ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០៩ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៤


មេរៀនទី ១០៩

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤

បព្វកថា

នៅ​និទាឃរដូវ​ឆ្នាំ ១៨៣៤ សាសនាចក្រ​មាន​បញ្ហា​ខាង​ហិរញ្ញវត្ថុ ហើយ​កិច្ច​ប្រឹងប្រែង​ដើម្បី​ប្រមូល​មូលនិធិ​សម្រាប់​ជំនួយ​ត្រូវ​បាន​បរាជ័យ ។ នៅ​ខែ មិនា ឆ្នាំ ១៨៣២ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ក្នុង​រដ្ឋ អូហៃអូ បាន​បង្កើត​អង្គការ​មួយ​ដែល​ហៅ​ថា​សហសមាគម ដើម្បី​គ្រប់គ្រង​ពាណិជ្ជកម្ម​របស់​សាសនាចក្រ ប្រតិបត្តិការអាជីវកម្ម និង​ផ្នែក​ជំនួញ​ដែល​នឹង​ជួយ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន និង​ផ្គត់ផ្គង់​ជនក្រីក្រ ( សូមមើល គ. និង ស. ៧៨ ) ។ នៅ​ខែ មេសា ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ និង​សមាជិក​ដទៃ​ទៀត​បាន​ជួប​ជាមួយ​ពួកអ្នក​ដឹកនាំ​នៅ​រដ្ឋ មិសសួរី ហើយ​បាន​រៀបចំ​សាខា​សហសមាគម​មួយ​នៅ​ឃុំ ចាកសុន ( សូមមើល គ. និង ស. ៨២ ) ។ សាខា​ទាំង​ពីរ​នេះ—មួយ​នៅ​រដ្ឋ អូហៃអូ ហើយ​មួយ​ទៀត​នៅ​រដ្ឋ មិសសួរី—បាន​បន្ត​រយៈពេល​ពីរឆ្នាំ ។ នៅ​ក្នុង​ការ​ប្រជុំ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០ ខែ មេសា ឆ្នាំ ១៨៣៤ សមាជិក​សមាគម​បាន​សម្រេចចិត្ត​រំលាយ​អង្គការ​នោះ​ចោល ។ ប៉ុន្តែ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​មួយ​ប្រហែល​ពីរ​សប្ដាហ៍​ក្រោយ​មក « សហសមាគម ត្រូវ​បាន​រៀបចំ​ឡើង​វិញ » ហើយ « ទ្រព្យសម្បត្តិ​ទាំងឡាយ ត្រូវចែក​ជា​ការ​កាន់កាប់​ត្រួតត្រា នៅ​ក្នុង​ចំណោម​សមាជិក​នៃ​សមាគម ( សេចក្ដីណែនាំ​កណ្ឌ គ. និង ស. ១០៤ ) ។ នៅ​ក្រោម​ការ​ដឹកនាំ​របស់ យ៉ូសែប ស៊្មីធ ពាក្យ « សមាគម » ត្រូវ​បាន​ជំនួស​ដោយ​ពាក្យ « សហសមាគម » នៅ​ក្នុង​វិវរណៈ​នេះ ។ ព្រះអម្ចាស់​ក៏​បាន​ទូន្មាន​អ្នក​ដឹកនាំ​សាសនាចក្រ ពី​បំណុល​របស់​ពួកគេ ហើយ​បាន​បង្រៀន​ដល់​សមាជិក​សាសនាចក្រ​ទាំង​អស់​ពី​របៀប​ដែល​ពួកគេ​អាច​ថែទាំ​ដល់ជន​ក្រីក្រ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១-១៨

ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​អំពី​សហសមាគម

សូម​ដាក់​វត្ថុ​ធ្ងន់​មួយ ( ដូច​ជា​សៀវភៅ​ក្រាស់​មួយក្បាល ឬ​ដុំថ្ម​មួយ​ដុំ ) នៅ​មុខ​ថ្នាក់រៀន ។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​លើកវត្ថុ​នោះឡើង ដោយ​ប្រើ​តែ​ម្រាម​ដៃ​មួយ ។ វា​នឹង​មាន​ការ​ពិបាក ឬ​មិន​អាច​លើក​បានឡើយ ប៉ុន្តែ​សូម​ឲ្យ​សិស្ស​សាកល្បង ។ ហើយ​សូម​អនុញ្ញាត​ឲ្យ​សិស្ស ហៅ​សិស្ស​ដទៃ​ឲ្យ​ជួយ​លើក​វត្ថុ​នោះ ។ សិស្ស​ដែល​ជួយ ត្រូវ​សន្យា​ថា​ត្រូវ​ជួយ​រហូត​ដល់​លើកវត្ថុ​នោះ​រួច ហើយ​ពួកគេ​ក៏​ត្រូវ​ប្រើ​តែ​ម្រាម​ដៃ​មួយ​ដែរ ។ សូម​អនុញ្ញាត​ឲ្យ​សិស្សទីមួយ​បន្ត​ហៅ​សិស្ស​ថែមទៀត រហូត​ដល់​ពួកគេ​អាច​លើក​វត្ថុ​នោះ​រួច ។

  • តើ​អ្វី​ដែល​ចាំបាច់ ដើម្បី​លើក​វត្ថុ​ធ្ងន់​នោះ ? ( ចម្លើយ​អាច​រួមមាន ការ​ធ្វើការ​ជា​ក្រុម សាមគ្គីភាព និង​ចំណុច​ផ្សេងៗ​ទៀត ) ។

សូម​ពន្យល់​ថា ពេល​ចាប់ផ្ដើម​សាសនាចក្រ​ដំបូង បញ្ហា​ហិរញ្ញវត្ថុ​គឺ​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​សាសនាចក្រ ។ នៅ​ខែ មិនា និង មេសា ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​ណែនាំ​អ្នក​ដឹកនាំ​សានាចក្រ​ឲ្យ​រៀបចំ​សហសមាគម​ឡើង ដែល​មាន​សមាជិក​ធ្វើ​សន្តិ​សញ្ញា​ថា​នឹង​ធ្វើ​ការ​រួមគ្នា ហើយ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ត្រួតពិនិត្យ​វិស័យ​ពាណិជ្ជកម្ម និង​ការ​បោះពុម្ព ដើម្បី​កាត់បន្ថយ​បំណុល​របស់​សាសនាចក្រ មើល​ថែទាំ​ជន​ក្រីក្រ និង​ពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ដើមឡើយ​ស្ថាប័ន​នេះ ត្រូវ​បាន​ហៅថា សហសមាគម ( សូមមើល សេចក្ដីណែនាំ​កណ្ឌ ៧៨, ៨២, និង ១០៤ នៅ​ក្នុង​ការ​បោះពុម្ព​ឆ្នាំ ២០១៣ នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ) ។ នៅ​និទារឃរដូវ ឆ្នាំ ១៨៣៤ បំណុល​បាន​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​សាសនាចក្រ គិត​ពី​ការ​រំលាយ​សមាគម​ចោល ។ នៅ​ថ្ងៃ​ទី ២៣ ខែ មេសា ឆ្នាំ ១៨៣៤ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៤ក្នុង​នោះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​នឹង​សហសមាគម និង​ទ្រព្យសម្បត្តិ​របស់​វា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាននូវ​ការណែនាំ នៃ​ក្បាល​កណ្ឌ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤ ឲ្យ​ឮៗ​ ។ ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​នូវអ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ដឹកនាំ​សាសនាចក្រ​ធ្វើ ជាមួយ​នឹង​សហសមាគម ។ ( មុនពេល​សិស្សអាន សូម​ពន្យល់​ថា ក្រោយមក យ៉ូសែប ស៊្មីធ បាន​កែប្រែ​ពាក្យ « សមាគម »​ទៅ​ជា​ពាក្យ « សហសមាគម » នៅ​ក្នុង​វិវរណៈ​ដែល​បាន​បោះពុម្ព ) ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:១-៤ ឲ្យឮៗ ។ សូម​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មូលហេតុ​មួយ​ដែល​សហសមាគម​មាន​បញ្ហា ។ អ្នកអាច​ត្រូវ​ពន្យល់​ថា នៅក្នុង ខ ៤, ពាក្យ លោភលន់ សំដៅ​លើ​បំណង​ដ៏​អត្មានិយម​ដើម្បី​បាន​អ្វី​មួយ ជា​ធម្មតា​គឺ​អ្វីមួយ​ដែល​ជា​កម្មសិទ្ធិ​របស់​មនុស្ស​ផ្សេង​ទៀត ។

