ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៩:១-៤៦


មេរៀនទី ១១៦

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១-៤៦

បុព្វកថា

ពួកបរិសុទ្ធ​ធ្វើការ​អស់​រយៈពេល​ជិត​បី​ឆ្នាំ ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​ខឺតឡង់ ។ ពេល​ពួកគេ​បាន​បញ្ចប់ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ពី​ការអធិស្ឋាន​ដើម្បី​ឧទ្ទិស​ព្រះវិហារ​បរិសុទ្ធ ។ ព្យាការី​បាន​អាន​ការ​អធិស្ឋាន ជា​ផ្នែក​មួយ​នៃ​ការ​ឧទ្ទិស​នៅ​ថ្ងៃ​ទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ ។ ការអធិស្ឋាននោះ គឺត្រូវ​បាន​កត់ត្រា​ទុក​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩ ។ មេរៀន​នេះ បង្ហាញ​ពី​ផ្នែក​ទីមួយ​នៃ​ការ​អធិស្ឋាន ដែល​មាន​ការ​ទូលអង្វរ​ដល់​ព្រះអម្ចាស់​ឲ្យ​ទទួល​យក​ព្រះវិហារ​បរិសុទ្ធ និង​បំពេញ​ការ​សន្យា​ដែល​ទ្រង់​បាន​ធ្វើ​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ រួម​ទាំង​ការ​ការពារ និង​ពរជ័យ​សម្រាប់​អ្នក​ដែល​គោរព​បូជា​នៅទីនោះ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១-២៣

យ៉ូសែប ស៊្មីធ បាន​ទូល​សូម​ឲ្យ​ព្រះអម្ចាស់​ទទួលយក​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ ហើយ​សូម​ឲ្យ​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​ដែល​គោរព​បូជា​នៅ​ទីនោះ ។

សូម​បង្ហាញ​រូប​ព្រះវិហារ​បរិសុទ្ធ​ពីរបី​សន្លឹក ។ អ្នក​អាច​សួរ​សិស្ស​ថា​តើ​ពួកគេ​ស្គាល់ថា​ព្រះវិហារ​និមួយៗ​មាន​ទីតាំង​នៅទីណា​ឬ​ទេ ។

សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​ហេតុអ្វី​បាន​ជា​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ ? សូម​អញ្ជើញ​សិស្សឲ្យ​ចាប់គូ ហើយ​ពិភាក្សា​រក​ចម្លើយ​ ចំពោះ​សំណួរ​នេះ ។ ក្រោយពីបាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ហើយ សូម​ពន្យល់​ថា យើង​អាច​ស្វែងរក​ចម្លើយ​ ចំពោះ​សំណួរ​នេះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩ ។

រូបភាព
ព្រះវិហារបរិសុទ្ធ​ទីក្រុង ខឺតឡង់

បង្ហាញ​រូបភាព នៃ ព្រះវិហារបរិសុទ្ធ​ទីក្រុង ខឺតឡង់ ( សូមមើល Gospel Art Book [ឆ្នាំ ២០០៩] ទំព័រ ១១៧ សូមមើល​ផងដែរ LDS.org និង josephsmith.net ) ។ សូម​ពន្យល់​ថា ពួកបរិសុទ្ធ​បាន​ធ្វើការ ហើយ​បាន​លះបង់​អស់​រយៈពេល​ជិត​បី​ឆ្នាំ ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ ។ ពួកគេ​បាន​ឃើញ​ការ​បំពេញ​ការ​សន្យា​របស់​ព្រះអម្ចាស់​ថា បើ​ពួកគេ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ នោះ​ពួកគេ​នឹង « មានអំណាច ដើម្បី​កសាង​គេហដ្ឋាន​នោះ » ( គ. និង ស. ៩៥:១១ ) ។ នៅ​ថ្ងៃ​ទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ ពួកបរិសុទ្ធ​បាន​ចូលរួម​ការ​ឧទ្ទិស​ព្រះវិហារ​បរិសុទ្ធ ហើយ​ព្យាការី យ៉ូសែប ស៊្មីធ បាន​ផ្ដល់​ការអធិស្ឋានបើក​ឧទ្ទិស​ឆ្លង ។ លោក​បាន​ទទួល​ពាក្យ​អធិស្ឋាន ដោយ​វិវរណៈ​មុន​ពេល​ពិធីឧទ្ទិស​ឆ្លង ។ វិវរណៈ​នោះ គឺត្រូវ​បាន​កត់ត្រា​ទុក​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩ ។

