ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៩ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៣


មេរៀនទី ១២៩

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៣

បុព្វកថា

អំឡុងពេល​ដែល​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ក្នុង​គុក​លីប៊ើធី ថ្ងៃ​ទី ១ ​ខែ ធ្នូ ឆ្នាំ ១៨៣៨ ដល់​ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៣៩ លោក​បាន​សរសេរ​សំបុត្រ​នៃ​ការលួងលោម និង ទូន្មាន​ដល់​ពួក​បរិសុទ្ធ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣ គឺ​ជា​ការដកស្រង់​មួយ​ចេញ​ពី​សំបុត្រ​នោះ​ដែល​ចុះ​ថ្ងៃ​ទី ២០ ខែ មិនា ឆ្នាំ ១៨៣៩ ដែលលោក​បាន​សរសេរទៅកាន់​ពួក​បរិសុទ្ធ ។ នៅក្នុង​ការដកស្រង់​នេះ ព្យាការី​បាន​សូម​ឲ្យ​ពួក​បរិសុទ្ធ​ប្រមូល និង បោះពុម្ព​ដំណើរ​រឿង​នៃ​ការបៀតបៀន និង ការរងទុក្ខ​របស់​ពួកគេ ហើយ​ជួយ​ដល់អស់​អ្នក​ដែលបំភាន់​ដោយ​គោលលទ្ធិ​ក្លែងក្លាយ ។

កំណត់ចំណាំ ៖ មេរៀន​បន្ទាប់ ( « ការកសាង​ទីក្រុង​ណៅវូ » មេរៀន​ទី ១៣០ ) នឹង​ផ្តល់​ឱកាស​មួយ​ឲ្យ​សិស្ស​ពីរនាក់​បង្រៀន​ផ្នែក​នៃ​មេរៀន​នោះ ។ អ្នក​អាច​នឹង​ជ្រើសរើស​សិស្ស​ពីរ​នាក់​ក្នុង​ពេល​ឥឡូវ​នេះ ហើយ​ផ្ដល់​ច្បាប់​ចម្លង​មួយផ្នែក ​នៃ​មេរៀន​ទី ១៣០ ​ដែល​បាន​ចាត់តាំង​ដល់​ពួកគេ ដើម្បី​ពួកគេ​អាច​រៀបចំ​មេរៀន​នោះ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១-៦

យ៉ូសែប ស៊្មីធ ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ប្រមូល និង បោះពុម្ព​ដំណើរ​រឿង​នៃ​ការបៀតបៀន និង ការរងទុក្ខ​របស់​ពួកគេ

សូម​ចាប់ផ្ដើម​ដោយ​អាន​សេចក្តី​ថ្លែង​ខាងក្រោម​នេះ ៖

« នេះ​សូម​បញ្ជាក់​ថា ខ្ញុំ​ឈ្មោះ​ឌែលា រីដ បាន​ប្តូរ​មកនៅ​រដ្ឋ មិសសួរី​នៅក្នុង​ឆ្នាំ ១៨៣៦ ។ ស្វាមី​របស់​ខ្ញុំ​បាន​ស្លាប់​មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​យើង​បាន​មក​ដល់​ទីនេះ ហើយ​ទុក​កូន​តូចៗ​ប្រាំពីរ​នាក់​ជាមួយ​ខ្ញុំ ។… នៅពេល​ភាពច្របូកប្របល់​បាន​កើត​មាន​ឡើង​រវាង​ពួក​ប្រជាជន និង ពួក​មរមន នោះ​ខ្ញុំ​ជាមួយ​នឹង​សមាគម​ទាំងអស់​របស់​យើង ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​រដ្ឋ​នោះ ។… ខ្ញុំ​ត្រូវ​បាន​បង្ខំ​ឲ្យ​លះបង់​ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន [ និង ] គ្រួសារ​របស់​ខ្ញុំ [ បាន ] ព្រាត់ប្រាស់​គ្នា ហើយ​ខ្ញុំ​ត្រូវ​ទទួល​អាហារ​បន្តិចបន្តួច​ពី ជន​ដែល​ខ្ញុំ​មិន​ស្គាល់ » ( ឌែលា រីដ នៅក្នុង Mormon Redress Petitions: Documents of the ១៨៣៣–១៨៣៨ Missouri Conflict,បាន​បោះពុម្ព​ដោយ ខ្លាក វី ចនសុន [ ឆ្នាំ ១៩៩២ ] ទំព័រ ៥២៣ វណ្ណយុត្ត អក្សរ​ធំ និង ការប្រកប​ពាក្យ​ដែល​មាន​បទដ្ឋាន ) ។

សូម​ពន្យល់​ថា​នេះ​គឺ​ជា​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​របស់​បងស្រី រីដ ដែល​បាន​ផ្តល់​ឲ្យ​មន្ត្រី​ចៅក្រម ។ បន្ទាប់មក​សូមអញ្ជើញសិស្សឲ្យ​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៣:១ ដោយ​ស្ងៀមស្ងាត់ ។

  • ចេញពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ខគម្ពីរ​នេះ តើ​បងស្រី រីដ​ផ្តល់​សេចក្តីថ្លែងការណ៏​នេះ​ក្នុង​គោលបំណង​អ្វី ?

សូម​រំឭក​សិស្ស​ថា​ចាប់ពី ខែ ធ្នូ ឆ្នាំ ១៨៣៨ ដល់ ខែ មេសា ឆ្នាំ ១៨៣៩ ព្យាការី យ៉ូសែប ស៊្មីធ និង អ្នក​ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវបាន​ជាប់​ឃុំ​នៅ​ក្នុង​គុក​នៅ​លីប៊ើធី រដ្ឋ មិសសួរី ។ នៅ​តំណាល​គ្នា​នោះ ពួកបរិសុទ្ធ​ត្រូវបាន​បណ្តេញ​ចេញ​ពី​រដ្ឋ មិសសួរី អំឡុង​ពេល​រដូវរងា​ដ៏​ត្រជាក់ជាច្រើនខែ ដោយសារ​តែការ​ចេញ​បញ្ជា​ឲ្យសម្លាប់​ផ្តាច់​ពូជរបស់​រដ្ឋាភិបាល លិបបឹន បកស៏ ។ សូម​ពន្យល់​ថា គោលលទ្ធិ និង ​សេចក្ដីសញ្ញា ១២៣ គឺ​ជា​ការដកស្រង់​មួយ​នៃ​សំបុត្រ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ដែល​បាន​សរសេរ​នៅ​ខែ មិនា ឆ្នាំ ១៨៣៩ ពី​គុក​លីប៊ើធី​ដែល​ផ្តល់​ការទូន្មាន​ដល់​ពួក​បរិសុទ្ធ​អំឡុង​ពេល​ដ៏​លំបាក​នេះ ។

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ឲ្យ​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:១-៥ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​អ្វី​ដែល​យ៉ូសែប​បាន​ណែនាំ​ឲ្យ​ពួកបរិសុទ្ធ​ដែល​រង​ការបៀតបៀន​ធ្វើតាម ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ខគម្ពីរ​ទាំង​នោះ អ្នក​អាច​ត្រូវការ​ពន្យល់​ថា​នៅ​ក្នុង ខ ៥ ឃ្លា « ប្រជុំអំពើ​ទុច្ចរិត » សំដៅ​លើ​ការប្រមូល​នៃ​ការកុហក់​ទុច្ចរិត និង ឃ្លា « ការបង្ខំ​ដ៏​អាក្រក់​អាស្រូវ និង ឃាតកម្ម​ទាំងឡាយ » សំដៅ​លើ​អំពើ​អាក្រក់ និង ទង្វើ​ហិង្សា ។

  • តើ​ព្យាការី​បាន​ទូន្មាន​ឲ្យ ពួកបរិសុទ្ធ​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ?

ពួក​បរិសុទ្ធ​ជាច្រើន​បាន​គោរពប្រតិបត្តិ​តាម​ការទូន្មាន​របស់​ព្យាការី ហើយ​បាន​ប្រមូល​ដំណើររឿង​នៃ​ការបៀតបៀន​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​មូលហេតុ​ដែល​ពួក​បរិសុទ្ធ​ត្រូវបាន​ប្រាប់​ឲ្យ​ប្រមូល​ដំណើរ​រឿង​នៃ​ការបៀតបៀន និង ការរងទុក្ខ​របស់​ពួកគេ ។ អ្នក​អាច​ពន្យល់​ថា​ឃ្លា « ដែល​តម្រូវ​ពី​យើង » មាន​ន័យ​ថា « តម្រូវ​ឲ្យ​ពួក​យើង » ។ អ្នក​អាច​រំឭក​ពួកគេ​ថា​ព្រះអម្ចាស់​បាន​សន្យា​កាល​ពី​មុន​ថា ប្រោសលោះ​ពួក​បរិសុទ្ធ​ដែល​ត្រូវបាន​គេ​បៀតបៀន​ហើយ « យាង​ចេញ​ពីទីកំបាំង​របស់​ទ្រង់ ហើយនៅក្នុងសេចក្តីខ្ញាល់របស់ទ្រង់នឹងធ្វើទុក្ខ​ដល់​ប្រទេស » (គ. និង ស. ១០១:៨៩) ។

  • យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:៦, ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​បញ្ជា​ឲ្យ​ពួកបរិសុទ្ធ​ប្រមូល​ដំណើរ​រឿង​នានា​នៃ​ការបៀតបៀន​របស់​ពួកគេ ?

  • តើ​ខគម្ពីរ​នេះ​បង្រៀន​អ្វីខ្លះ ដែល​យើង​ត្រូវ​ធ្វើ​ពីមុនពេល​ដែល​ព្រះអម្ចាស់​បំពេញ​ការសន្យា​របស់​ទ្រង់ ?

សូម​អញ្ជើញ​សិស្សឲ្យ​សរសេរ​សេចក្តី​ថ្លែងការណ៍​ដែល​ជា​គោលការណ៍ ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​កិច្ចខិតខំ​របស់​យើង និង ការសន្យា​របស់​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​គោលការណ៍​ដែល​ពួកគេ​បាន​រក​ឃើញ ។ ខាង​ក្រោម គឺ​ជា​របៀប​មួយ​ដែល​សិស្ស​អាច​សរសេរ​គោលការណ៍​នេះ ៖ ព្រះអម្ចាស់​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់ បន្ទាប់​ពី​យើង​បាន​ធ្វើ​ផ្នែក​របស់​យើង​ជាមុន​សិន ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ធ្វើ​ផ្នែក​របស់​យើង ពីមុន​ទ្រង់​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់ ?

  • តើ​អ្នក​ធ្លាប់​បាន​ឃើញ​គោលការណ៍​នេះ​បញ្ជាក់​នៅ​ក្នុង​ជីវិត​របស់​អ្នក ឬ នៅក្នុង​ជីវិត​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​នៅពេល​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:៧-១៧

យ៉ូសែប ស៊្មីធ ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ជួយ​ដល់​អស់​អ្នក​ដែលបំភាន់​ដោយ​ពាក្យ​កុហក

សូម​អញ្ជើញ​សិស្សឲ្យ​ស្រមៃ​ថា​ពួកគេ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​សរសេរ​របាយការណ៍​អំពី​សាសនាចក្រ​សម្រាប់​នរណា​ម្នាក់​នៅក្នុង​សាលា​រៀន​របស់​ពួកគេ ។ ផ្នែក​មួយ​នៃ​តម្រូវការ​នោះ ពួកគេ​ត្រូវតែ​រួមបញ្ចូល​យ៉ាង​ហោច​ណាស់​ប្រភព​បី​យ៉ាង ។

  • តើ​ធនធាន​អ្វី​ដែល​អ្នក​អាច​ប្រើ​សម្រាប់​របាយការណ៍​របស់​អ្នក ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ពី​ធនធាន​ដែល​អ្នក​ប្រើ​ដើម្បី​សរសេរ​អំពី​សាសនាចក្រ​នោះ ?

  • តើ​អ្នក​ដឹង​ថា​ធនធាន​មួយ​ពិត​ដែល​ពិពណ៌នា​ពី​សាសនាចក្រ​ដោយ​របៀប​ណា ?

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:៧-១០ ដោយ​ពន្យល់​ថា នៅពេល​យ៉ូសែប ស្ម៊ីធ បាន​កត់ត្រា​ខគម្ពីរ​ទាំង​នេះ មានការកុហក​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​អំពី​សាសនាចក្រ ។ ពួកបរិសុទ្ធ​ត្រូវបាន​គេ​ប្រាប់​ថា​វា​គឺ​ជា « កាតព្វកិច្ច​ដ៏​ចាំបាច់ » (គ. និង ស. ១២៣:៧) ដើម្បី​ឆ្លើយតប​នឹង​ការកុហកទាំង​នេះ ហើយ​ប្រមូល និង បោះពុម្ព​ដំណើរ​រឿង​នៃ​ការបៀតបៀន និង ការរងទុក្ខ​របស់​ពួកគេ ។

សូម​អញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:១១-១២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​មូលហេតុ​បន្ថែម​ដែល​ពួក​បរិសុទ្ធ​ត្រូវបាន​ដឹកនាំ​ឲ្យ​ប្រមូល និង បោះពុម្ព​ដំណើរ​រឿង​នៃ​ការបៀតបៀន និង ការរងទុក្ខ​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​ការរកឃើញ​របស់​ពួកគេ ។

  • យោង​តាម ខ ១២, តើ​មាន​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​មាន​ចិត្ត​បរិសុទ្ធ​ដែល​បាន​លាក់បាំង​ពី​សេចក្តី​ពិត ?

  • តើ​អ្នក​គិតថា​ការកុហក​អំពី​សាសនាចក្រ​ប៉ះពាល់​ដល់​អស់​អ្នក​ដែល​មិន​មែននៅ​ក្នុង​ជំនឿ​របស់​យើង​យ៉ាង​ដូចម្តេច​ខ្លះ ?

  • យោង​តាម ខ ១២ ហេតុអ្វីបានជា​មាន​មនុស្ស​ជា​ច្រើន​នាក់​នៅ​លើ​ផែនដី​នេះ​ត្រូវ​បាន​លាក់បាំង​ពី​សេចក្តី​ពិត ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ពួកគេ​គួរ​តែ​រកឃើញ​សេចក្ដីពិត​ខាង​ក្រោម ៖ មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​លាក់បាំង​ពី​សេចក្តី​ពិត​ដោយសារ​ពួកគេ​មិន​ដឹង​ជា​ទៅ​រក​សេចក្តីពិតនៅ​ឯ​ណា​ឡើយ ) ។

  • តើ​ការបោះពុម្ព​សេចក្តី​ពិត​អំពី​ការបៀតបៀន និង ការរងទុក្ខ​របស់​ពួក​បរិសុទ្ធ​នៅពេល​នោះ​អាច​ជួយ​មនុស្ស​ឲ្យ​រក​សេចក្តី​ពិត​យ៉ាង​ដូចម្តេច ?

សូម​រំឭក​សិស្ស​ថា នៅតែ​មាន​មនុស្ស​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ « ដែល​បាន​ខ្វាក់​ដោយសារ​ឧបាយកល​ដ៏​ប្រសប់​នៃ​មនុស្ស » ហើយ​ដែល​ត្រូវបាន​លាក់​ពី​សេចក្តីពិត ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅ​រក​សេចក្តី​ពិត​ឯណា​ទេ (គ. និង ស. ១២៣:១២) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ស្តាប់​ដោយ​ស្វែងរក​អ្វី​ដែល​លាក់​មនុស្ស​ពី​ការដឹង​សេចក្តី​ពិត​អំពី សាសនាចក្រ​នៅ​ជំនាន់​របស់​យើង​នេះ ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« មាន​មនុស្ស​ជា​ច្រើន ដែលមានការយល់ដឹងតិចតួច​អំពី​សាសនាចក្រ ដោយសារតែ​ព័ត៌មាន​ភាគច្រើន​ដែល​ពួកគេ​បាន​ឮ​ពីយើង គឺ​មក​ពី​ព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​ជាញឹកញាប់​ជំរុញ​ដោយ​ការជំទាស់ ។ ការផ្តោត​ចិត្ត​ច្រើន​ពេក​លើ​ការជំទាស់​បាននាំ​ឲ្យ​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ការយល់ដឹង​របស់​មនុស្ស​អំពី​ភាពពិត ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន » (Sharing the Gospel Using the Internet » Ensign, ខែ កក្កដា ឆ្នាំ ២០០៨ ទំព័រ ៦២ ) ។

  • យោងតាម អែលឌើរ បាឡឺដ តើ​អ្វីខ្លះ​ដែល​លាក់បាំង​មនុស្ស​ពី​ការដឹង​សេចក្តី​ពិត​អំពី សាសនាចក្រ​នៅ​ជំនាន់​របស់​យើង​នេះ ?

សូម​ពន្យល់​ថា ស្រដៀង​នឹង​ពួកបរិសុទ្ធ​ក្នុងឆ្នាំ ១៨៣៩ យើង​ត្រូវបាន​ដឹកនាំ​ឲ្យ​ជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​ការយល់​ដឹង​ត្រឹមត្រូវ​អំពី​សាសនាចក្រ​នេះ​គឺ​យល់ដឹង​ពី—សមាជិក អ្នក​ដឹកនាំ ជំនឿ ប្រវត្តិ ការបង្រៀន និង ការអនុវត្ត ។

  • តើ​អ្វី​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​បាន​ការយល់​ដឹង​ត្រឹមត្រូវ​អំពី​សាសនាចក្រ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម ដោយ​អែលឌើរ អិម រ័សុល បាឡឺដ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​របៀប​មួយ​ដែល​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​បាន​ការយល់ដឹង​ត្រឹមត្រូវ​អំពី​សាសនាចក្រ ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« មាន​ការសន្ទនា​ជាច្រើន​អំពី​សាសនាចក្រ​ឥត​ឈប់ឈរ ។ ការសន្ទនា​នោះ​នឹង​បន្ត ទោះបី​ជា​យើង​ជ្រើសរើស​ចូលរួម ឬ មិន​ចូលរួម​ក៏​ដោយ ។ ប៉ុន្តែ​យើង​មិន​អាច​ឈរ​នៅ​ស្ងៀម ខណៈ​ដែល​មនុស្ស​ដទៃ រួម​ទាំងអ្នក​រិះគន់​របស់​យើង​ព្យាយាម​កំណត់​ពី​អ្វី​ដែល​សាសនាចក្រ​បង្រៀនឡើយ ។ ខណៈ​ដែល​ការសន្ទនា​មួយ​ចំនួន​មាន​អ្នក​ស្តាប់​រាប់ពាន់ ឬ រាប់លាន​អ្នក​ក៏​ដោយ ការសន្ទនា​នោះ​គឺ​ជា​រឿង​តូចតាច​ទេ ។ ប៉ុន្តែ​ការសន្ទនា​ទាំង​នោះ​មាន​ឥទ្ធពល​លើ​អស់​អ្នក​ដែល​ចូលរួម​ក្នុង​ការសន្ទនា​នោះ ។ ការយល់ដឹង​អំពី​សាសនាចក្រ​ត្រូវបាន​កកើត​ឡើង​នៅក្នុង​ការសន្ទនា​ម្តងៗ ។…

« ឥឡូវ​នេះ​ខ្ញុំ​សូម​ឲ្យ​អ្នក​ចូលរួម​សន្ទនា​តាមរយៈ ការចូលរួម​តាម​អ៊ិនធើរណែត ដើម្បី​ចែកចាយ​ដំណឹងល្អ ហើយ​សូម​ពន្យល់​នូវ​សារលិខិត​ដ៏​សាមញ្ញ និងច្បាស់លាស់​នៃ​ការស្តារ​ឡើងវិញ ។… ពិតមែន​ហើយ ការណ៍​នេះ​តម្រូវ​ឲ្យ​អ្នក​យល់​គោលការណ៍​គ្រឹះ​នៃ​ដំណឹង​ល្អ​សិន ។ វា​គឺ​ជា​ការណ៍​សំខាន់​ដែល​អ្នក​អាច​ផ្តល់​ជា​សាក្សី​ដ៏ ច្បាស់ និង ត្រឹមត្រូវ អំពី​សេចក្តីពិតនៃដំណឹងល្អ » (Sharing the Gospel Using the Internet »ទំព័រ ៦១,៦២ ) ។

សូម​បន្ថែម​យោបល់​របស់​អែលឌើរ បាឡឺដ លើ​យោបល់​ដែល​មាន​នៅលើ​ក្ដារខៀន​នោះ ។

សូម​អញ្ជើញ​សិស្សឲ្យ​ពិចារណា​អំពី​របៀប​ដើម្បី​ជួយ​មនុស្ស​ដទៃ រៀន​អំពីសេចក្តីពិត​ដែល​បាន​សរសេរ​លើ​ក្តារខៀន ។ សូម​ឲ្យ​ពួកគេ​ជ្រើសរើស​សេចក្តីពិត​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​អាច​យក​ទៅ​ប្រើ ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ឲ្យ​រាយការណ៍​អំពី​យោបល់​ណា​មួយ​ដែល​ពួកគេ​បាន​ជ្រើសរើស និង របៀប​ដែល​ពួកគេ​រៀប​ផែនការ​ប្រើ​វា ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​ការយល់​ដឹង​ត្រឹមត្រូវ​អំពី​សាសនាចក្រ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ទាំងអស់​ឲ្យ​ធ្វើ​តាម​យោបល់​ដែល​ពួកគេ​បាន​ជ្រើសរើស ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ស្វែងរក​សេចក្តីពិត ។

សូម​ឲ្យ​សិស្ស​គិត​អំពី​គ្រា​មួយ ដែល​ពួកគេ​បាន​ជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​ការយល់ដឹង​ត្រឹមត្រូវ​អំពី សាសនាចក្រ ។ សូមអញ្ជើញ​សិស្ស​ពីរ​បីនាក់ឲ្យ​ ចែកចាយ​បទពិសោធន៍​របស់​ខ្លួន ជា​មួយ​សិស្ស​ក្នុង​ថ្នាក់ ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:១៣-១៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ពួក​បរិសុទ្ធ​ត្រូវបាន​ប្រាប់​អំពី​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​បង្ហាញ​ដំណើរ​រឿង​ពិត​អំពី​សេចក្តីពិត​ដល់​មនុស្ស​ដទៃ ។

  • យោង​តាម ខ ១៥, ហេតុអ្វី​បាន​ជា​ពួក​បរិសុទ្ធ​ត្រូវបាន​ប្រាប់​ថា​កុំ​ចាត់ទុក​កិច្ចខិតខំ​របស់​ពួកគេ​ថា​ជា « ការណ៍​តូចឡើយ ? »

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី​ការទូន្មាន​របស់​ព្រះអម្ចាស់​នៅ​ក្នុង ខ ១៥ អំពី​ការសម្រេច​ចិត្ត​តូចតាច​ដែល​យើង​ធ្វើ​ក្នុង​ពេល​ឥឡូវ​នេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្ដែ​ពួកគេ​គួរតែ​រកឃើញ​គោលការណ៍​ខាង​ក្រោម ៖ ការសម្រេចចិត្ត​របស់​យើង​ដើម្បី ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដែល​ហាក់បី​ដូច​ជា​តូចតាច អាច​មាន​ឥទ្ធពល​ធំធេង​លើ​ជីវិត​របស់​យើង​នា​ពេល​អនាគត) ។

  • តើ​ការសម្រេចចិត្ត​តូចតាច​ដើម្បី មាន​ការសន្ទនា​អំពី​ដំណឹង​ល្អ​ជាមួយ​នរណា​ម្នាក់​អាច​មាន​ឥទ្ធិពល​ធំធេង​យ៉ាង​ដូចម្តេច ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:១៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​របៀប​ដែល​ខគម្ពីរ​នេះ​ទាក់ទង​នឹង​សេចក្តីពិត​ដែល​បាន​សរសេរ​លើ​ក្តារខៀន​ពីមុន ៖ ព្រះអម្ចាស់​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់ បន្ទាប់​ពី​យើង​បាន​ធ្វើ​ផ្នែក​របស់​យើងជាមុន ។ សូម​អញ្ជើញ​សិស្ស​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​ដើម្បី « ប្រព្រឹត្ត​ការណ៍​ទាំងនេះ​ដែល​នៅ​ក្នុង​អំណាច​យើង » ដោយ​រីករាយ​ចុះ ?

  • ផ្អែកលើ ខ ១៧តើ​យើង​អាច​ត្រូវបាន​ធានា​អ្វីខ្លះ បើសិន​យើង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​នោះ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​គោលការណ៍​ខាង​ក្រោម ៖ បើ​យើង​ប្រព្រឹត្ត​ការណ៍​ទាំងនេះ​ដែល​នៅ​ក្នុង​អំណាច​យើង ដើម្បី​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ទទួល​ការធានា​អះអាង​ថា​ព្រះ​នឹង​ប្រើ​ព្រះចេស្តា​របស់​ទ្រង់​ដើម្បី​ជួយ​យើង​ស្រប​តាម​ព្រះឆន្ទៈ និង ពេលវេលា​របស់​ទ្រង់ ) ។

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា ដើម្បីមាន​ការធានា​ថា​ព្រះ​នឹង​ប្រើ​ព្រះចេស្តា​របស់​ទ្រង់ ដើម្បី​ជួយ​យើង​បើសិន​យើង « ប្រព្រឹត្ត​ការណ៍​ទាំងនេះ​ដែល​នៅ​ក្នុង​អំណាច​យើង​ដោយ​រីករាយ ? » តើ​មាន​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​មាន​ការធានា​អះអាង​នោះ​នៅក្នុង​ជីវិត​របស់​អ្នក ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា យើង​អាច​មាន​ទំនុកចិត្ត​ថា នៅពេល​យើង​បាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ នោះ​ទ្រង់​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១ ។ « ប្រមូល​ទុក​ជា​សម្គាល់​អំពី…ការទុក្ខវេទនា និង ការទុក្ខទោស​ទាំងអស់ »

ពួកបរិសុទ្ធ​ដែល​រងទុក្ខ​នៅ​ក្នុង​រដ្ឋ មិសសួរី បាន​គោរព​ប្រតិបត្តិ​តាម​ការទូន្មាន​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣ហើយ​ពួកគេ​បាន​ប្រមូល​ដំណើរ​រឿង​ជា​ច្រើន​អំពី​ការបៀតបៀន​របស់​ពួកគេ ។ សេចក្ដី​ថ្លែងការណ៍​ជា​ផ្លូវការ​ពីរ​ខាង​ក្រោម​នេះ​ត្រូវបាន​ផ្តល់​ឲ្យ​មន្ត្រី​ចៅក្រម ៖

« ឧត្តមសេនីយ ខ្លាក ​មកជួប ខលវែល ជាមួយ​នឹង​ពលទ័ព​របស់​លោក ។ ខ្ញុំ​រស់នៅ​ចម្ងាយ​ប្រហែល​បី​គីឡូ​ជាង​ពី ហ្វា ហ្វេស … នៅ​ក្បែរ​ផ្ទះ​លោក ហ្គាត យ៉ែល ។ កងទ័ព​មួយ​ចំនួន​របស់​ឧត្តមសេនីយ ខ្លាក បាន​មក​ផ្ទះ​របស់​លោក យ៉ែល ហើយ​បាន​ឈប់​នៅ​ទីនោះ​ប្រហែល​ជា​ពីរ​ថ្ងៃ ហើយ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ។ ពួកគេ​បាន​កំទេច​កម្រាល​ផ្ទះ​ទាំង​ពីរជាន់​នោះ បំផ្លាញ​បសុបក្សី និង សត្វ​ជ្រូក​របស់​ពួកគេ ហើយ​បាន​ដុត​បំផ្លាញ…គំនរចំបើង ។ ខ្ញុំ​បាន​ឃើញ​ពួកគេ​ដុត​បំផ្លាញ​ចំបើង​ឲ្យខ្ទេចខ្ទី​ទាំងស្រុង ។ ពួកគេ​បាន​យក​ពោត​ពីចម្ការ​លោក យ៉េល​តាមទំនើង​ចិត្ត​ឲ្យ​សេះ​របស់​ពួកវា ហើយ​ខ្ញុំ​ជឿ​ថា​ដី​ដប់​ហិចតា​របស់​គាត់​ត្រូវ​បាន​បំផ្លាញ​បង់ ។… សត្វ​ជ្រូក​មួយ​ចំនួន​ដែល​ពួកវា​បាន​បាញ់​ត្រូវបាន​ទុកចោល​លើ​ដី​ឲ្យ​ស្អុយ​រលួយ ។ ខ្ញុំ​ក៏​បាន​ឃើញកងជីវពល​មួយ​ចំនួនចូល​ទៅក្នុង​ផ្ទះ​របស់​លោក ស៊ីរ៉ាស ដានីយ៉ែល ដែល​ពួកគេ​បានប្លន់ ។ ខ្ញុំ​បាន​ឃើញ​ពួកវា​សែង​គ្រែ​មួយ ព្រមទាំង​ភួយ​មុង និង ក្រណាត់​មួយ​ចំនួន​ទៀត » ( ម៉ារី ខេ ម៉ាយ នៅក្នុង Mormon Redress Petitions: Documents of the ១៨៣៣–១៨៣៨ Missouri Conflict បាន​បោះពុម្ព​ដោយ ខ្លាក វី ចនសុន [ ឆ្នាំ ១៩៩២ ] ទំព័រ ៤៩៦–៩៧ វណ្ណយុត្ត អក្សរធំ និង ការប្រកប​ពាក្យ​ដែល​មាន​បទដ្ឋាន ) ។

« ខ្ញុំ​សូម​បញ្ជាក់​ថា ឪពុក​របស់​ខ្ញុំ​បាន​ឈប់​នៅ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ហន ហើយ​បាន​រស់នៅ​ក្នុង​តង់​នៅពេល​ដែល​ការសម្លាប់​រង្គាល​បាន​កើត​ឡើង​នៅ​ទីនោះ ។ ខ្ញុំ​បាន​នៅ​ក្នុង​តង់​ពេល​ពលទ័ព​នោះ​បាន​មក​ដល់ ។ មនុស្ស​របស់​យើង​មួយ​ចំនួន​បាន​ស្រែក​ឲ្យ​ស្ត្រីៗ និង កូនក្មេង​ចាកចេញ​ពី​តង់ ។ ខ្ញុំ​បាន​រត់​ចូល​ទៅ រោងជាង​ដែក​ដែល​ឪពុក​ខ្ញុំ​នៅ​ក្នុង​នោះ ។ ខ្ញុំ​បាន​លូន​លបៗ​នៅ​ក្រោម​ស្នប់ ព្រម​ទាំង​បងប្រុស​របស់​ខ្ញុំ និង ក្មេងប្រុស​ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​ថា ឆាលេស មើរីក ។ ខ្ញុំ​បាន​រងរបួស​ចំ​ភ្លៅ បងប្រុស​របស់​ខ្ញុំ​ត្រូវ​បាន​បាញ់​ចំ​ក្បាល ហើយ​ក្មេង​ប្រុស​ម្នាក់​នោះ​ត្រូវ​របួស​បី​កន្លែង ហើយ​បាន​ស្លាប់​ដោយ​សារ​ពួកវា ។ ម្តាយ​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​អាយុ​ប្រាំបី​ឆ្នាំ​កាល​ពីខែ​មុន ។ ខ្ញុំ​បាន​ឃើញ​ពួក​សត្រូវ​របស់​យើង​បាន​ទាញ​ស្បែកជើង​ក​វែង​របស់​ឪពុក​ខ្ញុំ ពីមុន​គាត់​បាន​ស្លាប់ » ( អាលម៉ា ស្ម៊ីធ នៅក្នុង Mormon Redress Petitions, ទំព័រ ៥៣៧ វណ្ណយុត្ត អក្សរធំ វេយ្យករណ៏ និង ការប្រកប​ពាក្យ​ដែល​មាន​បទដ្ឋាន ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:៤-៥ ។ « ការបោះពុម្ព​ផ្សាយ​បង្ខូច​កេរ្ត៍​ទាំងឡាយ​ដែល​សុសសាយ »

អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​ភាព អវិជ្ជមាន​ជា​សាធារណ​អំពី​សាសនាចក្រ អាច​ជួយ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

« បទពិសោធន៍​បង្ហាញ​ថា​រដូវកាល​នៃ​ភាព អវិជ្ជមាន​ជា​សាធារណ​អំពី​សាសនាចក្រ អាច​ជួយ​សម្រេច​គោលបំណង​របស់​ព្រះអម្ចាស់ ។ នៅក្នុង​ឆ្នាំ ១៩៨៣ គណៈប្រធានទីមួយ​បាន​សរសរ​សំបុត្រ​ទៅ​កាន់ពួក​អ្នក​ដឹកនាំ​សាសនាចក្រ ‹ ភាព​ផ្ទុយ​គ្នា​អាច​ក្លាយ​ជា​ឱកាស​មួយ ។ ក្នុង​ចំណោម​ឧបសគ្គ​ដែល​បន្ត​ជួប​ដោយ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង គឺ​ខ្វះ​ចំណាប់​អារម្មណ៍​លើ​បញ្ហា​សាសនា និង នៅក្នុង​សារលិខិត​របស់​យើង ។ ការរិះគន់​ទាំង​នេះ​បង្កើត…ការចាប់​អារម្មណ៍​នៅ​ក្នុង​សាសនាចក្រ។… ការណ៍នេះ​ផ្តល់​ឱកាស​មួយ [ សម្រាប់​សមាជិក ] បង្ហាញ​សេចក្តី​ពិត​ដល់​អស់​អ្នក​ដែល​ផ្តោតចិត្ត​លើ​រឿង​នេះ​ចំពោះ​ពួក​យើង › [ លិខិត​គណៈប្រធាន​ទីមួយ​ចុះ​ថ្ងៃ​ទី ១ ខែ ធ្នូ ឆ្នាំ ១៩៨៣ ] ។

« យើង​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ឱកាស​ទាំងនោះ​តាម​របៀប​ជា​ច្រើន ៖ សរសេរលិខិត​ដ៏​សប្បុរស​មួយ​ឲ្យ​អ្នក​បោះពុម្ព សន្ទនា​ជាមួយ​មិត្តភក្តិ ការបញ្ចេញ​យោបល់​លើ​កំណត់ហេតុបណ្ដាញ ឬ ពោរពាក្យ​ដែល​កែលម្អ​ឡើង​វិញ ចំពោះ​ម្នាក់ដែលបានពោលពាក្យបន្តុះបង្អាប់នោះ ។ យើងអាចឆ្លើយ​សំណួរ​ដោយក្តីស្រឡាញ់ចំពោះអស់​អ្នក​ដែល​បាន​ទទួល​រង​នូវ​ឥទ្ធិពល​នៃ​ព័ត៌មាន​ខុសឆ្គង និង លំអៀង—ដែល ‹ លាក់​ពី​សេចក្ដីពិត​ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅ​រក​សេចក្ដី​ពិត​ឯណា​ទេ › (គ. និង ស ១២៣:១២) ។ ខ្ញុំ​សូម​អះអាង​នឹង​បងប្អូន​ថា នៅពេល​យើង​ឆ្លើយតប​ទៅកាន់​អ្នក​ចោទប្រកាន់​យើង​តាម​របៀប​នេះ​នោះ​នឹង​ពុំ​មាន​គុណវិបត្តិ​ឡើយ វា​គឺ​ជាភាពក្លាហាន​នៅក្នុង​សកម្មភាព​របស់​ពួក​គ្រីស្ទាន » (Christian Courage: The Price of Discipleship »EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧៣ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:៤-៥ ។ ការវាយតម្លៃ​ពី​គោលបំណង និង ភាព​ពិតប្រាកដ​នៃ​ប្រភព​ព័ត៌មាន

អ្នក​និពន្ធ​ខ្លះ​ដែល​បាន​សរសេរ​អំពី​សាសនាចក្រ និង​ប្រវត្តិសាស្ដ្រ​នៃ​សាសនាចក្រ បាន​សរសេរ​ព័ត៌មាន​ក្លែងបន្លំ ឬ​រួមបញ្ចូល​នូវ​សេចក្ដី​ពិត​ខ្លះៗ ដែល​អាច​នាំ​ឲ្យ​មាន​ការយល់ខុស ។ គោលបំណង​នៃ​ការសរសេរ​មួយ​ចំនួន​នេះ គឺ​ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ​នៅ​ក្នុង​សាសនាចក្រ និង ពួក​អ្នក​ដឹកនាំ​សាសនាចក្រ ។

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​មាន​ប្រសាសន៍​ពី​ការសាកល្បងបែបនេះអំពីជំនឿរបស់យើង ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« វា​តែងតែ​មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​ចង់​បំផ្លាញ​កេរ្ដិ៍ឈ្មោះ​របស់​សាសនាចក្រ និង ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ ។ សព្វថ្ងៃនេះ​ពួកគេ​ប្រើ​អ៊ិនធើរណែត ។

« ព័ត៌មាន​ខ្លះ​អំពី​សាសនាចក្រ​មិន​ថា​វា​បញ្ចុះបញ្ចូល​យ៉ាង ណា​ទេ​គឺ​វា​មិន​ពិត​ឡើយ ។ នៅក្នុង​ឆ្នាំ ១៩៨៥ ខ្ញុំ​ចាំ​ថា​មាន​អ្នក​ធ្វើការ​ជាមួយ​ខ្ញុំ​ម្នាក់ បាន​ដើរ​មក​ក្នុង​ការិយាល័យ​ជំនួញ​របស់​ខ្ញុំ​នៅក្នុង​រដ្ឋ ហ្លូរីដា ។ គាត់​មាន​អត្ថបទ​ទស្សនាវដ្តី Time ដែល​មាន​ចំណង​ជើង​ថា ‹ Challenging Mormonism’s Roots › ។ វា​និយាយ​ពី​ការរកឃើញ​ថ្មីៗ​អំពី សំបុត្រ​មួយ​ដែល​សន្និដ្ឋានថា ត្រូវបាន​សរសេរ​ដោយ ម៉ាទីន ហារីស ដែល​ផ្ទុយ​ពី​ដំណើរ​រឿង​របស់​យ៉ូសែប ស្ម៊ីធ អំពី​ការរក​ឃើញ​ផ្ទាំង​នៃ​ព្រះគម្ពីរ​មរមន ។

« អ្នក​ធ្វើការ​ជាមួយខ្ញុំ​នោះ បាន​សួរ​ថា​តើ​ព័ត៌មាន​ថ្មី​នេះ​អាច​បំផ្លាញ​សាសនាចក្រ​មរមន​បាន​ដែរ​ឬ​ទេ ។ អត្ថបទ​នេះ​បាន​ដកស្រង់​ពី​បុរស​ម្នាក់​ដែល​បាននិយាយ​ថា គាត់​បាន​ចាកចេញ​ពី​សាសនាចក្រ​ដោយសារ​ឯកសារ​នោះ ។ ក្រោយ​មក មាន​គេ​រាយការណ៍​ទៀត​ថា​មនុស្ស​ផ្សេង​ទៀត​បាន​ចាកចេញ​ពី​សាសនាចក្រ ។ ខ្ញុំ​ប្រាកដថា​វា​គឺ​ជា​ការសាកល្បង​មួយ​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ ។

« ប៉ុន្មាន​ខែ​ក្រោយមក អ្នក​ជំនាញ​ជាច្រើន​បាន​រកឃើញ ( ហើយ​អ្នកក្លែងបន្លំ​នោះ​បាន​សារភាព ) ថា​សំបុត្រ​នោះ​គឺ​ពិត​ជា​ក្លែងក្លាយ​ទាំងស្រុង ។ ខ្ញុំ​បាន​ចាំ​ថាកាលនោះខ្ញុំពិតជា​សង្ឃឹម​យ៉ាង​ខ្លាំង​ថា អ្នក​ទាំងឡាយ​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ​ដោយសារ​តែ​ការបោក​បញ្ឆោត​នេះ​នឹង​ត្រឡប់​មក​កាន់​សាសនាចក្រ​វិញ ។(Trial of Your Faith » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤១ ) ។

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឲ្យ​វាយ​តម្លៃ​ដោយ​ប្រុងប្រយ័ត្ន​ពី​អ្វីដែល​ពួកគេ​បាន​អាន​អំពី​សាសនាចក្រ និង​ប្រវត្តិ​របស់​សាសនាចក្រ ហើយ​ពឹងផ្អែក​លើ​ព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងបញ្ញារបស់ខ្លួននៅពេលពួកគេ​ធ្វើដូច្នេះ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ការវាយ​តម្លៃ…មាន​ពីរ​កម្រិត​ដោយ​បញ្ញា និងដោយ​វិញ្ញាណ ។

« ដោយ​បញ្ញា អ្នក​អាន និង អ្នក​មើល​ត្រូវការ​យ៉ាង​ច្បាស់​ដើម្បី​មាន​សុជីវធម៌​ក្នុង​ការវាយតម្លៃ​ពី​អ្វី​ដែល​បាន​ប្រាប់​ដល់​ពួកគេ ។…

« សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ការវាយតម្លៃ​ក៏​មាន​កម្រិត​ខាង​វិញ្ញាណ​មួយ​ផងដែរ ។ នេះ​ក៏​ដោយសារ​ជំនឿ​របស់​យើង​លើ​ការប្រកាស​របស់​មរ៉ូណៃ​ថា ‹ ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ › (មរ៉ូណៃ ១០:៥) ។ ការសន្យា​នោះ​ធានា​ដល់​ការឆាប់​ចាប់​យក​ខាង​វិញ្ញាណ​របស់​អ្នក​នូវ​អំណាច​នៃ​ការញែក​ឲ្យ​ដឹង​ថា​នឹង​ជួយ​ពួកគេ​ឲ្យ​វាយ​តម្លៃ​ពី​អត្ថន័យ​នៃ​អ្វី​ដែល​ពួកគេ​រៀន ។

« ការផ្សារភ្ជាប់ជាមួយ​ការវាយ​តម្លៃអំណាច​ខាង​វិញ្ញាណ​របស់​យើង យើង​ត្រូវ​ចាំ​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នឹង​មិន​ដឹកនាំ​យើង​ឡើយ បើសិន​ឥរិយាបថ​ផ្ទាល់​ខ្លួន​របស់​យើង​គឺ​ជា​បុគ្គល​ដែល​ស្វែងរក​តែកំហុស​នោះ ។ គោលការណ៍​នោះ​អនុវត្ត​ចំពោះ​អ្នក​អាន និង អ្នក​និពន្ធ ។…

« ទីបន្ទាល់​ផ្ទាល់ខ្លួន​យើង​ម្នាក់ៗ​ផ្អែក​លើ​សាក្សី​នៃ​ព្រះវិញ្ញាណ ពុំ​មែន​នៅលើ​បណ្ដុំ ឬ​ការ​ផ្ដុំ​នូវហេតុការណ៍​ខាង​ប្រវត្តិសាស្ត្រណាមួយនោះទេ ។ បើ​យើង​ផ្ដោត​ជីវិត​យើងទៅ​លើ​សាក្សី​នៃ​ព្រះវិញ្ញាណ នោះ​គ្មាន​ហេតុការណ៍​ខាងប្រវត្តិសាស្ត្រ​ណា អាច​ធ្វើ​ឲ្យ​យើង​សង្ស័យ​នឹង​ទីបន្ទាល់​របស់យើង​ឡើយ ។ ព្រះវរបិតា​សួគ៌​របស់​យើង ប្រទាន​ដល់​យើង​នូវ​អំណាច​នៃ​ហេតុផល ហើយ​យើង​ត្រូវ​បាន​រំពឹង​ថា​ចេះ​ប្រើ​វា​ពេញលេញ​បំផុត ។ ប៉ុន្តែ​ទ្រង់​ក៏​ប្រទាន​ដល់​យើង​នូវ​អង្គ​លួងលោម​ចិត្ត ដែល​ទ្រង់​មាន​បន្ទូល​ថា​នឹង​ដឹកនាំ​យើង​នៅក្នុង​សេចក្ដីពិត ហើយ​ដោយ​អំណាច​នោះ​ហើយ ដែល​យើង​អាច​ដឹង​សេចក្ដីពិត​នៃ​រឿង​គ្រប់​យ៉ាង ។ នោះ​ជា​មគ្គុទេសន៍​ដ៏​គ្មានទីបំផុត សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​សក្ដិសម និង​មាន​ឆន្ទៈ​ពឹងផ្អែក​ទៅលើ​ព្រះវិញ្ញាណនោះ » ( « Reading Church History » នៅក្នុង Symposium Speechessymposium on the Doctrine and Covenants and Church history ខែ សីហា ១៤–១៦ ឆ្នាំ ១៩៨៥ ] ទំព័រ ៤, ៥ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១៧ ។ « សូម​យើង​ប្រព្រឹត្តការណ៍​ទាំងនេះ​ដែល​នៅក្នុង​អំណាច​យើង »

ព្យាការីយ៉ូសែប ស្ម៊ីធ​បាន​ជឿ និង រស់នៅ​តាមគោលការណ៍​ថា​យើង​ត្រូវតែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ពីមុន​យើង​អាច​ទទួល​ជំនួយ​ពី​ព្រះអម្ចាស់ ។ ដូច​បាន​កត់ត្រា​នៅក្នុង​ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៨៦–៨៩ព្រះអម្ចាស់ បាន​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ នាំ​យក​ដំណើរ​រឿង​នៃ​ការរងទុក្ខ និង ការបៀតបៀន​របស់​ពួកគេ​ទៅ​បង្ហាញ​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល រួមទាំង​ប្រធានាធិបតី​សហរដ្ឋ ។ នៅ​ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ១៨៣៩ ព្យាការី យ៉ូសែប ស៊្មីធ និង អេលីយ៉ាស ហ៊ីកប៊ី​ ជា​ចៅក្រម​បាន​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ ម៉ាទីន វ៉ាន់ ប៊ើរេន ។

« នៅលើក​ដំបូង​លោក វ៉ាន់ ប៊ើរេន ពុំ​បាន​ពិចារណា​ពី​ការសុំ​អង្វរ​របស់​ព្យាការី​ឡើយ ។ ប៉ុន្តែនៅពេល​ការពិភាក្សា​នោះ​បាន​បន្ត ប្រធានាធិបតី​បាន​សន្យា​ថា​នឹង​ពិចារណា​ម្តង​ទៀត​ពី​គោលជំហរ​របស់​លោក ហើយ ‹ មាន​ចិត្ត​អាណិតអាសូរ [ ពួក​មរមន ] ដោយសារ​ដំណើរ​រឿង​នៃ​ការរងទុក្ខ [ របស់​ពួកគេ ] [ នៅក្នុង History of the Church, ៤:៤០ ] ។

« បន្ទាប់​ពី​ជំនួប​ជាមួយ​ប្រធានាធិបតី វ៉ាន់ ប៊ើរេន​មក ព្យាការី និង អេលីយ៉ាស់ ហ៊ីកប៊ី​ បាន​ស្នាក់​នៅ​ភាគ​ខាង​កើត​អស់​រយៈពេល​ពីរខែ ព្យាយាម​ឲ្យ​បាន​ការគាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា និង អ្នក​តំណាង​ដែល​មាន​ឆន្ទៈ​គាំទ្រ​ដល់​រឿង​របស់​ពួកគេ [ សូមមើល ប្រវត្តិ​សាសនាចក្រ ៤:៤០, ៤៣–៤៤ ] ។ ពួកគេ​បាន​ជួប​ប្រធានាធិបតី វ៉ាន់ ប៊ើរេន​ម្តង​ទៀត​នៅ​ខែ កុម្ភៈ ឆ្នាំ ១៨៤០ ។ នៅពេល​នោះ វ៉ាន់ ប៊ើរេន​បាន​បាត់បង់​អារម្មណ៍​អាណិតអាសូរ ដែល​លោក​អាច​មាន​ដល់​សាសនាចក្រ ។ តាមរយៈ​ព្យាការី ប្រធានាធិបតី​បាន​ប្រព្រឹត្ត​ដាក់​ពួក​លោក​យ៉ាង​តឹងរឹង ហើយ​បាន​ប្រកាស​ថា ៖ ‹ សុភាព​បុរស​អើយ រឿង​របស់​អ្នក​គឺ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​អ្វី​សម្រាប់​អ្នក​ឡើយ ។… បើសិន​យើង​ដោះស្រាយ​ឲ្យ​អ្នក នោះយើង​នឹង​បាត់បង់​សន្លឹក​ឆ្នោត​ពី​រដ្ឋ មិសសួរី​ហើយ › [ នៅក្នុង History of the Church,៤:៨០ ] » ( Arnold K. Garr, Joseph Smith: Campaign for President of the United States »Ensign, ខែ កុម្ភៈ ឆ្នាំ ២០០៩ ទំព័រ ៤៩ ) ។

ទោះបីជា​ប្រធានាធិបតី​សហរដ្ឋ​បាន​បដិសេធ​ពុំព្រម​ជួយ​ពួក​បរិសុទ្ធ​ក្តី ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បន្ត​សុំ​ជំនួយ​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ដទៃ​ទៀត ។ ពីព្រោះ​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​អំណាច​លោក នោះ​លោក​មានទំនុកចិត្តថាព្រះនឹងប្រើ​ព្រះចេស្តា​របស់ទ្រង់ដើម្បីជួយលោក ។