ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣៩ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣២:៣-៣៣


មេរៀនទី ១៣៩

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣-៣៣

បុព្វកថា

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ មាន​វិវរណៈ​មួយ​អំពី​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្បអស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ ។ ទោះបី​ជា​វិវរណៈ​នេះ​ត្រូវបាន​កត់ត្រា​ទុក​នៅ​ថ្ងៃ​ទី ១២ ខែ កក្កដា ឆ្នាំ ១៨៤៣ ក្តីសេចក្តី​ពិត​មួយ​ចំនួន​នៅក្នុង​វិវរណៈ​នេះ​ត្រូវ​បាន​ទទួលស្គាល់ ហើយ​បង្រៀន​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ​នៅ​ដើម​ឆ្នាំ ១៨៣១ ។ វិវរណៈ​នេះ​នឹង​ត្រូវ​បាន​ពិភាក្សា​ជា​ពីរ​មេរៀន ។ មេរៀន​នេះ​ពិភាក្សា​អំពី​លក្ខខណ្ឌ​នៃ​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្បអស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ និង ការសន្យា​ដែល​ប្រទាន​ដល់​អស់​អ្នក​ដែល​គោរពដល់​វា ។ មេរៀន​បន្ទាប់​នឹង​ពិភាក្សា​ពី​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣-១៨

ព្រះអម្ចាស់​កំណត់​ពី​លក្ខខណ្ឌ​នៃ​សេចក្តីសញ្ញាថ្មី ហើយ​អស់កល្បអស់កាលជានិច្ច ។

កំណត់ចំណាំ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១–២ គឺ​មាន​នៅក្នុង​មេរៀន​ទី ១៤០ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​អំពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

ពីមុន​ចាប់ផ្តើម​ថ្នាក់​សូម​សរសេរ សំណួរ​ខាង​ក្រោម​នេះ នៅលើ​ក្តារខៀន ៖

ហេតុអ្វី​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច​សំខាន់​ចំពោះ​អ្នក ?

ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​នេះ តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រៀបចំ​ខ្លួន​ចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀប​អាពាហ៍ពិពាហ៍​ចំពោះ​វេលាកាល និង ភាពអស់កល្ប​ជានិច្ច ?

តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អាច​ត្រូវបាន​ទទួល​នៅក្នុង​ជីវិត​នេះ​ចំពោះ​អស់​អ្នក​ដែល​ធ្វើតាម​ក្រឹត្យវិន័យ​របស់​ព្រះ ដើម្បី​ត្រូវបាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​សំណួរ​ទាំង​នេះ​នៅពេល​ពួកគេ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២ ថ្ងៃ​នេះ ។

សូម​ចាប់ផ្ដើម​ដោយ​សួរសំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​សេចក្តីសញ្ញាថ្មី ហើយ​អស់​កល្បអស់កាលជានិច្ច​នោះ​ជា​អ្វី ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អត្ថន័យ​នៃ​ឃ្លា « សេចក្តីសញ្ញាថ្មី ហើយ​អស់​កល្បអស់កាលជានិច្ច » សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ឥឡូវនេះ​មាន​និយមន័យ​ដ៏​ច្បាស់​មួយ​យ៉ាង​លម្អិត​អំពី​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្បអស់កាលជានិច្ច ។ វា​គឺ​ជា​អ្វី​គ្រប់យ៉ាង—ភាពពោរពេញ​នៃ​ដំណឹងល្អ ។ ដូច្នេះ​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ​ត្រូវបានធ្វើ​ឡើង ពិធីបុណជ្រមុជទឹក ពិធីតែងតាំង​បព្វជិតភាព អ្វី​គ្រប់យ៉ាង​ផ្សេង​ទៀត—គ្រប់​កិច្ចសន្យា កាតព្វកិច្ច ការធ្វើពិធី នានា​ដែល​ទាក់ទង​នឹង​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ត្រូវបាន​ផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នៃ​សេចក្តីសន្យា​យោង​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់​ដែល​បាន​ប្រទាន​មក គឺ​ជា​ផ្នែក​មួយ​នៃ​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្បអស់កាលជានិច្ច » (Doctrines of Salvation, និពន្ធ​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ភាគទី ៣. [ ឆ្នាំ ១៩៥៤–៥៦ ], ១:១៥៨ បាន​ដក​អក្សរ​ទ្រេត​ចេញ ) ។

សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៣-៥ ដោយស្ងៀម​ស្ងាត់ រកមើល​លទ្ធផល​នៃ​ការបដិសេធ​ទៅ​នឹង​សេចក្តីសញ្ញាថ្មី ហើយ​អស់កល្បអស់​កាលជានិច្ច ដែល​រួម​មាន​សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍សេឡេស្ទាល ។

  • តើ​មាន​លទ្ធផល​អ្វី​ខ្លះ​ចំពោះ​ការបដិសេធ​ទៅ​នឹង​សេចក្តីសញ្ញាថ្មី និង​អស់កល្បអស់​កាលជានិច្ច ? ( នៅពេល​សិស្សឆ្លើយ​សំណួរ​នេះ អ្នក​អាច​ពន្យល់​ថា​ពាក្យ ជាប់ទោស មាន​ន័យ​ថា​បុគ្គល​ម្នាក់​ត្រូវបាន​បញ្ឈប់​នៅក្នុង​ដំណើរការ​ដ៏​អស់កល្ប​របស់​ខ្លួន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពរជ័យ​ដែល​ព្រះអម្ចាស់​សន្យា​ដល់​អស់​អ្នក​ដែល​ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ។

  • យោងតាម ខ ៦,តើ​យើង​ទទួល​អ្វី​ខ្លះ​បើសិន​យើង​ស្មោះត្រង់​ចំពោះ សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ? ( នៅពេល​សិស្ស​ឆ្លើយ​សំណួរ​នេះ អ្នក​អាច​ចង់​ចង្អុល​បង្ហាញ​ពី​ភាពផ្ទុយ​គ្នា​រវាង​ការជាប់ទោស ឬ រារាំង​មិន​ឲ្យ​រីកចម្រើន និង ការទទួល « ភាពពោរពេញ​នៃ​សិរីល្អ [ របស់​ព្រះអម្ចាស់ ] » ) ។

សូម​ចង្អុលបង្ហាញ​ថា​ជាញឹកញាប់​មនុស្ស​ធ្វើ​កិច្ចសន្យា ឬ កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៧ ឲ្យ​ឮៗ ។ សូម​ចាត់តាំង​សិស្ស​ពាក់​កណ្ដាល​ថ្នាក់ ឲ្យ​រកមើល​អ្វី​ដែល​កើតឡើង​លើ​មនុស្ស​ដែល​ចុះ​កិច្ចសន្យា​នៅ​ពេល​ពួកគេ​ស្លាប់ ។ សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត ស្វែងរក​លក្ខខណ្ឌ​ពីរ​សម្រាប់​សេចក្តីសញ្ញា​ដែល​ត្រូវបាន​ភ្ជាប់​បន្ទាប់​ពី​យើង​ស្លាប់ ។

  • តើ​មាន​អ្វី​កើតឡើង ចំពោះមនុស្ស​ដែល​ធ្វើ​កិច្ចសន្យា​នោះ ? ( ពួកគេ​បាន​បញ្ចប់​នៅពេល​ស្លាប់ ) ។

  • យោងតាម ខ ៧, តើ​ចំណុច​ពីរ​យ៉ាង​ដែល​ត្រូវតែ​កើត​ឡើង​សម្រាប់​សេចក្តីសញ្ញា​ដើម្បី​ត្រូវបាន​ភ្ជាប់​បន្ទាប់​ពី​យើង​ស្លាប់​នោះជាអ្វី ? ( វា​ត្រូវតែ​បាន​ធ្វើ​ឡើង​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព ហើយ​វា​ត្រូវតែ « ចូល ហើយ​ភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសន្យា » ) ។

សូម​ពន្យល់​ថា « ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសន្យា ។… ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា​ធ្វើ​ជា​សាក្សី​ដល់​ព្រះវរបិតា​ថា ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ត្រូវបាន​ធ្វើ​ឡើង​យ៉ាងត្រឹមត្រូវ ហើយ​ថា​សេចក្ដីសញ្ញា​ដែល​បាន​ទាក់ទង​ជាមួយ​នឹង​ពួកគេ​ត្រូវបាន​រក្សា​ទុក » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ព្រះវិញ្ញាណ​នៃ​សេចក្តី​សន្យា » scriptures.lds.org ) ។ បន្ទាប់មក​សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ខ ៧ ម្តង​ទៀត ហើយ​សង្ខេប​វា​ជា​សេចក្តីថ្លែងការណ៍​មួយ​នៃ​គោលលទ្ធិ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ ឧទាហរណ៍ អ្នក​អាច​សរសេរ​សេចក្តីថ្លែងការណ៍​ដែល​ស្រដៀង​គ្នានេះ ទៅ​នឹង​សេចក្តីថ្លែងការណ៍​ខាង​ក្រោម​នេះ ៖ មាន​តែ​សេចក្តីសញ្ញា​ដែល​ត្រូវបាន​ធ្វើ​ឡើង​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ​ប៉ុណ្ណោះ និង ត្រូវបាន​ផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តី​សន្យា បើមិន​ដូច្នេះ​ទេ វា​នឹង​ត្រូវ​បញ្ចប់​នៅពេល​ស្លាប់ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពង្រីក​ការយល់ដឹង​អំពី​គោលលទ្ធិ​នេះ សូម​ឲ្យ​ពួកគេ​និយាយ​ម្តង​ទៀត​ជា​ឃ្លា​ស្រប​វិញ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ ឧទាហរណ៍ អ្នក​អាច​សរសេរ​សេចក្តីថ្លែងការណ៍​ដែល​ស្រដៀងគ្នានេះ ទៅ​នឹង​សេចក្តីថ្លែងការណ៍​ខាង​ក្រោម​នេះ ៖ នៅពេល​សេចក្តីសញ្ញា​ត្រូវបាន​ធ្វើ​ឡើង​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ និង ត្រូវបាន​ផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសញ្ញា វា​នឹង​នៅជាប់​ជា​និរន្តរ៍ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៨-១៤ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​បន្ត​កំណត់​លក្ខខណ្ឌនានា​នៃ​ក្រឹត្យវិន័យ និង ពិធី​បរិសុទ្ធ​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រកាស​ថា អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​បាន​បង្កើត​ឡើង​នឹង​បន្ត​នៅ​ជា​និរន្តរ៍ ប៉ុន្តែ​អ្វី​ផ្សេង​ទៀត​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅទីបញ្ចប់ ។

សូម​អញ្ជើញ​សិស្ស​បួន​នាក់​ឲ្យ​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៥-១៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ពី​យ៉ាង​ដែល​បុរស និង ស្ត្រី​អាច​ចូល​ទៅ​ក្នុង​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា ។ បន្ទាប់​មក​សូម​អាន​ឧទាហរណ៍​ខាងក្រោម​នេះ​ឲ្យ​ឮៗ ។ បន្ទាប់ពី​ឧទាហរណ៍​និមួយៗ សូម​សួរ​សិស្ស​ថា​តើ​មាន​សេចក្តី​ពិត​អ្វី​ខ្លះ​ដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៥-១៨ អនុវត្ត​នៅក្នុង​ស្ថានភាព​នោះ ។

ឧទាហរណ៍ ទី​១ ៖ បុរស និង ស្ត្រី​មួយគូស្រឡាញ់​គ្នា​គោរព​ច្បាប់ព្រហ្មចារីភាព ហើយ​រៀបការ​យ៉ាង​រីករាយ​ដោយ​អ្នកដឹកនាំ​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន ។ ពួកគេ​ពុំ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​មាន​ពាក្យ « រហូត​ទាល់តែ​សេចក្ដីស្លាប់​បំបែក​អ្នក​ចេញ » ។ ពីរបី​ឆ្នាំ​ក្រោយ​មក ស្វាមី​ម្នាក់​នោះ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចររាចរណ៍ ។ តើ​សេចក្តីពិត​ណា​ខ្លះ​ដែល​បាន​បង្រៀន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៥-១៧ អនុវត្ត​ចំពោះ​រឿង​នេះ ? ( ស្វាមី និង ភរិយា​នេះ​ពុំ​បាននៅ​តែ​រៀបការជាមួយ​គ្នា​ទៀត​ឡើយ ) ។

ឧទាហរណ៍​ទី ២ ៖ បុរស និង ស្ត្រី​មួយគូបាន​រៀបការ​ហើយ ។ ពួកគេ​សន្យា​នឹង​គ្នា​ថា ពួកគេ​នឹង​ស្រឡាញ់​គ្នា​ជានិច្ច ហើយ​ថា​ពួកគេ​នឹង​នៅជាមួយ​គ្នា​រហូត ប៉ុន្តែពួកគេ​ពុំ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ ពួកគេ​ជឿ​ថា ដោយសារ​សេចក្តី​ស្រឡាញ់របស់​ពួកគេ នោះ​ព្រះ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​ជាមួយ​គ្នា​ជា​និរន្តរ៍ ។ តើ​សេចក្តីពិត​ណា​ខ្លះ​ដែល​បាន​បង្រៀន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៨ អនុវត្ត​ចំពោះ​រឿង​នេះ ? ( អាពាហ៍ពិពាហ៍​របស់​ពួកគេ​នឹង​មិន​បន្ត​ទៀត​ឡើយ​បន្ទាប់​ពី​ពួកគេ​ស្លាប់ទៅ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩-៣៣

ព្រះអម្ចាស់​សន្យា​ប្រទាន​ពរជ័យ​ដល់​អស់​អ្នក​ដែល​គោរព​តាម​ក្រឹត្យវិន័យ​នៃ​អាពាហ៍ពិពាហ៍សេឡេស្ទាល

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​បទពិសោធន៍​ខាង​ក្រោម ដែល​បាន​ចែកចាយ​ដោយ​អែលឌើរ អែនរីក អ័រ ហ្វាឡាប៊ែឡា​នៃ​ពួកចិតសិបនាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថា្នក់​ស្ដាប់​រក​មើលអ្វី​ដែល​ធ្វើ​ឲ្យ​អែលឌើរ និង ស៊ិស្ទើរ ហ្វាឡាប៊ែឡា កើត​ទុក្ខ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគាត់​រីករាយ ។

រូបភាព
អែលឌើរ អ៊ីនរីហ្គ អរ ហ្វែឡាបែលឡា

« នៅពេល​ខ្ញុំ​ត្រឡប់​មក​ពី​បេសកកម្ម​វិញ ខ្ញុំ​បាន​ជួប​នឹង​យុវនារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ។… នាង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​ចិត្ត តាំងពី​គ្រា​ដំបូង​ដែល​ខ្ញុំ​បាន​ជួប​នាង ។

« ភរិយា​របស់​ខ្ញុំ បាន​ដាក់​គោលដៅ​រៀបការ​នៅព្រះវិហារ​បរិសុទ្ធ ទោះជា​កាល​នោះ​ព្រះវិហារ​បរិសុទ្ធ​ដែល​ជិត​បំផុត​តម្រូវ​ឲ្យ​យើង​ធ្វើ​ដំណើរ​ច្រើន​ជាង ៦៤០០ គីឡូ​ម៉ែត្រ​ក៏​ដោយ ។

« ពិធី​រៀបការ​ស៊ីវិល​របស់​យើង​មាន​ទាំង​រឿង​រីករាយ និង កើត​ទុក្ខ ដ្បិត​យើង​បាន​រៀបការ​ដែល​មាន​កាលបរិច្ឆេទ​ពេល​យើង​បញ្ចប់​ជីវិត​នេះ ។ មន្ត្រី​នោះ​បាន​ប្រកាស​ពាក្យ​ថា ‹ ហើយ​ឥឡូវ​នេះ​ខ្ញុំ​សូម​ប្រកាស​ថា​អ្នក​គឺ​ជា​ស្វាមី និង ភរិយា › ប៉ុន្តែ​បន្តិច​ក្រោយ​មក​គាត់​បាន​និយាយ​ថា ‹ ដល់ពេល​ស្លាប់​អ្នក​នឹង​បែក​គ្នា › ។

« ដូច្នេះ​ដោយ​មាន​ការលះបង់​នោះ​យើង​បាន​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ មេសា អារីហ្សូណា ។

« នៅពេល​យើង​លុត​ជង្គង់​ចុះ​លើ​អាសនា​នៃព្រះវិហារ​បរិសុទ្ធ អ្នកបម្រើ​ដែលមាន​សិទ្ធិ​អំណាច​ម្នាក់​បាន​ប្រកាស​ពាក្យ​ដែល​ខ្ញុំ​ចង់​ស្តាប់​យូរ​មក​ហើយ ដែល​បាន​ប្រកាស​ថា​ពួកយើង​គឺ​ជា​ស្វាមី និង ភរិយា​សម្រាប់​វេលាកាលនេះ និង រហូតដល់ភាពអស់កល្ប​ជានិច្ច » (« The Home: The School of Life, » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១៣​ ទំព័រ ១០២ ) ។

  • ហេតុអ្វី​គ្រួសារ​ហ្វាឡាប៊ែឡា ពុំ​ពេញចិត្ត​ជាមួយ​នឹង​អាពាហ៍ពិពាហ៍​ស៊ីវិល​របស់​ពួកគេ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩-២១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពរជ័យ​ដែល​ព្រះអម្ចាស់​សន្យា​ដល់​អស់​អ្នក​ដែល​ពិត​ចំពោះ​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្បអស់កាល​ជានិច្ច ។ ដោយសារ​វគ្គ​ព្រះគម្ពីរ​នេះ​វែង​ហើយ​ពិបាក​យល់ នោះ​អ្នក​អាច​ចាំបាច់​ឈប់​ពីរបី​ដង​ដើម្បី​ពន្យល់ ហើយ​ឆ្លើយ​សំណួរ ។ ព័ត៌មាន​ខាងក្រោម​នេះ​អាច​ជួយ​ដល់​អ្នក​បាន​ដែរ ៖

ពាក្យ នៅជាប់ មាន​ន័យ​ថា​ទទួល ឬ បន្ត ដូច្នេះ​ឃ្លា « នៅ​ជាប់​ក្នុង​សេចក្តីសញ្ញា​របស់​យើង » (ខ ១៩) និង « នៅជាប់​នឹង​ក្រឹត្យវិន័យ​របស់​យើង »​(ខ ២១) មានន័យ​ថា​បន្ត​នៅ​ពិត​ចំពោះ​សេចក្តីសញ្ញា និង ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ ។

ខ ១៩ មាន​ការសន្យា​ដែល​ថា បើសិន​បុរស និង ស្ត្រី​រៀបការ​នៅក្នុង « សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច » ហើយ « សេចក្តីសញ្ញា​នោះ​បាន​ភ្ជាប់​ដល់​ពួកគេ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តី​សន្យា » នោះ ពួកគេ « នឹងត្រូវបាន​ក្រោក​ឡើង​នៅក្នុង​ដំណើរ​រស់ឡើង​វិញ​លើក​ទីមួយ ហើយ…គ្រង​បល្ល័ង្ក​ទាំងឡាយ នគរ​ទាំងឡាយ ក្សត្របុរី​ទាំងឡាយ និង អំណាច​ទាំងឡាយ » ដរាប​ណា​ពួកគេ « នៅជាប់​ក្នុង​សេចក្តីសញ្ញា​របស់​យើង ហើយ​មិន​ប្រព្រឹត្តិ​ឃាតកម្ម ដោយ​ការកំចាយឈាម​អ្នក​ដែល​គ្មាន​ទោស​ឡើយ » ។ ( សូមមើល​ផងដរ គ. និង ស. ១៣២:២៧) ។

ឃ្លា « ពូជ​ដ៏​បរិបូរ និង បន្តបន្ទាប់​ជា​រៀងដរាប​តទៅ » (ខ ១៩) និង « ពួកគេ​មាន​បន្ត​ទៅ » (ខ ២០) សំដៅ​លើ​ការសន្យា​ដែល​គ្រួសារ និង ពូជពង្ស​របស់​យើង​អាច​បន្ត​រហូត​អស់​កល្បជានិច្ច ។

សូម​សរសេរ បើសិន នោះ នៅលើ​ក្តារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ចន្លោះ​ដើម្បី សង្ខេប​ការសន្យា​ដែល​បាន​ផ្តល់​ឲ្យ​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩-២១ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។ ពួកគេ​អាច​រកឃើញ​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖

បើសិន​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​រស់នៅ​តាម​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាលជានិច្ច​នៃ​អាពាហ៍ពិពាហ៍ នោះ​ពួក​គេ​នឹង​ទទួល​បាន​ភាពតម្កើងឡើង និង​សិរី​ល្អ ។

បើសិន​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​នៅជាប់​នឹង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាលជានិច្ច​នៃ​អាពាហ៍ពិពាហ៍ នោះ​ពួក​គេ​នឹង​មាន​ការកើនឡើង​នៃ​ពូជពង្ស​ដ៏​អស់កល្ប​ជានិច្ច ។

បើសិន​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​នៅជាប់​នឹង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាលជានិច្ច​នៃ​អាពាហ៍ពិពាហ៍ នោះ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​នឹង​មាន​ប្រសិទ្ធិភាព​រហូត​ដល់​អស់កល្ប​អស់កាល​ជានិច្ច ។

បើសិន​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​នៅជាប់​នឹង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាលជានិច្ច​នៃ​អាពាហ៍ពិពាហ៍ នោះ​ពួក​គេ​នឹង​ប្រែក្លាយ​ដូច​ជា​ព្រះ ។

សូម​អានឧទាហរណ៍​ខាងក្រោម​នេះ ៖

ឧទាហរណ៍​ទី​៣ ៖ យុវជន និង យុវនារី​ម្នាក់​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព ។ ពួកគេ​ទាំងពីរ​រស់នៅ​ដោយ​ស្មោះត្រង់ ហើយ​គោរព​សេចក្តីសញ្ញា​របស់​ខ្លួន ។ តើ​សេចក្តីពិតណាខ្លះ​ដែល​បាន​បង្រៀន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩-២១ អនុវត្ត​ចំពោះ​រឿង​នេះ​បន្ទាប់​ពី​ពួកគេ​ស្លាប់​ទៅនោះ ? ( អាពាហ៍ពិពាហ៍​របស់​ពួកគេ​បន្ត​ជា​និរន្តរ៍ ។ ពួកគេ​នឹង​ក្លាយ​ដូច​ជា​ព្រះវរបិតា​ដែល​គង់​នៅ​ឋានសួគ៌ ហើយ​នឹង​ត្រូវបាន​ប្រទានពរ​ជាមួយ​នឹង​សិរីល្អ ភាពតម្កើងឡើង និង គ្រួសារ​អស់កល្ប​ជានិច្ច ) ។

  • តើ​អ្នក​គិត​ថា​ស្វាមី និង ភរិយា​ត្រូវតែ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នៅជាប់​នឹង​សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍ ? ( ចម្លើយ​អាច​រួម​មាន​រស់នៅ​តាម​ព្រះបន្ទូល​របស់​ព្រះ គោរពប្រតិបត្តិ​តាម​គ្រប់​អស់​ទាំង​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ មានគុណធម៌ និង សក្តិសម ស្រឡាញ់​គ្នា ធ្វើការរួម​គ្នា​ដើម្បី​ធ្វើ​ជា​ឪពុក​ម្តាយ​ល្អ ចិញ្ចឹម​កូនចៅ​ដោយ​សេចក្តីស្រឡាញ់ និង សុចរិត ហើយ​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្នា​ជា​ទៀងទាត់ ) ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:២២-២៥ ដោយ​ស្ងៀមស្ងាត់​ដោយ​ផ្តោតយកចិត្ត​ទុកដាក់​ជាពិសេស​ចំពោះ ការពិពណ៌នា​របស់​ព្រះអម្ចាស់​អំពី​ពាក្យ « ទ្វារ » និង ពាក្យ « ផ្លូវ » ដែល​នាំ​ទៅ​កាន់​ភាពតម្កើង​ឡើង ។ ពីមុន​ពួកគេ​អាន​សូម​ពន្យល់​ថា​ពាក្យ ចង្អៀត នៅក្នុង ខ ២២ មាន​ន័យ​ថា​តូច ឬ យ៉ាង​ប្រិតប្រៀន​ដែល​មិន​ឲ្យ​អ្វីមួយ​ឆ្លងកាត់​បាន ។

  • តើ​រូបភាព​នៃ​ទ្វារ​ដ៏​ធំ និង ផ្លូវ​ដ៏​ទូលាយ​អាច​តំណាង​ឲ្យ​ទស្សនៈ​នៅក្នុង​សង្គម​បច្ចុប្បន្ន​អំពី​ទំនាក់ទំនង​គូស្វាមី​ភរិយា និង អាពាហ៍ពិពាហ៍​តាម​របៀបណា​ខ្លះ ? តើ​ទស្សនៈ​ទាំងនេះ​ផ្ទុយ​ទៅនឹង​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្បអស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍​យ៉ាង​ដូចម្តេច ?

  • យោង​តាម ខ ២២ និង ខ ២៥, ហេតុអ្វី​មាន​មនុស្ស​ជាច្រើន​បាន​បរាជ័យ​ក្នុងការចូល​តាម​ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​រក​ភាព​តម្កើងឡើង​យ៉ាង​ដូច្នេះ ? ( ពួកគេ​ពុំ​ទទួល​ព្រះយេស៊ូវគ្រីស្ទ ពុំ​ចង់​ស្គាល់​ទ្រង់ ឬ ពុំ​នៅជាប់​នៅក្នុង​ក្រឹត្យវិន័យ​ទ្រង់ ) ។

  • យោង​តាម ខ ២១–២៤, តើ​យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ? ( សូម​សង្ខេប​ចម្លើយ​របស់​សិស្ស ដោយ​សរសេរ​នូវ​គោលការណ៍​ខាង​ក្រោម​នេះ​លើ​ក្ដារខៀន ៖ ដើម្បី​ទទួល​បាន​ភាពតម្កើងឡើង និង ជីវិត​អស់កល្ប​ជានិច្ច​យើង​ត្រូវតែ​ស្គាល់​ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ ប្រែក្លាយ​ដូច​ជា​ពួកទ្រង់ ហើយ​នៅជាប់​ជាមួយ​ក្រឹត្យវិន័យ​របស់​ទ្រង់) ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:២៩-៣៣ ដោយ​ពន្យល់​ថា អ័ប្រាហាំ​ស្មោះត្រង់ និង គោរពតាម​ក្រឹត្យវិន័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះអម្ចាស់ ហើយ​ថា​លោក​បាន​ទទួល​ការសន្យា​នៃ​ការកើនឡើង​នៃ​ពូជពង្ស​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ធ្វើ​តាម​ក្រឹត្យវិន័យ​របស់​ព្រះ នោះ​យើង​អាច​រស់នៅ​ជាមួយ​ទ្រង់ ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្បជានិច្ច ។

សូមមើល​សំណួរ​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន​ពីមុន​ចាប់​ផ្ដើម​ថ្នាក់រៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ទាំងនេះ ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ អ្នក​អាច​ចង់​អញ្ជើញ​សិស្ស​ម្នាក់ ឬ ពីរ​នាក់ចែកចាយ​អារម្មណ៍​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។

សូម​បញ្ចប់​ដោយ​បង្ហាញ​រូបភាព​ក្រុមគ្រួសារ​របស់​អ្នក ។ សូម​ចែកចាយ​អារម្មណ៍ និង ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្បជានិច្ច ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ក្នុង​ពេល​ឥឡូវ​នេះ ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀប​អាពាហ៍ពិពាហ៏​សម្រាប់​ភាព​អស់កល្បជានិច្ច ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ​ដែល​បាន​សន្យា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ និង សេចក្តី​អំណរ​ដែល​បាន​មក​ពី​ការរៀបចំ​ខ្លួន​សម្រាប់​អាពាហ៏ពិពាហ៏​ក្នុង​ព្រះវិហារបរិសុទ្ធ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៥ ។ អាពាហ៍ពិពាហ៍​ត្រូវបាន « បង្កើត​ឡើង​តាំងពីមុន​កំណើត​លោកិយ​មក​ម្ល៉េះ »

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​សេចក្តី​ពិត​ខាង​ក្រោម​អំពី​អាពាហ៍ពិពាហ៍ និង គ្រួសារ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« ផែនដី​នេះ​ត្រូវ​បាន​បង្តើត ហើយ​សាសនាចក្រ​នេះ​ត្រូវ​បាន​ស្តារ​ឡើង​វិញ ដូច្នេះ​ក្រុមគ្រួសារ​ត្រូវ​បាន​បង្កើត​ឡើង ត្រូវ​បាន​ផ្សារភ្ជាប់ និង ត្រូវ​បាន​តម្កើង​ឡើង​ដ៏​អស់កល្ប​ជានិច្ច ។…

« … អាពាហ៌ពិពាហ៌​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​មិន​គ្រាន់តែ​រវាង​ស្វាមី និង ភរិយា​ប៉ុណ្នោះ​ទេ វា​រួម​ទាំង​មាន​ភាព​ជាដៃគូ​ជាមួយ​ព្រះ ។

« … ពេល​គ្រួសារ​មួយ​ ត្រូវ​បាន​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ គ្រួសារ​នោះ​អាច​ប្រែក្លាយ​ជា​អស់កល្ប​ជានិច្ច​ដូច​នឹង​នគរ​ព្រះ​ផង​ដែរ » (Celestial Marriage » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩៣ ) ។

អែលឌើរ ណិលសុន បាន​បង្រៀន​ផងដែរ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« អាពាហ៍ពិពាហ៍​នាំ​មក​នូវ​លទ្ធភាព​ដែល​កាន់តែ​មហិមា​ដើម្បី​មាន​សុភមង្គល ជាង​ទំនាក់ទំនង​នានា​ទាំងអស់​របស់​មនុស្ស​យើង ។…

« អាពាហ៍ពិពាហ៍​គឺ​ជា​ប្រភព​នៃ​សណ្តាប់ធ្នាប់​សង្គម ប្រភព​នៃ​គុណធម៌ និង ប្រភព​សម្រាប់​ភាពតម្តើងឡើង​អស់កល្ប​ជានិច្ច » (Nurturing Marriage » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣៦ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៧ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសន្យា

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ថ្លែង​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសន្យា​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បោះត្រា​អនុញ្ញាត​លើ​គ្រប់​ពិធី​បរិសុទ្ធដូចជា ៖ ពិធីបុណ្យ​ជ្រមុជ​ទឹក ពិធីបញ្ជាក់ ពិធីតែងតាំង និងពិធីរៀប​អាពាហ៍​ពិពាហ៍ ។ ការសន្យា​នេះ​គឺ​ថា ពរជ័យ​នេះ​នឹង​ត្រូវ​បាន​ទទួល​តាមរយៈ​ភាពស្មោះត្រង់ ។

« បើសិន​មនុស្ស​ម្នាក់​រំលង​សេចក្តីសញ្ញា ទោះវា​ជា​បុណ្យ​ជ្រមុជទឹក ពិធីតែងតាំង និង​ពិធី​អាពាហ៍​ពិពាហ៍ ឬ​អ្វី​ផ្សេង​ទៀត​ក្តី នោះ​ព្រះវិញ្ញាណ​នឹង​ដក​ត្រានៃការ​អនុម័ត​ចេញ ហើយ​ពរជ័យ​នឹង​មិនត្រូវ​បាន​ទទួល​ទៀត​ឡើយ ។

« គ្រប់​ពិធីតែងតាំង​គឺ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការសន្យា​នៃ​រង្វាន់​ ដោយ​ផ្អែកទៅ​លើ​ភាពស្មោះត្រង់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ដក​ត្រា​នៃ​ការយល់ព្រម​ចេញ​នៅពេល​សេចក្តីសញ្ញា​ត្រូវបាន​រំលង [ សូមមើល គ. និង ស. ៧៦:៥២–៥៣; ១៣២:៧] » (Doctrines of Salvation, និពន្ធ​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ភាគ​ទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ១:៤៥ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩-២០ ។ « នោះពួកគេ​នឹង​ទៅ​ជា​ព្រះ…ពីព្រោះ​ពួកគេ​មាន​បន្ត​ទៅ »

អែលឌើរ ប៉ាលី ភី ប្រាត្ត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ប្រាប់​អំពី​របៀប​ដែល​ជីវិត​របស់​លោក​បាន​ផ្លាស់ប្តូរ នៅពេល​លោក​បាន​ទទួល​ការយល់ដឹង​ពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ៖

រូបភាព
ប៉ាលី ភី ប្រាត្ត

« យ៉ូសែប ស៊្មីធ គឺ​ជា​អ្នកដែល​បាន​បង្រៀន​ខ្ញុំ​អំពី​របៀប​ដើម្បី​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​ដ៏​គួរឲ្យ​ពេញចិត្ត​របស់​ឪពុក និង ម្តាយ ស្វាមី និង ភរិយា បងប្អូនប្រុស និង បងប្អូនស្រី កូនប្រុស និង កូនស្រី ។

« វា​ចេញ​ពី​លោក​ដែល​ខ្ញុំ​បាន​រៀន​ថា ភរិយា​ជា​ទីស្រឡាញ់អស់ពីបេះដូង​របស់​ខ្ញុំ​អាចបាន​នៅ ជាប់​នឹង​ខ្ញុំ​សម្រាប់​ពេលនេះ និង​អស់កល្ប​អស់កាល​ជានិច្ច ហើយ​ថា​ការអាណិតអាសូរ និង សេចក្តីស្រឡាញ់​បរិសុទ្ធ​ដែល​ធ្វើ​ឲ្យ​យើង​ស្រឡាញ់​គ្នា​បញ្ជូន​មក​ពី​ប្រភព​នៃ​សេចក្តី​ស្រឡាញ់​អស់កល្ប​ដ៏​ទេវភាព ។ វា​ចេញ​ពី​លោក​ដែល​ខ្ញុំបាន​រៀន​ថា យើង​អាច​បណ្ដុះ​នូវ​សេចក្ដីស្រឡាញ់​ទាំងនេះ ហើយ​វា​លូតលាស់ និង​រីកចម្រើន​ឡើង​ដូចគ្នា​នៅក្នុង​ពេល​អស់កល្ប​អស់កាល​ជានិច្ច ខណៈ​លទ្ធផល​នៃ​ការរួមគ្នា​ដ៏​មិន​ចេះចប់​របស់​យើង​នឹងបង្កបង្កើតជា​កូន​ជាចៅរាប់​មិន​អស់​ដូច​ផ្កាយ​នៅលើ​ស្ថានសួគ៌ ឬ​ខ្សាច់​នៅលើ​ឆ្នេរ​សមុទ្រ ។

« វា​ចេញ​មក​ពី​លោក​ដែល​ខ្ញុំ​បាន​រៀន​ពី​សេចក្តីពិត​នៃ​សេចក្តីថ្លៃថ្នូរ និង ជោគវាសនា​នៃ​បុត្រា​ម្នាក់​របស់​ព្រះ ត្រូវបាន​ផ្តល់​ឲ្យ​ជាមួយ​បព្វជិតភាព​ដ៏​អស់កល្ប​ជានិច្ច ក្នុងនាមជាលោកអយ្យកោ និង មហាក្សត្ររបស់កូនចៅ​ដ៏​ច្រើន​រាប់​មិន​អស់​របស់​ខ្លួន ។ វា​ចេញ​មក​ពី​លោក​ដែល​ខ្ញុំ​បាន​រៀន​ថា សេចក្តី​ថ្លៃថ្នូរ​ដ៏​ខ្ពស់​បំផុត​របស់​ភាព​ជា​ស្ត្រី គឺ ឈរ​ជា​ម្ចាស់ក្សត្រី និង ជា​ស្ត្រី​ដ៏​បរិសុទ្ធ​សម្រាប់​ស្វាមី​ខ្លួន ហើយ​សោយរាជ្យ​ជា​និរន្តរ៍​ក្នុង​នាម​ជា​ម្ចាស់ក្សត្រី​របស់​កូនចៅ​ដ៏​ច្រើន​ឥត​គណនា និង មាន​កូនចៅកាន់តែ​ច្រើនឡើងៗ ។

« ខ្ញុំ​មានសេចក្តីស្រឡាញ់ពីមុន តែ​ខ្ញុំមិន​យល់​ពីមូលហេតុ​វា​ឡើយ ។ ប៉ុន្ដែ​ឥឡូវនេះ​ខ្ញុំ​បាន​ស្រឡាញ់—ដោយ​ភាព​បរិសុទ្ធ—ជា​កម្លាំង​នៃ​អារម្មណ៍​ដែល​បាន​តម្កើងឡើង និង​លើក​ឡើង​ខ្ពស់​ដែល​នឹង​លើក​ព្រលឹង​ខ្ញុំ​ឡើង​ពី​អ្វីៗ​ដែល​មិន​ឋិតថេរ​នៃ​ពិភព​លោក​យើង​នេះ ព្រមទាំង​ពង្រីក​សេចក្តីស្រឡាញ់​នេះ​ដូច​ជា​មហា​សាគរ ។ ខ្ញុំ​មាន​អារម្មណ៍យ៉ាង​ពិតប្រាកដ​ថា​ព្រះ​គឺ​ជា​ព្រះវរបិតាសួគ៌ ហើយ​ថា​ព្រះយេស៊ូវ​គឺ​ជា​បងប្រុស​របស់​យើង ហើយ​ថា​ភរិយា​ជាទី​ស្រឡាញ់​ពេញបេះដូង​របស់​ខ្ញុំ​គឺ​ជា​ដៃគូ​អមត អស់កល្ប ជា​ទេវតា​បម្រើ​មួយ​ដ៏​មាន​សន្តានចិត្ត​ល្អ ដែល​បាន​ប្រទាន​ដល់​ខ្ញុំ​ធ្វើ​ជា​អ្នក​លួងលោម ហើយ​ជា​មកុដនៃសិរីល្អ​ជានិរន្តរ៍ ។ សរុបមក ពេលនេះ​ខ្ញុំ​អាចបាន​ស្រឡាញ់​ដោយ​វិញ្ញាណ និង​ដោយ​ការយល់ដឹង​ផងដែរ ។

« …យ៉ូសែប ស្ម៊ីធ … បាន​បើក​វាំងនន​ម្ខាង ហើយ [ បាន​ផ្តល់ ] ឲ្យ​ខ្ញុំ​មើល​ឃើញ​ទាំងស្រុង​ឆ្ពោះទៅ​ភាពអស់កល្ប​ជានិច្ច » (Autobiography of Parley P. Pratt, កែសម្រួល​ដោយ ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ [ ឆ្នាំ ១៩៣៨ ] ទំព័រ ២៩៧–៩៨ ) ។

នៅឆ្នាំ ១៩១៦ ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ ទីប្រឹក្សា​របស់​លោក​ក្នុង​គណៈប្រធាន​ទីមួយ និង សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រកាស​ ៖

« ដើម្បី​បង្កើន​កម្រិត​នៃ​ការរីកចម្រើន​អស់កល្ប និង សមិទ្ធិផល​ដែល​បាន​ធ្វើ​ឲ្យ​ស្គាល់​តាមរយៈ​វិវរណៈ​ដ៏​ទេវភាព នោះ​យើង​ត្រូវ​យល់​ថា​មាន​តែ​ការរស់ឡើង​វិញ និង រូបកាយ​ដ៏​មាន​សិរីរុងរឿង​តែ​ប៉ុណ្ណោះ ដែល​អាច​ក្លាយ​ជា​ឪពុក​ម្តាយ​នៃ​កូនចៅ​វិញ្ញាណ​បាន ។ មាន​តែ​ព្រលឹង​ដែល​បាន​តម្កើងឡើង​បែប​នោះ​ប៉ុណ្ណោះ ដែល​អាច​ឈាន​ដល់​ភាពចាស់ទុំ​នៅក្នុង​ដំណើរការ​ដែល​បាន​កំណត់ទុក​នៃ​ជីវិតដ៏នៅអស់កល្បជានិច្ច ហើយ​វិញ្ញាណ​ដែល​កើត​មក​ពី ពួកគេ​នៅក្នុង​ពិភព​អស់កល្ប​ជានិច្ច​នានា នឹង បន្ត​តាម​លំដាប់លំដោយ​តាម​ពេលវេលា​ជាច្រើន​តំណាក់កាល ឬ ច្រើន​សណ្ឋាន​ដែល​ឪពុក​ម្តាយ​ដ៏​មាន​សិរីរុងរឿង​នោះ​បាន​ទទួល​ភាព​តម្កើងឡើង »(The Father and the Son: A Doctrinal Exposition by the First Presidency and the Quorum of the Twelve Apostles, »ការដកស្រង់​នៅក្នុង Ensign, ខែ មេសា ឆ្នាំ ២០០២ ទំព័រ ១៨ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:២២-២៥ ។ តើ « ភាពបន្ត​ជីវិត​ទាំងឡាយ » និង « សេចក្តី​ស្លាប់ » គឺ​ជា​អ្វី ?

អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី បាន​បង្រៀន ៖

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« អស់​អ្នក​ដែល​ទទួល​ជីវិតដ៏នៅអស់កល្បជានិច្ច ( ភាពតម្កើងឡើង ) ក៏​នឹង​ទទួល ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នានា, មានន័យ​ថា​នៅពេល​រស់​ឡើង​វិញ​ពួកគេ​មាន ‹ ការរីកចម្រើន​អស់​កល្ប › ‹ ពូជ​ដែល​មាន​ជាបន្តបន្ទាប់ › ‹ ភាពបន្ត​ជីវិត​ទាំងឡាយ › ។ កូនចៅ​ខាង​វិញ្ញាណ​របស់​ពួកគេ នឹង ‹ ច្រើន​ឥតគណនា​ដូច​ជា​ផ្កាយ​ដែរ ឬ ម្យ៉ាង​ទៀត​បើសិន​ជា​អ្នក​រាល់គ្នា​អាច​រាប់​ខ្សាច់​នៅលើ​ឆ្នេរ​សមុទ្រ​បាន ក៏​អ្នក​ពុំ​អាច​រាប់​ពួកគេ​អស់​ដែរ › ។ (គ. និង ស. ១៣១:១–៤; ១៣២:១៩–២៥, ៣០, ៥៥) » ។ (Mormon Doctrine, ការបោះពុម្ព​លើក​ទី ២. [ ឆ្នាំ ១៩៦៦ ] ទំព័រ ២៣៨ សូមមើល​ផងដែរ Doctrine and Covenants Student Manual, ការបោះពុម្ព​លើក​ទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ] ទំព័រ ៣៣០ ) ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ពាក្យ ‹ សេចក្តីស្លាប់ › ដែល​មាន​នៅទីនេះ [ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:២៥] សំដៅ​លើ​ការកាត់ចេញ​នៃ​អស់​អ្នក​ទាំងឡាយ​ណា​ដែល​បដិសេធ​សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​អស់កល្ប​ជានិច្ច​នេះ ហេតុដូច្នោះ​ហើយ​ពួកគេ​បដិសេធ​អំណាច​នៃ​ភាពតម្កើង​ឡើង និង មាន​ពូជពង្ស​ជាបន្តបន្ទាប់​ទៀត ។ ការបដិសេធ​ពូជពង្ស និង អង្គការ​គ្រួសារ​នាំ​ទៅរក ‹ សេចក្តីស្លាប់ › ឬ បញ្ចប់​ការរីកចម្រើន​នៅក្នុង​ជីវិត​បន្ទាប់ » (Church History and Modern Revelation, វគ្គ​ទី ២. [ ឆ្នាំ ១៩៥៣ ] ២:៣៦០​សូមមើល​ផងដែរ Doctrine and Covenants Student Manual, ទំព័រ ៣៣០ ) ។