ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ ការស្នងតំណែងបន្ត​នៅក្នុង​គណៈប្រធាន ការចាកចេញ​ពី​ទីក្រុង​ណៅវូ និង ការធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច ( មេរៀន​ទី ៣០ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ការស្នងតំណែងបន្ត​នៅក្នុង​គណៈប្រធាន ការចាកចេញ​ពី​ទីក្រុង​ណៅវូ និង ការធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច ( មេរៀន​ទី ៣០ )

ការរៀបចំ​មេរៀន​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​មេរៀន​សម្រាប់​សិស្ស​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃ​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា​មេរៀនទី ៣០ ។ សេចក្តីសង្ខេប​នេះ​មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​សម្រាប់​មេរៀន​ទី ៣០ ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបីនេះ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ ( ការស្នង​តំណែងបន្ត​នៅក្នុង​គណៈប្រធាន )

សិស្ស​បាន​រៀន​ពី​គោលការណ៍​ខាងក្រោម​អំពី​ការ​ស្នង​តំណែងបន្ត​នៅក្នុង​គណៈប្រធាន ៖ ពួកសាវក​កាន់​កូនសោ​ទាំងឡាយ​នៃ​អំណាច​បព្វជិតភាព​ដែល​ចាំបាច់​ដល់​ការដឹកនាំ​សាសនាចក្រ ។ នៅពេល​ប្រធាន​សាសនាចក្រ​ទទួល​មរណភាព គណៈប្រធាន​ទីមួយ​ត្រូវ​បាន​រំលាយ ហើយ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​ក្លាយ​ជា​កូរ៉ុម​ជា​អធិបតី​ក្រោម​ការណែនាំ​របស់​សាវក​ច្បង ។ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​ទទួល​បាន​សាក្សី​មួយ​ថា អស់​អ្នកដែល​ដឹកនាំ​សាសនាចក្រ​ត្រូវបាន​ហៅ​បម្រើ​ដោយ​ព្រះ ។

ថ្ងៃទី ២ ( ការចាកចេញ​ពី​ទីក្រុង​ណៅវូ ការធ្វើដំណើរ​ឆ្លងកាត់​រដ្ឋ​អៃអូវ៉ា; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១–១៨)

តាមរយៈ​ការសិក្សា​អំពី​កិច្ចខិតខំ​របស់​ពួក​បរិសុទ្ធ​ដើម្បី​បញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ពីមុន​ពួកគេ​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​រដ្ឋ​អិលលីណោយ សិស្ស​បាន​រៀន​ថា ការទទួល​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​គឺ​វាសម​នឹង​កិច្ចខិតខំ និង ការបូជា​ដ៏​សុចរិត​ទាំងអស់​របស់​យើង ។ ពួកគេ​ក៏​បាន​រៀនផងដែរ​ថា ព្រះអម្ចាស់​តម្រូវ​ឲ្យ​ពួក​យើង​រស់នៅ​តាម​សេចក្តីសញ្ញា​ដែល​យើង​ធ្វើ ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១៩-៤២)

នៅពេល​សិស្ស​បាន​សិក្សា​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦ពួកគេបានរៀនថា ប្រសិន​បើយើងរីក​រាយយើង​គួរតែ​សរសើរ និង ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌ ហើយ​ថា​ប្រសិន​បើ​យើង​មាន​ទុក្ខព្រួយ នោះយើង​គួរតែ​អធិស្ឋានសូមឲ្យដួងព្រលឹងរបស់យើងមាន​ក្តីអំណរផង ។ ពួកគេបានឃើញថាការសាកល្បងរបស់យើង អាចរៀបចំយើង​ឲ្យ​ទទួល​សិរីល្អ​របស់​ព្រះដែល​មាន​សម្រាប់​ពួកយើង ហើយ​ថា​ប្រសិនបើ​យើង​បន្ទាបខ្លួន ហើយ​អំពាវនាវ​រក​ព្រះ នោះ​ព្រះវិញ្ញាណ​នឹង​បំភ្លឺ​យើង ។ ពួកគេ​ក៏បានរៀនផងដែរថា ប្រសិនបើយើងឧស្សាហ៍ព្យាយាម​ក្នុងការគោរពព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ នោះការជំនុំជម្រះ​របស់​ព្រះអម្ចាស់​នឹង​ពុំ​មានមកលើយើង​ឡើយ សេចក្តីជំនឿ​របស់​យើង​នឹង​រឹងមាំ ហើយ​មារសត្រូវ​របស់​យើង​នឹង​គ្មាន​ជ័យជំនះ​លើ​យើង​ឡើយ ។