រូបភាព
ជាន់​ទីមួយ​នៅ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់

ប្លង់​ជាន់​ខាងក្រោម​នៃ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ ។

សូម​ពន្យល់​ថា ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជិត ១,០០០​នាក់​បាន​ចូលរួម​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ។ មាន​សមាជិក​ជាច្រើន​ទៀត​ដែល​ចង់​ចូលរួម ប៉ុន្តែ​អគារ​នោះ បាន​ពេញ​ហើយ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​រៀបចំ​ឲ្យ​ពួកគេ​ចូលរួម​ការ​ប្រជុំ​នៅ​ក្នុង​អគារ​មួយ​ផ្សេង​ទៀត ហើយ​ ការ​ឧទ្ទិស​ឆ្លង​បាន​ធ្វើ​ឡើងវិញ​ម្ដង​ហើយម្តងទៀត​ចំនួនពីរបីថ្ងៃ​សម្រាប់​ពួកគេ ។

សូម​អញ្ជើញ​សិស្សឲ្យ​ស្រមៃ​ពី​ការ​ចូលរួម​ក្នុង​ពិធី​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ ៖ ពួក​គេ​មាន​អារម្មណ៍ត្រេកអរយ៉ាងខ្លាំង ខណៈពេល​ក្រុម​ចម្រៀង​ច្រៀងចម្រៀង​បើក ។ ហើយ ស៊ីឌនី រិកដុន បានផ្តល់ទេសនកថា ។ បន្ទាប់​ពី​ការ​សម្រាកបន្តិចមក ពួកគេ​មាន​ឱកា​សផ្ដល់​ការ​គាំទ្រ​ដល់​ពួក​អ្នក​ដឹកនាំ​សាសនាចក្រ ។ បន្ទាប់​មក​ ព្យាការី យ៉ូសែប ស៊្មីធ បាន​ឈរ ហើយ​អាន​ការ​អធិស្ឋាន​ឧទ្ទិសឆ្លង ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​ក្រោកឈរ ហើយ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:១-៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​ហេតុ​ផល​ទីមួយ​ដែល​ពួកបរិសុទ្ធ​កសាង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ។

  • តើអ្វីជាមូលហេតុទីមួយ ដែលធ្វើឲ្យពួកបរិសុទ្ធ កសាងព្រះវិហារបរិសុទ្ធ ខឺតឡង់? ( សិស្ស​គួរ​ឃើញ​ថា ពួកបរិសុទ្ធ​កសាង​ព្រះវិហារ​បរិសុទ្ធ ដោយសារ​ព្រះអម្ចាស់​បាន​បញ្ជា ។ សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​បញ្ជា​យើង​ឲ្យ​កសាង​ព្រះវិហារ​បរិសុទ្ធ) ។

សូមអញ្ជើញសិស្ស​ម្នាក់ទៀតឲ្យ​ក្រោក​ឈរ ហើយ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៥ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ឃ្លា​ដែល​រៀបរាប់​ពី​ការ​លះបង់​របស់​ពួកបរិសុទ្ធ ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​អ្នក​បាន​សម្គាល់​ឃើញ​ឃ្លា​អ្វី ? ( ចម្លើយ​អាច​មាន « ការវេទនា​ដ៏​ខ្លាំង » « ចេញ​ពីភាព​ក្រខ្សត់ » និង « ថ្វាយ​របស់របរ​នៃ​ទូលបង្គំ​ទាំងអស់​គ្នា » ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ការ​លះបង់​ដែល​ពួកបរិសុទ្ធ​បាន​ធ្វើ ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​សង្ខេប​ដូច​ខាង​ក្រោម ៖

