ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤២៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣:៣៦-៧៤


មេរៀនទី ១៤២

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៣៦-៧៤

បុព្វកថា

មេរៀន​នេះ​ពិភាក្សា​នូវ​ផ្នែក​ទីពីរ​នៃ​វិវរណៈ​ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣។ យ៉ូសែប ស៊្មីធ បានទទួល​វិវរណៈ​នេះ នៅថ្ងៃទី ៣ ខែ វិច្ឆិកា​ ឆ្នាំ ១៨៣១ ។ វា​ឆ្លើយ​តប​ទៅនឹង​សំណួរ​ដែលពួកអ្នក​ផ្សព្វផ្សាយសាសនា​បាន​មាន​អំពី​ការ​ផ្សាយដំណឹង​ល្អ និងការ​ប្រមូល​ផ្ដុំវង្ស​អ៊ីស្រាអែល ។ វា​ក៏ពិពណ៌នាអំពីការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ហើយពន្យល់​នូវ​អ្វី​ដែល​យើង​ចាំបាច់ត្រូវធ្វើ ដើម្បីបានរៀបចំសម្រាប់​ការ​យាងមកជាលើក​ទីពីរ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៣:៣៦-៤០

ព្រះអម្ចាស់​ប្រកាស​ថា ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ នឹង​ត្រូវ​ផ្សាយ​ចេញទៅ​គ្រប់​កន្លែង​ក្នុងពិភពលោក

សូម​ចាប់ផ្ដើមមេរៀន​ដោយ​ការសួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើពេលណា ដែលអ្នកធ្លាប់បានមានចិត្ត​រំភើប​យ៉ាងខ្លាំង ដើម្បី​ជួប​នឹង​នរណា​ម្នាក់ ? (សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​រៀបរាប់​អំពីបទពិសោធន៍​របស់ពួក​គេ ។ អ្នកក៏​អាច​ចែកចាយ​បទពិសោធន៍​មួយ​ផងដែរ) ។

រូបភាព
ការយាងមក​ជា​លើក​ទីពីរ

សូម​ដាក់​បង្ហាញ​រូបភាពការយាង​មក​ជា​លើក​ទីពីរសៀវភៅ​សិល្បៈ​ដំណឹងល្អ២០០៩ ] ទំព័រ ៦៦, សូមមើលផង​ដែរLDS.org

  • តើ​អ្នក​មានចិត្តរំភើប ​ដើម្បីជួប​នឹង​ព្រះអង្គសង្គ្រោះ​នៅ​ការ​យាងមក​ជាលើក​ទីពីរ​របស់ទ្រង់​ដែរ​ឬទេ ? ហេតុអ្វី ?

សូម​ពន្យល់​ថា ការ​យាងមក​ជាលើកទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ នឹង​ជា​បទពិសោធន៍​ដ៏​ផ្អែម​ល្ហែម ហើយអស្ចារ្យ​មួយ​សម្រាប់​មនុស្ស​មួយចំនួន ហើយ​វា​ក៏​ជា​បទពិសោធន៍​ដ៏​ភ័យខ្លាច​សម្រាប់​មនុស្ស​ផ្សេងទៀត​ផងដែរ ។ សូម​ថ្លែងទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​មានព្រះទ័យ​ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​ត្រៀម​ខ្លួន​សម្រាប់ការ​យាងមក​របស់ទ្រង់ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៣៦-៣៩ឲ្យ​ឮ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ភស្ដុតាង​ដែល​ថា​ព្រះអង្គសង្គ្រោះ​សព្វព្រះទ័យ​ឲ្យ​មនុស្សទាំងអស់​ត្រៀមខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់ទ្រង់ ។

  • តើ​មាន​ភស្ដុតាង​អ្វីខ្លះ ដែលអ្នកបាន​ឃើញនៅក្នុង​ខគម្ពីរ​ទាំនេះ ដែល​ថា​ព្រះអង្គសង្គ្រោះ​សព្វព្រះទ័យ​ឲ្យ​មនុស្សទាំងអស់​ត្រៀមខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់ទ្រង់ ? ( ទ្រង់​បាន​បញ្ជូន​ទេវតា​មួយអង្គ [ឬ​ពួកទេវតា] ឲ្យ​ស្ដារដំណឹងល្អ​នៅលើ​ផែនដី ។ ទ្រង់​កំពុង​បញ្ជូន​ពួកអ្នកបម្រើ​របស់ទ្រង់​ឲ្យ​ផ្សាយដំណឹងល្អ​ដល់​មនុស្ស​គ្រប់រូប​ផងដែរ ។

