ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៧ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៩:៤៧-៨០


មេរៀនទី ១១៧

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៤៧-៨០

បុព្វកថា

នៅថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ប្រកាស​ការអធិស្ឋានពិធី​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ ។ ជា​ការអធិស្ឋាន​ដែល​ព្រះអម្ចាស់​បានបើកសម្តែងដល់​លោក​ពីលើកមុន ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩ ។ នេះ​គឺ​ជា​ផ្នែក​ទីពីរ​នៃ​មេរៀនទី​ពីរ​អំពី​ការ​អធិស្ឋាន ។ វា​មាន​ការ​ទូលអង្វរ​របស់​ព្យាការី​សូម​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ពួកបរិសុទ្ធ ដែល​ត្រូវ​បាន​គេសង្កត់សង្កិន​នៅ​ក្នុង​ភូមិ ចាកសុន រដ្ឋ មិសសួរី និង​សូម​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​សង្កត់សង្កិន​លើ​ពួកគេ​ដែរផងដែរ ។ វា​ក៏​មាន​នូវ​សំណើ​របស់​ព្យាការី​ថា មនុស្ស​ទូទាំង​ពិភពលោក ជា​ពិសេស​សាសន៍​អ៊ីស្រាអែល​ដែល​បែកខ្ញែក អាច​ត្រូវ​បាន​ប្រែចិត្ត​ជឿ​ចំពោះ​ដំណឹងល្អ​ដ៏​ពេញលេញ ហើយ​ថា​ព្រះវរបិតាសួគ៌​នឹង​ទទួលយក​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ និង​ប្រទាន​ពរ​ដល់​ក្រុមគ្រួសារ​នៃ​សាសនាចក្រទាំងនោះ។

យោបល់​សម្រាប់ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៤៧-៥៣

យ៉ូសែប ស៊្មីធ បាន​សូម​ឲ្យ​ព្រះវរបិតា​សួគ៌​ជួយ​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ។

សូមអញ្ជើញ​សិស្សឲ្យ​នឹក​ស្រមៃ​ថា មិត្ត​ភក្ដិ​ម្នាក់ ឬ​សមាជិក​គ្រួសារ​ម្នាក់​កំពុង​តស៊ូ ឬ​រងទុក្ខ​ដោយ​របៀប​ណាមួយ ។ ហើយ សូម​ឲ្យ​ពួកគេ​ស្រមៃ​ថា ពួកគេ​មិន​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួនឯង ដើម្បី​ជួយ​មិត្តភក្ដិ ឬ​សមាជិក​គ្រួសារ​ម្នាក់​នេះឡើយ។ ក្រោយពី​សិស្ស​មាន​ពេល​គិត​ហើយ សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​អាច​ជួយ​សម្រាល​ការ​រងទុក្ខ​របស់​នរណា​ម្នាក់ ទោះ​ជា​អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួន​អ្នក តាម​វិធី​ណា ?

បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​គំនិត​មួយចំនួនហើយ សូម​រំឮក​ពួកគេ​ថា ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី បាន​រងទុក្ខ​យ៉ាង​ខ្លាំង​ដោយសារ​អំពើហឹង្សា​ពី​សំណាក់​ពួក​មនុស្ស​កំណាច​នៅ ឃុំ ចាកសុន ។ នៅ​ខែ មេសា ឆ្នាំ ១៨៣៦ ព្យាការី យ៉ូសែប ស៊្មីធ នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ។ ទោះ​ជា​ពេល​នោះ​លោក​មិន​អាច​ធ្វើអ្វី​បាន​ដោយ​ខ្លួន​លោក ដើម្បី​ជួយ​សម្រាល​ការ​រងទុក្ខ​នៃ​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ក្ដី ក៏ លោក​បាន​ធ្វើ​អ្វី​មួយ​នៅពេល​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ ដើម្បី​ជួយ​ពង្រឹង​ពួកគេ​ដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៤៧-៤៩ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​រឿង​មួយ​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​អ្នកដទៃ​ក្នុង​គ្រា​លំបាក ។

  • នៅ​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ តើ​ព្យាការី​ធ្វើ​អ្វី​សម្រាប់​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ? ( លោក​បាន​អធិស្ឋាន​សម្រាប់​ពួកគេ ) ។

​សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យធ្វើជា​អ្នក​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ដល់​យោបល់​ពី​សេចក្ដី​ពិត ដែល​យើង​អាច​រៀន​ពី​ពាក្យ​អធិស្ឋាន​របស់​ព្យាការី​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ នៅ​ពេល​ដែល​សិស្ស​ឆ្លើយ​តប ស្មៀន​អាច​សរសេរ​សេចក្ដីពិត​ដូច​ខាងក្រោម ៖ ការអធិស្ឋាន​របស់​យើង អាច​នាំ​មក​នូវ​ជំនួយ និង​កម្លាំង​ដល់​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ ។

  • តើ​នៅ​ពេលណា​ដែល​អ្នក​មាន​អារម្មណ៍ ឬ​បាន​ឃើញ​អំណាច​នៃ​ការអធិស្ឋាន​ជួយ​នរណា​ម្នាក់​ដែល​ត្រូវ​ការ​ជំនួយ ? ( អ្នក​អាច​ចង្អុល​បង្ហាញ​ថា ពេលខ្លះ​ការអធិស្ឋាន​ដូច​នោះ​ត្រូវ​បាន​ឆ្លើយតប​តាមរយៈ​ការ​បំផុស​គំនិត​ដែល​យើង​ទទួល ដើម្បី​ជួយ​អ្នក​ដទៃ )។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៥០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មនុស្ស​ដទៃ​ទៀត​ដែល​ព្យាការី​បាន​អធិស្ឋាន​សម្រាប់​ពួកគេ ។

  • តើ​មាន​រណា​ខ្លះ​ទៀតដែល​ព្យាការី​បាន​អធិស្ឋាន​សម្រាប់​ពួកគេ​នោះ ?

  • តើ​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​យើង​គួរតែ​អធិស្ឋាន សម្រាប់​សត្រូវ​របស់​យើង ? ( ដើម្បីជួយ​សិស្ស​ឆ្លើយ​សំណួរ​នេះ អ្នកអាច​ឲ្យ​ពួកគេ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៤៣ និង នីហ្វៃទី៣ ១២:៤៣–៤៥ ) ។

  • តើ​យើង​អាច​រៀនអ្វីខ្លះ​មកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៥០ ​ អំពី​របៀប​ដែល​ការអធិស្ឋាន​របស់​យើង​អាច​ជះឥទ្ធិពល​លើ​មនុស្ស​ដទៃ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយហើយ សូម​ឲ្យ​អ្នក​សរសេរ​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅលើ​ក្តារខៀន ៖ ការអធិស្ឋាន​របស់​យើង​អាច​ជះឥទ្ធិពល​ដល់​មនុស្ស​ឲ្យ​ប្រែចិត្ត ។ ប​ន្ទាប់មក​សូមអញ្ជើញ​អ្នក​សរសេរ​ឲ្យ​អង្គុយ​ចុះ​វិញ ) ។

សូម​ឲ្យ​សិស្ស​ពិចារណាពី​សំណួរ​ខាងក្រោម ៖

  • តើ​វា​ប្រែ​ជា​យ៉ាង​ដូចម្តេច​ដែរ ប្រសិន​បើ​មនុស្ស​ដែល​យើង​អធិស្ឋាន​ឲ្យ​ពុំ​ព្រម​ជ្រើស​ប្រែចិត្ត​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៥១-៥៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម រកមើល​ឃ្លា​ដែល​ទទួល​ស្គាល់​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ និង សិទ្ធិ​ជ្រើស​រើស​របស់​មនុស្ស​ដទៃ ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( មុន​ពេល​ដែល​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ អ្នក​អាច​ពន្យល់​ថា ពេល​ខគម្ពីរ​ដែល​រួម​បញ្ចូល​សេចក្ដី​ថ្លែងការណ៍​អំពី​ព្រះអម្ចាស់​លាត​ព្រះពាហុ​របស់​ទ្រង់ ខគម្ពីរ​នោះ​មាន​ន័យ​ថា ទ្រង់​សម្ដែង​ព្រះចេស្ដា​របស់​ទ្រង់ ។)

សូម​អញ្ចើញ​សិស្ស​ឲ្យអាន​ម្ដងទៀត​នូវ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៥៣ ដោយ​ស្ងាត់​ស្ងៀម រកមើល​អ្វី​ដែល​ព្រះវរបិតាសួគ៌​នឹង​ធ្វើ​សម្រាប់​ពួកអ្នក​ដែល​ប្រែចិត្ត ។ ( អ្នក​អាច​ត្រូវ​ពន្យល់​ថា សេចក្ដី​ក្រោធ​របស់​ព្រះអម្ចាស់ បញ្ចេញ​តាម​ការ​ដាក់​ទោស ឬ​ការ​រងទុក្ខ​ដែល​យើង​ជួប​ប្រទះ​ស្រប​តាម​សេចក្ដី​យុត្តិធម៌​របស់​ទ្រង់ ដោយសារ​តែ​អំពើ​បាប​របស់​យើង ។ ឃ្លា « នៅពេល​ព្រះអង្គ​ទត​ទៅលើ​ព្រះភក្ត្រ​នៃ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង » សំដៅ​លើ​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ប្រទាន​សេចក្តី​មេត្តា​ករុណា​ដោយសារ​តែ​ពលិកម្មដ៏ធួន​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ) ។​

  • ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​បង្វែរសេចក្តី​ក្រោធ​របស់​ទ្រង់​ចេញ​ពី​អស់​អ្នក​ដែល​ប្រែចិត្ត​ដូច្នេះ ? ( សិស្ស​អាច​ប្រើ​ពាក្យផ្សេងៗគ្នា ​ប៉ុន្ដែ​សូមជួយពួកគេ​រកឃើញ​គោលការណ៍​ខាង​ក្រោម​នេះ ៖ ដោយសារ​តែ​ពលិកម្មដ៏ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​សេចក្តីក្រោធ​របស់​ព្រះវរបិតា​សួគ៌​នឹង​ត្រូវបែរ​ចេញ​ពី​អស់​អ្នក​ដែល​ប្រែចិត្ត​ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បី​ជួយ​សិស្ស ឲ្យ​នឹក​គិត​ក្នុង​ចិត្ត ពី​ការ​រៀបរាប់​នៅ​ក្នុង ខ ៥៣ សូមអញ្ជើញ​ពួកគេឲ្យ​ធ្វើ​ដូច​ខាង​ក្រោម ៖

សូម​ស្រមៃ​ថា អតីត​សមាជិក​ក្រុម​មនុស្ស​កំណាច​ប្រឆាំង​នឹង​ពួកមរមន កំពុង​ឈរ​នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ​ដើម្បីជំនុំជំរះ ។ ឥឡូវ​សូម​ស្រមៃ​ពីប៉ុន្មាន​ឆ្នាំ​មុន ពីមុន​បុគ្គល​នេះ​ស្លាប់ គាត់​ពិតជា​បាន​ប្រែចិត្ត ហើយ​បាន​សុំ​ការអភ័យ​ទោស ហើយបាន​ប្រោសលោះ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។​ ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ សម្រាប់​អំពើបាប​របស់​បុគ្គល​នេះ ព្រះវរបិតាសួគ៌​នឹង​បង្វែរ​ការដាក់ទោស ហើយ​ប្រទាន​សេចក្ដី​មេត្តា​ដល់​មនុស្សមាន​បាប​ដែល​បាន​ប្រែចិត្ត ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អភិវឌ្ឍ​អត្តចរិត​នេះ ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​អាក់អន់​ចិត្ត ឬ​បាន​ធ្វើ​ឲ្យ​ពួកគេ​រងទុក្ខ ។ សូម​ឲ្យ​សិស្ស​ស្រមៃពី​មនុស្ស​ដែល​ប្រែចិត្ត​បែប​នេះ កំពុង​ឈរ​នៅ​ពីមុខ​ព្រះភក្ត្រ​ព្រះវរបិតាសួគ៌ ។ សូម​អញ្ជើញ​សិស្សឲ្យ​អធិស្ឋាន ដូច​ជា យ៉ូសែប ស៊្មីធ បាន​ធ្វើ​សម្រាប់​មនុស្ស​ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​អាក់អន់​ចិត្ត ឬ​ធ្វើ​បាប​ទាស់​នឹង​ពួកគេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩: ៥៤ -៦៧

ព្យាការី​អធិស្ឋាន​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក ឲ្យ​ប្រែចិត្ត​ជឿចំពោះ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ

សូម​ឲ្យ​សិស្ស​លើកដៃ បើ​ពួកគេ​បាន​ធ្វើ​អ្វី​មួយ​ដូច​ខាងក្រោម ៖

  • បាន​អធិស្ឋាន​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ទំាងឡាយ

  • បាន​អធិស្ឋាន​សម្រាប់សាសនាគន់ការីដែល​រៀន​អំពី​សាសនាចក្រ

  • បាន​អធិស្ឋាន​សម្រាប់​មនុស្ស​ដែល​មិន​ទាន់​បាន​ឮ​ដំណឹងល្អ

  • តើ​អ្នក​គិត​ថា​ការអធិស្ឋាន​របស់​អ្នក​ជួយ​ដល់​មនុស្ស​ទាំង​នេះ ដោយ​របៀបណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៥៤ - ៥៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់ រកមើល​មនុស្ស​ដែល យ៉ូសែប ស៊្មីធ បាន​អធិស្ឋាន​ឲ្យ ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត រកមើល​អ្វី​ដែល​ព្យាការី​បាន​ទូលសូម​ដល់​ព្រះអម្ចាស់​ធ្វើ សម្រាប់​មនុស្ស​ទាំងនោះ ។ រួច​ហើយ​សូម​ឲ្យ​ក្រុម​និមួយៗ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​ព្យាការី​បាន​អធិស្ឋាន​ថា នឹង​មាន​អ្វី​កើតឡើង​ចំពោះ​អ្នក​ដែល​ឮ​ទីបន្ទាល់​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ?

  • តើ​គោលការណ៍​អ្វី ដែល​អ្នក​បាន​ឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​រកឃើញ​សេចក្ដី​ពិត​មួយ​ចំនួន រួម​ទាំង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ការ​ថ្វាយបង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ រៀបចំ​យើង​ឲ្យ​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​ដទៃ ។ បើ​យើង​អធិស្ឋាន​សម្រាប់​អ្នក​ដទៃ នោះ​ដួងចិត្ត​ពួកគេ​អាច​ត្រូវ​បាន​បន្ទន់ ដើម្បី​ទទួល​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។ នៅពេល​សិស្សប្រាប់ពី​គោលការណ៏ទាំង​នោះ អ្នក​អាច​សរសេរនៅ​លើ​ក្ដារខៀន ) ។

សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ថ្លែង​ទីបន្ទាល់ នៃ​គោលការណ៍​ទាំងឡាយ​ដែល​ពួកគេ​បាន​ស្គាល់ ។ អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក និង​បទពិសោធន៍​ដែល​ទាក់ទង​នឹង​មេរៀននេះ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៥៩-៦៧ ដោយ​ការពន្យល់​ថា យ៉ូសែប ស៊្មីធ បាន​អធិស្ឋាន​ថា ព្រះអម្ចាស់​នឹង​បង្កើត​ស្តេក​នៃ​ស៊ីយ៉ូន​ថែម​ទៀត ម្លោះហើយ​មនុស្ស​នៅទូទាំង​ពិភពលោក​អាច​ប្រមូល​គ្នា​ទៅ​ស្តេក​ទាំង​នោះ ។ លោក​បាន​អធិស្ឋាន​ជា​ពិសេស​សម្រាប់​ពូជពង្ស​របស់​ព្យាការី យ៉ាកុប ( អ៊ីស្រាអែល ) ឲ្យ​ដឹងពី​សេចក្ដី​ពិត និង​ការ​ប្រែចិត្ត ទៅរក​ភាព​ពេញលេញ​នៃ​ដំណឹងល្អ ។ នេះ​គឺ​ជា​វិធី​មួយ​ដ៏​សំខាន់ ដែល​សាសន៍​អ៊ីស្រាអែល ត្រូវ​បាន​ប្រមូលផ្តុំគ្នានៅថ្ងៃចុងក្រោយ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩: ៦៨ -៨០

ព្យាការី​អធិស្ឋាន​សម្រាប់​សាសនាចក្រ និង​ទូលសូម​ឲ្យ​ព្រះអម្ចាស់​ទទួល​យក​ការ​ឧទ្ទិសឆ្លង​ព្រះវិហារបរិសុទ្ធ 

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវឡើងវិញនូវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៦៨-៦៩, ៧១-៧៣ ,៧៨-៨០ ដោយ​ស្ងាត់ស្ងៀម ។ អ្នក​អាច​សរសេរ​លេខ​នៅ​ខគម្ពីរ​ទាំង​នេះ នៅលើ​ក្ដារខៀន ដូច្នេះ​សិស្ស​អាច​យោងទៅក្នុងនោះ។ សូម​សូម​ឲ្យ​សិស្ស​រក​មើល​សំណើរ​បន្ថែម ដែល​ព្យាការី​បាន​សុំ​នៅ​ក្នុង​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង ។ សូម​ផ្ដល់​យោបល់ ឲ្យ​ពួកគេ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ យ៉ូសែប ស្ម៊ីធ បាន​អធិស្ឋាន​សម្រាប់​នរណា ហើយ​បាន​អធិស្ឋាន​ធ្វើអ្វី​?

  • តើ​ផល​ប្រយោជន៍​អ្វី​ដែល​បាន​មក​ពី​ការ​រួមបញ្ចូល​សំណូមពរ​ដូច្នោះ​នៅ​ក្នុង​ការអធិស្ឋាន​របស់​យើង ?

សូមអញ្ជើញ​សិស្សឲ្យ​ច្រៀង​បទ « ព្រះវិញ្ញាណនៃព្រះ » ( ទំនុកតម្កើង ទំព័រ ២ ) ។ សូម​បង្វែរ​ចំណាប់​អារម្មណ៍​របស់​សិស្ស ទៅ​រកការ​ពន្យល់​ក្នុងអត្ថបទទំនុក​តម្កើងខាងក្រោម ដែល​និយាយ​ថា​ទំនុក​តម្កើត​នេះ​ត្រូវ​បាន​ច្រៀងនៅ​ការ​ឧទ្ទិស​ឆ្លង ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ។ ( ក្រុម​ចម្រៀង​ច្រៀង​បទ​នោះ​ភ្លាម​បន្ទាប់​ពី​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង ) ។ វា​ត្រូវ​បាន​បន្ត​ច្រៀង​នៅ​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​នៅ​សព្វ​ថ្ងៃ​នេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​សង្ខេប​ដូច​ខាងក្រោម ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ល្ងាច​ថ្ងៃ​ទី ២៧ ខែ​មិនា ឆ្នាំ ១៨៣៦ បន្ទាប់​ពី​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ៖

នៅ​ល្ងាច​នោះ កូរ៉ុម​បព្វជិតភាព​បាន​ជួបប្រជុំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា លោក « បាន​ប្រទាន​ដល់​ពួកគាត់​នូវ​សេចក្ដី​ណែនាំ​អំពី​វិញ្ញាណ​នៃ​ការព្យាករណ៍ ហើយ​លោក​បាន​ចាត់​ឲ្យ​អ្នក​ចូលរួម​ឡើង​ថ្លែង ។… ចច អេ ស្ម៊ីធ បាន​ក្រោក​ឈរ​ឡើង ហើយ​បាន​ចាប់​ផ្ដើម​ព្យាករ នោះ​មាន​សំឡេង​មួយ​បាន​ឮ​ឡើង​ដូច​ជា​សំឡេង​ខ្យល់​ដ៏​ខ្លាំង ដែល​ឮខ្ទរ​ពេញ​ព្រះវិហារ​បរិសុទ្ធ ហើយ​ក្រុម​ជំនុំ​បាន​ក្រោកឈរ​ឡើង​ព្រមគ្នា ត្រូវ​បាន​សណ្ឋិត​ដោយ​ព្រះចេស្ដាអរូបី មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ ហើយ​ចាប់​ផ្ដើម​ព្យាករ អ្នក​ផ្សេង​ទៀត​បាន​ឃើញ​ការនិមិត្ត​ដ៏​រុងរឿង ហើយ​មើលចុះ ខ្ញុំ​បាន​ប្រកាស​ដល់​ក្រុម​ជំនុំ​ថា ព្រះវិហារ​បរិសុទ្ធ​បាន​ពោរពេញ​ទៅ​ដោយ​ទេវតា ។ មនុស្ស​ម្នា​ក់ដែល​នៅ​ជិត​ខាង បាន​រត់​មក​មើល ( ពួកគេ​ឮ​សំឡេង​ដែល​មិន​ប្រក្រតី​ពី​ក្នុង​នោះ ហើយ​បាន​ឃើញ​ពន្លឺ​ដ៏​ភ្លឺ​ដូច​ជា​សរសរ​ភ្លើង សណ្ឋិត​នៅ​លើ​ព្រះវិហារ​បរិសុទ្ធ ) ហើយ​មាន​ការ​ភ្ញាក់ផ្អើល​អំពី​អ្វី​ដែល​កំពុង​កើតឡើង » ( នៅក្នុង History of the Church ២:៤២៨ ) ។ មនុស្ស​មួយ​ចំនួន បាន​ឃើញ​ទេវតា​នៅលើ​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ឮ​ពួក​ទេវតា​ច្រៀង ( សូមមើល Church History in the Fulness of Times Student Manual, ការ​បោះពុម្ព​លើក​ទី ២ [ Church Educational System manual ឆ្នាំ ២០០៣ ]ទំព័រ ១៦៧ ) ។

សូម​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​ពី​ពរជ័យ ដែល​យើង​អាច​ទទួល​បាន​នៅពេល​ដែល​យើង​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​ភាព​សក្ដិសម ។