ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥៥ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៨:៧-៦០


មេរៀនទី ១៥៥

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៧-៦០

បុព្វកថា

មេរៀន​នេះ គឺជា​មេរៀន​ទីពីរអំពី​វិវរណៈ​ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨។ នៅពេល​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានពិចារណា​អំពី​បទគម្ពីរ​មួយចំនួននៅក្នុង​គម្ពីរ​សញ្ញា​ថ្មី លោក​បាន​មើល​ឃើញ​ការនិមិត្ត​មួយ​ អំពី​ពិភពវិញ្ញាណ និង​អំពី​វិញ្ញាណជន​សុចរិត​ដែល​រង់ចាំ​សេចក្ដី​រំដោះ ឲ្យ​រួច​ពី​ចំណង​នៃ​សេចក្ដីស្លាប់ ។ ប្រធាន ស៊្មីធ ក៏​បាន​មើល​ឃើញ​ផងដែរថា ព្រះយេស៊ូវ​គ្រីស្ទ បាន​រៀបចំ និង​អនុញ្ញាត​ឲ្យ​ពួក​អ្នកបម្រើ​សុចរិត​បង្រៀនដំណឹងល្អ​ដល់​ពួកវិញ្ញាណ​ដែល​នៅក្នុង​ស្ថានឃុំ​ព្រលឹង នៅចន្លោះ​ពេល​នៃ​ការ​សុគត និង​ការ​រស់ឡើង​វិញ​របស់ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៨:៧-៣៧

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​រៀន​អំពី​របៀប​ដែល​ដំណឹង​ល្អ​ត្រូវ​បាន​ផ្សាយ​នៅក្នុង​ពិភពវិញ្ញាណ

សូម​ប្រាប់​សិស្ស​ថា​មនុស្ស​នៅទូទាំង​ពិភពលោក​ប្រកាន់​ជំនឿ​ផ្សេងៗ​គ្នា អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​ពួក​យើង​បន្ទាប់​ពី​យើង​ស្លាប់ ។ សូម​សួរ ប្រសិនបើសិស្ស​ធ្លាប់​ជួប​នរណា​ម្នាក់​ដែល​មាន​ជំនឿ​ផ្សេង ដែល​ទាក់ទង​នឹង​អ្វី​ដែល​កើត​ឡើង​ចំពោះ​ពួក​យើង​បន្ទាប់​ពី​យើង​ស្លាប់ ។ សូម​អញ្ចើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​បទពិសោធន៍​របស់ខ្លួន ។ ( សូម​ប្រយ័ត្ន​កុំ​និយាយ​អវិជ្ជមាន ឬ និយាយ​មើលងាយ​ដល់​ជំនឿ​របស់​សាសនា​ដទៃ​ឡើយ ) ។

  • តើ​យើង​អាច​ដឹង​យ៉ាងដូចម្ដេចថា ជំនឿ​ណាមួយ​អំពី​ជីវិត​បន្ទាប់ពី​សេចក្ដីស្លាប់​ថា​ត្រឹមត្រូវ ? ( អ្នកអាច​អាច​នឹង​ចង្អុល​បង្ហាញ​ថា ទោះជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មួយចំនួន ក៏អាច​មានជំនឿ​ពុំ​ត្រឹម​ត្រូវ​អំពី​ជីវិត​បន្ទាប់ពី​សេចក្ដីស្លាប់​ដែរ ) ។

ដើម្បី​បន្ថែម​ដល់​ចម្លើយ​របស់​សិស្ស សូម​សិស្ស​ម្នាក់​អានឲ្យ​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« បទគម្ពីរ​គឺជាថ្មសាកមាស ដើម្បីវាស់​នូវ​ភាព​ត្រឹមត្រូវ និង​ភាពពិត » (​The Blessing of Scripture»Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤ ) ។

សូម​បញ្ជាក់ថា យើងអាច​ដឹង​ពីភាព​ត្រឹមត្រូវ​នៃ​ជំនឿ​ផ្សេងៗ អំពីជីវិត​បន្ទាប់ពី​សេចក្ដីស្លាប់ ដោយការ​ប្រៀប​ធៀប​ជំនឿ​ទាំង​នោះ​ជាមួយ​នឹង​សេចក្ដីពិត​ទាំងឡាយ ដែលព្រះអម្ចាស់​បាន​បើក​សម្ដែង​នៅក្នុង​បទគម្ពីរ ដូចជា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨

សូម​គូស ឌីយ៉ាក្រាមដែល​អមមកជាមួយ​ នៅ​លើ​ក្ដារខៀន ។ អ្នក​អាច​ពន្យល់​ខ្លីៗ​ថា តាមរបៀប​មួយ​ចំនួន​នៅក្នុង​ពិភព​វិញ្ញាណ​ទាំងមូល​អាច​ចាត់ទុក​ថា​ជា​ស្ថានឃុំ​វិញ្ញាណ ដោយសារ​សូម្បីតែពួក​សុចរិតបាន​គិត​ថា​ការបែកចេញ​ពី​រាង​កាយ​របស់​ខ្លួន​នោះ​គឺ​ជា​សេវកភាព ( សូមមើល គ. និង ស. ១៣៨:៤៩–៥០) ។

រូបភាព
រូប​ស្ថានបរមសុខ និង​ស្ថានឃុំ​ព្រលឹង

ដើម្បីជួយសិស្ស​រំឭក​ដោយសង្ខេប​អំពី​សេចក្ដីពិត ដែលពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​មុន​នៅ​កណ្ឌ ១៣៨ ដោយ​ចាត់​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ស្រាវជ្រាវ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១២-១៥, ២២ នូវ​ព័ត៌មាន​លម្អិត អំពី​អ្នក​ដែល​នឹង​ទៅ​ស្ថានបរមសុខពេល​ស្លាប់ទៅ និង​ស្ថានភាព​នានា​ដែលពួកគេ​នឹង​ជួប​ប្រទះនៅទីនោះ ។ សូម​ចាត់​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត​ស្រាវជ្រាវគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:២០-២២ រក​ព័ត៌មានលម្អិត​អំពី​អ្នក​ដែល​នឹង​ទៅ​ស្ថាន​ឃុំ​ព្រលឹង បន្ទាប់ពី​ស្លាប់ទៅ និង​ស្ថានភាព​នានា​ដែលពួកគេ​នឹង​ជួប​ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ចង្អុល​បង្ហាញ​ថា ពុំ​មែន​មាន​តែ​ពួក​មនុស្ស​ទុច្ចរិត និង​មនុស្ស​ប្រព្រឹត្តិល្មើសលើបញ្ញត្តិប៉ុណ្ណោះ​ទេ ដែល​ទៅ​ស្ថានឃុំ​ព្រលឹង​នៅ​ពេល​ពួកគេ​ស្លាប់ទៅនោះ ប៉ុន្តែ​ក៏​មាន​អ្នក​ទាំងឡាយ​ដែល​ស្លាប់ទៅ​នៅក្នុងអំពើបាប​របស់ពួកគេ ដោយគ្មានចំណេះ​ដឹង​នៃ​ដំណឹងល្អផងដែរ ( សូមមើលគ. និង ស. ១៣៨:៣២) ។ សូម​រំឭក​សិស្ស​ថា ខណៈ​ដែល​ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ ពិចារណា​អំពី​ខគម្ពីរ​នៅក្នុង​ពេត្រុស​ទី ១ នោះព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់លោកអំពីរបៀបដែលអ្នកនៅក្នុង​ស្ថានឃុំព្រលឹង​នឹង​មាន​ឱកាស​ដើម្បី​ទទួលពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ។

សូមអញ្ជើញសិស្សម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៧-១០ ឲ្យ​ឮៗ ។ សូមដល់សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​រក​មើល​នូវអ្វី​ដែលពេត្រុស​បាន​ថ្លែង​អំពី​អ្វីដែល​ព្រះយេស៊ូវ​បាន​ធ្វើ បន្ទាប់ពី​ទ្រង់​ត្រូវ​បាន «គេ​ធ្វើ​គតខាង​សាច់​ឈាម » ។