នៅ​ចន្លោះ​ខែ មិថុនា ឆ្នាំ ១៨៣៣ និង​ខែ មិនា ឆ្នាំ ១៨៣៦ សមាជិក​សាសនាចក្រ​បាន​លះបង់​ពេលវេលា ប្រាក់កាស និង​ទ្រព្យសម្បត្តិ​ដើម្បី​ជួយ​កសាង​ព្រះរាជដំណាក់​សម្រាប់​ព្រះអម្ចាស់ ។ បុរសទាំងឡាយ​បាន​ស្ម័គ្រ​ចិត្ត​ផ្ដល់​កម្លាំង​ជួយ​សាងសង់ ។ ស្រ្តី​ទាំងឡាយ​បាន​ដេរ​សម្លៀក​បំពាក់ និង​ផ្ដល់​កន្លែង​ស្នាក់នៅ ។ នៅពេល​បុរស​ជា​ច្រើន​បាន​ចេញ​ទៅ​ឆ្ងាយ​ជាមួយ​ជំរុំ​ស៊ីយ៉ូន ស្រ្តី​មួយ​ចំនួន​បាន​បន្ត​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មួយ​ចំនួន ដូច​ជា ចន ថានណឺ និង វីអែណា ចាកស៍ បាន​ផ្ដល់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​ដទៃ​ទៀត​បាន​ផ្ដល់​ជំនាញ​ពលកម្ម ។ ឧទាហរណ៍ ព្រិកហាំ យ៉ង់ បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា អាថេមុស មីលលែត នៅ​ប្រទេស កាណាដា ។ បងប្រុស មីលលែត បាន​បោះបង់​ការងារ​របស់​គាត់​ជា​ជាង​ថ្មកំបោរ​ឲ្យ​រដ្ឋាភិបាល កាណាដា ដូច្នេះ​គាត់ និង​ក្រុម​គ្រួសារ​គាត់​អាច​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង ខឺតឡង់ ហើយ​គាត់​បាន​បម្រើ​ជា​មេជាង​នៃ​ការ​កសាង​ព្រះវិហារ​បរិសុទ្ធ ។ សរុប​មក ព្រះវិហារ​បរិសុទ្ធ​មាន​តម្លៃ​ប្រហែល ៦០,០០០ ដុល្លារ​អាមេរិក ជា​ចំនួន​ដ៏​ច្រើន​នៅសម័យ​នោះ ជាពិសេស​បើ​គិត​ពី​ភាព​ក្រីក្រ​របស់​ពួកបរិសុទ្ធ ។ បើ​ប្រៀបធៀប​នឹង​ចំនួន​ទឹកប្រាក់​សព្វថ្ងៃ​នេះ ចំនួន​នោះ​អាច​លើស​ពី ១,០០០,០០០ ដុល្លារ​អាមេរិក ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​អំពី​ការ​លះបង់​របស់​ពួកបរិសុទ្ធ បាន​ធ្វើ​ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ ?

សូម​អញ្ជើញ​សិស្សឲ្យ​អាន ខ ៥ ដោយ​ស្ងៀមស្ងាត់ ហើយ​រកមើល​សេចក្ដី​ពិត​ដែល​ពន្យល់​ពី​មូលហេតុ​ដែល​ពួកបរិសុទ្ធ​បាន​លះបង់​ជាច្រើន ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​សេចក្ដី​ពិត​អ្វី​ដែល​អ្នក​រកឃើញ អំពី​មូលហេតុ​ដែល​ពួកបរិសុទ្ធ​ចង់​កសាង​ព្រះវិហារ​បរិសុទ្ធ ? ( សិស្ស​គួរតែ​បង្ហាញ​ថា នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​អាច​បើក​សម្ដែង​អង្គ​ទ្រង់​ដល់​យើង ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូមអញ្ជើញ​សិស្ស​ពាក់កណ្ដាក​ថ្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:១០-១១ ដោយ​ស្ងៀមស្ងាត់ ហើយ​រកមើល​អ្វី​ដែល យ៉ូសែប ស៊្មីធ បាន​ទូលសូម​ឲ្យ​ព្រះអម្ចាស់​ធ្វើ ដើម្បី​ឲ្យ​មនុស្ស​អាច​ទទួល​បាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ សូមអញ្ជើញ​សិស្សពាក់កណ្ដាល​ថ្នាក់​ទៀតឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:១២-១៣ ដោយស្ងាត់​ស្ងៀម រកមើល​ឃ្លា​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះអម្ចាស់​សម្ដែង​អង្គទ្រង់​ដល់​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​ក្រុម​ទីមួយ​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ យ៉ូសែប ស៊្មីធ បាន​ទូល​សូម​ឲ្យ​ព្រះអម្ចាស់​ធ្វើ​អ្វី ដើម្បី​ឲ្យ​មនុស្ស​គ្រប់រូបអាច​ទទួល​បាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ? ( ដើម្បី​ជួយ​ពួកគេ​ដោយ​ព្រះគុណ​ទ្រង់ ដូច្នេះ​ពួកគេ​អាច​មាន​ភាព​សក្ដិសម​នៅ​ក្នុង​ព្រះនេត្រ​ទ្រង់ ) ។

  • នៅពេល​យើង​ព្យាយាម​ឲ្យ​មាន​ភាព​សក្ដិសម ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ តើ​ហេតុអ្វី​បាន​ជា​យើង​ត្រូវការ​ព្រះគុណ​ព្រះអម្ចាស់ ?

សូម​សួរ​ក្រុម​ទី​ពីរ​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​ឃ្លា​អ្វី​ដែល​អ្នក​រក​ឃើញ​ថា​ជួយ​អ្នក​ឲ្យ​យល់ ពី​របៀប​ដែល​ព្រះអម្ចាស់​សម្ដែង​អង្គទ្រង់​ដល់​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? ( អ្នក​អាច​សូម​ឲ្យ​សិស្ស​គូស​ចំណាំ​ឃ្លា​ដែល​មិត្ត​រួមថ្នាក់​របស់​ពួកគេ​បាន​ចែកចាយ ) ។

​សូមអញ្ជើញសិស្ស​ឲ្យចែកចាយ​ជាគូ ឬ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​ទាំង​អស់ នូវ​បទពិសោធន៍​ដែល​ពួកគេ​មាន ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​នៅ​ជិត​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​រំឮក​ថា បទពិសោធន៍​មួយចំនួន​ពិសិដ្ឋ ឬ​ផ្ទាល់ខ្លួន​ណាស់ ដែល​ពុំ​គួរ​ចែក​ចាយទេ ។ សូម​គិតពី​ការចែកចាយ​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​អ្នក ។

  • តើ​ការ​មាន​អារម្មណ៍​ថា​នៅជិត​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ មាន​ឥទ្ធិពល​យ៉ាង​ណា​នៅ​ក្នុង​ជីវិត​របស់​អ្នក ពេល​អ្នក​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ ?

សូម​អញ្ជើញ​សិស្សបន្តអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:១៤-២៣ ដោយ​ខ្លួនឯង ហើយ​រក​មើល​ពរជ័យ​បន្ថែម​ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​អ្នក​ដែល​គោរព​បូជា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​ពរជ័យ​បន្ថែម​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​អ្នក​ដែល​គោរព​បូជា​នៅ​ក្នុងព្រះវិហារ​បរិសុទ្ធ ? ( សិស្ស​គួរ​រកឃើញ​ពរជ័យ​ជា​ច្រើន​នៅ​ក្នុងខគម្ពីរ​ទាំង​នេះ។ ( អ្នក​អាច​សរសេរ​ពរជ័យ​ទាំងនេះ​នៅ​លើ​ក្ដារខៀន ) ។

ពី ខ ២២-២៣តើ​ការ​គោរពបូជា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នាំ​មកនូវ​លទ្ធផល​អ្វី​ខ្លះ ? ( ក្នុង​ការ​ភ្ជាប់​ទៅ​នឹង​ចម្លើយ​ដែល​សិស្ស​ផ្ដល់​ឲ្យ សូម​ជួយ​ពួកគេ​ឲ្យ​ប្រាប់​ពី​សេចក្ដី​ពិតដូច​ខាង​ក្រោម ៖ ការ​ទទួល​បាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ផ្ដល់​ឲ្យ​យើង​នូវ​ព្រះ​ស្ដា និង​ជំនួយ​របស់​ព្រះអម្ចាស់ ពេល​ដែល​យើង​បម្រើ​ទ្រង់ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏​អាច​ផ្ដល់​យោបល់​ដែរ​ថា សិស្ស​គួរតែ​កត់ត្រា​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ផងដែរ ) ។

