ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៥០ ៖ ក្រុម​អ្នកត្រួសត្រាយ​រទេះអូស​ ឆ្នាំ ១៨៥៦-១៨៦០


មេរៀនទី ១៥០

ក្រុម​អ្នកត្រួសត្រាយរទេះអូស ឆ្នាំ ១៨៥៦-១៨៦០​

សេចក្តី​ផ្តើម

ពួកបរិសុទ្ធ​បាន​មកដល់​ជ្រលងភ្នំ សលត៍ លេក នៅ​ឆ្នាំ ១៨៤៧ បានចេញទៅ​ធ្វើ​ការ​ដាំដំណាំដាំដុះ និង​បង្កើត​ធនធាន​ដទៃទៀត សម្រាប់អន្ដោប្រវេសន៍​នាពេល​អនាគត ។ នៅខែ​ កញ្ញា​ ឆ្នាំ ១៨៥១ ព្រិកហាំ យ៉ង់ និងទីប្រឹក្សារបស់លោក នៅក្នុងគណៈប្រធានទីមួយ បានបញ្ជាក់ឡើងវិញដល់ពួកបរិសុទ្ធទាំងអស់កំពុងរស់នៅ​ក្នុង​រដ្ឋ អៃអូវ៉ា និង​នៅជុំវិញពិភពលោក មក​ជួបជុំ​គ្នា​នៅ​ជ្រលងភ្នំសលត៍ លេក ។ មាន​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយជា​ច្រើន​បាន​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​របស់​ប្រធាន យ៉ង់ ដោយមានការ​លះបង់​ដ៏ធំក្រៃលែង ។ សមាជិក​នៃ​ពួកដប់ពីរ​នាក់ ត្រូវ​បាន​បញ្ជូនឲ្យទៅ​មើលអន្ដោប្រវេសន៍ ហើយនៅក្នុ​ងឆ្នាំ ១៨៥២ មានពួកបរិសុទ្ធ​កាន់តែ​ច្រើន​បាន​ធ្វើ​ដំណើរតាមផ្លូវរទេះ​ទៅកាន់​ជ្រលងភ្នំ​សលត៍ លេក ដែលច្រើនជាង​ឆ្នាំ​នានាឯទៀត ។ បន្ថែមពីលើនោះ មានពួកបរិសុទ្ធ​ជាច្រើន​ធ្វើដំណើរ​ទៅ​ជ្រលង​ភ្នំ សលត៍ លេក​ នៅ​ក្នុង​ក្រុម​រទេះរុញ ចន្លោះ​ឆ្នាំ ១៨៥៦ និង ឆ្នាំ ១៨៦០ ។

យោបល់​សម្រាប់​ការបង្រៀន

ពួកបរិសុទ្ធ​បាន​គោរព​តាមដំបូន្មាន​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា​នៅជ្រលង​ភ្នំ​សលត៍ លេក

សូមឲ្យ​សិស្ស​នឹក​គិតថា ពួកគេ​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើដំណើរ​ចម្ងាយ ១៣០០ ម៉ែល (​ប្រហែលជា ២០៩០ គីឡូម៉ែត្រ ) ថ្មើរជើង ខណៈ​ដែល​ត្រូវ​អូស​រទេះផងដែរ ហើយ​ពួកគេ​អនុញ្ញា​តឲ្យ​យក​ ​តែ១៧ ផោន (​ប្រហែលជា ៧.៧ គីឡូក្រាម ) នូវរបស់​របរ​ផ្ទាល់​ខ្លួនតែ​ប៉ុណ្ណោះ ។ សូម​សួរ​ថា​តើមានសិស្ស​ណា​ខ្លះ​ដែល​ចង់​ស្ម័គ្រ​ចិត្ត​ធ្វើដំណើរ​ ។

សូម​បង្ហាញ​ដល់សិស្ស​នូវ​រូបភាពរទេះអូស ឬ​គូររូប ដែល​មានអម​មកជាមួយ​ នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា​នៅក្នុងឆ្នាំ ១៨៥៦ ប្រធាន ព្រិកហាំ យ៉ង់ បាន​ស្នើ​សុំ​ឲ្យ​អ្នក​ធ្វើ​អន្ដោប្រវេសន៍ ​គប្បី​ធ្វើដំណើរ​ដោយ​ការ​ប្រើ​រទេះអូសជំនួស​ឲ្យ​រទេះ​សេះ ដោយសារតែ​មានការខ្វះខាតខាង​ហិរញ្ញវត្ថុ ។ ក្រុម​រទេះអូស ពុំ​សូវ​ចំណាយ​ច្រើនទេ ហើយ​អនុញ្ញាត​ឲ្យ​មាន​ពួកបរិសុទ្ធ​កាន់តែច្រើនរូប ធ្វើ​អន្ដោប្រវេសន៍ ។ នៅចន្លោះ​ឆ្នាំ ១៨៥៦ និង ១៨៦០ មានពួកបរិសុទ្ធ​ស្ទើរតែ ៣០០០ នាក់ បានជ្រើសរើស​ធ្វើដំណើរ​ទៅទិស​ខាង​លិច​កាត់​វាល​ទំនាប​នៃ​សហរដ្ឋអាមេរិក​ទៅកាន់រដ្ឋ​យូថាហ៍ ដោយ​អូស​របស់របរ​ពួកគេ​នៅក្នុង​រទេះអូស ។ ក្រុម​រទេះរុញ​ច្រើន​បំផុត​បាន​ដាក់​ស្បៀងអាហារ និង​សម្ភារ​ផ្ទាល់ខ្លួន និង​អាហារ​ខ្លះៗ​នៅក្នុង​រទេះ ហើយ​ដើរ​ពីទីក្រុង អៃអូវ៉ា រដ្ឋ អៃអូវ៉ា ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ ក្រុម​បីចុង​ក្រោយគេ បាន​ចាប់​ផ្ដើម​ការ​ធ្វើដំណើរ​នៅទីក្រុង​ហ្លូរិន រដ្ឋ នេប្រាស្កា ។

រូបភាព
ផែនទី​ផ្លូវ​រទេះអូស
រូបភាព
រទេះអូស

សូម​ដាក់តាំង​ប្រអប់ ឬ​ធុងមួយ​ដែល​មាន​ទម្ងន់​ចំនួន ១៧ ផោន ( ប្រហែលជា ៧.៧ គ.ក ) ។ សូមឲ្យសិស្សពីរបីនាក់​លើក​វត្ថុនោះឡើង ។ សូមពន្យល់​ថា មនុស្ស​ពេញ​វ័យ​ដែលធ្វើដំណើរ​ក្នុងក្រុម​រទេះអូស ត្រូវ​បានអនុញ្ញាត​ឲ្យ​យក​សម្ភារ​ផ្ទាល់ខ្លួន​ទម្ងន់ចំនួន ១៧ ផោន ។ កុមារ​តូចៗ​អាច​យកទម្ងន់ចំនួន ១០ ផោន ( ប្រហែលជា ៤.៥ គ.ក ) ។ សម្ភារ​ផ្ទាល់ខ្លួន​រួមមាន​សម្លៀកបំពាក់ និង​វត្ថុ​ផ្សេងទៀត ។ សម្ភារ​ត្រូវ​បាន​ថ្លឹង​ទៅតាមបុគ្គល​ម្នាក់ៗ ហើយ​អ្វីៗ​ដែល​លើស​ពីកម្រិតនៃទម្ងន់​នេះ ត្រូវបោះបង់ចោល ។

  • បើអ្នក​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្រុម​រទេះអូស​ទាំងអស់នេះ តើ​សម្ភារ​ផ្ទាល់ខ្លួន​អ្វីខ្លះ ដែលអ្នក​នឹង​ជ្រើសរើស​យក ? ហេតុអ្វី ?

  • ហេតុអ្វី​អ្នកគិត​ថា ពួកបរិសុទ្ធ​ស្ម័គ្រចិត្តធ្វើ​ពលិកម្ម​យ៉ាង​ច្រើន​ដើម្បីទៅដល់​រដ្ឋ​យូថាហ៍​ដូច្នេះ ?

ទោះជា​ការ​ធ្វើ​ដំណើរ​មានការ​លំបាកក្ដី មាន​ក្រុមរទេះអូស​ចំនួន​ប្រាំ​បី​ក្នុង​ចំណោម​ដប់ក្រុម បានធ្វើដំណើរទៅដោយជោគជ័យនៅចន្លោះ​ឆ្នាំ ១៨៥៦ និងឆ្នាំ ១៨៦០ ។ ប៉ុន្តែនៅឆ្នាំ ១៨៥៦ មាន​ក្រុម​រទេះអូស​ទីបួន និង​ទីប្រាំ បាន​ចេញ​ដំណើរ​យឺត​ពេល​ក្នុងរដូវ ហើយបាន​ជួប​នឹង​ការ​លំបាក​ដ៏​ធ្ងន់ធ្ងរ ។ ពួកគេ​គឺជា​ក្រុមរទេះ​អូស វីលី ដែល​ដឹកនាំ​ដោយ ជេម ជី វីលី និង ក្រុម​រទេះអូស ម៉ាទីន ដែល​ដឹកនាំ​ដោយ អែតវើត ម៉ាទីន ។ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ប្រហែលជា ១០០០ ម៉ែល ( ប្រហែលជា ១៦០០ គីឡូម៉ែត្រ ) ខាង​លិច​រដ្ឋ អៃអូវ៉ា ក្រុម​រទេះអូស​ទាំងឡាយ​បាន​ខ្វះខាត​គ្រឿង​សម្ភារ និង ​អាហារយ៉ាង​ខ្លាំង ។ នៅខែ​តុលា ក្រុមទាំង​ពីរ​នេះ ត្រូវ​ជាប់​នៅក្នុង​ព្យុះ​ទឹកកករដូវ​រងារ​ដ៏​ធ្ងន់ធ្ងរ​នៅលើ​ទីវាល​ទំនាប​នៃ​រដ្ឋ វ៉ាយអូមីង ដែល​បាន​បង្អាក់​ការ​ធ្វើដំណើរ​ទៅមុខ​របស់​ពួកគេ ។ ពួកបរិសុទ្ធ​ទាំងនេះ​បាន​រងទុក្ខ​យ៉ាង​លំបាក​នៅក្នុង​ភាព​ត្រជាក់​ និង​ទឹកកក​ដ៏ក្រាស់ ។ ( សូម​គិត​ធ្វើការ​ដាក់​បង្ហាញ​រូបភាព​នៃ​ពួក​អ្នក​ត្រួសត្រាយផ្លូវ​រទេះ​អូស ដូចជា ក្រុម​ត្រួស​ត្រាយ​ផ្លូវ​ដែល​អូសរទេះ​នោះបាន​មកដល់​ជ្រលង​ភ្នំ​សលត៍ លេក [Gospel Art Book (២០០៩) លេខ ១០២ សូមមើល​ផងដែរ ​LDS.org]) ។

រូបភាព
ក្រុម​ត្រួសត្រាយ​ផ្លូវដែល​អូសរទេះ​នោះ​បាន​មកដល់​ជ្រលង​ភ្នំ​សលត៍ លេក

បើ​អាច​ធ្វើ​ទៅបាន សូម​ផ្ដល់​ដល់សិស្ស​នូវច្បាប់​ចម្លង​នៃ​ដំណើរ​រឿង​របស់អើរ៉ុន និង អេលីស្សាប៊ែត ចាកសុន ដូច​ខាង​ក្រោម ។ សូម​ពន្យល់​ថា ចាកសុន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​របស់ ម៉ាទីន ដែល​ធ្វើដំណើរ​ប្រហែលជា ១០០ ម៉ែល ( ប្រហែលជា ១៦០ គ.ម) ពីក្រោយ​ក្រុម​របស់​វីលី ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ អាន​សេចក្ដីថ្លែង​ការណ៍នេះ​ឲ្យ​ឮៗ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ភស្ដុតាងនៃ​សេចក្ដីជំនឿ​របស់​អើរ៉ុន និងអេលីស្សាប៊ែត ។

នៅ​ថ្ងៃ​ទី ១៩ ខែ តុលា ឆ្នាំ ១៨៥៦ សមាជិក​ក្នុង​ក្រុម​រទេះ​អូស​របស់ ម៉ាទីន ត្រូវ​ឆ្លង​កាត់​ទន្លេ​ដ៏​ធំ​មួយ អំឡុង​ពេល​ព្យុះ​ទឹកកក​មួយ ។ សមាជិក​ក្នុង​ក្រុម​នោះ​ជាច្រើន​នាក់ រួមមាន​ទាំង អើរ៉ុន ចាកសុន ផងដែរ​ បាន​ទន់ខ្សោយ ហើយ​បាន​ធ្លាក់​ខ្លួន​ឈឺ រីឯ​ការធ្វើ​ដំណើរ​ឆ្លង​កាត់​ទន្លេ គឺ​មាន​ឥទ្ធិពល​កាន់​តែ​អាក្រក់​លើ​ពួកគេ ។ អេលីស្សាប៊ែត ចាកសុន បាន​ពិពណ៌នា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ស្វាមី​របស់​គាត់​នៅ​ពីរបីថ្ងៃ​ក្រោយ​មក ៖

« ខ្ញុំ​បាន​ចូល​ដេក នៅ​ម៉ោង​ប្រហែល​ជា​ប្រាំ​បួន ។… វា​ដូចជា ខ្ញុំ​បាន​ដេក​រហូត​ដល់​ម៉ោង​ប្រហែល​ជា​ពាក់កណ្ដាល​អធ្រាត្រ ។ ខ្ញុំ​ត្រជាក់យ៉ាង​ខ្លាំង ។ អាកាសធាតុ​កាន់​តែ​ត្រជាក់ខ្លាំង ។ ខ្ញុំ​បាន​ស្ដាប់​ថាតើ​ស្វាមី​របស់​ខ្ញុំ​នៅ​មាន​ដណ្ដើម​ឬ​ទេ--​ព្រោះ​គាត់​ដេក​នឹង​ថ្កល់ ។ ខ្ញុំ​ស្ដាប់​ពុំ​ឮ​ដង្ហើម​របស់​គាត់​ទេ ។ ខ្ញុំបាន​ដឹង​ភ្លាម ។ ខ្ញុំ​បាន​ដាក់ដៃ​ខ្ញុំ​លើ​ខ្លួនគាត់ នៅ​ពេល​នោះ​បាន​ដឹង​ដោយ​រន្ធត់​ចិត្តជា​ខ្លាំង ហើយ​ភាពភ័យខ្លាច​បំផុត​របស់​ខ្ញុំ​បានចាប់​ផ្ដើម ។ ស្វាមី​របស់​ខ្ញុំ​បាន ស្លាប់​ហើយ ។… ខ្ញុំ​បាន​ស្រែក​ហៅ​រកជំនួយ​ពី​មនុស្ស​ដែល​នៅ​ក្នុងតង់​ផ្សេង​ទៀត ។ ពួកគេ​ពុំ​អាច​ជួយ​ខ្ញុំ​ អ្វី​បាន​ទេ ។… នៅពេល​ព្រឹក​ឡើង នោះ​បុរស​មួយ​ចំនួន​មក​ពី​ក្នុង​ក្រុម បាន​រៀបចំ​បញ្ចុះ​សព​របស់​គាត់ ។… ពួកគេ​បាន​រុំ​សព​គាត់​នៅ​ក្នុង​ភួយ​មួយ ហើយ​បាន​ដាក់​គាត់នៅ​ក្នុង​គំនរ​នៃ​មនុស្ស​ស្លាប់​ដប់បី​នាក់​ទៀត រួច​ក៏​គ្រប​ដណ្ដប់​គាត់​ដោយ​ពំនូក​ទឹកកក ។…

« ខ្ញុំ​ពុំ​ចង់​ពិពណ៌នា​អំពី​អារម្មណ៍​របស់​ខ្ញុំ ពេល​ឃើញ​ថា​ខ្លួន​ត្រូវ​បាន​បន្សល់​ទុក​ឲ្យ​នៅជា​ស្ត្រីមេម៉ាយ​ជាមួយ​នឹង​កូន​បីនាក់ ស្ថិត​នៅក្រោម​ស្ថានភាព​ដ៏ឈឺ​ចាប់​ដូច្នេះ​ទេ ។ ខ្ញុំពុំអាច​ធ្វើបាន​ទេ ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ទៅលើ​កំណត់ត្រា​ទេវតា​ ដែលបានពិពណ៌នា​នៅក្នុងកំណត់ត្រា​ខាង​លើ ហើយ​ថា​ការ​រង​ទុក្ខ​របស់ខ្ញុំ​ដើម្បី​ជា​ប្រយោជន៍​របស់​ដំណឹងល្អ នឹង​ញែក​ចេញ​ជា​បរិសុទ្ធ​ចំពោះ​ខ្ញុំ សម្រាប់​ជា​សេចក្ដី​ល្អ​របស់ខ្ញុំ » (​Leaves from the Life of Elizabeth Horrocks Jackson Kingsford [ឆ្នាំ ១៩០៨], ទំព័រ ៦–៧; សូមមើល​ផងដែរhistory.lds.org) ។

  • តើ​អេលីស្សាប៊ែត បាននិយាយយ៉ាងណា​អំពី ការ​រង​ទុក្ខ​របស់​គាត់​សម្រាប់​ជា​ប្រយោជន៍​នៃ​ដំណឹងល្អ ? តើ​អ្នកគិតយ៉ាងណា ចំពោះឃ្លា « ញែក​ខ្ញុំ​ចេញ​ជា​បរិសុទ្ធ​សម្រាប់​សេចក្ដី​ល្អ​របស់​ខ្ញុំនោះ ? ( ការ​រងទុក្ខ​របស់​គាត់ នឹង​ធ្វើ​ឲ្យទៅជា​ពិសិដ្ឋ និង​បរិសុទ្ធ សម្រាប់ជាប្រយោជន៍​របស់គាត់ ) ។

  • តើ​អ្វីខ្លះ​អាច​កើតមានចំពោះ​យើង បើ​យើង​ចាំបាច់​ត្រូវ​រងទុក្ខ​ដោយ​អត់ធ្មត់ចំពោះប្រយោជន៍​នៃ​ដំណឹងល្អនោះ ? ( សូម​សរសេរគោលការណ៍ដូចខា​ងក្រោម​នៅលើ​ក្ដារខៀន ៖បើ​យើង​រងទុក្ខ​ដោយអត់ធ្មត់​ដើម្បី​ប្រយោជន៍​នៃ​ដំណឹងល្អ នោះ​វា​អាច​ញែក​ខ្លួន​យើង​ចេញ​ជា​បរិសុទ្ធ​សម្រាប់​សេចក្ដីល្អ ។ [សូមមើលគ. និង ស. ១២២:៧; នីហ្វៃទី ២ ២​: ២]) ។

  • ទោះជា​អ្នក​ពុំ​រងទុក្ខ​ដូចជា​ អេលីស្សាប៊ែត ចាកសុន ក្ដី តើអ្នក​អាច​នឹង​ត្រូវ​រងទុក្ខ​ដើម្បី​ប្រយោជន៍​នៃ​ដំណឹងល្អ​តាម​របៀប​ណាខ្លះ ? តើអ្នកអាច​ទទួលពរ តាមរយៈបទពិសោធន៍​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា អំឡុង​ពេល​ពីរ​បី​ថ្ងៃ​ក្រោយ បន្ទាប់ពី​ អើរ៉ុន ចាកសុន បាន​ស្លាប់ នោះ​ក្រុម​រទេះអូស ម៉ាទីន បាន​ធ្វើដំណើរ​ឆ្ពោះទៅមុខ​ទៀត បានប្រហែលជា ១០ ម៉ែល ( ប្រហែលជា ១៦ គីឡូម៉ែត្រ ) ។ មនុស្ស​ជាច្រើន​បាន​ស្លាប់​អំឡុង​ពេល​នេះ ។ នា​យប់មួយ អំឡុង​ពេល​ធ្វើដំណើរ​នេះ គ្មាន​នរណា​ម្នាក់​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​បោះ​តង់​នោះ​ទេ ។ អេលីស្សាប៊ែត ចាកសុន បាន​អង្គុយ​នៅ​លើ​ថ្ម​មួយ​ដុំ ដែល​កូន​ម្នាក់​អង្គុយ​នៅលើ​ភ្លៅ ហើយ​កូន​ម្នាក់ទៀត​អង្គុយ​នៅ​សង​ខាង​គាត់ ។ គាត់​បាន​នៅ​អង្គុយ​ដូច្នោះ​រហូត​ដល់​ព្រឹក ។ អេលីស្សាប៊ែត​បាក់ទឹកចិត្តខ្លាំង​ណាស់ ។ រួច​ហើយ​នា​យប់​ថ្ងៃ​ទី ២៧ ខែ​តុលា គាត់​បាន​ទទួល​បទពិសោធន៍​មួយ ដែល​ផ្ដល់​​​ក្ដីសង្ឃឹម​ដល់គាត់​ដើម្បី​រួច​ពីគ្រោះថ្នាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ដំណើររឿង​ដូច​ខាង​ក្រោម​ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្សក្នុង​ថ្នាក់​ស្ដាប់​ពីអ្វី​ដែលអេលីស្សាប៊ែត​បាន​រៀន​នៅក្នុង​សុបិន​មួយនោះ ។

« មនុស្ស​នឹង​អាច​យល់ហើយថា នៅក្រោម​ស្ថានភាព​ដ៏អាក្រក់​ដូច្នេះ ខ្ញុំ​អស់សង្ឃឹមជា​ខ្លាំង ។ ខ្ញុំ​នៅ​ចម្ងាយ​ប្រាំបួន​ពាន់​ប្រាំរយ ឬ មួយ​ម៉ឺន​មួយ​ពាន់​គីឡូម៉ែត​ពី​ដែនដី​កំណើត​របស់​ខ្ញុំ នៅ​ក្នុង​តំបន់​ព្រៃភ្នំ​ក្រោម​ថ្ម នៅ​ក្នុង​ស្ថានភាព​ដ៏​អស់​សង្ឃឹម ដែល​ផ្ទៃដី​គ្រប​ដណ្ដប់​ដោយ​ព្រិល ទឹក​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ទឹកកក ហើយ​ខ្ញុំ​នៅ​ជាមួយ​នឹង​កូន​បីនាក់​ដែល​គ្មាន​ឪពុក គ្មាន​អ្វី​ជួយ​ការពារ​ពួកគេ​ពី​ព្យុះ​ដ៏​កំណាច​ឡើយ ។ ពេល​ខ្ញុំ​ចូល​ដេកនៅ​ពេល​យប់ នៅ​ថ្ងៃទី ២៧ ខែ​តុលា នោះ​ខ្ញុំ​មានវិវរណៈ​យ៉ាង​អស្ចារ្យ​មួយ ។ នៅ​ក្នុង​សុបិន​របស់ខ្ញុំ ប្ដី​របស់ខ្ញុំ​បានឈរ​នៅជិត​ខ្ញុំ ហើយ​បាន​និយាយ​ថា-- ‹ សូម​រីករាយឡើង អែលីស្សាប៊ែត ការ​ជួយ​សង្គ្រោះ​ជិត​មកដល់​ហើយ ›»(Leaves from the Life of Elizabeth Horrocks Jackson Kingsford៨ សូមមើល​ផងដែរhistory.lds.org ) ។

សូម​ប្រាប់​សិស្ស​ថា សុបិន​ត្រូវ​បាន​បំពេញ នៅពេល​ដែល​ពួក​ជួយ​សង្គ្រោះ​មកពី​ទីក្រុង​សលត៍ លេក បាន​មកដល់​ក្រុម​ម៉ាទីន​នៅថ្ងៃ​ស្អែកឡើង​នោះ ។

សូម​ពន្យល់​ថា នៅថ្ងៃទី ៤ ខែ​តុលា ឆ្នាំ ១៨៥៦ អស់ជា​ច្រើនសប្ដាហ៍​មុន​ពេល​មាន​ព្យុះ​ទឹកកក បាន​វាយ​ប្រហារ​លើ​ក្រុម​រទេះ​អូស នោះពួក​អ្នក​ធ្វើដំណើរ​បាន​រាយ​ការណ៍​ទៅ​ប្រធាន ព្រិកហាំ យ៉ង់​ថា ក្រុម​ត្រួសត្រាយ​ផ្លូវ កំពុង​ស្ថិតនៅ​លើ​ទីវាល​ទំនាប​នៅឡើយ ហើយ​នៅ​សល់​រាប់​រយ​ម៉ែល​ទៀត ។ នៅ​ថ្ងៃ​ស្អែកឡើង ក្នុង​ការ​ប្រជុំ​ថ្ងៃអាទិត្យ ព្រិកហាំ យ៉ង់ បាន​ថ្លែង​អំពី​ការ​ជួយ​សង្គ្រោះ​ដល់​ពួក​ត្រួស​ត្រាយ​ផ្លូវ​រទេះអូស​ទាំងនេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​កថាខណ្ឌដូច​ខាង​ក្រោម​នៅក្នុង​ប្រសាសន៍​របស់​លោក ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្តាប់ ហើយ​ស្វែងរក​គោលការណ៍​មួយ​ដែលប្រធាន យ៉ង់ កំពុង​បង្រៀន​ដល់ពួកបរិសុទ្ធ ។ ( បើអាច​ធ្វើទៅបាន សូម​ផ្ដល់ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែងការណ៍នេះដល់សិស្ស​ម្នាក់​មួយច្បាប់ ដើម្បី​ពួកគេ​អាចធ្វើតាម ) ។

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« ពួក​បងប្អូន​ប្រុស​ស្រី​របស់​យើង​ជាច្រើន​នាក់​កំពុង​ស្ថិត​នៅ​តំបន់​វាល​ទំនាប​ដោយ​មាន​រទេះអូស​ជាច្រើន ហើយ​ប្រហែលជា​ពួកគេ​ជាច្រើន ឥឡូវ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១១០០ គីឡូម៉ែត្រ​ពី​ទីកន្លែង​នេះ យើង​ត្រូវ​នាំ​ពួកគេ​មក​ទីនេះ ដូច្នេះ​យើង​ត្រូវ​តែ​បញ្ជូន​ជំនួយ​ដល់​ពួកគេ ។…

« នោះ​ជា​សាសនា​របស់​ខ្ញុំ នេះ​ជា​ការបង្ហាញ​ប្រាប់​ដល់​ខ្ញុំ​ពីព្រះវិញ្ញាណ​បរិសុទ្ធ ថាត្រូវ​សង្គ្រោះ​ដល់​មនុស្ស ។… នេះ​គឺជា​សេចក្ដី​សង្គ្រោះ ដែល​ខ្ញុំ​កំពុង​ស្វែងរក​នា​ពេល​នេះ ដើម្បី​សង្គ្រោះ​បងប្អូន​ប្រុស​របស់​យើង ដែល​នឹង​ត្រូវ​វិនាស ឬ រងទុក្ខ​ដ៏​ធ្ងន់ធ្ងរ បើសិនជា​យើង​មិន​បញ្ជូន​ជំនួយ​ដល់​ពួកគេ​ទេ​នោះ ។

« ខ្ញុំ​នឹង​ពុំ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ស្អែក ឬ រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ ខ្ញុំ​នឹង​ហៅ​ឲ្យ​ពួក​ប៊ីស្សព​នៅ​ថ្ងៃ​នេះ រក​គោ​ល្អៗ​ចំនួន ៦០ ក្បាល និង រទេះ ១២ ឬ ១៥ រទេះ… [ ព្រមទាំង ] ម្សៅ ១២ តោន និង មនុស្ស​បររទេះ​រឹងមាំ ៤០ នាក់ ក្រៅ​ពី​អ្នក​ទាំងឡាយ​ដែល​ដឹកនាំ​ក្រុម ។…

« ខ្ញុំ​នឹង​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា សេចក្ដីជំនឿ​របស់​អ្នក សាសនា និង​វិជ្ជាជីវៈសាសនា​របស់​អ្នក នឹង​ពុំ​សង្គ្រោះ​ដល់​ព្រលឹង​ណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា​នៅក្នុង​នគរ​សេឡេស្ទាល​នៃ​ព្រះ​របស់​យើង​ឡើយ លុះត្រា​តែ​អ្នក​អនុវត្ត​នូវ​គោលការណ៍​ទាំង​ឡាយ​នេះ ដែល​ខ្ញុំ​កំពុង​តែ​បង្រៀន​អ្នក​នា​ពេល​នេះ​ប៉ុណ្ណោះ ។ សូម​ចេញទៅ ហើយ​នាំអស់អ្នក​ដែល​កំពុង​តែ​នៅ​លើ​វាល​ទំនាប​នា​ពេល​ឥឡូវ​នេះ » ( « Remarks » Deseret News ថ្ងៃទី ១៥ ខែ​តុលា ឆ្នាំ ១៨៥៦, ទំព័រ ២៥២ ) ។

  • តើ​ប្រធាន ព្រិកហាំ យ៉ង់ ​បាន​បង្រៀន​ដល់ពួកបរិសុទ្ធ​អ្វីខ្លះ ? ( សិស្ស​អាច​នឹង​ប្រាប់​អំពី​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​សូម​ប្រាកដ​ថា ពួកគេ​យល់​ក្នុង​នាម​ជា​សិស្ស​របស់ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវ​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​ខ្វះខាត )

សូម​ពន្យល់​ថា មាន​បុរស និង​ស្ត្រី​ជាច្រើន​បាន​ឆ្លើយ​តប​តាម​ការ​សុំ ហើយ​អំឡុង​ពេល​ពីរ​ថ្ងៃ​បន្ទាប់ពី​ទេសនកថា​របស់​ប្រធាន យ៉ង់ នោះ​មានបុរសៗ​បាន​ចេញ​ទៅ​រក​ពួកអន្ដោប្រវេសន្ដ៍ ដោយ​បររទេះ​គោ​ដឹកជញ្ជូន​សម្ភារ​ជាច្រើន ។

  • តើ​កិច្ចខិតខំ​ជួយ​សង្គ្រោះ​នេះ អាច​ជា​ពលិកម្ម​មួយ​ចំពោះ​ពួកបរិសុទ្ធ​នៅ​ជ្រលង​ភ្នំ​សលត៍ លេក​យ៉ាង​ដូចម្ដេច ?

  • តើ​ពលិកម្ម​មួយ​ចំនួនណាខ្លះ​ដែល​យើងអាច​ធ្វើ​ដើម្បីជួយ​ដល់​អ្នកទាំងឡាយ​ដែល​មាន​តម្រូវ​ការ​ខាង​រូបកាយ​ ?

  • តើ​ពលិកម្ម​មួយ​ចំនួនណាខ្លះ​ដែល​យើងអាច​ធ្វើ​ដើម្បីជួយ​ដល់​អ្នកទាំងឡាយ​ដែល​មាន​តម្រូវ​ការ​ខាងវិញ្ញាណ ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗ ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​ ហើយស្វែងរក​វិធី​បន្ថែម​ទៀត ​ដែល​យើង​អាច​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​ខ្វះ​ខាត ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ខ្ញុំ​មាន​អំណរគុណដែលថ្ងៃនេះ ពុំ​មាន​មនុស្ស​របស់​យើង​ណា​ម្នាក់ ជាប់​នៅ​ទីខ្ពស់​នៃ​រដ្ឋ​ វ៉ាយអូមីង ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ក្រៅ​ពី​យើង​នោះ​មាន​មនុស្ស​ជាច្រើន​ដែលត្រូវ​ការ​ជំនួយ ហើយ​ដែល​គួរ​ត្រូវ​បាន​ជួយ​សង្គ្រោះ ។ បេកកម្ម​នៅក្នុងជីវិត​របស់​យើង ក្នុង​នាមជា​អ្នកដើរ​តាម​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ គឺ​ត្រូវ​តែជា​បេសកកម្ម​នៃ​ការ​ជួយ​សង្គ្រោះ ។ មាន​មនុស្ស​ឥត​ជម្រក ស្រេកឃ្លាន និង​ទាល់ក្រ ។ ស្ថានភាព​របស់​ពួកគេ​មើល​ឃើញ​ជាក់ស្ដែង ។ យើង​បាន​សម្រេចអ្វីៗ​ជាច្រើន ។ យើង​អាច​ធ្វើ​បាន​កាន់​តែ​ច្រើនទៀត ដើម្បី​ជួយ​ដល់អ្នកទាំងឡាយ​ដែល​រស់​នៅស្ទើរ​តែមិន​រស់ ។

« យើង​អាច​ឈោង​ទៅ​ជួយ​ពង្រឹង​ដល់អ្នកទាំងឡាយ​ដែល​ជាប់​នៅ​ក្នុង​រូបអាសគ្រាម ភាព​អសីលធម៌​ដ៏​អាក្រក់ និង​គ្រឿង​ញៀន ។​ មាន​មនុស្ស​ជាច្រើន​បាន​ក្លាយជា​មនុស្ស​ញៀន​កាន់តែ​ខ្លាំង ដែលពួកគេ​បាន​បាត់​បង់​អំណាច​គ្រប់គ្រង​លើ​ជោគ​វាស​នា​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ ពួកគេ​ស្ថិត​ក្នុង​សភាព​អាក្រក់ និង​ខ្ទេចខ្ទាំ ។ ពួកគេ​អាច​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ស្រោចស្រង់បាន ។…

« យើង​ពុំចាំបាច់​ខ្វល់​ខ្វាយ​នឹង​អ្នកទាំងឡាយ​ដែល​ស្ថិត​នៅ​ទី​វាល​នៃ​រដ្ឋ វ៉ាយអូមីង ទៀតទេ ។ យើង​ខ្វល់​ខ្វាយ​នឹង​មនុស្ស​ជាច្រើន​ដែល​នៅជិតៗ​ជុំវិញ​ខ្លួន​យើង​នេះ នៅក្នុង​ក្រុមគ្រួសារ​របស់​យើង នៅក្នុង​វួដ និង​ស្ដេក​របស់​យើង នៅក្នុង​អ្នកជិត​ខាង​ និង​សហគមន៍​របស់​យើង » (Our Mission of Saving»Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៥៩ ) ។

  • តើ​អ្នក​ធ្លាប់​បានឃើញ​នរណា​ម្នាក់ ដែលបាន​ជួយ​ដល់អ្នក​ទាំងឡាយ​ដែល​ខ្វះខាត​ខាង​រូបកាយ និង​ខាង​វិញ្ញាណ នៅ​ពេលណា ?​ តើ​ពួកគេ​ជួយ​បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ និង​អធិស្ឋាន​ដើម្បី​ដឹង​របៀប​ដែល​ពួកគេ​អាច​ជួយ​ដល់​នរណា​ម្នាក់ទៀត ។ អ្នកអាច​នឹងផ្ដល់​ពេល​ឲ្យ​ពួកគេមួយ​សន្ទុះ សរសេរគំនិត​របស់ពួកគេ​ទុក​នៅក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ។

ដើម្បីជួយសិស្ស​មើល​ឃើញ​ថា យើង​ត្រូវ​បាន​ប្រទានពរ​នៅពេល​យើង​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​ដោយ​សេចក្ដីជំនឿ ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ដំណើរ​រឿង​ដូច​ខាង​ក្រោម ៖

នៅក្នុង​ឆ្នាំ ១៨៥៦ ហ្វ្រែនស៊ីស និង​បេតស៊ី មាន​ប្រាក់គ្រប់គ្រាន់​ដើម្បីធ្វើ​ដំណើរ​ទៅ​រដ្ឋ​ យូថាហ៍ តាម​រទេះសេះ ប៉ុន្តែ​ពួកគេ​បាន​បរិច្ចាគ​ប្រាក់​របស់ពួកគេ​ចូល​មូលនិធិ ដែល​បាន​បង្កើត​ឡើង ដើម្បីជួយ​ដល់​ពួកបរិសុទ្ធ​ដែល​ធ្វើអន្ដប្រវេសន៍​ទៅ​រដ្ឋ​យូថាហ៍ ( មូលនិធិ​អន្តោប្រវេសន៍​អចិន្ត្រៃយ៍ ) ។ ការ​បរិច្ចាគ​របស់ពួកគេ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រាំបួន​នាក់​បន្ថែម​ទៀត​ធ្វើដំណើរ​តាម​រទេះ​អូស ។ ហ្វ្រែនស៊ីស និង បេតស៊ី ដែល​កំពុង​ពពោះ បានធ្វើដំណើរ​ទៅ​ទីក្រុង​សលត៍ លេក ជាមួយ​ក្រុម​រទេះ​អូស​ ម៉ាទីន ហើយ​បាន​រង​ទុក្ខ​លំបាក​នៅ​តាម​ផ្លូវ​ជាមួយ​នឹង​អស់អ្នកផ្សេងទៀតក្នុង​ក្រុម​ ។

ប៉ុន្មាន​ឆ្នាំ​ក្រោយមក នៅពេល​បងប្រុស វិបស្ទើរ អង្គុយ​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ នោះ​គាត់​បាន​ស្ដាប់​ឮ​សមាជិក​សាសនាចក្រ​មួយចំនួន រិះគន់​ដល់​ពួក​អ្នកដឹកនាំ​សាសនាចក្រ ចំពោះ​ទុក្ខលំបាក​របស់​ក្រុម​រទេះ​អូស ។ ដោយពុំ​អាច​ទប់​បាន គាត់​បាន​ក្រោក​ឈរ​ឡើង​ រួច​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​នៃ​ការ​នៅជាមួយ​ក្រុមរទេះ​អូស​ ម៉ាទីន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ទីបន្ទាល់​របស់​ហ្វ្រែនស៊ីស វិបស្ទើរ ឮៗ ហើយ​សុំ​ឲ្យសិស្ស​ប្រាប់​ពី​រ​បៀប​មួយ ដែល​អ្នកទាំងឡាយ​ដែល​បាន​រងទុក្ខ​ជាមួយ​នឹង​ក្រុម​រទេះអូស បានទទួលពរជ័យ ។

« ខ្ញុំ​សុំ​ឲ្យ​អ្នក​បញ្ឈប់​នូវ​ការ​រិះគន់​នេះ ដ្បិត​អ្នក​កំពុង​តែ​ពិភាក្សា​អំពី​រឿង​មួយ​ដែល​អ្នក​ពុំ​ដឹង​អ្វី​ទាល់តែ​សោះ ។ អង្គ​ហេតុ​ជា​ប្រវត្តិសាស្ត្រ​ ពុំ​មាន​ន័យអ្វី​ទេ​នៅទីនេះ ដ្បិត​វា​ពុំ​បាន​ផ្ដល់​នូវ​ការ​បកស្រាយ​ត្រឹមត្រូវ​ចំពោះ​សំណួរ​ដែលជាប់ពាក់ព័ន្ធ​ទេ ។ តើ​វា​ជា​កំហុស​ឆ្គង​ដែល​បញ្ជូន​ក្រុម​រទេះអូស​ចេញ​ទៅ​យឺត​ពេល​នៅក្នុង​រដូវ​នោះ ? មែនហើយ ។ ប៉ុន្តែ​ខ្ញុំ​បាន​នៅ​ក្នុង​ក្រុម​នោះ ហើយ​ភរិយា​របស់​ខ្ញុំ​ក៏​នៅ​ទីនោះ​ដែរ ។… យើង​បាន​រងទុក្ខ​ហួសពី​អ្វី​ដែល អ្នក​គិត​ឃើញទៅទៀត ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយ ហេវហត់ និងសេចក្តីស្រេក​ឃ្លាន ។ តើ​អ្នក​ធ្លាប់​ឮ​មនុស្ស​ដែល​នៅ​មាន​ជីវិត​ពី​ក្រុម​នោះ​ថ្លែង​ពាក្យ​រិះគន់​ឬ​ទេ ?…

« ខ្ញុំ​បាន​ងាក​មើល​ក្រោយ​ជាច្រើន​ដង​ ដើម្បី​មើល​ថា​តើ​នរណា​ដែល​បាន​រុញ​រទេះ​របស់ខ្ញុំ តែ​ខ្ញុំ​មើល​ពុំ​ឃើញ​ថា​មាន​នរណា​ម្នាក់​ទេ ។ រួច​ហើយ​ខ្ញុំ​ដឹង​ថា ពួកទេវតា​នៃ​ព្រះ​គង់នៅទីនោះ ។

« តើ​ខ្ញុំ​សោកស្ដាយ​ដែលខ្ញុំ​បាន​ជ្រើសរើស​ធ្វើ​ដំណើរ​មកដោយ​ការ​អូស​រទេះ​មែនទេ ? អត់ទេ ។ គ្មាន​សោះឡើយ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ទាំង​នា​ពេល​នោះ ហើយ​ពេល​នេះ​ក៏​គ្មាន​ដែរ ។ តម្លៃ​ដែលយើង​បាន​បង់ថ្លៃ​ដើម្បី​ស្គាល់​ព្រះ គឺជា​ឯកសិទ្ធិ​ដើម្បី​បង់​ថ្លៃ ហើយ​ខ្ញុំ​មានអំណរគុណ​ដែល​ខ្ញុំ​មាន​ឯក​សិទ្ធិ​ដើម្បី​មក​ដល់​ស៊ីយ៉ូន នៅក្នុង​ក្រុម​រទេះអូស​ម៉ាទីន » ( នៅក្នុង William R. Palmer «Pioneers of Southern Utah»The Instructorវ៉ុលទី ៧៩, លេខ ៥ [ខែ ឧសភា ឆ្នាំ ១៩៤៤], ទំព័រ ២១៧–១៨ ) ។

  • តើ​គោលការណ៍​អ្វី​ដែល​យើងអាច​រៀនមកពី​ទីបន្ទាល់​របស់ ហ្វ្រែនស៊ីស វិបស្ទើរ ? ( សិស្ស​គប្បី​តែសម្គាល់ឃើញនូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖បើ​យើង​ស៊ូទ្រាំ​រងទុក្ខ​ដោយស្មោះត្រង់ នោះ​យើង​អាច​បាន​ស្គាល់ព្រះ )

  • តើ​អាកប្បកិរិយា ឬ​ឥរិយាបទ​ប្រភេទណាខ្លះ​ ដែល​អ្នក​បានមើល​ឃើញ ​នៅក្នុង​ខ្លួន​អស់​អ្នក​ទាំងឡាយ​ដែល​ស៊ូទ្រាំ​ការ​រងទុក្ខ​ដោយ​ស្មោះត្រង់​នោះ ? តើ​តាមវិធីណាខ្លះ ដែលអ្នក​បាន​ស្គាល់ព្រះ​ តាមរយៈ​ការ​សាកល្បង​ដែលអ្នកបានជួប​ប្រទះ ?

សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យចែកចាយ​ទីបន្ទាល់​របស់ពួកគេ​អំពី​គោលការណ៍​មួយ ដែល​យើង​បាន​រៀន​នៅក្នុង​មេរៀន​ថ្ងៃនេះ ។ អ្នក​អាច​ចង់​ចែកចាយបទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នកផងដែរ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

តើ​ការ​សាកល្បង និង​ការ​រងទុក្ខ​អាច​នាំ​ទៅ​កន្លែង​ណា ?

ពេល​សញ្ជឹងគិត​អំពីពលិកម្មរបស់ពួក​ត្រួសត្រាយ​ផ្លូវ​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពី​មុន ប្រធាន ជេម អ៊ី ហ្វោស្ត នៃ​គណៈ​ប្រធាន​ទី​មួយ បាន​សង្កេតឃើញ​ថា ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« នៅ​ក្នុង​ពេល​ដែល​មានការ​ឈឺ​ចាប់​ក្នុងជីវិត នោះ​យើង​ហាក់​ដូចជា​ស្ដាប់​ កាន់តែយកចិត្តទុកដាក់ ចំពោះសំឡេង​ខ្សឹប​ប្រាប់ដ៏​រហៀង​មកពី​អ្នកគង្វាល​ដ៏​ទេវភាព ។

« នៅគ្រប់ជីវិត នោះ​តែង​មាននូវ​ថ្ងៃ​ឈឺចាប់ អស់សង្ឃឹម​មកពី​ភាព​មិនអនុគ្រោះ និង​ការ​ប៉ះទង្គិច ។ នៅទីនោះ​ហាក់ដូចជា​មានពេញ​ទៅ​ដោយភាព​ទុក្ខសោក ​ភាពសោកសៅ និង ភាព​ខ្ទេច​ខ្ទាំ​ដួងចិត្ត​ចំពោះ​មនុស្ស​គ្រប់រូប រួមទាំង​អ្នកទាំងឡាយ​ដែល​ព្យាយាម​ដើម្បី​ធ្វើ​ល្អ និងមានចិត្ត​ស្មោះត្រង់​ ។ សាវក​ប៉ុល ​បាន​យោង​ទៅ​ឧបសគ្គ​ផ្ទាល់ខ្លួន​របស់​លោក​ថា ៖ ‹ ហើយ​ក្រែង​ខ្ញុំ​កើត​មានចិត្ត​ធំ​ បាន​ជាមាន​បន្លា​មួយចាក់​មក​ក្នុង​សាច់ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់អារក្ស​សាតាំង​ដែលមក​ធ្វើ​ទុក្ខ​ខ្ញុំ › [កូរិនថូស​ទី ២ ១២:៧] ។

« បន្លា​ទាំង​ឡាយដែល​បាន​ចាក់​សាច់ ហើយ​ដោត​នៅក្នុង​សាច់ ដែល​ឈឺចាប់នោះ ជាញឹកញាប់​បាន​ផ្លាស់ប្ដូរ​ជីវិត​រស់នៅ​ដែ​ល​ហាក់ដូចជា​បានគ្មាន​សារៈសំខាន់ និង​អស់សង្ឃឹម ។ ការ​ផ្លាស់ប្ដូរ​នេះ​កើតចេញ​មកពី​ដំណើរ​នៃ​ការ​ចម្រាញ់​ឲ្យ​បាន​ស្អាត ដែល​ជាញឹកញាប់​មើលទៅ​ដូច​ជា​មានភាព​ឃោរឃៅ និង​លំបាកពេកក្រៃ ។ តាម​វិធីនេះ ព្រលឹង​អាច​ប្រែ​ក្លាយ​ទៅជា​ដីឥដ្ឋ​ទន់​នៅក្នុង​ព្រះហស្ត​របស់​លោក​ចៅហ្វាយ​ក្នុង​ការ​ស្ថាបនា​ឲ្យទៅជា​ជីវិត​ដែលមាន​សេចក្ដីជំនឿ មានប្រយោជន៍ ស្រស់ស្អាត និង​រឹងមាំ ។ ចំពោះ​មនុស្ស​ខ្លះ ភ្លើងចម្រាញ់បែបនោះ បណ្ដាល​ឲ្យ​ពួកគេ​បាត់បង់​សេចក្ដីជំនឿ និង​ការ​ជឿ​ទៅលើ​ព្រះ ប៉ុន្តែ​អ្នកទាំងឡាយ​ដែល​មាន​ទស្សនៈ​វិស័យ​ដ៏អស់កល្បជានិច្ច យល់​ថា ការ​ចម្រាញ់​ដូច្នេះ គឺជា​ចំណែក​នៃ​ដំណើរ​ការ​ដ៏ឥតខ្ចោះ​ទៅវិញ ។…

« … ការ​សាកល្បង និងភាព​មិនអនុគ្រោះ អាច​នឹង​ជាការ​រៀបចំ​ដើម្បី​បាន​កើត​សារជាថ្មី » (Refined in Our Trials»Ensignខែ កុម្ភៈ ឆ្នាំ ២០០៦ ទំព័រ ៤ ) ។

ការ​បន្ដ​នៅស្មោះត្រង់​នៅក្នុង​ទីរហោស្ថាន​ខាង​វប្បធម៌​មួយ

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​ទទួលស្គាល់​នូវភាព​មិនអនុគ្រោះ​ថា ជា​ចំណែក​នៃដំណើរ​ផ្លូវ​ផ្ទាល់ខ្លួន​របស់​យើងនៅក្នុងពិភពលោក​សព្វថ្ងៃ ៖

រូបភាព
អែលឌើរ ណែល អេ ម៉ាកស្វែល

« បើ​យើងនៅ​ស្មោះត្រង់​ នោះ​ថ្ងៃ​នឹង​មកដល់ ពេល​ដែល​ពួក​អ្នកត្រួសត្រាយ​ផ្លូវ​ និងជីដូនជីតា​ទាំងឡាយ ដែល​យើង​កោតសរសើរ​យ៉ាង​ពិត​ចំពោះ​ការ​យកឈ្នះ​លើ​ភាព​មិនអនុគ្រោះ​ទាំងឡាយ​នៅក្នុង​ការ​ធ្វើដំណើរ​នៅទីរហោស្ថាន​របស់ពួកគាត់ នឹង​កោតសរសើរ​ដល់​ពួក​អ្នកស្មោះត្រង់​នៅជំនាន់​នេះ ចំពោះ​ការ​ធ្វើ​ដំណើរ​ដោយជោគ​ជ័យ​របស់​ពួកគេ​ឆ្លងកាត់​វាល​ខ្សាច់​នៃភាព​អស់សង្ឃឹម និង​ការ​ឆ្លងកាត់​ទីរហោស្ថាន​ខាង​វប្បធម៌​មួយ ខណៈ​ដែល​បន្ដ​នៅ​រក្សា​សេចក្ដីជំនឿ » ( If Thou Endure It Well [ ឆ្នាំ ១៩៩៦ ] ទំព័រ ២៨ ) ។