ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ កម្មវិធី និង អង្គការ​សាសនាចក្រ, សេចក្តីប្រកាស​ជា​ផ្លូវការ​ទី ២, ការពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ, ការប្រកាសអំពី​ក្រុមគ្រួសារ និង ព្យាការី​នៅរស់ ( ទី ៣២ )


មេរៀន​សិក្សា​នៅ​ផ្ទះ

កម្មវិធី និង អង្គការ​សាសនាចក្រ សេចក្តីប្រកាស​ជា​ផ្លូវការ​ទី ២, ការពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ, ការប្រកាសអំពី​ក្រុមគ្រួសារ និង ព្យាការី​នៅរស់ ( មេរៀន​ទី ៣២ )

ការរៀបចំ​មេរៀន​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​មេរៀន​សម្រាប់​សិស្ស​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃ​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​សិស្ស​បាន​រៀន នៅ​ពេល​ពួកគេ​បាន​សិក្សា​មេរៀនទី ៣២ ។ សេចក្តីសង្ខេប​នេះ​មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​សម្រាប់​មេរៀន​ទី ៣២ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបីនេះ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ ( កម្មវិធី និង អង្គការ​សាសនាចក្រ )

នៅក្នុង​មេរៀន​នេះ សិស្ស​បាន​រៀន​ថា​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជួយ​ព្រះវរបិតាសួគ៌​ដើម្បីនាំ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ ។ ពួកគេ​ក៏​បានរៀន​ផងដែរ​ថា កម្មវិធី និង អង្គការ​សាសនាចក្រ​ទាំងអស់​ដំណើរ​ការ​ក្រោម​ការដឹកនាំ​នៃ​ថ្នាក់​ដឹកនាំ​បព្វជិតភាព ដែល​កាន់​កូនសោ​ដើម្បី​ធ្វើ​ជា​អធិបតី ។ សិស្ស​បានរកឃើញ​ថា​នៅពេល​យើង​ចូលរួម​នៅក្នុង​កម្មវិធី និង អង្គការ​សាសនាចក្រ នោះ​យើង​ទទួល​ពរជ័យទាំងឡាយ​ដែល​មាន​តាមរយៈ​ពួក​លោក ។ បន្ទាប់​មក​ពួកគេ​ដាក់​គោលដៅ ដើម្បីកែលម្អ​ការចូលរួម​នៅក្នុង​អង្គការ​ជំនួយ និង កម្មវិធី​នានា​នៃ​សាសនាចក្រ ។

ថ្ងៃទី ២ (សេចក្តីប្រកាស​ជា​ផ្លូវការ​ទី ២)

នៅពេល​សិស្ស​បាន​រៀន​អំពី​វិវរណៈ​ឆ្នាំ ១៩៨៧​ដែល​បាន​ផ្តល់​បព្វជិតភាព និង ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដល់​សមាជិក​សក្តិសម​គ្រប់​រូប​នៃ​សាសចក្រ នោះពួកគេ​បាន​រៀន​ថា​ព្យាការី​ស្វែងរក​ការដឹកនាំ​របស់​ព្រះអម្ចាស់​ក្នុង​ការដឹកនាំ​សាសនាចក្រ ហើយ​ថា​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាម​រយៈ​វិវរណៈ​ទៅកាន់​ព្យាការី​របស់​ទ្រង់​នៅក្នុង​ពេល​កំណត់​របស់​ទ្រង់ ។

ថ្ងៃ​ទី ៣ ( ការពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ )

ចេញ​ពី​មេរៀននេះ សិស្ស​បាន​រៀន​ថា​ព្រះអម្ចាស់​កំពុង​ពន្លឿនកិច្ចការនៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ ។ ពួកគេ​ក៏​បានរៀន​ផងដែរ​ថា​ ពួកគេ​អាច​ចូលរួម​នៅក្នុង​ការពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ តាមរយៈ​ការចែកចាយ​ដំណឹង​ល្អ ការសិក្សាព្រះគម្ពីរ និង ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង កិច្ចការ​ពង្ស​ប្រវត្តិ ។

ថ្ងៃទី ៤ ( ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក )

នៅក្នុង​មេរៀន​នេះ​សិស្ស​បាន​រកឃើញ​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​ទាក់ទង​នឹង​គ្រួសារ​ ដូចខាងក្រោមនេះ ៖ អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រី​ត្រូវបា​ន​តែងតាំង​ដោយ​ព្រះ ការបង្កបង្កើត​នៃ​ជីវិត​រមែង​ស្លាប់​គឺ​ពិសិដ្ឋ ហើយ​ជា​ផ្នែក​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ហើយ​ឪពុក និង ម្តាយ​មាន​កាតព្វកិច្ច​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​ជា​ដៃ​គូ​ស្មើគ្នា​នៅក្នុង​ទំនួល​ខុសត្រូវ​នៃ​ក្រុមគ្រួសារ​របស់​ពួកគេ ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា ព្រះអម្ចាស់​នឹងឲ្យ​យើង​ទទួល​ខុសត្រូវ​ប្រសិន​បើ​យើង​ពុំបំពេញ​ទំនួល​ខុសត្រូវ​របស់​យើង​នៅក្នុង​គ្រួសារ​យើងនោះ​ទេ​ ។

សេចក្តីផ្ដើម

មេរៀន​នេះ​អាចជួយ​សិស្ស​ឲ្យ​យល់​ពី​ពរជ័យ​នៃ​ការ​ត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី​អ្នកមើលឆុត និង អ្នក​ទទួលវិវរណៈ​ដែល​នៅរស់ ។ សិស្សនឹង​សិក្សា​ការទូន្មាន​ថ្មីៗពីប្រធានសាសនាចក្រ ដែល​ជា​ព្យាការី​ជម្រើស​របស់​ព្រះអម្ចាស់ ។

យោបល់​សម្រាប់​ការបង្រៀន

វិវរណៈ​មាន​មក​ជាបន្ត​បន្ទាប់​តាមរយៈព្យាការី​នៅរស់

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​នរណា​គឺ​ជា​ព្យាការីសំខាន់​បំផុត​សម្រាប់​អ្នក?

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​សំណួរ​នេះ ហើយ​ស្តាប់​រក​ចម្លើយ​នៅពេល​អ្នក​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្យាការី​សំខាន់​បំផុត​ចំពោះ​យើង​រាល់គ្នា​ក្នុង​ពេល​នេះ​នោះ​គឺ​ជា​ព្យាការី​ម្នាក់​ដែល​កំពុង​តែ​នៅរស់​ក្នុង​សម័យ និង ជំនាន់​របស់​យើង​នេះ​ឯង » (« Jesus Christ—Gifts and Expectations »New Era, ខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ១៧ ) ។

  • ហេតុអ្វីអ្នកគិត​ថា​ព្យាការីនៅរស់ គឺ​ជា​ព្យាការីសំខាន់​បំផុត​សម្រាប់​យើង ?

បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួចហើយ​ សូម​បន្ត​អាន​សេចក្តីថ្លែងការណ៍​របស់​ប្រធានប៊ែនសឹន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« នេះ​គឺ​ជា​ព្យាការី​ដែល​មាន​នូវ​សេចក្តីណែនាំ​នាសម័យនេះ ពី​ព្រះ​សម្រាប់​យើង ។… គ្រប់ជំនាន់ មានតម្រូវការចាំបាច់​នូវ​បទគម្ពីរ​ពីបុរាណ បូក​រួម​ទាំង​គម្ពីរ​បច្ចុប្បន្នកាល​មកពី​ព្យាការី​នៅរស់ ។ ហេតុដូច្នោះ​ហើយ ការ​អាន និងការ​ពិចារណា​ដ៏​សំខាន់​បំផុត​ដែលអ្នក​គប្បី​ធ្វើ នោះគឺ​ពាក្យ​ពេចន៍​ដ៏បំផុសគំនិត​ថ្មីៗបំផុត​មកពី​មាត់​នៃ​អ្នក​នាំ​ពាក្យ​របស់ព្រះអម្ចាស់ ។ នោះហើយ​ជា​មូលហេតុ​ចាំបាច់​ដែល​អ្នក​មាន​សិទ្ធិ និង អាន​ដោយ​យកចិត្ត​ទុក​ដាក់​នូវ​ពាក្យ​របស់​លោក នៅក្នុងទស្សនាវដ្តី​ប្រចាំ​ខែ​របស់​សាសនាចក្រ » (« Jesus Christ—Gifts and Expectations »ទំព័រ ១៧ ) ។

សូម​ពន្យល់ថា យើងគាំទ្រសមាជិកទាំអស់នៃគណៈប្រធានទីមួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ។ ប៉ុន្តែ ប្រធានសាសនាចក្រ​គឺ​ជា​បុគ្គល​តែម្នាក់​គត់​ដែល​មាន​សិទ្ធិ​អំណាច ដើម្បី​អនុវត្ត​កូនសោ​បព្វជិតភាព​ទាំងអស់​នៅលើ​ផែនដី​នេះ ហើយ​ជា​បុគ្គល​តែម្នាក់​គត់​ដែល​មាន​សិទ្ធិ​អំណាចដើម្បី​ទទួល និង ប្រកាស​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំង​មូល ។

  • យោងតាម​អ្វី​ដែល​បាន​រៀន​នៅក្នុង​មេរៀន​ថ្មីៗ​នេះ តើ​ពេល​ណា​ដែល​ប្រធាន​សាសនាចក្រ​បាន​ប្រកាស​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល ឬ ប្រកាស​ពី​ការផ្លាស់ប្តូរ​ពិសេសៗ​នៅ​ក្នុងដំណើរ​ការ​នានា​នៃ​សាសនាចក្រ ? ( ចម្លើយ​អាច​រួម​មាន​នៅពេល​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ចេញ​សេចក្តីប្រកាស​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព [ សូមមើល សេចក្តីប្រកាស​ជាផ្លូវការ​ទី ១] នៅពេល​ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បាន​ប្រកាស​ពី​សេចក្តីពិតដែល​ពុំ​ដឹង​ពីមុន​អំពី​ស្ថានភាព​ជីវិត​ពិភព​វិញ្ញាណ [ សូមមើល គ. និង ស. ១៣៨] ហើយ​នៅពេលប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ប្រកាស​ថា​ពរជ័យ​នៃ​បព្វជិតភាព​មានដល់​សមាជិក​សក្តិសម​គ្រប់​រូប​នៃ​សាសនាចក្រ [ សូមមើល សេចក្តីប្រកាស​ជាផ្លូវការ​ទី ២] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ​ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្ដាប់ រកមើល​សេចក្តីពិត​ទាក់ទង​នឹង​វិវរណៈ​នៅក្នុង​សម័យ​បច្ចុប្បន្ន​របស់​យើង ។

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« សារដំណឹង​ដ៏​រុងរឿង​មួយ​នៃ​ការស្តារឡើងវិញ​នូវ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺថា ព្រះទ្រង់​បន្ត​មាន​បន្ទូល​មកកាន់​កូនចៅ​របស់​ទ្រង់ ! ទ្រង់​មិន​លាក់​ទុកនៅក្នុង​ស្ថានសួគ៌​ឡើយ ប៉ុន្តែ​មាន​ព្រះបន្ទូល​នៅ​សម័យ​នេះ​ដូចដែល​ទ្រង់​បាន​ធ្វើ​នៅក្នុង​សម័យ​បុរាណ​ដែរ ។…

« ដំបូន្មាន​ដែល​មិន​អាច​កាត់ថ្លៃ​បាន​របស់​ព្រះ​ចំពោះ​មនុស្សលោក​គឺ ត្រូវបាន​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន​គោលលទ្ធិ និង សេចក្តីសញ្ញា និង មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ។ ជាងនោះទៀត ព្រះអម្ចាស់​មានបន្ទូល​តាមរយៈ​អ្នកបម្រើ​ទាំងឡាយ​របស់​ទ្រង់ ដូចដែល​ទ្រង់​នឹង​ធ្វើ​ម្តងទៀត​នៅ​ឯ​… សន្និសីទ​ទូទៅ » (« Why Do We Need Prophets ? » Ensign, ខែ មិនា ឆ្នាំ ២០១២ ទំព័រ ៤ ) ។

  • តើគោលលទ្ធិអ្វីខ្លះទាក់ទង​នឹង​វិវរណៈដែល​ប្រធាន អុជដូហ្វ​បាន​បង្រៀន ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗគ្នា ប៉ុន្តែ​ពួកគេ​គួរ​តែ​រកឃើញ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នេះ ៖ ព្រះអម្ចាស់បន្ត​មាន​បន្ទូលមក​កាន់​ពួក​យើង​សព្វថ្ងៃ​នេះ តាមរយៈ​ព្យាការី​នៅរស់​របស់​ទ្រង់ ។ អ្នក​អាច​សរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​យើង​អាច​ស្វែងរក​ពាក្យ​សម្ដី​របស់​ពួកព្យាការី​នៅរស់នៅទីណា ? ( ចម្លើយ​អាច​រួម​មាន​សន្និសីទ​ទូទៅ ទស្សនាវដ្តីនៃសាសនាចក្រ គេហទំព័រ, LDS.orgនិង mormonchannel.org) ។

ដើម្បីជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈ​សំខាន់ ដែល​ព្រះអម្ចាស់​បន្តមានបន្ទូលមកកាន់ព្យាការី​នៅរស់​របស់​ទ្រង់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្តីថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន យ៉ូហាន ថេលើរ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់រក​មូលហេតុ ដែល​វិវរណៈ​បន្ត​មាន​តាមរយៈ​ព្យាការី​នោះ​សំខាន់អ្វី​ម្ល៉េះ ។

រូបភាព
ប្រធាន យ៉ូហាន ថេលើរ

« យើង​តម្រូវ​ឲ្យ​មាន​ដើម​ឈើ​ដែល​មាន​ជីវិត—ប្រភពទឹក​រស់—បញ្ញា​ដែល​រស់​រវើក ដែលចេញ​មក​ពី​បព្វជិតភាព​ដែល​កំពុង​មាន​ជីវិត​នៅ​ឋានសួគ៌ តាមរយៈ​បព្វជិតភាព​ដែល​កំពុង​នៅរស់​នៅលើផែនដីនេះ ។… ហើយចាប់តាំងពីពេលដែលអ័ដាម​បានទទួលទំនាក់ទំនង​ដំបូង​ជាមួយ​ព្រះ … វា​ត្រូវបានតម្រូវ​ឲ្យ​មាន​វិវរណៈ​ថ្មីៗ សមស្រប​ទៅនឹង​កាលៈទេសៈពិសេសេៗ​នេះ​ដែល​សាសនាចក្រ ឬ បុគ្គល​ម្នាក់​ៗ​ត្រូវ​បាន​ដាក់​ឲ្យ​រស់នៅ​នោះ ។ វិវរណៈ​របស់​អ័ដាម​ពុំ​បាន​បង្គាប់​ឲ្យ ណូអេ​សង់​ទូក​របស់​គាត់​ឡើយ ហើយ​វិវរណៈ​របស់​ណូអេ​ក៏​ពុំ​បាន​ប្រាប់​ឲ្យ​ឡុត​បោះបង់​ចោល​ក្រុង​សូដុំម​ឡើយ រីឯ​ពាក្យ​សម្តី​ទាំង​នេះ​ក៏​ពុំ​បាន​និយាយ​អំពី​ការចាកចេញ​របស់​កូនចៅ​អ៊ីស្រាអែល​ពី​ស្រុង​អេស៊ីព​ដែរ » ​( នៅក្នុង The Gospel Kingdom, sel. G. Homer Durham [ ឆ្នាំ ១៩៨៧ ] ទំព័រ ៣៤ សូមមើល​ផងដែរ គ. និង ស. ១:៣០) ។

  • យោងតាម​ប្រធាន​ថេលើរ​ហេតុអ្វី​យើង​ត្រូវការ​ព្យាការី​នៅរស់ ? ( តាមរយៈ​ព្យាការី​នៅរស់ នោះ​ព្រះ​បាន​ប្រទាន​ការណែនាំ​ជាក់លាក់ចំពោះ​សេចក្តីត្រូវការ និង កាលៈទេសៈ​តាម​កាល​វេលា ​) ។

  • តើ​ការយល់ដឹងពីភាពចាំបាច់នៃការបន្តមានវិវរណៈ អាច​ជះឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ស្តាប់ ឬ អាន​ប្រសាសន៍​របស់​ព្យាការី​នៅរស់​យ៉ាង​ដូចម្តេច​ ?

ធ្វើតាម​ការទូន្មាន​របស់​ព្យាការី​នៅរស់

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​គ្នា​ពី​ការទូន្មាន​របស់​ព្យាការី​នៅរស់ សូម​ជ្រើសរើស​យក​សុន្ទរកថា​សន្និសីទ​ទូទៅ​មួយ ឬ ច្រើន​ជាង​នេះ​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ប្រធាន​សាសនាចក្រ​កាល​ពី​ឆ្នាំ​មុន ។ សូម​ផ្ដល់​ច្បាប់​ចម្លង​នៃសុន្ទរកថា​នោះ​ទៅ​សិស្ស​ម្នាក់​មួយ​ច្បាប់ ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ស្វែងរក​គោលលទ្ធិ និង គោលការណ៍​ដែល​ព្យាការី​នៅរស់​កំពុង​បង្រៀន​បច្ចុប្បន្ន​នេះ ។

បន្ទាប់ពីសិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​អាន​ហើយ សូម​ឲ្យ​ពួកគេ​ធ្វើ​ជា​បញ្ជី​គោលលទ្ធិ និង គោលការណ៍​ដែល​ប្រធានសាសនាចក្រ​កំពុង​បង្រៀន ។ សូម​គិត​ពីការអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។

ដើម្បីជួយសិស្ស​យល់ និង ដឹងពីសារៈសំខាន់​នៃគោលលទ្ធិ និង គោលការណ៍​ទាំង​នេះដែល​ពួកគេ​បាន​រកឃើញ សូម​សួរ​សំណួរមួយចំនួន ឬ ទាំងអស់​ដូច​ខាង​ក្រោម ៖

  • តើគោលការណ៍ ឬ គោលលទ្ធិ​ណាមួយ​ដែល​អ្នក​ទទួល​អារម្មណ៍​ថា​វា​ទាក់ទងយ៉ាង​ពិសេសជាមួយ​នឹង​អ្នក ? ហេតុអ្វី ?

  • តើ​អ្នក និង គ្រួសារ​របស់​អ្នក​កំពុង​ព្យាយាម​ធ្វើ​តាម​ការទូន្មាន​របស់​ព្យាការី​តាមរបៀប​ណា​ខ្លះ ?

  • ហេតុអ្វី​អ្នក​គិត​ថា​វាសំខាន់ ដែល​យើង​ត្រូវ​សិក្សា ហើយ​អនុវត្ត​នូវ​អ្វី​ដែល​ប្រធាន​សាសនាចក្រ​បច្ចុប្បន្ន​នេះ​កំពុង​បង្រៀន ?

សូមសរសេរ សំណួរ​ខាង​ក្រោម នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរទាំង​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖

ចេញពី​ប្រសាសន៍​របស់​ព្យាការី​នៅរស់​ដែល​អ្នក​ទើបតែ​បាន​សិក្សា តើ​សារលិខិត​អ្វី​ដែល​អ្នក​ទទួល​អារម្មណ៍​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នកទទួល​នោះ ?

តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​តាមរយៈ​ការទូន្មាន​ថ្មីៗ​នេះ​របស់​ព្យាការី​ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូមថ្លែងទីបន្ទាល់​ថា​នៅពេល​ពួកគេ​ធ្វើ​ដូច្នេះ នោះពួកគេ​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះវរបិតាសួគ៌​នឹង​ប្រទានពរ​ដល់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​សិក្សា និង អនុវត្ត​ការបង្រៀននានា​របស់​ព្យាការី​នៅរស់​ឲ្យ​បាន​ជាប់លាប់ ។

សូមអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេ​អំពី​ព្យាការី​នៅរស់ ។

នៅពេល​បញ្ចប់​ថ្នាក់​សិក្ខាសាលា​ឆ្នាំសិក្សា​នេះ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​សិក្សា​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ ។ ប្រសិន​បើ​ពួកគេ​នឹង​រៀន​វគ្គ​សិក្សា​ថ្នាក់​សិក្ខាសាលា​ឆ្នាំ​ក្រោយ​ទៀត អ្នក​អាច​ផ្តល់​យោបល់​ឲ្យ​ពួកគេ​ចាប់ផ្តើម​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ ។​ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​គាត់​បាន​ទទួល តាមរយៈ​ការ​បន្ត​អាន​ព្រះ​គម្ពីរ​រៀងរាល់​ថ្ងៃ ទោះបី​ជា​គ្មាន​ថ្នាក់​សិក្ខាសាលា​នៅក្នុងវគ្គ​សិក្សា​ក៏​ដោយ ។