  • តើ​បងប្អូន​ប្រុស​មួយ​ចំនួន​បាន​ធ្វើ​ខុស​អ្វី​ខ្លះ ដោយសារ​តែ​ភាព​លោភលន់ ?

សូម​រំឭក​សិស្ស​ពី​វត្ថុ​សម្រាប់​មេរៀន នៅ​ដើម​មេរៀន ។ សូម​ឲ្យ​ពួកគេ​ពិចារណា​ពី​អ្វី​នឹង​កើតឡើង បើ​សិស្ស​មួយ​ចំនួន​បាន​សន្យា​ថា​ជួយ ប៉ុន្តែក្រោយមក​បែរជាផ្លាស់​ប្ដូរ​គំនិតហើយ​បាន​សម្រេច​ចិត្ត​ចាកចេញ​ នៅពេល​វត្ថុ​នោះ​កំពុង​ត្រូវ​លើក​ឡើង ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:៥–១០ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ចេញ​បញ្ញត្តិ​ថា​លទ្ធផល​នៃ​ការ​រំលង​សេចក្ដី​សញ្ញា ដែល​ទាក់ទង​នឹង​សហសមាគម នឹង​ត្រូវ​បណ្ដាសា ហើយ​នឹង​ត្រូវ​កាត់ចេញ​ពី​សាសនាចក្រ ( សូមមើល​ផងដែរ គ. និង ស. ៧៨:១១–១២; ៨២:១១–២១ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១១-១៣ ដោយ​ស្ងាត់​ស្ងៀម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល អំពី​អ្វី​ដែល​សហសមាគម​នឹង​ទទួល​បាន ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នក​អាច​ពន្យល់​ថា អ្នក​កាន់កាប់​ត្រួតត្រា​គឺ​ជា​បុគ្គល​ម្នាក់​ដែល​ត្រូវ​បាន​ប្រគល់​ទំនួល​ខុសត្រូវ​ឲ្យ​មើល​ការ​ខុសត្រូវ​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ផ្សេង​ទៀត ។

  • ស្របតាម ខ ១២-១៣តើ​ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​តាំង​ឲ្យ​មាន​អ្នក​កាន់កាប់​ត្រួតត្រា​លើ​សមាជិក​ម្នាក់​នៃ​សហសមាគម ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:១៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​នរណាជា​ម្ចាស់​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​ដែល​នៅ​ក្នុង​សហសមាគម ។

  • តើ​នរណា​ជា​ម្ចាស់​លើ​ទ្រព្យសម្បត្តិ ដែល​ត្រូវ​ផ្ដល់​ឲ្យ​សមាជិក​សហសមាគម ? ( បន្ទាប់ពី​សិស្ស​ឆ្លើយតប​ហើយ សូម​សរសេរ​ឃ្លា​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​បាន​បង្កើត​ផែនដី ហើយ​អ្វី​គ្រប់យ៉ាង​ដែល​នៅ​លើ​ផែនដី ជា​របស់​ផងទ្រង់) ។

  • តើ​សេចក្ដីពិត​នេះ មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នកគិត និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:១៥-១៨ ដោយ​ស្ងាត់ស្ងៀម ។ សូម​សូម​ពួកគេ​ប្រាប់ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បង្រៀន អ្នក​កាន់កាប់​ត្រួតត្រា​របស់​ទ្រង់​ឲ្យ​ប្រើ​របស់​នៃ​លោកិយ ។

  • តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកបរិសុទ្ធ​របស់​ទ្រង់​ត្រូវ​បាន​ផ្គត់ផ្គង់​របៀប​ណា ?