  • តើពេត្រុស​បាន​ថ្លែង​ថា​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​អ្វីខ្លះ នៅពេល​ទ្រង់​យាង​ទៅ​ពិភពវិញ្ញាណ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:២៥-២៨ ឲ្យ​ឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​ប្រាប់ពីអ្វី​ដែល​ប្រធាន ស្ម៊ីធ បានងឿង​ឆ្ងល់ នៅពេល​លោក​បាន​នឹកគិត​អំពីកិច្ចការ​របស់ព្រះអម្ចាស់​នៅក្នុង​ពិភពវិញ្ញាណ​នោះ ។

  • តើ​ប្រធាន​ស្ម៊ីធមានចម្ងល់​អ្វីខ្លះ ? ( នៅពេល​សិស្ស​ឆ្លើយ​តប អ្នកអាច​នឹង​ចង់​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​វាអាចធ្វើទៅបានដោយ​របៀប​ណា ដើម្បី​ឲ្យ​ព្រះអម្ចាស់​ផ្សាយដំណឹងល្អ​ទៅកាន់​អស់អ្នក​ដែល​ស្ថិត​នៅក្នុង​ស្ថានឃុំ​ព្រលឹង​ត្រឹមតែ​បីថ្ងៃ​នោះ ? )

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:២៩-៣២ ឲ្យ​ឮៗ ហើយ​សុំ​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល ចម្លើយ​ដែលប្រធាន ស្ម៊ីធ បាន​ទទួល​នៅពេល​លោក​បាន​គិត​ពិចារណា ។​

  • តើ​ព្រះអង្គសង្គ្រោះ​ផ្សាយដំណឹងល្អ​ដល់​អ្នកទាំងឡាយ​ដែល​ស្ថិត​នៅក្នុង​ស្ថានឃុំ​វិញ្ញាណ ក្នុងរយៈពេល​ដ៏​ខ្លី​ដូច្នេះ​ដោយ​របៀបណា ?

សូម​ឲ្យសិស្ស​ប្រើ​នូវអ្វី​ដែលពួកគេ​បាន​រៀន​នៅក្នុង ខ ២៩-៣២ ដើម្បីថ្លែង​ពី​សេចក្ដីពិត​អំពី​របៀប​ដែលដំណឹងល្អ​ត្រូវ​បាន​បង្រៀននៅក្នុងពិភពវិញ្ញាណ ។ ពួកគេ​គប្បី​ប្រាប់​អ្វីខ្លះ​ដែលស្រដៀងគ្នាទៅនឹង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ នៅក្រោម​ការ​ដឹកនាំ​របស់ព្រះយេស៊ូវ​គ្រីស្ទ សារទូត​សុចរិត​បង្រៀនដំណឹងល្អ​ដល់អ្នកទាំងឡាយ​ដែល​ស្ថិត​នៅស្ថាន​ឃុំ​ព្រលឹង ។ អ្នក​អាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំឃ្លានៅក្នុងខ ៣០ដែល​បង្រៀន​ពីសេចក្តី​ពិត​នេះ ។

ក្នុង​តារាង​នៅលើ​ក្ដារខៀន សូម​គូ​រូបព្រួញ​មួយ​មកពី​ស្ថានបរមសុខ ទៅ​កាន់​ស្ថានឃុំ​ព្រលឹង​ដើម្បី​តំណាង​ឲ្យពួក​សារទូត​សុចរិត​របស់ព្រះអម្ចាស់ ដែល​កំពុង​ផ្សាយដំណឹងល្អ​នៅក្នុង​ស្ថានឃុំព្រលឹង ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៣៣-៣៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើលអ្វី​ ដែលពួក​សារទូតសុចរិត​របស់​ព្រះអម្ចាស់​បានបង្រៀន​ដល់​ពួក វិញ្ញាណ​ក្នុង​ស្ថានឃុំ​ព្រលឹង ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ការ​បង្រៀនទាំងនេះ​ប្រៀបធៀប​នឹង​អ្វី​ដែល​មនុស្ស​ត្រូវ​បាន​បង្រៀន នៅពេលពួកគេ​ត្រៀមខ្លួន​ដើម្បី​ធ្វើ​បុណ្យជ្រមុជទឹក​នៅក្នុងជីវិត​រមែង​ស្លាប់​ដោយរបៀប​ណា ?

  • តើ « បុណ្យជ្រមុជទឹក​ជំនួស​ » គឺជា​អ្វី ?

  • ស្របតាមខ ៣៤ហេតុអ្វី​ក៏គោលការណ៍​នៃ​ដំណឹងល្អ​ទាំងនេះ​ចាំបាច់ ដើម្បីផ្សាយ​ទៅកាន់អ្នកទាំងឡាយ​ដែល​ស្ថិត​នៅក្នុងស្ថានឃុំ​ព្រលឹង​ដូច្នេះ ? (អ្នក​អាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ដោយ « ត្រូវ​បាន​ជំនុំជំរះ​តាម​មនុស្ស​ក្នុង​សាច់ឈាម » មាន​ន័យ​ថា កូនចៅ​របស់ព្រះទាំងអស់ ទាំង​រស់ ឬ​ទាំងស្លាប់ ចាំបាច់​ត្រូវ​មាននូវ​ឱកាស​ដើម្បី​រៀនអំពី​ការទទួលយក​ដំណឹងល្អ ដើម្បីពួកគេ​អាច​ត្រូវ​បាន​ជំនុំជំរះ​តាម​បទដ្ឋាន​ដូចគ្នា ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៣៥-៣៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​របៀប​ដែលពួកវិញ្ញាណ​ជាច្រើន នឹង​មាន​ឱកាស​មួយ ដើម្បីទទួលយក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  • ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់អ្វីម្ល៉េះ ដើម្បី​ដឹង​ថា កូនចៅ​ទាំងអស់​របស់ព្រះវរបិតាសួគ៌ នឹង​មាន​ឱកាស​ដើម្បីស្ដាប់ឮ ហើយ​ទទួលយក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដូច្នេះ ?

ដើម្បីជួយសិស្ស​យល់​អំពី​របៀប​ដែល​មនុស្ស​គ្រប់រូប​នឹង​ស្ដាប់ឮ​ដំណឹងល្អ សូមពន្យល់​ថា ទោះជា​ព្រះអង្គសង្គ្រោះ​បាន​យាង​ទៅ​ពិភពវិញ្ញាណសម្រាប់​រយៈ​ពេល​ខ្លី​បន្ទាប់​ពីការ​សុគត​របស់ទ្រង់​ក្ដី ក៏ទ្រង់​បាន​រៀបចំ​ពួក​វិញ្ញាណ​សុចរិត​ឲ្យ​ផ្សាយដំណឹងល្អ​ដល់​អ្នក​ដែលនៅក្នុង​ស្ថានឃុំ​ព្រលឹង​ផងដែរ ។ កិច្ចការ​នេះ​នៅតែ​បន្ត​នាពេល​បច្ចុប្បន្ន​នេះ ។ នៅពេល​មនុស្ស​ពុំ​បាន​ស្ដាប់ឮ ឬ​ទទួលយកដំណឹងល្អ​នៅក្នុង​ជីវិត​របស់​យើង​ ពេល​ស្លាប់ទៅ នោះពួកគេ​ក៏​នឹង​មាន​ឱកាស​ដើម្បី​ស្ដាប់ឮ​ ហើយ​ទទួលយក​ដំណឹងល្អ នៅក្នុង​ពិភព​វិញ្ញាណ​ផងដែរ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៨:៣៨-៦០

ប្រធាន ស៊្មីធ បាន​មើលឃើញ​ក្រុមវិញ្ញាណ​ថ្លៃថ្នូ និង​អស្ចារ្យ​ ដែលនឹង​ផ្សាយដំណឹងល្អ​នៅក្នុងស្ថានឃុំ​ព្រលឹង ។

សូម​ឲ្យ​សិស្ស​គិត​អំពី​សមាជិក​គ្រួសារ​ ឬ​ជីដូនជីតា​សុចរិត​របស់ពួកគេ​ដែលបាន​ស្លាប់ទៅ ។

  • តើអ្នកធ្លាប់​ងឿង​ឆ្ងល់​អំពីអ្វី​ដែលពួកគេ​កំពុង​ធ្វើនៅក្នុងពិភពវិញ្ញាណ​ដែរ​ឬទេ ?

សូម​រំឭកសិស្ស​ថា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៣៨-៤៩ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​រៀបរាប់​ឈ្មោះ​នៃ​ពួកវិញ្ញាណ « ដែលជាពួកអ្នកធំ និង​ពូកែ » ដែលលោក​បាន​ឃើញ​នៅក្នុងពិភពវិញ្ញាណ​ដែល​កំពុង​រង់ចាំ​ព្រះអង្គសង្គ្រោះ ដើម្បី​លេច​មក​ជួប​ពួកគេ​បន្ទាប់ពី​ការ​សុគត​របស់ទ្រង់​នៅលើ​ឈើ​ឆ្កាង ។ ពួកវិញ្ញាណ​មួយចំនួន ដែល​ព្រះអង្គសង្គ្រោះបាន​យាង​ទៅជួប​គឺ​ពួកព្យាការី​គម្ពីរ​សញ្ញាចាស់ និង​គម្ពីរ​មរមន ។ នៅ​សេចក្តីផ្តើម ខ ៥៣យើងអាន​ថា ប្រធាន ស្ម៊ីធ ក៏​បាន​មើលឃើញ​ពួក​វិញ្ញាណ​ជម្រើស​ផងដែរ ដែលនឹង​មក​នៅក្នុងថ្ងៃ​ចុង​ក្រោយ រួមមាន​ទាំង​ព្យាការី យ៉ូសែប ស៊្មីធ ( ឪពុកមា​របស់លោក ) និង​ ហៃរុម ស្ម៊ីធ ( ឪពុក​របស់លោក ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៣-៥៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​របៀប​ដែលបុគ្គល​ទាំង​នេះ​បាន​រួមចំណែក អំឡុង​ពេល​ពួកគេ​បានមានជីវិតនៅ​លើ​ផែនដី​ដើម្បី​សេចក្តីសង្គ្រោះ​ នៃ​អស់​អ្នក​ដែល​នៅក្នុង​ស្ថាន​ឃុំ​វិញ្ញាណ ។

  • តើ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ថ្ងៃ​ចុងក្រោយ​នេះ បាន​ជួយ​វិញ្ញាណ​នៅក្នុង​ស្ថានឃុំ​វិញ្ញាណ​ដោយ​របៀប​ណា ?

បន្ទាប់ពី​សិស្ស​បាន​រក​ឃើញ​ ពួកព្យាការី​ថ្ងៃ​ចុង​ក្រោយ​ដែលបានជួយ​នៅក្នុង​ការ​ប្រោសលោះ​ដល់មរណជន តាមរយៈ​ការ​សាងសង់ព្រះវិហារបរិសុទ្ធ និង​ការ​បម្រើ​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ សម្រាប់មរណជន សូម​ដាក់តាំង ឬ​គូ​រូបភាព​ព្រះវិហារបរិសុទ្ធ​មួយ​នៅជិត​នឹង​តារាង​នៅលើ​ក្ដារខៀន ។​

  • ស្របតាមខ ៥៥-៥៦តើ​ពួកអ្នកដឹកនាំ​ទាំងនេះ​ចាប់​ផ្ដើម​រៀបចំ​សម្រាប់​កិច្ចការ​ ដែលពួកគេ​នឹង​ធ្វើ​នៅទីនេះ​លើ​ផែនដីនៅពេលណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៧ ឲ្យឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែលពួក​អែលឌើរ​សុចរិត​នឹង​បន្ដ​ធ្វើ​បន្ទាប់ពីពួកគេ​បាន​ស្លាប់ទៅ​ ។

  • តើ​ពួក​អែលឌើរ​ស្មោះត្រង់​នឹង​បន្ដ​ធ្វើ​អ្វីខ្លះ បន្ទាប់ពី​ពួកគេ​បាន​ស្លាប់ទៅ​ ?