ថ្ងៃទី ៤ ( ក្រុម​អ្នកត្រួសត្រាយ​រទេះ​អូសឆ្នាំ ១៨៥៦-៦០ )

សិស្ស​បាន​រៀន​អំពី​ការសាកល្បង​នៃក្រុម​អ្នកត្រួសត្រាយ​រទេះ​អូស ហើយ​បាន​ឃើញ​ថា ប្រសិន​បើយើង​ស៊ូទ្រាំ​ដោយ​អត់ធ្មត់​ចំពោះ​ដំណឹង​ល្អ នោះ​យើង​អាច​ត្រូវបាន​ញែកចេញ​សម្រាប់​សេចក្តីល្អ ។ ពួកគេ​ក៏​បាន​រៀនផង​ដែរ​ថា ក្នុងនាម​ជា​កូនសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ត្រូវតែ​ជួយ​ដល់​អស់​អ្នកខ្វះខាត ។ ពួកគេ​ក៏​បានរៀន​ផងដែរ​ថា នៅពេល​យើង​ស៊ូទ្រាំ​ការរងទុក្ខ​ដោយ​ស្មោះត្រង់ នោះ​យើង​អាច​កាន់តែ​ស្គាល់​ទ្រង់ ។

សេចក្តីផ្ដើម

តាមរយៈ​មេរៀន​នេះ សិស្ស​នឹង​យល់​ថា​ពួកគេ​អនុវត្ត​សេចក្តីជំនឿ នៅពេលពួកគេធ្វើ​តាម​ការទូន្មាន និង ការណែនាំ​នៃ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​យើង ។ ពួកគេ​នឹង​រៀនផងដែរ​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ពួកគេ​នៅពេល​ពួកគេ​ជួយ​មនុស្ស​ដទៃ​ដែល​ខ្វះខាត ហើយ​រៀបចំ​ផ្លូវ​ដល់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:១-១៨

ព្រះអម្ចាស់ប្រទាន​ព្រះឱវាទ​ដល់​ពួក​បរិសុទ្ធ​ឲ្យ​រៀបចំ​ខ្លួន​ពួកគេ និង រៀបចំ​បន្ត​ដំណើររបស់​ពួកគេ​ទៅ​ទិស​ខាង​លិច

សូមបិទមុខ​សិស្ស​ម្នាក់ ហើយ​យក​គាត់​ទៅដាក់​នៅជ្រុង​ម្ខាង​នៃ​បន្ទប់ ។ បន្ទាប់​មក​សូម​រៀបចំ​របស់របរមួយ​ចំនួន​នៅក្នុង​ថ្នាក់​ឡើង​វិញ សូម​ធ្វើ​វា​ឲ្យ​ឮសំឡេង​ដូច្នេះ​សិស្ស​អាចប្រាប់​ថា​ឥវ៉ាន់​នោះ​ត្រូវបាន​ផ្លាស់ប្តូរ​ទីតាំង ។ សូម​ឲ្យ​សិស្ស​ដែល​ត្រូវបាន​បិទមុខ​នោះ​ជ្រើសរើស​មិត្ត​រួម​ថ្នាក់​ម្នាក់​ឲ្យ​និយាយ​ប្រាប់ ដើម្បី​ជួយ​គាត់​ដើរ​ទៅ​ដល់​ជ្រុង​ម្ខាង​ទៀត​នៃ​បន្ទប់ ។ នៅពេល​សិស្ស​ជ្រើសរើស​នរណា​ម្នាក់​ហើយ​នោះ សូម​សួរ ៖

  • ហេតុអ្វី​អ្នក​ជ្រើសរើសបុគ្គល​ម្នាក់​នោះ ?

  • តើ​ការទុកចិត្ត​របស់​យើង​លើ​បុគ្គល​ផ្សេង​ទៀត​ជះឥទ្ធិពល​លើ​របៀប ដែល​យើង​ធ្វើ​តាម​ការណែនាំ​របស់​ពួកគេ​យ៉ាង​ដូចម្តេច ?

សូម​ឲ្យ​សិស្ស​ដែល​នាំ​ផ្លូវ​ដល់​សិស្ស​ដែល​ត្រូវបាន​បិទមុខ​នោះ និយាយ​ប្រាប់ផ្លូវ​ដែល​នឹង​ជួយឲ្យ​គាត់​ដើរ​ទៅ​ដល់​ជ្រុង​ម្ខាង​ទៀត​នៃ​បន្ទប់ ។ ក្រោយមក​សូម​បង្គាប់​សិស្ស​ទាំង​ពីរ​នោះ​ឲ្យ​ត្រឡប់​ទៅ​អង្គុយ​វិញ ។

សូមអញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម អំពី​ការធ្វើ​ដំណើរ​របស់​ពួក​បរិសុទ្ធ​ចេញពី​ទីក្រុង​ណៅវូ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​អំពីរបៀប​នានា​នៃ​បទពិសោធន៍​របស់​ពួកបរិសុទ្ធ​អាច​មាន ដែល​ស្រដៀង​នឹង​បទពិសោធន៍​នៃ​សិស្ស​ដែល​ត្រូវបាន​ដឹកនាំ​ឲ្យ​ដើរ​ឆ្លង​ក្នុង​បន្ទប់រៀន​នោះ ។

ក្រោម​ការគម្រាមកំហែង​ដ៏​សាហាវ​ព្រៃផ្សៃ​មក​ពីពួក​ជនកំណាច​ក្នុង​មូលដ្ឋាន នោះពួក​បរិសុទ្ធ​បាន​ចាប់​ផ្តើម​ចាកចេញ​ពី​ទីក្រុង​ណៅវូ នៅ​ខែ កុម្ភៈ ឆ្នាំ ១៨៤៦ ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច​ដោយ​ឆ្លងកាត់​រដ្ឋ​អៃអូវ៉ា ។ « ការចាកចេញ​ពី​ទីក្រុង​ណៅវូ​គឺជា ទង្វើ​មួយ​នៃ​សេចក្តីជំនឿ​របស់​ពួក​បរិសុទ្ធ ។ ពួកគេ​បាន​ចាកចេញ​ទៅ​ដោយ​ពុំដឹង​ពី​ទីកន្លែង​ពិតប្រាកដ​ថា​នឹង​ទៅ​ទីណា ឬ នៅពេល​ណា​ពួកគេ​នឹង​ទៅ​ដល់​កន្លែង​មួយ​ដែល​ពួកគេ​អាចបោះទីតាំង​រស់នៅ​បាន​ឡើយ ។ ពួកគេ​គ្រាន់តែដឹង​ថា​ពួកគេត្រូវបាន​បណ្តេញ​ចេញ​ពី​រដ្ឋ​អិលលីណោយ ដោយសារ​មារសត្រូវ​របស់​ខ្លួន ហើយ​ថា​ថ្នាក់​ដឹកនាំ​របស់​ពួកគេ​បាន​ទទួល​វិវរណៈ​ដើម្បី​បោះ​ទីតាំង​នៃ​ជនភាសខ្លួន​នៅ​កន្លែង​មួយ​នៅក្នុង​តំបន់ រ៉កគី ម៉ោនធីន » (Church History in the Fulness of Times Student Manual, ការបោះពុម្ពលើក​ទី ២ [ Church Educational System manual ឆ្នាំ ២០០៣ ] ទំព័រ ៣០៩ ) ។

  • បទពិសោធន៍​របស់​ពួកបរិសុទ្ធ​ដែល​ចាកចេញ​ពី​ទីក្រុង​ណៅវូ ស្រដៀង​ទៅ​នឹង​បទពិសោធន៍​នៃ​សិស្ស​ដែល​ត្រូវបាន​ដឹកនាំ​ឲ្យ​ដើរ​ឆ្លង​ក្នុង​បន្ទប់រៀន​នោះ​យ៉ាង​ដូចម្តេច ?

  • តើ​យើង​អាច​រៀនអ្វីខ្លះ​ចេញ​ពី​បទពិសោធន៍​របស់​ពួក​បរិសុទ្ធដែល​ចាកចេញ​ពី​ទីក្រុង​ណៅវូ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗគ្នា ប៉ុន្តែ​ពួកគេ​គួរតែ​ប្រាប់​គោលការណ៍​ខាង​ក្រោម ៖ យើង​អនុវត្ត​សេចក្តីជំនឿ​នៅពេល​យើង​ធ្វើ​តាម​ការទូន្មាន និង ការណែនាំ​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ) ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្សឲ្យ​បើក​ទៅ​ផែនទីទី ៦ (« ដំណើរ​នៃ​សាសនាចក្រ​ទៅទិស​ខាង​លិច ») នៅក្នុង​ផ្នែក​ផែនទី​ប្រវត្តិសាសនាចក្រ​នៃ​ព្រះគម្ពីរ​របស់​ពួកគេ និង ប្រាប់​ពី​ទីតាំង​នៃ​ទីក្រុ​ងណៅវូ និង វិនធើរ ខ្វតធើរ ។ សូម​ពន្យល់​ថា ដោយសារតែ​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង និង​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ នោះ​ពួកបរិសុទ្ធ​ដែល​បាន​ចាកចេញ​ពី​ទីក្រុង​ណៅវូ​នៅខែ កុម្ភៈ ឆ្នាំ ១៨៤៦ បាន​ចំណាយ​ពេល​បួន​ខែ​ធ្វើដំណើរ​ឆ្លងកាត់​រដ្ឋ​អៃអូវ៉ាចម្ងាយ ៤៨០​គីឡូម៉ែត្រ ។ ល្បឿន​នៃ​ការធ្វើដំណើរ​របស់​ក្រុមនេះ​មាន​ការយឺតយ៉ាវ ដោយសារ​តែ​លក្ខខណ្ឌ​ទាំង​នេះ និង ដោយសារ​ពួកគេ​បាន​បាត់បង់​ការបម្រើ​ពីបុរសៗ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាង ៥០០ នាក់ ។ បុរស​ទាំង​នេះ ដែល​បាន​ស្គាល់​ថា​ជាកងវរសេនា​តូចមរមន បាន​ស្តាប់​តាម​ការអំពាវ​នាវ​របស់​ប្រធាន យ៉ង់​ឲ្យ​ចូល​បម្រើ​កងទ័ព​សហរដ្ឋ ដើម្បី​រក​ប្រាក់​ជួយ​ដល់​សមាជិក​សាសនាចក្រ​ដែល​ក្រីក្រ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច ។ ការបូជា​នេះ​បាន​ជួយយ៉ាង​ច្រើន ប៉ុន្តែវា​ក៏​បាន​បន្សល់​ទុក​នូវ​ក្រុមគ្រួសារ​ជា​ច្រើន​ឲ្យ​គ្មាន​ស្វាមី និង ឪពុកក្នុង​ការធ្វើ​ដំណើរ​ជាមួយ​ពួកគេ​ផងដែរ ។ ដោយ​គិត​ពី​ការធ្វើដំណើរយ៉ាងយឺត​នោះ អ្នកដឹកនាំ​សាសនាចក្រ​បាន​សម្រេចចិត្ត​មិន​បន្ដ​ដំណើរទៅ​ភាគខាងលិច​នៃ​ភ្នំរ៉កគី ម៉ោនធីន​ឡើយ​រហូត​ដល់​រដូវ​ផ្ការីក​ឆ្នាំ ១៨៤៧ ។ ពួកលោក​បាន​ទូន្មាន​ដល់​ពួក​បរិសុទ្ធ ឲ្យ​បោះទីលំនៅសម្រាក​សម្រាប់​រដូវ​រងា​នោះ ។ ការបោះទីលំនៅ​ដ៏ធំបំផុត​មួយ ត្រូវបាន​ធ្វើ​ឡើង​នៅ​វិនធើរ ខ្វតធើរ​នៅ​ភាគ​ខាង​លិច​នៃ​ដង​ទន្លេ​មិសសួរី ដែល​បច្ចុប្បន្ន​នេះ​គឺ​ជា​រដ្ឋណេប្រាស្កា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​សង្ខេប​ខាងក្រោម​ដែល​ពិពណ៌នា​អំពី​វិនធើរ ខ្វតធើរ និង ការបោះទីលំនៅ​បណ្តោះអាសន្ន​ផ្សេងៗ​ទៀត ៖

