ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩៧ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៣:១-២០


មេរៀន​ទី ៩៧

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១-២០

បុព្វកថា

នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣ ។ វិវរណៈ​នេះ នឹង​ត្រូវ​បាន​បង្រៀន​ជា​ពី​រផ្នែក ។ មេរៀន​នេះ ផ្ដោតទៅលើខ ១-២០ដែល​ព្រះយេស៊ូវ​គ្រីស្ទ បាន​ពន្យល់​អំពី​គោលបំណង​នៃ​វិវរណៈ ៖ « យើង​ប្រទាន​ដល់អ្នក​នូវ​ពាក្យ​ទាំងនេះ ដើម្បី​ឲ្យ​អ្នក​អាច​យល់ ហើយ​ចេះ​ថ្វាយ​បង្គំ ហើយ​ស្គាល់​នូវ​អ្វី​ដែល​ខ្លួន​ថ្វាយ​បង្គំ ប្រយោជន៍​ឲ្យ​អ្នកអាច​ចូលមក​ឯ​ព្រះវរបិតា​ដោយនូវ​ព្រះនាម​របស់​យើង ហើយ​នៅ​វេលា​កំណត់ ឲ្យ​បាន​ទទួល​នូវ​ភាព​ពោរពេញ​របស់ទ្រង់ » (គ. និង ស. ៩៣:១៩) ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១-៥

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​អំពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​អាច​មើល​ឃើញ​ព្រះភក្ត្រ​របស់ទ្រង់ ហើយ​ដឹងថាពិតជាមានទ្រង់មែន

សូមបង្ហាញរូបភាពមនុស្សល្បី​ម្នាក់ ដែល​សិស្ស​របស់អ្នក​នឹង​ស្គាល់ ហើយ​សួរ​ដល់ពួកគេបើពួកគេស្គាល់​ឈ្មោះ​របស់​បុគ្គល​ម្នាក់​នោះ ។ ( ប្រសិន​បើអ្នក​ពុំ​មាន​រូបភាព​ដាក់បង្ហាញទេ សូមសរសេរ​ឈ្មោះ​របស់​បុគ្គល​នោះ​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ពន្យល់ថា​អ្នកនោះជា​នរណា ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ល្បី ) ។

  • ហេតុអ្វី​មនុស្ស​ជាច្រើន​ស្គាល់​មនុស្ស​ម្នាក់នេះ ?

  • តើអ្នកគិត​ថាវាសំខាន់ឬទេ​ដើម្បីស្គាល់​មនុស្ស​ម្នាក់​នេះ ? ហេតុអ្វី ?

សូមដាក់តាំង​រូបភាព​របស់ ព្រះយេស៊ូវ​គ្រីស្ទ ( អ្នកអាច​ប្រើរូបព្រះយេស៊ូវគ្រីស្ទ[សៀវភៅ​រូបភាព​សិល្បៈដំណឹងល្អ (ឆ្នាំ ២០០៩ ) លេខ ១ ] សូមមើល​ផងដែរLDS.org) ហើយ​ពន្យល់​ថា មនុស្ស​ជាច្រើន​សព្វថ្ងៃ​នេះ ពុំស្គាល់​ថា​ទ្រង់ជា​នរណា​ទេ ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ
  • ហេតុអ្វី​អ្នកគិត​ថាវាសំខាន់​ដើម្បីស្គាល់​ថា​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ជានរណា ?

ថ្លែង​ទីបន្ទាល់​ថា​យើង​ពុំ​អាច​សម្រេច​សក្ដានុពល​ពេញលេញ​របស់​យើង ក្នុងនាម​ជា​កូនចៅ​របស់ព្រះបានទេ លុះត្រា​តែ​យើង​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពន្យល់​ថា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣ព្រះអម្ចាស់​បានបង្រៀនអំពី​របៀប​ដែល​យើងអាច​បង្កើន​ចំណេះ​ដឹង​របស់​យើង​អំពីទ្រង់ និងអំពីព្រះចេស្ដា​របស់ទ្រង់​ដើម្បី​ប្រទានពរ​យើង​នៅពេល​ឥឡូវ​នេះ និង​រហូតដល់​ភាព​អស់កល្បជានិច្ច ។ សូម​សរសេរសំណួរ​ពី​ដូច​ខាង​ក្រោមនៅលើ​ក្ដារខៀន ទុក​កន្លែង​សម្រាប់​ឲ្យ​សិស្ស​សរសេរ​ចម្លើយរបស់ពួកគេ​នៅក្រោម​សំណួរទាំងឡាយ ។

តើ​យើងត្រូវធ្វើ​អ្វីខ្លះ​ដើម្បីទទួល​បាន​ទីបន្ទាល់​មួយអំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

តើ​យើង​អាច​ដឹង​អ្វីខ្លះ​ពី​ទ្រង់​ប្រសិន​បើ​យើង​ធ្វើ​តាមចំណុច​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១-៥ ឲ្យឮៗ ។ មុនពេល​សិស្ស​ចាប់​ផ្ដើម​អាន សូមឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ទីមួយ ហើយ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់ទៀត​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទីពីរ ។ បន្ទាប់ពី​ខគម្ពីរ​ត្រូវ​បាន​អាន សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឡើង​មក​មុខក្ដារខៀន ហើយសរសេរ​ចម្លើយ​របស់ពួកគេ​តបនឹងសំណួរ​ទាំងនោះ ។ បន្ទាប់មកសូម​សួរសិស្ស​នូវសំណួរ​ខាងក្រោម ៖

  • តើ​អ្នក​នឹង​ថ្លែង​អំពីសេចក្ដី​សន្យា​នៅក្នុង ខ ១ ជា​គោលការណ៍ « ប្រសិន​បើ-នោះ » យ៉ា​ងដូចម្ដេច ? ( ការ​ឆ្លើយ​តប​របស់​សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​នូវ​គោលការណ៍​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​បោះបង់ចោល​អំពើបាប​របស់​យើង មករក​ព្រះគ្រីស្ទ អំពាវនាវ​រកព្រះនាម​របស់​ទ្រង់ គោរព​តាម​សំឡេង​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ បន្ទាប់មក​យើង​នឹង​មើល​ឃើញ​ព្រះភក្ត្រ​ទ្រង់ ហើយ​ស្គាល់​ទ្រង់ថា​ជា​នរណា )

អ្នកអាច​គូស​បញ្ជាក់​ថា​ពរជ័យ​នេះ​នឹង​កើត​មានតាម​ពេលវេលា​របស់ព្រះអម្ចាស់​ផ្ទាល់ តាម​មាគ៌ា​របស់ទ្រង់ ហើយ​ស្របតាម​ព្រះទ័យ​ទ្រង់ ( សូមមើល គ. និង ស. ៨៨:៦៨; សូមមើល​ផងដែរ អេណុស ១:២៧) ។

  • តើ​សកម្មភាពនិមួយៗ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១ ជួយ​យើងឲ្យ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ?

  • ចេញមកពី​អ្វី​ដែលអ្នក​បាន​រៀន​នៅក្នុងខ ៣តើ​គោលលទ្ធិអ្វី​ដែល​សំខាន់​ដើម្បី​យល់​ដឹង​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា​ ? ( សិស្ស​គួរ​តែ​ប្រាប់នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ព្រះបិតា និង​ព្រះរាជបុត្រា គឺ​រួមគ្នា​តែ​មួយ)

  • តើឃ្លាថា ព្រះវរបិតា និង​ព្រះរាជបុត្រា​គឺ​រួមគ្នា​តែមួយ​មានន័យយ៉ាងណា ?

សូមជួយ​សិស្ស​យល់ដឹង​ថា ព្រះវរបិតា និង​ព្រះរាជបុត្រា គឺ​មានតួអង្គ​ផ្សេងគ្នា ហើយ​ជាក់​ស្ដែង ដែលតួអង្គ​និមួយៗ មាន​រូបកាយ​ សាច់ និង​ឆ្អឹង​ដ៏រុងរឿង​មួយ ( សូមមើល គ. និង ស. ១៣០:២២) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះវរបិតា និង​ព្រះរាជបុត្រា គឺ​មាន​គោលបំណង និង​គោលលទ្ធិរួមគ្នាតែមួយ ។ ពួកទ្រង់​រួម​សាមគ្គី​គ្នា​ដ៏​ឥត​ខ្ចោះ​ក្នុង​ការ​នាំ​មក​នូវ​ផែនការនៃ​សេចក្តី​សង្រ្គោះ​​របស់​ព្រះ​វរបិតា ។

សូម​ចង្អុល​បង្ហាញ​នូវ​ឃ្លា​ដូច​ខាង​ក្រោម​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៤៖ « ជាព្រះ​វរបិតា​ពីព្រោះ​ព្រះអង្គ​បាន​ប្រទាន​ដល់​យើង​នូវ​ភាព​ពោរពេញ​របស់ទ្រង់ » ។ បន្ទាប់​មក​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១៧-២៦ឲ្យឮៗ ។ សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​ការ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួលនូវ​ភាព​ពោរពេញ​របស់ព្រះវរបិតា​មានន័យ​ដូចម្ដេច ? ( សូម​មើល  គ. និង ស. ៩៣:១៦-១៧, ២៦ ) ។

  • តើ​សេចក្ដីពិត​នៅក្នុងខ ៤-៥ជួយយើង​យល់​អំពី​អត្ថន័យ​ដែល​ថា ព្រះបិតា និង​ព្រះរាជបុត្រា គឺ​រួមគ្នា​តែ​មួយ យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ដោយសារ​តែព្រះបិតា និង​ព្រះរាជបុត្រា គឺ​រួមគ្នា​តែ​មួយ នោះ​យើង​នឹង​បានស្គាល់​ទាំង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​យើង​ធ្វើនូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មានបន្ទូល​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៦-២០

កំណត់ត្រា​របស់​យ៉ូហាន ត្រូវ​បាន​ប្រើ​ដើម្បីជួយ​យើង​យល់​ដឹង​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ បាន​ទទួល​នូវ​ភាពពេញលេញ​នៃ​សិរីល្អ​របស់ព្រះវរបិតាសួគ៌ 

សូម​ពន្យល់​ថា យើង​អាច​រៀន​ច្រើន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការ​សិក្សា​ព័ត៌មាន ដែលព្រះអម្ចាស់​បាន​ប្រទាន​ឲ្យដកស្រង់ចេញ​មកពី​កំណត់ត្រា​របស់​យ៉ូហាន នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣។ វា​អាចជា​ជំនួយ​ដើម្បី​ពន្យល់​ផងដែរ​ថា សាវក យ៉ូហាន គឺ​ជា​សិស្ស​របស់​យ៉ូហាន បាទីស្ទ នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ បាន​ចាប់​ផ្ដើម​ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ។ នៅក្នុង​ការ​សរសេរ​របស់លោក សាវក​យ៉ូហាន បាន​ផ្ដល់​ដំណើរ​រឿង​ខ្លះៗ​អំពី​ភាព​ជា​សាក្សី​របស់​យ៉ូហាន បាទីស្ទ បាន​ថ្លែង​អំពីព្រះអង្គសង្គ្រោះ ។

សូម​បែងចែក​សិស្ស​ជា​ក្រុមៗ ដែល​មាន​សមាជិក​បួន​នាក់ ។ សូម​ឲ្យ​ក្រុម​និមួយៗ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៦-១១ជាមួយគ្នា ហើយ​ប្រាប់​អំពី​ចំណង​ជើង​ដែលបាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ព្រះអង្គសង្គ្រោះ ។ ចំណងជើង​ដែលសិស្ស​រកឃើញ​គួរ​តែ​រួមមានដូច​តទៅ « ជា​ព្រះបន្ទូល​គឺ​ជា​សារទូត​អំពី​សេចក្ដីសង្គ្រោះ » (ខ ៨) « ជា​ពន្លឺ និង ជា​ព្រះ​ដ៏​ប្រោស​លោះ​នៃ​ពិភពលោក » (ខ ៩) « ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត » (ខ ៩) « ព្រះរាជបុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះវរបិតា » (ខ ១១) ។

នៅពេល​ពួកគេ​បាន​បញ្ចប់ការ​អាន​ខគម្ពីរ​ទាំងនេះ សូម​ផ្ដល់​ដល់​សិស្ស​ម្នាក់ៗ​នូវ​ច្បាប់​ចម្លង​នៃ​ព័ត៌មាន​ដូច​ខាង​ក្រោមអំពីចំណងជើង​ដែលបាន​ប្រាប់​នៅខាង​លើ ។ សូម​ឲ្យ​សមាជិក​ក្រុម​និមួយៗ ជ្រើសរើស​ចំណង​ជើង​មួយ ហើយ​សិក្សា​អំពី​ព័ត៌មាន​ដែល​ទាក់ទង​ដោយស្ងាត់​ស្ងៀម ។ សូម​ណែនាំ​ដល់សិស្ស​ឲ្យ​ត្រៀម​ខ្លួន​ដើម្បីពន្យល់​ដល់​ក្រុម​របស់ពួកគេ​នូវអ្វី​ជា​អត្ថន័យ​នៃ​ចំណងជើង ហើយ​ចែកចាយ​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ។ អ្នកអាច​បង្ហាញ​សំណួរ​នៅលើ​ក្ដារខៀន ឬ​ដាក់បញ្ចូល​វា​នៅក្នុង​ក្រដាសចែកចាយ ដូច្នេះ​សិស្ស​អាច​យោង​ទៅលើ​វា​តាម​ត្រូវការ ។

  • តើ​ព័ត៌មាននេះ ជួយអ្នក​ស្គាល់ មានអំណរគុណ និង​ដើរ​តាមព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ល្អ​ប្រសើរ​យ៉ាង​ដូចម្ដេច ?

« ជា​ព្រះបន្ទូល​គឺ​ជា​សារទូត​អំពី​សេចក្ដីសង្គ្រោះ »

ព្រះយេស៊ូវ​គ្រីស្ទ គឺ​ត្រូវ​បាន​សំដៅ​ទៅលើ​ថាជា « ព្រះបន្ទូល » នៅក្នុងយ៉ូហាន ១:១។ អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« នៅក្នុងភាសា​ក្រិច នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ពាក្យថាព្រះបន្ទូលគឺជានិមិត្ត​រូបឬ ‹ ការ​បង្ហាញ › ។… វាក្យសព្ទ​នោះ អាចមើល​ទៅដូចជា​ចម្លែក ប៉ុន្តែ​វា​សមរម្យ ។ យើង​ប្រើ​ពាក្យ​ទាំងឡាយ​ដើម្បី​ប្រាប់អំពីការ​បង្ហាញរបស់​យើង​ដល់អ្នកដទៃ ។ ដូច្នេះ ព្រះយេស៊ូវ​គឺ​ជា​ព្រះបន្ទូល ឬ​ការ​បង្ហាញ អំពីព្រះវរបិតា​របស់ទ្រង់ទៅដល់ពិភពលោក » («Jesus the Christ: Our Master and More,»Ensign, ខែ មេសា ឆ្នាំ ២០០០,ទំព័រ ៤ ) ។ ព្រះយេស៊ូវ​គ្រីស្ទ ត្រូវ​បាន​ហៅ​ជា​សារទូត​អំពី​សេចក្ដីសង្គ្រោះ ដោយ​សារ​តែ​ទ្រង់​បាន​ប្រកាស​ព្រះបន្ទូល​របស់ព្រះបិតា​ចំពោះ​យើង ហើយ​អ្នក​ទាំងឡាយ​ណាដែល​ស្ដាប់ ហើយគោរព​តាមសារលិខិត​របស់​ទ្រង់ នឹង​ទទួល​សេចក្ដី​សង្គ្រោះ ( សូមមើលយ៉ូហាន ១២:៤៩-៥០) ។

« ទ្រង់​គឺជា​ពន្លឺ និង ព្រះប្រោសលោះ​នៃពិភព​លោក »

តាមរយៈពន្លឺ​នៃ​ព្រះគ្រីស្ទ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ជីវិត និង​ពន្លឺ​ដល់​រឿង​គ្រប់យ៉ាង ។ ទ្រង់​ក៏​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើជា​ពន្លឺ​នៃ​លោកិយ ដោយសារ​តែ​ទ្រង់​បាន​ប្រទាន​គំរូ​ដ៏​ឥតខ្ចោះ​អំពី​របៀប​ដែលមនុស្ស​ទាំងអស់​គួរ​រស់នៅ ។ ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក ដោយសារ​តែ​ដង្វាយធួន​របស់ទ្រង់ ទ្រង់​បាន​បង់​ថ្លៃ​ចំពោះ​អំពើបាប​នៃ​មនុស្ស​លោក​ទាំងអស់ ហើយ​បាន​ធ្វើ​ឲ្យ​មានការ​រស់ឡើងវិញ​ដល់មនុស្ស​គ្រប់រូប ។

« ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត »

ចំណងជើង​ថា « ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត » ជួយ​យើង​យល់ដឹង​ថា​ព្រះយេស៊ូវ គ្រីស្ទ ពុំ​កុហក​ឡើយ ហើយ​ថា​ទ្រង់​មាននូវ​គ្រប់ភាព​ពេញលេញនៃ​សេចក្ដីពិត ( សូមមើលអេណុស ១:៦,គ. និង ស. ៩៣:២៦) ។ ទ្រង់បាន​បើកសម្ដែង​សេចក្ដីពិត​ដល់​មនុស្ស​លោក ( សូមមើលគ. និង ស. ៧៦:៧-៨) ។ ចំណងជើង​នេះ ត្រូវ​បាន​ប្រើ​សំដៅ​ទៅលើ​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើលយ៉ូហាន ១៥:២៦) ។

« ទ្រង់ គឺជា​បុត្រ​សំណព្វ​តែមួយគត់​របស់​ព្រះវរបិតា » ។

ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​តួអង្គ​ដ៏​មហិមា​បំផុត​ដែល​បាន​ចាប់កំណើត​នៅលើ​ផែនដី​នេះ ។ ព្រះ គឺ​ជា​ព្រះបិតា​នៃ​វិញ្ញាណ​របស់​មនុស្ស​លោក​ទាំងអស់ ប៉ុន្ដែ​ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែលបាន​កើត​មក​ក្នុង​ពិភពលោក ជា​បុត្រា​នៃ​ព្រះ​ក្នុង​សាច់ និង​ឆ្អឹង ។ ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ បាន​កើត​មកពី​ព្រះបិតា​អមត នោះ​ទ្រង់​មាន​អំណាច​ដើម្បី​យកឈ្នះ​លើ​សេចក្ដីស្លាប់ ( សូមមើលយ៉ូហាន ៥:២៦) ។ អំណាច​នេះ បានអនុញ្ញាត​ឲ្យ​ទ្រង់​សម្រេច​នូវ​ដង្វាយធួន និង​ការរស់ឡើ​ង​វិញ​ដល់​មនុស្ស​លោក​ទាំងអស់ ។

បន្ទាប់ពី​ក្រុម​ទាំងឡាយ​មានពេល​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​ការ​ពិភាក្សា​របស់ពួកគេ​រួច​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១២-១៧ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រែក្លាយ​ដូចជា​ព្រះបិតា​ទ្រង់ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ប្រែក្លាយ​ដូចជា​ព្រះបិតា​ទ្រង់​យ៉ាង​ដូចម្ដេច ? ( ចម្លើយ​របស់​សិស្ស គួរ​តែ​ឆ្លុះ​បញ្ចាំង​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធំឡើង​ពី​ព្រះគុណថែម​លើ​ព្រះគុណ រហូត​ដល់​ទ្រង់​ទទួល​បាន​នូវភាព​ពេញលេញ​នៃ​សិរីល្អ​របស់ព្រះបិតា )

  • តើ​អ្នកគិត​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បានបន្ដ​ពី​ព្រះគុណថែម​លើ​ព្រះគុណ​រហូត​ដល់​ទ្រង់​បាន​ទទួលបាន​នូវ​ភាព​ពេញលេញ​យ៉ាង​ដូចម្ដេច ?

សូមជួយសិស្ស​យល់​ថា ព្រះគុណ​គឺ​ជា​កម្លាំង និង ជា​ព្រះចេស្ដា​មកពីព្រះ​ដែល​អនុញ្ញាត​ឲ្យយើង​ទទួល​បាន​ជីវិត​ដ៏អស់កល្បជានិច្ច និង ភាពតម្កើងឡើង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១៩-២០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​ប្រាប់​ពី​មូលហេតុ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ឲ្យ សម្រាប់​ការ​បើក​សម្ដែង អំពី​របៀប​ដែល​ទ្រង់​ទទួលបាន​ភាពពេញលេញ​នៃព្រះវរបិតា ។

  • យោងតាម ខ ១៩, ហេតុអ្វីព្រះអង្គសង្គ្រោះ​បើក​សម្ដែង​ពី​របៀប​ដែល​ទ្រង់​ទទួលបាន​ភាពពេញលេញនៃ​ព្រះវរបិតា​ដូច្នេះ ?

សូម​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​បានបើក​សម្ដែង​អំពី​របៀប​ដែល​ទ្រង់​បាន​ទទួល​ភាព​ពេញលេញ​មួយ គឺ​ដើម្បីឲ្យ​យើង​អាច « យល់ និង​ស្គាល់ » ទ្រង់ និង​ព្រះវរបិតាសួគ៌ ហើយ​ស្គាល់​របៀប​ដើម្បី​ថ្វាយបង្គំ​ព្រះបិតា និង​ទទួល​នូវភាពពេញ​លេញ​របស់ទ្រង់ ។ សូមសរសេរ​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ នៅលើក្តាខៀន ៖ (សេចក្តីថ្លែងនេះត្រូវបានរកឃើញនៅក្នុង The Promised Messiah :The First Coming of Christ(ឆ្នាំ ១៩៧៨) ទំព័រ ៥៦៨ ]។

« ការ​ថ្វាយបង្គំ​ដ៏​ឥតខ្ចោះ​គឺជា​ការ​ត្រាប់តាម ។ យើង​គោរព​ដល់​អ្នក​ទាំងឡាយ​ដែល​យើង​ត្រាប់​តាម » ( អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី ) ។

  • តើ​អ្នក​គិត​ថា​ការ​ថ្វាយបង្គំ​មាន​ន័យ​ដូចម្ដេច ?

  • តើ​យើង​ថ្វាយបង្គំ​ដល់ព្រះវរបិតាសួគ៌​របស់​យើង​យ៉ា​ងដូចម្ដេច ? ( សិស្ស​គួរ​បង្ហាញ​ពី​គោលការណ៍​ដូច​ខាង​ក្រោម ៖យើង​ត្រូវ​ថ្វាយបង្គំ​ដល់ព្រះវរបិតាសួគ៌ ដោយការ​ធ្វើតាម​គំរូ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ )

  • តើ​ការ​រីកចម្រើន​របស់ព្រះអង្គសង្គ្រោះ​ពី​ព្រះគុណថែម​លើ​ព្រះគុណ ស្រដៀងគ្នា​ទៅនឹង​ដំណើរ​ការ​នៃ​ការ​រៀនសូត្រ និង ការ​រីកចម្រើន​ដែល​យើងអាច​ទទួល​បទពិសោធន៍របៀបណា ?

  • តើ​សេចក្ដីសន្យា​អ្វីខ្លះ ត្រូវ​បាន​ប្រទាន​ឲ្យ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២០ ដល់អ្នកទាំងឡាយ​ណា​ដែល​ធ្វើ​តាម​គំរូ​របស់ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ? ( សិស្ស​គួរ​បង្ហាញ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ នោះ​យើង​អាច​ទទួលបាន​ភាពពេញលេញ​នៃ​ព្រះវរបិតា ដូចដែលព្រះយេស៊ូវ​គ្រីស្ទ​ទទួលបានផងដែរ )

សូមលើករូបភាពរបស់ព្រះអង្គសង្គ្រោះឡើង ដែល​អ្នកបាន​ដាក់​តាំង​នៅពេលចាប់ផ្តើមថ្នាក់ ។

  • ហេតុអ្វី​វា​សំខាន់​ដើម្បីមាន​ទីបន្ទាល់​មួយ​អំពី​គំរូ​របស់ព្រះយេស៊ូវ​គ្រីស្ទ ការ​បង្រៀន និង​ដង្វាយធួន​របស់ទ្រង់ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បន្ដ « ព្រះគុណថែម​លើ​ព្រះគុណ » (គ. និង ស. ៩៣:១៣) ហើយ​កាន់តែ​ក្លាយដូចជា​ទ្រង់ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយ​ប្រធាន ឡូរែនសូ ស្នូ ហើយសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​គិត​អំពី​អ្វីដែលពួកគេ​ចង់ធ្វើ​ដើម្បី​ប្រែក្លាយកាន់តែ​ដូចជា​ព្រះអង្គសង្គ្រោះ ៖

រូបភាព
ប្រធាន ឡូរែនសូ ស្នូ

« សូម​កុំ​រំពឹង​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​ក្នុង​ពេល​តែមួយឡើយ ។ បើអ្នក​រំពឹង​ដូច្នោះ នោះ​អ្នក​នឹង​ខកចិត្ត​ហើយ ។ សូម​ឲ្យថ្ងៃ​នេះ​​បាន​ល្អ​ប្រសើរ​ជាង​កាលពី​ម្សិលមិញ ហើយ​មាន​ថ្ងៃ​ស្អែក​បាន​ល្អ​ប្រសើរ​ជាង​ថ្ងៃ​នេះ ។ ការ​ល្បួង​ដែល​វា​ប្រហែលជា​បាន​យកឈ្នះ​លើ​យើង​ខ្លះៗ​នៅថ្ងៃ​នេះ ចូ​រកុំ​ឲ្យ​វា​យក​ឈ្នះ​លើ​យើង​នៅ​ថ្ងៃ​ស្អែកឡើយ ។ ដូច្នេះ​សូម​បន្ដ​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​កុំ​ទុក​ឲ្យជីវិត​របស់​អ្នក​ត្រូវ​បញ្ចប់​ដោយ​គ្មាន​សម្រេច​សេចក្ដីល្អ​ដល់​អ្នកដទៃ​ក៏​ដូចជា​ខ្លួន​ឯង​ឡើយ » (Teachings of Presidents of the Church: Lorenzo Snow[ ឆ្នាំ ២០១២ ], ទំព័រ ១០៣) ។

សូមអញ្ជើញ​សិស្ស​ឲ្យសរសេរ​នៅក្នុងសៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ​នូវ​របៀប​ជាក់លាក់​មួយ ដែលពួកគេ​នឹង​ស្វែងរក​ការ​រីកចម្រើន និង​ការ​កែលម្អ​ដោយ​ការ​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៥ ។ ព្រះយេស៊ូវ​គ្រីស្ទ បាន​បើក​សម្ដែង​កិច្ចការ​របស់ព្រះបិតា

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពីគោលបំណង​សំខាន់​មួយ​នៃ​ការ​បម្រើ​របស់ព្រះយេស៊ូវ​គ្រីស្ទ គឺ​ដើម្បី​ជួយយើង​បានមក​ស្គាល់​ព្រះវរបិតាសួគ៌​របស់​យើង ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅគ្រប់អ្វីៗ​ទាំងអស់​ដែលព្រះយេស៊ូវ យាងមក​មានបន្ទូល និង​ធ្វើ រួម​មាន និង​ជាពិសេស នៅក្នុង​ការ​រងទុក្ខ​នៃ​ដង្វាយធួន និង​ការ​ពលិកម្ម​របស់ទ្រង់ នោះទ្រង់​កំពុង​បង្ហាញ​ដល់​យើង​ថា ព្រះវរបិតាសួគ៌​ដ៏អស់កល្បជានិច្ច​របស់​យើងជានរណា និង​យ៉ាងដូចម្តេច ហើយ​ថា​ទ្រង់បាន​លះបង់​ទាំងស្រុង​យ៉ាង​ណា​ខ្លះ​សម្រាប់​កូនចៅ​របស់ទ្រង់​គ្រប់​វ័យ និង​គ្រប់​ជាតិ​សាសន៍​នោះ ។ នៅក្នុងព្រះបន្ទូល និងទង្វើរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានព្យាយាម​បើក​សម្ដែង ហើយ​ធ្វើ​ឲ្យ​យើង​ដឹង​ដោយផ្ទាល់​អំពី​លក្ខណៈពិត​របស់​ព្រះបិតា​របស់​ទ្រង់ ថាជា​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង ។

« យ៉ាង​ហោច​ណាស់ ទ្រង់​បាន​ធ្វើ​ការណ៍​នេះ​ជាផ្នែកៗ ដោយសារ​គ្រានោះ និង​គ្រា​នេះ យើង​ទាំងអស់គ្នា​ចាំបាច់​ត្រូវ​ស្គាល់​ព្រះ​ឲ្យ​កាន់តែ​ពេញលេញ ដើម្បី​ស្រឡាញ់​ទ្រង់​កាន់​តែ​ខ្លាំង ហើយ​គោរព​ទ្រង់​កាន់តែ​ពេញលេញ ។…

« ដូច្នេះ កាឲ្យ​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន ការ​ព្យាបាល​អ្នកឈឺ ការ​វាយ​ផ្ចាល​ដល់​មនុស្ស​លាក់ពុត ការ​ទូលអង្វរ​សុំ​សេចក្ដីជំនឿ-- គឺ​ជា​អ្វី​ដែលព្រះគ្រីស្ទ​បាន​បង្ហាញ​យើង​ពី​មាគ៌ា​នៃ​ព្រះបិតា ទ្រង់គឺ ‹ ប្រកបដោយ​ក្ដីមេត្តាករុណា និងព្រះគុណ កម្រ​ខឹង អត់ធ្មត់ និង​ពេញ​ដោយ​សេចក្ដីល្អ ›​Lectures on Faith( ឆ្នាំ ១៩៨៥ ), ទំព័រ ៤២] » ។ (« The Grandeur of God» Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០៣, ទំព័រ ៧០, ៧២)។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១២-១៦។ ព្រះវរបិតា​ចង់​ឲ្យយើង​ទទួលបាន​ភាពពេញលេញ​របស់ទ្រង់

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​របៀប​ដែល​យើងអាច​ប្រែក្លាយជា​អ្វី​ដែលព្រះវរបិតាសួគ៌​របស់​យើង​ចង់​ឲ្យ​យើង​ប្រែក្លាយ ហើយទទួល​នូវភាពពេញលេញ​របស់ទ្រង់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ គ្រីស្ទ គឺ​ជាផែនការមួយ​ដែល​បង្ហាញ​យើង​ពី​របៀប​ដើម្បី​ប្រែក្លាយ​ទៅ​ជាអ្វី ដែលព្រះវរបិតាសួគ៌​របស់​យើង​សព្វព្រះហឫទ័យ​ចង់​ឲ្យ​យើង​ប្រែ​ក្លាយ ។

« មាន​រឿងប្រៀបធៀប​មួយ​បង្ហាញអំពី​ការ​យល់ដឹង​នេះ ។ មាន​ឪពុក​ស្ដុកស្ដម​ម្នាក់​បានដឹងថា បើ​គាត់​នឹង​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់គាត់​ដល់​កូន​ម្នាក់ ដែល​ពុំ​ទាន់​​បាន​អភិវឌ្ឍ​ដើម្បីមានប្រាជ្ញា និង​ភាព​ខ្ពង់ខ្ពស់នៅឡើយ នោះ​កេរមរតក​នឹង​ប្រហែលជា​ត្រូវ​បំផ្លាញ​អស់ហើយ ។ ដូច្នេះ​ឪពុក​បាន​និយាយ​ទៅកូន​គាត់ថា ៖

«‹ អ្វីៗ​ទាំងអស់​ដែល​ឪពុក​មាន ឪពុក​មានបំណង​ប្រគល់​ដល់កូន-- ប៉ុន្តែ​ពុំគ្រាន់តែ​ទ្រព្យសម្បត្តិ​របស់ឪពុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាំង​តំណែង និង​គោលជំហ​របស់​ឪពុក​នៅ​ក្នុង​ចំណោម​មនុស្ស​ទំាងអស់ផងដែរ ។ អ្វី​ដែល​ឪពុកមានឪពុក​អាច​ប្រគល់​ដល់​កូន​បាន​ដោយងាយ ប៉ុន្តែដើម្បីប្រែក្លាយ ដូចរូបឪពុក នោះកូន​ត្រូវ​តែពឹងលើសមត្ថ​ភាពកូនផ្ទាល់ ។ កូន​នឹង​សក្ដិសម​ទទួល​កេរមរតក​របស់​កូន ដោយ​ការ​រៀន​នូវអ្វី​ដែល​ឪពុក​បាន​រៀន ហើយ​ដោយ​ការ​រស់នៅ​ដូច​ជា​ឪពុក​បាន​រស់នៅ ។ ឪពុក​នឹង​ប្រគល់​ដល់កូន​នូវ​ច្បាប់ និងគោលការណ៍​ទាំងឡាយ ដែល​ឪពុក​បាន​ទទួលនូវ​ប្រាជ្ញា និង​ភាព​ខ្ពង់ខ្ពស់​របស់​ឪពុក ។ សូម​ធ្វើតាមគំរូ​របស់​ឪពុក រៀន​ដូច​ដែល​ឪពុក​បាន​រៀន ហើយ​កូន​នឹង​ក្លាយ​ដូចជា​ឪពុក ហើយ​អ្វីគ្រប់យ៉ាង​ដែល​ឪពុក​មាន​នឹង​ជា​របស់​កូន › ។

« រឿង​ប្រៀបធៀប​នេះ ដូចគ្នា​ទៅនឹង​គំរូ​នៃ​ស្ថានសួគ៌ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​សន្យា​នូវ​កេរមរតក​នៃ​ជីវិត​ដ៏អស់កល្បជានិច្ច​ដែល​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន ជាភាពពេញលេញ​នៃ​ព្រះវរបិតា ហើយ​បាន​បើក​បង្ហាញ​នូវ​ក្រឹត្យវិន័យ និង​គោលការណ៍​ទាំងឡាយ ដែល​អាច​ត្រូវ​បាន​ទទួល​នូវ​មរតក​នោះ » (Challenge to Become, »Ensignខែ វិច្ឆិកា ឆ្នាំ ២០០០, ទំព័រ ៣២) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១៣-១៤។ ព្រះយេស៊ូវ​គ្រីស្ទ « ពុំ​បាន​ទទួល​ភាព​ពេញលេញ​ពីដំបូងឡើយ »

ការ​យាង​ចុះ​មក​របស់​ព្រះយេស៊ូវ​គ្រីស្ទ រួមមាន​ទាំង ពេល​ទ្រង់​ជា​សមាជិក​មួយ​នៃ​ក្រុមព្រះ ឆ្លងកាត់​វាំងនន​ចូល​មក​ក្នុងជីវិត​រមែង​ស្លាប់ ប្រែក្លាយ​ដូចជា​យើង​ម្នាក់ៗ ហើយ​ពី​ដំបូង​ឡើយ ពុំ​បាន​ដឹង​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ទ្រង់ ក្នុងនាម​ជា​ព្រះរាជបុត្រា​សំណប់តែ​ម្នាក់គត់​របស់ព្រះ ជាព្រះវរបិតាសួគ៌​ឡើយ ។ ប្រធាន ឡូរែនសូ ស្នូ បាន​ពន្យល់​ថា ៖ « នៅពេល​ព្រះយេស៊ូវ​ផ្ទុំ​នៅក្នុងស្នូក ជា​ទារក​តូច នោះទ្រង់ពុំ​ដឹង​ថា ទ្រង់ជា​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​ពុំ​ដឹង​ថា​ទ្រង់​បាន​បង្កើត​ផែនដីពីមុនមក​នោះទេ ។ នៅពេល​ស្ដេច​ហេរ៉ូឌ​បាន​ចេញ​បង្គាប់ នោះ​ទ្រង់​ពុំ​ដឹង​អ្វី​សោះ​អំពី​វា​ឡើយ ទ្រង់​ពុំមាន​អំណាច​អ្វី​ដើម្បី​សង្គ្រោះ​ជីវិត​របស់ព្រះអង្គទ្រង់ឡើយ ហើយ [ យ៉ូសែប និង ម៉ារា ] ត្រូវ​នាំ​ទ្រង់ [ រត់​ភៀស​ខ្លួន ] ទៅ​អេស៊ីព្ទ ដើម្បី​ការពារ​ទ្រង់​ពី​ឥទ្ធិពល​នៃ​ការ​បង្គាប់ ។… ទ្រង់​បាន​ធំឡើង​ជា​មនុស្ស​ពេញវ័យ ហើយអំឡុង​ពេលនៃ​ការ​រីកចម្រើន​នេះ នោះវាត្រូវបានបើកសម្ដែង​ដល់ទ្រង់​ថា ទ្រង់ជានរណា ហើយ​ទ្រង់​មក​លើ​ផែនដី​នេះ​ដើម្បី​គោលបំណង​អ្វី ។ សិរីល្អ និង​ព្រះចេស្ដា​ដែល​ទ្រង់​មាន ពីមុន​ទ្រង់​យាងមក​កាន់ពិភពលោក គឺ​ត្រូវ​បាន​ប្រាប់​ដល់​ទ្រង់​ហើយ » (Teachings of Presidents of the Church: Lorenzo Snow[ ២០១២] ទំព័រ ២៧៩) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១២, ១៩-២០ ។ ការ​បន្ដ​ពី​ព្រះគុណថែម​លើ​ព្រះគុណ និង​ការ​ទទួល​បាន​ភាពពេញលេញ​នៃ​សិរីល្អ​របស់ព្រះវរបិតា

សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម ដែល​ថ្លែង​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ បាន​បញ្ជាក់​អំពី​គោលគំនិត​មួយ​នៃ​ការ​រីកចម្រើន​ពី​ព្រះគុណថែម​លើ​ព្រះគុណ រហូត​ដល់​យើង​ទទួលបាន​ភាពពេញលេញ​មួយ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« វា​ពុំ​មែន​ត្រូវតែ​មាន​ប្រាជ្ញា​ទេ ដែល​យើង​គួរតែ​មាន​នូវ​ចំណេះដឹង​ទាំងអស់​ក្នុង​ពេល​តែ​មួយ បង្ហាញ​មក​ឲ្យ​យើង​នោះ ប៉ុន្តែ​យើង​គួរតែ​ទទួល​បន្តិច​ម្តងៗ នោះ​យើង​អាច​យល់​វា​បាន » (Teachings of Presidents of the Church: Joseph Smith[ ឆ្នាំ ២០០៧ ] ទំព័រ ២៦៨) ។

លោក​បាន​ថ្លែង​បន្ថែម​ទៀត​ថា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« នៅ​ពេល​អ្នក​ឡើង​ជណ្ដើរ អ្នក​ត្រូវតែ​ចាប់ផ្ដើម​ពី​កាំ​ក្រោម​គេ​មុន ហើយ​ឡើង​មួយ​កាំ​ម្ដងៗ រហូត​ដល់​អ្នក​មក​ដល់​កំពូល គឺ​ដូច​គ្នា​នឹង​គោលការណ៍​នានា​នៃ​ដំណឹងល្អ---អ្នក​ត្រូវ​ចាប់ផ្ដើម​ពី​ចំណុច​ដំបូង ហើយ​បន្ត​ទៅ​រហូត​ទាល់​តែ​អ្នករៀននូវ​គ្រប់​គោលការណ៍​នៃ​ការលើកតម្កើង ។ ប៉ុន្តែវានឹងមហិមា បន្ទាប់ពី​អ្នក​បាន​ឆ្លងកាត់វាំងនន មុនពេលអ្នករៀនពីវាទាំងអស់ ។ ក្នុងពិភព​លោក​នេះ​មិន​អាច​យល់​អ្វីៗ​ទាំងអស់​បាន​ទេ វា​នឹង​ជា​កិច្ចការ​មហិមា​មួយ​ដើម្បី​រៀន​អំពី​សេចក្ដី​សង្គ្រោះ និង ការលើកតម្កើង​របស់​យើង ហួស​ពី​សេចក្ដីស្លាប់​ទៅ​ទៀត » (Teachings of Presidents of the Church: Joseph Smith[ ឆ្នាំ ២០០៧] ទំព័រ ២៦៨) ។