ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣៥ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៨:១២-២៥


មេរៀនទី ១៣៥

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៨:១២-២៥

បុព្វកថា

មេរៀន​នេះ​មាន​នូវ​ផ្នែក​ទាំងអស់​នៃ​លិខិត​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​សរសេរ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ដើម​ខែ កញ្ញា ឆ្នាំ ១៨៤២ ។ នៅក្នុង​ផ្នែក​នៃលិខិត​នេះ ព្យាការី​បង្រៀន​អំពី​សេចក្តី​សង្គ្រោះ​របស់​អ្នក​នៅរស់ និង មរណជន ។ លោក​បាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​ស្មោះត្រង់​ចំពោះ​កិច្ចការ​របស់​ខ្លួន​សម្រាប់​មរណជន ហើយ​បង្ហាញ​សេចក្តី​អំណររបស់​លោក​នៅក្នុង​ការស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១២-១៨

យ៉ូសែប ស៊្មីធ បង្រៀន​អំពី​សេចក្តី​សង្គ្រោះ​របស់​អ្នក​នៅរស់ និង មរណជន ។

រូបភាព
អាង​ជ្រមុជ​ទឹក​ព្រះវិហារ​បរិសុទ្ធ

សូម​បង្ហាញ​រូបភាព​មួយ​នៃ​អាង​ជ្រមុជទឹក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ( ឧទាហរណ៍, « អាងជ្រមុជទឹក​ព្រះវិហារ​បរិសុទ្ធ » សៀវភៅ​សិល្បៈដំណឹង​ល្អ [ ឆ្នាំ ២០០៩ ] លេខ ១២១; សូមមើល​ផងដែរ​គេហទំព័រ LDS.org) ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ថា​ពួកគេ​កំពុង​ចូលរួម​ការសម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​មិត្ត​ម្នាក់​ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ ។ បន្ទាប់​ពី​បាន​ដើរ​កាត់​កន្លែង​ជ្រមុជទឹក​មិត្ត​របស់​ពួកគេ​សួរថា « ហេតុអ្វី​បាន​ជា​អ្នក​ត្រូវ​តែ​លិចខ្លួនទាំងស្រុង​ចូល​ទៅ​ក្នុង​ទឹក​នៅ​ពេល​អ្នក​ទទួល​បុណ្យ​ជ្រមុជទឹក​ដូច្នេះ ? » មិត្ត​របស់​ពួកគេ​ក៏​សួរ​ផងដែរ​ថា « ហេតុអ្វី​បាន​ជា​អ្នក​ជ្រមុជទឹក​ជំនួស​អ្នក​ដែល​ស្លាប់​ទៅ​យ៉ាង​ដូច្នេះ ? »

សូម​រំឭក​សិស្ស​ថា​ខណៈពេល​យ៉ូសែប ស៊្មីធ បាន​លាក់​ខ្លួន​ពី​មនុស្ស​ដែល​ស្វែងរក​ចាប់​ខ្លួន​លោក​ខុសច្បាប់​នោះ លោក​បាន​សរសេរ​លិខិត​មួយ​ឲ្យ​ពួក​បរិសុទ្ធ ។ នៅក្នុង​សំបុត្រ​នោះ លោក​បាន​បង្រៀន​ពួកគេ​បន្ថែម​អំពី​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១២-១៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​ការបង្រៀន​របស់​យ៉ូសែប ស្ម៊ីធ អំពី​និមិត្តរូប​នៃ​បុណ្យជ្រមុជទឹក ។

  • តើអ្នកអាចប្រើការបង្រៀននៅក្នុង ខ ១២–១៣ ដើម្បី​ជួយ​នរណា​ម្នាក់ឲ្យយល់ពីមូលហេតុដែលបុណ្យជ្រមុជទឹក​ត្រូវ​ធ្វើ​ឡើង​ដោយ​ការពន្លិច​ខ្លួនយ៉ាងដូចម្តេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៥ ឲ្យ​ឮៗ ។ សូមអញ្ជើញ​សិស្សក្នុង​ថ្នាក់ឲ្យ​ផ្ទៀងតាម ហើយ​រកមើល​មូលហេតុ​ដែល​យើង​ធ្វើ​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។

  • យោងតាម ខគម្ពីរ​នេះ ហេតុអ្វី​បាន​ជា​ដូនតា​របស់​យើង​ត្រូវការ​យើង​ឲ្យធ្វើពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​ដូច្នេះ ? ( បើ​ចាំបាច់ សូម​ទាញ​ចំណាប់អារម្មណ៍​សិស្ស​មក​ពាក្យ « ពួកគេពុំអាច​បាន​ល្អ​ឥតខ្ចោះ ក្រៅ​ពី​យើងឡើយ » ។ សូ​ម​ជួយ​សិស្ស​ឲ្យ​ស្វែងរក​គោលលទ្ធិ​ខាង​ក្រោម ៖ ជីដូនជីតា​របស់​យើង ដែល​បាន​ស្លាប់​ដោយ​គ្មាន​ដំណឹង​ល្អ មិន​អាច​រីក​ចម្រើនទៅកាន់ភាពល្អឥតខ្ចោះ​ឡើយ ទាល់តែមានពិធី​បរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ​នៃ​ដំណឹងល្អ ត្រូវបាន​ធ្វើ​ឡើង​សម្រាប់​ពួកគាត់ ) ។

បើសិន​សិស្ស​ត្រូវការ​ជំនួយ​ដើម្បី​ឆ្លើយ​សំណួរ​នេះ​ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម​ឲ្យ​ឮៗ ៖

« ជីដូនជីតា​ដែលបានទទួលមរណកាលទៅហើយ​របស់​អ្នក​រស់នៅ​កន្លែង​មួយ​ដែល​ហៅ​ថា ពិភពវិញ្ញាណ ។ នៅទីនោះ​ពួកគេ​មាន​ឱកាស​ដើម្បី​ស្តាប់ និង ទទួល​យក​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​មិន​អាច​ទទួល​ពិធី​បរិសុទ្ធ​នៃ​ដំណឹង​សម្រាប់​ខ្លួន​ពួកគេ​ឡើយ ហើយ​ពួកគេ​ពុំ​អាច​រីកចម្រើន​ឡើង​លើកលែង​តែ​មាន​មនុស្ស​ដទៃ​ទៀត​ផ្តល់​ពិធី​បរិសុទ្ធ​ទាំង​នេះ​សម្រាប់​ពួកគេ ។

« ឯកសិទ្ធិ និង ទំនួល​ខុសត្រូវ​របស់​អ្នក​គឺ​ត្រូវ​ផ្តល់​អំណោយ​នេះ​ដល់​ពួកគេ​ដោយ​ការ​ស្វែងរក​ពួកគេ ហើយ​ធានា​ថា​ពិធី​បរិសុទ្ធ​ទាំង​នេះ​ត្រូវបាន​ធ្វើ​ឡើង​ជំនួស​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​មក ពួកគេ​អាច​ជ្រើសរើស​ថា​ព្រមទទួល​យក​កិច្ចការ​ដែល​បាន​ធ្វើ​នេះ​ឬ​ក៏ អត់ » ( Member’s Guide to Temple and Family History Work [ ឆ្នាំ ២០០៩ ] ទំព័រ ២ ) ។

  • តើ​អ្នក​គិត​ថា​ជីដូនជីតា​របស់​អ្នក​អាច​មាន​អារម្មណ៍​បែបណា​ចំពោះ​អ្នក នៅពេល​អ្នក​ធ្វើ​កិច្ចការ​នេះ​សម្រាប់​ពួកគេ​នោះ ?

  • យោង​តាម ខ ១៥, តើ​ហេតុផល​អ្វី​មួយ​ផ្សេង​ទៀត​ដែល​យើង​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​នោះ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នេះ​លើ​ក្ដារ​ខៀន ៖ សេចក្តីសង្គ្រោះ​សម្រាប់​ជីដូនជីតា​ដែល​បាន​ស្លាប់​របស់​យើង​គឺ​ចាំបាច់ ហើយ​សំខាន់​ចំពោះ សេចក្តី​សង្គ្រោះ​របស់​យើង) ។

  • ហេតុអ្វី​អ្នក​គិត​ថា « សេចក្តីសង្គ្រោះ​របស់​ពួកគេ​គឺ​ចាំបាច់ ហើយ​សំខាន់​ចំពោះ​សេចក្តី​សង្គ្រោះ​របស់​យើង ? » ( បន្ទាប់​ពី​សិស្ស​មាន​ពេល​ដើម្បី​ពិភាក្សា​សំណួរ​នេះ​ហើយ សូម​ប្រាប់​ពួកគេ​ថា​ពួកគេ​នឹង​រៀន​បន្ថែម​ទៀត​អំពី​គោលលទ្ធិ​នៅពេល​ពួកគេ​បន្ត​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១៦-១៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​ព្យាការី​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ដែល​បាន​សរសេរ​អំពី​បុណ្យ​ជ្រមុជទឹក​ជំនួស​មនុស្ស​ស្លាប់ ។ សូមអញ្ជើញ​ពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​វគ្គព្រះគម្ពីរ​ប៊ីប​ទាំង​នេះ​អាច​មាន​សារៈប្រយោជន៍​ចំពោះ​មិត្តម្នាក់​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​ដូចម្តេច ?

សូម​បង្ហាញ ច្រវ៉ាក់ ដែល​ដែល​មាន​ច្រើន​កាំ ឬ សូម​គូស​វា​នៅលើ​ក្ដារខៀន ។

រូបភាព
ច្រវ៉ាក់

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​របៀប​ដែល​តំណ​នៃ​ច្រវ៉ាក់​នេះ​ទាក់ទង​នឹង​ការបង្រៀន​របស់​យ៉ូសែប ស្ម៊ីធ អំពី​បុណ្យ​ជ្រមុជទឹក​ជំនួស​មនុស្ស​ស្លាប់ ។ ( អ្នក​អាច​រំឭក​សិស្ស​ថា​សម័យ​កាន់កាប់​ត្រួត​ត្រា​គឺ​ជា​អំឡុង​ពេល​ដែល​ព្រះអម្ចាស់​បើក​សម្តែង​គោលលទ្ធិ ពិធី​បរិសុទ្ធ និង បព្វជិតភាព​របស់​ទ្រង់ ។ អ្នក​អាច​ពន្យល់​ថា​នៅ​ក្នុង​ខ​គម្ពីរ​នេះ​ពាក្យ​ថា កូនៗ សំដៅ​លើ​ពួក​យើង ហើយ​ពាក្យ​ថា ឪពុក សំដៅ​លើ​ជីដូនជីតា​របស់​យើង ) ។

  • តើ​តំណ​នៃ​ច្រវ៉ាក់​នេះ​ទាក់ទង​នឹង​ការបង្រៀន​របស់​យ៉ូសែប ស្ម៊ីធ អំពី​បុណ្យ​ជ្រមុជទឹក​ជំនួស​មនុស្ស​ស្លាប់​យ៉ាង​ដូចម្តេច ? ( សិស្ស​គួរតែ​រកឃើញ​សេចក្ដីពិត​ខាង​ក្រោម​នេះ ៖ បុណ្យជ្រមុជទឹក​ជំនួស​មនុស្ស​ស្លាប់​ជួយ​ភ្ជាប់​យើង​ជា​និរន្តរ៍​ជាមួយ​នឹង​ជីដូនជីតា​របស់​យើង ។ សូម​ពន្យល់​ថា ក្រៅពី​បុណ្យ​ជ្រមុជទឹក ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ​ផ្សេង​ទៀត—ពិធីបញ្ជាក់ ការតែងតាំង​បព្វជិតភាព​មិលគីស្សាដែក [ សម្រាប់​បុរស ] ពិធីអំណោយទានពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង ពិធី​បរិសុទ្ធ​នៃ​ការផ្សារភ្ជាប់—ក៏​សំខាន់​ដើម្បី​សង្គ្រោះ​តំណ​នៃ​ការផ្សារភ្ជាប់​គ្នា​រវាង​ជីដូនជីតា​របស់​យើង និង ខ្លួន​យើង ) ។

ដើម្បី​ជួយ​សិស្ស​បង្កើន​ការយល់​ដឹង​របស់​ពួកគេ​អំពី​គោលលទ្ធិ និង គោលការណ៍​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១២–១៨, សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ត្រូវតែ​មាន​អង្គការ​គ្រួសារ​មួយ​ជា​អង្គភាព​ក្រុមគ្រួសារ​មួយ ហើយ​ជំនាន់​និមួយៗ​ត្រូវតែ​ផ្សារភ្ជាប់​ជាមួយ​នឹង​ច្រវ៉ាក់​ដែល​បាន​ទៅមុន​ដើម្បី នាំមក​នូវ​ភាព​ល្អឥតខ្ចោះ​នៅក្នុង​អង្គភាព​គ្រួសារ ។ ដូច្នេះ​នៅទីបំផុត យើង​នឹង​ក្លាយ​ជា​គ្រួសារ​ដ៏​ធំ​មួយតំាងពីដំបូង​ជាមួយ​នឹង​អ័ដាម មីកែល មេទ័ពពួកទេវតា ធ្វើជា​អធិបតី​លើ​ពូជពង្ស​របស់​លោក » (Doctrines of Salvation, បាន​និពន្ធ​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ភាគ​ទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ២:១៧៥ ) ។

សូម​ចង្អុល​បង្ហាញ​ថា​យោង​តាម ខ ១៨, ផែនដី​នឹង​ត្រូវបាន​វាយ​ដោយ​សេចក្តី​បណ្តាសា លើងលែង​តែ​មាន​ចំណង​ភ្ជាប់​ណា​មួយ​រវាង​ពួក​ឪពុក និង កូនៗ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលលទ្ធិ​នេះ សូមអានសុន្ទរកថា​ខាងក្រោម​នេះ​ដែល​ពន្យល់​ដោយ​ប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« បើសិន​គ្មាន​តំណភ្ជាប់​គ្នា​រវាង​ពួកឪពុក និង​កូនៗ—ដែល​ជា​កិច្ចការ​សម្រាប់​មនុស្ស​ស្លាប់​ទេ—នោះ​យើង​ទាំងអស់​គ្នា​នឹង​ត្រូវកំទេច​ចោល ហើយ​កិច្ចការ​របស់​ព្រះទាំង​មូល​នឹង​បរាជ័យ និង ត្រូវ​កំទេច​ចោល​សូន្យ​ឈឹង » (Doctrines of Salvation,២:១២២ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៩-២៥

យ៉ូសែប ស៊្មីធ បង្ហាញ​ពី​សេចក្តី​អំណរ​នៅក្នុង​ស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ហើយ​លើក​ទឹកចិត្ត​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ស្មោះត្រង់ នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​សម្រាប់​សេចក្តី​សង្គ្រោះ​ដល់​មរណជន

សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពី ពេល​មួយ​ដែល​ពួកគេ​មាន​ភាព​រីករាយ​ដោយ​បាន​ឮ​ដំណឹង​ដ៏​ល្អ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។ បន្ទាប់​ពី​ពួកគេ​ចែកចាយ​ហើយ សូម​សួរ​ពួកគេ​បើសិន​ពួកគេ​ចង់​ចែកចាយ​ព័ត៌មាន​នេះ​ជាមួយ​មនុស្ស​ដទៃ និង មូលហេតុអ្វី ។

សូម​ពន្យល់​ថា​ពាក្យ​មួយ​ទៀត​សម្រាប់​ពាក្យ ព័ត៌មាន គឺ ដំណឹង ។ បន្ទាប់​មក​សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ដំណឹង​ដែល យ៉ូសែប ស៊្មីធ​បាន​និយាយ​ដែល​យើង​បាន​ទទួល ។

  • តើ ​« ដំណឹង​ល្អ » អ្វី​ដែល​យើង​បាន​ទទួល ? ( ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ) ។

  • តើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​សំឡេង​រីករាយ​សម្រាប់​អ្នក​រស់ និង មរណជន​យ៉ាង​ដូចម្តេច ?

សូម​ពន្យល់​ថា​យ៉ូសែប ស្ម៊ីធ បាន​រៀបរាប់​ពី​បទពិសោធន៍​មួយ​ចំនួន ដែល​លោក​បាន​មាន​ជាមួយ​សារទូត​ឋានសួគ៌​នៅពេល​ដំណឹង​ល្អ​ត្រូវបាន​ស្តារ​ឡើង​វិញ​តាមរយៈ​លោក ។ សូម​អញ្ជើញ​សិស្សឲ្យ​អានត្រួសៗ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:២០-២១ ហើយ​រកមើល​បទពិសោធន៍ និង សារទូត​ទាំង​នោះ ។ អ្នក​អាច​ចង់​ឲ្យ​ពួកគេ​គួរ​គូស​ចំណាំ​អ្វី​ដែលពួកគេ​រកឃើញ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន ។ បន្ទាប់​ពី​សិស្ស​បាន​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ឃើញ ហើយ​សង្ខេប​យោបល់​របស់​ពួកគេ​ដោយ​ការសរសេរ​គោលលទ្ធិ​នៅលើ​ក្ដារខៀន ៖ កូនសោ អំណាច និង សិទ្ធិ​អំណាច​នៃ​សម័យ​កាន់កាប់​ត្រួតត្រា​ពី ដើម​ត្រូវបាន​ស្តារ​ឡើងវិញ​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​នេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន យ៉ូហាន ថេលើរ ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន យ៉ូហាន ថេលើរ

« គោលការណ៍​ដែល [ យ៉ូសែប ស៊្មីធ ] ត្រូវបានដឹកនាំឲ្យ​ធ្លាក់ចូលទៅក្នុងការសន្ទនា ជាមួយ​ព្រះអម្ចាស់ ហើយ​មិនមែន​ត្រឹមតែ​ជាមួយ​ព្រះអម្ចាស់​ឡើយ ប៉ុន្តែ​ជាមួយ​សាវក និង ព្យាការី​បុរាណ បុរស​ទាំង​នោះ​រួមមាន ដូចជា អ័ប្រាហាំ អ៊ីសាក យ៉ាកុប ណូអេ អ័ដាម សេត អេណុក និង ព្រះយេស៊ូវ និង​ព្រះវរបិតា និង សាវក​ដែល​បាន​រស់នៅ​លើ​ទ្វីប​នេះ ព្រមទាំង​អស់​អ្នក​ដែល​បាន​រស់នៅក្នុង​ទ្វីប​អាស៊ី​ផងដែរ ។ លោក​ហាក់បី​ដូច​ជា​ស្គាល់​មនុស្ស​ទាំង​នោះ​នៅពេល​យើង​បាន​នៅ​ជាមួយ​គ្នា ។ ហេតុអ្វី ? ដោយសារ​លោក​ត្រូវតែ​ណែនាំ​នូវ​គ្រាកាន់កាប់ត្រួតត្រា​មួយ​ដែល​ត្រូវ​បាន​ហៅថា​សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញកំណត់ ហើយវាត្រូវបានទទួលស្គាល់ដោយ​អ្នកបម្រើ​ពីបុរាណនៃព្រះ (The Gospel Kingdom [ ឆ្នាំ ១៩៨៧ ] ទំព័រ ៣៥៣ ) ។

  • តើ​មាន​អ្វី​ខ្លះ​បាន​ផ្លាស់ប្តូរ​នៅក្នុង​ជីវិត​របស់​អ្នកដោយការដឹងថា ​ដំណឹង​ល្អ​បាន​ស្តារ​ឡើង​វិញ​លើ​ផែនដី​តាមរយៈ​សារទូត​ឋាន​សួគ៌ ?

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:២២-២៣ មាន​ការបង្ហាញ​ពី​សេចក្តី​អំណរ​របស់​យ៉ូសែប ស្ម៊ីធ​ដោយសារ​កូនសោ​នៃ​បព្វជិតភាព​ត្រូវបាន​ស្តារ​ឡើង​វិញ ហើយ​ដោយសារ​ពួកបរិសុទ្ធ​អាច​ជួយ​សង្គ្រោះ​ដល់​មរណជន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ខគម្ពីរ​ទាំង​នេះ​ឲ្យ​ឮៗ ។ សូមអញ្ជើញ​សិស្សឲ្យ​ផ្ទៀង​តាម រកមើល​ឃ្លា​នានា ដែល​មាន​អត្ថន័យ​ពិសេស​ចំពោះ​ពួកគេ ។ ( អ្នក​អាច​ចង់​ស្នើ​ថា ពួកគេ​គូសចំណាំ​ឃ្លា​ទាំងនោះ ) ។ បន្ទាប់​មក​សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម ហើយ​ពន្យល់​មូលហេតុ​ដែល​ឃ្លា​ទាំង​នោះ​មាន​ន័យ​ចំពោះ​ពួកគេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:២៤ ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​រក​មើល​អ្វី​ដែល​ព្យាការី​បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ ។ សូមអញ្ជើញ​ពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោង​តាម​ខគម្ពីរ​នេះ តើ​អ្វី​ទៅ​ជា​ការថ្វាយ​ដង្វាយ​ដោយ​សេចក្តី​សុចរិត​ដែល​យើង​ថ្វាយ​ដល់​ព្រះអម្ចាស់ ? ( បញ្ជី​មួយ​ដែល​មាន​បញ្ជី​នៃ​ពួក​អ្នក​ស្លាប់​របស់​យើង ) ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រួមចំណែក​នៅក្នុង « បញ្ជី » នេះ ? តើ ខ ២៤ បង្រៀន​អ្វី​ខ្លះ​អំពី​ការចូលរួម​របស់​យើង​នៅក្នុង​កិច្ចការ​នៃ​ពង្ស​ប្រវត្តិ និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​គោលការណ៍​ដូច​ខាង​ក្រោម ៖ នៅពេល​យើង​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ហើយ​ទទួល​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ជីដូនជីតា​របស់​យើង នោះ​យើង​ធ្វើ​ការថ្វាយ​ដង្វាយ​ដោយ​សុច្ចរិត​ដល់​ព្រះអម្ចាស់​ហើយ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្តាប់​ការពិពណ៌នា​របស់​អែលឌើរ បែដណា​អំពី​តួនាទី​របស់​ពួកគេ​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ​ដល់​មរណជន ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« មាន​អ្នករាល់គ្នា​ជាច្រើន​ប្រហែល​ជា​គិត​ថា កិច្ចការ​ពង្សប្រវត្តិ​គឺ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ពួក​មនុស្ស​វ័យ​ចំណាស់ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​គ្មាន​ការ​កំណត់​អាយុ​ណា​មួយ​បាន​រៀបរាប់​នៅ​ក្នុង​ព្រះ​គម្ពីរ ឬ​សេចក្ដី​ណែនាំ​ណា​មួយ​ដែល​បាន​ប្រកាស​ដោយ​ពួក​អ្នកដឹកនាំ​សាសនាចក្រ​បាន​ដាក់​កំហិតលើ​ការ​បម្រើ​ដ៏​សំខាន់​នេះទេ ។…

« វា​មិន​មែន​ជា​ការចៃដន្យ​ទេ ដែល​កម្មវិធី​ស្រាវជ្រាវ​ពង្សប្រវត្តិ…ឧបករណ៍​ទាំងឡាយ​ដទៃ​ទៀត​ត្រូវបង្កើត​ឡើង​នៅ​ចំពេល​ដែល​មនុស្ស​វ័យក្មេង​មាន​ការចេះដឹង​យ៉ាង​ទូលំទូលាយ​អំពី​បច្ចេកវិជ្ជា​ព័ត៌មាន និង ទំនាក់ទំនង​នោះ ។… ជំនាញ និង ភាពឆ្លាតវៃ​ក្នុង​ចំណោម​ពួក​យុវវ័យ​ជា​ច្រើន​របស់​យើង​សព្វថ្ងៃ​នេះ រៀបចំ​ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ ។

« …ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​សិក្សា ស្វែងរក​ជីដូនជីតា​របស់​អ្នក ហើយ​ត្រៀម​ខ្លួន​របស់​អ្នក​ដើម្បី ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​សម្រាប់ មរណជន របស់​អ្នក ។… យើង​ខ្ញុំ​សូម ជម្រុញ​អ្នក​ឲ្យ​ជួយ​មនុស្ស​ដទៃ​ស្វែងរក​ពង្សប្រវត្តិ​របស់​ពួកគេ » (The Hearts of the Children Shall Turn »EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៦ ) ។

  • តើ​តាម​របៀប​ណា​ខ្លះ​ដែល​អ្នក​អាច​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​នៅពេល​ណា ដែល​អ្នក​បាន​ថ្វាយ​ដង្វាយ​តាមរយៈ​កិច្ចការ​ពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ ? តើ​អ្នក​ត្រូវបាន​ប្រទាន​ពរ​តាមរបៀប​ណា​ខ្លះ​នៅពេល​អ្នក​បាន​ធ្វើ​ការថ្វាយ​ដង្វាយ​ទាំង​នេះ ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ​ទាំងឡាយ​ដែល​សិស្ស​នឹង​ទទួល​បាន​នៅពេល​ពួកគេ​ចូលរួម​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ ។ សូម​អញ្ជើញ​សិស្សឲ្យ​ដាក់​គោលដៅ​ដែល​នឹង​ជួយ​ពួកគេ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៥ ។ « ពួកគេ​ពុំ​អាច​បាន​ល្អ​ឥតខ្ចោះ​ដោយ​គ្មាន​យើង​បាន​ឡើយ—ហើយ​យើង​ក៏​ពុំ​អាច​បាន​ល្អ​ឥតខ្ចោះ​ដោយ​គ្មាន​ពួកគេ​បាន​ដែរ »

ព្យាការី យ៉ូសែប ស៊្មីធ ​បាន​ព្រមាន​ថា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ពួកបរិសុទ្ធ​ទាំង​នោះ​ដែល​ព្រងើយកន្តើយ​នឹង [ គោលលទ្ធិ​នៃ​សេចក្តី​សង្គ្រោះ​សម្រាប់​មរណជន ] ជំនួស​ដល់​សាច់​ញាតិ​ដែល​បាន​ស្លាប់​របស់​ពួកគេ នោះ​វា​នឹងក្លាយ​ជា​គ្រោះថ្នាក់មួយ​ចំពោះ​សេចក្តី​សង្គ្រោះ​ផ្ទាល់​ខ្លួន​របស់​ពួកគេ » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ], ទំព័រ ៤៧១–៧២) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៥ ។ ពរជ័យ​ដែល​ទាក់ទង​ជាមួយ​នឹង​ការធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារបរិសុទ្ធ

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បានមាន​ប្រសាសន៍ ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« តើ​មនុស្ស​វ័យ​ក្មេងដូច​ជា​អ្នក​ចង់​បាន​វិធី​ដ៏​ប្រាកដ​មួយ ដើម្បី​លុបបំបាត់​ឥទ្ធិពល​របស់​មារសត្រូវ​មាន​ក្នុង​ជីវិត​របស់​អ្នក​ឬ​ទេ ? សូម​ជ្រមុជ​ខ្លួន​អ្នក​ទៅ​ក្នុង​ការ​ស្រាវជ្រាវ​រក​ជីដូនជីតា​អ្នក រៀបចំ​ឈ្មោះ​របស់ពួកគាត់​សម្រាប់​ពិធី​បរិសុទ្ធ​ជំនួស​ដ៏ពិសិដ្ឋ​ដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ រួច​ហើយ​ទៅព្រះវិហារបរិសុទ្ធ ដើម្បី​ឈរជា​អ្នក​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធជំនួស​ពួកគាត់ ។ នៅពេល​អ្នក​ធំ​ឡើង​ អ្នក​នឹង​អាច​ចូលរួម​ក្នុង​ការទទួល​ពិធីបរិសុទ្ធ​ផ្សេង​ទៀត​ផង​ដែរ ។ ខ្ញុំ​គិត​មិន​ឃើញថា មាន​នូវកិច្ចការពារពី​ឥទ្ធិពល​របស់​មារសត្រូវណា​អស្ចារ្យ​ជាង​នេះ ​ក្នុង​ជីវិត​របស់អ្នក​នោះ​ឡើយ » ( The Joy of Redeeming the Dead »Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩៤ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:២៤ ។ « បញ្ជី​នៃ​ពួក​អ្នក​ស្លាប់​របស់​យើង »

ឃ្លា​ថា « ពួក​អ្នក​ស្លាប់​របស់​យើង » នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:២៤ បញ្ជាក់​នូវ​ទំនួល​ខុសត្រូវ​ដែល​យើង​មាន​ដើម្បី​ធ្វើ​ការស្រាវជ្រាវ​ពង្សប្រវត្តិ និង ធ្វើ​ពីធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ជីដូនជីតា​ផ្ទាល់​របស់​ពួកគេ ។ អែលឌើរ រីឆាត ជី ស្កត បាន​ពន្យល់​ ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ គឺ​ជា​កិច្ចការ​មួយ​ដែល​បែងចែក​ជា​ពីរ​ផ្នែក ។…

« ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​បង្រៀន ៖

« ‹ យើង​ត្រូវតែ​សម្រេច​កិច្ចការ​ពិធីបរិសុទ្ធ​បព្វជិតភាព​នៅព្រះវិហារ​បរិសុទ្ធ ដែល​ចាំបាច់ សម្រាប់​ភាពតម្កើង​ឡើង​របស់​យើង​ផ្ទាល់ បន្ទាប់មក​យើង​ត្រូវធ្វើ​ការងារ​ចាំបាច់​សម្រាប់​អ្នក​ដែល​មិន​មាន​ឱកាស​ទទួល​យក​ដំណឹងល្អ​នៅក្នុង​ជីវិត ។ ការធ្វើ​កិច្ចការ​សម្រាប់​អ្នកដទៃ​ត្រូវ​សម្រេច​តាម​ជំហាន​ពីរ​យ៉ាង ៖ ទី​មួយ​ដោយ​ការស្រាវជ្រាវ​ពង្ស​ប្រវត្តិ​ដើម្បី​ដឹង​ថា​នរណា​ជា​ដូនតា​របស់​យើង​ ហើយ​ទី​ពីរ​ដោយ​ការធ្វើ​ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ផ្ដល់​ឱកាស​ដូចគ្នា​ដល់​ពួកគាត់​ដូច​អ្នក​ នៅ​រស់​ដែរ ។…

« ‹ ខ្ញុំ​បាន​ដឹង​ថា អ្នកទាំង​ឡាយ​ណា​ដែល​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​ពង្សប្រវត្តិ ហើយ​ធ្វើ​កិច្ចការ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​សម្រាប់​អ្នក​ទាំងឡាយ​ណា ដែល​ឈ្មោះ​របស់ពួកគេ​បាន​រក​ឃើញ នោះនឹង​ដឹង​ពី​សេចក្ដី​អំណរ​បន្ថែម​ទៀត នៃ​ការ​ទទួល​បាន​ពរជ័យ​ទាំងសង្ខាង › [A Temple-Motivated People »Ensign, ខែ កុម្ភៈ ឆ្នាំ ១៩៩៥ ទំព័រ ៤–៥ ] ។

« ព្រះវរបិតា​នៅ​ស្ថានសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ម្នាក់ៗ ទទួល​បាន​ពរជ័យ​ទាំងពីរផ្នែក​នៃ​កិច្ចការ​ជំនួស​ដ៏​សំខាន់​នេះ ។…

« កិច្ចការ​អ្វី​ដែល​អ្នក​ធ្វើ​នៅក្នុង​ព្រះវិហារបរិសុទ្ធ គឺជា​ពេល​ដែល​បាន​ចំណាយយ៉ាងល្អ ប៉ុន្ដែ​ការទទួល​ពិធីបរិសុទ្ធ​ជំនួស​ជីដូនជីតា​ផ្ទាល់ខ្លួន​របស់​អ្នក នឹង​ធ្វើ​ឲ្យ​ពេលវេលា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ពិសិដ្ឋ ហើយ​ថែមទាំង​ទទួល​បាន​ពរជ័យ​កាន់តែ​អស្ចារ្យ​ទៀត​ផង ។ គណៈប្រធានទីមួយ​បាន​ថ្លែង​ថា ‹ កាតព្វកិច្ច​ចម្បង​របស់​យើង​គឺ​ស្វែងរក និង ស្គាល់ ជីដូនជីតា ផ្ទាល់​របស់​យើង › [ សារលិខិតគណៈប្រធានទីមួយ​ចុះថ្ងៃ​ទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១២ ការ​គូស​បញ្ជាក់​បាន​បន្ថែម ] » (« The Joy of Redeeming the Dead » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩៣–៩៤ ) ។