  • តើនរណាជា​ពួក​អ្នក​បម្រើ​របស់​ព្រះ ដែល​នឹង​ផ្សាយ​សារនៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ? ( សមាជិកគ្រប់រូបនៃសាសនាចក្រ គឺ​ជា​ពួកអ្នកបម្រើ​នៃ​ព្រះ ដែលមានទំនួលខុសត្រូវដើម្បីចែកចាយដំណឹងល្អ​ជាមួយ​អ្នកដទៃ ។ អ្នកអាច​នឹងប្រាប់ឲ្យ​សិស្ស​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅក្នុង​គម្ពីរ​របស់ពួកគេ ៖ក្នុង​នាម​ជា​ពួកអ្នកបម្រើ​របស់ព្រះ យើងអាច​ជួយអ្នកដទៃ​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ ​ដោយការ​ចែកចាយ​ដំណឹងល្អ​ជាមួយពួកគេ )

  • ស្របតាមខ ៣៨តើ​យើង​ប្រកាស​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ? តើ​អ្នកគិត​ថា​វា​អាច​មានន័យ​ដូចម្តេច ដើម្បីចែកចាយ​ដំណឹងល្អ « ដោយបន្លឺ​សំឡេង​យ៉ាង​ខ្លាំង » ? ( ចម្លើយ​អាច​រួមមានដូចជា យើង​គប្បី​ចែកចាយ​ដំណឹងល្អ​ដោយ​ចិត្តក្លាហាន និង​ដោយ​ជំនឿ​ស៊ប់ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៤០ដោយ​ស្ងាត់ស្ងៀម ហើយ​រក​មើល​អ្វីមួយ​ផ្សេងទៀត ដែលពួក​អ្នកបម្រើ​នៃ​ព្រះ​នឹង​ធ្វើ ពីមុន​ការ​យាងមកជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។

  • ស្របតាម​ខ ៤០តើ​អ្នកបម្រើ​របស់​ព្រះ​នឹង​ធ្វើ​អ្វីខ្លះ ពីមុន​ការ​យាង​មកជា​លើក​ទីពីរ​ ? ( ពួកគេ​នឹង​អធិស្ឋាន​សុំសម្រាប់ការ​យាង​ត្រឡប់មកវិញ​របស់ព្រះអង្គសង្គ្រោះ ) ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៣:៤១-៥៦

ព្រះយេស៊ូវ​គ្រីស្ទ​ពិពណ៌នា​អំពីការ​យាងមកជា​លើក​ទីពីរ​របស់​ទ្រង់

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៤១-៤៥ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវពរជ័យ​ទាំងឡាយ​ដែល​នឹង​កើតមាន​ចំពោះអ្នកទាំងឡាយ​ណា​ដែល​អធិស្ឋាន ហើយ​រង់ចាំ​ការ​យាងមក​ជាលើក​ទីពីរ​របស់ព្រះយេ​ស៊ូវ​គ្រីស្ទ ។

  • ស្របតាមខ ៤៥តើព្រះអម្ចាស់​សន្យា​អ្វីខ្លះ ដល់អ្នកទាំងឡាយ​ដែល​នឹង​រង់ចាំ​ទ្រង់​នោះ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយតប សូម​សរសេរ​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅលើក្ដារខៀន ៖ព្រះអម្ចាស់​បាន​ត្រៀម​ពរជ័យ​ដ៏​មហិមា​ទាំងឡាយ​សម្រាប់​អ្នកទាំងឡាយ​ដែល​រង់ចាំ​ទ្រង់ ) ។

  • តើ​អ្នក​គិត​ថា ការ​រង់ចាំ​ព្រះអម្ចាស់មាន​ន័យ​យ៉ាង​ណា ? ( សូម​ជួយ​សិស្ស​យល់​ថា ឃ្លា « រង់ចាំ​ព្រះអម្ចាស់ » មានន័យ​ច្រើនជាងហួសពី​ការ​គ្រាន់តែ​រង់ចាំ​ឲ្យពេល​វេលា​កន្លង​ផុត​ទៅ​រហូត​ដល់​ទ្រង់​យាងមកនោះ​ទេ ។ វា​មានន័យ​ថា ឃ្លាំចាំមើល ហើយ​ត្រៀមខ្លួន និង​ចូលរួម​នៅក្នុងកិច្ចការ​របស់ទ្រង់ ) ។

ដើម្បីជួយសិស្ស​យល់​កាន់​តែល្អ​ប្រសើរ​អំពី​របៀប​ដែល​ពួកគេ​អាច​រង់ចាំ​ព្រះអម្ចាស់​ និងការយាងមក​ជា​លើកទីពីរ​របស់ទ្រង់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ដូចខាង​ក្រោម​ដោយ អែលឌើរ ជែហ្វ្រី អរ ហូឡិន នៃកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ ។ សូម​ឲ្យសិស្ស​ស្ដាប់​រកមើល​សកម្មភាព​នានា ដែល​យើង​គួរ​ធ្វើ នៅពេល​យើង​រង់ចាំ​ការ​យាងមក​ជា​លើកទីពីរ ។

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« ចំពោះអ្នករាល់គ្នា​ណា ដែល​បាន​ខ្វល់​ខ្វាយអំពី​អនាគត…

« ព្រះ​មាន​ព្រះទ័យ​រំពឹង​ឲ្យ​អ្នក​មាន​សេចក្ដី​ជំនឿ​គ្រប់គ្រាន់ និង ការប្ដេជ្ញាចិត្ត ហើយ​ទុកចិត្ត​លើ​ទ្រង់ ដើម្បី​បន្ត​ទៅ​មុខ បន្ត​រស់នៅ និង​បន្ត​មាន​ចិត្ត​រីករាយ ។ ប្រាកដណាស់ ទ្រង់​មិន​មាន​ព្រះទ័យ​រំពឹង​ឲ្យ​អ្នក ប្រឈម​មុខ នឹង​អនាគតកាល​ដោយ​ធម្មតា ( ដែល​ហាក់ដូចជា​ក្រៀមក្រំ និង បណ្ដោយ​តាម​វាសនា ) នោះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះទ័យ​រំពឹង​ឲ្យ​អ្នក​ឱបក្រសោប​យក ហើយ រៀបចំ អនាគតកាល—ដើម្បី​ចេះ​ស្រឡាញ់ ហើយ​អរសប្បាយ​នឹង​អនាគតកាល ហើយ​ធ្វើ​ឲ្យ​រីករាយ​ឡើង​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

« ព្រះ​ទ្រង់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសា ចំពោះ​ឱកាស​ដើម្បី​ឆ្លើយតប​ការអធិស្ឋាន​របស់​អ្នក ហើយ​បំពេញ​តាម​សេចក្ដី​ប្រាថ្នា​ដែល​អ្នក​មាន ដូច​ដែល​ទ្រង់​ធ្លាប់​បាន​ធ្វើ​រួច​មក​ហើយ ។ ប៉ុន្ដែ​ទ្រង់​ពុំអាច​ធ្វើ​បានទេ បើ​អ្នក​មិនអធិស្ឋាន ហើយទ្រង់​ពុំ​អាច​ធ្វើ​បាន​ទេ បើ​អ្នក​ពុំ​សុបិន​ចង់បាននោះ ។ សរុប​ឲ្យខ្លី ទ្រង់ពុំអាច​ធ្វើ​បានទេ បើអ្នកពុំជឿ​នោះ » ( « Terror, Triumph, and a Wedding Feast » [Church Educational System devotional, ថ្ងៃទី ១២​ ខែកញ្ញា ឆ្នាំ ២០០៤], ទំព័រ ៣,speeches.byu.edu) ។

  • តើ​អែលឌើរ ហូឡិន បានមានប្រសាសន៍​ថា យើងគប្បី​ធ្វើអ្វី​ខ្លះ នៅពេល​យើង​រង់ចាំ​ការ​យាងមក​ជា​លើកទីពីរ​របស់​ព្រះអង្គសង្គ្រោះ ?

សូមអញ្ជើញសិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៤៦-៤៧ដោយ​ស្ងាត់ស្ងៀម ហើយ​រៀបរាប់នូវអ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​មនុស្ស​មួយចំនួន​ដែល​នឹង​នៅលើ​ផែនដី​ក្នុង​គ្រា​នៃ​ការ​យាងមក​ជាលើក​ទីពីរ​ ។ សិស្ស​គប្បី​ទទួលស្គាល់ថា ពុំ​មែន​មនុស្ស​ទាំងអស់​នឹង​ស្គាល់​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​នរណា​ទេ នៅពេល​នៃ​ការ​យាងមកជា​លើក​ទីពីរ​របស់ទ្រង់​នោះ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៤៨-៤៩ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវការ​ពិពណ៌នា​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទមានរូបរាង​យ៉ាង​ម៉េច នៅពេល​នៃ​ការ​យាងមក​ជា​លើក​ទីពីរ​របស់ទ្រង់ ។

  • តើ​នឹង​មានសភាពជាក់លាក់បែបណាខ្លះ អំពី​រូបរាង​របស់ព្រះអង្គសង្គ្រោះ​នៅ​គ្រា​នៃ​ការ​យាងមក​ជាលើកទីពីរ​របស់ទ្រង់ ? ( ទ្រង់​នឹង​យាងមក​ក្នុង​ព្រះពស្ត្រពណ៌​ក្រហម ហើយ​ទ្រង់​នឹង​លេច​មក​នៅក្នុង​សិរីល្អ​ដ៏​មហិមា ) ។

រូបភាព
ធុង​ទំពាំង​បាយជូរ

ដើម្បីជួយ​សិស្ស​យល់​អំពី​និមិត្តរូប​នៃ​ព្រះពស្ត្រ​ពណ៌​ក្រហម​របស់ព្រះអង្គសង្គ្រោះ សូម​ចង្អុល​បង្ហាញពាក្យធុងទំពាំង​បាយជូរនៅក្នុងខ ៤៨។ សូម​ដាក់តាំង​រូបភាព​ដែល​មានអម​មកជាមួយនៃ​ធុងទំពាំង​បាយជួរ (​ក៏​ត្រូវ​បាន​ហៅថា ធុង​ស្រា​ផងដែរ​នោះ) ឬ​គូរូប​មួយ​នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា នៅក្នុង​ជំនាន់​បុរាណ ធុង​ស្រា​គឺជា​បាសាំង​ធំមួយ ដែល​ប្រើ​ដើម្បី​ជាន់យក​ទឹក​ទំពាំង​បាយជួរ​ចេញពី​ផ្លែ ។ បាសាំង​នឹង​ត្រូវ​ដាក់​បំពេញ​ដោយ​ផ្លែ​ទំពាំង​បាយជូរ ហើយ​មនុស្ស​មួយចំនួន​នឹង​ចូល​ទៅក្នុងបាសាំងនោះ ហើយ​ជាន់ទន្ទ្រាំ​ពីលើ​ផ្លែ​ទំពាំ​ង​បាយជូរ ដើម្បី​ឲ្យ​ទឹក​វា​ចេញមក ។ នៅពេល​មនុស្ស​ជាន់​លើ​ទំពាំង​បាយជូរពណ៌​ក្រហម ឬ​ពណ៌ស្វាយ នោះ​ទឹក​ទំពាំង​បាយជូរ​នឹង​ប្រឡាក់ជាប់​ជើង​ និង​សម្លៀកបំពាក់របស់​ពួកគេ​ដោយ​ពណ៌​ក្រហម​ជាំ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៥០-៥១ឲ្យ​ឮៗ ។

  • តើ​ខគម្ពីរទាំងនេះ​ជួយយើង​ឲ្យ​យល់​អំពី​សេចក្ដីយុត្តិធម៌​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? (អ្នកអាច​នឹង​រំឭក​សិស្ស​ថា ពួកទុច្ចរិត​ដែលពុំព្រម​ប្រែចិត្ត​ត្រូវ​តែ​រងទុក្ខ​ទៅតាម​តម្រូវការ​នៃ​សេចក្ដីយុត្តិធម៌ ហើយ​នឹង​មិន​អាច​ធន់​នៅ​ក្នុង​ថ្ងៃ​នៃ​ការ​យាងមកជា​លើកទីពីរ​នោះទេ [សូមមើលគ. និង ស. ៣៨:៨] ។ ព្រះពស្រ្ត​ពណ៌​ក្រហមរបស់ព្រះអម្ចាស់ ជា​តំណាង​ឲ្យលោហិត​នៃ​ពួកទុច្ចរិត​ដែល​នឹង​ត្រូវបានបំផ្លាញ​ចោល នៅពេល​សេចក្ដីយុត្តិធម៌​ចាក់​មក​លើ​ពួកគេ​នៅការយាងមកជា​លើក​ទីពីរ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៥២-៥៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្សក្នុង​ថ្នាក់​ផ្ទៀងតាម ហើយរកមើល​នូវអ្វី​ដែល​ពួកសុចរិត នឹងចងចាំ ហើយ​ថ្លែង​នៅ​គ្រា​នៃការ​យាងមក​ជាលើកទីពីរ ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពីសេចក្ដីមេត្តា​ករុណារបស់​ព្រះអម្ចាស់ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៥៤-៥៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយប្រាប់​ថា​នរណា​នឹង​លេចចេញ​មក​ជាមួយនឹងព្រះអង្គសង្គ្រោះនៅការយាងមកជាលើកទីពីរ ។

  • តើនរណានឹងលេចចេញមកជាមួយព្រះអង្គសង្គ្រោះ​នៅការ​យាងមកជា​លើកទីពីរ ? ( ពួកសុចរិតដែលបានរស់នៅ​ពីមុនព្រះយេស៊ូវគ្រីស្ទ និង​ដែលបាន​រស់ឡើងវិញ​ហើយនោះ នឹង​មក​ជាមួយ​ទ្រង់​នៅក្នុង​សិរីល្អ​របស់ទ្រង់ ។ បន្ថែម​ពី​លើ​នោះ ពួកសុចរិត​ដែល​រស់នៅ និង​បានស្លាប់​ទៅ បន្ទាប់​ពី​ព្រះយេស៊ូវ​គ្រីស្ទ នឹង​ត្រូវ​បាន​រស់ឡើងវិញ ហើយ​ចេញមក​ចូលរួម​នឹង​ព្រះអង្គសង្គ្រោះ និង​អ្នកទាំងឡាយណា​ដែលនៅជាមួយទ្រង់ ។ អ្នកអាច​នឹង​ថ្លែង​ថា ការណ៍​នេះ​រួមមានទាំង​សមាជិក​គ្រួសារ​សុចរិត​របស់​យើង ដែលបានស្លាប់ទៅ​ផងដែរ ។ ពួកសុចរិត ដែល​នៅរស់នៅលើ​ផែនដី នឹង​ « ត្រូវបាន​លើកឡើង » ទៅ​ជួប​នឹង​ព្រះអង្គសង្គ្រោះ [សូមមើលថែស្សាឡូនិចទី ១ ៤:១៧,គ. និង ស. ១០៩:៧៥]) ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៣:៥៧-៧៤

ដំណឹងល្អ​ត្រូវ​បាន​បញ្ជូន​ចេញទៅ​ ដើម្បី​រៀបចំផែនដី​សម្រាប់ការយាង​មកជាលើកទីពីរ​របស់ព្រះយេស៊ូវគ្រីស្ទ

សូម​បែងចែក​សិស្ស​ជា​ដៃគូៗ ។ សូម​អញ្ជើញ​ពួកគេឲ្យ​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​នឹង​ដៃគូ​ពួកគេ ៖

  • តើអ្នកបានរៀនអ្វីខ្លះចេញមកពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣អំពី​ការយាងមក​ជាលើកទីពីរ​របស់ព្រះអង្គសង្គ្រោះ ? តើអ្នកមានអារម្មណ៍​យ៉ាងណា នៅពេលអ្នកគិតអំពី​ព្រឹត្តការណ៍ទាំងនេះ ?

បន្ទាប់ពីសិស្ស​បានពិភាក្សា​សំណួរ​ទាំងនេះ សូមអញ្ជើញពួកគេ​ឲ្យ​ស្រាវជ្រាវ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៥៧-៦២ជាមួយ​នឹង​ដៃគូ​របស់ពួកគេ ហើយរក​មើល​សេចក្ដីពិត​ទាំងឡាយ​អំពី​មូលហេតុ​ដែលដំណឹងល្អ​នឹង​ចេញទៅ​ពីមុន​ការ​យាងមកជាលើក​ទីពីរ​របស់ព្រះអម្ចាស់ ។ ក្រោយពី​មានពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បានរៀន ។

សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​យើង​រៀនដំណឹងល្អ ហើយ​រស់នៅតាម នោះយើង​នឹង​ត្រៀម​ខ្លួន​សម្រាប់ការ​យាងមកជា​លើកទីពីរ​ ។

  • ស្របតាមខ ៦២តើ​ពរជ័យ​ដ៏ធំបំផុត​ដែលយើង​នឹង​ទទួល​មានអ្វីខ្លះ ? ( បន្ទាប់ពីសិស្ស​ឆ្លើយតប សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖អ្នកទាំងឡាយ​ណា​ដែល​ប្រែចិត្ត ហើយ​ញែក​ខ្លួនពួកគេ​ចេញជាបរិសុទ្ធ នឹង​ទទួលជីវិត​ដ៏អស់កល្ប​ជានិច្ច ) ។

ដើម្បីជួយសិស្ស​ភ្ជាប់គោលការណ៍នេះជាមួយ​នឹង​គោលការណ៍​មួយ​ដែលពួកគេ​បាន​ប្រាប់​ពី​មុន​នេះ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​គោលការណ៍នៅក្នុងខ ៦២ទាក់ទង​ទៅនឹង​គោលការណ៍​ដែល​យើង​ប្រាប់នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៤៥ ដែល​បាន​ថ្លែង​ថា « ព្រះអម្ចាស់​បាន​រៀបចំ​ពរជ័យ​ដ៏​មហិមា​ទាំងឡាយ​សម្រាប់អ្នកទាំងឡាយ​ដែល​រង់ចាំ​ទ្រង់​យ៉ាងដូចម្ដេច » ?

សូមសង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៦៣-៧៤​ដោយ​ពន្យល់​ថា នៅក្នុង​ខគម្ពីរទាំងនេះ ព្រះអម្ចាស់​បានប្រាប់​អំពី​ផលវិបាក​មួយចំនួន​ដល់អ្នក​ទាំងឡាយ​ដែល​នឹង​ពុំ​ប្រែចិត្ត ហើយ​ពុំ​ត្រៀមខ្លួនសម្រាប់ការ​យាងមក​ជា​លើកទីពីរ ។​ ផលវិបាក​មួយចំនួនទាំងនេះ រួមមានទាំង​ការ​កាត់ចេញពី​ព្រះអម្ចាស់ និង​រាស្ត្រសុចរិត​របស់​ទ្រង់ ( សូម​មើលគ. និង ស. ១៣៣:៦៣) ហើយ « ត្រូវ​បាន​ប្រគល់​ទៅ​ឯសេចក្ដីងងឹត » ( គ. និង ស. ១៣៣:៧២) មាន​ន័យ​ថា ជាមនុស្សទុច្ចរិត​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​យាងមក​ជាលើកទីពីរ នឹង​ត្រូវ​ចូល​ទៅ​កន្លែង​មួយ​ដែល​ហៅថា ស្ថានឃុំ​វិញ្ញាណ ឬ​ស្ថាននរក ( សូមមើល សេចក្ដីណែនាំ​ដល់បទគម្ពីរ​« ស្ថាននរក »scriptures.lds.org) ។

ដើម្បីបញ្ចប់មេរៀននេះ សូមអញ្ជើញ​សិស្ស​ឲ្យសរសេរ​នៅក្នុងសៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ នូវអ្វី​ដែលពួកគេ​បាន​រៀន​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣​ដែល​បាន​ពង្រឹង​ដល់​ការយល់ដឹង និងទីបន្ទាល់របស់ពួកគេ ​អំពី​ការ​យាងមកជាលើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​គិត​អំពី​ការអញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​គំនិត​ទាំងនេះ​ជាមួយ​នឹងសិស្សក្នុង​ថ្នាក់ ។ សូម​ថ្លែង​ទីបន្ទាល់អំពី​សេចក្ដីពិត​ដែលអ្នកបាន​ពិភាក្សា​ ។