ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៥១ ៖ សង្គ្រាម​នៅ​រដ្ឋ​យូថាហ៍ និង ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ


មេរៀនទី ១៥១

សង្គ្រាម​នៅ​យូថាហ៍ និង ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ

បុព្វកថា

អំឡុង​ទសវត្សរ៍​ឆ្នាំ ១៨៥០ ភាពតានតឹង និង ទំនាក់ទំនង​យល់ច្រឡំ​រវាង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង ពួកមន្ដ្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​នាំ​ឲ្យ​មាន​សង្គ្រាម​នៅរដ្ឋ​យូថាហ៍​នាឆ្នាំ ១៨៥៧–៥៨ ។ ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៥៧ មាន​ជម្លោះ​មួយ​កើត​ឡើង​ផងដែរ​រវាង​ពួកបរិសុទ្ធ​មួយ​ចំនួន និង សមាជិក​ក្រុមរទេះ​សេះ ដែល​បាន​ធ្វើ​អន្ដោប្រវេសន៍​ឆ្លង​កាត់​រដ្ឋ យូថាហ៍ ។ ដោយសារតែ​បាន​ជំរុញ​ដោយ​កំហឹង និង ភាពភ័យខ្លាច នោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មួយ​ចំនួន​នៅ​ខាង​ត្បូង​រដ្ឋ យូថាហ៍ បាន​រៀប​ផែនការ ហើយ​អនុវត្ត​ការសម្លាប់​រង្គាល​ពួកអន្ដោប្រវេសន៍​ប្រមាណ​ជា ១២០ នាក់ ដែល​ធ្វើដំណើរ​ទៅ​រដ្ឋ កាលីហ្វូញ៉ា ។ ភាពសាហាវ​យ៉ង់ឃ្នង​នេះ​ត្រូវបាន​គេ​ហៅ​ពេលនេះ ថា​ជា​ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ ។

យោបល់​សម្រាប់​ការបង្រៀន

ភាពតានតឹង​ដែលបាន​កើត​ឡើង​រវាង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សូម​ពន្យល់​ថា​នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៥៧ ប្រធាន ព្រិកហាំ យ៉ង់ បាន​នៅ​ជាមួយ​នឹង​ក្រុម​ពួកបរិសុទ្ធ​មួយ​ដែល​កំពុង​ប្រារព្ធ​ខួប​រំឭក​លើកទី ១០ នៃ​ការមកដល់​របស់​ពួកគេ​នៅក្នុង​ជ្រលង​ភ្នំ​សលត៍ លេក​នេះ នៅពេល​លោក​បាន​ទទួល​ការបញ្ជាក់​អំពី​ដំណឹង​ពីមុន​នោះ​ថា កងទព័​មួយ​ក្រុម​កំពុង​មកកាន់​ទីក្រុង សលត៍ លេក ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​ការមិនយល់ព្រម និង​ការខ្វែងគំនិតគ្នា​ដែល​បន្សល់​ទុក​នូវ​ការកើនឡើង​នូវ​ភាពតានតឹង​រវាង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ និង​ពួកមន្ដ្រី​រាជការ​នៃ​រដ្ឋាភិបាល​សហរដ្ឋ ។ ពួកបរិសុទ្ធ​ចង់​បាន​អ្នកដឹកនាំ​ដែល​ពួកគេ​បាន​ជ្រើសរើស ហើយ​បាន​បដិសេធ​នូវ​ការចាត់តាំង​របស់​សហពន្ធ័ ដែល​មិន​បាន​ឲ្យ​តម្លៃ​ដល់​ពួកគេ ។ នោះ​នាំ​ឲ្យ​មន្ត្រី​សហព័ន្ធ​មួយចំនួន​បាន​គិត​ថា ពួកគេ​បាន​បះបោរ​ទាស់​នឹង​រដ្ឋាភិបាល​អាមេរិក ។ ដោយគ្មានការអនុមតិ​មកពី​រដ្ឋសភា នោះ​ប្រធានាធិបតី ជេម​ ប៊ូឃែន្និន បានបញ្ជូន​កងទ័ព​ប្រហែលជា ១៥០០ ទៅកាន់ទីក្រុង​សលត៍លេក បង្ខំ​ឲ្យពួក​យូថាហ៍​ទទួលយក​ជាផ្លូវការ​ថ្មី ។

  • ប្រសិនបើ​អ្នក​ជា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ម្នាក់​នៅឆ្នាំ ១៨៥៧ ហើយ​បាន​ឮ​ថា កងទ័ព​ដ៏​ធំ​មួយ​ក្រុម​កំពុងតែចូលមក​ដល់​ទីក្រុង​របស់​អ្នក តើ​អ្នក​អាច​នឹង​មាន​ការបារម្ភ​អ្វីខ្លះ ? ( សិស្ស​ប្រហែលជាលើក​ឡើង​ថា ពួកបរិសុទ្ធ​ត្រូវបាន​បណ្ដេញ​យ៉ាង​ព្រៃផ្សៃ​ចេញពី​រដ្ឋ​អូហៃអូ មិសសួរី និង​អិលលីណយ​ ហើយ​មនុស្ស​ជាច្រើន​បាន​បាត់បង់​របស់​ និង​ដីធ្លី ដ៏​មាន​តម្លៃ ហើយ​អ្នកខ្លះ​ត្រូវបាន​គេ​សម្លាប់ ឬ​បាន​ស្លាប់​ក្នុងអំឡុងពេល​បៀតបៀន​ទាំងនេះ ។ ដំណឹង​នៃ​ការមកដល់​របស់​កងទ័ព​បាន​បណ្ដាល​ឲ្យ​ពួកបរិសុទ្ធ​ខ្លះ​បារម្ភ​ថា ព្រឹត្តិការណ៍​បែប​នោះ​ក៏​អាច​នឹង​កើតឡើង​នៅក្នុង​រដ្ឋ​យូដាហ៍​ដែរ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​កថាខណ្ឌ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ៖

នៅក្នុង​ទេសនកថា​ដល់​ពួកបរិសុទ្ធ ប្រធាន យ៉ង់ និង​អ្នក​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​បាន​ចាត់ទុក​កងទ័ព​ដែល​នឹង​មក​នោះ​ថា​ជា​សត្រូវ ។ ប្រធាន យ៉ង់ ដែល​បាន​សុំ​ឲ្យ​ពួកបរិសុទ្ធ​សន្សំ​ទុក​គ្រាប់ធញ្ញជាតិ​អស់រយៈពេលជាច្រើន​ឆ្នាំ​មកហើយ បាន​ផ្ដល់​ការណែនាំជា​ថ្មី​របស់​លោក ដើម្បី​ឲ្យ​ពួកគេ​នឹង​មាន​អាហារ​បរិភោគ ក្នុង​ករណី​ពួកគេ​ត្រូវ​រត់គេច​ពី​កងទ័ព​នេះ ។ ក្នុងនាម​ជា​អភិបាល​រដ្ឋ​យូថាហ៍ លោក​ក៏​បាន​ដឹកនាំ​ឲ្យ​ក្រុមជីវពល​ដែនដី​រៀបចំ​ការពារ​ដល់​បូរណភាព​ទឹកដី​ដែរ ។

ជម្លោះបាន​កើតឡើង​រវាង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​មួយ​ចំនួន និង​សមាជិក​នៃ​ពួក​អន្ដោប្រវេសន៍​ក្រុម​រទេះសេះ

សូម​បង្ហាញ​ផែនទី ១​ដែលស្រដៀងគ្នា​នឹង​ការ​ដាក់​បញ្ចូល​នៅទីនេះ​មួយ ឬ​គូរ​វា​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អានឲ្យ​ឮនូវកថាកណ្ឌពីរ​ខាងក្រោម ៖

រូបភាព
ផែនទី ខាង​លិច ស. អ. រ

ក្រុមរទេះសេះ ដែលធ្វើអន្តោប្រវេសន៍ បានធ្វើដំណើរមក​ភាគ​ខាងលិច​ពី​រដ្ឋ​អាកាន់សាស ទៅកាន់រដ្ឋ​កាលីហ្វ័រញ៉ា បាន​ចូលមក​រដ្ឋ យូថាហ៍ ចំពេល​ដែល​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​កំពុង​រៀបចំ​ការពារ​ដែនដី ប្រឆាំង​នឹង​ការមក​ដល់​នៃ​កងទ័ព​របស់​សហរដ្ឋ ។ សមាជិក​នៃ​ក្រុម​រទេះ​ខ្លះ​បានមានចិត្តរសាប់រសល់ ដោយសារតែ​ពួកគេ​ពិបាក​នឹង​ទិញ​គ្រាប់​ធុញ្ញជាតិ​ដែល​ត្រូវការ​ជាខ្លាំង​ពី​ពួកបរិសុទ្ធ ដែល​ត្រូវបាន​ណែនាំ​ឲ្យ​រក្សា​គ្រាប់​ធុញ្ញាជាតិ​នោះទុក ។ ពួកជន​អន្ដោប្រវេសន៍​នោះ​ក៏​បាន​មាន​ជម្លោះជាមួយ​នឹង​ពួកបរិសុទ្ធ ដែល​មិន​ចង់​ឲ្យ​សេះ និង​សត្វគោ​របស់​ក្រុម​រទេះ​នេះ​ស៊ី​អាហារ​និង ផឹកទឹក​ដែល​ពួកបរិសុទ្ធ​ត្រូវការ​សម្រាប់​សត្វ​របស់​ពួកគេ​ផ្ទាល់​ដែរ ។

ទំនាស់​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​សេដា ជា​ទីតាំង​ចុងក្រោយ​គេ​នៅក្នុង​រដ្ឋ យូថាហ៍​តាមដង​ផ្លូវ​ទៅកាន់​រដ្ឋ​កាលីហ្វ័រញ៉ា ។ ការប្រឈម​មុខ​ជាច្រើន​បាន​កើតឡើង រវាង​សមាជិក​នៃ​ក្រុម​រទេះសេះ​ខ្លះ និង ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ខ្លះ ។ សមាជិក​ក្រុម​រទេះសេះ​ខ្លះ​បាន​គំរាមកំហែង​ថា នឹង​ចូលរួម​ក្នុង​កងទ័ព​រដ្ឋាភិបាល​ដែល​កំពុងតែ​ចេញ​ដំណើរ​មក​ប្រឆាំង​នឹង​ពួកបរិសុទ្ធ​នោះ ។ ទោះបីជា​មេបញ្ជាការ​នៃ​ក្រុម​រទេះសេះ​នេះ​បាន​ស្ដីបន្ទោស​ដល់​ដៃគូ​របស់​លោក​ដោយសារ​បាន​ធ្វើ​ការគម្រាមកំហែង​ទាំងនេះ​ក្ដី ក៏​អ្នក​ដឹកនាំ​ទីក្រុង​សេដា​ខ្លះ និង​អ្នករស់នៅ​ទីនោះ​បាន​ចាត់ទុក​ថា​ជន​អន្ដោប្រវេសន៍​នេះ​ជា​សត្រូវ​ដែរ ។ ក្រុម​រទេះសេះ​នេះ​បាន​ចាកចេញ​ពី​ទីក្រុង​ក្រោយពី​បាន​មកដល់​តែ​ត្រឹម​ប្រហែល​មួយ​ម៉ោង​ប៉ុណ្ណោះ ប៉ុន្ដែ​ប្រជាជន និង​អ្នកដឹកនាំ​ខ្លះ​នៅ​ទីក្រុង​សេដា បាន​ចង់​ដេញតាម និង​ដាក់ទោស​ដល់​មនុស្ស​ទាំងឡាយ​ដែល​បាន​មើលងាយ​ដល់​ពួកគេ ។

សូមអញ្ជើញ​សិស្សឲ្យ​គិត​អំពី​ពេល ដែល​ពួកគេ​បាន​ជួប​នឹង​ជម្លោះជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត ឬ​មនុស្ស​មួយ​ក្រុម ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន នីហ្វៃទី ៣ ១២:២៥ ឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀងតាម រកមើល​គោលការណ៍​មួយដែល​ព្រះយេស៊ូវ​បាន​បង្រៀន ដែល​អាច​ដឹកនាំ​យើង នៅពេល​យើង​ជួប​នឹង​ភាពតានតឹង​ជាមួយ​នឹង​អ្នកដទៃ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្តេច​ក្នុង​ឃ្លា « ព្រមព្រៀង​ជាមួយ​នឹង​អ្នកដើម​ចោទ​អ្នក​ជា​ប្រញាប់ » ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពីអត្ថន័យ​នៃ​ឃ្លានេះ អ្នក​អាច​សុំឲ្យ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម ៖

អែលឌើរ ដេវីឌ អ៊ី សូរិនសិន នៃ​ពួក​ចិតសិប​នាក់ បាន​បង្រៀន​ថា ឃ្លា « ព្រមព្រៀង​ជាមួយ​នឹង​អ្នកដើម​ចោទ​អ្នក​ជា​ប្រញាប់ » មានន័យ​ថា « ដោះស្រាយ​នូវភាពខុស​គ្នា​របស់​យើង​ឲ្យ​បាន​រហ័ស បើមិនដូច្នោះ​ទេ​ កំហឹង​មួយ​គ្រា​នោះ​នឹង​កើនឡើង​ទៅជា​ហិង្សា​ខាង​រាងកាយ ឬ​សតិ​អារម្មណ៍ ហើយ​យើង​បាន​ជាប់​ក្នុង​កំហឹង​របស់​យើង » Forgiveness Will Change Bitterness to Love »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៣, ទំព័រ ១១) ។

  • តើ​អ្នក​គប្បីសង្ខេប​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃទី ៣ ១២:២៥ តាមពាក្យ​របស់​អ្នក ដោយ​របៀប​ណា ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​គោលការណ៍​ស្រដៀង​គ្នា​ទៅនឹង​អ្វី​ដូច​តទៅ​នៅលើ​ក្ដារខៀន ៖ បើ​យើង​ដោះស្រាយ​ជម្លោះជាមួយ​នឹង​អ្នកដទៃ​តាម​របៀប​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ចៀសវាង​ពីឥទ្ធិពល​ដែល​នាំ​ឲ្យ​មហន្ដរាយ​ដោយ​ការទាស់ទែង​គ្នា ) ។

  • តើ​ការ​គោរព​តាម​គោលការណ៍​នៅក្នុងនីហ្វៃទី ៣ ១២:២៥បាន​ជួយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​បាន​អាក់អន់ចិត្ត​នឹង​សមាជិក​នៃ​ក្រុម​រទេះសេះយ៉ាង​ដូចម្តេច ?

សូម​ពន្យល់​ថា ដោយសារ​ពួកបរិសុទ្ធ​ទាំងនេះ​មិន​បាន​ដោះស្រាយ​នូវ​ជម្លោះរបស់​ពួកគេ​ជាមួយ​នឹង​ពួកជនអន្ដោប្រវេសន៍​តាម​របៀប​របស់​ព្រះអម្ចាស់ នោះ​ស្ថានការណ៍​នេះ​បាន​ក្លាយទៅ​ជា​កាន់តែ​ធ្ងន់ទៅៗ ។ អ៊ីសាក ហេត ជា​អភិបាល​ក្រុង​សេដា ជាវរសេនីយត្រី​ជីវពល និង​ជា​ប្រធាន​ស្ដេក បាន​ស្នើសុំ​ការអនុញ្ញាត​ពី​មេបញ្ជាការ​ជីវពល ដែល​បាន​រស់នៅ​ក្បែរ​ទីក្រុងផារ៉ូវាន់ ឲ្យ​កោះហៅ​ជីវពល​ឲ្យ​ជួយ​បង្ក្រាបពួកអ្នកមើលងាយ​ពី​ក្រុម​រទេះ ។ មេបញ្ជាការ​ជីវពល​ឈ្មោះ វិល្លាម ដេម បាន​ប្រឹក្សា​នឹង​អ៊ីសាក ហេត កុំ​ឲ្យ​ខ្វល់​នឹង​ការ​គម្រាម​របស់​ពួក​អន្ដោប្រវេសន៍​នោះ ។ ជាជាងស្ដាប់​តាម​ការប្រឹក្សា​នេះ អ៊ីសាក ហេត និង​អ្នកដឹកនាំ​ទីក្រុង​សេដា​ផ្សេង​ទៀត​បាន​សម្រេច​ចិត្ត​ទៅ​បញ្ចុះបញ្ចូល​ពួកសាសន៍​អាមេរិកាំង​ដើម​ក្នុង​ស្រុកខ្លះ​ឲ្យ​វាយប្រហារ​ក្រុម​រទេះសេះ និង​ទៅ​លួច​គោ​របស់​ពួកគេ ដើម្បី​ជា​របៀប​មួយ​ក្នុងការ​ដាក់ទោស​ដល់​ពួកជន​អន្ដោប្រវេសន៍​នោះ ។ អ៊ីសាក ហេត បាន​សុំ​ឲ្យ​ចន ឌី លី ជា​សមាជិកព្រះវិហារក្នុង​មូលដ្ឋាន​ម្នាក់ និង​ជា​វរសេនីយត្រី​ ដឹកនាំ​ការវាយប្រហារ​នេះ ហើយ​បុរស​ទាំងពីរ​រូប​នេះ​បាន​គ្រោង​ដើម្បី​ទម្លាក់​កំហុស​លើ​ពួក​សាសន៍​អាមេរិកាំង​ដើម​ចំពោះ​ទង្វើ​នេះ ។

  • តើ​អ្នកដឹកនាំ​ទីក្រុង​សេដា គួរ​តែ​បាន​ធ្វើ​អ្វីខ្លះ នៅពេល​វិល្លាម ដេម បាន​ប្រឹក្សា​ដល់​ពួកគេ​កុំ​ឲ្យ​ប្រើ​ក្រុម​ជីវពល ? តើ​ការមិន​ធ្វើ​យោបល់​នា​ពេល​នោះ បាន​នាំ​ពួកគេ​ឲ្យ​ធ្វើ​អ្វី​ខ្លះ ? ( បន្ទាប់​ពីសិស្ស​បាន​ឆ្លើយ​តប សូម​សរសេរ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារ​ខៀន ៖ ប្រសិនបើ​យើង​មិនព្រម​ស្ដាប់តាម​ការប្រឹក្សា​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រូវ​ទេ នោះ​យើង​នឹង​កាន់តែ​មាន​ចិត្តលំអៀងទៅកាន់​ការជ្រើសរើស​អ្វី​ដែល​មិន​ល្អ ) ។

សូម​ចង្អុល​បង្ហាញថា បុរស​ទាំងនេះ បានធ្វើ​ផ្ទុយ​ទៅនឹង​ការ​ទទួលខុសត្រូវ​បព្វជិតភាព​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៦-៣៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើលការ​ព្រមាន​របស់ព្រះអម្ចាស់​ចំពោះអ្នកកាន់​បព្វជិតភាព ដែលធ្វើ​ទង្វើ​មិនសុចរិត ។

  • តើ ព្រះអម្ចាស់​បាន​ប្រទាន​ការ​ព្រមាន​អ្វីខ្លះ ដល់អ្នកកាន់បព្វជិតភាព​ ដែលព្យាយាម​ដើម្បី​គ្របបាំង​អំពើបាប​របស់ពួកគេ ឬ​ធ្វើ​ទង្វើ​មិនសុចរិត​នោះ ?

សូម​អាន ឬសង្ខេប​កថាកណ្ឌ​ដូច​ខាង​ក្រោម ហើយអញ្ជើញ​សិស្ស​ឲ្យ​ស្ដាប់​មើល​របៀប​អ្នកដឹកនាំ​នៅទីក្រុង សេដា បាន​បន្ដ​ធ្វើ​ការជ្រើសរើស​ពុំ​ល្អ បន្ទាប់ពី​ពុំ​ស្ដាប់តាម​ការទូន្មាន​ដែលពួកគេ​បាន​ទទួល​នោះ ។

អ៊ីសាក ហេត បាន​បង្ហាញ​គម្រោង​វាយប្រហារ​ក្រុម​រទេះ​នេះដល់​ក្រុមប្រឹក្សា​អ្នកដឹកនាំសាសនាចក្រ​ សហគមន៍ និង​ជីវពល​ក្នុងមូលដ្ឋាន ។ សមាជិក​ក្រុមប្រឹក្សា​ខ្លះ​មិន​យល់ព្រមសោះឡើយ ចំពោះ​គម្រោង​នេះ ហើយ​បាន​សួរ ហេត ថា​តើ​លោក​បាន​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន ព្រិកហាំ យ៉ង់ អំពី​បញ្ហា​នេះ​ហើយ​ឬ​នៅ ។ ដោយ​បាន​និយាយ​ថា លោក​មិន​ទាន់​បាន​សួរ​នៅឡើយ លោក​ហេត បាន​យល់ព្រម​បញ្ជូន​សារទូត​ម្នាក់ គឺ​លោក​ជេម ហេសឡេម ទៅកាន់​ទីក្រុង​សលត៍ លេក អម​ដោយ​សំបុត្រ​មួយ​ច្បាប់​ពន្យល់​ពី​ស្ថានការណ៍ និង​សួរ​ថា​ត្រូវ​តែ​ធ្វើ​អ្វី ។ ទោះជាយ៉ាងណាក្ដី ដោយសារ​ទីក្រុង​សលត៍ លេក មាន​រយៈ​ចម្ងាយ​ប្រហែល ២៥០ ម៉ាយល៍ ( ៤០០ គីឡូម៉ែត្រ ) ពីទីក្រុងសេដា វាត្រូវការ​ប្រហែល​ជាមួយសប្ដាហ៍​ក្នុង​ការជិះ​សេះ​យ៉ាង​លឿន​ដើម្បី​ទៅដល់​ទីក្រុង​សលត៍ លេក និង​ត្រឡប់​មក​ទីក្រុង​សេដា​វិញ​ដោយ​មាន​ដំបូន្មាន​ពី​ប្រធាន យ៉ង់ ជាមួយ​នឹង​សារទូត​នោះ ។

អំឡុងពេលយ៉ាងខ្លី មុនពេល​អ៊ីសាក ហេត បាន​បញ្ជូន​សារ​របស់​លោក​ជាមួយ​នឹង​សារទូត ថន ឌី លី និង​ពួក​អាមេរិកកាំ​ង​ស្បែក​ក្រហម​មួយ​ក្រុម​បាន​វាយប្រហារ​ជំរុំ​ក្រុម​ជន​អន្ដោប្រវេសន៍​នៅកន្លែង​មួយ​ដែល​ហៅ​ថា ភ្នំម៉េដូ ។ លី បាន​ដឹកនាំ​ការវាយប្រហារ​នេះ ប៉ុន្ដែ​បាន​លាក់​អត្តសញ្ញាណ​របស់​លោក ដើម្បី​ឲ្យ​វា​មើល​ទៅ​មាន​តែ​ពួក​អាមេរិកកាំ​ង​ស្បែក​ក្រហម​ប៉ុណ្ណោះ​ដែល​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ។ ជន​អន្ដោប្រវេសន៍​ខ្លះ​ត្រូវបាន​គេ​សម្លាប់ ឬ​រង​របួស ហើយ​អ្នកនៅ​សេសសល់​បាន​បណ្ដេញ​ពួកអ្នកវាយប្រហារ​ពួកគេ ដោយ​បង្ខំ​ ដោយ​លោកលី និង​ពួក​អាមេរិកកាំ​ង​ស្បែក​ក្រហម​ឲ្យ​ដកថយ ។ ជន​អន្ដោប្រវេសន៍​បាន​ទាញ​រទេះសេះ​របស់ខ្លួន​ជា​រង្វង់ ឬ​ក្រោល​មួយ​យ៉ាង​មាំ​ភ្លាមៗ​ដើម្បី​ការពារ​ខ្លួន ។ ការវាយប្រហារ​ពីរ​ដង​ទៀត​បាន​កើតឡើង អំឡុង​ពេល​ការឡោមព័ទ្ធ​ប្រាំថ្ងៃ​ដល់ក្រុម​រទេះ​ ។

នៅពេល​មួយនោះ ពួក​ជីវពល​ទីក្រុង​សេដា​បាន​ដឹង​ថា​មាន​ជនអន្ដោប្រវេសន៍​ពីរ​នាក់​បាន​ចេញ​ពី​ក្រោល​រទេះ​នោះ ។ ពួកជីវពល​បាន​បាញ់​ពួកគេ ដោយ​បាន​សម្លាប់​គេ​ម្នាក់ ។ បុរស​ម្នាក់​ទៀត​បាន​រត់​គេច​ផុត ហើយ​បាន​នាំ​ដំណឹង​នេះ​ទៅ​ដល់​ជុំរំ​រទេះសេះ​ថា មាន​បុរស​ស្បែក​ស​ពាក់ព័ន្ធ​នឹង​ការវាយលុក​ប្រឆាំង​នឹង​ពួកគេ ។ ឥឡូវ​នេះ អស់​អ្នក​ដែល​បាន​គ្រោង​ការវាយប្រហារ​នេះ​ត្រូវបាន​គេ​ដឹង​ពី​ល្បិចកល​ខ្លួន ។ ប្រសិនបើ​ជនអន្ដោប្រវេសន៍​ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ដ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​កាលីហ្វ័រញ៉ា នោះ​ដំណឹង​នេះ​នឹង​លេច​ឮ​ថា ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន​ទាក់ទង​នឹង​ការវាយប្រហារ​លើ​ពួកក្រុម​រទេះសេះ​នេះ ។ ពួកអ្នក​រួមគំនិត​ក្បត់ បាន​ខ្លាច​ថា​ដំណឹង​នេះ​នឹង​នាំឲ្យ​មាន​លទ្ធផល​អវិជ្ជមាន​ មកដល់​ខ្លួនគេ និង​ប្រជាជន​របស់​ពួកគេ ។

  • តើ​មាន​លទ្ធផល​អ្វី​ខ្លះ កើត​មកពី​ការសម្រេចចិត្ត​មិន​គោរព​តាម​ការប្រឹក្សា​របស់​មេបញ្ជាការ​ជីវពល ?

  • នៅ​ចំណុច​នេះ តើ​ជម្រើស​ណា​ខ្លះ ដែល​ជា​ទំនួលខុសត្រូវ​របស់​អស់​អ្នក​ដែល​បានធ្វើ​ការវាយ​ប្រហារ​ទាំងនោះ ? ( ពួកគេ​អាច​សារភាព​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ និង​បាន​ទទួល​លទ្ធផល​នានា ឬ​ពួកគេ​អាច​ព្យាយាម​លាក់​កំបាំង​នូវ​បទឧក្រិដ្ឋ និង​អំពើបាប​ទាំងឡាយ ។ សូមមើល គ. និង ស. ១២១:៣៧) ។

  • តើ​ពួកគេ​បានធ្វើ​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្សឲ្យ​សញ្ជឹង​គិតអំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ធ្វើ​អ្វីខ្លះ នៅពេល​អ្នក​ធ្វើ​អ្វីមួយ​ខុស ? តើ​អ្នក​សារភាព​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ខុស និង​បាន​ទទួល​លទ្ធផល​នានា ឬ​តើ​អ្នក​ព្យាយាម​លាក់​បាំង​នូវ​អំពើបាប​ទាំងនោះ​តាមរយៈ​ការបោក​បញ្ឆោត ?

ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ខ្លះ​បាន​គ្រោង​សម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ

សូម​ពន្យល់​ថា សមាជិក​សាសនាចក្រដែល​បាន​ពាក់ពន័្ធ​នៅក្នុង​ការវាយប្រហារ​ពួកអន្ដោ​ប្រវេសន៍​នេះ បាន​ជ្រើសរើសយក​ការ​ព្យាយាម​លាក់បាំង​អំពើ​បាប​របស់​ពួកគេ ។ សូម​អញ្ជើញសិស្ស​ក្នុង​ថ្នាក់ឲ្យ​ស្ដាប់​នូវអ្វី​ដែលបានកើតឡើង​ ជាលទ្ធផល​មកពីការ​សម្រេចចិត្ត​នេះ នៅពេលអ្នកអាន ឬ​សង្ខេប​កថា​កណ្ឌ​ដូច​ខាង​ក្រោម ៖

នៅក្នុង​បំណង​ដើម្បី​រារាំង​ព័ត៌មាន​នេះ​កុំ​ឲ្យ​រាលដាល​ថា ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន​ចូល​រួម​នៅក្នុង​ការវាយ​ប្រហារ​លើ​ក្រុម​រទេះ​សេះ​នេះ នោះ​អ៊ីសាក ហេត, ចន ឌី លី និង​អ្នក​ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន និង​ក្រុម​ជីវពល​បាន​បង្កើត​គម្រោង​មួយ​ដើម្បី​សម្លាប់​អ្នកនៅរស់​ទាំងអស់ លើកលែង​តែ​កូនក្មេង​តូចៗ​ប៉ុណ្ណោះ ។ ក្នុង​ការអនុម័ត​គម្រោងការ​នេះ ចន ឌី លី បាន​ទៅដល់​ពួក​អន្ដោប្រវេសន៍ ហើយ​បាន​និយាយ​ថា ពួកជីវពលនឹង​ការពារ​ពួកគេ​កុំ​ឲ្យ​រង​ការវាយប្រហារ​ផ្សេង​ទៀត ដោយ​នឹង​ជួយ​នាំ​ពួកគេ​ត្រឡប់​ទៅកាន់​ទីក្រុង​សេដា​វិញ​ដោយ​សុវត្ថិភាព ។ នៅពេល​ពួកអន្ដោប្រវេសន៍​បាន​ដើរ​ទៅកាន់​ទីក្រុង​សេដា ពួកជីវពល​បាន​ត្រឡប់​ក្រោយ និង​បាន​បាញ់​ពួកគេ ។ ពួក​អាមេរិកកាំ​ង​ស្បែក​ក្រហម​ខ្លះ​ដែល​បាន​ចូលរួម​នឹង​ពួកប្រជាជន​នោះ​បាន​រត់ចេញ​ពី​កន្លែងពួន​មក​ដើម្បី​ជួយ​បាញ់​បន្ថែម ។ មាន​ជនអន្ដោប្រវេសន៍​ប្រហែល ១៤០ នាក់​ដែល​បាន​ចូលរួម​នៅក្នុង​ក្រុម​រទេះ​សេះនេះ មាន​តែ​កូនក្មេង ១៧ នាក់​ប៉ុណ្ណោះ​ដែល​នៅរស់ ។

ពីរថ្ងៃ​បន្ទាប់ពី​ការសម្លាប់​រង្គាល​នោះ ជេម ហេលឡេម បាន​មកដល់​ទីក្រុង​សេដា​ដោយ​មាន​សារ​ឆ្លើយតប​របស់​ប្រធាន យ៉ង់ មកផង ដែល​បាន​ណែនាំ​ឲ្យ​ពួកអ្នកដឹកនាំ​ក្នុង​តំបន់​ឲ្យ​អនុញ្ញាត​ឲ្យ​ក្រុម​រទេះសេះ​នោះ​ធ្វើដំណើរ​បន្ដ​ទៀត​ដោយ​មាន​សន្ដិភាព ។ « នៅពេល​ហេត បាន​អាន​ពាក្យ​របស់​ប្រធាន យ៉ង់ លោក​បាន​យំ​ដូចជា​កូនក្មេង​ម្នាក់ ហើយ​អាច​និយាយ​ចេញ​តែ​ពាក្យ ‹ យឺតពេល​ហើយ យឺតពេល​ហើយ › » ( Richard E. Turley Jr., « The Mountain Meadows Massacre » Ensign, ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។

សូម​ពន្យល់​ថា ជម្រើស​របស់​ពួកអ្នកដឹកនាំ និង​អ្នក​រស់នៅ​ដែលជា​បរិសុទ្ធ​ថ្ងៃចុង​ក្រោយមួយ​ចំនួន​នៅក្នុង​ដែនដី​រដ្ឋ យូថាហ៍​ភាគ​ខាងត្បូង បាន​ដឹកនាំ​ឲ្យ​មាន​សោក​នាដកម្ម​នោះ​ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ ។ ផ្ទុយទៅវិញ អ្នកដឹកនាំ​សាសនាចក្រ និង​អ្នកដឹកនាំ​ដែនដី​នៅក្នុង​ទីក្រុង​សលត៍ លេក បាន​ដោះស្រាយ​ជម្លោះជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​តាមរយៈ​ការនិយាយ និង​ការចរចារ​ដោយ​សន្ដិភាព​នៅក្នុង​ឆ្នាំ ១៨៥៨ ។ អំឡុងពេល​នៃ​ជម្លោះនេះ —ដែល​ក្រោយមក​ត្រូវបាន​ហៅ​ថា សង្គ្រាម​រដ្ឋ​យូថាហ៍​ — ពួកទាហាន​សហរដ្ឋ និង​ពួកជីវពល​រដ្ឋ​យូថាហ៍​បាន​ប្រឡូក​នឹង​សកម្មភាព​នៃ​ការឈ្លានពាន ប៉ុន្ដែ​មិន​ដែល​ចូលរួម​ក្នុង​ចម្បាំង​ឡើយ ។

  • តើ​អ្នក​នឹង​សង្ខេប​នូវជម្រើស​ដែល​បាននាំ​ទៅរក​ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ​ដោយ​របៀប​ណា ?

  • តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀន​ពី​សោកនាដកម្ម​នេះ ? ( សិស្ស​អាច​ស្គាល់​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​ចម្លើយ​របស់ពួកគេ​អាច​រួមមានដូច​ជា ៖ ការជ្រើសរើស​លាក់បាំង​អំពើបាប​របស់​យើង អាច​នាំ​យើងឲ្យ​ប្រព្រឹត្ត​អំពើបាប​កាន់តែ​ធ្ងន់​ ។ ការជ្រើសរើស​ដើម្បី​លាក់បាំង​អំពើ​បាប​របស់​យើង​អាច​នាំ​មកនូវ​ការសោកស្ដាយ និង​ការរងទុក្ខ ) ។

សូម​ពន្យល់​ថា ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ មិនត្រឹម​តែ​ធ្វើឲ្យមាននូវ​ការស្លាប់​របស់​ជនរងគ្រោះ​ប្រហែល ១២០ នាក់​ប៉ុណ្ណោះទេ ប៉ុន្ដែ​វា​ថែមទាំង​បណ្ដាល​ឲ្យ​មាន​ការរងទុក្ខ​ជាខ្លាំង​ផងដែរ​ចំពោះ​កូនក្មេងដែល​នៅរស់ និង​សាច់ញាតិ​ផ្សេងទៀត​របស់​ជនរងគ្រោះ​ទាំងនោះ ។ ពួក​អាមេរិកកាំ​ង​ស្បែក​ក្រហម​ឈ្មោះផៃយូត​ក៏​បាន​រងនូវ​ការស្ដីបន្ទោស​ដ៏​អយុត្តិធម៌​ចំពោះ​បទឧក្រិដ្ឋកម្ម​នេះ ។ បន្ថែម​ទៀត​នោះ អស់អ្នក « ដែលបាន​ធ្វើ​ការ​សម្លាប់​រង្គាល​នេះ បាន​រស់នៅ​ក្នុង​ជីវិត​មួយ​ស្ថិត​នៅក្រោម​អារម្មណ៍​ជាប់ទោស​ដ៏​អាប់អួរ និង​បាន​មានបទពិសោធន៍​យ៉ាង​អាក្រក់​ចំពោះ​អ្វី​ដែល​ពួកគេ​ធ្វើ និង​បាន​ឃើញ » ( Richard E. Turley Jr., « The Mountain Meadows Massacre »ទំព័រ ២០) ។

សូម​បញ្ជាក់ប្រាប់​ដល់​សិស្ស​ថា ប្រសិនបើ​ពួកគេ​បាន​ចាប់ផ្ដើម​ដើរ​លើ​ផ្លូវ​នៃអំពើខុស និង​ផ្លូវ​នៃ​អំពើបាប​ហើយ នោះ​ពួកគេ​អាច​ការពារ​មិន​ឲ្យ​មាន​នូវ​ការឈឺចិត្ត និង​ការសោកស្ដាយ​នាពេល​អនាគត​បាន ដោយ​ការបែរ​ទៅរក​ព្រះអម្ចាស់ និង​ការប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ។

សូម​ពន្យល់​ថា ដោយសារ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ក្នុងមូលដ្ឋានមួយ​ចំនួន បាន​ទទួល​ខុសត្រូវ​លើ​ការគ្រោង និង​ការអនុវត្ត​ក្នុង​ការសម្លាប់​រង្គាល​នៅលើ​ភ្នំម៉េដូ នោះ​ប្រជាជន​ខ្លះ​បាន​អនុញ្ញាត​ឲ្យ​ហេតុការណ៍​នេះ​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ការគិត​អំពី​សាសនាចក្រ​ទាំងមូល​របស់​ពួកគេ ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ដឹង​ថា ការធ្វើ​ខុស​របស់​សមាជិក​សាសនាចក្រ​ខ្លះ មិន​បាន​សម្រេច​ដល់​សេចក្ដីពិត​ពេញលេញ​ទាំងមូល​នៃ​ដំណឹងល្អ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានឲ្យ​ឮ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​យើងឱបក្រសោប ស្អប់ខ្ពើម​ការសម្លាប់​ដ៏​ឃោរឃៅ​ដល់​បុរស ស្ដ្រី និង​កូនក្មេង ។ ពិត​ណាស់ វាបាន​គាំទ្រ​ដល់​សេចក្ដីសុខសាន្ត និង ការអភ័យទោស ។ អ្វីដែល​បានធ្វើ​ដោយ​សមាជិក​នៃ​សាសនាចក្រ​របស់ [នៅ​ភ្នំម៉េដូ] ជាយូរលង់​មកនោះ តំណាង​ឲ្យ​ការ​ឃ្លាត​ចេញ​ពី​ការបង្រៀន និង​ទង្វើ​ជា​ពួកគ្រីស្ទាន​ដ៏អាក្រក់ និង​ពុំ​អាច​ដោះសារ​បានឡើយ » (« 150th Anniversary of Mountain Meadows Massacre,» ថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ ២០០៧,mormonnewsroom.org/article/150th-anniversary-of-mountain-meadows-massacre ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន ហេលេមិន ៥:១២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​អភិវឌ្ឍ និង​រក្សា​ទីបន្ទាល់​របស់​យើង ដើម្បី​ពេលណា​យើង​ជួប​នឹង​គ្រាលំបាក​នានា នោះ​សេចក្ដីជំនឿ​របស់​យើង​នឹង​មិន​ដែលរង្គោះ​រង្គើ​ឡើយ ព្រោះយើង​រៀន​ពី​បទពិសោធន៍ ដែល​សមាជិក​សាសនាចក្រ​មិន​បាន​រស់នៅ​ស្របតាម​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទនោះ ។

  • ស្របតាម ហេលេមិន ៥:១២ តើ​យើង​អាច​ធ្វើអ្វីខ្លះ​ដើម្បី​អភិវឌ្ឍ និង​រក្សា​នូវ​ទីបន្ទាល់​របស់​យើង​ឲ្យ​បាន​គង់វង្ស ? ( នៅពេល​សិស្ស​ឆ្លើយតប អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ យើង​អាច​អភិវឌ្ឍ​ទីបន្ទាល់​ដ៏​រឹងមាំ​ទាំងឡាយ ដោយ​ការសាងសង់​សេចក្ដីជំនឿ​របស់យើង​នៅលើ​គ្រឹះ​របស់​ព្រះយេស៊ូវគ្រីស្ទ ) ។

ដើម្បីបង្ហាញនូវគោលការណ៍​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​កថាកណ្ឌ​ដូចខាង​ក្រោម ៖

« ជេម សេនឌើរ គឺជា​ចៅទួត​ប្រុស​របស់… ដែល​ជា​ក្មេង​ម្នាក់​ដែល​បាន​នៅរស់​ពី​ការសម្លាប់​រង្គាល [ ហើយ​ក៏​ជា​សមាជិក​ម្នាក់​នៃ សាសនាចក្រ​ផងដែរ ] ។… បងប្រុស សេនឌើរ… បាន​មាន​ប្រសាសន៍​ថា ការដឹង​ពី​ដូនតា​របស់​លោក​ថា​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ការសម្លាប់​រង្គាល ‹ មិន​បាន​ប៉ះពាល់​ដល់​សេចក្ដីជំនឿ​របស់​ខ្ញុំ​នោះទេ ដោយ​សារ​វា​ផ្អែកលើ​ព្រះយេស៊ូវគ្រីស្ទ មិនមែន​លើ​មនុស្ស​នៅក្នុង​សាសនាចក្រ​នោះ​ទេ › » ( Richard E. Turley Jr.,The Mountain Meadows Massacre »ទំព័រ ២១) ។

  • តើ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ អាច​ពង្រឹង​ដល់​យើង​យ៉ាងណា នៅពេល​យើង​រៀនអំ​ពីបទពិសោធន៍នានា ដែល​សមាជិក​សាសនាចក្រ​ខ្លះ​ មិន​បាន​រស់នៅ​ស្រប​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះនោះ ?

  • តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​ខ្លួនអ្នក​ឲ្យ​សាង​សេចក្ដីជំនឿ​របស់​អ្នក​នៅលើ​គ្រឹះ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ថ្លែងទីបន្ទាល់​អំពី​សារសំខាន់​នៃ​ការរស់នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ និង​ការផ្អែក​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្សឲ្យ​សញ្ជឹង​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​សាង​សេចក្ដីជំនឿ​របស់​ពួកគេ​ឲ្យ​បានកាន់​តែ​ប្រសើរ​ឡើង នៅលើ​គ្រឹះ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ដើម្បី​អាច​ដាក់​គោលដៅ​មួយ​ដើម្បី​ធ្វើ​ដូច្នោះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ទំនួលខុសត្រូវ​ចំពោះ​ការ​សម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធានទីមួយ​បានធ្វើ​សេចក្ដីថ្លែងការណ៍​ដូចខាងក្រោម ស្ដី​អំពី​ទំនួលខុសត្រូវ​ចំពោះ​ការ​សម្លាប់​រង្គាលនៅភ្នំម៉េដូ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ទំនួលខុសត្រូវ​ចំពោះការ​សម្លាប់​រង្គាល​មាន​ដល់​អ្នកដឹកនាំ​ក្នុង​តំបន់​នៃ​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នៅក្នុង​តំបន់​ក្បែរ​ភ្នំម៉េដូ ដែល​បាន​កាន់តំណែង​ស៊ីវិល និង​ទាហាន និង​ពួកសមាជិក​នៃ​សាសនាចក្រ​ដែល​ធ្វើការ​នៅ​ក្នុង​ការដឹកនាំ​របស់​ពួកគេ ។…

« … ដោយឥតសង្ស៍យបន្តិចសោះឡើយថា សេចក្ដីយុត្តិធម៌​របស់ព្រះ នឹងដាក់​ទណ្ឌកម្ម​ដោយ​ត្រឹមត្រូវ​មកលើ​អ្នកទាំងឡាយ​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​សម្លាប់រង្គាល​នេះ » (« 150th Anniversary of Mountain Meadows Massacre,» ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០០៧​mormonnewsroom.org/article/150th-anniversary-of-mountain-meadows-massacre) ។

រីឆាដ អ៊ី ធើរលី ជុញ្ញ័រ ជាជំនួយការ​អ្នកប្រវត្តិសាស្ត្រ និង​ជា​អ្នកកត់ត្រាសាសនាចក្របាន​ពន្យល់​អំពី​របៀប​ដែលថ្នាក់​ដឹកនាំ​សាសនាចក្រ​ទូទៅ​ បានដឹង​អំពី​ការ​សម្លាប់​រង្គាល​នេះ​នៅទីបំផុត ។ គាត់​ក៏​បាន​សង្ខេប​អំពី​ផលវិបាក​ទាំងឡាយ​ដែល​មានមក​លើ​មនុស្ស​មួយចំនួន​ដែលបាន​ប្រព្រឹត្ត​អំពើនោះ​ផងដែរថា ៖

រូបភាព
រីឆាត អ៊ី ធើរលី ជុញ្ញ័រ

« ទោះបីជា​ព្រិកហាំ យ៉ង់ និង​អ្នកដឹកនាំ​សាសនាចក្រ​ផ្សេងទៀតនៅក្នុងទីក្រុងសលត៍ លេក បានដឹងពីការសម្លាប់រង្គាល​នេះ​ភ្លាមៗ​ បន្ទាប់ពី​វា​បាន​កើតឡើងក្ដី ក៏ការយល់ដឹងរបស់ពួកលោកអំពីទំហំនៃការពាក់ព័ន្ធរបស់ប្រជាជន និងព័ត៌មាន​លម្អិត​ដ៏​អាក្រក់​នៃ​បទឧក្រិដ្ឋ​នេះ​បាន​មក​បន្តិច​ម្តងៗ​ក្នុង​អំឡុងពេលយូរ ។ នៅក្នុង​ឆ្នាំ ១៨៥៩ ពួកលោក​បាន​ដោះលែង​ការហៅ​របស់​ពួកគេ​ដែល​មាន ប្រធាន អ៊ីសាក ហេត និង​អ្នកដឹកនាំ​សាសនាចក្រ​ដែល​មាន​តំណែង​ខ្ពស់​ផ្សេង​ទៀត​នៅក្នុង​ទីក្រុង​សេដា ដែល​បាន​រួម​ដៃ​នៅក្នុង​ការសម្លាប់​រង្គាល​នោះ ។ នៅក្នុង​ឆ្នាំ ១៨៧០ ពួកលោក​បាន​កាត់កាល​អ៊ីសាក ហេត និង​ចន ឌី លី ចេញពី​សាសនាចក្រ ។

« នៅក្នុង​ឆ្នាំ ១៨៧៤ ក្រុមចៅក្រម​ដ៏​ធំ​នៃ​ដែនដី បាន​ដាក់ទោស​បុរស​ចំនួន​ប្រាំ​បួន​រូប​ចំពោះ​ការរួម​ដៃ​របស់​ពួកគេ​នៅក្នុង​ការសម្លាប់​រង្គាល​នោះ ។ នៅ​ទីបញ្ចប់ ពួកគេ​ភាគច្រើន​ត្រូវបាន​គេ​ចាប់ខ្លួន​ ទោះបីជា​មានតែ​លី ដែល​ត្រូវបាន​គេ​ចោទប្រកាន់ កាត់ទោស និង​ផ្ដន្ទាទោស​ចំពោះ​បទឧក្រិដ្ឋ​នេះ​ក្ដី ។ បុរស​ដែល​ត្រូវបាន​តុលាការ​ដាក់ទោស​ផ្សេងទៀត​បាន​ដាក់​ជូន​នូវ​ភស្ដុតាង​របស់​រដ្ឋ [ បាន​សារភាព​ដោយ​ស្ម័គ្រចិត្ត និង​បាន​ដាក់ជូន​នូវ​ភស្ដុតាង​ប្រឆាំង​នឹង​កូនក្ដី​ផ្សេងទៀត ] ហើយ​អ្នកផ្សេង​ទៀត​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​រត់គេច​ពី​ប្រព័ន្ធ​ច្បាប់ ។ ពួកជីវពល​ផ្សេងទៀត​ដែល​សម្លាប់​យ៉ាង​រង្គាល​នេះ បាន​រស់នៅ​ក្នុង​ជីវិត​មួយ​នៅក្រោម​អារម្មណ៍​ជាប់ទោស​ដ៏​អាប់អួរ និង​បាន​មានបទពិសោធន៍​យ៉ាង​អាក្រក់​ចំពោះ​អ្វី​ដែល​ពួកគេ​ធ្វើ និង​បាន​ឃើញ » ( Richard E. Turley Jr., « The Mountain Meadows Massacre » Ensign, ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។

កាល​វេលា​នៃ​ព្រឹត្តការណ៍​នានា នៅជុំវិញ​នៃការ​សម្លាប់រង្គាល​នៅភ្នំម៉េដូ

នៅថ្ងៃអង្គារ ទី ៣ ខែ​កញ្ញា ឆ្នាំ ១៨៥៧ ៖ក្រុម​រទេះ​សេះ​មួយ​ក្រុម​ដែល​មាន​មនុស្ស​ប្រហែលជា ១៤០ នាក់ ដែលភាគច្រើន​មកពី អាកាន់សាស ដើរ​ឆ្លងកាត់​ទីក្រុង​សេដា រដ្ឋ​យូថាហ៍ ។ សមាជិក​មួយចំនួន​នៃ​ក្រុម​រទេះ​សេះ​នេះ បាន​មានជម្លោះ​នឹង​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​មួយ​ចំនួនក្នុងតំបន់ ។​ បន្ទាប់ពី​សមាជិក​ខ្លះៗ​នៃ​ក្រុម​រទេះសេះ​នេះ​បាន​បដិសេធ​ពុំ​ឲ្យ​ចាប់​ខ្លួន នោះ​អ្នកដឹកនាំ​សាសនាចក្រ​ក្នុង​តំបន់ និង​អ្នកដឹកនាំ​ស៊ីវិល នៅទីក្រុងសេដា បាន​ស្វែងរក​ការ​អនុញ្ញាត​មកពី វិល្លាម ដេម ដែល​ជា​មេបញ្ជាការ​ក្នុង​ក្រុមជីវពល​នៅជិត ទីក្រុងផារ៉ូវាន់ ឲ្យ​កោះហៅ​ជីវពល​ឲ្យ​ជួយ​បង្ក្រាបពួកអន្ដោប្រវេសន៍ ។

នៅថ្ងៃសុក្រ ទី ៤ ខែ​កញ្ញា ឆ្នាំ ១៨៥៧ ៖វិល្លាម ដេម បាន​ផ្ញើរ​សាលិខិត​មួយ​ជា​ការ​ឆ្លើយ​តប​ណែនាំ​ដល់ពួកអ្នកដឹកនាំ​នៅទីក្រុង សេដា កុំ​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទាស់នឹង​ពួក​អន្ដោប្រវេសន៍ឡើយ ។ អ៊ីសាក ស៊ី ហេត និង អ្នកដឹកនាំ​ដទៃទៀតនៅទីក្រុងសេដា បានរៀប​គម្រោង​មួយ ដើម្បី​បញ្ចុះបញ្ចូល​ពួក​អាមេរិកកាំ​ង​ស្បែក​ក្រហម​ក្នុងមូលដ្ឋាន​ឲ្យ​វាយ​ប្រហារ​លើ​ក្រុមរទេះសេះ​ដែលធ្វើ​អន្ដោប្រវេសន៍​នោះ ។​ ហេត បានជ្រើសរើស ចន ឌី លី មកពី​ ហ្វស ហាម៉ូនី​ដែលនៅជិត​នោះ ឲ្យដឹកនាំ​ការ​វាយ​ប្រហារ ។

នៅថ្ងៃអាទិត្យ ទី ៦ ខែ កញ្ញា ឆ្នាំ ១៨៥៧ ៖អ៊ីសាក ស៊ី ហេត បានធ្វើជា​អធិបតី​នៅក្នុង​ការប្រជុំ​ប្រឹក្សា​មួយ​នៅទីក្រុង​សេដា ហើយ​បានជូនដំណឹង​បន្ថែម​ដល់​ពួកអ្នក​ដឹកនាំ​ក្នុងមូលដ្ឋាន​អំពី​គម្រោង​វាយប្រហារ​លើ​ពួកអន្ដោប្រវេសន៍ ។ អ្នកដឹកនាំ​មួយចំនួន​បាន​បដិសេធ​ចំពោះផែនការ​នេះ ហើយ​បាន​បញ្ចុះបញ្ចូល​ ហេត ឲ្យផ្ញើសារលិខិតមួយឲ្យ ជេម ហេលឡេម យកទៅសុំការប្រឹក្សា​មកពី​ប្រធាន ព្រិកហាំ យ៉ង់ ចំពោះរឿងនេះ ។

នៅថ្ងៃចន្ទ ទី ៧ ខែកញ្ញា ឆ្នាំ ១៨៥៧ ៖ ចន ឌី លី និងពួកអាមេរិកកាំ​ង​ស្បែក​ក្រហម​ បានវា​យ​ប្រហារ​លើ​ក្រុម​រទេះ​សេះ​ដែល​ធ្វើអន្ដោប្រវេសន៍​នៅ​ត្រង់​ភ្នំម៉េដូ ។ ជេម ហេលឡេម បាន​នាំ​សំបុត្រ​ស្នើសុំ​ការ​ណែនាំ​ពី​ប្រធាន ព្រិកហាំ យ៉ង់ ចាកចេញពី​ទីក្រុង​សេដា ទៅកាន់ទីក្រុង​សលត៍ លេក ។ កង​ជីវពល​ទីក្រុង​សេដា​ពីរ​ក្រុម បាន​វាយប្រហារ​លើ​ពួក​អន្ដោប្រវេសន៍​ពីរនាក់​ដែល​នៅ​ខាង​ក្រៅជំរុំក្រុម​រទេះសេះ ។ ជនអន្ដោប្រវេសន៍​ម្នាក់​នៅរស់ ហើយបាន​ត្រឡប់ទៅជំរុំ នាំ​ដំណឹង​ថា​ពួក​អ្នកតាំង​លំនៅដ្ឋាន​ក្នុង​ស្រុក​កំពុង​វាយ​ប្រហារ​លើ​ពួក​អន្ដោប្រវេសន៍ ។

នៅថ្ងៃ​អង្គារ ទី ៨ ខែ​កញ្ញា ឆ្នាំ ១៨៥៧ ៖ពួកបរិសុទ្ធ​ថ្ងៃ​ចុ​ង​ក្រោយ​មួយចំនួន និង​ពួក​អាមេរិកកាំងដើម បាន​ធ្វើការ​វាយប្រហារ​ពីរដង​ទៀត​ទាស់នឹង​ក្រុមរទេះ​សេះ ។ ពួក​អន្ដោប្រវេសន៍​បាន​ការពារ​ទីតាំង​របស់ពួកគេ​ដោយជោគជ័យ ប៉ុន្តែ​មនុស្ស​មកពី​ទីក្រុងសេដា បានសម្លាប់​មនុស្ស​ពីរ​នាក់ទៀត ដែលព្យាយាម​រត់គេច​ទៅរក​ជំនួយ ។

ថ្ងៃពុធ ទី ៩ ខែ​កញ្ញា ឆ្នាំ ១៨៥៧ ៖អ៊ីសាក ស៊ី ហេត បានធ្វើ​ដំណើរ​មកពី​ទីក្រុង​សេដា​ទៅទីក្រុង ផារ៉ូវាន់ ដើម្បីជួប​នឹង​ វីល្លាម ដេម ។ ក្រុម​ប្រឹក្សា​ផារ៉ូវាន់ បានសម្រេច​ថា ក្រុម​អន្ដោប្រវេសន៍ គប្បី​អនុញ្ញាត​ឲ្យ​ចេញទៅ​ដោយ​សុខសាន្ដ​ចុះ ប៉ុន្តែ​ហេត ដែល​ព្យាយាម​បញ្ចុះបញ្ចូលដោយ​សម្ងាត់ ដើម្បីទទួល​ការ​អនុញ្ញាត​របស់​ដេម ដើម្បី​កោះហៅ​កងជីវពល​ទៅ​វាយប្រហារ​លើ​ពួក​អន្ដោប្រវេសន៍​ដែល​ត្រូវ​ឡោម​ព័ទ្ធ​នោះ ។​

ថ្ងៃ​ព្រហស្បតិ៍​ទី ១០ ខែ​កញ្ញា ឆ្នាំ ១៨៥៧ ៖អ៊ីសាក ស៊ី ហេត បាន​ត្រឡប់ទៅ​ទីក្រុង​សេដា​វិញ ហើយ​បាន​ពិភាក្សា​ជាមួយ​អ្នកដឹកនាំ​ក្នុង​មូលដ្ឋាន ។ ពួកគេ​បាន​បញ្ជូន​ការ​បញ្ជា​ឲ្យ​សម្លាប់​រាល់ពួក​អន្ដោប្រវេសន៍​ទាំងអស់ លើកលែង​តែ​កុមារតូចៗ ។ ជេម ហេលឡេម បាន​ទៅដល់​ទីក្រុង​សលត៍ លេក ប្រគល់​សារ​របស់​ហេត ហើយបាន​ធ្វើដំណើរ​ត្រឡប់ទៅកាន់ទីក្រុង​សេដា​វិញ​ទាំង​មាននូវ​ការ​ឆ្លើយតប​របស់​ប្រធាន យ៉ង់ ។

ថ្ងៃសុក្រ ទី ១១ ខែ​កញ្ញា ឆ្នាំ ១៨៥៧ ៖ក្រុមជីវពល​ក្នុង​មូលដ្ឋាន បាន​ប្រើកលល្បិចទាក់ទាញ​ឲ្យ​ពួក​អន្ដោប្រវេសន៍​ដែលនៅសល់​ទាំង​ប៉ុន្មានឲ្យចេញពី​ជំរុំ​របស់ពួកគេ ។ កងជីវពល និង​ពួក​អាមេរិកកាំ​ង​ស្បែក​ក្រហម​ បាន​វាយប្រហារ និងសម្លាប់​ពួក​អន្ដោប្រវេសន៍​ទាំងអស់ លើក​លែង​តែ​កុមារ​តូចៗ ១៧ នាក់​ប៉ុណ្ណោះ ។

នៅថ្ងៃ​អាទិត្យ​ ទី ១៣ ខែ​កញ្ញា ឆ្នាំ ១៨៥៧ ៖ជេម ហេលឡេម បាន​ត្រឡប់មកពី​ទីក្រុង​សលត៍ លេក​ដោយមាន​ការណែនាំ​ជាលាយលក្ខណ៍​អក្សរ​របស់ ព្រិកហាំ យ៉ង់ មកជាមួយ ដើម្បី​ប្រាប់​ពួកគេ​ទុក​ឲ្យ​ពួក​អន្ដោប្រវេសន៍​ធ្វើដំណើរ​ទៅ​ដោយ​សុខសាន្ដ​ចុះ ។

ឆ្នាំ ១៨៥៩ ៖មន្ត្រី​សហព័ន្ធ បាន​ចូលទៅយកកុមារតូចៗ​ដែល​នៅរស់ បញ្ជូន​ពួកគេ​ឲ្យ​ត្រឡប់ទៅ អាកាន់សាស​ រស់នៅជាមួយ​នឹង​សាច់ញាតិ​ពួកគេ​វិញ ។

ឆ្នាំ ១៨៧០ ៖ប្រធាន ព្រិកហាំ យ៉ង់ បាន​ដឹង​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត អំពី​ការ​សម្លាប់រង្គាល ហើយ​បាន​កាត់កាល អ៊ីសាក ស៊ី ហេត និង ចន ឌី លី ពីសាសនាចក្រ ។

ឆ្នាំ ១៨៧៤ ៖បុរស​ប្រាំបួននាក់ ត្រូវ​បាន​ជាប់ទោស​ដោយ​ក្រុមចៅក្រម​ដ៏​ធំ​នៃ​ដែនដី ចំពោះ​តួនាទី​របស់ពួកគេ​នៅក្នុង​ការ​សម្លាប់​រង្គាល ។

ឆ្នាំ ១៨៧៥ ៖ ចន ឌី លី គឺ​ជា​អ្នក​ប្រព្រឹត្ត​តែ​ម្នាក់គត់ ដែលបាន​កាត់ទោស ប៉ុន្តែ​លទ្ធផល​នៃ​ការ​កាត់ក្ដី​ព្យួរចោលមិនអាចសម្រេចក្នុង​ក្រុមចៅក្រម ។

ឆ្នាំ ១៨៧៦ ៖ចន ឌី លី បាន​កាត់ទោស​ឡើងវិញ ហើយ​បានដាក់​ទោស​ជា​ឧក្រិដ្ឋ​ជន នៅក្នុងការ​សម្លាប់​រង្គាល ។​

ថ្ងៃ សុក្រ ទី ២៣ ខែ មិនា ឆ្នាំ ១៨៧៧ ៖​ ចន ឌី លី ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ការ​បាញ់​សម្លាប់​ពី​ក្រុមទាហាន​នៅ​ភ្នំ​ម៉េដូ ។

សង្គ្រាម​នៅ​រដ្ឋ យូថាហ៍

នៅពាក់​កណ្ដាល​ឆ្នាំ ១៨៥៧ ថ្នាក់ដឹកនាំ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ជាច្រើន​បាន​ឮ​ពី​ពាក្យ​ចចាមអារាម​ថា រដ្ឋាភិបាល​សហពន្ធ័​អាច​ដក​ព្រិកហាំ យ៉ង់ចេញ ដោយដាក់​ជំនួស​អភិបាល​ដែនដី​រដ្ឋ យូថាហ៍​ថ្មី ដែល​មាន​ខ្នង​បង្អែក​ដោយ​ទាហាន​សហពន្ធ័​ជាច្រើន​នាក់ ។ ពាក្យ​ចចាម​អារាម​ទាំងនេះ ត្រូវ​បាន​បញ្ជាក់​នៅថ្ងៃទី ២៤ ខែ​កក្កដា ដោយ​បុរស​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​បាន​មក​កាន់​ទីក្រុង​សលត៍ លេក ពី​ទិស​ខាង​កើត ( សូមមើល Ronald W. Walker, Richard E. Turley Jr., and Glen M. Leonard, Massacre at Mountain Meadows: An American Tragedy[ឆ្នាំ ២០០៨ ],ទំព័រ ៣០) ។ អ័ប្រាហាំ ស្មូត, ចាត់សុន ស្ដូដាត និង អូរីន ផតទើរ រ៉ក​ស្វែល បាន​មកដល់​ទីក្រុង​សលត៍ លេក នៅថ្ងៃទី ២៣ ខែ កក្កដា ជាមួយ​នឹង​ដំណឹង​អំពី​ការ​មក​ដល់​របស់​កងទ័ព ។ នៅថ្ងៃ​ស្អែក​ឡើង ពួកគេ​បាន​នាំ​ដំណឹង​ឡើងទៅ ប៊ីក ខតតុនវូឌ ខេញៀន ជាកន្លែង​ដែល​ ព្រិកហាំ យ៉ង់ និង​ពួកបរិសុទ្ធ​ជា​ច្រើន កំពុង​តែ​ប្រារព្ធ​ខួប​លើក​ទី ១០ នៃ​ការ​ចូល​មក​ដល់​ជ្រលងភ្នំ​សលត៍ លេក​របស់ពួក​អ្នកត្រួសត្រាយផ្លូវ ( សូមមើលChurch History in the Fulness of Times Student Manual,បោះពុម្ពជាលើកទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ៣៦៩–៧០) ។

ប្រធាន ព្រិកហាំ យ៉ង់ និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត បានជឿ​ថា ការ​មកដល់​របស់​កងទ័ព​សហព័ន្ធ មាន​នូវ​បំណង​ដ៏​ឃោរឃៅ​មក​លើ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ។ នៅដើម​ខែ​សីហា ឆ្នាំ ១៨៥៧ អ្នកដឹកនាំ​សាសនាចក្រ បានប្រកាស​អំពីផែនការ​ដើម្បី​ការពារ ឬ​ទប់ទល់​ក្រុមទាហាន​កុំ​ឲ្យ​ចូលមក​ដែនដី​រដ្ឋ យូថាហ៍ ។ នៅថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ ១៨៥៧ ព្រិកហាំ យ៉ង់ បានប្រកាស​ច្បាប់​ទាហាន​នៅក្នុងដែនដី ។ លោក​ក៏ « បានបញ្ជា​ឲ្យ​កងទ័ព​ណៅវូ ត្រៀម​ខ្លួន​សម្រាប់ការ​បោសសម្អាត ។ ស្ទើរតែ​គ្រប់សហគមន៍​ក្នុង​រដ្ឋ​យូថាហ៍ ការ​ត្រៀម​ខ្លួន​ដើម្បី​ការពារ​គឺ​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ឆាប់រហ័ស ។ លោក​ក៏បាន​ណែនាំក្រុម​ប៊ីស្សព​ក្នុង​ភូមិ​ឲ្យត្រៀម​ដុត​អ្វីៗទាំងអស់ ប្រសិនបើ ការ​វាយ​ប្រយុទ្ធពិតជាបានផ្ទុះឡើង » Church History in the Fulness of Times Student Manualទំព័រ ៣៧១ ) ។

សមាជិក​ក្នុង​ទ័ព​ណៅវូ [ជា​ឈ្មោះ​ដែល​បាន​ដាក់​ដោយ​ទ័ព​ខាង​ដែនដី​រដ្ឋ​យូថាហ៍ ] ត្រូវ​បាន​បញ្ជូន​ឲ្យទៅរំខាន​ដល់​ទ័ព​សហព័ន្ធ នៅពេលពួកគេ​កំពុង​ធ្វើដំណើរ​មក​កាន់ដែនដី​យូថាហ៍ ។ « [សមាជិក​ទ័ព] បាន​ត្រៀម​រទេះសេះ​សរុប​ចំនួន​ចិតសិបបួន ដែល​មាន​សម្ភារ​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ក្រុម​ទាហាន​ដ៏ធំ​សម្រាប់រយៈពេល​បីខែ ។ ពួកគេ​ក៏​បាន​ចាប់​គោ​ចំនួន​មួយ​ពាន់​បួនរយ​ក្បាលនៃ​គោ​ពីរ​ពាន់​ក្បាល រួមដំណើរ​ជាមួយ​នឹង​ក្បួនទ័ព » (​Church History in the Fulness of Times Student Manual,ទំព័រ ៣៧៤ ) ។ ការណ៍​នេះ បាន​ពន្យឺត​ដល់ដំណើររបស់​ទ័ព ហើយ​បាន​រារាំង​កុំ​ឲ្យ​ពួកគេ​ចូល​ទៅក្នុង​ជ្រលងភ្នំសលត៍ លេក រហូត​ដល់​និទារឃរដូវ ឆ្នាំ ១៨៥៨ ។

នៅ​ខែ​មិនា ឆ្នាំ ១៨៥៨ ប្រធាន យ៉ង់ បាន​ណែនាំ​ដល់​ពួកបរិសុទ្ធ​ឲ្យ​ជម្លៀស​អ្នក​ដែល​តាំង​លំនៅទាំងអស់ នៅក្នុង​ភាគ​ខាង​ជើង​រដ្ឋ​យូថាហ៍ ។ ពួកបរិសុទ្ធ « បាន​លាក់ទុក​ដុំ​ថ្ម​ទាំងអស់​ដែលបាន​កាត់ សម្រាប់​ព្រះវិហារបរិសុទ្ធ​សលត៍ លេក ហើយ​បានដាក់​ដី​គ្រប​ពី​លើ​គ្រឹះ​ដើម្បី​ធ្វើ​ដូចជាដីភ្ជួរដាំ​ដំណាំ ហើយនៅ​ដោយ​សុវត្ថិភាព » (​Church History in the Fulness of Times Student Manualទំព័រ ៣៧៦ ) ។ គេហដ្ឋាន និង​អគារ​ដទៃទៀត​នៅក្នុង​ទីក្រុង​សលត៍ លេក ត្រូវ​បាន​ដាក់​បំពេញ​ទៅដោយ​ចំប៉ើង ដូច្នេះ​ពួកគេ​អាច​ដុត​វា ប្រសើរ​ជាងឲ្យ​ពួក​កងទ័ព​ប្រើ ។​ ពួកបរិសុទ្ធ​ច្រើនជាង ៣០០០០ នាក់ បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​ប្រូវ៉ូ ហើយ​នឹង​ទីក្រុង​ផ្សេងទៀត នៅផ្នែកកណ្ដាល និង នៅ​ប៉ែក​ខាង​ត្បូង​រដ្ឋ​យូថាហ៍ ជាកន្លែង​ដែល​សមាជិក​សាសនាចក្រ​ដទៃទៀត បានជួយ​ផ្ដល់​ជា​ផ្ទះ​ស្នាក់នៅ និង​មើល​ថែ​ពួកគេ ។

ពួកអ្នកដឹកនាំ​សាសនាចក្រ និង​អ្នកដឹកនាំ​ដែនដី​នៅក្នុង​ទីក្រុង​សលត៍ លេក បាន​ដោះស្រាយ​ជម្លោះជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​តាមរយៈ​ការនិយាយចរចារ​ដោយ​សន្ដិភាព​ ។ នៅ​ខែ​មេសា ឆ្នាំ ១៨៥៨ ពួកអ្នកដឹកនាំ​សាសនាចក្រ បាន​ស្វាគមន៍​ដល់​អភិបាល​ដែនដី​ថ្មី ឈ្មោះ អាល់​ហ្វ្រេដ គូមីង នៅទីក្រុង​សលត៍ លេក ។ ព្រិកហាំ យ៉ង់ បាន​នាំ​យក​កំណត់ត្រា​ដែនដី ហើយ​បិទភ្ជាប់​ទៅកាន់​អភិបាល​ថ្មី និង​បាន​ស្ថាបនា​ទំនាក់ទំនង​ល្អ​ជាមួយ​គាត់ ។ នៅ​ដើម​ខែ​មិថុនា អ្នកនាំ​សារ​ដែលបានបញ្ជូនដោយ ប្រធាន ជេម ប៊ូឃែន្និន​ បាន​មកដល់​ទីក្រុង​សលត៍​ លេក នាំ​យកមកនូវសំណើរ​នៃ​ការ​សូម​ទោស​ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ។ ពួកអ្នកដឹកនាំសាសនាចក្របានទទួលយកសំណើរនេះ ដែលបានជម្រះនូវការធ្វើខុសរបស់កងទ័ពណៅវូ នៅក្នុងសកម្មភាពវាយលុករបស់ពួកគេ​ទាស់​នឹង​រទេះភ្លើង​ដឹក​សម្ភារ​របស់​កងទ័ព ។ នៅថ្ងៃទី ២៦ ខែ​មិថុនា កងទ័ព​បាន​ចូល​មក​ដោយសុខសាន្ត និង​បានមកដល់​រដ្ឋធានី​ដ៏​ស្ងប់ស្ងាត់​និងស្ទើរតែគ្មានអ្នកស្រុកទាល់តែសោះ ។ ដោយ​សារ​តែ​ពួក​កងទ័ព​ពុំ​បាន​រំខាន​ដល់​ទ្រព្យ​សម្បត្តិ​របស់ពួក​បរិសុទ្ធ នោះ​ពួក​បរិសុទ្ធ​បាន​បន្ដ​នៅក្នុង​ទីក្រុង ហើយពុំ​បាន​ដុត​អគារ​របស់ពួកគេដើម្បី​គម្រាម​គំហែង​នោះ​ទេ ។ បន្ទាប់ពី​បាន​ស្នាក់នៅក្នុងទីក្រុង​ពីរបីថ្ងៃ នោះ​កងទ័ព​បានចាកចេញ ហើយបានបង្កើតប៉ុស្ដ៍ថ្មីមួយ មានទំហំប្រហែលជា ៤៨ ម៉ែល (៧៧ គ.ម) នៅ​ប៉ែកនិរតីនៃទីក្រុងសលត៍ លេក ដែលពួកគេបាន​ដាក់ឈ្មោះ​ថា ជំរំ ហ្ល័ឌ ។ នៅ​ថ្ងៃទី ១ ខែ​កក្កដា ឆ្នាំ ១៨៥៨ ព្រិកហាំ យ៉ង់ បាន​ដឹកនាំ​ពួកបរិសុទ្ធ​ឲ្យ​ត្រឡប់ទៅ​ផ្ទះ​របស់ពួកគេ​នៅ​ប៉ែក​ខាង​ជើង​រដ្ឋ​យូថាហ៍ ( សូមមើលChurch History in the Fulness of Times Student Manualទំព័រ ៣៧៥-៧៧ ) ។

តើ​មានអ្វី​កើតឡើង​ខ្លះ​ចំពោះ​កូន​តូចៗ​របស់ពួកអន្ដោប្រវេសន៍ ដែលបាន​នៅ​រស់​ពី​ការ​សម្លាប់​រង្គាល​នោះ ?

ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ខ្លះ​បាន​ទទួល​យក កូនក្មេង​នៃ​ជនអន្ដោប្រវេសន៍​ដែល​បាន​នៅរស់​ពី​ការសម្លាប់​រង្គាល​នោះ មកចញ្ចឹម ។ នៅក្នុង​ឆ្នាំ ១៨៥៩ ពួកមន្ដ្រី​សហព័ន្ធ​បាន​ទទួល​សិទ្ធិ​ជាអាណាព្យាបាល​លើ​កូនក្មេង​ទាំងនេះ ហើយ​បាន​បញ្ជូន​ពួកគេ​ត្រឡប់​ទៅរក​សាច់ញាតិ​របស់​គេ​នៅក្នុង​រដ្ឋ​អាកាន់សាសវិញ ។

តើ​សមាជិក​នៃ​ជន​អន្ដោប្រវេសន៍​រទេះសេះ​បាន​ដាក់ថ្នាំ​បំពុលដល់ពួកអាមេរិកកាំងស្បែកក្រហមឬទេ ?

រីឆាត អ៊ី ធើរលី ជុញ្ញ័រ ដែលជា​ជំនួយ​ការ​អ្នកប្រវត្តិ​សាស្ត្រ​សាសនាចក្រ និង​ជា​អ្នក​កត់ត្រា​បាន​ពន្យល់​ថា ៖

រូបភាព
រីឆាត អ៊ី ធើរលី ជុញ្ញ័រ

« តាម​ប្រវត្តិ​រដ្ឋ​យូថាហ៍​មួយចំនួន​នៃ​អ្វី​ដែលបាន​កើតឡើងនៅ​ភ្នំ​ម៉េដូ បាន​ទទួល​យក​នូវការ​អះអាង​ថា ការ​បំពុល​នោះ​ក៏​ជាមូលហេតុមួយបាន​នាំ​ឲ្យ​មាន​ជម្លោះ​ផងដែរ--​ ថា​ពួក​អន្ដោប្រវេសន៍​អាកាន់សាស​ បាន​បំពុល​ដោយ​ចេតនាដល់​ទឹក និង​សាកសព​គោ នៅជិត​នឹងទីក្រុង​កណ្ដាល​រដ្ឋ​យូថា ឈ្មោះ​ថា ហ្វីលម័រ ដែល​បណ្ដាល​ឲ្យ​មាន​ជម្ងឺ និង​ការ​ស្លាប់​នៅ​ក្នុង​ចំណោមពួកអាមេរិកកាំងស្បែកក្រហមក្នុងស្រុកនោះ ។ យោងតាមរឿង​នេះ ពួក​អាមេរិកកាំ​ង​ស្បែក​ក្រហម​បានប្រែ​ទៅជា​មានកំហឹង ហើយ​បាន​ដេញតាម​ពួក​អន្តោប្រវេសន៍​ទៅ​ភ្នំ​ម៉េដូ ជាកន្លែង​ដែល​ពួកគេ​អាចនឹង​ប្រព្រឹត្ត​អំពើឃោរឃៅ​ដោយខ្លួន​គេ ឬ​ក៏​បាន​បង្ខំ​ឲ្យពួក​តាំងលំនៅ​ដែលជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយដែល​ភ័យ​ខ្លាច​នោះ ឲ្យ​ចូលរួម​នឹង​ពួកគេ​ក្នុងការ​វាយ​ប្រហារ​នោះ ។ តាម​ការ​ស្រាវជ្រាវ​ខាង​ប្រវត្តិសាស្ត្រ បង្ហាញ​ថា​រឿង​ទាំង​នេះ​ពុំ​ត្រឹមត្រូវ​ទេ ។

« ខណៈដែលវាជា​ការ​ពិត​ដែលថា គោ​របស់ពួក​អន្ដោប្រវេសន៍​មួយចំនួន បាន​ងាប់នៅ​តាមផ្លូវ នៅជិត ហ្វីលម័រ ដែលមានការស្លាប់មកពីជំងឺ ដែលឆ្លងដល់ហ្វូងគោក្នុង​ឆ្នាំ ១៨៥០ នៅ​តាម​ផ្លូវ​គោក ។ មនុស្ស​បាន​កើត​ជំងឺ​ឆ្លងមក​ពី​សត្វ​មាន​រោគ​នោះ ដោយ​សារ​ការ​កាត់​សាច់ ឬ​ដំបៅ ឬ​ការ​ទទួលទាន​សាច់សត្វ​ដែល​មាន​មេរោគ​នោះ ។ ដោយ​សារ​តែ​ពុំ​មាននូវការ​យល់​ដឹងស្របតាម​សម័យ​ថ្មីនេះ នោះ​មនុស្ស​បាន​សង្ស័យ​ថា បញ្ហា​នោះ​បណ្ដាល​មក​ពី​ការ​បំពុល » (The Mountain Meadows Massacre»Ensignខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ១៦ ) ។

ទង្វើ​អកុសល​ដោយ​សមាជិក​នៃ​សាសនាចក្រ

សេចក្ដីថ្លែង​ការណ៍​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈ​ប្រធានទីមួយ​ដូច​ខាង​ក្រោម​នេះ អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​ឆ្លើយ​តប​ បើ​យើង​បាន​ដឹង​ថា​អ្នកដឹកនាំ​សាសនាចក្រ​បាន​ធ្វើ​ខុស​នោះ ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« ប្រសិនបើនិយាយដោយស្មោះត្រង់ទៅ វា​មាន​ពេល​ដែល​សមាជិក ឬ អ្នក​ដឹកនាំ​សាសនាចក្រ​ជា​ធម្មតា​ធ្វើ​នូវកំហុសឆ្គង ។ ធ្លាប់​មាន​រឿង​ដែល​ត្រូវ​បាន​ពោល និង​ធ្វើ ដែល​ពុំ​ចុះ​សម្រុង​នឹងគុណ​តម្លៃ គោលកាណ៍ ឬ​គោលលទ្ធិ​យើង ។

« ខ្ញុំ​គិត​ថា​សាសនាចក្រ​នឹង​បាន​គ្រប់​លក្ខណ៍ បើ​សាសនា​ចក្រ​ដឹកនាំ​ដោយ​មនុស្ស​ដែលគ្រប់​លក្ខណ៍ ។ ព្រះ​ល្អ​គ្រប់​លក្ខណ៍ ហើយ​គោលលទ្ធិ​ទ្រង់​បរិសុទ្ធ ។ តែទ្រង់ធ្វើការតាមរយៈយើង — ដែលជាកូនចៅពុំគ្រប់លក្ខណ៍ — ហើយមានកំហុស ។…

« នេះ​ជា​របៀប​ដែល​ធ្លាប់​មាន ហើយ​នឹង​នៅ​តែ​មាន​ដរាប​ដល់​ថ្ងៃ​ដ៏ល្អឥតខ្ចោះ ដែល​ព្រះគ្រីស្ទ​ទ្រង់​ផ្ទាល់​សោយ​រាជ្យ​លើ​ផែនដី ។

« ជា​អកុសល​ដែល​មនុស្ស​ខ្លះ ជំពប់​ដួល​ដោយ​សារ​កំហុស​ធ្វើ​ឡើង​ដោយ​មនុស្ស ។ ប៉ុន្តែ​ទោះ​ជា​មាន​រឿង​នេះ​ក្ដី ក៏​សេចក្ដីពិត​ដ៏អស់កល្បជានិច្ច​អំពី​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ដែល​មាននៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ពុំមាន​ប្រឡាក់ កាត់​បន្ថយ ឬ​បំផ្លាញ​ចោល​ឡើយ » (​«Come, Join with Us»Ensignលីអាហូណា​ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២២-២៣ ) ។

ការ​សម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​សម្លាប់​រង្គាល​នៅ​ភ្នំ​មេដូ សូមចូលទៅ​កាន់Gospel Topics នៅLDS.orgហើយស្រាវជ្រាវ​រក​ពាក្យ «Mountain Meadows Massacre» ។