ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨-១០១:៤២ ( មេរៀន​ទី ២១ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨-១០១:៤២ ( មេរៀន​ទី ២១ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះគឺ​ជា​សេចក្ដី​សង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨-១០១:៤២ ( មេរៀន​ទី ២១ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នកបង្រៀនផ្ដោតលើគោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨)

នៅពេលសិស្ស​បាន​សិក្សា​អំពីពួក​ជន​កំណាច​មួយ​ចំនួន​បាន​ធ្វើ​អំពើឃោឃៅ​ព្រៃផ្សៃ​ចំពោះ​ពួក​បរិសុទ្ធ​ដែល​បាន​ជួប​នៅ​ក្នុងឃុំ ចាកសុន រដ្ឋ​មិសសួរី នោះពួកគេ​បាន​រៀន​ថា យើង​បង្ហាញ​ខ្លួន​យើង​ចំពោះ​ព្រះអម្ចាស់​តាមរយៈ​ការរក្សា​នូវ​សេចក្តីសញ្ញា​របស់​យើង សូម្បីតែ​វា​លំបាក​ដើម្បី​ធ្វើ​វា​ក្តី ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា ប្រសិន​បើ​យើងស៊ូ​ទ្រាំនឹង​ចំពោះ​ការបំពាន​ខុសឆ្គង​ដោយ​អត់ធ្មត់ និង ដោយ​គ្មានការសងសឹងតបវិញ នោះព្រះអម្ចាស់នឹងប្រទានរង្វាន់ដល់យើង ។ ជាចុងក្រោយ ពួកគេ​បាន​រៀន​ថា​ការចូល​រួម​ក្នុង​សង្គ្រាម​អាច​ជា​ការត្រឹមត្រូវ​នៅក្រោម​កាលៈទេសៈ​ដែល​បាន​ដាក់​បញ្ញត្តិ​ដោយ​ព្រះអម្ចាស់​ប៉ុណ្ណោះ ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩-១០០)

នៅក្នុង​មេរៀន​នេះ​សិស្ស​បាន​រៀន​ថា យើង​តំណាងឲ្យ​ព្រះអម្ចាស់ នៅពេល​យើង​បម្រើ​បេសកកម្ម ហើយ​ថា​អស់​អ្នក​ដែល​ទទួល​យក​ដំណឹង​ល្អ « ដូច​ជា​កូនក្មេង​មួយ » (គ. និង ស. ៩៩:៣) ទទួល​បាន​សេចក្តី​មេត្តា​ករុណា ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា ប្រសិន​បើ​យើង​នឹង​បន្លឺ​សំឡេង​របស់​យើង​ដើម្បី​ចែកចាយដំណឹង​ល្អ​ជាមួយ​មនុស្ស​ដទៃ ដោយ​ចិត្ត​ម៉ឹងម៉ាត់ និង ដោយ​នូវ​វិញ្ញាណ​ស្លូតបូត នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ដឹង​ពី​អ្វី​ដើម្បី​និយាយ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ទីបន្ទាល់​នៃ​សារលិខិត​របស់​យើង ។ សិស្ស​ក៏​បាន​ឃើញ​ផងដែរ​ថា​គ្រប់ការណ៍​ទាំងអស់​ផ្សំគ្នា​សម្រាប់​សេចក្តីល្អ​ដល់យើង ប្រសិនបើ​យើង​ដើរ​ដោយ​ទៀងត្រង់​នៅ​ចំពោះ​ព្រះអម្ចាស់​នោះ ។

ថ្ងៃទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១-១៦)