  • តើ​អ្នក​គិត​ថា​ការ « ប្រដាប់​ទៅដោយ​ព្រះចេស្ដា​របស់ [ព្រះអម្ចាស់] » មាន​អត្ថន័យ​យ៉ាងដូចម្តេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ប្រសើរ​អំពី​អត្ថន័យ​នៃ​ការ​ប្រដាប់​ទៅដោយ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ​សិស្ស​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ សមាជិក​ស្មោះត្រង់​នៅ​ក្នុង​សាសនាចក្រ អាច​ត្រូវ​បាន​ប្រទាន​អំណោយ​ទាន​ដល់ ‹ ដោយ​ព្រះចេស្ដា​ពី​ស្ថាន​លើ › [ គ. និង ស. ៩៥:៨ជា​ព្រះចេស្ដា​ដែល​នឹង​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​ការ​ល្បួង គោរព​តាម​សេចក្ដី​សញ្ញា ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ និង​ថ្លែង​ទីបន្ទាល់​ដល់​គ្រួសារ មិត្តភក្ដិ និង​អ្នក​ជិតខាង​ដោយ​ភាព​ក្លៀវក្លា »​( Cultivating Divine Attributes »Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៨,ទំព័រ ២៧ ) ។

  • តើ​ព្រះចេស្ដា​បែបនេះ អាច​ជា​ពរជ័យ​ដល់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ដោយ​របៀប​ណា ? តើ​ព្រះចេស្ដា​បែបនេះ អាច​ជា​ពរជ័យ​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:០៤-៤៦

យ៉ូសែប ស៊្មីធ បាន​ទូលសូម​ដល់​ព្រះអម្ចាស់​ឲ្យ​ការពារ និង​ប្រទាន​ពរ​ដល់​អ្នក​ដែល​គោរព​បូជា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​អ្នក​ដែល​ផ្សាយ​ដំណឹងល្អ ។

សូម​គូរ​រូប ស្លាបព្រា​បាយអ និង​ដាវ នៅលើ​ក្ដារខៀន ។ អ្នក​អាច​ពន្យល់​ថា ស្លាបព្រា​បាយអ គឺ​ត្រុវ​បាន​ប្រើ​ដើម្បី​បៀក​បាយអ​នៅ​ចន្លោះ​ឥដ្ឋ ឬ​ថ្ម ។ សូម​សួរ​សិស្ស​ពី​របៀប​ដែល​ឧបករណ៍​ទាំងនេះ ត្រូវ​បាន​ប្រើ​ក្នុង​ការ​កសាង​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
ស្លាបព្រា​បាយអ និង​ដាវ

សូម​ពន្យល់​ថា នៅពេល​សាងសង់​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ពួក​មនុស្ស​កំណាច​បាន​កំទេច​ព្រះវិហារ​បរិសុទ្ធ ។ ប្រធាន ព្រិកហាំ យ៉ង់ បាន​ប្រាប់ « អ្នក​រៀបជញ្ញាំង ឲ្យ​កាន់ដាវ​នៅ​ដៃ​ម្ខាង​ដើម្បី​ការពារ​ខ្លួន​គេ​ពី​ពួក​មនុស្ស​កំណាច ហើយ​ដៃ​ម្ខាងទៀត​រៀប​ឥដ្ឋ និង​បៀក​បាយអ » ( Discourses of Brigham Young, sel. John A. Widtsoe [ឆ្នាំ ១៩៥៤],ទំព័រ ៤១៥ ) ។ មាន​ពេល​ខ្លះ បុរស​ដែល​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ពេល​ថ្ងៃ ត្រូវ​យាម​នៅ​ពេល​យប់ ។

សូម​ពន្យល់​ថា បន្ថែម​ពី​លើ​ការ​ធ្វើការ​ដោយ​ឧស្សាហ៍ ដើម្បី​ការពារ​ព្រះវិហារ​បរិសុទ្ធ និង​ខ្លួន​គេ​ហើយ ពួកបរិសុទ្ធ​បាន​ទូលសូម​ការ​ការពារ​ពី​ព្រះអម្ចាស់​ផងដែរ ។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:២៤-២៨ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ រកមើល​ការ​ការពារដែលព្យាការី យ៉ូសែប ស្ម៊ីធ ស្នើសុំ​ព្រះអម្ចាស់​ បន្ទាប់ពី​ព្រះវិហារបរិសុទ្ធបាន​សាងសង់ហើយ។

  • តើ​ការ​ការពា​ប្រភេទ​ណា​ដែល យ៉ូសែប ស្ម៊ីធ បាន​អធិស្ឋាន​សូម ?

  • យោង​តាម ខ ២៤តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​បាន​ការ​ការពារ​ដូច​នេះ ?

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ អំពីរ​ការទទួលការការពារពីអំពើអាក្រក់ ? ( សិស្សអាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​ប្រាប់នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​ប្រជាជន​របស់​ព្រះអម្ចាស់​មាន​ភាព​សក្ដិសម ហើយ​គោរព​បូជា​ទ្រង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​អំពើ​អាក្រក់​នឹង​មិន​អាច​យកឈ្នះ​លើ​ពួកគេ​ឡើយ ។)

សូម​សង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២៩–៤៦ ដោយ​ពន្យល់​ថា ព្យាការី​បាន​អធិស្ឋាន​ថា​អ្នក​ដែល​ផ្សាយ​ការ​កុហក ពី​ពួក​បរិសុទ្ធ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្មាស ហើយ​ថា​សមាជិក​សាសនាចក្រ នឹង​អាច​ក្រោក​ឡើង ហើយ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ លោក​ក៏​បាន​ទូល​សូម​ដល់​ព្រះអម្ចាស់​ឲ្យ​បំពេញ​ព្រះវិហារ​បរិសុទ្ធ​ដោយ​សិរីល្អ​របស់​ទ្រង់ ហើយ​ផ្ដល់​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​នូវ​ទីបន្ទាល់ និង​ព្រះចេស្ដា​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ប្រកាស​ដំណឹងល្អ ។

ដើម្បី​បញ្ចប់ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កាន់​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​ជានិច្ច ទោះ​បី​ជា​ពួកគេ​មិន​រស់​នៅ​ជិត​ព្រះវិហារ​បរិសុទ្ធ​ក៏​ដោយ ។ សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ជាការ​ពិតណាស់ ព្រះអម្ចាស់​សព្វព្រះទ័យឲ្យរាស្រ្តទ្រង់ ធ្វើជាមនុស្ស​ដែលមានការជម្រុញ​ចិត្ត​ចង់ ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។ វាជា​បំណងប្រាថ្នា​ដ៏​ជ្រាលជ្រៅ​បំផុត​ចេញពី​ដួងចិត្ត​របស់ខ្ញុំ សូម​ឲ្យ​សមាជិក​គ្រប់រូប នៃ​សាសនាចក្រ​មាន​ភាព​សក្តិសម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ។… សូមឲ្យយើងធ្វើជាមនុស្សដែលចូលរួម និងស្រឡាញ់ព្រះវិហារបរិសុទ្ធ។ សូម​យើង​ប្រញាប់​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​កាន់តែ​ញឹកញាប់​តាម​ពេលវេលា តាម​មធ្យោបាយ និង​តាម​ស្ថានភាព​ដែល​អំណោយផល​ឲ្យ » ( The Great Symbol of Our Membership »Ensign, ខែ តុលា ឆ្នាំ ១៩៩៤,ទំព័រ ៥ ) ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩ ។ ប្លង់ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់

រូបភាព ខាង​ក្រោម​នេះ បង្ហាញ​ពី​ការ​រៀបចំ​ជាន់​ទីមួយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ ជា​ទីកន្លែង​ដែល​ការ​ឧទ្ទិស​ឆ្លង​បាន​ធ្វើ​ឡើង ៖

រូបភាព
ជាន់​ទីមួយ​នៅ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:២-៣ ។ បាន​ពង្រឹង​ដោយ​វិវរណៈ និង​ព្រះបញ្ញត្តិ

នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះយេស៊ូវគ្រីស្ទ ព្យាការី​យ៉ូសែប ស្ម៊ីធ អាច​បំពេញ​កិច្ចការ​ធំ​ជាង​អ្វី​ដែល​លោក​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ។ សូម​មើល​ការ​រចនាម៉ូត​នៃ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ប្រធាន ព្រិកហាំ យ៉ង់ បាន​ប្រកាស​ថា ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« បើ​គ្មាន​វិវរណៈ​ទេ យ៉ូសែប មិន​អាច​ដឹង​ពី​អ្វី​ដែល​ត្រូវ​ការ​នោះ​ទេ ដូច​ជា​បុរស​ដទៃ​ទៀត​ដែរ បើ​គ្មាន​ព្រះបញ្ញត្តិ​ទេ នោះ​សាសនាចក្រ​នឹង​មិន​រីកចម្រើន ទន់ខ្សោយ​ក្នុង​សេចក្ដី​ជំនឿ និង​ក្រីក្រ ហើយ​មិន​អាច​កសាង​អ្វី​ដែល​ស្កឹមស្កៃ​ដូច​នោះ​បាន​ឡើយ » ( Discourses of Brigham Young, sel. John A. Widtsoe [ឆ្នាំ ១៩៥៤],ទំព័រ ៤១៥ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៥ ។ « ចេញ​ពី​ភាព​ក្រខ្សត់​របស់​ទូលបង្គំ​ទាំង​អស់​គ្នា នោះ​ទូល​បង្គំ​ទាំង​អស់គ្នា​បាន​ថ្វាយ​របស់របរ​នៃ​ទូលបង្គំ​ទាំង​អស់​គ្នា» 

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ពី​ការ​លះបង់​ថា សក្ដិសម​នឹង​ទទួល​បាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« កម្រិត​នៃ​ការពលិកម្ម​មួយ​ចំនួន​មាន​ជាប់​ទាក់ទង​ក្នុ​ងការ​សាងសង់​ព្រះវិហា​បរិសុទ្ធ និង​ការ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ មាន​សមាជិក​ជាច្រើន​ឥត​គណនា ដែល​បាន​ធ្វើការ និងពុះពារ​ដើម្បី​ទទួល​បាន​ពរជ័យ​សម្រាប់​ខ្លួនគេ និង គ្រួសារ​របស់​ពួកគេ ដែល​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃព្រះ ។

« តើ​ហេតុអ្វី​បាន​ជា​មាន​មនុស្ស​ជាច្រើន ស្ម័គ្រចិត្ត​ធ្វើការ​លះបង់​ជា​ច្រើន ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ? អ្នក​ដែល​យល់​ពី​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច ដែល​មកពី​ព្រះវិហារ​បរិសុទ្ធ ដឹងថា​គ្មាន​ការ​ពលិកម្ម​ណាមួយ​មហិមា​ខ្លាំងពេក គ្មាន​តម្លៃ​ណា​ធ្ងន់ធ្ងរ​ពេក និង​គ្មាន​ការ​ពុះពារ​ណា​លំបាក​ពេក ក្នុងការ​ទទួល​ពរជ័យ​ទាំងនោះ​ឡើយ ។ មិនដែល​មាន​ការធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ពេក ឧបសគ្គ​ឲ្យ​ពុះពារ​ច្រើន​ពេក ឬ​ភាព​មិន​ស្រណុក​ស្រួល​ឲ្យ​ស៊ូទ្រាំ​ច្រើន​ពេក​នោះទេ ។ ពួកគេ​យល់​ថា​ពិធី​បរិសុទ្ធ​នៃសេចក្តីសង្គ្រោះ​ទាំងឡាយ ដែល​បាន​ទទួល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​នៅ​ថ្ងៃមួយ​ក្នុង​ទំនាក់ទំនង​គ្រួសារ​អស់​កល្បជានិច្ច និង ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ពរជ័យ និង អំណាចមកពីទីខ្ពស់ គឺមានតម្លៃគ្រប់ការពលិកម្ម និងការខិតខំទាំងអស់ ។ (The Holy Temple—a Beacon to the World »EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩២ ) ។