ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩-១៣១; ១៣២:១–៣៣ ( មេរៀន​ទី ២៨ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩-១៣១; ១៣២:១–៣៣ ( មេរៀន​ទី ២៨)

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះ​គឺ​ជាសេចក្ដី​សង្ខេបនៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៩-១៣១; ១៣២:១–៣៣ ( មេរៀន​ទី ២៨ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិតពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩; ១៣០:១–១១, ២២–២៣)

នៅពេល​សិស្ស​បាន​សិក្សា​ការបង្រៀន​មួយ​ចំនួន​របស់​ព្យាការីយ៉ូសែប ស្ម៊ីធ នោះពួកគេ​បាន​រៀន​ថា សារទូត​ពិត​ដែល​បាន​បញ្ចូន​មក​ពី​ព្រះវរបិតាសួគ៌​នឹង​មិន​បោកបញ្ឆោត​យើង​ឡើយ ។ ពួកគេ​ក៏​បាន​ឃើញ​ថា​គោលលទ្ធិ​ទាក់ទង​នឹង​សមាជិក​នៃ​ក្រុម​ព្រះ ។ សិស្ស​បាន​រៀន​ថា ទំនាក់ទំនង​ដែល​យើង​អាច​មាន​នៅក្នុង​ឋានសួគ៌​គឺ​ដូច​គ្នា​ទៅ​នឹង​ទំនាក់ទំនង​ទាំងអស់ ដែល​យើង​រីករាយ​នៅលើ​ផែនដី​នេះ ប៉ុន្តែ​វា​នឹង​រួម​បញ្ចូល​ជាមួយ​សិរីរុងរឿងនៃភាពអស់កល្បជានិច្ច ។

ថ្ងៃទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១២-២១)

នៅក្នុង​មេរៀននេះ សិស្សបានរៀន​អំពីគោលការណ៍​ខាងក្រោម ៖ មាន​ព្រះ​តែមួយ​អង្គ​គត់​ដែល​ជ្រាបដឹង​ពី​ពេល​វេលា​ពិតប្រាកដ​នៃ​ការយាងមក​ជា​លើក​ទីពីរ ។ ចំណេះដឹង និង បញ្ញា​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ជីវិត​នេះ នោះនឹង​នៅ​ជាប់​នឹង​យើង​ក្នុង​ដំណើរ​រស់​ឡើង​វិញ ។ ប្រសិន​បើ​យើង​ចង់​ទទួល​បាន​ពរជ័យ​ពី​ព្រះ នោះ​យើង​ត្រូវតែ​គោរព​តាមក្រឹត្យវិន័យ​ដែល​គ្រប់ព្រះពរ​ទាំងអស់​ផ្អែក​ទៅលើ ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១)

នៅពេល​សិស្ស​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១,​ នោះ ពួកគេ​បាន​ឃើញ​ថា ដើម្បី​ទទួល​បាន​កម្រិត​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល នោះ​យើង​ត្រូវ​តែ​ចូល​ទៅ​ក្នុង​សេចក្តី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​អំពី​អត្ថន័យ​នៃ​ឃ្លា « ពាក្យ​ព្យាករណ៍​ដ៏ពិត​ជាង » និង បាន​រៀន​អំពី​លក្ខណៈ​នៃ​វិញ្ញាណ​របស់​យើង ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១-៣៣)

នៅក្នុង​មេរៀន​នេះ​សិស្ស​បានរៀន​ថា នៅពេល​សេចក្តីសញ្ញា​ត្រូវបាន​ធ្វើ​ឡើង​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ និង ត្រូវបាន​ផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសញ្ញា វា​នឹង​ជាប់​ជា​និរន្តរ៍ ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា ប្រសិន​បើ​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​នៅជាប់​នឹង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាលជានិច្ច​នៃ​អាពាហ៍ពិពាហ៍ នោះ​ពួក​គេ​នឹង​មាន​ការកើនឡើង​នៃ​ពូជពង្ស​ដ៏​អស់​កល្ប​ជានិច្ច ។

សេចក្តីផ្ដើម

សិស្ស​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១-៣៣ នៅក្នុងមេរៀនរបស់ខ្លួននៅថ្ងៃទី ៤ ។ មេរៀន​ថ្ងៃ​នេះ​អាច​ជួយ​ពួកគេ​ឲ្យយល់បានកាន់តែប្រសើរឡើងពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ ទាំងអស់ និង គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ សិស្ស​នឹង​បង្កើន​ការយល់​ដឹង​របស់​ខ្លួន​អំពី​មូលហេតុ​ ដែល​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវបាន​អនុវត្ត​កាល​ពី​សម័យ​មុន ។

កំណត់ចំណាំ ៖ សិស្ស​បាន​រៀន​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ពីរ​នៅក្នុង​មេរៀននេះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២–២៣ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១–៤។ នៅពេល​ចាប់​ផ្តើម​មេរៀន​នេះ សូម​គិត​ពី​ការអញ្ជើញ​សិស្ស​ពាក់កណ្តាល​ថ្នាក់​ឲ្យ​ពន្យល់​អ្វី​ដែល​ពួកគេ​បាន​រៀន​មក​ពី​វគ្គ​បទគម្ពីរ​ទីមួយ ហើយ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ទៀត​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​វគ្គបទគម្ពីរ​ទី​ពីរ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣២:៣-៦, ៣៤-៤៨

ព្រះអម្ចាស់​កំណត់​ពី​លក្ខខណ្ឌ​នៃ​សេចក្តីសញ្ញាថ្មី ហើយ​អស់កល្បអស់កាលជានិច្ច ហើយ​បើកសម្តែង​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព

ពីមុន​ថ្នាក់​ចាប់​ផ្ដើម ​សូម​សរសេរ ​សំណួរ​ខាងក្រោម ​ នៅលើ​ក្ដារខៀន​ ៖

ហេតុអ្វី​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច​សំខាន់​ចំពោះ​អ្នក ?

ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​នេះ តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រៀបចំ​ខ្លួន​ចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀប​អាពាហ៍ពិពាហ៍​ចំពោះ​វេលាកាល និង ភាពអស់កល្ប​ជានិច្ច ?

តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អាច​ត្រូវបាន​ទទួល​នៅក្នុង​ជីវិត​នេះ​ចំពោះ​អស់​អ្នក​ដែល​ធ្វើតាម​ក្រឹត្យវិន័យ​របស់​ព្រះ ដើម្បី​ត្រូវបាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​សំណួរ​ទាំង​នេះ​នៅពេល​ពួកគេ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២ ថ្ងៃ​នេះ ។

សូម​ពន្យល់​ថា​ខណៈ​ដែល​យ៉ូសែប ស្ម៊ីធ កំពុង​ធ្វើការ​បកប្រែ​ដ៏​បំផុសគំនិត​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​នៅក្នុង​ឆ្នាំ ១៨៣១ នោះ​លោក​បាន​អាន​អំពី​ការ​អនុវត្ត​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​របស់​ព្យាការី​សម័យ​បុរាណ ( ក៏​ត្រូវបាន​ហៅ​ពហុពន្ធភាព​ផងដែរ ) ។ ក្នុងការអនុវត្តនេះ បុរស​ម្នាក់​ត្រូវបាន​រៀបការ​ជាមួយ​ភរិយា​ដែល​កំពុង​នៅរស់​ច្រើន​ជាង​ម្នាក់ ។ ព្យាការី​បាន​សិក្សា​ព្រះគម្ពីរ ពិចារណា​ពី​អ្វី​ដែល​បាន​រៀន ហើយ​ទីបំផុត​បាន​យក​សំណួរ​អំពី​អាពាហ៍​ពិពាហ៍​ពហុពន្ធភាព​សួរ​ដល់​ព្រះវរបិតា​ដោយការ​អធិស្ឋាន ។

សូម​សរសេរ លោកុប្បត្តិ ១៦:១–៣ នៅលើ​ក្តារខៀន ។ សូម​ពន្យល់​ថា​ខគម្ពីរ​ទាំង​នេះ ពិពណ៌នា​អំពី​សកម្មភាព​របស់​សារ៉ាយ និង អាប់រ៉ាម​ដែល​ក្រោយ​មក​ហៅថា សារ៉ា និង អ័ប្រាហាំ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​គិត​អំពី​សំណួរ​នានា​ដែល​ពួកគេ​អាច​មាន​អំពី​ព្រឹត្តិការណ៍​នៅក្នុង​ជីវិត​របស់​អាប់រ៉ាម និង សារ៉ាយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១ ដោយ​ស្ងាត់ស្ងៀម រកមើល​អ្វី​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​សួរ​នៅពេល​លោក​បាន​សិក្សា​វគ្គ​បទគម្ពីរ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ទាក់ទង​នឹង​ការអនុវត្ត​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។​ ( អ្នក​អាច​ចង់​ពន្យល់​ថា​ពាក្យ ប្រពន្ធចុង គឺ​ជា​ពាក្យ​មួយ​ដែល​ត្រូវបាន​ប្រើ​ដើម្បី​ប្រាប់​ពី​ស្ត្រី​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែល​នៅ​សម័យ និង វប្បធម៌​ដែល​ពួកគេ​បាន​រស់នៅ ដែល​ជា​ស្ត្រី​ដែល​បាន​រៀបការ​ពេញ​ច្បាប់​នឹង​បុរស​ម្នាក់ ប៉ុន្តែ​មាន​ឋានៈ​ក្នុង​សង្គម និង ស្របច្បាប់​ទាបជាង​ប្រពន្ធ ។ ប្រពន្ធចុង​មិនមែន​ជា​ផ្នែក​នៃការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​របស់​យើង​ឡើយ ) ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​បញ្ជា​បុរស និង ស្ត្រី​សុចរិត​ទាំង​នោះ ឲ្យ​ធ្វើតាម​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ​ជំនាន់​នោះ ?

សូម​ពន្យល់​ថា​នៅក្នុង​ការសិក្សារ​របស់​ពួកគេ​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២, សិស្ស​អាច​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​លើ​ក្តារខៀន និង សំណួរ​ផ្សេង​ទៀត​ដែល​ពួកគេ​អាច​មាន​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​សេចក្តីពិត​ដែល​ពួកគេ​រកឃើញ​អំឡុងពេល​ការសិក្សារ​របស់​ពួកគេ​ថ្ងៃនេះ ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់ឲ្យ​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៣៤-៣៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មូលហេតុ​ដែល​អ័ប្រាហាំ និង​សារ៉ា​បាន​ចាប់ផ្ដើម​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

  • យោង​តាម ខ ៣៤, ហេតុអ្វី​ក៏​សារ៉ា​អនុញ្ញាត​ឲ្យ​អ័ប្រាហាំ​យក​ភរិយា​មួយ​ទៀត ? តើ​ការណ៍​នេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​គោលការណ៍​នៃអាពាហ៍ពិពាហ៍​ពហុពន្ធភាព ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវបាន​អនុមតិ​ពី​ព្រះអម្ចាស់ តែ​នៅពេល​ដែល​ទ្រង់​បញ្ជា​ឲ្យ​ធ្វើ​តែប៉ុណ្ណោះ ។ ដើម្បី​ជួយសិស្ស​ឲ្យ​យល់​គោលការណ៍​នេះ នោះ​អ្នក​អាច​សូម​ឲ្យ​ពួកគេ​អាន យ៉ាកុប ២:២៧, ៣០។ អ្នកអាច​ផ្តល់​យោបល់​ឲ្យ​សិស្ស​ថា ពួកគេ​អាចសរសេរ​សេចក្តី​យោង​នេះ​នៅក្នុង​គម្ពីរ​របស់ពួកគេ​ក្បែរ​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៣៤) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៣៧-៣៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​ឧទាហរណ៍​នានា​ពេល​ដែល​ព្រះ​អម្ចាស់​បាន​បញ្ជា​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៣៩, ៤១–៤៣ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​បញ្ជាក់​ថា​នៅពេល​មនុស្ស​អនុវត្ត​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​អាស្រ័យ​លើ​បទបញ្ជា​របស់​ទ្រង់ នោះពួកគេ​ពុំមានកំហុស​នឹង​អំពើ​បាប​នៃ​អំពើ​កំផិត​ឡើយ ។ ទោះជាយ៉ាងណាក្ដី ប្រសិន​បើនរណា​ម្នាក់​ដែល​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ក្នុង​លក្ខខណ្ឌ​ណា​មួយ​ដែល​ព្រះអម្ចាស់​ពុំ​បាន​បញ្ជា នោះ​ពួកគេ​ធ្វើខុស​នឹង​អំពើ​កំផិត​ហើយ ។ ( សូម​កត់ចំណាំ​ថា​ពាក្យ ត្រូវ​បំផ្លាញ​ចោល នៅក្នុង ខ ៤១ បង្ហាញ​ថា អស់​អ្នក​ដែល​រំលង​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​របស់​ខ្លួន នោះ​នឹង​ត្រូវ​បំបែកចេញ​ពី ព្រះ និង​ពី​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ [ សូម​ប្រៀបធៀប កិច្ចការ ៣:២២–២៣; នីហ្វៃទី ១ ២២:២០] ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៤០ យ​ស្ងៀមស្ងាត់ រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​ទ្រង់​នឹង​ធ្វើ​វា ។ សូម​ឲ្យ​សិស្ស​រាយការណ៍ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា​ពាក្យ « ការណ៍​ទាំងឡាយ » សំដៅលើ​ច្បាប់ និង​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ​នានា​ដែល​ត្រូវបាន​បើក​សម្តែង​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​មុនៗ ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ៖ បទបញ្ញត្តិ​ដើម្បី​រស់នៅ​តាម​ច្បាប់​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅក្នុង​ថ្ងៃចុង​ក្រោយ គឺជា​ផ្នែក​នៃ​ការស្ដារឡើងវិញ​នៃ​ការណ៍​ទាំងឡាយ ។ ( សូមមើល​ផងដែរ កិច្ចការ ៣:២០–២១) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៤៥, ៤៨ ឲ្យ​ឮៗ ។

  • តើ​យើង​រៀន​អ្វីខ្លះចេញ​ពីខគម្ពីរទាំងនេះ​អំពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នេះ​លើ​ក្តារខៀន ៖ អាពាហ៍ពិពាហ៍​ពហុពន្ធភាព​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន តែ​តាមរយៈ​កូនសោ​នៃ​បព្វជិតភាព​ដែល​ត្រូវ​បាន​ប្រទាន​ដល់​ប្រធាន​នៃ​សាសនាចក្រ​តែ​ប៉ុណ្ណោះ ) ។

សូម​ពន្យល់​ថា​នៅ​ដើមដំបូង​នៃ​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ក្នុង​ផ្នែក​មួយ​នៃ​ការស្តារ​ឡើង​វិញ​នៃ​ការណ៍​ទាំងឡាយ ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជំនាន់ដើម មួយ​ចំនួន​ឲ្យអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព តាមរយៈ​កូនសោ​បព្វជិតភាព​ដែល​បាន​កាន់​ដោយ​ព្យាការី​យ៉ូសែប ស្ម៊ីធ និង ប្រធាន​សាសនាចក្រ​បន្តបន្ទាប់​ទៀត​—ព្រិកហាំ យ៉ង់ យ៉ូហាន ថេលើរ និង វិលហ្វូឌ វូឌដ្រុព្វ ។ នៅ​ឆ្នាំ ១៨៩០ ប្រធាន វូឌដ្រុព្វ ដោយ​ប្រើ​កូនសោ​បព្វជិតភាព​ដដែល​នោះ បាន​ទទួល​វិវរណៈ​ថា​ការអនុវត្ត​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​គួរតែ​បញ្ចប់ ( សូមមើល សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤៩-៦៦

ព្រះអម្ចាស់ប្រទាន​ព្រះឱវាទ​ដល់​យ៉ូសែប និង អិមម៉ា ស្ម៊ីធ ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព

សូម​ពន្យល់​ថា ព្យាការី​យ៉ូសែប ស្ម៊ីធ មាន​ការស្ទាក់ស្ទើរ​ដើម្បី​ចាប់ផ្តើម​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ លោក​បាន​ថ្លែង​ថា​លោក​មិន​បាន​ចាប់ផ្តើម​អនុវត្ត​វា​ឡើយ រហូត​ដល់​លោក​ត្រូវបាន​ព្រមាន​ថា​លោក​នឹង​ត្រូវ​បំផ្លាញ​ចោលប្រសិន​បើលោក​មិន​គោរព​ធ្វើ​តាម​ទេ​នោះ ( សូមមើល « Plural Marriage » Historical Record, ខែ ឧសភា ឆ្នាំ ១៨៨៧ ទំព័រ ២២២ ) ។ ដោយសារ​ការខ្វះ​ឯកសារ​ប្រវត្តិសាស្ត្រ នោះ​យើង​ដឹង​បាន​តិចតួច​បំផុត​អំពី​ការ​ខិតខំ​ការពីដំបូង​របស់​លោក​ដើម្បី​ធ្វើ​តាម​ព្រះបញ្ញត្តិ​នេះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅឆ្នាំ ១៨៤១ ព្យាការី​បានគោរព​ធ្វើ​តាម​ព្រះបញ្ញត្តិ​នេះ ហើយ​បីឆ្នាំ​ជាង​ក្រោយ​មក លោក​បាន​រៀបការ​ប្រពន្ធ​បន្ថែម​ទៀត ស្រប​ទៅ​តាម​ការបញ្ជា​របស់​ព្រះអម្ចាស់ ។ ការគោរពប្រតិបត្តិ​តាម​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ​ចំពោះ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដើម្បី​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ​គឺ​ជា​ការសាកល្បង​មួយ​នៃ​សេចក្តី​ជំនឿ​សម្រាប់​លោក និង អិមម៉ា​ដែល​ជា​ភរិយា​លោក​ដែល​លោក​ស្រឡាញ់​យ៉ាង​ខ្លាំង ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៤៩-៥៦ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​ព្រះ​ឱវាទ​ដល់​យ៉ូសែប និង អិមម៉ា ស្ម៊ីធ ហើយ​បាន​សន្យា​ដល់​ពួកគេ​នូវ​ពរជ័យ ប្រសិនបើ​ពួកគ​នឹង​គោរព​តាម​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ សូម​ពន្យល់​ថានៅក្នុង​ឆ្នាំ ១៨៤១ ព្យាកា​រី​យ៉ូសែប ស្ម៊ីធ បាន​ចាប់ផ្តើម​បង្រៀន​ដល់​បុរស និង ស្ត្រី​ស្មោះត្រង់​ផ្សេង​ទៀត​អំពី​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នេះ ។ ទោះបីជា សមាជិក​សាសនាចក្រ​ដ៏​ស្មោះត្រង់​ទាំង​នេះ មាន​ការស្ទាក់ស្ទើរ និង លំបាក​ចំពោះ​បទបញ្ញត្តិនេះ​នៅពេល​ដំបូង​ក៏​ដោយ ក៏​ពួកគេ​បាន​ទទួល​ការបញ្ជាក់​រៀងៗខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទទួល​យក​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៦៣ ឲ្យ​ឮ​ដោយ​ចាប់ផ្តើម​ជាមួយ​ឃ្លា « ដ្បិត​ពួកគេ​ត្រូវបាន​ប្រគល់​ដល់​អ្នក​នោះ » ។ ពីមុន​អ្នក​អាន សូម​ពន្យល់​ថា​ខគម្ពីរ​នេះ​ជួយ​យើង​ឲ្យ​យល់​ពី ហេតុផល​មួយ​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​យ៉ូសែប ស្ម៊ីធ និង មនុស្ស​ដទៃ​ផ្សេង​ទៀត​ដើម្បី​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​គោលបំណង​ពិសេស​នោះ ។ ( បន្ទាប់ពី​អ្នក​អាន​ហើយ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដើម្បី​ផ្តល់​ឱកាស​បន្ថែម​ទៀត​ដល់​ប្រជារាស្ត្រ​របស់​ទ្រង់​ចិញ្ចឹម​កូនចៅ​ថ្វាយ​ទ្រង់ ។ ( អ្នក​អាច​មើល យ៉ាកុប ២:៣០ម្តង​ទៀត ) ។

  • តើ « ​ឲ្យ​បង្កើត​កូន​ជា​ច្រើន​ឡើង ហើយ​មាន​ពេសពេញ​លើ​ផែនដី » នោះ​មានន័យ​ដូចម្តេច​ ? ( បង្កើត​កូនចៅ ) ។

  • តើ​ការមាន​កូនចៅ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការបន្ត​កិច្ចការ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្តេច ?

សូម​មើល​សំណួរ​ដែល​អ្នក​បាន​សរសេរ​លើ​ក្ដារខៀន​នៅពេល​ជិត​ចាប់ផ្តើម​ថ្នាក់​រៀន ៖ ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​បញ្ជា​ឲ្យ​បុរស និង ស្ត្រី​សុចរិត​ទាំង​នោះ​ឲ្យ​ធ្វើតាម​គោលការណ៍​នៃ​អាពាហ៍​ពិពាហ៍​ពហុពន្ធភាព​នៅ​ជំនាន់​នោះ ? អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​ដល់​សិស្ស​នៅក្នុងថ្នាក់​អំពី​អ្វី ដែល​ពួកគេ​បាន​រៀន​ពី​ការសិក្សា​របស់​ខ្លួន​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ និង យ៉ាកុប ២:២៧, ៣០ ដែល​ជួយ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​នេះ ។

សូម​បញ្ចប់​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ហើយ​ថា​លោក​បាន​ទទួល ព្រមទាំង​គោរព​តាម​វិវរណៈ​ពី​ព្រះ ( សូមមើល គ. និង ស. ១៣២:៣៧) ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣-១៣៥)

សូម​សួរ​សិស្ស​ពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ប្រសិនបើ​ពួកគេ​ត្រូវបាន​ឲ្យ​ជ្រើសរើស​រវាងការស្លាប់ ឬ រត់គេច​ខ្លួន​ចេញពី​អស់​អ្នក​ដែល​បាន​ព្យាយាម​សម្លាប់​ពួកគេ ។ ចុះ​ប្រសិន​បើ​ការជ្រើសរើ​ស​ដើម្បី​ប្រឈម​មុខ​នឹង​សេចក្តីស្លាប់​អាច​សង្គ្រោះ​ជីវិត​របស់​ក្រុមគ្រួសារ មិត្តភក្ដិ​របស់​អ្នក និង មនុស្ស​ដទៃ​រាប់រយ​អ្នក​ទៀត​នោះ ? តើ​អ្នក​នឹង​ធ្វើ​ដូចម្តេច ? ព្យាការី​យ៉ូសែប ស្ម៊ីធ មាន​ឆន្ទៈ​ជ្រើសរើស​ប្រឈមមុខ​នឹង​សេចក្តីស្លាប់​ដោយ​និយាយ​ថា « ខ្ញុំ​ទៅដូច​ជា​ចៀម​ដឹក​ទៅសំឡាប់ ប៉ុន្តែ​ខ្ញុំ​ស្ងប់ចិត្ត​ដូច​ជា​ព្រឹកព្រលឹម​នារដូវ​ក្តៅ » (គ. និង ស. ១៣៥:៤) ។ សិស្ស​នឹង​អាន​អំពី​ទុក្ករកម្ម​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ​នៅក្នុង​មេរៀន​បន្ទាប់ ។