ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៨:១-២៤, ៣៨-៥០


មេរៀនទី ១៥៤

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៨:១-២៤

បុព្វកថា

នៅ​ថ្ងៃទី ៣ ខែ​តុលា ឆ្នាំ ១៩៨១ នៅក្នុង​ប៊ីហៃ ហៅស៍ នៅទីក្រុង​សលត៍ លេក (ជា​ផ្ទះ​ដែល​ប្រធាន ព្រិកហាំ យ៉ង់ បាន​រស់នៅ ពេល​លោក​ជា​ប្រធាន​សាសនាចក្រ ) ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ទទួល​ការនិមិត្ត​ដែលបាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨។ នៅក្នុង​ការនិមិត្ត​នេះ ប្រធាន​ស្ម៊ីធ បាន​ឃើញ​ព្រះអង្គសង្គ្រោះ ចន្លោះ​ពេល​នៃ​ការ​សុគត និង​ការ​រស់ឡើងវិញ​របស់ទ្រង់ បម្រើ​ទៅដល់​វិញ្ញាណ​សុចរិត​នៅ​ស្ថានបរមសុខ ដែល​កំពុង​រង់ចាំ​ការ​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​សេចក្ដីស្លាប់ ។ នេះ​គឺជា​មេរៀន​ទីមួយ​នៃ​មេរៀន​ចំនួន​ពីរ ដែល​ពិភាក្សា​អំពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៨:១-១១

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ពិចារណា​អំពីបទគម្ពីរទាំងឡាយ និងដង្វាយធួន​របស់ព្រះយេស៊ូវគ្រីស្ទ

សូមឲ្យសិស្សនឹកគិត អំពីផែនការនៃសេចក្ដីសង្គ្រោះ និងអ្វីដែលបានកើតឡើង​ទៅដល់​វិញ្ញាណ និង​រូបកាយ​នៅពេល​ស្លាប់ ។

  • តើ​មានអ្វី​នឹង​កើតឡើង​ចំពោះ​វិញ្ញាណ និង​រូបកាយ​របស់​យើង ពេល​យើង​ស្លាប់ ? តើ​វិញ្ញាណ​របស់​យើង​នឹង​ទៅ​កន្លែង​ណា ?

  • តើអ្នកនឹកគិត​ថា ពិភពវិញ្ញាណ​មាន​លក្ខណៈ​ដូចម្ដេច ?

សូម​ពន្យល់​ថា ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ជា​ប្រធានសាសនាចក្រ​ទីប្រាំមួយ បាន​ទទួលវិវរណៈ​មួយ​អំពី​ពិភពវិញ្ញាណ ។ សូ​មអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាននូវ​ការណែនាំ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨​ ឲ្យ​ឮៗ​ ។ សូម​ឲ្យសិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​អ្វី​ដែល​ប្រធាន ស្ម៊ីធ បាន​ទទួលពិសោធន៍​នៅក្នុង​ពេល​ជាច្រើនខែ​ពីមុនសន្និសីទទូទៅ​ខែ​តុលា ឆ្នាំ ១៩១៨ ។ សូម​អញ្ជើញ​ពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ប្រាប់​សិស្ស​ថា នៅក្នុង​ខែ​ទាំងនោះ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធកំពុង​កាន់ទុក្ខ​ចំពោះ​ការ​បាត់បង់​កូនប្រុស​របស់​លោក ហៃរ៉ុម ម៉ាក់ ស្ម៊ីធ ដែលបានបម្រើជាសមាជិកមួយរូបនៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរ​នាក់ ។ អែលឌើរ ស្ម៊ីធ បាន​ទទួល​មរណភាព​នៅ​ដើម​ឆ្នាំ​នោះ ដោយសារ​ធ្លាយ​ពោះវៀនដុះ​ខ្នែង នៅ​ក្នុង​វ័យ ៤៥ ឆ្នាំ ។​

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១-៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម ហើយ​រកមើល​គោលលទ្ធិ​ដែលប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ពិចារណា​នៅថ្ងៃ​ទី ៣ ខែ​តុលា ឆ្នាំ ១៩១៨ នៅពេល​លោក​នៅ​ស្ងាត់​ម្នាក់​ឯ​ង​ក្នុង​បន្ទប់លោក ។​

  • តើគោលលទ្ធិអ្វី​ដែលប្រធាន ស៊្មីធ ពិចារណា​ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូម​សរសេរ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​តាមរយៈ​ការ​គោរព​ប្រតិបត្តិ​ចំពោះគោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ មនុស្ស​ទាំងអស់​អាច​ត្រូវ​បាន​សង្គ្រោះ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែល​ប្រធាន ស្ម៊ីធ បាន​ជួប​បទពិសោធន៍ នៅពេល​លោក​ពិចារណា​អំពីដង្វាយធួន ។

  • តើ​មានអ្វីខ្លះ​បាន​ចូល​មក​ក្នុងគំនិត​របស់​ប្រធាន ស៊្មីធ នៅពេល​លោក​បានពិចារណា​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​សួរ​ដល់​សិស្ស​បើ​ពួកគេ​ធ្លាប់​មាន​វគ្គគម្ពីរ​ណា​មួយ ដែលផុសចេញមកក្នុង​គំនិតរបស់ពួកគេ នៅពេល​ពួកគេ​បាន​ពិចារណា​ចំណែក​មួយ​នៃ​ដំណឹងល្អ ។​ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៦-១០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើលការ​បង្រៀន​ដែល​បាន​ធ្វើ​ឲ្យ​ប្រធាន​ស្ម៊ីធ​រំភើបចិត្ត ។ សូម​អញ្ជើញ​ពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ បន្ទាប់មក​សូម​ពន្យល់​ថា ប្រធាន ស្ម៊ីធ បានទទួលការនិមិត្ត​មួយ​ដែល​ជួយ​យើង​យល់​អំពី​ការ​បង្រៀន​របស់​ពេត្រុស​ អំពី​ពិភពវិញ្ញាណ ។

សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១១ ដោយ​ស្ងាត់ស្ងៀម រកមើល​នូវអ្វី​ដែលប្រធាន ស្ម៊ីធ បានមើលឃើញ នៅពេលលោកពិចារណាអំពីបទគម្ពីរ ។ សូមសិស្សរាយការណ៍​ពីអ្វីដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា ពីមុនសិស្ស​រៀន​អំពី​ការ​និមិត្ត​របស់​ប្រធាន ស្ម៊ីធ អំពី​ពិភពវិញ្ញាណ ពួកគេ​គួរ​តែ​កត់សម្គាល់​អំពី​ដំណើរ​ការ​នៃ​វិវរណៈ​ដែល​លោកបាន​ពិពណ៌នា ៖ នៅពេល​លោក​ពិចារណា​អំពី​បទគម្ពីរ លោក​បាន​នឹកគិត​ដល់គោលលទ្ធិ​នៃ​ដង្វាយធួន និង​ក្ដីស្រឡាញ់​ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​មនុស្ស​លោក​ទាំងអស់ ។ គំនិត​ទាំងនេះ បាន​នាំ​ឲ្យ​លោកនឹកចាំអំពីពាក្យ​សម្ដី​របស់​ពេត្រុស ។ បន្ទាប់​មក​ ពេលលោក​ពិចារណា​អំពី​ពាក្យ​សម្ដីរបស់​ពេត្រុស « កែវភ្នែក​នៃ​ការ​យល់​ដឹង​របស់ [​លោក] ត្រូវ​បាន​បើកឡើង » ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​សណ្ឋិត​មក​លើ​លោក ហើយ​លោក​បាន​ឃើញ​ពិភពវិញ្ញាណ ។

  • តើ​យើង​អាច​រៀនអ្វីខ្លះមកពី​ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ អំពី​ការ​ត្រៀម​ខ្លួន​ដើម្បី​ទទួលវិវរណៈ ? ( សិស្ស​អាច​ប្រើពាក្យ​ផ្សេងៗ ប៉ុន្តែ​ពួកគេ​គប្បី​ប្រាប់​នូវ​គោលការណ៍​ដូច​ខាងក្រោម ៖នៅពេល​យើងអាន និងពិចារណា​បទគម្ពីរ នោះ​យើង​ត្រៀម​ខ្លួន​យើង​ដើម្បីទទួល​វិវរណៈ ។ អ្នក​អាច​ស្នើ​ឲ្យ​សិស្ស​សរសេរ​គោលការណ៍​នេះ​ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ខ ១១ ។)

  • តើ​ការ​អាន និងការ​ពិចារណា​បទគម្ពីរ​ជួយ​អ្នក​អញ្ជើញ​ឲ្យ​មានវិវរណៈ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ( បើ​អាច​ធ្វើទៅបាន សូម​ផ្ដល់​ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែងការណ៍ដល់​សិស្ស ហើយ​សុំ​ឲ្យពួកគេ​ផ្ទៀងតាម ) ។ សូម​ឲ្យ​សិស្ស​ស្ដាប់​ការពិពណ៌នា​របស់​អែលឌើរ គ្រីស្តូហ្វឺសិន អំពី​របៀប​ដែល​យើង​គប្បី​សិក្សា​បទគម្ពីរ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ថា ‹ សិក្សា › ខ្ញុំ​មាន​ន័យ​ថា​ជា​អ្វី​មួយ ដែល​ពិសេស​ជាង​ការគ្រាន់​តែ​អាន​ទៅ​ទៀត ។… ខ្ញុំ​ឃើញថា ពេល​ខ្លះអ្នក​អាន​ខគម្ពីរមួយចំនួន រួចហើយឈប់ ដើម្បី​សញ្ជឹង​គិត​អំពី​ខគម្ពីរ​នោះ សូម​អាន​ខគម្ពីរ​នេះម្តង​ទៀត​ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​នៅពេល​អ្នក​គិត​ពី​ន័យ​របស់​វា សូម​អធិស្ឋាន​សម្រាប់​ការយល់ដឹង សួរ​សំណួរ​នៅក្នុង​គំនិត​របស់​អ្នក រង់ចាំ​ការបំផុស​គំនិត​ខាងវិញ្ញាណ និង សរសេរ​ទុក​នូវ​ការបំផុស​គំនិត និង ទស្សនៈ​វិស័យជ្រៅជ្រះដែល​នឹង​មក ដូច្នេះ​អ្នក​អាច​ចងចាំ និង រៀន​បាន​ច្រើន​ជាង » (When Thou Art Converted, »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៤, ទំព័រ ១១ ) ។

  • តើ​ពេលណា​ដែលអ្នកបាន​ធ្វើតាមគំរូនេះ នៅក្នុង​ការ​សិក្សា​គម្ពីរ​របស់​អ្នក ? តើវា​បាន​ផ្លាស់ប្ដូរ​បទពិសោធន៍​របស់អ្នក​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញសិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ ដើម្បី​អាន និងពិចារណា​អំពី​បទគម្ពីរ​តាមរបៀប​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បានពិពណ៌នា ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៨:១២-២៤, ៣៨-៥០

យ៉ូសែប អេហ្វ ស៊្មីធ មើល​ឃើញ​មរណជន​សុចរិត កំពុង​រង់ចាំ​ការ​រស់ឡើងវិញ​របស់ពួកគេ

សូម​បំបែក​សិស្ស​ឲ្យធ្វើ​ការ​ជា​ដៃគូ ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​នឹង​ដៃគូរបស់ពួក​គេ ៖

  • តើ​ព្រឹត្តការណ៍​នាពេលអនាគត​អ្វី​ខ្លះ ដែល​អ្នក​កំពុង​ទន្ទឹង​ចាំ​ខ្លាំង​បំផុត​នោះ ? ហេតុអ្វី​អ្នក​រំភើប​ចិត្ត​ចំពោះវា ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ប្រាប់​ចម្លើយ​របស់​គេ​ជាមួយ​នឹង​សិស្សក្នុង​ថ្នាក់ ។ សូម​ពន្យល់​ថា នៅពេល​ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បាន​មើលឃើញ​ពិភពវិញ្ញាណ​នៅក្នុងការ​និមិត្ត នោះ​លោក​បាន​ឃើញ​នូវការ​ប្រមូល​ផ្ដុំ​គ្នា​ដ៏ធំ​នៃ​ពួកវិញ្ញាណ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១២-១៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ការពិពណ៌នា​អំពី​ពួកវិញ្ញាណ​ដែល​បាន​ប្រមូល​ផ្ដុំគ្នានោះ ។

  • តើ​ប្រធាន ស្ម៊ីធ ពិពណ៌នា​អំពី​ពួកវិញ្ញាណ​ដែល​លោក​បាន​មើលឃើញ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៣៨-៤៩ ដោយ​ស្ងាត់​ស្ងៀម រកមើល​ឈ្មោះ​នៃ​ពួកវិញ្ញាណ​មួយចំនួន​ដែល​នៅទីនោះ ។ ( អ្នក​អាច​នឹង​ចង់ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូសចំណាំ​ឈ្មោះ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។ សូម​ឲ្យ​សិស្ស​រាយការណ៍ពី​ឈ្មោះ​មួយចំនួន​ដែលពួកគេ​រកឃើញ ។

  • ស្របតាម ខ ៤៩តើ​ពួកវិញ្ញាណ​ទាំងនេះ​កំពុង​រង់ចាំអ្វី ? ( ការ​រំដោះ​ឲ្យរួច ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១៤-១៦, ៥០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​នូវ​មូលហេតុ​ដែលក្រុមវិញ្ញាណ​សុចរិត​ទាំងនេះ ពោរពេញ​ដោយ​សេចក្ដីអំណរ និង​ភាព​សប្បាយរីករាយ ។

  • ហេតុអ្វី​បានជា​ពួកវិញ្ញាណ​សុចរិត​ទាំងនេះ​បាន​ពោរពេញ​ដោយ​សេចក្ដីអំណរ និង​សេចក្ដី​អររីករាយ ? ( « ដោយសារ​តែ​ថ្ងៃ​នៃ​សេចក្ដី​រំដោះ​របស់គេ​នៅជិត​ដៃ​បង្កើយ » [ខ ១៥] ។ ជាពាក្យម្យ៉ាង​ទៀត​ថា ពួកគេ​បាន​ដឹង​ថា ពួកគេ​នឹង​ត្រូវ​បាន​រស់ឡើងវិញ​ក្នុងពេល​ឆាប់ៗ ដោយសារ​តែ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • ហេតុអ្វី​អ្នកគិត​ថា ការផ្គុំ​ឡើងវិញនៃ​វិញ្ញាណ និងរូបកាយ នឹង​នាំ​មកនូវសេចក្ដីរំដោះ​ចំពោះ​ពួកវិញ្ញាណ​សុចរិត​ទាំងនេះ​ ?

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១៧ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវពរជ័យ​ទាំងឡាយ​ដែល​ក្រុមព្រលឹង​សុចរិត ទទួលបាន បន្ទាប់ពី​វិញ្ញាណ និង​រូបកាយ​របស់ពួកគេ​ផ្គុំ​ឡើងវិញ ។ អ្នក​អាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​អ្វី ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​យើង​អាច​ទទួលបាន​អ្វីខ្លះ នៅពេល​យើង​ត្រូវបាន​រស់ឡើងវិញ ? ( ភាពពេញលេញ​នៃ​សេចក្ដីអំណរ ) ។

  • តើយើងអាច​រៀនអ្វីខ្លះមកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១៤-១៧, ៥០ អំពី​ការ​រំដោះ​ឲ្យរួច​ពី​ការ​ស្លាប់​ខាង​រូបកាយ ? ( សិស្ស​អាច​នឹង​ប្រាប់ អំពី​គោលលទ្ធិ និង​គោលការណ៍​ផ្សេងៗ ប៉ុន្តែសូម​ប្រាកដ​ថា ពួកគេ​យល់​នូវគោលលទ្ធិពីរ​ដូច​ខាង​ក្រោម ៖ តាមរយៈ​ព្រះគុណ​នៃព្រះជាព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​ត្រូវ​បាន​រំដោះ​ឲ្យរួច​ពី​ចំណង​នៃ​សេចក្ដីស្លាប់ ហើយ យើងអាច​ទទួលបាន​សេចក្ដីអំណរ​ពេញលេញ​តាមរយៈ​ការ​រស់ឡើងវិញ ។ អ្នក​អាចនឹង​ចង់​សរសេរគោលលទ្ធិទាំងនេះលើក្ដារខៀន ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដីថ្លែងការ​ណ៍ដូច​ខាងក្រោមដោយ​អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ដែលបាន​អធិប្បាយ​អំពី​តម្រូវ​ការ​ និង​ពរជ័យ​នៃ​ការ​មាន​រូបកាយ​សាច់ឈាម ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​មូលហេតុ​នៃ​ការ​មាន​រូបកាយ​សាច់ឈាម មានសារៈសំខាន់​ចំពោះ​ផែនការ​របស់ព្រះវរបិតាសួគ៌​ចំពោះ​យើង ដើម្បី​មានភាពពេញលេញនៃសេចក្ដីអំណរ ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« រូបកាយ​សាច់ឈាម​របស់​យើង ធ្វើ​ឲ្យ​មាន​បទពិសោធន៍​ទូលំទូលាយ ជ្រាលជ្រៅ និង កម្លាំង ដែល​ជាធម្មតា​ពុំ​អាច​ទទួល​បាន​នៅក្នុង​រូបកាយ​មុន​ជីវិត​រមែង​ស្លាប់​របស់​យើង​បាន​ឡើយ ។ ដូច្នេះ ទំនាក់ទំនង​របស់​យើង​ជាមួយ​មនុស្ស​ទូទៅ សមត្ថភាព​របស់​យើង​ដើម្បី​ស្គាល់ និង ប្រព្រឹត្ត​ស្របតាម​សេចក្ដីពិត និង លទ្ធភាព​របស់​យើង​ដើម្បី​គោរព​តាម​គោលការណ៍ និង ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​បាន​ពង្រីក​ឲ្យ​កាន់តែ​ល្អ​ឡើង​តាមរយៈ​រូបកាយ​សាច់ឈាម​របស់​យើង ។…

« ផែនការ​របស់ព្រះវរបិតា ត្រូវ​បាន​គ្រោង​ឡើង ដើម្បី​ផ្ដល់​ការ​ដឹកនាំ​ចំពោះ​កូនចៅ​របស់ទ្រង់ ដើម្បីជួយពួកគេ​ឲ្យ​រីករាយ ហើយ​នាំ​ពួកគេ​ត្រឡប់ទៅ​ផ្ទះវិញ ទៅឯ​ទ្រង់​ដោយ​សុវត្ថិភាព ជាមួយ​នឹង​រូបកាយ​ដែល​រស់ឡើងវិញ និង​តម្កើងឡើង » (We Believe in Being Chaste,»Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១, ៤៣ ) ។

  • ហេតុអ្វី​យើង​ត្រូវការ​រូបកាយ​សាច់ឈាម​ដើម្បីទទួលបាន​សេចក្ដីអំណរពេញលេញ ?

ដើម្បីបន្ថែម​ពីលើ​ចម្លើយ​របស់សិស្ស អ្នកអាច​នឹង​ចង់​ពន្យល់​ថា ភាព​ពេញលេញ​នៃ​សេចក្ដីអំណរ គឺជា​ប្រភេទ​នៃ​សេចក្ដីអំណរ​ដែលព្រះវរបិតាសួគ៌​មានបទពិសោធន៍ ។ ព្រះវរបិតា​សួគ៌ មានរូបកាយសាច់ឈាមជា សាច់ និង​ឆ្អឹង ( សូមមើលគ. និង ស. ១៣០:២២) ។ នៅពេលវិញ្ញាណ និង​រូបកាយ​របស់​យើង​ត្រូវ​បាន​បំបែក​ចេញពីគ្នា យើង​ពុំ​ដូច​ជា​ទ្រង់ឡើង ហើយពុំអាច​ទទួល​ភាពពេញលេញ​នៃ​សេចក្ដីអំណរ​ឡើយ ( សូមមើលគ. និង ស. ៩៣:៣៣-៣៤) ។ នៅពេលវិញ្ញាណ​ និង​រូបកាយ​របស់​យើង ភ្ជាប់​នឹង​គ្នា​ដោយពុំ​អាច​បំបែកបាន--នៅពេល​យើង​ត្រូវ​បាន​រស់ឡើងវិញ-- នោះ​យើងអាច​ប្រែក្លាយដូចជា​ព្រះវរបិតាសួគ៌​របស់​យើង ហើយមាន​សេចក្ដីអំណរពេញលេញ​នៅទីបំផុត ។

សូម​ពន្យល់​ថា ពួកសុចរិត​នៅក្នុងពិភព​វិញ្ញាណ កំពុង​រង់ចាំ​ «ការ​យាង​មក» ឬ​ការ​យាងមក​ដល់​របស់ព្រះរាជបុត្រា​នៃព្រះ ដើម្បី​រំដោះ​ពួកគេ ហើយ​ស្ដារពួកគេ​ឡើងនៅក្នុង « រូបរាងពេញ​ខ្នាត » (គ. និង ស. ១៣៨:១៦-១៧) ។ សូម​អញ្ជើញសិស្ស​ឲ្យនឹកគិត​ក្នុងចិត្ត​នូវ​អ្វី​ដែល​បាន​កើតឡើង​នៅលើ​ផែនដី ខណៈ​ដែល​ពួកវិញ្ញាណ​សុចរិត​ទាំងនេះ ត្រូវ​បាន​រួបរួមគ្នា ។ ព្រះយេស៊ូវ​គ្រីស្ទ បាន​ធ្វើ​ដង្វាយធួន​សម្រាប់​កូនចៅ​ទាំងអស់​របស់ព្រះវរបិតាសួគ៌ តាមរយៈ​ការ​រងទុក្ខ​របស់ទ្រង់​នៅក្នុង​សួនច្បារ​គេតសេម៉ានី និង​នៅលើ​ឈើ​ឆ្កាង ។ ពួកវិញ្ញាណ​សុចរិត​មួយចំនួន ដែលនៅក្នុងពិភពវិញ្ញាណ បាន​រង់ចាំ​អស់​រាប់ពាន់​ឆ្នាំ​សម្រាប់​សេចក្ដីរំដោះ​របស់ពួកគេ ។ ការពលិកម្ម​របស់ព្រះយេស៊ូវ​គ្រីស្ទ រួម​មានទាំង​ការ​ប្រោសលោះ​ពី​អំពើបាប​របស់ពួកគេ ក៏ដូចជា​សេចក្ដីសង្គ្រោះ​ពី​សេចក្ដីស្លាប់​ខាង​រូបកាយ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១៨-១៩ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម នឹក​ស្រមៃពីព្រឹត្តិការណ៍​ដែល​អាច​កើតមាន ដែលបានពិពណ៌នា​នៅក្នុងខគម្ពីរ​ទាំងនេះ ។

  • តើអ្នកគិត​ថា ការលេច​ព្រះកាយ​របស់ព្រះយេស៊ូវគ្រីស្ទ​នៅក្នុងពិភពវិញ្ញាណ​អាច​នឹង​មានលក្ខណៈ​យ៉ាងដូចម្តេច​ចំពោះ​អ្នកទាំងឡាយ​ដែល​ទ្រង់​បាន​យាង​ទៅ​ជួប ?

  • តើ​ព្រះអង្គសង្គ្រោះ​បង្រៀន​ដល់​ពួកវិញ្ញាណទាំងនេះ​អ្វីខ្លះ ?

  • តើអ្នកអាច​ឆ្លើយ​តបចំពោះព្រះអង្គសង្គ្រោះ​ ដែល​បាន​ធ្វើ​ដង្វាយធួនសម្រាប់​អ្នក​យ៉ាងដូចម្ដេច បើអ្នក​បាន​នៅទីនោះ​ស្ដាប់​ឮ​ទ្រង់​ផ្សាយនៅក្នុង​ពិភពវិញ្ញាណ ? ( អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពិចារណា​អំ​ពី​សំណួរ​នេះ​ដោយ​ស្ងាត់ស្ងៀម ជាជាង​ឆ្លើយដោយ​ឮៗ ។ )

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:២៣-២៤ ឲ្យ​ឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​របៀប​ដែល​ពួកវិញ្ញាណសុចរិត​បាន​ឆ្លើយតប​ចំពោះ​ការ​យាងមក​ជួប​របស់ព្រះអង្គសង្គ្រោះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ចង្អុល​បង្ហាញ​ទៅ​គោលលទ្ធិ​ទីមួយ ដែលអ្នកបាន​សរសេរ​នៅលើ​ក្ដារខៀន៖តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​តាមរយៈ​ការ​គោរព​ប្រតិបត្តិ​ចំពោះគោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ មនុស្ស​ទាំងអស់​អាច​ត្រូវ​បាន​សង្គ្រោះ ។ សូម​ពន្យល់ថា នៅពេលសិស្ស​បន្ដ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨ នោះពួកគេ​នឹង​រៀន​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ បាន​ផ្ដល់​នូវ​មាគ៌ា​មួយ​ចំពោះកូនចៅ​ទាំង​អស់​របស់ទ្រង់ ដើម្បី​ទទួលប្រយោជន៍​មកពី​ដង្វាយធួន​របស់ព្រះអង្គសង្គ្រោះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨។ បរិបទ​ផ្ទាល់ខ្លួន​របស់​ប្រធាន យ៉ូសែប អែហ្វ ស៊្មីធ​

នៅចន្លោះ​ឆ្នាំ ១៨៦៩ និង​ឆ្នាំ ១៩១៨ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ទទួលបទពិសោធន៍ឈឺ​ចាប់ និង​សោកសៅ ទាក់ទង​នឹង​សេចក្ដីស្លាប់​នៃ​សមាជិក​គ្រួសារ ។ លោក​បាន​បញ្ចុះ​សព​កូន​ដប់បីនាក់ ដែលប្រាំបួននាក់​បាន​ស្លាប់​នៅ​កុមារភាព ហើយនិ​ងភរិយា​ម្នាក់ ។ ប្រធាន ស្ម៊ីធ បានសរសេរ​នៅក្នុង​សំបុត្រ​មួយដូច​ខាង​ក្រោម ផ្ញើរ​ទៅកាន់​ភរិយា​របស់លោក ឈ្មោះ អេដណា នៅពេល​កូន​ច្បង​របស់លោក ឈ្មោះ មើរស៊ី យ៉ូសែបហ្វីន បាន​កើតមក ដែលបាន​ស្លាប់​នៅពេល​នាង​ពុំ​ទាន់​បាន​អាយុ​បីឆ្នាំ​ផង ។

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

« ខ្ញុំ​ពុំ​ហាននឹង​ទុកចិត្ត​ខ្លួន​ឯង​ដើម្បីសរសេរនោះទេ សូម្បី​តែ​ឥឡូវ​នេះ​ដួងចិត្ត​របស់ខ្ញុំឈឺចាប់ ហើយគំនិតរបស់ខ្ញុំមានភាពវឹកវរ​ បើ​ខ្ញុំគួរ​រអ៊ូរទាំឬ សូមព្រះអភ័យទោស​ផង ព្រលឹង​របស់ខ្ញុំ​បានទទួល និង​ត្រូវបាន​សាកល្បង​ដោយ​ភាព​សោកសៅ​ដ៏​ខ្លាំង ឯដួងចិត្ត​របស់ខ្ញុំ​ត្រូវ​បាន​ខ្ទាំខ្ទេច និង​ខ្មួលខ្មាញ់​ស្ទើរតែ​បែកជា​ពីរចំណែក ។ ខ្ញុំ​អស់សង្ឃឹម ផ្ទះរបស់ខ្ញុំ​សោះកក្រោះ ហើយ​ស្ទើរតែ​ងងឹត​សូន្យ​សុង ប៉ុន្តែ​នៅទីនេះ គឺជា​គ្រួសារ​ខ្ញុំ និង​ទារកតូច​របស់ខ្ញុំ ហើយ​ខ្ញុំពុំដឹង​ធ្វើ​ម៉េច​ទេ ប៉ុន្ដែខ្ញុំ​មាន​អារម្មណ៍​ថា ចំណង​ដ៏ទន់ភ្លន់ ដ៏​ផ្អែមល្ហែម និ​ង​ដ៏​រឹងមាំ បានចង​ភ្ជាប់​ខ្ញុំទៅ​គ្រួសារ និង​ផែនដី ត្រូវ​បាន​កាត់​ផ្ដាច់ ព្រោះ​កូន​របស់ខ្ញុំ កូនស្រីជាទីស្រឡាញ់​របស់ខ្ញុំ​បាន​ទៅ​បាត់​ហើយ ! ខ្ញុំ​ស្ទើរតែ​ពុំជឿ​វា​បាន​ទេ ហើយ​ដួងចិត្ត​របស់ខ្ញុំ​បាន​ស្រែក​សួរ​ថា តើ​វា​អាច​កើតឡើងឬទេ ? ខ្ញុំ​មើល​ក្នុងភាព​អស់​សង្ឃឹម ខ្ញុំ​ស្ដាប់​ពុំ​ឮ​អ្វី​ឡើយ ខ្ញុំ​ដើរ​ទៅគ្រប់​បន្ទប់ គ្រប់​យ៉ាង​រលាយសូន្យ​សុង ឯកោ កណ្តោចកណ្តែង ព្រាត់ប្រាស់ ។ ខ្ញុំ​មើល​ទៅ​សួន​ដើរ​កំសាន្ដ ក្រឡេក​មើលជុំវិញ​ផ្ទះ មើល​ទៅនេះ មើល​ទៅនោះ​ រក​តម្រុយ​កូន​តូច​សំណព្វ ដែលមានសក់ពណ៌​ទង់ដែង ហើយ​មានផ្ពាល់​ពណ៌​ផ្កាឈូក ប៉ុន្ដែ​ជា​អកុសល រកពុំឃើញ​ទេ គ្មានដាន​ជើង​តូចៗ​ទៀតទេ ។ គ្មានពន្លឺកែវភ្នែកពណ៌ខ្មៅតូចៗ បើកធំៗ​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប៉ាទៀត​ហើយ ឈប់មានសំឡេង​តូចៗ​សួរ​សំណួរ​ដ៏​ផ្អែមល្ហែមរាប់ពាន់សំណួរ និង​សំឡេង​ប្រាប់​រឿង​ល្អៗខ្លីៗ និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ដោយ​រីករាយទៀតហើយ លែង​មាន​ដៃតូច​ចាក់​ស្រេះ​ឱបជុំវិញក​ខ្ញុំ​ទៀត​ហើយ លែងមាន​បបូរមាត់​ពណ៌ផ្កាឈូក​ដ៏​ទន់ភ្លន់​ជា​កុមារតូច​ស្លូតត្រង់ ត្រឡប់មកឲ្យ​ខ្ញុំ​ឱបថើបទៀតហើយ នៅសល់​តែ​កៅអីទំនេរស្អាត​ប៉ុណ្ណោះ ។​ តុក្កតា​តូចៗ​របស់​នាង​ត្រូវ​បាន​លាក់ទុក សំលៀកបំពាក់របស់​នាង​ត្រូវ​បាន​បត់​ទុក ហើយ​សល់តែ​គំនិត​អស់​សង្ឃឹម​ដែល​ជាទម្ងន់​ដ៏ធ្ងន់​សង្កត់​ក្នុង​ដួងចិត្ត​ខ្ញុំប៉ុណ្ណោះ​ថា--​នាង​ពុំ​នៅទីនេះ​ទៀត​ទេ នាង​បាន​ទៅបាត់​ហើយ ! ប៉ុន្ដែ​តើ​នាង​នឹង​មិន​ត្រឡប់មកវិញ​មែនឬ ? នាង​ពុំ​អាច​ទុក​ខ្ញុំ​ចោល​យូរ​បានទេ តើ​នាង​នៅ​ឯណា ? ខ្ញុំ​ស្ទើរ​តែ​ឆ្កួត​ហើយ ឱ​! មានតែ​ព្រះ​ទេ ដែលដឹង​ថា ខ្ញុំ​ស្រឡាញ់​កូន​ស្រី​ខ្ញុំ​ប៉ុណ្ណា ហើយ​នាង​គឺជា​ពន្លឺ និង​ជា​ក្ដីអំណរ​នៃ​ដួងចិត្ត​ខ្ញុំ ។

« នៅព្រឹក​មុនពេល​នាង​ស្លាប់ បន្ទាប់​ពី​បាន​នៅ​ជាមួយ​នាង​មួយ​យប់​ទល់ភ្លឺ ខ្ញុំ​បាន​មើល​នាង​រាល់​យប់ ខ្ញុំ​និយាយ​ទៅ​នាង​ថា ‹ កូន​តូច​របស់ប៉ា​ពុំ​បាន​គេង​ពេញ​មួយយប់ › ។ នាង​បាន​ងក់​ក្បាល ហើយ​តបថា ‹ កូន​នឹង​គេង​ថ្ងៃ​នេះ ប៉ាប៉ា › ។ ឱ! ពាក្យ​សម្ដី​តិចៗ​ទាំង​នោះ បាន​បាញ់​ទម្លុះ​បេះដូង​ខ្ញុំ ។ ខ្ញុំ​ដឹង​ ទោះជា​ខ្ញុំ​នឹង​ពុំ​ជឿ​ក្ដី ថា​សំឡេង​នោះ​ជា​សំឡេង​មួយ​ផ្សេងទៀត ដែល​មានន័យ​ថា ជា​ការគេង​នៃ​សេចក្ដីស្លាប់ ហើយ​បាន​គេង​លង់លក់ពិត​មែន ។ ឱ!លោក​អើយ ពន្លឺ​ក្នុង​ដួងចិត្ត​ខ្ញុំ​បាន​រលត់​សូន្យសុង ។ រូបភាព​នៃ​ស្ថានសួគ៌​ដែលបាន​ឆ្លាក់​នៅក្នុង​ព្រលឹង​របស់ខ្ញុំ ស្ទើរ​តែ​ចេញបាត់​អស់ » ( នៅក្នុង យ៉ូសែប ហ្វីលឌិង ស៊្មីធ Life of Joseph F. Smith [ឆ្នាំ ១៩៣៨] ទំព័រ ៤៥៥-៥៦ ) ។