នៅពេល​សិស្ស​បាន​សិក្សា​អំពី​ការបណ្តេញ​ចេញ​របស់ពួក​បរិសុទ្ធ​ពី​ឃុំ​ចាកសុន រដ្ឋ​មិសសួរី នោះពួកគេ​បាន​រៀន​ថា នៅពេល​យើង​រំលង​ព្រះបញ្ញត្តិ នោះ​ព្រះ​បណ្តោយ​យើង​រងទុក្ខ ការណ៍​នេះ​គឺ​ខុស​ពី​ការសាកល្បង និង បទពិសោធន៍​លំបាកៗ​នានា​នៃ​អស់​អ្នក​ដែល​សុចរិត ។ ពួកគេ​ក៏​បានរៀន​ផងដែរ​ថា ប្រសិន​បើ​យើង​មិន​ស៊ូទ្រាំនឹងការវាយ​ផ្ចាល​ទេនោះ យើង​នឹង​ពុំ​អាចញែក​ចេញ​បាន​ឡើយ ។ សិស្ស​បាន​ឃើញ​ថា​សូម្បីតែ​នៅពេល​យើង​បានធ្វើអំពើបាប នោះ​ព្រះអម្ចាស់​នឹង​មាន​សេចក្តីអាណិត​អាសូរ​ចំពោះ​យើង ។ នៅពេល​យើង​រស់នៅ​ដោយ​សុចរិត នោះ​យើង​អាច​ស្វែងរក​ការលួងលោម​នៅក្នុង​ការចេះដឹង​ថា​មនុស្ស​ទាំងអស់​គឺ​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។

ថ្ងៃទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧-៤២)

ជាផ្នែក​នៃ​មេរៀន​នេះ សិស្ស​បានរៀន​ពី​របៀប​នានា​ដែល​យើង​អាច​ត្រៀម​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គស​ង្គ្រោះ ។ ពួកគេ​ក៏​បាន​រកឃើញ​គោលការណ៍​ដែល​ថា អស់​អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការបៀតបៀន ដោយព្រោះ​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​កាន់​ខ្ជាប់​ក្នុង​សេចក្តី​ជំនឿ​នឹង​បាន​ទទួល​នូវសិរី​ល្អ​របស់​ព្រះ ។​ ក្រៅពីនេះ​ទៀត ពួកគេ​រកឃើញ​ថាដើម្បី​ជួយ​មនុស្ស​នៅលើ​ផែនដី​នេះឲ្យ​ទទួល​ពរជ័យ​របស់​ព្រះ នោះយើង​ត្រូវ​តែប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង និង មានការបន្ទាបខ្លួន ។

សេចក្តីផ្ដើម

មេរៀននេះ​ផ្តោត​លើ​ការណែនាំ​មួយ​ចំនួន​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ​ដែល​កំពុង​ត្រូវបាន​បៀតបៀន​ដោយ​ពួក​ជន​កំណាច ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​យើង​គួរតែមាន​ប្រតិកម្មតបត​ចំពោះ​ស្ថានភាព​លំបាកៗ ហើយ​វា​អាច​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះចេស្តា និង សេចក្តីសប្បុរស​របស់​ព្រះអម្ចាស់ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨

ព្រះអម្ចាស់​លើក​ទឹកចិត្តដល់​ពួកបរិសុទ្ធ​អំឡុងពេល​នៃ​ការរងទុក្ខ​របស់​ពួកគេ

មុនពេល​ចាប់​ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​អ្នក​នឹង​មាន​អារម្មណ៍​បែបណា ? តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ ?

សូម​ពន្យល់​ថា​នៅក្នុង​មេរៀន​ថ្ងៃ​នេះ ពួកគេ​នឹង​រៀន​អំពី​ការសាកល្បង និង ការបៀតបៀន​មួយ​ចំនួន​មក​លើពួក​បរិសុទ្ធ​ដែល​រស់នៅក្នុង​ឃុំ ចាកសុន រដ្ឋ​មិសសួរី ដែល​បាន​ជួប​នៅក្នុង​ខែ កក្កដា ឆ្នាំ ១៨៣៣ ។ សូម​ពន្យល់​ថា​ពួកមិសសួរី​មួយ​ចំនួន​បាន​ប្រែ​ជា​ខឹង​នឹង​ពួក​បរិសុទ្ធ ដោយសារ​តែ​ភាព​ខុសគ្នា​នៃ​រឿង​នយោបាយ សង្គម សេដ្ឋកិច្ច និង សាសនា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​កថាខណ្ឌខាង​ក្រោម​ឲ្យ​ឮៗ ៖

នៅថ្ងៃ​សៅ ទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ ប្រជាពលរដ្ឋ​មិសសួរី​ដែល​មាន​កំហឹង​ប្រមាណ​ជា ៤០០​ទៅ ៥០០​នាក់​បាន​ជួបប្រជុំ​គ្នា​នៅ​សាលា​ក្តី​នៅក្នុងទីក្រុងអ៊ីនឌីប៉េនឌិន រដ្ឋ​មិសសួរី ។ ពួកគេ​បាន​ជ្រើសរើស​គណៈកម្មការ​មួយ ដើម្បី​ព្រៀងឯកសារ​មួយ​ដែល​សង្ខេប​ពី​ការទាមទារ​ចង់​បាន​របស់​ខ្លួន​ពី​ពួក​មរមន ។ ពួកគេបាន​ទាមទារ​ថា ពុំអនុញ្ញាត​ឲ្យ​មាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​ឃុំចាកសុន​ទៀត​ឡើយ ហើយ​បាន​និយាយ​ថា​អស់​អ្នក​ដែល​កំពុង​រស់នៅ​ទីនោះ​ត្រូវតែ​សច្ចា​ថា​ចាកចេញ​ពីទី​នោះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ។ លើសពីនោះ​ទៀត ពួកគេ​បាន​ទាមទារ​សាសនាចក្រ​ឲ្យ​បញ្ឈប់​ការ​បោះពុម្ព​ផ្សាយ​កាសែត ។ នៅពេល​ការទាមទារ​នេះ​ត្រូវបាន​ដាក់​បង្ហាញ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅក្នុង​រដ្ឋ​មិសសួរី ថ្នាក់​ដឹកនាំ​សាសនាចក្រ​មាន​ការភ្ញាក់ផ្អើល ហើយ​បាន​ស្នើសុំ​រយៈពេល​បីខែ​ដើម្បី​ពិចារណា​ពី​សំណើ​នោះ និង ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់​ដឹកនាំ​នៅក្នុង​រដ្ឋ​អូហៃអូ ។ ក្រុម​ប្រជាពលរដ្ឋ​នៃ​រដ្ឋ​មិសសួរី​បាន​បង្ហាញ​ពី​ការទាមទារ​ដែល​បដិសេធ​នឹង​ការស្នើសុំ​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ ក្រោយមក​ពួកបរិសុទ្ធ​បាន​ស្នើសុំ​រយៈពេល ១០​ថ្ងៃ ប៉ុន្តែ​ពួកគេ​បាន​អនុញ្ញាត​ឲ្យ​រយៈពេលតែ ១៥​នាទី​ប៉ុណ្ណោះ​ដើម្បី​ឆ្លើយ​តប ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពទី ២ [ Church Educational System manual ឆ្នាំ ២០០៣ ], ទំព័រ ១៣២-៣៣ ) ។

បន្ទាប់មក​សូម​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​នៅលើ​ក្ដារខៀន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ទៀតឲ្យ​អាន​កថាខណ្ឌ​ខាង​ក្រោម​ឲ្យ​ឮៗ ៖

ពួក​មិសសួរី​ដែល​នៅ​ឯការប្រជុំ​នៅក្នុង​សាលាក្តី​ទីក្រុងអ៊ិនឌីប៉ែនដែនស៍ បាន​ប្រែ​ជាពួក​ជន​កំណាច​មួយ​ពព្រិច​ភ្នែក ហើយ​បាន​សម្រេចចិត្ត​បំផ្លាញ​ការិយាល័យ​បោះពុម្ព និង កាសែត​ចោល ។ ពួក​ជន​កំណាច​បាន​ទំលាយទ្វារ​ចូល​ទៅក្នុង​ការិយាល័យ​បោះពុម្ព គ្រវែង​គ្រឿង​សង្ហារិម​ទៅលើ​ផ្លូវ និង សួនច្បារ ហែកកំទេច​កាសែត ពង្រាយ​ឯកសារ​នានា ហើយ​បាន​បំផ្លាញ​សមិទ្ធផល​នៃ​ការបោះពុម្ព​ស្ទើរតែ​ទាំងស្រុង រួម​ទាំងក្រដាសនៃ​ព្រះគម្ពីរ​នៃ​បទបញ្ញត្តិ​ដែល​មិនទាន់​បាន​ផ្គុំ​បញ្ចូល​គ្នា​ស្ទើរតែ​ទាំងអស់ ។ បន្ទាប់​មក​ពួក​ជន​កំណាច​បាន​ចង់​បំផ្លាញ​ហាង​របស់​គិលបឺត និង វិតនី ។ ប៉ុន្តែ ស៊ិឌនី គិលបឺត​បាន​ជួប​ពួក​ជន​កំណាច​ពីមុន​ពួកគេ​អាចធ្វើ​តាម​គម្រោងការ និង ការសន្យា​របស់​ខ្លួន​ដែល​ថា លោក​នឹងវេចខ្ចប់​ឥវ៉ាន់​ទាំង​នោះ ហើយ​ចាកចេញ​ក្នុង​រយៈពេល​បីថ្ងៃ ។ ( សូមមើល Church History in the Fulness of Times,ទំព័រ ១៣៣ ) ។

បន្ទាប់មក​សូម​ឲ្យ​សិស្សឆ្លើយ​សំណួរ​នៅលើ​ក្ដារខៀន​ម្តង​ទៀត ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ទៀតឲ្យ​អាន​កថាខណ្ឌខាង​ក្រោម​ឲ្យ​ឮៗ ៖

បីថ្ងៃ​ក្រោម​មក នៅថ្ងៃ​ទី ២៣ ខែ កក្កដា ពួកជន​កំណាច​បាន​លេច​មុខ​ម្តង​ទៀត​នៅឃុំ​ចាកសុន រដ្ឋ​មិសសួរី ម្តង​នេះពួក​វាប្រដាប់ដោយកាំភ្លើងវែង កាំភ្លើងខ្លី ខ្សែតី និង ដំបង ។ ពួកជន​កំណាច​បាន​ដុះគំនរចំបើង និង វាលស្រែ ហើយបានបំផ្លាញ​ផ្ទះជាច្រើន​ខ្នង ជង្រុកស្រូវ និង អ្វីៗ​ជា​ច្រើន​ទៀត ។ ទីបំផុត​ពួកជន​កំណាច​បាន​ប្រឈមមុខ​គ្នា​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ប្រាំមួយ​នាក់ ដោយ​ឃើញ​ថា​ទ្រព្យ​សម្បត្តិ និង ជីវិត​នៃ​ពួក​បរិសុទ្ធ​បាន​ធ្លាក់​ក្នុង​ភាព​គ្រោះថ្នាក់ ដោយ​បាន​ប្រគល់​ជីវិត​របស់​ខ្លួន​ជា​ថ្លៃ​លោះ​នៃ​អ្វីៗ​ទាំង​នោះ ។ ពួកជន​កំណាច​បាន​បដិសេធ​ការផ្តល់​ឲ្យ​នោះ ពួក​អ្នក​ដឹកនាំ​ពួក​ជន​កំណាច​នោះ​បាន​គំរាម​ថា បុរស ស្ត្រី និង កូន​ក្មេង​គ្រប់​រូប​នឹង​វាយនឹងខ្សែតី ប្រសិនបើ​ពួកគេ​មិន​យល់​ព្រម​ចាកចេញ​ពី​ឃុំ​នោះ​ទេ ។ ដោយ​ការគាប​សង្កត់ បងប្អូន​ប្រុស​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចាកចេញ​ពីឃុំ​ចាកសុន​—សមាជិក​សាសនាចក្រ​ពាក់​កណ្តាល និង ថ្នាក់ដឹកនាំ​ស្ទើរតែ​ទាំងអស់​គ្នា​បាន​ចាកចេញ​នៅ​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ១៨៣៤ ហើយ​អ្នក​នៅសល់​បាន​ចាកចេញ​នៅ​ថ្ងៃ​ទី ១ ខែ មេសា ឆ្នាំ ១៨៣៤ ។ ពួកជន​កំណាច​បាន​អនុញ្ញត​ឲ្យ យ៉ូហាន ខូរិល និង ស៊ិឌនី គិលបឺត ឲ្យ​បន្ត​នៅ​លក់​ទ្រព្យ​សម្បត្តិ​របស់​ពួក​បរិសុទ្ធ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នោះ ។ ( សូមមើល Church History in the Fulness of Timesទំព័រ ១៣៤ ) ។

បន្ទាប់មក​សូម​ឲ្យ​សិស្សឆ្លើយ​សំណួរ​នៅលើ​ក្ដារខៀន​ម្តង​ទៀត ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាននូវ​ការណែនាំ​នៃ​ក្បាល​កណ្ឌ​សម្រាប់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើលអ្វី​ដែលបានបំផុស​គំនិត​ឲ្យ​មាន​វិវរណៈ​នេះ ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • យោងតាម​ការណែនាំ​នៃ​ក្បាល​កណ្ឌ តើ​អ្វី​ទៅ​ដែល​ជា​អព្ភូហេតុ​ដ៏​អស្ចារ្យ​អំពី​ការកំណត់​ពេល​វេលា​នៃ​វិវរណៈ​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១-២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ព្រះឱវាទ​ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​ពួក​បរិសុទ្ធ ។ ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​ពន្យល់​ថា សាបោត, នៅក្នុង ខ ២, គឺ​ជា​ពាក្យ​របស់​ភាសា​ហេព្រើរ​ដែល​តែងតែ​មាន​ន័យ​ថា បរិវារ ឬ ពលទ័ព ។ ការប្រើ​ពាក្យ​នេះ​នៅក្នុង​ខគម្ពីរ​នេះ បញ្ជាក់ឲ្យ​ឃើញ​ថា​ព្រះអម្ចាស់​មាន​ពលទ័ព​នៃ​ពួក​ទេវតា ឬ បរិវារ និង ពលទ័ព​នៃ​សាសន៍​អ៊ីស្រាអែល ឬ ពួក​បរិសុទ្ធ​តាម​ការបញ្ជា​របស់​ទ្រង់ ។ [ សូមមើល Bible Dictionary, « Sabaoth »] ) ។

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​ព្រះឱវាទ​អ្វី​ខ្លះ​ដល់​ពួក​បរិសុទ្ធ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​ឲ្យ​ពួក​បរិសុទ្ធ​ថ្លែង​អំណរគុណ​អំឡុង​គ្រា​ដ៏​លំបាក​នេះ ?

  • តើ​អ្នក​គិត​ថា​ដោយ​អត់ឱន​រង់ចាំ​ព្រះអម្ចាស់ មានន័យដូចម្តេច ?

សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថា្នក់​ស្ដាប់​រក​អត្ថន័យ​នៃ​ឃ្លា ដោយ​អត់ឱន​រង់ចាំ​ព្រះអម្ចាស់ ។

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

« តើ…​ដោយ​អត់ឱន​រង់ចាំ​ព្រះអម្ចាស់​មាន​ន័យ​ដូចម្តេច ? នៅក្នុង​ព្រះគម្ពីរ​ពាក្យ រង់ចាំ មានន័យ​ថា សង្ឃឹម ចូលរួម និង ទុកចិត្ត ។ សង្ឃឹម និង ទុក​ចិត្តលើ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​សេចក្តីជំនឿ ការអត់ធ្មត់ ការបន្ទាបខ្លួន ភាពស្លូតបូត ការអត់ទ្រាំ រក្សា​ព្រះបញ្ញត្តិ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » (« Waiting upon the Lord: Thy Will Be Done » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧២ ) ។

  • តើ​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ ហែល​ជួយ​អ្នក​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ឃ្លា ដោយ​អត់ឱន​រង់ចាំ​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ?

  • ហេតុអ្វី​បាន​ជា​ព្រះឱវាទ​ដើម្បី​អត់ឱន​រង់ចាំ​ព្រះអម្ចាស់​មាន​សារៈសំខាន់ចំពោះ​ពួក​បរិសុទ្ធ​នៅក្នុង​រដ្ឋ​មិសសួរី ?

  • តើ​ព្រះបន្ទូល​លួងលោម​អ្វីខ្លះ​ដែល​ព្រះអម្ចាស់បានប្រទាន​ឲ្យដល់​ពួក​បរិសុទ្ធនៅក្នុង ខ ២?

សូម​សរសេរសេចក្ដី​ថ្លែង​ការ​ណ៍​ពុំ​ពេញលេញ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​ថ្លែង​អំណរគុណ​នៅក្នុង​គ្រប់ការណ៍​ទាំងអស់ ហើយ​អត់ឱន​រង់ចាំ​ព្រះអម្ចាស់ នោះ…​

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:៣ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើលពី​អ្វី​ដែល​ព្រះអម្ចាស់​បានសន្យា​ចំពោះ​ពួក​បរិសុទ្ធ ប្រសិន​បើ​ពួកគេ​គោរព​តាមព្រះឱវាទ​របស់​ទ្រង់ ។

  • តើ​អ្នក​នឹង​បំពេញ​គោលការណ៍​នៅលើ​ក្តារខៀន​នេះ​យ៉ាង​ដូចម្តេច ដោយ​ផ្អែក​លើ ខ ៣? ( ខាង​ក្រោមនេះ​គឺ​ជា​របៀប​មួយ​ដើម្បី​បំពេញ​គោលការណ៍នេះ ៖ ប្រសិន​បើ​យើង​ថ្លែង​អំណរ​គុណ​នៅក្នុង​គ្រប់ការណ៍​ទាំងអស់ ហើយ​អត់ឱន​រង់ចាំ​ព្រះអម្ចាស់ នោះ​ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​ការរងទុក្ខ​របស់​យើង​ផ្សំគ្នា​សម្រាប់​ជា​សេចក្តី​ល្អ​របស់​យើង) ។

សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពីនរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែលបានអត់ឱន​រង់ចាំ​ព្រះអម្ចាស់ អំឡុងពេល​លំបាក​នានា ហើយ​បាន​រកឃើញហេតុផលដើម្បីថ្លែងអំណរគុណ ។

  • តើការរងទុក្ខបាននាំ​មក​នូវសេចក្តីល្អ​នៅក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​នោះ​តាម​របៀប​ណា​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពរជ័យ​ដែល​ពួក​ស្មោះត្រង់​នឹង​ទទួល​បាន ។

សូម​បញ្ចប់​ដោយថ្លែងទីបន្ទាល់​អំពី​គោលការណ៍​ទាំងឡាយ​ដែល​អ្នក​បាន​ពិភាក្សា​គ្នា​នៅក្នុង​ថ្នាក់​រៀន​ថ្ងៃ​នេះ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-១០១; ១០២-១០៥)

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយតប ប្រសិនបើ​ពួកគេ​ត្រូវបាន​ហៅ​ដោយ​ព្រះអម្ចាស់ ឲ្យ​ធ្វើ​ដំណើរ​រាប់រយ​គីឡូម៉ែត្រ អស់​រយៈពេល​ជា​ច្រើន​ខែ​ដើម្បី​ជួយ​សមាជិក​សាសនាចក្រ​ដែល​ទីទ័ល​ក្រ ។ សូម​ពន្យល់​ថា​នៅពេល​ពួកគេ​សិក្សាខគម្ពីរ​ដែល​នៅសល់​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ និង កណ្ឌ​ទី ១០២ រហូត​ដល់ ១០៥ អំឡុង​សប្តាហ៍​ខាង​មុខ​នេះ នោះ​ពួកគេ​នឹង​រៀន​អំពី​ក្រុម​មនុស្ស​ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​ដំណើរ​ពី​រដ្ឋ​អូហៃអូ ទៅ​រដ្ឋ​មិសសួរី​ដើម្បី​ជួយ​សមាជិក​សាសនាចក្រ ។ ក្រុម​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជំរំ​ស៊ីយ៉ូន ។