ដើម្បី​បញ្ជាក់ថា កិច្ចការ​នៅក្នុងពិភពវិញ្ញាណ គឺពុំ​មាន​លក្ខខណ្ឌដាក់កំហិតចំពោះអ្នកទាំងឡាយ​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន យ៉ូសែប អែហ្វ ស៊្មីធ ឲ្យ​ឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់ស្តាប់មើល​នូវ​អ្វីដែល​ស្ត្រី​ស្មោះត្រង់​ធ្វើនៅក្នុង​ពិភពវិញ្ញាណ ៖

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

« ស្ត្រី​ល្អៗ​ទាំងនេះ ត្រូវ​បាន​ញែកចេញ តែងតាំង​ចំពោះកិច្ចការ… នឹង​ត្រូវ​បាន​ផ្ដល់​សិទ្ធិ និងអំណាច​ពេញលេញ ដើម្បី​ផ្សាយ​ដំណឹងល្អ ហើយ​បម្រើ​ដល់​ស្ត្រី​ៗ ខណៈ​ដែល​ពួក​អែលឌើរ និង ពួកព្យាការី កំពុង​ផ្សាយ​ដំណឹងល្អ​ទៅដល់​បុរសៗ » (Gospel Doctrineបោះពុម្ព​លើកទី ៥ [ឆ្នាំ ១៩៣៩] ទំព័រ ៤៦១ ) ។

អ្នកអាច​នឹង​ចង់​អញ្ជើញសិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា​នៅក្នុង ខ ៥៧ ដែល​បង្រៀន​សេចក្ដីពិត​ដូចខាងក្រោម ៖ បន្ទាប់​ពី​ចាកចេញ​ពី​ជីវិត​រមែងស្លាប់ នោះពួកបរិសុទ្ធ​ស្មោះត្រង់ នឹង​បន្ដ​កិច្ចការ​របស់ពួកគេ​នៅក្នុងការ​ផ្សាយដំណឹងល្អ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៨-៥៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល អ្វី​ដែលមរណជន​ត្រូវតែ​ធ្វើ​ដើម្បី​ត្រូវបាន​ប្រោស​លោះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​មានអ្វី​ខ្លះ​នឹង​កើតឡើង​ចំពោះ​អ្នកទាំងឡាយ​ដែលប្រែចិត្ត​នៅក្នុងពិភព​វិញ្ញាណ ? ( សិស្ស​អាច​ប្រើពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​គោលលទ្ធិ​ខាង​ក្រោម ៖ វិញ្ញាណ​ដែល​ប្រែចិត្ត​នឹង​ត្រូវបាន​ប្រោសលោះ តាមរយៈ​ការគោរព​ប្រតិបត្តិតាម​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ត្រូវបាន​ជ្រះស្អាត​តាមរយៈ​ដង្វាយ​ធួន ហើយ​បាន​ទទួល​រង្វាន់​របស់​ខ្លួន) ។

  • តើ​យើង​អាចជួយនៅក្នុងកិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​សម្រាប់មរណជន តាមរបៀប​ណាអំឡុងពេល​យើង​នៅទីនេះ​លើ​ផែនដី ? ( ដោយ​ការ​បញ្ចប់កិច្ចការ​ពង្សប្រវត្តិ ហើយ​ចូល​រួម​នៅក្នុង​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ​សម្រាប់​មរណជន ) ។

ជា​ចំណែក​នៃ​ការ​ពិភាក្សានេះ​ អ្នកអាច​នឹង​ចង់​អញ្ជើ​ញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយប្រធាន ប្រធាន រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« កិច្ចការ​អ្វី​ដែល​អ្នក​ធ្វើ​នៅក្នុង​ព្រះវិហារបរិសុទ្ធ គឺចំណាយ​ពេល​បានល្អ ប៉ុន្ដែ​ការទទួល​ពិធីបរិសុទ្ធ ជំនួស​ជីដូនជីតា​ផ្ទាល់ខ្លួន​របស់​អ្នក នឹង​ធ្វើ​ឲ្យ​ពេលវេលា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ពិសិដ្ឋ ហើយ​ទទួល​បានពរជ័យ​កាន់តែ​ធំអស្ចារ្យថែម​ទៀត​ផង » (The Joy of Redeeming the Dead,»Ensignលីអាហូណា,ខែ វិច្ឆិកា ឆ្នាំ ២០១២, ទំព័រ ៩៣–៩៤) ។

សូម​ចង្អុល​ទៅរូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅលើ​ក្តារខៀន ។ សូម​ថ្លែង​ទីបន្ទាល់​ថា​នៅពេល​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​សម្រាប់​អស់​អ្នក​ដែល​បាន​ចែកឋាន​ទៅ​ នោះ​យើង​ជួយ​ពួកគេ—ប្រសិន​បើ​ពួកគេ​ជ្រើសរើស​ទទួល​ពិធីបរិសុទ្ធ​ទាំង​នោះ—​ដើម្បី​ត្រូវបាន​ប្រោសលោះ​ចេញ​ពី​ស្ថានឃុំវិញ្ញាណ ហើយ​ចូលរួម​ជាមួយ​វិញ្ញាណ​សុចរិត​នៅ​ស្ថាន​បរមសុខ ។

លើ​រូប​នៅលើ​ក្តារខៀន សូមគូរ​សញ្ញា​ព្រួញ​មួយ​ចេញ​ពី​ស្ថានឃុំវិញ្ញាណទៅស្ថាន​បរមសុខ​ ដើម្បី​តំណាង​ពីការប្រោសលោះ​នៃ​វិញ្ញាណ​ដែល​ប្រែចិត្ត​ពីស្ថានឃុំវិញ្ញាណ ។

  • តើ​ចំណេះដឹង​នេះ អាច​មានឥទ្ធិពលចំពោះបទពិសោធន៍​របស់អ្នក​ នៅក្នុង​ការ​ធ្វើ​កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​ដោយ​សារការ​ចូលរួម​ក្នុងកិច្ចការ​ពង្សប្រវត្តិ និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្តេច ? ( អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក​ផងដែរ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៦០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្អៀង​តាម រក​មើល​ទីប​ន្ទាល់​របស់​ប្រធាន​យ៉ូសែប អែហ្វ ស្ម៊ីធ​អំពី​សេចក្តីពិត​ដែល​លោក​បានកត់ត្រា ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យដាក់​កាលវិភាគ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ឬ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​នៅ​ពីរបី​សប្តាហ៍​ខាង​មុខ​ទៀត ។

សូមបញ្ចប់​ដោយការ​ចែកចាយទីបន្ទាល់របស់អ្នក​អំពី ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ និង​ពរជ័យ​ទាំងឡាយ​នៃដង្វាយធួន មានចំពោះ​ទាំង​អ្នកនៅរស់ និង​មរណជន ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៨ ។ ពរជ័យទាំងឡាយ​នៃ​ការ​ចូលរួម​នៅក្នុងកិច្ចការ​ពង្សប្រវត្តិ និងកិច្ចការ​ព្រះវិហារបរិសុទ្ធ

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សន្យា​ដូចខាង​ក្រោម​ចំពោះ​យុវវ័យ​ ដែល​ចូលរួមនៅក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារបរិសុទ្ធថា ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« តើ​មនុស្ស​វ័យ​ក្មេងដូច​ជា​អ្នក​ចង់​បាន​វិធី​ដ៏​ប្រាកដ​មួយ ដើម្បី​លុបបំបាត់​ឥទ្ធិពល​របស់​មារសត្រូវ​មាន​ក្នុង​ជីវិត​របស់​អ្នក​ឬ​ទេ ? សូម​ជ្រមុជ​ខ្លួន​អ្នក​ទៅ​ក្នុង​ការ​ស្រាវជ្រាវ​រក​ជីដូនជីតា​អ្នក រៀបចំ​ឈ្មោះ​របស់ពួកគាត់​សម្រាប់​ពិធី​បរិសុទ្ធ​ជំនួស​ដ៏ពិសិដ្ឋ​ដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ រួច​ហើយ​ទៅព្រះវិហារបរិសុទ្ធ ដើម្បី​ឈរជា​អ្នក​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធជំនួស​ពួកគាត់ ។ នៅពេល​អ្នក​ធំ​ឡើង​ អ្នក​នឹង​អាច​ចូលរួម​ក្នុង​ការទទួល​ពិធីបរិសុទ្ធ​ផ្សេង​ទៀត​ផង​ដែរ ។ ខ្ញុំ​គិត​មិន​ឃើញថា មាន​នូវកិច្ចការពារពី​ឥទ្ធិពល​របស់​មារសត្រូវណា​អស្ចារ្យ​ជាង​នេះ ក្នុង​ជីវិត​របស់អ្នក​នោះ​ឡើយ » (The Joy of Redeeming the Dead »Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩៤ ) ។