ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨៨ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤:៦២-១២០


មេរៀន​ទី ៨៨

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦២-១២០

បុព្វកថា

នៅខែ កញ្ញា ឆ្នាំ ១៨៣២ បន្ទាប់ពី​ការ​បើក​សម្ដែង​សេចក្ដីពិត​អំពី​បព្វជិតភាព និងសារៈសំខាន់​នៃ​ការ​ប្រុង​ស្ដាប់​តាម​ព្រះបន្ទូលទ្រង់ ព្រះអម្ចាស់​បាន​គូសបញ្ជាក់​អំពីការ​បញ្ជា​ឲ្យ​ពួកសាវក និង​ពួកអ្នកកាន់បព្វជិតភាព​ដទៃទៀត​ឲ្យ​ផ្សាយ​ដំណឹងល្អ​នៅទូទាំង​ពិភពលោក ។ វិវរណៈ​នេះ​បានសង្កត់ធ្ងន់ទៅលើ ការ​ផ្សាយ​ដំណឹងល្អ និង​ផ្ដល់​ការ​ណែនាំ​ស្រដៀងគ្នា​ទៅដល់​អ្នកទាំងឡាយ​ដែលព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រគល់​ទៅ​ឲ្យ​ពួកសាវក​បន្ទាប់ពី​ការ​រស់ឡើងវិញ​របស់ទ្រង់ ។ ព្រះអម្ចាស់ក៏បានពន្យល់ផងដែរអំពី​របៀប​ដែលកិច្ចការ​នេះ​ត្រូវ​សម្រេច រួមទាំង​របៀប​ដែល​អ្នកទាំងឡាយ​ចូលរួម​ក្នុង​កិច្ចការ​នេះ នឹង​ត្រូវ​បាន​គាំទ្រ និង​បន្ដ​នៅក្នុងកិច្ច​ខិតខំ​របស់ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦២-៧៦

ព្រះអម្ចាស់​បានចេញ​ការ​ហៅមួយ​ឲ្យ​ពួកបរិសុទ្ធ​ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍ និងពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ 

សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពីនរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​ថ្មីៗ​នេះ បានទទួល​ការ​ហៅ​បម្រើបេសកកម្ម ឬ​បាន​ចាកចេញ​ទៅបេសកកម្ម ។ សូម​ឲ្យ​សិស្ស​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​ពីទីកន្លែង​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងឡាយ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ។ សូមពិចារណា​ប្រើ​ភូគោលផែនដី ឬ​ផែនទី ដើម្បីជួយ​សិស្ស​មើល​ឃើញ​ពីទីកន្លែង​ដែល​ព្រះអម្ចាស់​បាន​ហៅ​ពួកអ្នកផ្សព្វផ្សាយសាសនា​ទាំងនេះ ។

សូម​ពន្យល់​ថា មនុស្ស​ម្នាក់ៗ​ចាំបាច់​ត្រូវមាន​ឱកាស​ដើម្បី​រៀន​ដំណឹងល្អ ។ សូម​ប្រាប់ពី​ចំនួនប្រជាជន​នៅលើ​ផែនដី​បច្ចុប្បន្ននេះ ( ប្រហែលជា ៧ កោដ ) ហើយ​ពន្យល់​ថា វា​នឹង​មិនអាច​ទៅរួច​ទេ ដែល​គណៈ​ប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង ពួកចិតសិបនាក់ និង​អស់​អ្នក​ដែល​កាន់​តំណែង​នានា ក្នុង​ការប្រកាស​ដំណឹងល្អ​ដល់​គ្រប់​ជាតិ​សាសន៍ គ្រប់ទីកន្លែង និង​បង្រៀន​ដល់មនុស្ស​គ្រប់​គ្នា​បាន​នោះទេ ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៦២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ទិសដៅ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់អ្នកទាំងឡាយ​ដែល​មានទំនួលខុសត្រូវក្នុង​ការផ្សាយដំណឹងល្អ ។

  • ស្របតាម ខ ៦២ តើ​ពួកអ្នកបម្រើ​របស់ព្រះអម្ចាស់​ត្រូវ​ផ្សាយ​ដំណឹងល្អ​នៅកន្លែង​ណា​ខ្លះ ?

  • បន្ថែម​ពី​លើ​ពួកអ្នកដឹកនាំ​បព្វជិតភាព តើ​នរណា​ផ្សេង​ទៀត​ដែល​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៅទូទាំង​ពិភពលោក ? ( សូម​ជួយសិស្ស​ឲ្យ​យល់​ថា ទោះជា​ការ​បម្រើ​ផ្សព្វផ្សាយសាសនា​ពេញម៉ោងភាគច្រើន​ត្រូវ​បាន​ធ្វើឡើង​ដោយ​យុវជន យុវនារី និង​ពួក​រៀមច្បង​ក្ដី ក៏ ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ទាំងអស់ មាន​ទំនួល​ខុសត្រូវ​ដើម្បីពាំនាំ​ដំណឹងល្អ​ទៅកាន់​ពិភពលោក​ទាំងមូល​ផងដែរ )

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« បទគម្ពីរ​ជា​ច្រើន​បាន​ថ្លែង​យ៉ាង​ច្បាស់​ថា សមាជិក​នៃ​សាសនាចក្រ​គ្រប់រូប មាន​ទំនួល​ខុសត្រូវ​ដើម្បី​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយសាសនា ។…

« ពួក​ព្យាការី​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ក៏​បាន​បង្រៀន​យ៉ាង​ច្បាស់​អំពី​បរិបទ​ដែល​ថា ការងារ​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​ការទទួល​ខុសត្រូវ​របស់​សមាជិក​ទាំងអស់​ដែរ ។ ប្រធាន ដេវីឌ អូ មិកឃេ បាន​បង្រៀន​អំពី​គោលការណ៍​នេះ ដោយ​មាន​ប្រសាសន៍​អញ្ជើញ​ថា ‹ សមាជិក​គ្រប់​រូប​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ! › ( សូម​មើល របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ ១៩៥៩ ទំព័រ ១២២ ) » « It Becometh Every Man, »Ensign, ខែ តុលា ឆ្នាំ ១៩៧៧,ទំព័រ ៣ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៦៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់អំពី​អ្វី​ដែល​អ្នកទាំងឡាយ​ជឿ ហើយ​ត្រូវ​បាន​ទទួល​បុណ្យជ្រមុជទឹក អា​ច​ទទួលបាន ។ សូម​អញ្ជើញសិស្ស​ឲ្យ​រៀបរាប់ អំពីចម្លើយ​របស់ពួកគេ ។

  • ហេតុអ្វី​ក៏​វា​សំខាន់​សម្រាប់​មនុស្ស​ទទួល​យក​ដំណឹងល្អ ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ? ( យើង​ត្រូវ​តែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ចូល​ទៅ​ក្នុងនគរ​នៃ​ព្រះ ) ។

សូម​អញ្ជើញសិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៦៥–៧៣ ដោយ​ស្ងាត់ស្ងៀម ហើយ​ប្រាប់​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ទាំងឡាយ​ដែល​ជឿ​ដល់​ពួកអ្នកបម្រើទ្រង់ ហើយត្រូវ​បានជ្រមុជទឹក ។ សូម​ឲ្យ​សិស្ស​រាយការណ៍​អំពីការរក​ឃើញ​របស់​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

  • ហេតុអ្វី​អ្នកគិត​ថា​អំណោយទាន​ទាំងនេះ នឹង​សំខាន់​សម្រាប់​អ្នកទាំងឡាយ​ដែល​ផ្សាយ និង​អ្នកទាំងឡាយ​ដែល​ជឿ​ដំណឹងល្អ​យ៉ាង​ដូច្នេះ ?

  • តើ​បទបញ្ញត្តិ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​នៅក្នុង​ខ ៧៣ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៧៤-៧៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់ពី​អ្វី​ដែលបាន​កើត​ឡើង​ដល់បុគ្គល​ម្នាក់​ៗ​ដែល​ជ្រើសរើស​មិនជឿ​ដំណឹងល្អ ហើយ​មិន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

  • តើ​មាន​អ្វី​កើត​ឡើង​ដល់​អ្នក​ទាំងឡាយ​ដែល​ជ្រើសរើស​មិនជឿ និង​មិន​ព្រម​ទទួល​បុណ្យជ្រមុជ​ទឹក ?

  • ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បាន​អាន​មកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤ តើ​អ្នក​នឹង​សង្ខេប​អំពីសារៈសំខាន់​នៃ​ការ​បង្រៀន​អ្នកដទៃ​អំពីដំណឹងល្អ​នៃព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៧៧-១២០

ព្រះអម្ចាស់​ប្រទាន​ការណែនាំ​ដល់​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ​របស់​ទ្រង់

  • តើ​មាន​អ្វីខ្លះ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្ទាក់ស្ទើរ​ពុំ​បម្រើ​ព្រះអម្ចាស់​ក្នុង​នាមជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ? ( ចម្លើយ​អាច​រួមមាន ការភ័យខ្លាច​ក្នុងការ​ចាកចេញពីផ្ទះ និងគ្រួសារ ការ​លះបង់​ពេលវេលា និង​ឱកាស ឧបសគ្គ​ខាង​ហិរញ្ញវត្ថុ ឧបសគ្គ​ក្នុងការ​និយាយ​ទៅកាន់​មនុស្ស​ចម្លែក​អំពី​ដំណឹងល្អ និង បារម្ភ​អំពីការ​រៀន​ភាសាថ្មី ) ។

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៧៧-៨៨ កត់ត្រា​អំពីការ​អះអាង​របស់​ព្រះអម្ចាស់​ចំពោះ​អ្នកផ្សព្វផ្សាយ​សាសនា​ថា ទ្រង់នឹង​មើល​ថែ​តម្រូវការ​របស់​ពួកគេ ។ ទ្រង់ក៏​បាន​សន្យា​នឹង​ពួកគេ​ផងដែរ​នូវពរជ័យ​ផ្សេងទៀត បើពួកគេ​នឹង​បំពេញទំនួលខុសត្រូវ​របស់ពួកគេ​ដើម្បីផ្សាយដំណឹងល្អ ។

សូម​ថតចម្លង តារាង​ដូចខាង​ក្រោម នៅលើ​ក្ដារខៀន ហើយ​សុំ​ឲ្យ​សិស្ស​ចម្លង​វា​ចូលទៅក្នុង​សៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ៖

ការបម្រើ​បេសកកម្ម

ទំនួលខុសត្រូវ

ពរជ័យ​ទាំង​ឡាយ

សូម​អញ្ជើញសិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៨០, ៨៥, ៨៧–៨៨ ហើយ​រកមើល​ទំនួលខុសត្រូវ និងពរជ័យ​ទាំងឡាយ​នៃការ​បម្រើ​ជាអ្នកផ្សព្វផ្សាយ​សាសនា ។ ( អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីយោង​បទគម្ពីរ​នេះ​នៅលើ​ក្ដារខៀន ) ។ អ្នក​អាច​នឹង​ផ្ដល់យោបល់​ឲ្យ​សិស្ស​អាន ជា​គូៗ ដោយ​សិស្ស​ម្នាក់​រកមើល​ទំនួលខុសត្រូវ ហើយសិស្ស​ម្នាក់ទៀត​ប្រាប់អំពីពរជ័យទាំងឡាយ ។ សូមសិស្ស​ឲ្យ​សរសេរអំពី​ការ​រកឃើញ​របស់ពួកគេ​នៅក្នុង​កូឡោន​ត្រឹមត្រូវ​ក្នុង​តារាង​របស់ពួកគេ ។

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​រៀនបាន​អ្វីខ្លះ អំពីទំនួលខុសត្រូវ​នៃ​ការ​បម្រើ​ជាអ្នកផ្សព្វផ្សាយសាសនា ? ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ពួកអ្នកផ្សព្វផ្សាយសាសនា « ចេញទៅ​ស្ដីបន្ទោស​មនុស្ស​លោក » (គ. និង ស. ៨៤:៨៧) ដោយ​ការ​បង្រៀន​អ្នកដទៃ​អំពី​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដោយ​ការ​អញ្ជើញ​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​រស់នៅ​តាម​គោលលទ្ធិ​ទាំងនោះ​ដោយ​សុទ្ធចិត្ត ) ។

  • តើ​ព្រះអម្ចាស់​នឹង​ប្រទានពរដល់​យើង​យ៉ាង​ដូចម្ដេច នៅពេល​យើង​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ចម្លើយ​របស់​ពួកគេ​គួរ​តែ​ឆ្លុះ​បញ្ចាំង​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ​៖ព្រះអម្ចាស់នឹង​ពង្រឹង​យើង ហើយ​គង់នៅជាមួយយើង នៅពេល​យើង​ចែកចាយ​ដំណឹងល្អ​ជាមួយអ្នកដទៃ ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ការ​សន្យា​ដែលបាន​ថ្លែង​នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨០, ៨៥, និង ៨៨ អាច​មានឥទ្ធិពល​ដល់​បំណង​ប្រាថ្នា និងលទ្ធភាព​របស់​បុគ្គល​ម្នាក់ៗ ដើម្បីចែកចាយដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« យើង​ពុំ​ចាំបាច់​ព្រួយចិត្ត​ថា យើង​នៅឯកកោ និងគ្មាន​ក្ដី​ស្រឡាញ់​នៅក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់​នោះ​ទេ ពីព្រោះ យើងពុំមែនបែបនោះ​ទេ ។ យើង​អាច​ទទួល​អារម្មណ៍ពី​ក្ដី​ស្រឡាញ់​របស់​ព្រះ ។ ព្រះអង្គ​សង្គ្រោះបាន​សន្យា​ថា​ពួកទេវតា​នឹង​នៅខាង​ឆ្វេង​យើង និង​ខាង​ស្ដាំ​យើង​ដើម្បី​លើក​ទ្រ​យើង​ឡើង ។ ( សូមមើល គ. និង ស. ៨៤:៨៨) ។ ហើយ​ទ្រង់​តែង​តែ​រក្សា​នូវ​ព្រះបន្ទូល​ទ្រង់ » (Mountains to Climb »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ២៦ ) ។

ថ្លែងទីបន្ទាល់​ថា ព្រះអម្ចាស់នឹង​ពង្រឹង​យើង ហើយ​គង់​នៅ​ជាមួយ​យើង នៅពេល​យើង​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។ អ្នក​ក៏អាច​នឹង​ចង់ចែកចាយ​បទពិសោធន៍​មួយ​ចេញពី​ជីវិត​ផ្ទាល់​របស់​អ្នក​ដែល​បង្ហាញពី​គោលការណ៍​នេះ ។

សូម​សរសេរ​សេចក្ដីថ្លែងការណ៍​ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ខ្ញុំ​នឹង​បំពេញ​ទំនួល​ខុសត្រូវ​របស់​ខ្ញុំ​ដើម្បី​ចែកចាយ​ដំណឹងល្អ​ដោយ …

សូម​អញ្ជើញ​ពួកគេ​ឲ្យ​បំពេញ​សេចក្ដីថ្លែង​ការណ៍​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៨៩–៩៧ ដោយ​ការ​ពន្យល់ថា ព្រះអម្ចាស់​បញ្ជាក់ថា អ្នក​ទាំងឡាយដែលទទួល​អ្នក​ផ្សព្វផ្សាយសាសនា​របស់​ទ្រង់ ក៏ទទួលយក​ទ្រង់​ដែរ ហើយ​នឹង​ត្រូវ​បាន​ប្រទានពរ ។ ផ្ទុយទៅវិញ អ្នកទាំងឡាយដែលបដិសេធ​ពួកអ្នកបម្រើ​របស់ព្រះ និង​ព្រះបន្ទូល​របស់ទ្រង់ នឹង​បាត់បង់​ពរជ័យ ហើយ​នឹង​ត្រូវ​បណ្ដាសា ។

ចូ​រពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៩៨-១០២ មាន​នូវ​ទំនុក​ចម្រៀង​នៃ​ក្ដីអំណរ និង​ការសរសើរ ទាក់ទង​នឹង​ការ​ប្រោសលោះ​នៃ​ស៊ីយ៉ូន ។ ឃ្លា « ការ​ប្រោសលោះ​នៃ​ស៊ីយ៉ូន » សំដៅទៅលើ​ស្ថានភាព​ដែល​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់ព្រះ នៅថ្ងៃមួយ​នឹង​រីករាយ ដោយសារ​ពួកគេ​បានជ្រើសរើស​មករកទ្រង់ ហើយទទួល​រាល់ពិធីបរិសុទ្ធ និងពរជ័យ​នៃ​ដំណឹងល្អ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៩៨ ឲ្យឮៗ ។ សូម​ចង្អុល​បង្ហាញ​ថា ចម្រៀង​នៃ​ការ​ប្រោសលោះ​នៃ​ស៊ីយ៉ូន នឹង​ត្រូវ​បាន​ច្រៀង​បន្ទាប់ពី​ការ​យាងមក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​មនុស្ស​ទាំងអស់​ដែល​នៅលើ​ផែនដី​នឹង​មក​ស្គាល់​ទ្រង់ ។

សូម​បង្ហាញ​រូបភាព​នៃ​ដៃ​គូ​អ្នកផ្សព្វផ្សាយ​សាសនា​មួយ​គូ ។ ( បើអ្នក​បាន​បម្រើ​ជាអ្នកផ្សព្វផ្សាយសាសនា អ្នកអាច​នឹង​ចង់​បង្ហាញ​ដល់សិស្ស​នូវ​រូបភាព​មួយ​អំពីខ្លួនអ្នក​ជាមួយនឹង​ដៃគូ ដែល​ជា​ប្រភព​នៃ​កម្លាំង​ចំពោះអ្នក ) ។

  • ហេតុអ្វី​អ្នកគិត​ថា ព្រះអម្ចាស់​ហៅ​អ្នកផ្សព្វផ្សាយសាសនា​ឲ្យ​បម្រើ​ជាដៃគូ​ដូច្នេះ ?

  • តើ​ការ​ហៅ​មួយចំនួនទៀត​នៅក្នុងសាសនាចក្រ​ដែលយើង​បម្រើ​ជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត​មានអ្វីខ្លះ ? ( ចម្លើយអាច​រួមមាន គណៈ​ប្រធាន ដៃគូ​បង្រៀន​តាមផ្ទះ និង​ដៃគូ​សួរសុខទុក្ខ​តាមផ្ទះ និង​គណៈ​កម្មការ​នានា ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១០៦ ឲ្យឮៗ ។ សូមសិស្ស​ក្នុងថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​ប្រាប់​នូវ​អ្វី​ដែលព្រះអម្ចាស់​បាន​ណែនាំ​ដល់​សមាជិក​សាសនាចក្រ​ឲ្យធ្វើ​ដើម្បី​ពង្រឹង​ដល់គ្នា​ទៅវិញ​ទៅមក ។

  • តើ​ព្រះអម្ចាស់​ប្រាប់​ឲ្យ​សមាជិក​សាសនាចក្រ​ធ្វើអ្វីខ្លះ ដើម្បី​ពង្រឹង​ដល់គ្នាទៅវិញទៅមក? ( សិស្ស​គួរ​តែ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ អ្នកទាំងឡាយ​ដែល​រឹងមាំ​នៅក្នុង​ព្រះវិញ្ញាណ គឺ​ត្រូវ​ស្អាង​ដល់អ្នកទាំងឡាយ​ដែល​ទន់ខ្សោយ )

  • តើ​អ្នក​គិត​ថា « រឹងមាំ​នៅក្នុង​ព្រះវិញ្ញាណ » វា​មាន​ន័យ​យ៉ាង​ណា ? តើ​នៅពេលណា​ដែល​អ្នក​ត្រូវ​បាន​លើក​តម្កើង​តាមរយៈ​ការ​ធ្វើការ​ជាមួយនរណា​ម្នាក់​ដែល​រឹងមាំ​នៅក្នុង​ព្រះវិញ្ញាណ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយតប អ្នកអាច​នឹង​ចង់​ចែកចាយ​បទពិសោធន៍​មួយ ។ បើអ្នកមាន​រូបថត​ខ្លួនឯង និង​ដៃគូ​ផ្សព្វផ្សាយសាសនា មកដាក់តាំង នោះអ្នក​អាចពន្យល់​អំពី​របៀប​ដែល​ដៃគូ​នេះ​បានជួយ​ពង្រឹង​ដល់អ្នក) ។

សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​ស្ថានភាព​ខាង​វិញ្ញាណ​បច្ចុប្បន្ន​របស់ពួកគេ ។ សូមអញ្ជើញ​អ្នកទាំងឡាយ​ដែល​គិត​ថា​ខ្លួនឯង​ទន់ខ្សោយ​ខាង​វិញ្ញាណ​ឲ្យ​គិត​អំពីនរណា​ម្នាក់ ដែល​ពួកគេ​ស្គាល់ ដែល​រឹងមាំ​ខាង​វិញ្ញាណ ហើយ​ស្វែងរក​ឱកាស​ដើម្បី​រៀនមក​ពីបុគ្គលនេះ ។ សូម​អញ្ជើញ​អ្នកទាំងឡាយ​ដែល​គិត​ថា ខ្លួនគេ​រឹងមាំ​ខាង​វិញ្ញាណ​ឲ្យ​ស្វែងរក​វិធី​ដើម្បីលើក​ទឹកចិត្ត និង​ពង្រឹង​ដល់អ្នកដទៃ ។

សូម​អញ្ជើញសិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១០៩–១១០ ដោយ​ស្ងាត់ស្ងៀម ហើយរក​មើល​អ្វីមួយ​ទៀត ដែល​សមាជិក​នៃ​សាសនាចក្រ​អាច​ធ្វើ​ដើម្បី​ពង្រឹង​ដល់គ្នា​ទៅវិញ​ទៅមក ។

  • នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​ចំណែក​ផ្សេងៗ​នៃ​រូបកាយ​តំណាង​ឲ្យអ្វី ? ( សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ ) ។ តើ​និមិត្តរូបនេះ​អាច​បង្រៀន​យើង​អំពី​ការ​ពង្រឹង​ដល់គ្នា​ទៅវិញទៅមក​យ៉ាង​ណា​ខ្លះ ? ( យើង​ចាំបាច់​ត្រូវ​ចងចាំ​អំពី​តម្លៃ និង​សារៈសំខាន់​នៃ​សមាជិក​ម្នាក់ៗ​ក្នុង​សាសនាចក្រ ) ។

សូម​បញ្ជាក់​ថា ព្រះអម្ចាស់​ស្រឡាញ់​យើង​ម្នាក់ៗ ហើយ​បាន​ប្រទាន​ដល់​យើង​ម្នាក់ៗ​នូវ​ទេពកោសល្យ​ផ្សេងៗ​គ្នា ដែល​យើង​អាច​ប្រើ​ដើម្បី​បម្រើ​ដល់​អ្នកដទៃ ។

សូម​ពន្យល់​ថា បន្ទាប់ពីការ​ផ្ដល់​ការណែនាំ​ខ្លះៗ​ដល់ ប៊ីស្សព នូវល ខេ វីតនី និង អ្នក​កាន់បព្វជិតភាព​ដទៃ​ទៀត ( សូម​មើលគ. និង ស. ៨៤:១១១–១១៧) ព្រះអម្ចាស់​បាន​ធ្វើ​សេចក្ដីសន្យា​មួយ​ដល់​ពួក​អ្នកបម្រើ​របស់​ទ្រង់​ដែល​បាន​ចេញ​ទៅ​ដោយ​សេចក្ដីជំនឿ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១១៨-១១៩ ឲ្យឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី ដែល​ព្រះអម្ចាស់​បាន​សន្យា ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​ព្រះអម្ចាស់​បាន​សន្យា​ដល់ ពួកអ្នក​បម្រើ​ស្មោះត្រង់​របស់​ទ្រង់​ថា មើល​ឃើញ​អ្វី​ខ្លះ ? តើ​អ្នកបាន​មើល​ឃើញ​ព្រះអម្ចាស់​ប្រើ​ព្រះចេស្ដា​នៃ​ស្ថានសួគ៌​នៅក្នុង​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ?

សូម​ថ្លែង​ទីបន្ទាល់​ថា ទោះជា​មនុស្ស​មួយ​ចំនួន​ក្នុងពិភពលោក ពុំ​អាច​មើលឃើញ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ក្ដី ក៏​ថ្ងៃ​មួយ​នឹង​មកដល់ ពេល​ដែល​មនុស្ស​ទាំងអស់​នឹង​មើល​ឃើញទ្រង់ ហើយ​ស្គាល់ថា​ទ្រង់ជា​នរណា ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៨០-៨៣។ « ដ្បិត​យើង​មិន​ទ្រាំ​ឲ្យ​ពួកគេ​មាន​កាបូប ឬ​យាម​ទៅ​ជាមួយ​ឡើយ »

នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ពួក​អ្នកបម្រើទ្រង់​ឲ្យ​ផ្សាយ​ដំណឹងល្អ​ដោយគ្មាន​កាបូប ឬ​យាម​ទៅ​ជាមួយ​ឡើយ ( សូមមើលម៉ាថាយ ១០:៩-១០,លូកា ១០:១-៤) ។ មនុស្ស​នៅក្នុង​ជំនាន់​នេះ បាន​ប្រើ​កាបូប​ដើម្បី​ដាក់​ប្រាក់ និង​យាម​ដើម្បី​ដាក់​អាហារ ។ ព្រះអម្ចាស់បានណែនាំ​អ្នក​ផ្សព្វផ្សាយសាសនា​កុំ​ឲ្យ​បារម្ភ​អំពី​អាហារ សម្លៀក​បំពាក់ បន្ទប់ដេក ឬ​សេចក្ដីត្រូវការ​ខាង​សាច់ឈាម​ផ្សេងៗ​ឡើយ ។ ពួកគេ​គឺ​ពឹង​ផ្អែក​ទៅលើ​ព្រះអម្ចាស់ និង​អ្នកដទៃ​សម្រាប់​អាហារ​របស់ពួកគេ ។

អែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​អត្ថន័យ​ដើម្បី​ផ្សាយ​ដំណឹងល្អ​ដោយគ្មាន​កាបូប ឬ​យាម​នៅ​ពេលបច្ចុប្បន្ន ថា៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ច្បាប់​ពិសេស​មួយ​បាន​អនុវត្ត​ចំពោះអ្នកទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ​ឲ្យទៅ​កាន់ពិភពលោក ដោយគ្មាន​កាបូប ឬ​យាម ហើយ​ផ្សាយដំណឹងល្អ ។ សម្រាប់​ជំនាន់ និង​គ្រា​នៃ​ការបម្រើ​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ នោះពួកគេ​ពុំ​ត្រូវមាន​កង្វល់​អំពី​សហគ្រា​អាជីវកម្ម ឬ​កិច្ចការ​ខាង​សាច់ឈាម​ឡើយ ។ ពួកគេ​ត្រូវ​រួចផុត​ពីបន្ទុក​កាព្វកិច្ច ដែល​តែងតែ​មាន​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​គ្រប់គ្រង​កិច្ចការ​ខាង​សាច់ឈាម ។​ ចំណាប់​អារម្មណ៍​របស់​ពួកគេ​ទាំងមូល និង​កម្លាំង​របស់​ពួកគេ​ទាំងអស់ ព្រមទាំង​ទេពកោសល្យ​ទាំងឡាយ គឺ​ត្រូវ​ផ្ដោត​ទៅលើ​កិច្ចការ​នៃ​ការ​បម្រើ ហើយ​ពួកគេ​មាន​ការ​សន្យា​របស់​ព្រះបិតា​ថា ទ្រង់​នឹង​ទទូលខុស​ត្រូវ​ចំពោះ​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ » (Doctrinal New Testament Commentary, Volume ១: The Gospelsវ៉ុលទី ៣ [ ឆ្នាំ ១៩៦៦-៧៣ ] ១:២៤៣ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៨០-៨៥។ ព្រះអម្ចាស់​ឧបត្ថម្ភ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« អ្នកផ្សព្វផ្សាយសាសនា​រាប់ពាន់នាក់ បាន​ដាក់​ការ​សន្យា​នេះ​ដើម្បីសាកល្បង ហើយព្រះអម្ចាស់​បាន​រក្សា​ការ​សន្យា​ទ្រង់​ដល់មនុស្ស​ទាំងអស់ ដែល​ស្មោះត្រង់​ចំពោះ​ការ​បម្រើ​របស់​ពួកគេ ។ ប្រាកដ​ណាស់ បើ​ព្រះបិតា​ដឹង​ពី​សត្វចាប​មួយ​ក្បាល​ដែល​ធ្លាក់​ចុះ នោះ​ទ្រង់​នឹង​ពុំ​បោះបង់​នរណា​ម្នាក់​ដែល​គោរព​ប្រតិបត្តិ​ដោយ​ស្មោះត្រង់​ចំពោះ​ទ្រង់ ដែល​នឹង​ស្វែងរក​ជំនួយ​ពី​ទ្រង់​ឡើយ ។ មាន​មនុស្ស​ទាំងឡាយ​ដែល​បាន​ចេញទៅ ហើយ​បាន​នឿយហត់​ខាង​រូបកាយ និង​ចិត្ត ហើយ​ដែល​បាន​ស្រេកឃ្លាន តែគ្មានសង្ស័យទេថា មានពួកអ្នកផ្សព្វផ្សាយ​សាសនា ដែលពុំ​បាន​ប្រគល់​ដួងចិត្ត​របស់​ពួកគេ​ទាំងអស់​ដល់​ព្រះអម្ចាស់ ពួកគេ​បែរ​ជា​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ឥតប្រយោជន៏ ក្នុងពេល​ដែល​វា​ចាំបាច់​សម្រាប់​ពួកគេ​ដើម្បី​ប្រកាស​អំពី​សេចក្ដីពិត​នោះ » ( Church History and Modern Revelation វ៉ុលទី ២ [ ឆ្នាំ ១៩៥៣ ] ១:៣៤៤ ) ។