មេរៀនទី ១៥៦
កម្មវិធី និងអង្គការសាសនាចក្រ
បុព្វកថា
នៅពេលសាសនាចក្របន្ដរីកចម្រើន ព្រះអម្ចាស់បានបំផុសគំនិតដល់អ្នកដឹកនាំសាសនាចក្រ និងសមាជិកឲ្យអនុវត្តនូវអង្គការ និងកម្មវីធនៅក្នុងសាសនាចក្រដើម្បីប្រទានពរដល់ពួកបរិសុទ្ធ ។ នៅពេលអង្គការ និងកម្មវិធីមួយចំនួនទាំងនេះ ត្រូវបានស្ថាបនាជាលើកដំបូង នោះវាពុំមែនជាតម្រូវការចាំបាច់ទេ ប៉ុន្តែខណៈពេលសាសនាចក្រលូតលាស់ នោះវាក្លាយទៅជាផ្នែកដ៏សំខាន់នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ដើម្បីសេចក្ដីសង្គ្រោះនៃកូនចៅរបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
អង្គការ និងកម្មវិធីសាសនាចក្រ ជួយយើងរៀបចំខ្លួន និងលូតលាស់ឆ្ពោះទៅរកជីវិតដ៏អស់កល្បជានិច្ច
សូមចាប់ផ្ដើមថ្នាក់រៀនដោយសុំឲ្យសិស្សស្រមៃគិតអំពីមិត្តម្នាក់ដែលពុំចង់ទៅក្នុងការប្រជុំ ឬសកម្មភាពថ្នាក់យុវនារីរបស់នាង ។ នាងបាននិយាយថា សប្បាយគួរសមដែរ តែពុំសូវមានប្រយោជន៍ចំពោះនាងទេ ។
បន្ទាប់ពីអ្នកបង្ហាញឧទាហរណ៍នេះ សូមអញ្ជើញឲ្យសិស្សគិតពិចារណាដោយស្ងាត់ស្ងៀមអំពីអ្វីដែលពួកគេអាចនិយាយ ដើម្បីជួយដល់មិត្តម្នាក់នេះ ឲ្យយល់ពីគោលបំណងនៃការប្រជុំ និងសកម្មភាពថ្នាក់យុវនារីរបស់នាង ។
-
តើអ្នកនឹងនិយាយអ្វីខ្លះ អំពីគោលបំណងនៃក្រុមយុវនារី និងអង្គការយុវនារី ?
-
តើការដឹងអំពីគោលបំណងនៃអង្គការមួយ អាចជួយដល់អស់អ្នកដែលចូលរួមចំណែកយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអានម៉ូសេ ១:៣៩ដោយស្ងាត់ស្ងៀម រកមើលគោលបំណងរបស់ព្រះវរបិតាសួគ៌ចំពោះអ្វីៗទាំងអស់ដែលទ្រង់ធ្វើ ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ អ្នកអាចនឹងចាំបាច់រំឭកដល់សិស្សថាអមតភាពសំដៅទៅលើស្ថានភាពនៃការរស់នៅជារៀងរហូត នៅក្នុងស្ថានភាពរស់ឡើងវិញមួយ ។ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ មនុស្សទាំងអស់នឹងត្រូវបានរស់ឡើងវិញ ដោយមិនគិតអំពីអំពើទុច្ចរិត ឬសុចរិតរបស់ពួកគេនៅក្នុងជីវិតនេះទេ ។ ជីវិតដ៏នៅអស់កល្បជានិច្ចសំដៅទៅលើ ការរស់នៅជានិរន្តរ៍ជាមួយក្រុមគ្រួសារក្នុងវត្តមានរបស់ព្រះ និង ការប្រែក្លាយដូចជាទ្រង់ ។ ក៏ដូចជាជីវិតអមតផងដែរ ជីវិតដ៏នៅអស់កល្បជានិច្ច នឹងកើតមានឡើង តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ទោះជាយ៉ាងណាក៏ដោយវា ក៏តម្រូវឲ្យមាននូវ « ការគោរពតាមក្រឹត្យវិន័យ និងពិធីការទាំងឡាយនៃដំណឹងល្អ » របស់យើងផងដែរ (មាត្រានៃសេចក្ដីជំនឿ ១:៣) ។
-
បើគោលបំណងរបស់ព្រះវរបិតាសួគ៌ គឺដើម្បីនាំមកនូវអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់កូនចៅរបស់ទ្រង់ ចុះតើគោលបំណងនៃសាសនាចក្រនេះគឺជាអ្វី ?
បន្ទាប់ពីសិស្សបានឆ្លើយតប សូមសរសេរនូវសេចក្ដីពិតដូចខាងក្រោម នៅលើក្ដារខៀន ៖សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជួយព្រះវរបិតាសួគ៌នាំមកនូវជីវិតដ៏អស់កល្បជានិច្ចដល់កូនចៅរបស់ទ្រង់ ។ បន្ទាប់មកសូមសួរ ៖
-
តើវិធីមួយចំនួនណាខ្លះ ដែលសាសនាចក្រជួយនាំមកនូវអមតភាព និងជីវិតដ៏អស់កល្បជានិច្ចមកដល់កូនចៅរបស់ព្រះវរបិតាសួគ៌ ?
សូមពន្យល់ថា សាសនាចក្រមានអង្គការជាច្រើន--ដែលហៅថា អង្គការជំនួយចំពោះបព្វជិតភាព--ហើយនិងកម្មវិធីផ្សេងៗ ដែលជួយយើងឲ្យរីកចម្រើនឆ្ពោះទៅរកជីវិតអស់កល្បជានិច្ច ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់ឈ្មោះអង្គការមួយចំនួននោះ ។ ( ចម្លើយអាចរួមមាន សមាគមសង្គ្រោះ យុវជន យុវនារី អង្គការបឋមសិក្សា និងថ្នាក់សាលាថ្ងៃអាទិត្យ ព្រមទាំងកម្មវិធីទាំងឡាយ ដូចជា រាត្រីជួបជុំក្រុមគ្រួសារ និងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា ) ។
ដើម្បីជួយសិស្សយល់អំពីរបៀបដែលអង្គការសាសនាចក្រ និងកម្មវិធីទាំងឡាយជួយយើងឲ្យរៀន និងរីកចម្រើននៅក្នុងដំណឹងល្អ ដើម្បីយើងអាចទទួលបានជីវិតអស់កល្បជានិច្ច សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមពន្យល់ថា សេចក្ដីថ្លែងការណ៍នេះ គឺអំពីកម្មវិធីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ប៉ុន្តែគោលការណ៍ដែលវាបង្រៀនក៏អាចយកមកអនុវត្តចំពោះអង្គការជំនួយសាសនាចក្រដទៃទៀត និងកម្មវិធីទាំងឡាយផងដែរ។
« កម្មវិធីទាំងនេះ ត្រូវបានចាប់ផ្ដើម វាល្អ ប៉ុន្តែវាពុំត្រូវការជាចាំបាច់នោះទេ ។ វាផ្ដល់នូវរដូវកាលមួយដើម្បីចម្រើន និងលូតលាស់ទៅជាបន្ទាយការពារសម្រាប់សាសនាចក្រ ។ ឥឡូវនេះ អង្គការទាំងនេះក្លាយទៅជាការបញ្ជូនមកពីព្រះ សម្រាប់សេចក្ដីសង្គ្រោះដល់សាសន៍អ៊ីស្រាអែលសម័យទំនើប នៅក្នុងម៉ោងពេលដ៏លំបាកបំផុតមួយ » (« Teach the Scriptures» [address to CES religious educators, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ១៩៧៧], ទំព័រ ៣, LDS.org) ។
-
តើថ្នាក់សិក្ខាសាលាបានជួយអ្នកត្រៀមខ្លួនសម្រាប់ឧបសគ្គមួយចំនួនក្នុងជីវិតយ៉ាងដូចម្ដេច ?
សូមពន្យល់ថា ព្រះអម្ចាស់បានបំផុសគំនិតអំពីកម្មវិធី និងអង្គការជាច្រើននៅក្នុងសាសនាចក្រ ដើម្បីរៀបចំយើងសម្រាប់ឧបសគ្គនៃជីវិត និងដើម្បីជួយយើងរីកចម្រើនឆ្ពោះទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ។ ដើម្បីជួយសិស្សឲ្យពិភាក្សាអំពីជំនួយ ដែលពួកគេទទួលបានមកពីអង្គការ និងកម្មវិធីសាសនាចក្រមួយចំនួន សូមបំបែកថ្នាក់ទៅជាប្រាំមួយក្រុម ។ សូមផ្ដល់ដល់ក្រុមនិមួយៗនូវច្បាប់ចម្លងនៃសំណួរដូចខាងក្រោម(ឬសរសេរវានៅលើក្ដារខៀន ) និងឲ្យសេចក្ដីសង្ខេបខាងប្រវត្តិសាស្ត្រដូចខាងក្រោមមួយច្បាប់ផងដែរ ។ សូមឲ្យសិស្សសិក្សាសេចក្ដីសង្ខេបនៅក្នុងក្រុមរបស់ពួកគេ ហើយរៀបចំឆ្លើយនឹងសំណួរ ។
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សនៅក្នុងក្រុមនិមួយៗសង្ខេបប្រវត្តិនៃអង្គការ ឬកម្មវិធីដែលបានចាត់ទៅឲ្យពួកគេ ហើយពន្យល់ចម្លើយរបស់ពួកគេចំពោះសំណួរដែលពួកគេបានពិភាក្សា ។
សូមពន្យល់ថា អង្គការ និងកម្មវិធីសាសនាចក្រនីមួយៗ បានប្រតិបត្តិឡើងជាឯករាជ្យពីដំបូងឡើយ ។ នៅពេលសាសនាចក្រពង្រីកកាន់តែធំនៅក្នុងឆ្នាំ ១៩៥០ នោះពួកអ្នកដឹកនាំសាសនាចក្របានឃើញពីតម្រូវការដើម្បីធ្វើការវាយតម្លៃទៅលើរបៀបដែលអង្គការសាសនាចក្របំពេញតាមគោលបំណងរបស់សាសនាចក្រ ។ ពួកគាត់បានសម្រេចចិត្តដើម្បីរួបរួម ហើយសម្របសម្រួលគ្រប់អង្គការ និងកម្មវិធីសាសនាចក្រទាំងអស់ ទាំងនៅក្នុងការគ្រប់គ្រង និងនៅក្នុងការជ្រើសរើសកម្មវិធីសិក្សា ។ ការផ្លាស់ប្ដូរទាំងនេះ បានជួយអង្គការ និងកម្មវិធីនានា ឲ្យបំពេញតាមតម្រូវការនៃការលូតលាស់របស់សាសនាចក្រ និងដើម្បីពង្រឹងក្រុមគ្រួសារកាន់តែល្អប្រសើរ ។ នៅក្រោមកិច្ចខិតខំសហសម្ព័ន្ធនេះអង្គការសាសនាចក្រទាំងអស់ បានប្រតិបត្តិនៅក្រោមការដឹកនាំរបស់អ្នកដឹកនាំបព្វជិតភាព ដែលកាន់កូនសោជាអធិបតី ។
សូមអញ្ជើញឲ្យសិស្សម្នាក់អានឮៗពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« សហសម្ព័ន្ធ គឺជាប្រព័ន្ធនៃការគ្រប់គ្រងរបស់សាសនាចក្រ ដែលនៅក្នុងនោះ យើងយកកម្មវិធីទាំងអស់របស់សាសនាចក្រមក ដាក់វានៅក្នុងចំណុចរួមមួយ រូចដាក់វាបញ្ចូលក្នុងប្រព័ន្ធតែមួយ ប្រតិបត្តិវាជាកម្មវិធីមួយ ដែលសមាជិកសាសនាចក្រទាំងអស់មានជាប់ទាក់ទងនៅក្នុងកិច្ចប្រតិបត្តិការ-- ហើយធ្វើវាទាំងអស់នៅក្រោមការដឹកនាំបព្វជិតភាព » (Let Every Man Learn His Duty [ កូនសៀវភៅ, ឆ្នាំ ១៩៧៦ ], ទំព័រ ២ ) ។
សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖នៅពេលយើងចូលរួមនៅក្នុងអង្គការ និងកម្មវិធីនានារបស់សាសនាចក្រ នោះយើងទទួលបានពរជ័យដែលមាននៅក្នុងកម្មវិធី និងអង្គការទាំងនោះ ។ បន្ទាប់មកសូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យឆ្លើយសំណួរក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ។ អ្នកក៏អាចចែកចាយគំនិតយោបល់របស់អ្នកអំពីរបៀបដែលអង្គការនានារបស់សាសនាចក្រប្រទានពរដល់ជីវិតរបស់អ្នក ហើយជួយអ្នក និងគ្រួសារអ្នករីកចម្រើនឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច ។