​ទាំងកណ្ឌ​នោះ ។ សូមពន្យល់​ថាអក្សរ និមួយៗ តំណាង​ឲ្យ​សំណួរ​មួយមកពី​យ៉ូសែប ស៊្មីធ ហើយអក្សរ និមួយៗ​តំណាង​ឲ្យ​ចម្លើយ​របស់ព្រះអម្ចាស់ ។

សូមសួរ​សិស្ស​ប្រសិន​បើ​មាន​នរ​ណា​បាន​អាន​គម្ពីរ​វិវរណៈ​ខ្លះៗ ឬ អានទាំងអស់​រួចហើយ ។

  • តើការ​អាន​គម្ពីរវិវរណៈអាច​មានឧបសគ្គ​អ្វី​ខ្លះ ? ( ប្រសិន​បើ​សិស្ស​ពុំ​ប្រាប់​ទេ អ្នកអាច​ពន្យល់​ថា​គម្ពីរ​វិវរណៈ​អាច​នឹង​ពិបាក​យល់ ដោយសារតែនិមិត្តរូប​ដែល​មាន​នៅក្នុងគម្ពីរ​នោះ ) ។

ដើម្បី​ផ្ដល់​នូវ​ឧទាហរណ៍​អំពីរូបភាពនៃនិមិត្តរូបនៅក្នុង​គម្ពីរ​វវិរណៈ សូមអញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ឆ្លាស់​វេនគ្នា​អាន​ឲ្យ​ឮៗ​ចេញមកពី វិវរណៈ ៤:២-៨។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​ រក​មើលនិមិត្ត​រូប​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។ សូមអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ប្រាប់​ពី​និមិត្តរូប​ទាំងនេះ ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់​សរសេរ​វា​នៅលើ​ក្ដារខៀន ។ ( ចម្លើយ​អាច​រួមមាន ឥន្ទធនូ​ព័ទ្ធ​ជុំ​វិញ​បល្ល័ង្គ បល្ល័ង្ក​ម្ភៃបួន មកុដ​មាស ចង្កៀង​ប្រាំពីរឆេះ សមុទ្រ​កែវ និង តួ​មាន​ជីវិតបួន ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សំណួរ​របស់​យ៉ូសែប ស៊្មីធ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:១ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ម្នាក់​គូស​រង្វង់​លើ​និមិត្ត​សញ្ញា​នៅលើ​ក្ដារខៀន​ដែល​យ៉ូសែប ស៊្មីធ​បាន​ទូល​សួរ​ព្រះអម្ចាស់​ដើម្បី​ជួយលោកឲ្យ​យល់ ( សមុទ្រ​កែវ ) ។ បន្ទាប់​មក​ឲ្យ​សិស្ស​ម្នាក់ទៀត​អាន​ការ​ពន្យល់​របស់ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:១

  • តើ​ចម្លើយ​នេះ​ជួយ​យើង​យល់​កាន់​តែ​ប្រសើរ​ឡើងពី វិវរណៈ ៤:៦យ៉ាង​ដូចម្ដេច ?

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​ឲ្យដៃ​គូ​និមួយៗ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:២-៥ ជាមួយគ្នា រក​មើល​សំណួរ​បន្ថែម​ដែល យ៉ូសែប ស៊្មីធ បាន​សួរ​អំពី​និមិត្តរូប​នៅក្នុង វិវរណៈ ៤ និង​ចម្លើយ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ចំពោះ​សំណួរ​ទាំងនោះ ។ បន្ទាប់ពីទុកពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​ចម្លើយ​របស់ព្រះអម្ចាស់​ឆ្លើយចំពោះ​សំណួរ​របស់​យ៉ូសែប ស៊្មីធ ជួយ​ពួកគេ​ឲ្យ​យល់​អំពី​រូបភាព​និមិត្តរូប​មួយចំនួន​នៅក្នុង វិវរណៈ ៤:២-៨

សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​របៀប​ដែលពួកគេ​នឹង​ប្រើ​អ្វី​ដែលពួកគេ​បាន​រៀន​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧ ដើម្បី​សង្ខេប​អ្វី​ដែល​យ៉ូហាន​បាន​ពិពណ៌នា​នៅក្នុង វិវរណៈ ៤:២-៨។ សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយការ​សង្ខេបរបស់ពួក​គេ ។ បន្ទាប់មកសូមសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​យើងអាច​រៀន​អ្វីខ្លះពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧ អំពី​តួនាទី​របស់​ព្យាការី​ក្នុង​ការ​ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​បទគម្ពីរ ? ( ទោះជា​សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា​ក្តី ក៏​ពួកគេ​គួរ​បង្ហាញ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​បើក​សម្ដែង​ការ​បកស្រាយ​ត្រឹមត្រូវ​អំពី​បទគម្ពីរ​តាមរយៈពួក​ព្យាការី​របស់ទ្រង់ ។​ អ្នកអាច​ផ្តល់​យោបល់​ឲ្យ​សិស្ស​សរសេរគោលលទ្ធិ​នេះ​នៅក្នុង​គម្ពីរ​របស់ពួកគេ​ជិតការចាប់ផ្តើម​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧) ។

  • ហេតុអ្វី​អ្នកគិត​ថា​វា​សំខាន់​ដើម្បី​រៀន​ពីអ្វី​ដែល​ពួក​ព្យាការី​បាន​បង្រៀន​ទាក់ទង​នឹង​អ្វី​ដែល​យើង​សិក្សា​នៅក្នុង​បទគម្ពីរ​ដូច្នេះ ?

  • តើ​យើង​អាច​រកការ​បង្រៀន​របស់ពួកព្យាការី​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​យើងអាន​នៅក្នុង​ព្រះគម្ពីរ​នៅកន្លែងណា ?

នៅពេល​សិស្ស​ឆ្លើយ​សំណួរ​នេះ សូម​ចង្អុល​បង្ហាញ​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧ បង្ហាញ​ថា​ពាក្យសម្ដី​របស់ពួកព្យាការី​ដែល​បានកត់ត្រា​នៅក្នុង​ព្រះគម្ពីរ​អាច​ជួយ​ពន្យល់​បទគម្ពីរ​នានាផ្សេង​ទៀត ។ ជាច្រើន​លើកច្រើនគ្រា វគ្គ​បទគម្ពីរ​មួយ​នឹងពន្យល់ ឬ​ បកស្រាយ​នូវអ្វី​ដែលបាន​បើក​សម្ដែ​ង​នៅក្នុង​វគ្គ​បទគម្ពីរ​មួយទៀត ។ សូម​ពន្យល់​ថាជាញឹកញាប់​លេខ​យោង​មាន​នូវ​ក្នុងបទគម្ពីរ​ផ្ដល់​ជា​សេចក្ដី​យោង​ចំពោះ​វគ្គ​បទគម្ពីរ​ដ៏មានប្រយោជន៍​ទាំងនេះ ។

ដើម្បីបង្ហាញអំពី​ចំណុចនេះ សូមអញ្ជើញ​សិស្ស​ឲ្យ​អាន វិវរណៈ ៥:១ ដោយស្ងៀមស្ងាត់ រកមើល​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ​នៅក្នុង​ដៃរបស់​មនុស្ស​ម្នាក់​ដែល​អង្គុយ​នៅលើ​បល្ល័ង្គ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ប្រសិន​បើសិស្ស​កំពុង​ប្រើ​ការ​បោះពុម្ព​របស់ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បើក​ទៅ​សេចក្តីយោងខគម្ពីរ​ដែល​នៅក្នុង លេខ​យោង នៅក្នុង វិវរណៈ ៥:១ (គ. និង ស. ៧៧:៦) ។ ( ប្រសិន​បើ​សិស្ស​ពុំ​មាន​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយទេ សូមអញ្ជើញ​ពួកគេ​ឲ្យ​បើក​ទៅ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:៦ ដោយ​ផ្ទាល់​បន្ទាប់ពី​ពួកគេ​បាន​ពិពណ៌នាពីអ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​នៅក្នុង វិវរណៈ ៥:១) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:៦-៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សំណួរ​របស់​យ៉ូសែបស៊្មីធ​អំពី វិវរណៈ ៥:១ ក៏​ដូចជា​ចម្លើយ​របស់​ព្រះ​អម្ចាស់​ផងដែរ ។ វា​អាច​នឹងមាន​ប្រយោជន៍ ​ដើម្បី​ពន្យល់​ថា ​៧០០០​ឆ្នាំ​សំដៅទៅ​លើ​ពេលវេលា ចាប់​តាំង​ពី​ការ​ធ្លាក់​នៃ​អ័ដាម និង អេវ៉ា​មកម្ល៉េះ ។ វា​ពុំ​សំដៅទៅលើ​អាយុកាលពិត​ប្រាកដ​នៃ​ផែនដី រួមទាំងអាយុ​កាល​នៃ​ការ​បង្ក​បង្កើត​នោះទេ ។

សូម​ឲ្យសិស្ស​ប្រើ​ពាក្យ​សម្ដី​ផ្ទាល់របស់ពួកគេ​ដើម្បី​សង្ខេប​សំណួរ និង​ចម្លើយទាំងឡាយ ។ បន្ទាប់ពី​បញ្ចប់​សកម្មភាព​នេះ សូម​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ការ​ប្រើ​ប្រាស់​លេខយោង នៅពេល​យើង​សិក្សា​បទគម្ពីរ អាច​ជួយ​យើង​ឲ្យ​រក​ឃើញ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល អំពី​បទគម្ពីរ​ដែល​យើង​កំពុង​អាន ។

សូមចង្អុល​បង្ហាញ​ថា ទោះបីជា​មាន​តែ​ព្យាការី​ម្នាក់​គត់​ដែល​មានសិទ្ធិអំណាច​ដើម្បី​បកប្រែ​ព្រះគម្ពីរ​សម្រាប់ពិភពលោក​ក្ដី ក៏​យើង​ម្នាក់ៗ​គួរ​តែស្រាវជ្រាវ​ដើម្បី​មាន​ការ​យល់ដឹង និង អនុវត្ត​ផ្ទាល់​ខ្លួន​នៅពេល​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួនឯង ។

  • តើ​យើង​អាចប្រៀប​ប្រដូច​អ្វី​ដែល​យ៉ូសែប ស៊្មីធ​បាន​ធ្វើ​នៅពេល​លោក​បាន​សិក្សា និង ពិចារណា​អំពី​គម្ពីរ​វិវរណៈ​ទៅនឹងការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​របស់​យើង​យ៉ាងដូចម្តេច ?​ ( សិស្ស​អាច​នឹង​រកឃើញគោលការណ៍​មួយ​ដូច​ខាង​ក្រោម​នេះ ៖ ប្រសិនបើ​យើងទូលសុំដល់​ព្រះ​អម្ចាស់ នោះទ្រង់អាច​ជួយ​យើង​ឲ្យ​យល់​បទគម្ពីរ​ទាំងឡាយ )

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​ស្រាវ​ជ្រាវ​រក​អត្ថន័យ​ត្រឹមត្រូវ​នៃ​បទគម្ពីរ រួច​ហើយ​ព្យាយាម​អនុវត្តដោយ​ផ្ទាល់​ខ្លួន​ដូច្នេះ ?

សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​គ្រា​មួយ នៅពេលដែល​ពួកគេ​បាន​សុំ​ព្រះអម្ចាស់​ឲ្យជួយ​ពួកគេ​យល់​នូវ​បទគម្ពីរ និង របៀប​ដើម្បី​អនុវត្ត​ការ​បង្រៀន​នៅក្នុង​បទគម្ពីរ​ចំពោះ​ស្ថានភាព​ផ្ទាល់ខ្លួន​របស់ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​បទពិសោធន៍​របស់ខ្លួន ។

សូម​ពន្យល់​ថា​ខគម្គីរ​ដែល​នៅសល់​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧ មាន​សំណួរជា​ច្រើន​ទៀតដែល​យ៉ូសែប ស៊្មីធ​បាន​សួរ​អំពី​គម្ពីរ​វិវរណៈ និង​ចម្លើយ​របស់ព្រះអម្ចាស់​ចំពោះ​សំណួរ​ទាំង​នេះ ។ សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:៨-១៥ ដោយ​ប្រាប់​សិស្ស​ថា​វិវរណៈ​នេះ​បាន​អនុញ្ញាត​ឲ្យ​យ៉ូសែប ស៊្មីធ​រៀន​អំពី​ព្រឹត្តការណ៍​មួយចំនួន​ដែល​នឹង​កើត​ឡើង​ មុនពេល​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។

សូម​ប្រាប់សិស្ស​ថា​នៅពេល​ពួកគេ​សិក្សា​គម្ពីរ​វិវរណៈ​នាពេលខាងមុខ នោះចម្លើយ​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧ អាចជួយ​ពួកគេ​យល់​អំពី​អត្ថន័យ​នៃ​រូបភាព​ជានិមិត្តរូប​នៅក្នុង​គម្ពីរ ។

សូម​បញ្ចប់​មេរៀន​នេះ​ដោយ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ​ ឬ ដោយ​ចែកចាយ​បទពិសោធន៍​មួយ​ ដែល​អ្នក​មាន ជា​លទ្ធផល​មកពី ការ​ងាក​ទៅរក​ព្រះអម្ចាស់​សុំ​ជំនួយ​ដើម្បី​យល់​បទគម្ពីរ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤-៨៧)

ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ការសិក្សា​របស់​ខ្លួន​នៅ​អំឡុងពេល​នៃ​សប្តាហ៍​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​សំណួរ​ខាង​ក្រោម ៖ តើ​អ្នក​ធ្លាប់​គិត​ពី​អ្វីៗទាំងអស់​ដែល​ព្រះវរបិតាសួគ៌​មាន​ដែរ​ឬ​ទេ ? តើ​អ្នក​បាន​ដឹង​ទេ​ថា​ទ្រង់​បានសន្យា​ចែករំលែក នូវអ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន​ជាមួយ​ពួក​យើង​ដែរឬ​ទេ ? ការសិក្សា​របស់​អ្នក​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤–៨៧ នឹងជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ប្រសើរ​ឡើង​នូវ​អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ ដើម្បី​ស្គាល់​ព្រះ និង ទទួល​នូវ​គ្រប់​ពរជ័យ​ទាំងអស់​ដែល​ទ្រង់​មាន​នៅក្នុង​ឃ្លាំង​សម្រាប់​អ្នក ។