ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៩ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១១


មេរៀនទី ១១៩

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១

បុព្វកថា

ក្នុង​ឆ្នាំ ១៨៣៦ សាសនាចក្រ​បាន​ជំពាក់​បំណុល​យ៉ាង​ច្រើន ។ ព្យាការី យ៉ូសែប ស៊្មីធ និង​អ្នក​ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង សាឡិម រដ្ឋម៉ាស្សាជូសសែត្ស ជា​កន្លែង​ដែល​ពួកលោក​មាន​សង្ឃឹម​ថា​នឹង​អាច​រក​បាន​ថវិកា ដើម្បី​សង​បំណុល​ដែល​សាសនាចក្រ​ជំពាក់ ។ នៅ​ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ១៨៣៦ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១១ក្នុង​នោះ ព្រះអម្ចាស់​បាន​លួងលោម​លោក​អំពី​ការព្រួយបារម្មណ៏របស់លោក ចំពោះបំណុល និង​សុខុមាលភាព​របស់​ទីក្រុង​ស៊ីយ៉ូន ។ ព្រះអម្ចាស់​ក៏​បាន​ប្រទាន​ការណែនាំ​ទាក់ទង​នឹង​ការ​ស្នាក់​នៅ​របស់​សាសនាចក្រ​ក្នុង​ទីក្រុង សាឡិម ដល់​ព្យាការី​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១

ព្រះអម្ចាស់​ប្រទាន​ការ​លួងលោម និង​ការ​ដឹកនាំ​សម្រាប់ យ៉ូសែប ស៊្មីធ និង​ពួកអ្នកដឹកនាំ​សាសនាចក្រ​ផ្សេងៗទៀត ។

សូម​ចាប់​ផ្ដើម​មេរៀន​ដោយ​សូម​ឲ្យ​សិស្ស​សរសេរ​នូវ​ចម្លើយ ទៅនឹង​សំណួរ​ដូច​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំក្នុងថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖

  • តើ​អ្វី​ខ្លះ ដែល​នាំ​ឲ្យ​មាន​ភាព​តានតឹង ឬ​ការថប់អារម្មណ៍​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

អ្នក​អាចអញ្ជើញ​សិស្ស​ពីរបី​នាក់ឲ្យ​ ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ ( សូម​រំឭក​សិស្ស​ថា គំនិត និង​បទពិសោធន៍​មួយ​ចំនួន មាន​ភាពផ្ទាល់ខ្លួនពេកដែល​ពុំ​គួរចែកចាយ​ឡើយ ) ។

សូម​ពន្យល់​ថា នៅ​រដូវក្ដៅ​ក្នុង​ឆ្នាំ ១៨៣៦ យ៉ូសែប ស៊្មីធ និង​អ្នកដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត បាន​ជួប​ប្រទះ​ការ​ព្រួយបារម្ភ​ពី​ហិរញ្ញវត្ថុ​របស់​សាសនាចក្រ ។ នៅ​ឆ្នាំ​មុនៗ សាសនាចក្រ​បាន​ជាប់​ជំពាក់​បំណុល​យ៉ាង​ច្រើន ដោយសារ​អ្នក​ដឹកនាំ​សាសនាចក្រ​បាន​ធ្វើតាម​ការ​បញ្ជា​របស់​ព្រះអម្ចាស់ ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ ទិញដីនៅរដ្ឋ អូហៃអូ និងរដ្ឋ មិសសួរី និង​ជួយ​ឧបត្ថម្ភ​ជំរុំ​ស៊ីយ៉ូន ។ សាសនាចក្រ​ក៏​ត្រូវការ​ថវិការ ដើម្បី​ទិញ​ដី​សម្រាប់​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចេញ​ពី​ផ្ទះសម្បែង​របស់​ខ្លួន ។ ក្នុង​ឆ្នាំ ១៨៣៤ ព្រះអម្ចាស់​បាន​ណែនាំ យ៉ូសែប ស៊្មីធ និង​អ្នក​ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​ឲ្យ « បង់​បំណុល [របស់​ពួកគេ]​ឲ្យ​អស់ » ( គ. និង ស. ១០៤:៧៨ ) ។ ប៉ុន្តែ ការ​ខិតខំ​របស់​ពួកគេ​ដើម្បី​សង​បំណុល​នោះ ត្រូវ​បាន​រាំងស្ទះ​ដោយ​សារការ​បាត់បង់​ចំណូល​ផ្នែក​ពាណិជ្ជកម្ម​នៅ​រដ្ឋ មិសសួរី ។ ដូច្នោះ​ហើយ អ្នក​ដឹកនាំ​សាសនាចក្រ​ពុំ​មាន​ថវិការ​គ្រប់គ្រាន់ ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​ម្ចាស់​បំណុល​ឡើយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:៨០ ឲ្យឮៗ ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វីដែល​ព្រះអម្ចាស់​បាន​សន្យា​ថាធ្វើ ដើម្បី​ជួយ​អ្នកដឹកនាំ​សាសនាចក្រ​ដោះស្រាយ​បញ្ហា​បំណុល​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​ពន្យល់​ថា ក្នុង​ឆ្នាំ ១៨៣៦ សមាជិក​សាសនាចក្រ​ម្នាក់ ដែល​មាន​ឈ្មោះថា វិល្លាម ប៊ឺហ្គេស បាន​មកដល់​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ហើយ​បាន​ប្រាប់​ដល់​អ្នកដឹកនាំ​សាសនាចក្រ​ពី​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​មាន​នៅក្នុង​ក្រុងសាឡិម រដ្ឋ ម៉ាស្សាជូសសែត្ស ។ លោក​បាន​និយាយ​ថា លុយ​ត្រូវ​បាន​លាក់​នៅ​លើ​ដំបូល​ផ្ទះ​មួយ ហើយ​លោក​គឺ​ជា​បុគ្គល​តែ​ម្នាក់​ដែលនៅរស់ ដែល​ដឹង​ពី​ទីតាំង​របស់​លុយ​នោះ ។

សូម​ប្រាប់​សិស្ស​ថា យ៉ូសែប ស៊្មីធ ស៊ីឌនី រិកដុន អូលីវើ ខៅឌើរី និង ហៃរ៉ុម ស្ម៊ីធ បាន​ចាកចេញ​ពី​ទីក្រុង​ខឺតឡង់​នៅ​ថ្ងៃ​ទី ២៥ ខែ កក្កដា ឆ្នាំ ១៨៣៦ ដើម្បី​ជួប​នឹង​ម្ចាស់​បំណុល​នៅ​រដ្ឋ ញូវយ៉ោក ។ បន្ទាប់​ពី​ស្នាក់​នៅ​រដ្ឋ នូវ យ៉ោក​ បាន​ពីរបី​ថ្ងៃ ពួកលោក​បាន ធ្វើ​ដំណើរ​ទៅសាឡិម ។ បងប្រុស ប៊ឺហ្គេស បាន​ជួប​ពួកលោក​នៅ​ទីនោះ ប៉ុន្តែ​លោក​បាន​និយាយ​ថា ទីក្រុង​នោះ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង ចាប់តាំង​ពីលោក​បាន​ចេញ​ទៅ ហើយលោក​មិន​អាច​ចាំ​ទីតាំង​ផ្ទះ​ដែល​មាន​លុយ​នោះទេ ។ បងប្រុស ប៊ឺហ្គេស​បាន​ចាកចេញ​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​នោះ ។

រូបភាព
ផែនទី ប៉ែក​ឦសាន​នៃ​សហរដ្ឋ
  • តើ​អ្នក​គិត​ថា​អ្នក​មាន​អារម្មណ៍​យ៉ាងណា បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ទីក្រុង សាឡិម ដោយ​សង្ឃឹមថា​នឹង​រកឃើញ​មធ្យោបាយ​ដើម្បី​ជួយ​សងបំណុល​របស់​សាសនាចក្រ ហើយ​បែរ​ជា​រកមិន​ឃើញ​អ្វី​ដែល​អ្នក​បាន​រំពឹងទុក​ទៅវិញនោះ ? តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ ?

សូម​ពន្យល់​ថា ពួកអ្នក​ដឹកនាំ​សាសនាចក្រ​បាន​ចំណាយ​ពេល​រកមើល​ផ្ទះ​ដែល​បាន​រាយការណ៍​ថា​មាន​លុយ​នោះ ។ នៅ​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៨៣៦ ពេល​កំពុង​នៅ​ក្នុង​ទីក្រុង សាឡិម​នៅឡើយ​នោះ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​មួយ​ដែល​បាន​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១ ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១: ១១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​អារម្មណ៍​របស់​ព្រះអម្ចាស់​អំពី​ដំណើរ​របស់​បុរស​ទាំងនេះ​ទៅ​ទីក្រុង សាឡិម ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( នៅពេល​ដែល​សិស្ស​ឆ្លើយ អ្នក​អាច​ពន្យល់​ថា​ពាក្យ ចំកួត អាច​មាន​ន័យ​ថា « ទន់ខ្សោយ ឬ​ទង្វើ​មិន​ទំនង​ដែល​មិន​មែន​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ជា​ទង្វើ​មិនជាប់លាប់ ដែល​មិន​សមហេតុផល ឬ​ខ្វះការ​ពិចារណា​ដិតដល់ » [ Noah Webster, An American Dictionary of the English Language, facsimile of the first edition (១៨២៨; repr., ១៩៦៧), “Folly”] ) ។

  • តើ​ការ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង សាឡិម អាច​ចាត់ទុក​ថា​ជា​ទង្វើ​ចំកួត​ដែរ​ឬទេ ?

សូម​ប្រាប់​សិស្ស​ថា ទោះ​ជា​ការ​ស្វែង​រក​លុយ​ក្នុង​ទីក្រុង សាឡិម គ្មាន​ជោគជ័យ​ក៏​ដោយ ព្រះអម្ចាស់​បាន​បញ្ជាក់​ថា ដំណើរ​នេះ​នៅ​តែ​អាច​មាន​ប្រយោជន៍​ដល់​នគរ​របស់​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១:២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បន្ទូល​នៅ​ក្នុង​ទីក្រុង សាឡិម ។

  • តើ​ព្រះអម្ចាស់​មានបន្ទូល​ថា ទ្រង់​មាន​អ្វី​នៅ​ទីក្រុង​សាឡិម ? ( សម្បត្តិ និង​មនុស្ស​ជាច្រើន ) ។

  • តើ​ព្រះអម្ចាស់​មាន​បន្ទូល​ថា​ទ្រង់​នឹង​ប្រមូល​ផ្ដុំ​ប្រជានជន​ទ្រង់​មក​ក្នុង​ទីក្រុង សាឡិម នៅពេល​ណា ? ( នៅពេល​កំណត់ ) ។

សូម​ប្រាប់​សិស្ស​ថា យ៉ូសែប ស៊្មីធ និង​អ្នក​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក បាន​ចំណាយ​ពេល​បីបួន​សប្ដាហ៍​នៅ​ទីក្រុង សាឡិម ហើយ​ពួកគេ​បាន​បង្រៀន​ដំណឹងល្អ​ពេល​ពួកគេ​នៅ​ទីនោះ ។ ប្រាំឆ្នាំ​ក្រោយ​មក អ៊ីរ៉ាស្ទុស ស្នូ ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម​នៅ​ទីក្រុង សាឡិម ជាកន្លែង​ដែល​គាត់​បាន​រៀបចំ​សាខា​មួយ​ដែល​មាន​សមាជិក ១២០​នាក់​ឡើង ( សូមមើល Church History in the Fulness of Times Student Manual, ការបោះពុម្ព​លើក​ទីពីរ [Church Educational System manual, ឆ្នាំ ២០០៣],ទំព័រ ១៧០–៧១ ) ។

  • តើ​យើង​អាច​រៀន​អ្វី​ពី​បទពិសោធន៍​របស់ យ៉ូសែប ស៊្មីធ នៅ​ទីក្រុង សាឡិម និង​ការ​បង្រៀន​របស់​ព្រះអម្ចាស់ នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១:១-២ ? ( សិស្ស​អាច​ផ្ដល់​ចម្លើយ​ល្អ​ផ្សេងៗ​គ្នា ។ ជា​ផ្នែក​មួយ​ក្នុង​ការ​ពិភាក្សា​នេះ សូម​សរសេរ​គោលការណ៍​ខាងក្រោម នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​អាច​នាំ​មក​នូវ​សេចក្ដី​ល្អ​ពី​ការ​ខិតខំ​ដ៏​ស្មោះត្រង់​របស់​យើង) ។

  • តើ​ព្រះអម្ចាស់​អាច​នាំ​មក​នូវ​សេចក្ដី​ល្អ​ពី​ការ​ខិតខំ​របស់​យើង ទោះ​ដើម​ឡើយ​ជា​កំហុស ដោយ​របៀបណា ? ( ចម្លើយ​មួយ​អាច​និយាយ​បាន​ថា ទ្រង់​អាច​ជួយ​យើង​ឲ្យ​រៀន​ពី​បទពិសោធន៍​របស់​យើង ) ។

  • តើ​វា​មាន​ឥទ្ធិពលធ្វើឲ្យអ្នកដឹងថា ព្រះអម្ចាស់អាចនាំមកនូវសេចក្ដី​ល្អ​ពី​ការខិតខំ​ដ៏​ស្មោះត្រង់​របស់​អ្នក ដោយ​របៀបណា ?

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​ផ្ដល់​សេចក្ដី​ណែនាំ​ដល់ យ៉ូសែប ស៊្មីធ និង​ក្រុម​របស់​លោក ដើម្បី​ជួយ​ពួកលោក​ឲ្យ​សម្រេច​បាន​នូវ​សេចក្ដី​ល្អ​ពេល​ពួកគេ​នៅ​ក្នុង​ទីក្រុង សាឡិម ។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១:៥-៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​អ្វី ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ យ៉ូសែប ស៊្មីធ និងដៃគូរ​របស់​លោក​ធ្វើ ។

  • តើ​ព្រះអម្ចាស់​បាន​លួងលោម យ៉ូសែប ស៊្មីធ និង​ក្រុម​របស់​លោក​ទាក់ទង​នឹង​បំណុល​របស់​សាសនាចក្រ និង​ស្ថានភាព​របស់​ទីក្រុង​ស៊ីយ៉ូន យ៉ាង​ដូចម្តេច ?

  • ស្រប​តាម ខ ៨តើ យ៉ូសែប ស៊្មីធ និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​ដឹង​ពី​កន្លែង​ដែល​ត្រូវ​នៅ កាលពួកគេ​នៅ​ក្នុង​ទីក្រុង សាឡិម យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្ដី​ពិត​អ្វីខ្លះ​ដែល​យើង​អាច​រៀន ពី​ការ​បង្រៀន​របស់​ព្រះអម្ចាស់​នៅក្នុង ខ ៨ ? ( នៅពេល​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ យើង​អាច​ទទួល​បាន​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់​តាមរយៈ​សេចក្ដី​សុខសាន្ត និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់) ។

  • តើ​គោលការណ៍​នេះ ជួយ​អ្នក​ឲ្យ​ប្រឈមមុខ​នឹងការព្រួយបារម្ភ និងបញ្ហាដូចម្ដេច ?

សូមអញ្ជើញសិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:៩-១០ ដោយស្ងាត់ស្ងៀម ហើយ​រកមើល​កិច្ចការ​បន្ថែម​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ យ៉ូសែប ស៊្មីធ និង​ក្រុម​របស់​លោក​បំពេញ​ពេល​ពួកគេ​នៅ​ក្នុង​ទីក្រុង សាឡិម ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន ។

សូម​ប្រាប់​សិស្ស​ថា យ៉ូសែប ស៊្មីធ និង​បុរស​ដទៃ​ទៀត បាន​ធ្វើតាម​ការទូន្មាន​របស់​ព្រះអម្ចាស់ ឲ្យ « ខំសាកសួរ​ពីបណ្ដាជន​ពី​បុរាណកាល និង​ពួកអ្នក​ដែល​រក​ឃើញ​ទីក្រុង​នេះ » ( គ. និង ស. ១១១:៩ ) ។ ពួកគេ​បាន​ទស្សនកិច្ច​ទីតាំង​ប្រវត្តិសាស្ត្រ ពេល​ពួកគេ​នៅ​ក្នុង​ទីក្រុង សាឡិម ។ ពី​ការ​ទស្សនកិច្ច​នេះ ពួកគេ​បាន​រៀន​ថា ប្រជាជន​មួយ​ចំនួន​នៅ​ទីក្រុង​សាឡិម រដ្ឋ​ម៉ាស្សាជូសសែត្ស និង​នៅ​ជុំវិញ​តំបន់ នូវ អ៊ីងលែន ត្រូវ​បាន​ប្រហារ និង​សម្លាប់​ចោល​ដោយសារ​តែ​ការ​មិន​អត់ឱន​ខាង​សាសនា និង​ការ​ចង្អៀតចង្អល់ ។ ( សូមមើល History of the Church ២:៤៦៤-៦៥ ) ។ ព្រឹត្តិការណ៍​ទាំងនេះ បាន​នាំ​ឲ្យ យ៉ូសែប ស៊្មីធ សរសេរ​នៅ​ក្នុង​ប្រវត្តិ​ថា « តើ​ពេល​ណា​ទៅ ដែល​មនុស្ស​ឈប់​ធ្វើ​សង្គ្រាម​នឹង​គ្នា ហើយ​អនុវត្ត​សិទ្ធិសេរីភាព​ដ៏​ពិសិដ្ឋ ដើម្បី​ថ្វាយបង្គំ​ព្រះ​របស់​ខ្លួន ស្រប​តាម​សតិសម្បជញ្ញៈ​វិញ ? » ( នៅ​ក្នុង History of the Church ២:៤៦៥ ) ។ ក្រោយ​មក ព្យាការី​បាន​រំឭក​ឡើង​វិញ​នូវ​សារៈសំខាន់​នៃ​ការ​អនុញ្ញាត​ឲ្យ​មនុស្ស​ទាំង​អស់​អនុវត្ត​សិទ្ធិសេរី​ភាព​របស់​ខ្លួន​ខាងសាសនា ( សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១១ ) ។ ទោះ​ជា យ៉ូសែប ស៊្មីធ និង​ក្រុម​របស់​លោក​មិន​ទទួល​បាន​លុយ​ដែល​ពួកលោក​បាន​គិត​ថា ពួកគេ​អាច​រកឃើញ​នៅ​ក្នុង​ទីក្រុង សាឡិមក៏ ពួកលោក​ទទួល​បាន​សម្បត្តិ​ផ្សេងទៀត​ពី​ដំណើរ​នេះ រួម​ទាំង​សម្បត្តិ​នៃ​ចំណេះដឹងផងដែរ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:១១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលការ​ការ​ទូន្មាន​ចុងក្រោយ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​វិវរណៈ​នេះ ។ សូម​ពន្យល់​ថា ពាក្យ រៀបចំ ដែល​ប្រើ​នៅ​ក្នុង ខ ១១ មាន​ន័យ​ថា​ការ​ចាត់ចែង ។

  • តើ​អ្នក​អាច​និយាយ​ឡើងវិញ​នូវការ​ទូន្មាន​របស់ព្រះអម្ចាស់​នៅក្នុង ខ ១១យ៉ាង​ដូចម្ដេច ? ( ទោះ​ជា​សិស្ស​អាច​នឹង​ប្រើពាក្យ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​យល់​ពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ឆ្លាតវៃ ហើយ​ចៀសវាង​អំពើ​បាប នោះ​ព្រះអម្ចាស់​នឹង​រៀបចំ​អ្វី​គ្រប់យ៉ាង សម្រាប់​សេចក្ដី​ល្អ​របស់​យើង ។ អ្នក​អាច​ពន្យល់​ថា ទោះ​ជា​ពេល​ដែល​មនុស្ស​សុចរិត​ជួបប្រទះ​ការ​សាកល្បង ព្រះអម្ចាស់ « រៀបចំ​អ្វីៗ [ទាំងនេះ] សម្រាប់​សេចក្ដី​ល្អ [របស់​ពួកគេ] » ) ។

  • តើ​ជម្រើស​ឆ្លាតវៃ​អ្វី​ខ្លះ ដែល​យើង​អាច​ធ្វើ​បាន ? ( សិស្ស​អាច​ឆ្លើយ​នូវ​ចម្លើយ​ផ្សេងៗ រួម​ទាំង​ការ​ព្យាយាម​ធ្វើតាម​ព្រះបញ្ញត្តិ​ទាំងឡាយ ) ។

  • តើ​អ្នកគិត​ថា ព្រះអម្ចាស់ « នឹង​រៀបចំ​អ្វីៗ​ទាំងអស់ សម្រាប់​សេចក្ដី​ល្អ [របស់​យើង] » មានន័យ​យ៉ាងណា ?

  • តើ​អ្នក​បាន​ឃើញ​គំរូ​នៃ​គោលការណ៍​នេះ​នៅ​ពេល​ណា ?

សូម​អញ្ជើញ​សិស្សឲ្យ​ពិនិត្យ​មើល​ចម្លើយ​ដែល​ពួកគេ​បាន​សរសេរ ឆ្លើយតប​ទៅ​នឹង​ចម្លើយ​ដែល​អ្នក​បាន​សួរ​នៅ​ពេល​ចាប់​ផ្ដើម​រៀន ។ សូម​ឲ្យ​ពួកគេ គិតពី​អ្វី​ដែល​ពួកគេ​បាន​រៀនពី​ការ​សិក្សា​ខគម្ពីរ​របស់​ពួកគេ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១ ដែល​អាច​ជួយ​ពួកគេ​ជាមួយ​នឹង​បញ្ហា​ដែល​ពួកគេ​បាន​ជួបប្រទះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​កត់ត្រា​គំនិត​របស់ពួកគេ​ចូល​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

សូមបញ្ចប់​ដោយ​ការ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ពី​គោលការណ៍ ដែល​អ្នក​បាន​ពិភាក្សា ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​គោលការណ៍​ទាំងនេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:៩ ។ « នៅ​កន្លែង​នេះ​អ្នក​អាច​បាន​ដោយ​ជួល »

បន្ទាប់​ពី យ៉ូសែប ស៊្មីធ និង​ក្រុម​របស់​លោក​បាន​មក​ដល់​ទីក្រុង សាឡិម រដ្ឋ ម៉ាស្សាជូសសែត្ស ពួកគេ​បាន​ជួល​ផ្ទះ​មួយ​ខ្នង ។ វា​មិន​មែន​ផ្ទះ​ដែល​ស្មានថាមាន​លុយ​នៅ​លើ​ដំបូល​នោះ​ទេ ។ ផ្ទះ​ជួល​នេះ​ហើយ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « នៅ​កន្លែង​នេះ​អ្នក​អាច​បាន​ដោយ​ជួល » ( គ. និង ស. ១១១:៩ ) ។