ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៥ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៩-១២០


មេរៀនទី ១២៥

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៩-១២០

បុព្វកថា

នៅក្នុង​រដូវ​ក្ដៅ​ឆ្នាំ ១៨៣៨ ពួកបរិសុទ្ធ​កំពុង​ជួប​វិបត្តិ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង នៅពេល​ពួកគេ​ព្យាយាម​ស្ថាបនាសាសនាចក្រ​នៅ​ក្នុង​រដ្ឋ មិសសួរី​ភាគ​ខាង​ជើង ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ព្យាយាម​សុំ​ការណែនាំ​ពី​ព្រះអម្ចាស់ ហើយ​នៅថ្ងៃ​ទី ៨ ខែ កក្កដា ឆ្នាំ ១៨៣៨ លោក​បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩ និង ១២០ ។ នៅ​ក្នុង​វិវរណៈ​ទាំង​នេះ ព្រះអម្ចាស់​បាន​បង្រៀន​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង បាន​ផ្តល់សិទ្ធិជាក់លាក់ដល់ថ្នាក់ដឹកនាំសាសនាចក្រ ដើម្បី​សម្រេច​ពី​របៀប​ដែល​មូលនិធិ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​បាន​ប្រើ​ប្រាស់ ។

យោបល់សម្រាប់ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:១-៤

ព្រះអម្ចាស់​បើក​សម្ដែង​ពី​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ដំណើរ​រឿង​ខាង​ក្រោម​ឲ្យ​ឮៗ ដែល​បាន​ប្រាប់​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ស្ត្រី​ម្នាក់​នៅ​ក្នុង​ទីក្រុង សៅ ផាឡូ ប្រទេស​ប្រេស៊ីល…បាន​ធ្វើការ​ផង និង រៀន​ផង​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​នាង ។ ខ្ញុំ​សូម​ប្រើ​ពាក្យពេចន៍​ផ្ទាល់​របស់​នាង​ក្នុង​ការប្រាប់​រឿង​នេះ ។ នាង​ថ្លែងថា ៖

« សាកលវិទ្យាល័យ​ដែល​ខ្ញុំ​បាន​សិក្សា​នោះ មាន​ច្បាប់​មួយ​ដែល​ហាមឃាត់​សិស្ស​ដែល​មិន​ទាន់​បង់​លុយ​ឲ្យ​ធ្វើ​ការប្រឡង​នោះ​ឡើយ ។…

« ‹ ខ្ញុំ​បាន​ចាំ​ពីពេល​មួយ នៅពេល​ដែល​ខ្ញុំ … មាន​បញ្ហា​លំបាក​ខ្លាំង​ខាង​ផ្នែក​ហិរញ្ញវត្ថុ ។… នៅពេល​ដែលខ្ញុំ​ចាត់ចែង​ថវិកា​ប្រចាំ​ខែ​របស់​ខ្ញុំ នោះ​ខ្ញុំ​ចាប់​អារម្មណ៍​ថា គ្មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​បង់ [ ទាំង ] ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ថ្លៃ​សាកល​វិទ្យាល័យ​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវ​តែ​ជ្រើស​រើស​រវាង​តម្រូវការ​ទាំងពីរ​នោះ ។ ការ​ប្រឡង​រៀង​រាល់​ពីរ​ខែ​ម្តង នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​បន្ទាប់ ហើយ​បើសិន​ខ្ញុំ​មិន​បាន​ប្រឡង​ទេ នោះ​ខ្ញុំ​នឹងធ្លាក់ក្នុងឆ្នាំនោះ ។ ខ្ញុំ​មាន​អារម្មណ៍​ច្របូក​ច្របល់​យ៉ាង​ខ្លាំង ។… ខ្ញុំ​មាន​ការសម្រេច​ចិត្ត​ដ៏​ពិបាក​ក្រៃលែង​នៅចំពោះ​មុខ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​សម្រេច​ចិត្ត​យ៉ាង​ណា​នោះទេ › » (We Walk by Faith »Ensign, ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៧៣ ) ។

  • តើអ្នកនឹងនិយាយយ៉ាងដូចម្តេចទៅកាន់មនុស្សម្នាក់ដែលស្ថិតនៅក្នុងស្ថានភាព​ដ៏​លំបាក​បែប​នេះ ?

សូម​អញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន​ដំណើរ​រឿង​បន្ត​ទៀត ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ‹ អារម្មណ៍​នេះ​បាន​នៅតែ​ដក់​ក្នុង​គំនិត​ខ្ញុំ ហើយ​នៅជាប់​នឹង​ខ្ញុំ [ អស់​ជា​ច្រើន​ថ្ងៃ ] ។ បន្ទាប់មក ខ្ញុំ​បាន​ចងចាំ​ថា នៅពេល​ខ្ញុំ​បាន​ជ្រមុជទឹក ខ្ញុំ​បាន​យល់ព្រម​ដើម្បី​រស់នៅ​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ខ្ញុំ​បាន​លើកដាក់​មក​លើ​ខ្លួន​ខ្ញុំ​នូវ​កាតព្វកិច្ច​នេះ មិន​មែនជាមួយ​នឹង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នោះទេ ប៉ុន្ដែ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ។ នៅពេល​នោះ ការឈឺចាប់​បាន​ចាប់ផ្ដើម​វិនាស​បាត់​ទៅ ដោយ​បន្សល់​ទុក​នូវ​អារម្មណ៍​ដ៏​រីករាយ​នៃ​ភាពស្ងប់ស្ងាត់ និង​ការប្ដេជ្ញាចិត្ត ។…

« ‹ នា​យប់​នោះ នៅពេល​ខ្ញុំ​បាន​អធិស្ឋាន ខ្ញុំ​បាន​ទូល​សុំ​ព្រះអម្ចាស់​ឲ្យ​អភ័យទោស​ឲ្យ​ខ្ញុំ​ចំពោះ​ការសម្រេចចិត្ត​របស់​ខ្ញុំ ។ នៅ​ថ្ងៃ​អាទិត្យ…ខ្ញុំ​បាន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ដង្វាយ​តម​អាហារ​ដោយ​ក្តី​រីករាយ​បំផុត ។ នោះ​គឺ​ជា​ថ្ងៃ​មួយ​ដ៏​ពិសេស ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ និង មាន​ភាពសុខសាន្ត​នៅក្នុង​ដួង​ចិត្ត​ខ្ញុំ​ជាមួយនិង ព្រះវរបិតាសួគ៌ › » (We Walk by Faith »ទំព័រ ៧៣ ) ។

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយតប​ចំពោះ​ស្ថានភាព​នេះ ។ សូម​អញ្ជើញ​សិស្សឲ្យ​រកមើល​គោលការណ៍​នានា​អំឡុង​ពេល​ពួកគេ​សិក្សា​ខគម្ពីរ​ថ្ងៃ​នេះ ដែល​អាច​ជួយ​ពួកគេ​នៅពេល​ពួកគេ​ជួប​ស្ថានភាព​ស្រដៀង​គ្នា​នេះ ។

សូម​ពន្យល់​ថា​នៅ​ដើម​ឆ្នាំ ១៨៣៧ សាសនាចក្រ​កំពុង​ជួប​វិបត្តិ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង ព្រមទាំង​សមាជិក​នៃសាសនាចក្រ​ជា​ច្រើន​នាក់​ទៀត​ផងដែរ ។ បញ្ហា​ហិរញ្ញវត្ថុ​នេះ​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស មនុស្ស​កំណាច​ប្រើ​អំពើ​ហិង្សា​នៅក្នុង​រដ្ឋ មិសសួរី និង រដ្ឋ អូហៃអូ ដែល​បណ្តេញ​ពួកបរិសុទ្ធ​ចេញ​ពី​ផ្ទះសម្បែង​របស់​ខ្លួន និង​ពួកបរិសុទ្ធ​មួយ​ចំនួន​គ្មាន​ឆន្ទៈ​ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ នៅ​ឆ្នាំ ១៨៣៨ ជាមួយ​នឹង​ការប្រមូល​ផ្តុំ​នៃ​ពួកបរិសុទ្ធ​ទៅ​កាន់​ឃុំ ខលវ៉េល រដ្ឋ មិសសួរី សាសនាចក្រ​ត្រូវការ​ប្រាក់​ដើម្បី​សម្រេច​ចំពោះអ្វី​ដែល​ព្រះអម្ចាស់​បាន​ចេញ​បញ្ជា​ដល់​ពួកគេ​ឲ្យ​ធ្វើ ដូចជា​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ហ្វា វេស ។ ប៊ីស្សព​នៅ​ក្នុង​រដ្ឋ អូហៃអូ និង មិសសួរី​ ត្រូវបាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​នាំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ដង្វាយផ្សេងៗ​របស់​ខ្លួន​ទៅ​ទុក​ក្នុង​ឃ្លាំង ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្តីណែនាំ នៃ​ក្បាល​កណ្ឌ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្អៀង​តាម រកមើល​អ្វី​ដែល​យ៉ូសែប ស៊្មីធ​បាន​ទូល​សួរ​នៅពេល​នោះ ។

  • តើ​យ៉ូសែប ស្ម៊ីធ បានសួរអ្វី​ខ្លះ​ដល់​ព្រះអម្ចាស់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៩:១-៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ចម្លើយ​របស់​ព្រះអម្ចាស់ ចំពោះ​ការស្នើសុំ​របស់​យ៉ូសែប​ ស្ម៊ីធ ។

  • យោងតាម ខ ៤, តើ​ដង្វាយ​មួយភាគ​ក្នុង​ដប់​គឺ​ជា​អ្វី ? ( សិស្សគួរតែ​រកឃើញ​ព្រះបញ្ញត្តិ​ខាង​ក្រោម​នេះ ៖ ព្រះអម្ចាស់​បញ្ជា​ឲ្យ​ពួក​យើង​បង់​មួយ​ភាគ​ក្នុង​ដប់​នៃ​នូវ​ធនធាន​របស់​យើង​ថ្វាយ​ទ្រង់​ ទុក​ជា​ដង្វាយមួយភាគ​ក្នុង​ដប់ ។ អ្នក​អាច​សរសេរព្រះបញ្ញត្តិ​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បីជួយ​សិស្ស​ឲ្យ​យល់​អត្ថន័យ​នៃ​ពាក្យ ធនធាន នៅក្នុង ខ ៤សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ក្រឹត្យវិន័យ​នេះ​គឺ​ថ្លែង​យ៉ាង​សាមញ្ញ​ថា ‹ មួយ​ភាគ​ដប់​នៃ​ធនធាន​ទាំងអស់​របស់​ពួកគេ › ។ ធនធាន​មាន​ន័យ​ថា ប្រាក់​ចំណេញ ប្រាក់​សំណង ប្រាក់​កំណើន ។ វា​គឺ​ជា​ប្រាក់ខែ​របស់​និយោជិត​មួយ​រូប ជាប្រាក់​ចំណេញ​ពី​ការធ្វើ​អាជីវកម្ម ជា​ប្រាក់​កំណើន​របស់​បុគ្គល​ម្នាក់​ដែល​រីកចម្រើន ឬ រកបាន ឬ ជា​ប្រាក់​ចំណូល​របស់​មនុស្ស​ម្នាក់​ទោះមក​ពី​ប្រភព​ណា​ក៏​ដោយ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា វា​ជា​ក្រឹត្យ​វិន័យ​ដែល​នៅ ‹ អចិន្ត្រៃយ › ដូច​ដែល​វា​មាន​ពី​បុរាណ​កាល​ផងដែរ » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៦៤, ទំព័រ ៣៥ ) ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​ពី​ការបញ្ជា​របស់​ព្រះអម្ចាស់​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង នៅចំពេល​ដែល​វា​មាន​ការលំបាក​ចំពោះ​ពួកគេ​ដើម្បី​ធ្វើ​ការណ៍​នោះ​ដូច្នេះ ?

  • តើការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជា​ទង្វើ​ធ្វើ​ឡើង​ដោយ​សេចក្តី​ជំនឿ​តាម​របៀប​ណា​ខ្លះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពីរបៀប​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ សូម​បង្ហាញ​ក្រដាស​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ដង្វាយ​ផ្សេងៗ ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​ទើបតែ​រក​បាន​ប្រាក់​មួយ​ចំនួន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ប៉ាន់​ស្មានពី​ចំនួន​ប្រាក់​នោះ ។

  • តើ​ប្រាក់ចំនួន​ប៉ុណ្ណឹង​ត្រូវ​បង់ដង្វាយ​មួយ​ភាគ​ដប់​ប៉ុន្មាន ?

សូម​កត់​ចំនួន​ប្រាក់​នៃ​ដង្វាយ​មួយក្នុង​ដប់​នោះ​នៅកន្លែង​ត្រឹមត្រូវ​នៅលើ​ក្រដាស​នោះ ហើយ​សួរ​សំណួរ​ខាង​ក្រោម ៖

  • ប្រសិន​បើ​យើង​ចែក ១០​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​យើង​ក្នុងចំណោមខ្ទង់​បរិច្ចាគ​ផ្សេងៗ​ទៀត​នៅលើ​ក្រដាស​នេះ តើ​យើង​បាន​បង់​ដង្វាយ​មួយភាគ​ក្នុង​ដប់​ពេញ​លេញ​ដែរ​ឬ​ទេ ? ( សូម​ប្រាកដ​ថាសិស្ស​យល់​ថា ១០​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​យើង​គួរតែ​ត្រូវដាក់​ក្នុង​ខ្ទង់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ ការបរិច្ចាគ​ផ្សេងៗ​ទៀត​ដែល​ពួកគេ​បរិច្ចាគ គឺ​ជាមូលនិធិផ្សេង​ទៀត​ក្រៅពី ១០ភាគរយនោះ ) ។

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​ឲ្យ​ពួកគេ​ពន្យល់​គ្នា​ទៅវិញទៅមក​អំពីការយល់​ដឹង​របស់​ពួកគេ អំពី​របៀប​ដែល​មូលនិធិ​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ត្រូវបាន​ប្រើប្រាស់ ។ បន្ទាប់​មកសូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ការ​ពន្យល់​របស់ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៩:២

  • យោង​តាម ខ ២, តើ​មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​បាន​ប្រើ​សម្រាប់​អ្វី​ខ្លះ ? ( ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ ត្រូវ​បាន​ប្រើ ‹ សម្រាប់​ការកសាង​ដំណាក់​របស់ [ ព្រះអម្ចាស់ ] [ កសាងព្រះ​វិហារ​បរិសុទ្ធ ] និង « សម្រាប់​ការ​សង់​គ្រឹះ​នៃ​ស៊ីយ៉ូន និង​សម្រាប់​បព្វជិតភាព » [ ផ្គត់​ផ្គង់​ហិរញ្ញវត្ថុ​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​កិច្ចការ​របស់​ព្រះ​អម្ចាស់ ដូច​ជា​ការ​សាងសង់ និង​ការ​ថែ​រក្សា​សាលា​ប្រជុំ ការ​បកប្រែ និង​បោះពុម្ព​ព្រះ​គម្ពីរ និង​ការ​ឧបត្ថម​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា និង​កិច្ចការ​ពង្សប្រវត្តិ​នៅ​ទូទាំង​ពិភព​លោក ] ។ ​អ្នក​អាចចង្អុល​បង្ហាញ​ថា សព្វថ្ងៃនេះសាសនាចក្រ​ពុំ​ជំពាក់​បំណុល​របស់​គេ​ទេ ។ សូមសរសេរ​សេចក្តីពិត​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ មូលនិធិ​នៃ​ដង្វាយ​មួយភាគក្នុងដប់ត្រូវបាន​ប្រើប្រាស់​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ និង ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:៥-៧

ព្រះអម្ចាស់​ពន្យល់​ពី​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

សូម​អញ្ជើញ​សិស្ស​ពីរនាក់ឲ្យ​ចូលរួម​ក្នុង ការសម្ដែងមួយ ។ សូម​ចាត់តាំង​ឲ្យ​សិស្ស​ម្នាក់​ធ្វើ​សមាជិក​ស្មោះត្រង់​នៃ​សាសនាចក្រ ហើយ​សិស្ស​ទីពីរ​ដើរតួ​ជា​ម្នាក់​ដែល​មិនមែន​ជា​សមាជិកនៃ​សាសនាចក្រ ។ សូមឲ្យ​សិស្ស​ទីពីរ​នូវ​ក្រដាស​មួយ​សន្លឹក​ដោយ​សរសេរ​សំណួរ​ខាង​ក្រោម​នៅលើ​ក្រដាស​នោះ ៖ ខ្ញុំ​បាន​ឮ​ថា​អ្នក​បាន​បង់​ ១០​ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​អ្នក​ទៅក្នុង​សាសនាចក្រ​របស់​អ្នក ។ ហេតុអ្វី​អ្នក​ចង់ធ្វើ​បែប​នោះ ?

សូម​ឲ្យ​សិស្ស​ទីពីរ​អាន​សំណួរ​ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ទីមួយ​ឲ្យ​ឆ្លើយ ។ បន្ទាប់​ពី​សម្តែងចប់ សូម​សួរ​សិស្ស​ក្នុង​ថា្នក់​ពីរបៀប​ដែល​ពួកគេ​អាច​ឆ្លើយ​ចំពោះ​សំណួរ​នោះ ។ សូម​ចង្អុល​បង្ហាញ​ថា​មាន​ចម្លើយ​ល្អៗ​ជា​ច្រើន​ចំពោះ​សំណួរ​នេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៩:៦-៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ស្វែងរក​អ្វី​ដែល​បាន​សម្រេច​ដោយ​ការធ្វើតាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នេះ ។

  • យោង​តាម ខ ៦តើមាន​អ្វី​ខ្លះ​ដែល​សម្រេច​បាន​តាមរយៈ​ការគោរព​ប្រតិបត្តិ​ចំពោះ​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ? ( ញែកដែនដីស៊ីយ៉ូន​ចេញ​ជា​បរិសុទ្ធ​ដល់​ព្រះអម្ចាស់ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ខគម្ពីរ​នេះ សូម​ពន្យល់​ថាការញែក​ចេញ​ជា​បរិសុទ្ធ​ សំដៅ​លើ​ការ​គ្មាន​អំពើ​បាប—បរិសុទ្ធ ស្អាតស្អំ និង បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ លើស​ពី​នេះ សូម​រំឭក​សិស្ស​ថា​ស៊ីយ៉ូន​គឺជា​មាន​ន័យលើសពី​ទីតាំង​ទៅ​ទៀត វា​គឺ​ជា​មនុស្ស​ដែល​ជា​« អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » (គ. និង ស. ៩៧:២១) ។

សូម​អញ្ជើញ​សិស្ស​ឲ្យសង្ខេប​ឥទ្ធិពល​នៃ​ការគោរព​តាម​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់​ជា​ពាក្យ​សម្តីផ្ទាល់​របស់​ខ្លួន ។ ទោះ​ជា​សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា​ក្តី ពួកគេ​គួរ​តែ​រកឃើញ​គោលការណ៍​ខាង​ក្រោម ៖ ការបង់​ដង្វាយ​មួយ​ភាគក្នុង​ដប់​ញែក​យើង​ម្នាក់ៗ និង សាសនាចក្រ​ចេញ​ជា​បរិសុទ្ធ ។ សូម​សរសេ​គោលការណ៏​នេះ​នៅ​លើ​ក្តារខៀន ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​សរសេរ​វា​នៅក្បែរ​គែម​ទំព័រ​នៃ​ព្រះគម្ពីរ​របស់​ពួកគេ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ និង​ទទួល​អារម្មណ៍​ពី​ភាព​សំខាន់​នៃ​គោលការណ៍​នេះ សូម​ឲ្យ​ពួកគេ​ឆ្លើយ​សំណួរ​មួយ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ឬ សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់ខ្លួន ៖

  • តើ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បាន​ជួយ​ញែក​អ្នក​ចេញ​ជា​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

  • តើអ្នកគិតថាការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នឹង​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ត្រូវ​បាន​ញែកចេញ​ជា​បរិសុទ្ធ​តាមវិធីណា ?

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ អ្នក​ក៏​អាច​ចែកចាយ​នូវ​បទពិសោធន៍​មួយ និង ថ្លែង​ទីបន្ទាល់​របស់​ខ្លួន​អំពី​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នេះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២០

ព្រះអម្ចាស់​បង្កើត​ក្រុមប្រឹក្សា លើការរៀបចំដង្វាយមួយ ភាគក្នុងដប់

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្តី​ណែនាំ​ក្បាល​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២០ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​គោលបំណង​នៃ​វិវរណៈ​នេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២០:១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ដោយ​រកមើល​ថា​នរណា​ដែលព្រះអម្ចាស់​បាន​ជ្រើសរើស​ដើម្បី​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ក្រុមប្រឹក្សា​ដែល​សម្រេច​ពី​របៀប​ដែល​មូលនិធិ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​ចំណាយ ។

  • តើ​នរណា​ជា​អ្នក​សម្រេច​ពី​របៀប​ដើម្បី​ប្រើប្រាស់​មូលនិធិ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ?

អ្នក​អាច​ពន្យល់​ថា​ក្រុមប្រឹក្សា​ដែល​បាន​និយាយ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២០ គឺ​មាន​ទំនួល​ខុសត្រូវ​សម្រាប់​គ្រប់គ្រង​លើ​ការបង់ និង ការចំណាយ​ទាំងអស់​សម្រាប់​សាសនាចក្រ​ទាំងមូល ។ បច្ចុប្បន្ន​ក្រុមប្រឹក្សា​នេះ​ត្រូវ​បាន​ស្គាល់​ថា​ជា​ក្រុមប្រឹក្សា​លើ​ការរៀបចំ​ដង្វាយ​មួយភាគ​ក្នុងដប់ ហើយ​រួម​មាន គណៈប្រធាន​ទី​មួយ កូរ៉ុម​សាវក​ដប់​ពីរ​នាក់ និង គណៈ​ប៊ីស្សព​ជាអធិបតី ។

  • យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២០:១, តើ​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ​សម្រេច​ពី​របៀប​ប្រើ​មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នេះ​ដោយ​របៀប​ណា ? ( តាមរយៈ​« សំឡេង​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​ចំពោះ​ពួកលោក » ។ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា តាមរយៈ​វិវរណៈ ) ។

សូម​ឲ្យ​សិស្ស​សង្ខេប​ជា​ពាក្យសម្ដី​របស់​ពួកគេ​ផ្ទាល់ ពី​អ្វី​ដែល​វិវរណៈ​នេះ​បង្រៀន​អំពី​នរណា​ដែល​ដឹកនាំ​ការប្រើប្រាស់​មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នេះ ។ ( ទោះ​បីជា​សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​គ្នា​ក្ដី ក៏​ពួកគេ​គួរតែ​រកឃើញ​គោលការណ៍​ខាង​ក្រោម​នេះ ៖ ព្រះអម្ចាស់​ដឹកនាំ​ការប្រើប្រាស់​មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​តាមរយៈ​អ្នក​បម្រើ​ជម្រើស​របស់​ទ្រង់) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​គោលការណ៍​នេះ​ដំណើរការ​នៅ​ក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ សូម​ពន្យល់​ថា​វួដ ឬ សាខា​និមួយៗ​បាន​ផ្ញើ​មូលនិធិ​ដែល​ប្រមូល​បាន​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ ។ ពួកអ្នកដឹកនាំប្រចាំមូលដ្ឋាន ពុំ​សម្រេច​ពី​របៀប​ដែល​មូលនិធិ​ពិសិដ្ឋ​ទាំង​នេះ​ត្រូវ​បាន​ប្រើប្រាស់​ឡើយ ។ ក្រុមប្រឹក្សា លើការរៀបចំដង្វាយមួយភាគក្នុងដប់​នេះ​ធ្វើ​ការសម្រេច​ចិត្ត​ទាំង​នោះ​ក្រោម​ការដឹកនាំ​ពី​ព្រះអម្ចាស់ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី​បាន​មាន​ប្រសាសន៍​អំពី​ការគោរព​ដ៏​ជ្រាលជ្រៅ​ចំពោះ ក្រុមប្រឹក្សា​លើ​ការរៀបចំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ សម្រាប់​មូលនិធិ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ខ្ញុំ​បាន​រក្សា​ប្រាក់​ស្លឹង​មួយ​របស់​ស្ត្រី​មេម៉ាយ នៅលើ​ទូ​ក្រោយ​តុ​របស់​ខ្ញុំ​ដែល​គេ​បាន​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ទីក្រុង យេរូសាឡិម​កាល​ពី​ច្រើន​ឆ្នាំ​មុន​ទុក​ជា​វត្ថុ​រំឭក រំឭក​ជានិច្ច​នៃ​ការញែក​មូលនិធិ​ដែល​យើង​ត្រូវ​ចែកចាយ ។ ប្រាក់​ដង្វាយ​នោះ​មក​ពី​ស្ត្រី​មេម៉ាយ វា​គឺ​ជា​ការបូជា​របស់​នាង​ព្រមទាំង ដង្វាយ​មួយ​ភាគ​ដប់​របស់​អ្នក​មានទ្រព​នោះ ហើយ​វា​ត្រូវបាន​ប្រើប្រាស់​ដោយ​ការយក​ចិត្តទុកដាក់ និង ដោយ​ការសម្រេចចិត្ត​សម្រាប់​គោលបំណង​នានា​របស់​ព្រះអម្ចាស់ ។ យើង​ប្រើ​វា​ដោយ​ប្រុងប្រយ័ត្ន និង ការពារ​វា ហើយ​ព្យាយាម​គ្រប់​បែបយ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ​ដើម្បី​ឃើញ​ថា​យើង​បាន​ប្រើប្រាស់​វា​ដូច​ដែល​យើង​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​សព្វ​ព្រះទ័យឲ្យ​ប្រើ​វា​សម្រាប់​ការលើកស្ទួយ​កិច្ចការ​របស់​ទ្រង់ និង ផ្តល់​ប្រយោជន៍​ដល់​មនុស្ស » (This Thing Was Not Done in a Corner » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៥០ ) ។

សូមអញ្ជើញ​សិស្សឲ្យ​ចែកចាយ​ការយល់​ដឹង ឬ ទីបន្ទាល់​បន្ថែម​ទៀត​របស់​ខ្លួន​អំពី​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នេះ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី សញ្ញា ១១៩ ។ ច្បាប់​នៃ​ដង្វាយ​មួយ​ភាគដប់

អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន ពន្យល់​ពី​គោលបំណង​ខាង​វិញ្ញាណ​មួយ​ចំនួន​នៃ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

« មូលដ្ឋាន​គ្រឹះ​នៃ​ការរស់នៅ​ដោយ​ការបម្រុង​ទុក​គឺ​ជា​ច្បាប់​ដង្វាយមួយភាគក្នុងដប់ ។ គោលបំណង​ចម្បង​នៃ​ច្បាប់​នេះ​គឺ​ជួយ​យើង​បង្កើន​សេចក្តី​ជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ ដង្វាយ​មួយភាគ​ក្នុង​ដប់​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​បំណង​ប្រាថ្នាផ្ទាល់​ខ្លួន​អំពី​អ្វីៗ​នៃ​លោកិយ​នេះ ហើយ​មាន​ឆន្ទៈ​លះបង់​ខ្លួន​សម្រាប់​មនុស្ស​ដទៃ​ទៀត ។ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ជា​ច្បាប់​ស្មើភាព​ដ៏​អស្ចារ្យ ដ្បិត​ទោះ​ជា​យើង​មាន ឬ ក្រ​យ៉ាង​ណា នោះ​យើង​ទាំង​អស់​គ្នា​បង់​មួយ​ភាគ​ក្នុង​ដប់​ដូច​គ្នា​នៃ​ប្រាក់​កំណើន​ប្រចាំ​ឆ្នាំ​របស់​យើង ( សូមមើល គ. និង ស. ១១៩:៤ហើយ​យើង​គ្រប់​គ្នា​ទទួល​បានពរជ័យ​យ៉ាង​ច្រើន ‹ ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក [ វា ] › បាន​ទេ (ម៉ាឡាគី ៣:១០) » (Becoming Provident Providers Temporally and Spiritually »EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២០ ។ ក្រុមប្រឹក្សា​លើ​ការរៀបចំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

កាលពីមុន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៅ​រដ្ឋ មិសសួរី​ត្រូវ​បាន​ណែនាំ​ឲ្យ​ចូលរួម​នៅ​ក្នុង​ក្រុមប្រឹក្សា​លើ​ការរៀបចំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ក្រោយ​មក​តួនាទី​នោះ​ត្រូវបាន​ផ្ទេរ​ឲ្យ​ទៅ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ដូច្នេះ​នៅ​ក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ​ ក្រុមប្រឹក្សា​លើ​ការរៀបចំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​រួម​មាន គណៈប្រធានទីមួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង គណៈប៊ីស្សព​ជា​អធិបតី ។

អែលឌើរ រ៉ូបឺត ឌី ហែល បាន​ប្រាប់​អំពី​បទពិសោធន៍​របស់​ខ្លួន​ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​លើ​ការរៀបចំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ កាល​ពី​ដំបូង​ក្នុង​នាម​ជា​ប៊ីស្សព​ជាអធិបតី ហើយ​ក្រោយ​មក​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

« ដូច​ដែល​បាន​បើក​សម្តែង​ដោយ​ព្រះអម្ចាស់ នោះ ការប្រើប្រាស់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​បាន​សម្រេច​ដោយ​ក្រុមប្រឹក្សាមួយដែលរួមមានគណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវក​ដប់ពីរ​នាក់ និង គណៈប៊ីស្សព​ជា​អធិបតី ។ ជាពិសេស​ព្រះអម្ចាស់​បាន​ថ្លែង​ថា កិច្ចការ​ក្រុមប្រឹក្សា​ត្រូវ​បាន​ដឹកនាំ ‹ ដោយ​សំឡេង​យើង​ផ្ទាល់​ដល់​ពួកគេ › [គ. និង ស. ១២០:១] ។ ក្រុមប្រឹក្សា​នេះ​ត្រូវបាន​ហៅ​ថា​ក្រុមប្រឹក្សា​លើ​ការរៀបចំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

« វា​ជា​ការណ៍​មួយ​អស្ចារ្យ​ដើម្បី​ឃើញ​ថា​ក្រុមប្រឹក្សា​នេះ​ស្តាប់តាម​សំឡេង​របស់​ព្រះអម្ចាស់ ។ សមាជិក​ម្នាក់​ដឹង និង ចូលរួម​នៅ​ក្នុង​គ្រប់​ការសម្រេច​ចិត្ត​ទាំងអស់​របស់​ក្រុមប្រឹក្សា ។ គ្មាន​ការសម្រេច​ណា​មួយត្រូវ​បាន​ធ្វើឡើង​ឡើយ រហូត​ទាល់​តែមាន​ការមូលមតិជា​ក្រុមប្រឹក្សា ។ គ្រប់​មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​បាន​ចំណាយ​សម្រាប់​គោលបំណង​របស់​សាសនាចក្រ រួមមាន​សុខុមាលភាព—ការថែទាំ​ដល់​អ្នក​ទ័លក្រ និង ជនទុរគត—ព្រះវិហារ​បរិសុទ្ធ ការសាងសង់ និង ថែទាំ​សាលាប្រជុំ ការអប់រំ កម្មវិធី​សិក្សា—និយាយ​ឲ្យ​ខ្លី​គឺ​កិច្ចការ​របស់​ព្រះអម្ចាស់ ។…

« ជូនចំពោះ​សមាជិក​សាសនាចក្រ និង មនុស្ស​ដទៃ​ទៀត​នៅ​ទូទាំង​ពិភពលោក ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ក្រុមប្រឹក្សា លើការរៀបចំ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ខ្ញុំ​បាន​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នោះ…ក្នុង​នាម​ជា​ប៊ីស្សព​ជា​អធិបតី​នៃ​សាសនាចក្រ ហើយ​ឥឡូវ​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។ គ្មានករណីលើកលែងឡើយ មូលនិធិដង្វាយមួយភាគក្នុងដប់នៃសាសនាចក្រត្រូវបាន​ប្រើប្រាស់សម្រាប់​គោលបំណង​របស់​ទ្រង់ » (Tithing: A Test of Faith with Eternal Blessings »Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ២៨ ) ។