  • តើ​អ្នក​គិត​ថា ឃ្លា « មនុស្ស​ទ័លក្រ​ត្រូវ​បាន​តម្កើង​ឡើង ក្នុង​ការ​មនុស្ស​មាន​ត្រូវ​បាន​បន្ទាបចុះ » ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពីអត្ថន័យ​នៃ​ឃ្លានេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« របៀប​របស់​ព្រះអម្ចាស់​រួម​មាន​ការ​ជួយ​មនុស្ស​ឲ្យ​ជួយ​ខ្លួនឯង ។ មនុស្ស​ទ័លក្រ​ត្រូវ​បាន​តម្កើង​ឡើង ដោយសារ​ពួកគេ​ធ្វើការ​សម្រាប់​ជំនួយ​បណ្ដោះអាសន្ន​ដែល​ពួកគេ​ទទួល ពួកគេ​ត្រូវ​បាន​បង្រៀន​គោលការណ៍​ពិត ហើយ​ពួកគេ​អាច​រួច​ចេញ​ពី​ភាពក្រីក្រ ទៅ​កាន់​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ អ្នក​មាន​ត្រូវ​បាន​បន្ទាបចុះ ដោយសារ​ពួកគេ​មាន​ភាពរាបទាប ក្នុង​ការ​ចែករំលែក​ទ្រព្យសម្បត្តិ​ពួកគេ​ដល់​មនុស្ស​ទ័លក្រ ដោយ​សទ្ធា » ( Inspired Church Welfare » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៧៧ ) 

  • តើ​គោលការណ៍​នៅក្នុង ខ ១៧-១៨ បង្រៀន​អំពី​ទំនួល​ខុសត្រូវ​របស់​យើង ដើម្បី​ជួយ​អ្នក​ដទៃ​អ្វី​ខ្លះ ? ( សិស្ស​អាច​ប្រាប់​ពី​គោលការណ៍​ផ្សេង​គ្នា រួម​ទាំង​គោលការណ៍​ដូច​ខាង​ក្រោម ៖ យើង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ប្រើ​អ្វី ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង ដើម្បី​ជួយ​អ្នក​ដទៃ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យគិត​ពី « មនុស្ស​ទ័លក្រ និង​មនុស្ស​ទុគ៌ត » ថា​ពួកគេ​មិន​ត្រឹម​តែ​ត្រូវការ​ជំនួយ​ខាង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ពួកគេ​ក៏​ត្រូវការ​ជំនួយ​ខាង​វិញ្ញាណ ខាង​អារម្មណ៍ ខាង​ផ្លូវចិត្ត និង​ខាង​សង្គមផង​ដែរ ។ ដូច​គ្នា​ផងដែរ យើង​អាច​គិត​ពី​ភាព​សម្បូរ​សប្បាយ​របស់​យើង លើស​ពី​ប្រាក់កាស ឬ​ទ្រព្យសម្បត្តិ​ដែល​យើង​មាន​ទៅទៀត ។ ភាព​សម្បូរសប្បាយ​របស់​យើង រួម​ទាំង​ពេលវេលា ទេពកោសល្យ ចំណេះដឹង ទីបន្ទាល់ និង​ជំនាញ​របស់​យើង ។

  • តើ​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា វា​សំខាន់​ដែល​យើងត្រូវ​ចែកចាយ​ភាព​សម្បូរសប្បាយ​របស់​យើង ដល់​ជនទុគ៌ត​នោះ ?

  • តើ​យើង​អាច​ជួយ​អ្នក​ដទៃ តាម​វិធី​របស់​ព្រះអម្ចាស់​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្សឲ្យ​គិត​ពី​ការ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុងការ​ជួយ​មនុស្ស​ទ័លក្រ និង​មនុស្ស​ទុគ៌ត ។ សូម​ឲ្យ​ពួកគេ​សរសេរ​គោលដៅ​មួយ ពី​របៀប​ដែល​ពួកគេ​នឹង​ប្រើ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ពួកគេ ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​ត្រូវការ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤: ១៩-៧៧

ព្រះអម្ចាស់​ប្រទាន​ការ​ណែនាំ​ទាក់ទង​នឹង​សហសមាគម អ្នកកាន់កាប់​ត្រួតត្រា និង​ឃ្លាំង

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៩-៥៣ ដោយពន្យល់​ថា ព្រះអម្ចាស់​ប្រទាន​ការណែនាំ​ជាក់លាក់​អំពី​អ្នក​កាន់កាប់ត្រួតត្រា ដែល​ទ្រង់​បាន​ចាត់​ដល់​សមាជិក​នៃ​សហសមាគម ។ សូម​សរសេរ​សេចក្ដីយោង​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:២៣,​២៥, ៣១, ៣៣, ៣៥, ៣៨, ៤២, ៤៦ ។ សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ​ដោយ​ស្ងៀមស្ងាត់ រកមើល​លំនាំ​ដែល​ព្រះអម្ចាស់​សន្យា​ដល់​សមាជិក​ម្នាក់ៗ​នៅ​ក្នុង​សមាគម ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៏ ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​សួរ​សិស្ស​ថា តើ​ពាក្យ ឬ​ឃ្លា​មួយ​ណា​ដែល​លើក​ឡើង​ម្ដង​ហើយ​ម្ដងទៀត​ក្នុង​ខគម្ពីរ​ទាំង​នេះ ។ សូម​ចង្អុល​បង្ហាញ​ថា ឃ្លា « ដរាបណា » មាន​ន័យ​ថា « បើ​តាម​ដែល » ឬ « ដែល​ថា » ។

  • តើ​ឃ្លា​ទាំង​នេះ​អាច​បង្រៀន​យើង​អំពី​របៀប​ដែល​ការ​គោរព​របស់​យើង​មាន​ឥទ្ធិពល​លើ​ពរជ័យ​ដែល​យើង​បង្រៀន​អ្វី​ខ្លះ ?

សូម​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​ឃ្លា ដរាបណា​យើង​បន្ទាប​ខ្លួន និង​ស្មោះត្រង់ នោះ​ព្រះអម្ចាស់ នឹង …

សូម​សួរ​សិស្ស​ពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​គោលការណ៍​នេះ ។ ( សូម​ប្រើ​ពាក្យ​របស់​គេផ្ទាល់ ដើម្បី​បញ្ចប់ គោលការណ៍មិនពេញលេញ​នៅ​លើ​ក្ដារខៀន ។ ឧទាហរណ៍ ៖ ដរាបណា​យើង​បន្ទាប​ខ្លួន និង​ស្មោះត្រង់ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរជ័យដល់​យើងទ្វេឡើង) ។

  • តើ​ពេលណា ដែល​អ្នក​បាន​ឃើញ​នរណាម្នាក់ ត្រូវ​បាន​ប្រទានពរ​ឲ្យ​សម្រាប់​ការ​ស្មោះត្រង់ នៅ​ក្នុង​ទំនួល​ខុសត្រូវ​របស់​ខ្លួន​ចំពោះ​ព្រះអម្ចាស់ ?

សូម​អញ្ជើញ​សិស្សឲ្យ​ពិចារណា​អំពី​របៀប ដែល​ពួកគេ​អាច​ស្មោះត្រង់ចំពោះ​ទំនួល​ខុសត្រូវ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:៥៤-៧៧ ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​សេចក្ដី​ណែនាំ​សម្រាប់​ការ​ស្ថាបនា​ឃ្លាំង ដើម្បី​ការពារ​មូលនិធិ​ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់​ជា​ប្រយោជន៍​របស់​សាសនាចក្រ ដូច​ជា​ការ​បោះពុម្ព​ព្រះគម្ពីរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៧៨-៨៦

ព្រះអម្ចាស់​ណែនាំ​ដល់​ពួក​អ្នកដឹកនាំ​សាសនាចក្រ​ទាក់ទង​នឹង​បំណុល​របស់​សហសមាគម

សូម​ឲ្យ​សិស្ស​ពិចារណា​ថា​តើ​ពួកគេ​ធ្លាប់​ត្រូវ​បាន​សូម​ឲ្យ​ធ្វើ​អ្វី​មួយ ដែល​ពួកគេ​គិត​ថា​មិន​អាច​ទៅរួច​ដែរ​ឬ​ទេ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យចែកចាយ​បទពិសោធន៍​របស់ពួកគេ ។

សូម​ពន្យល់​ថា នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ សហមាគម​មាន​បំណុល​យ៉ាង​ច្រើន ។ ព្រឹត្តិការណ៍​មួយ​ចំនួន​បាន​រាំងស្ទះ​មិន​ឲ្យ​សមាគម​សង​បំណុល​បាន ។ ឧទាហរណ៍ ការ​បំផ្លិច​បំផ្លាញ​របស់​ពួក​មនុស្ស​កំណាច​ទៅលើ​ម៉ាស៊ីន​បោះពុម្ព​នៅ​រដ្ឋ ចាកសុន រដ្ឋ មិសសួរី បាន​រួមចំណែក​ដល់​បញ្ហា​សេដ្ឋកិច្ច ហើយ​ពួក​មនុស្ស​កំណាច​បាន​រាំងស្ទះ​មិន​ឲ្យ​ពួកបរិសុទ្ធ​ប្រើ​ឃ្លាំង​នៅ​ទីក្រុង អ៊ិនឌីប៉ែនដែនស៍ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:៧៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សេចក្ដី​ណែនាំ​របស់ព្រះអម្ចាស់​អំពី​បំណុល​របស់​សាសនាចក្រ ។

  • តើ​ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​សមាជិក​នៃ​សហសមាគម​ធ្វើ​អ្វីខ្លះ ?

សូម​ចង្អុល​បង្ហាញ​ថា ការ​សងបំណុល​ហាក់​ដូច​ជា​មិនអាច​ទៅរួច​ចំពោះ​ពួកបរិសុទ្ធ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ផ្ដល់​ការណែនាំ​ដើម្បី​ជួយ​ពួកគេ ។ សូម​សរសេរពាក្យ បើ និង នោះ នៅក្នុងកូឡោន​ពីរ​នៅលើ​ក្ដារ​ខៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:​៨០-៨២ ឲ្យឮៗ ។ សូម​សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សូម​ដល់​សមាជិក​សមាគម​ឲ្យធ្វើ ដើម្បី​ទទួល​បាន​ជំនួយ​ពី​ទ្រង់​ក្នុង​ការ​សង​បំណុល​របស់​ពួកគេ ។ សូម​សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ពាក់​កណ្ដាល​ទៀត​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា​ទ្រង់​នឹង​ធ្វើ ដើម្បី​ជួយ​ពួកបរិសុទ្ធ​ឲ្យ​សង​បំណុល​របស់​ខ្លួន ។ សូម​ឲ្យ​ក្រុម​ទីមួយ​សរសេរ​ចម្លើយ​របស់​ខ្លួន​នៅ​ក្រោម​ពាក្យ « បើ » ហើយ​ឲ្យ​ក្រុម​ទីពីរ​សរសេរ​ចម្លើយ​របស់​ខ្លួន​នៅ​ក្រោម « នោះ » ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ ដកស្រង់ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:៨០–៨២ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងគ្នា ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​ពី​គោលការណ៍ មួយចំនូន​ដូច​ខាងក្រោម ៖ បើ​យើង​បន្ទាប​ខ្លួន ហើយ​ស្មោះត្រង់ ហើយ​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​សម្រេច​បាន​នូវ​អ្វី​ដែល​ទ្រង់​បាន​សូម​ឲ្យ​យើង​ធ្វើ ) ។

  • តើ​ព្រះអម្ចាស់​សូម​ឲ្យ​សមាជិក​សាសនាចក្រ​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​នេះ ដែល​ចាត់​ទុក​ថា​ពិបាក​នោះ ? តើ​អ្នក​គិត​ថា ការបន្ទាបខ្លួន ការ​ស្មោះត្រង់ និង​ការអធិស្ឋាន មាន​តួនាទី​ក្នុង​ការ​សម្រេច​បាន​នូវ​អ្វី​ដែល​ព្រះអម្ចាស់​សូម​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ ?

  • តើ​នៅ​ក្នុង​ព្រះគម្ពីរ នរណា​ខ្លះ​ទៅ​ដែល​ជា​គំរូ​នៃ​គោលការណ៍​ដែល​បានប្រាប់​នៅ​ក្នុង ខ ៨០-៨២ ? តើ​សព្វថ្ងៃ​នេះ អ្នក​ស្គាល់​នរណា​ខ្លះ​ដែល​ជា​គំរូ​នៃ​គោលការណ៍​នេះ ?

សូម​អញ្ជើញ​សិស្សឲ្យ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុងថ្នាក់​របស់​ខ្លួន ឬ​នៅ​ក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ពី​វិធី​មួយ​ដែល​ពួកគេ​អាច​មាន​ការបន្ទាបខ្លួន ស្មោះត្រង់ ឬ​ព្យាយាម​កាន់តែ​ខ្លាំង ដើម្បី​ឲ្យ​ព្រះអម្ចាស់​អាច​ជួយ​ពួកគេ​ឲ្យ​សម្រេច​បាន នូវ​រឿង​ដែល​ទ្រង់​បាន​សូម​ឲ្យ​ពួកគេ​ធ្វើ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:១៥-១៨។ ការទទួលខុសត្រូវ​របស់​យើង​ដើម្បី​ខ្វល់ខ្វាយ​ពី​ជនទ័លក្រ និង​ជន​ទុគ៌ត

ប្រធាន ម៉ារ៉ុន ជី.រ៉មនី នៃ​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​អំពី​ពរជ័យ​ដែល​យើង​ទទួលបាន កាលណា​យើង​ខ្វល់ខ្វាយ​ដល់​ជនទ័លក្រ និង​ជន​ទុគ៌ត ៖

រូបភាព
ប្រធាន ម៉ារុន ជី រ៉មនី

« វា​ជា​រឿង​ធម្មតា​សម្រាប់​ព្រះអម្ចាស់​ក្នុងការ​បើក​សម្ដែង​ដល់ [ ប្រធាន​នៃ​សាសនាចក្រ ] ពី​ទីកន្លែង​ដែល​មាន​ប្រេង និង​រ៉ែ​ដ៏​មាន​តម្លៃ​នោះ ។ នោះ​យើង​អាច​ជួល​នរណា​ម្នាក់​ឲ្យ​ជីក​យក​វា ហើយ​យើង​អាច​សោយសុខ​លើ​ទ្រព្យសម្បតិ្ត—ហើយ​យើង​អាច​សោយសុខ​លើ​គំនរ​ទ្រព្យ​សម្បត្តិ​រហូត​ដល់​ស្លាប់ ។ មិន​ដូច្នោះ​ទេ ព្រះអម្ចាស់​គ្មាន​ព្រះទ័យ​ចង់​ឲ្យ​យើងគ្រាន់តែ​ខ្វល់ខ្វាយ​ពី​ជន​ទ័លក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ យើងត្រូវ​ការ​បទពិសោធន៍​នេះ ព្រោះ​ថា​មាន​តែ​តាម​រយៈ​ការ​សិក្សា​ពី​របៀប​ខ្វល់ខ្វាយ​ពី​គ្នា​ទៅវិញ​ទៅមក​ទេ ទើប​យើង​អាច​អភិវឌ្ឍ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ក្នុងខ្លួន​យើង និង​អត្តចរិត​ដែល​ចាំបាច់​ដើម្បី​ឲ្យ​យើង​មាន​ភាព​សក្ដិសម​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ទ្រង់វិញ » ( Living Welfare Principles » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨១,ទំព័រ ៩២ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៦ ។ ការ​ឧបត្ថម្ភ​ដល់​ពួកបរិសុទ្ធ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ បាន​បង្រៀន​អំពី​វិធី​ឧបត្ថម្ភ​ដល់​ពួកបរិសុទ្ធ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ ។

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« មាន​មនុស្សល្អ និង​អង្គការ​សប្បុរស​ជាច្រើន​ក្នុង​ពិភពលោក ដែល​កំពុង​ព្យាយាម​ផ្គត់ផ្គង់​ដល់​តម្រូវការ​របស់​ជន​ទ័លក្រ និង​ជន​ទុគ៌ត​នៅ​គ្រប់​ទីកន្លែង ។ យើង​មាន​អំណរគុណ​សម្រាប់​ការណ៍​នេះ ប៉ុន្តែ​វិធី​ជួយ​ដល់​ជនទុគ៌ត​របស់​ព្រះអម្ចាស់ ខុស​ពី​វិធី​របស់​លោកិយ ។ ​ព្រះអម្ចាស់​បាន​សន្យា​ថា « ប៉ុន្តែការនេះត្រូវបានសំរេច​តាមមាគ៌ារបស់យើង » [ គ. និង ស. ១០៤:១៦ ] ។ ទ្រង់​មិន​ត្រឹមតែ​ចាប់អារម្មណ៍​ពី​តម្រូវ​ការ​ចាំបាច់​របស់​យើងភ្លាមៗ​ប៉ុណ្ណោះ​ទេ តែទ្រង់​ថែម​ទាំង​បារម្ភ​ពី​ការ​រីកចម្រើន​ដ៏អស់កល្បជានិច្ច​របស់​យើង​ផងដែរ ។ អាស្រ័យ​ហេតុ​នេះ វិធី​របស់​ព្រះអម្ចាស់​តែង​តែ​រួមបញ្ចូលនូវ ភាព​ខ្លួន​ទីពឹង​ខ្លួន និង​ការ​បម្រើ​ដល់​អ្នកជិតខាង​យើង បន្ថែម​ពីលើ​ការ​ខ្វល់ខ្វាយ​ពី​ជន​ទ័លក្រ » ( Providing in the Lord’s Way » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១,ទំព័រ ៥៤ ) ។

រូបភាព
ប្រធាន ម៉ារុន ជី រ៉មនី

ប្រធាន ម៉ារ៉ុន ជី រ៉មនី នៃ​គណៈប្រធាន​ទីមួយ ក៏បាន​បង្រៀន​អំពី​គោលបំណង​សំខាន់​ក្នុង​ការ​ឧបត្ថម្ភ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់​ដែរ​ថា ៖ « តួនាទី​សំខាន់​របស់​សាសនាចក្រ​ក្នុង​ការ​ជួយ​ជនទ័លក្រ នោះ​មិន​មែន​ជា​ការ​ផ្ដល់​ជំនួយ​បន្ទាន់​ដល់​តម្រូវការ​របស់​ពួកគេ​នោះទេ ប៉ុន្តែ​ជា​ការ​សង្គ្រោះ​ដល់​ព្រលឹង​ពួកគេ​វិញ » ( The Role of Bishops in Welfare Services » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ទំព័រ ៨១ ) ។