ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩០-៩២


មេរៀន​ទី ៩៦

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩០-៩២

បុព្វកថា

នៅថ្ងៃទី ៨ ខែ មិនា ឆ្នាំ ១៨៣៣ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០។ វិវរណៈ​នេះ​មាន​នូវ​ការ​ណែនាំ​ដល់​គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់ខ្ពស់ និង​ជា « ជំហាន​បន្ដ » នៅក្នុង​ការ​បង្កើត​នៃ​គណៈប្រធានទីមួយ ( សូមមើល សេចក្ដីណែនាំ​កណ្ឌ ) ។ នៅ​ថ្ងៃទី ៩ ខែ មិនា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ បាន​ទូលសួរបើសិន​ជា​លោក​គួរ​តែ​បញ្ចូល​អាប៉ូគ្រីផា​នៅក្នុង​ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប​របស់​លោក​ឬ​អត់ ។ ព្រះអម្ចាស់​បាន​ឆ្លើយ​ត​ប​ចំពោះ​សំណួរ​របស់ យ៉ូសែប ស៊្មីធ តាមរយៈ​វិវរណៈ​ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩១ហើយ​ប្រាប់​លោក​ថា វា​ពុំ​ចាំបាច់​ត្រូវបកប្រែ​ទេ ។ គ្រាន់តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក នៅថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ១៨៣៣ ព្យាការី​បាន​ទទួលវិវរណៈ ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩២ ដែលណែនាំ​ដល់ ហ្រ្វែឌើរិក ជី វិលលាម្ស ជា​ទីប្រឹក្សា​ម្នាក់​របស់ យ៉ូសែប ស៊្មីធ ឲ្យ​ធ្វើជា​សមាជិក​សកម្ម​ម្នាក់​នៃ​ក្រុមហ៊ុន​សហភាព ដែល​បាន​ស្ថាបនា​ឡើង​ដើម្បី​មើល​ខុស​ត្រូវ​លើ​សុខុមាលភាព និង​កិច្ចការ​អាជីវកម្ម​របស់​សាសនាចក្រ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:១-១៨

ព្រះអម្ចាស់​បាន​ណែនាំ​ដល់​គណៈប្រធាន​អំពី​បព្វជិតភាព​ជាន់ខ្ពស់ស្តី អំពី​ទំនួលខុសត្រូវ​របស់ពួកគេ

សូម​ចាប់ផ្ដើមមេរៀន​ដោយ​ការសួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អំណោយ​ដ៏មាន​តម្លៃ​បំផុត ដែល​អ្នក​ធ្លាប់​បាន​ទទួល​គឺជា​អ្វី ? តើ​ហេតុអ្វី​វា​មានតម្លៃ ?

សូម​អញ្ជើញសិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:១-៣ឲ្យឮៗ ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​រកមើលអ្វី​មួយ​ដែល​មានតម្លៃ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ។

  • តើ​យ៉ូសែប ស៊្មីធ បានកាន់កាប់​អ្វី ? ( កូនសោ​នៃ​នគរ ដែលមានន័យ​ថា ជា​សិទ្ធិ​ទាំងឡាយ​នៃ​គណៈប្រធាន ឬ​ព្រះចេស្ដា ដែលព្រះ​ប្រទាន​ដល់មនុស្ស​ដើម្បីគ្រប់គ្រង និង​ដឹកនាំ​នគរ​របស់ទ្រង់​នៅលើ​ផែនដី ) ។ ហេតុអ្វី​ក៏​របស់​នោះ​មានតម្លៃ ?

សូមអញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:៤-៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​អំពី​ការ​ព្រមាន​ដែល​​ព្រះអម្ចាស់​បានប្រទាន​ដល់​ពួក​អ្នកបរិសុទ្ធ ។ ( អ្នកអាច​ត្រូវ​ពន្យល់​ថា ដូច​បាន​ប្រើ​នៅក្នុង​ខ ៤-៥ពាក្យព្រះបន្ទូល​ទាំងឡាយ​សំដៅទៅលើ​វិវរណៈ​ទាំងឡាយ​មកពី​ព្រះ​តាមរយៈពួក​ព្យាការី​របស់​ទ្រង់ ) ។

  • តើ​ការ​ព្រមាន​អ្វី​ខ្លះ ដែលព្រះអម្ចាស់​បានប្រទាន​ដល់ពួកបរិសុទ្ធ ? តើ​គោលការណ៍​អ្វី​ខ្លះ ដែលយើង​អាច​រៀនមកពី​ការ​ព្រមាន​នេះ ? ( ចម្លើយ​របស់​សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​នូវ​គោលការណ៍​ដូច​ខាងក្រោម ៖បើ​យើង​រាប់​វិវរណៈ​ទាំងឡាយ​ដែលព្រះប្រទាន​ឲ្យ​តាមរយៈ​ពួក​ព្យាការីរបស់​ទ្រង់​ជាឥត​ការ នោះ យើង​នឹង​ជំពប់ ហើយដួល ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​អ្នកគិត​ថា ការរាប់​វិវរណៈទាំងឡាយ ដែលព្រះប្រទាន​ឲ្យ​តាមរយៈ​ពួក​ព្យាការីរបស់​ទ្រង់​ជា«ឥត​ការ» វាមានន័យ​យ៉ាង​ណា​ ? តើ​គំរូ​នៃវិវរណៈ​មួយចំនួន​ដែល​មនុស្ស​អាច​នឹង​ត្រូវ​បាន​ល្បួង​ឲ្យ​រាប់​ជា​ឥតការមានអ្វីខ្លះ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:៦ដោយ​ស្ងាត់​ស្ងៀម រកមើល​អ្នកណា​ផ្សេងទៀត​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូលថា នឹង​កាន់​កូនសោ​ទាំងឡាយ​នៃ​នគរនោះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

សូម​ពន្យល់​ថា នៅថ្ងៃទី ១៨ ខែ​មិនា ឆ្នាំ ១៨៣៣ ជា​រយៈពេល​ដប់ថ្ងៃ​បន្ទាប់ពីកណ្ឌទី ៩០​ត្រូវ​បាន​ប្រទាន​ឲ្យ នោះ យ៉ូសែប ស៊្មីធ បាន​ញែក ស៊ីឌនី រិកដុន និង ហ្រ្វែឌើរិក ជី វិលលាម្ស ជា​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់ខ្ពស់ ដែល​ក្រោយ​មក​ត្រូវ​បាន​ហៅ​ថា​ជា​គណៈប្រធានទីមួយ​នៃ​សាសនាចក្រ ។

  • តើ​គោលលទ្ធិ​អ្វី​ដែល​យើង​រៀនមក​ពី ខ ៦​នេះ ?​ ( ចម្លើយ​របស់សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​អំពី​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖គណៈ​ប្រធាន​ទី​មួយ កាន់​កូនសោ​ទាំងឡាយ​នៃ​នគរ ។ សូម​ប្រាកដ​ថា សិស្ស​យល់​ថា ទោះបីជា​សមាជិក​ម្នាក់ៗ​នៃ​គណៈ​ប្រធាន​ទី​មួយ កាន់កូនសោ​ទាំងឡាយ​នៃ​នគរ​ក្ដី ក៏​ប្រធាន​សាសនាចក្រ គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែលអាច​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល ) ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:៧-១០ដោយ​ការ​ពន្យល់​ថា គណៈ​ប្រធាន​ទី​មួយ ត្រូវ​បាន​ណែនាំ​ឲ្យ​រៀបចំ​សមាជិក​នៃ​សាលា​នៃ​ពួក​ព្យាការី ដើម្បី​ផ្សាយ​ដំណឹងល្អ​ទៅទូទាំង​ពិភពលោក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:១១ដោយស្ងាត់​ស្ងៀម ហើយ​ពិចារណា​អំពី​របៀប​ដែល​ខគម្ពីរ​នេះ ត្រូវ​បាន​បំពេញ​នៅសព្វថ្ងៃ​នេះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បានរៀន ។

អ្នក​ក៏អាច​នឹង​ចង់​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:១២-១៨ផងដែរ ។ ខគម្ពីរ​ទាំងនេះ បង្រៀន​ថា ព្យាការី យ៉ូសែប ស៊្មីធ និង​ទីប្រឹក្សា​របស់​លោក គឺ​ត្រូវ​រៀបចំ​ឲ្យ​កិច្ចការ​នៃ​សាសនាចក្រ​មាន​របៀប​រៀបរយ ។

អ្នកអាច​ថ្លែង​ទីបន្ទាល់​ថា គណៈ​ប្រធាន​ទី​មួយ កាន់​កូនសោ​ទាំងឡាយ​នៃ​នគរ ហើយ​ចែកចាយ​អារម្មណ៍​របស់អ្នក អំពី​សារៈសំខាន់​នៃ​ការ​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់ពួកលោក។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:១៩-៣៧

ព្រះអម្ចាស់​ណែនាំ​ដល់ពួក​បរិសុទ្ធ​នៅ​ក្រុងស៊ីយ៉ូន

សូម​ពន្យល់​ថា នៅពេល​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០ លោក និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត ស្ថិត​នៅក្នុង​ស្ថានភាព​លំបាក​មួយ ដោយសារ​តែ​សាសនាចក្រខ្វះ​ធនធាន​ហិរញ្ញវត្ថុ​ ។

  • តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាងណា នៅពេល​ស្ថានភាព​នានា​នៅក្នុង​ជីវិត​របស់​អ្នក​កាន់តែ​យ៉ាប់​យ៉ឺនទៅៗ​នោះ ?

សូម​ពន្យល់​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:១៩-៣៧មាន​នូវការ​ណែនាំ​របស់ព្រះអម្ចាស់​ចំពោះ​អ្នកដឹកនាំ​ជំនាន់​មុន​អំពី​របៀប​ដើម្បី​គ្រប់គ្រង​ស្ថានភាព​ពិបាកៗ​ដែលពួកគេ​ជួប​ប្រទះ ។ សូម​ឲ្យ​អញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:២៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​អំពី​ការ​ប្រឹក្សា​ដែល​អាច​លួងលោម​ចិត្ត​ដល់បុគ្គល​ម្នាក់ៗ​ដែល​កំពុង​ឆ្លង​កាត់​គ្រា​លំបាកៗ ។

  • តើ​ការ​ប្រឹក្សា​នៅក្នុងខ ២៤អាច​លួង​លោម​ចិត្ត​បុគ្គលទាំងឡាយ​ដែល​កំពុង​ឆ្លង​កាត់​គ្រា​លំបាកៗយ៉ាង​ដូចម្តចេខ្លះ ? តើ​អ្នក​នឹង​ថ្លែង​អំពីសារលិខិត​របស់ព្រះអម្ចាស់​នៅក្នុង​ខគម្ពីរ​នេះ ជា​គោលការណ៏​យ៉ា​ងដូចម្ដេច ? ( ចម្លើយ​របស់​សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖បើ​យើ​ងស្រាវជ្រាវ​ដោយ​ឧស្សា​ហ៍​ព្យាយាម អធិស្ឋាន​ជានិច្ច ជឿ និង​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​របស់​យើង នោះគ្រប់​អ្វីៗ​ទាំងអស់ នឹង​ធ្វើ​ការ​រួមគ្នា​សម្រាប់​សេចក្ដីល្អ​របស់​យើង )

  • តើ​អ្នកគិត​ថា រឿង​គ្រប់​យ៉ាង​នឹង​ធ្វើការ​ជាមួយ​គ្នា​សម្រាប់​សេចក្ដីល្អ​របស់​យើង មានន័យ​យ៉ាងដូចម្តេច?

  • តើ​នៅពេល​ណាដែល​អ្នក​ព្យាយាម​មានភាព​ស្មោះត្រង់ អំឡុង​គ្រា​លំបាក ហើយ​មាន​អារម្មណ៍​ថា​បាន​ទទួល​ពរជ័យ ដែលជា​លទ្ធផលតបវិញ​នោះ ?

សូម​ពន្យល់​ថា សមាជិកនៃសាសនាចក្រ​ម្នាក់ ដែល​បង្ហាញនូវ​សេចក្ដីជំនឿ​ដ៏អស្ចារ្យ​អំឡុង​គ្រា​ពិបាក គឺ វីអែណា ចាកស៍ ។ សូម​ចាត់​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​ផ្ដល់​ច្បាប់​ចម្លង​នៃព័ត៌មាន​ដូច​ខាង​ក្រោមដល់​សិស្ស​ម្នាក់មួយ​ច្បាប់ៗ​អំពី វីអែណា ចាកស៍ ។ សូមអញ្ជើញ​ដៃគូ​ទាំងឡាយ​ឲ្យ​សិក្សាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:២៨-៣១ជាមួយគ្នា ហើយ​ប្រាប់​អំពី​ការ​ណែនាំ​ជាក់លាក់ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ វីអែណា ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​សិក្សា​ឯកសារ​ដែលចែក​ឲ្យ​នោះ ហើយ​រក​មើល​របៀប​ដែល​វីអែណាមាន​ភាព​ស្មោះត្រង់ ។

វីអែនណា ចាកស៍ គឺ​ជា​គំរូ​នៃ​មនុស្ស​មាន​ចិត្ត​ស្មោះត្រង់​មួយ​រូប ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា​ច្រើន​នៅ​ជំនាន់​ដំបូង ។ គាត់​បាន​កើត​នៅ​ថ្ងៃ​ទី ១០ ខែ មិថុនា ឆ្នាំ ១៧៨៧ ។ បន្ទាប់​ពី​គាត់​បាន​ជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ទីក្រុង បូស្តុន រដ្ឋ ម៉ាស្សាឈូសេត ស.រ.អា គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ក្នុង​ឆ្នាំ ១៨៣១ ។ គាត់​ស្នាក់នៅ​ទីនោះ​ប្រាំ​មួយ​សប្ដាហ៍ ហើយ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។ ពេល​ត្រឡប់ទៅ បូស្តុន វិញ វីអែណា បាន​ជួយ​នាំ​សមាជិក​ជាច្រើន​រូប​នៃ​គ្រួសារ​របស់​គាត់​មក​ក្នុង​សាសនាចក្រ ។ បន្ទាប់មក គាត់ « លក់​អាជីវកម្ម​របស់គាត់ ហើយ​បាន​ត្រឡប់ទៅ​ខឺតឡង់​វិញ​ដើម្បី​រួប​រួម​កិច្ច​ខិត​ខំ និង​ចូលរួមសកម្មភាព​នានាជាមួយ​នឹង​សាសនាចក្រ​ជា​រៀងរហូត» ( « Home Affairs»Woman’s Exponent,ថ្ងៃទី ១ ខែ​កក្កដា ឆ្នាំ ១៨៧៨ ទំព័រ ២១ ) ។ នៅ​ឆ្នាំ ១៨៣៣ វីអែណា បាន​ឧទ្ទិស​ទ្រព្យ​សម្បត្តិទាំងអស់​របស់គាត់ រួមមាន ១៤០០ ដុល្លារ​អាមេរិក​ដល់​សាសនាចក្រ អំឡុង​គ្រា​មួយ​ដែលប្រាក់ជា​តម្រូ​វការ​ចាំបាច់ ។ បន្ទាប់មក គាត់​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ មិសសួរី ដើម្បី​ទទួល​កេរមរតក​របស់គាត់​នៅ​ស៊ីយ៉ូន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​យូ​ប៉ុន្មាន​បន្ទាប់​ពី​គាត់​ទៅ​ដល់​ទីនោះ គាត់​បាន​រងទុក្ខ​សេចក្ដី​បៀតបៀន​ជាមួយ​ពួក​បរិសុទ្ធ ។ បន្ទាប់ពី​ត្រូវ​បាន​គេ​បណ្ដេញ​ចេញពី​គេហដ្ឋាន​របស់​គាត់​នៅ​រដ្ឋ មិសសួរី គាត់បាន​ចូលរួមមើល​ថែ​អ្នក​ជំងឺ​ក្នុង​ជំរុំ​ស៊ីយ៉ូន ។ ហ៊ីប៊ឺ ស៊ី ឃឹមបឹល បាន​សរសេរ​ថា « ខ្ញុំ​បាន​ទទួល​សណ្ដាន​ចិត្ត​ដ៏​អស្ចារ្យ … ពី​បងស្រី វីអែណា ចាកស៍ ដែល​បាន​បម្រើ​ខ្ញុំ និង​បងប្អូនប្រុស​របស់ខ្ញុំ តាម​តម្រូវការ -- សូម​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់ [គាត់] ចំពោះ​សណ្ដានចិត្ត​ល្អ [របស់​គាត់] » («Extracts from H. C. Kimball’s Journal,»Times and Seasons,ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ១៨៤៥ ទំព័រ ៨៣៩-៤០ ) ។

ខណៈពេល​នៅ​ក្នុង​រដ្ឋ មិសសួរី វីអែណាបានរៀបការនឹង ដានីយ៉ែល សៀរើរ ។ គាត់​បានធ្វើ​ដំណើរ​ពី​ទិស​ខាង​លិច​ទៅរដ្ឋ យូថាហ៍ នៅ​ឆ្នាំ ១៨៤៧ ហើយ​នៅ​អាយុ ៦០ ឆ្នាំ បាន​បររទេះ​គោ​ដោយ​ខ្លួន​ឯង​ឆ្លង​កាត់​វាល​ទំនាប ។ គាត់បាន​តាំង​លំនៅ​នៅ​ទីក្រុង​សលត៍ លេក ហើយ​បានធ្វើ​ការ​ធ្ងន់ពេញមួយជីវិត ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​គាត់ និង​សិក្សា​ព្រះគម្ពីរ​យ៉ា​ងឧស្សាហ៍ព្យាយាម ។ វីអែណា បាន​ទទួលមរណភាព​នៅថ្ងៃទី ៧ ខែ​កុម្ភៈ ឆ្នាំ ១៨៨៤ នៅ​អាយុ ៩៦ ឆ្នាំ ។ ក្នុង​ពិធីបុណ្យ​សពរបស់គាត់ បាន​ថ្លែ​ង​ថា « គាត់ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់គាត់ ហើយ​បាន​គោរព​ដល់​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ចាត់ទុកជា​ទ្រព្យ​សម្បត្តិ​ដ៏​ពុំអាច​កាត់ថ្លៃបាន » («In Memoriam» Woman’s Exponentថ្ងៃទី ១ ខែ មិនា ឆ្នាំ ១៨៨៤ ទំព័រ ១៥២ ) ។ ( សូមមើល​ផងដែរ ស៊ូសាន អេស្ដុន ប្លាក«Happiness in Womanhood,»Ensignខែ មិនា ឆ្នាំ ២០០២ ទំព័រ ១២-១៤ ) ។

នៅពេល​ដៃគូ​ទាំងឡាយ​បាន​បញ្ចប់​ការអាន សូមពិភាក្សា​អំពីសំណួរដូចខាងក្រោមជាមួយសិស្សក្នុងថ្នាក់ ៖

  • តើ​វីអែណា ចាកស៍ បំពេញ​តាម​ការ​ណែនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់គាត់​យ៉ា​ងដូចម្ដេច ? តើ​មានអ្វី​ខ្លះ ដែល​បាន​ធ្វើ​ឲ្យអ្នកចាប់អារម្មណ៍​អំពី វីអែណា ចាកស៍ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​មកពី​អ្វី​ដែលអ្នក​អាន​អំពី វីអែណា ចាកស៍ ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩១

ព្រះអង្គ​សង្គ្រោះ​ណែនាំ​ដល់ យ៉ូសែប ស៊្មីធ កុំ​ឲ្យ​បក​ប្រែ​អាប៉ូគ្រីផា

បើអាច​ធ្វើ​ទៅបាន សូម​បង្ហាញ​ប្រភព​នៃ​ព័ត៌មាន​ដែលបាន​កត់ត្រា​ទុក​ផ្សេងៗ​មួយចំនួន ដូចជា​សៀវភៅ កាសែត ឬ​ទស្សនាវដ្ដី ឬ​ទូរសព្ទ ។

  • តើអ្នកអាច​ដឹង​យ៉ាង​ដូចម្ដេច ថា​អ្វីមួយដែលអ្នក​បាន​អានពីធនធាន​ទាំងនេះ​គឺជា​ការ​ពិត ?

សូម​ពន្យល់​ថា វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩១ បានណែនាំ​យ៉ូសែប ស្ម៊ីធ ពីរបៀប​ដើម្បីញែកឲ្យដឹង ថា​អ្វី​ដែល​គាត់​កំពុង​អានគឺ​ត្រឹមត្រូវ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីណែនាំ​កណ្ឌឲ្យឮៗ ។ សូមឲ្យសិស្សក្នុង​ថ្នាក់ផ្ទៀងតាម ហើយរកមើល​នូវ​អ្វី​ដែល យ៉ូសែប បាន​កំពុង​ធ្វើ ក្នុង​ពេល​ដែល​លោក​បាន​ទទួល​វិវរណៈ​នេះ ។ សូម​អញ្ជើញពួកគេឲ្យ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

សូម​ពន្យល់​ថា អាប៉ូគ្រីផា គឺ​ជា​ការ​ប្រមូល​ផ្ដុំ​នៃ​សៀវភៅ​ពិសិដ្ឋៗ​របស់​ប្រជាជន​យូដា ដែល​ពុំ​ត្រូវ​បាន​ដាក់បញ្ចូល​នៅក្នុង​គម្ពីរ​ហេព្រើរ ( សញ្ញា​ចាស់ ) ប៉ុន្តែ​ត្រូវ​បាន​ដាក់បញ្ចូល​ទៅក្នុង​ការ​បក​ប្រែភាសា​ក្រិច​នៃ​គម្ពីរ​ប៊ីប មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​ជំនាន់​របស់ព្រះគ្រីស្ទ ។ គម្ពីរ​មួយចំនួន​ជាស្ពានភ្ជាប់​ពេលវេលា ចម្លោះ​គ្រា​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​សញ្ញាថ្មី ។ នៅពេល​ពួក​សាសនិកជន​ជំនាន់​មុន​បាន​ប្រមូល​ផ្ដុំ​គម្ពីរ​ទាំងឡាយ​នៃ​ព្រះគម្ពីរ​ប៊ីប ប៉ុន្មាន​សតវត្សរ៍​ក្រោយ នោះ​ពួកគេ​បាន​ដាក់​បញ្ចូល​គម្ពីរ​នៃ​អាប៉ូគ្រីផាចូលគ្នា ប៉ុន្តែ​មានសំណួរ​ទាំងឡាយ​ថា​តើគម្ពីរទាំងនេះ​ស្ថិតនៅ​ខាង​ណា​នៃ​ព្រះគម្ពីរ​ ។ ព្រះគម្ពីរ​បរិសុទ្ធ​ដែល​យ៉ូសែប ស្ម៊ីធ បាន​ប្រើ​ដើម្បី​បង្កើត​ការបកប្រែ​ដ៏​បំផុស​គំនិត​របស់​លោក​នោះ​មាន​នូវ​គម្ពីរ​អាប៉ូគ្រីផា​ផង​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​តែ​សុពលភាពនៃ​អាប៉ូគ្រីផា ស្ថិត​នៅក្នុង​ចម្ងល់ នោះ យ៉ូសែប បាន​ទូល​សួរ​ដល់ព្រះអម្ចាស់ បើសិនជា​ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប​របស់គាត់ គួរ​តែ​ដាក់បញ្ចូល​នូវ​គម្ពីរ​ទាំងនេះ​ឬទេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩១:១-៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវអ្វី​ដែល យ៉ូសែប ស៊្មីធ បាន​រៀនអំពី​អាប៉ូគ្រីផា ។ ( អ្នក​ចាំបាច់​ត្រូវ​ពន្យល់​ថា ពាក្យ​បញ្ចេញបញ្ចូល គឺ​ជា​អ្វី​មួយ​ដែល​បាន​ដាក់​ចូល​ទៅ​ក្នុង​ការសរសេរ​ដោយ​ដៃ ពេលខ្លះ​វា​បណ្តាល​ឲ្យ​បង្ខូច​អត្ថន័យ​នៃ​អត្ថបទ​ដើម ) ។

បន្ទាប់ពី​សិស្ស​រាយការណ៍​នូវអ្វី​ដែលពួក​គេ​រក​ឃើញ​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩១:៤-៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ប្រាប់​អំពី​របៀប​ដែល យ៉ូសែប ស៊្មីធ អាច​ដឹង​នូវ​អ្វី​ដែល​ពិត​នៅក្នុង​អាប៉ូគ្រីផា ។

  • តើ​យ៉ូសែប អាច​ដឹង​ថា​អ្វី​ជាការ​ពិត​នៅក្នុង​អាប៉ូគ្រីផា​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ប្រឹក្សា​នៅក្នុងខ ៤–៦ អាចជួយ​យើង​យល់​អ្វី​ដែលយើង​អានយ៉ាង​ដូចម្ដេច ? ( សិស្ស​គួរ​តែ​ប្រាប់នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ជួយ​យើង​ដឹង បើ​សិនជា​អ្វី​ដែលយើង​បានអាន​ជា​ការ​ពិត )

អ្នកអាចអញ្ជើញសិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​មួយ ដែលពួកគេ​បាន​មាន នៅពេល​ពួកគេ​ទទួលអារម្មណ៍​ពីព្រះវិញ្ញាណបរិសុទ្ធ បញ្ជាក់ថា អ្វីដែលពួកគេ​បានអាន​ជាការ​ពិត ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩២

ហ្រ្វែឌើរិក ជី វិលលាម្ស គឺ​ត្រូវ​ទទួល​ឲ្យចូល​ទៅក្នុង​សហសមាគម

សូម​ពន្យល់​ថា វិវរណៈ​ដែលមាន​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩២បានណែនាំ​ដល់​ពួកអ្នកដឹកនាំ​សាសនាចក្រ ដែល​មានចំណែក​នៅក្នុង​សហសមាគម ( ក៏​បាន​ហៅ​ថាជា​សណ្ដាប់​រួម ) ដើម្បី​ទទួល ហ្រ្វែឌើរិក ជី វិលលាម្ស ចូល​ក្នុង​សហសមាគម ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩២:១-២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​អំពី​របៀប​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ ហ្រ្វែឌើរិក ជី វិលលាម្ស ធ្វើជា​សមាជិក​ក្នុង​សមាគម ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​អ្នក​គិត​ថា ហ្រ្វែឌើរិក ជី វិលលាម្ស ជា « សមាជិក​សកម្ម » មានន័យ​យ៉ាងណា ?

  • តើ​អ្នកអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​អាច​ធ្វើជា​សមាជិក​សកម្ម​របស់សាសនាចក្រ​សព្វថ្ងៃនេះ ?

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​យើងអាច​រៀនមកពីខ ២អំពី​ពរជ័យទាំងឡាយ​ដែលបាន​សន្យា​ដល់ពួកស្មោះត្រង់ ? ( ចម្លើយ​របស់សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖បើ​សិនជា​យើង​ស្មោះត្រង់នៅក្នុង​ការ​រក្សា​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រូវ​បាន​ប្រទានពរ​ជារៀងរហូត )

សូមបញ្ចប់ជាមួយនឹង​ទីបន្ទាល់​របស់អ្នកអំពី​សារៈសំខាន់​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​បាន​ប្រាប់នៅក្នុង​មេរៀន​នេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:២៤ ។ « ព្យាយាម​ស្វែងរក »

ព្រះអម្ចាស់​បាន​ដាស់តឿនឲ្យ​ពួកបរិសុទ្ធ « ព្យាយាម​ស្វែងរក សូមអធិស្ឋាន​ជានិច្ច ហើយសូម​មានជំនឿ ហើយគ្រប់ការណ៍​ទាំងអស់​ផ្សំគ្នា សម្រាប់​សេចក្ដីល្អ​ដល់​អ្នក » (គ. និង ស. ៩០:២៤) ។ ប្រធាន ហារ៉ូល ប៊ី លី បានពន្យល់​ថា ការ​ប្រឹក្សា​នេះ នឹង​មានអត្ថន័យ​ជាក់លាក់​ចំពោះ​អ្នកដឹកនាំ​សាសនាចក្រ​ជំនាន់​មុន ដែល « មាន​បទពិសោធន៍ ឬ​គ្មានបទពិសោធន៍​សោះ​នៅក្នុង​ការ​គ្រប់គ្រង​សាសនាចក្រ » ហើយ​ដែល​បានជួប​នឹង​បញ្ហា​ពិបាកៗ​នៅ​ពេល​ដែល​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ (Stand Ye in Holy Places: Selected Sermons and Writings of President Harold B. Lee [ឆ្នាំ ១៩៧៤] ទំព័រ ១៩៧ ) ។ លោកបាន​ពន្យល់​បន្ថែម​អំពី​អត្ថន័យ​ដើម្បី « ព្យាយាម​ស្វែងរក » ថា៖

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

« ព្យាយាម​មានន័យ​ថា ឧស្សាហ៍ ផ្ទុយពី​ការ​ខ្ជិល ឬ​ការ​មិនយកចិត្តទុកដាក់ ឬ​មិនអើពើ ។ ជាពាក្យ​ម្យ៉ាង​ទៀត ពួកគេ​ត្រូវ​តែស្វែងរក​ដើម្បី​ឲ្យ​បានស្គាល់​គោលលទ្ធិ​នៃ​សាសនាចក្រ ពួកគេ​ត្រូវ​តែ​ស្វែងរក​ដើម្បី​ដឹង​អំពីការណែនាំ​ទាំងឡាយ​ដែលបាន​ប្រទាន​ឲ្យ​ទាក់ទង​នឹង​ទម្រង់ការ​នៃ​សាសនាចក្រ » (Stand Ye In Holy Places ទំព័រ ១៩៨ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:២៥-២៧។ តើ​ពួកបរិសុទ្ធ​ត្រូវរក្សា​គ្រួសារ​របស់ពួកគេ​ឲ្យ « មានចំនួនតូច » ឬ ?

នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:២៥-២៧ « ព្រះអម្ចាស់​ព្រមាន​ដល់ពួក​អ្នកបម្រើ​របស់ទ្រង់ ជាពិសេស​ឪពុក​របស់​ព្យាការី សូមឲ្យ​ក្រុមគ្រួសារពួកគេ​មានចំនួន​តូច ដើម្បី​ឲ្យ​សម្ភារដែល​បាន​ផ្គត់​ផ្គង់​ដល់ពួកគេ​ពីសាសនាចក្រ ពុំ​ត្រូវ​បាន​ផ្ដល់ដល់​អស់​អ្នក​ដែលមិនសក្ដិសម​ឡើយ (ខ ២៥ ) ដែល​មានទំនោរ​ចង់​កេងចំណេញពីស្ថានភាព​មួយ។ នៅពេលព្រះអម្ចាស់​ទូន្មានពួកគេឲ្យរក្សាគ្រួសារមានចំនួនតូច នោះទ្រង់គាត់ពុំសំដៅលើ កូនចៅបង្កើតរបស់ពួកគេទេ តែសំដៅលើភ្ញៀវ មក​នៅយូរ​ត្រាំងត្រែង ដែល​មានទំនោរ​ចង់​យក​ប្រយោជន៍​ពី​ការ​ស្វាគមន៍ និងចិត្តទូលាយ​របស់​បងប្អូនប្រុសឲ្យរស់​​នៅក្នុង​ផ្ទះ គឺទ្រង់​ចង់សំដៅលើ​ទង្វើទាំងនោះ។ បងប្អូនប្រុស​ទាំងឡាយ​នឹង​ពុំត្រូវ​បាន​រារាំង​ពី​ការ​សម្រេច​កិច្ចការ​របស់ព្រះអម្ចាស់​ទេ បើ​ពួកគេ​យកចិត្ត​ទុកដាក់​ពី​រឿង​នេះ » ( Sidney B. SperryDoctrine and Covenants Compendium[ឆ្នាំ ១៩៦០] ទំព័រ ៤៦២ សូមមើល​ផងដែរ Doctrine and Covenants Student Manual,បានបោះពុម្ព​លើកទីពីរ [Church Educational System manual, ឆ្នាំ ២០០១ ] ទំព័រ ២១៤ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩១:៤-៦។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយយើង​ដឹង​បើ​សិនជា​អ្វី​ដែលយើង​អានជា​ការពិត ឬ អត់

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​បង្រៀន ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« គ្មាន​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ ដែល​យើង​ងាយ​នឹង​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្រើន—ព្រោះ​ព័ត៌មាន​ខ្លះ​ពិត ខ្លះទៀត​មិន​ពិត ហើយ​ភាគ​ច្រើន​នោះ​ពិត​ខ្លះៗ ។

« ហេតុដូច្នេះ​ហើយ គ្មាន​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​ណា សំខាន់​ជាង​ការរៀន​ឲ្យ​បាន​ត្រឹមត្រូវ អំពី​របៀប​ដឹង​រវាង​សេចក្តីពិត និង ការណ៍​ក្លែងក្លាយ​ឡើយ ។…

« ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ជា​អ្នក​ផ្ដល់​វិវរណៈ ។ ទ្រង់​គឺ​ជា​អង្គលួងលោម​ចិត្ត ដែល​បង្រៀន​យើង ‹ សេចក្ដីពិត​អំពី​គ្រប់ការ​ណ៍ទាំងអស់ [ដែល] ជ្រាប​​គ្រប់ការណ៍​ទាំងអស់ ហើយ​មានព្រះចេស្ដាគ្រប់​យ៉ាង ស្របតាម​ប្រាជ្ញា សេចក្ដីមេត្តាករុណា សេចក្ដីពិត សេចក្ដីយុត្តិធម៌ និងសេចក្ដីជំនុំជម្រះ › [ម៉ូសេ ៦:៦១] ។…

« សាក្សីនៃ​សេចក្ដីពិត​មកពីព្រះវិញ្ញាណបរិសុទ្ធ គឺមានសម្រាប់មនុស្សទាំងអស់ គ្រប់ទីកន្លែង នៅជុំវិញសកលលោក ។ អស់អ្នកទាំងឡាយណាដែលស្វែងរក​ដើម្បី​ស្គាល់សេចក្ដីពិត ដែលសិក្សា​ចេញពីគំនិត​របស់ពួកគេ [ សូមមើលគ. និង ស. ៩:៨] ហើយ​ដែល « សួរ​ដោយចិត្ត​ស្មោះស គឺ​ដោយស្មោះ​អស់ពីចិត្ត ដោយ​មាន​សេចក្ដីជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ [ នឹង​ដឹង ] សេចក្ដីពិត… ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ › [​មរ៉ូណៃ ១០:៤] » ។ ( « តើ​សេចក្ដី​ពិតជាអ្វី ? [Church Educational System devotional address, ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៣ ], ទំព័រ ៣, ៦; speeches.byu.edu) ។