ពួកបរិសុទ្ធ​ជាច្រើន​បានរស់នៅ​ក្នុងផ្ទះ​ដាច់ៗ​ពីគ្នា និង នៅក្នុងខ្ទម​ដែល​ធ្វើ​ពីឈើ និង ដី ។ មាន​មនុស្ស​ជាច្រើន​ដែល​ខ្វះជម្រក​ជ្រក​ពី​អាកាស​ធាតុ​ត្រជាក់​នេះ ។ ជំងឺ​ជាច្រើន​ដូច​ជា គ្រុនចាញ់ រលាក​សួត របេង អាសន្នរោគ និង ជំងឺ​ខ្វះ​វីតាមីនសេ ដែល​ធ្វើ​ឲ្យ​មានការរងទុក្ខ និង ស្លាប់ជាច្រើន​នាក់ ។ មាន​មនុស្ស​ជាង ៧០០​នាក់​បាន​ស្លាប់​នៅក្នុង​ជំរំនៅ​ចុង​រដូវ​រងា​ដំបូងនោះ ។ ( សូមមើល Our Heritage: A Brief History of The Church of Jesus Christ of Latter-day Saints [ ឆ្នាំ ១៩៩៦ ] ទំព័រ ៧១–៧២;Church History in the Fulness of Times Student Manual, ទព័រ ៣១៩–២០ ) ។

  • ប្រសិនបើ​អ្នក​បាន​នៅ​ជាមួយ​ពួកបរិសុទ្ធ​នៅ​ឯ​វិនធើរ ខ្វតធើរ តើ​អ្នកនឹង​មាន​អារម្មណ៍​បែបណា ដោយ​ដឹងថា​អ្នក​នឹងនៅតែ​ត្រូវ​ធ្វើ​ដំណើរ​ទៅមុខ​រាប់រយ​គីឡូម៉ែត្រ​ទៀត​ដូច្នេះ​នោះ ?

អ្នក​អាច​បង្ហាញ​ថា ទោះបីជា​អំឡុងពេលនៃ​ការរងទុក្ខ និង សេចក្តី​ស្លាប់​នោះ ពួក​បរិសុទ្ធ​ដ៏​សុចរិត​ត្រូវបាន​ប្រទានពរ ដោយសារ​សេចក្តីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ ។ អ្នក​ក៏​អាច​ពន្យល់​ផងដែរ​ថា ព្រះអម្ចាស់​បាន​សន្យា​នូវ​ពរជ័យ​ដ៏​មហិមា​ដល់​អស់​អ្នកដែលស្លាប់​នៅក្នុងការបម្រើ​របស់​ទ្រង់ ( សូមមើល អាលម៉ា ៤០:១១–១២; ៦០:១៣; គ. និង ស. ៤២:៤៦) ។

សូមឲ្យ​សិស្ស​មើល​សារចុះសារឡើង​នៅក្នុង​សេចក្ដីណែនាំកណ្ឌនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦រកមើលទីកន្លែង​ដែល​វិវរណៈ​នេះ​បាន​ប្រទានឲ្យ និង នរណាបានទទួលវា ។ សូមឲ្យពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បានរៀន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:១ ឲ្យឮៗ ។

  • តើ​អ្នក​គិត​ថា​ខគម្ពីរ​អាច​ជួយ​ពួក​បរិសុទ្ធដឹងឲ្យ​ថា ព្រះអម្ចាស់​បាន​បន្ត​បើក​សម្តែង​ព្រះឆន្ទៈរបស់​ទ្រង់​ចំពោះ​ពួកគេ​តាម​របៀប​ណា ?

សូមអញ្ជើញ​សិស្ស​ពីរបីនាក់ឲ្យ​ឆ្លាស់​វេន​គ្នា​អានពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:២-៥ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែលព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ ដើម្បី​រៀបចំ​បន្ដ​ការធ្វើ​ដំណើរ​ទៅ​ភាគ​ខាងលិច​របស់​ពួកគេ ។

  • តើ​ក្រុមនិមួយៗ​ត្រូវបាន​រៀបចំ​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​អ្នកគិត​ថា វា​មាន​ប្រយោជន៍​ដើម្បី​រៀបចំ​ពួកបរិសុទ្ធ​ជា​ក្រុមៗ​ជាមួយ​នឹង​អ្នក​ដឹកនាំ​ដែល​បាន​ជ្រើសតាំង​ដូច្នេះ ? តើ​ការណ៍​នេះ​ស្រដៀងគ្នា​ទៅនឹង របៀប​ដែល​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង​នៅសព្វ​ថ្ងៃ​យ៉ាង​ដូចម្ដេច ? ( នៅពេល​សិស្ស​ឆ្លើយសំណួរ​ទាំង​នេះ អ្នក​អាច​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​រៀបចំ​ពួកបរិសុទ្ធ​របស់​ទ្រង់​ទៅជា​ក្រុមៗ ដើម្បី​ឲ្យ​បុគ្គល​ម្នាក់ៗ​អាចត្រូវបាន​ដឹកនាំ និង ត្រូវបាន​យកចិត្ត​ទុកដាក់​ដល់​ពួកគេ ) ។

សូមពន្យល់​ថា​ដោយសារ​តែ​ជំងឺ និង សេចក្តីស្លាប់​នៅ​វិនធើរ ខ្វតធើរ និង នៅជំរំ​ជុំវិញ​នោះ មាន​ក្រុមគ្រួសារ និង មនុស្ស​ជាច្រើន​នាក់​ត្រូវការជំនួយ​ហិរញ្ញវត្ថុ ដូច្នេះ​ពួកគេ​អាច​បន្ត​ដំណើរ​របស់​ខ្លួន​ទៅ​ទិស​ខាង​លិច​ទៀត ។

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​ឲ្យ​ពួកគេ​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:៦-១១ ជាមួយគ្នា ដោយ​ស្វែងរក​មើល​របៀប​នានា ដែល​ពួក​បរិសុទ្ធ​បាន​ថែទាំ​ដល់​អស់​អ្នក​ដែល​ខ្វះខាត ។ ( អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ សិស្ស​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ) ។ ពីមុន​សិស្ស​អាន​វគ្គ​ព្រះគម្ពីរ​នេះ សូម​ពន្យល់​ថា​ពួក​បរិសុទ្ធ​ទាំងអស់​គ្នា​ពុំ​បាន​ចាកចេញ​ពី​វិនធើរ ខ្វតធើរ​នៅពេល​តែ​មួយ​ជាមួយ​គ្នា​នោះ​ឡើយ ។ ឃ្លា « អស់​អ្នក​ដែល​ត្រូវនៅ » នៅក្នុង ខ ៦ សំដៅលើ​ពួក​បរិសុទ្ធ​ដែល​បន្ត​នៅ​មួយ​រយៈពេល​ទៀត​នៅ​វិនធើរ ខ្វតធើរ និង ជំរំ​ជុំវិញ​នោះ ។

  • តើ​ពាក្យ ឬ​ឃ្លា​ណា​ខ្លះ​នៅក្នុង ខ ៦–១១ ដែល​បង្ហាញ​ពី​របៀប​ដែល​ពួកបរិសុទ្ធ​ត្រូវ​មើលថែទាំ​ដល់​អស់អ្នក​ដែល​ខ្វះខាត​នោះ ?

  • តើមាន​ពាក្យ​អ្វី​នៅ​ក្នុង ខ ៧ ដែល​សំដៅ​ទៅ​លើ​មនុស្ស​ដែលរៀប​ចំ​ផ្លូវ​សម្រាប់​មនុស្ស​ដទៃ​នោះ ? ( ពួក​អ្នក​ត្រួសត្រាយ ) ។

សូម​សរសេរ និយមន័យ​ខាង​ក្រោម​នេះ នៅ​លើ​ក្តារខៀន ។ ( វា​ត្រូវបាន​ដកស្រង់​ចេញពី Oxford English Dictionary, ការបោះពុម្ព​លើកទីពីរ [ ឆ្នាំ ១៩៨៩ ] « pioneer » ) ។

អ្នក​ត្រួសត្រាយ ៖ មនុស្ស​ដែល​ដើរ​ទៅ​មុន ដើម្បីរៀបចំ ឬ បើក​ផ្លូវ​សម្រាប់​មនុស្ស​ដទៃ​ទៀត​ឲ្យ​ដើរ​តាម ។

  • យោងតាម ខ ១១, តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះ​ដល់​អស់​អ្នក​ដែលនឹង​ជួយមនុស្សដទៃដែលខ្វះខាត និង រៀបចំផ្លូវសម្រាប់ពួកគេ ? តើយើងអាចរៀនអ្វីចេញពីការណ៍នេះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយហើយ អ្នកអាចសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះអម្ចាស់​នឹង​ប្រទាន​ដល់​យើង នៅពេល​យើង​ជួយ​ដល់​អ្នក​ដទៃ​ដែល​ទីទ័ល​គ្រ និង​រៀបចំ​ផ្លូវ​សម្រាប់​ពួកគេ) ។

  • តើ​នរណា​បាន​រៀបចំ​ផ្លូវ​សម្រាប់​អ្នក ដើម្បី​ឲ្យអ្នកបានរីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ ?

សូម​ឲ្យ​សិស្ស​ពិចារណាពី​សំណួរ​ខាងក្រោម ។ បន្ទាប់មក​សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹងសិស្សក្នុងថ្នាក់ ។

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះដើម្បី​ក្លាយ​ជា​អ្នក​ត្រួសត្រាយផ្លូវ—ជួយ​ដល់​អ្នកដទៃ​ដែល​ទីទ័លក្រ និង រៀបចំ​ផ្លូវ​សម្រាប់​ពួកគេ​ឲ្យ​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ ?

សូម​បញ្ចប់មេរៀន ដោយ​ថ្លែងទីបន្ទាល់អំពី​សេចក្ដីពិត ដែលអ្នក​បាន​ពិភាក្សា ហើយ​លើក​ទឹកចិត្តអញ្ជើញដល់​សិស្ស​ឲ្យ​ធ្វើ​តាម​សេចក្ដីពិត​ទាំងនោះ ។

មេរៀន​បន្ទាប់ ( សង្គ្រាម​នៅ​យូថាហ៍ និង ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា សេចក្ដីប្រកាស​ជា​ផ្លូវការ​ទី ១, និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨)

ដើម្បី​ជួយ​សិស្សរៀនចំ​ខ្លួន​សម្រាប់ ការសិក្សា​របស់​ពួកគេ​អំឡុងពេល​នៃ​សប្តាហ៍​នេះ សូម​ឲ្យ ពួកគេ​ពិចារណា​សំណួរ​ខាង​ក្រោម​នេះ ៖ តើលទ្ធផល​អ្វីខ្លះ​នឹង​កើត​ឡើងតាមរយៈ​ការលាក់បាំង​អំពើបាប ? នៅក្នុង​មេរៀន​បន្ទាប់​សិស្ស​នឹង​រៀន អំពី​ព្រឹត្តិការណ៍​ដ៏​សោកនាដកម្ម​មួយ​ដែល​បាន​ហៅ​ថា​ការសម្លាប់​រង្គាលនៅ​ភ្នំម៉េដូ ដែល​បាន​កើត​ឡើង​នៅពេល​សមាជិក​សាសនាចក្រ​មួយ​ចំនួន បាន​ព្យាយាម​លាក់បាំងអំពើ​បាប​របស់​ខ្លួន ។ ពួកគេ​ក៏​នឹង​រៀន​ផងដែរ​អំពី​វឌ្ឍនៈភាព​របស់​សាសនាចក្រ នៅពេល​ពួក​បរិសុទ្ធ​បាន​បោះទីលំនៅ​ក្នុងជ្រលង​ភ្នំ​សលត៍ លេក ។