ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦០ ៖ ព្យាការីនៅរស់


មេរៀនទី ១៦០

ព្យាការី​នៅរស់

បុព្វកថា

សមាជិក​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ បាន​ប្រទានពរដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្យាការីនៅរស់​ ជា​អ្នក​មើល​ឆុត និង​អ្នកទទួលវិវរណៈ ។ នៅជំនាន់បុរាណ ពួក​ព្យាការី ត្រូវ​បានជ្រើសរើស​ដោយព្រះអម្ចាស់ និង​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជំនួស​ទ្រង់ ។ ដូចគ្នា​នេះ​ដែរ នៅជំនាន់របស់​យើង ពាក្យ​សម្ដី​របស់ព្យាការី​នៅរស់ តំណាង​ឲ្យ​សំឡេង​របស់ព្រះ​អម្ចាស់​មកកាន់យើង និងទៅកាន់​ពិភពលោក ( សូមមើល គ. និង ស. ១:៣៧-៣៨​) ។ នៅក្នុងមេរៀន​នេះ សិស្ស​នឹង​សិក្សា​ពី​ដំបូន្មាន​ថ្មីៗ​មកពី​ប្រធាន សាសនាចក្រ ជា​ព្យាការី​ជម្រើស​របស់ព្រះអម្ចាស់ ។

យោបល់​សម្រាប់​ការបង្រៀន

ការ​បន្ដ​មានវិវរណៈ​តាមរយៈព្យាការី​នៅរស់

សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​នរណា​ជា​ព្យាការី​សំខាន់​បំផុត​ចំពោះអ្នក ?

សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យពិចារណា​សំណួរ​នេះ ហើយស្ដាប់​មើល​ចម្លើយ នៅពេល​ពួកគេ​អាន​សេចក្ដីថ្លែង​ការណ៍​ដូចខាង​ក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។​

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្យាការី​សំខាន់​បំផុត​ចំពោះ​យើង​រាល់គ្នា​ក្នុង​ពេល​នេះ​នោះ​គឺ​ជា​ព្យាការី​ម្នាក់​ដែល​កំពុង​តែ​នៅរស់ក្នុង​សម័យ និង ជំនាន់​របស់​យើង​នេះ​ឯង » (Jesus Christ—Gifts and Expectations »New Era, ខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ១៧ ) ។

  • ហេតុអ្វី​អ្នកគិតថាព្យាការី​នៅរស់ គឺ​ជា​ព្យាការីសំខាន់​បំផុត​សម្រាប់​យើង ?

បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួចហើយ​ សូម​បន្ត​អាន​សេចក្តីថ្លែងការណ៍​របស់​ប្រធានប៊ែនសឹន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« នេះ​គឺ​ជា​ព្យាការី​ដែល​មាន​នូវ​សេចក្តីណែនាំ​នាសម័យនេះ ពី​ព្រះ​សម្រាប់​យើង ។… គ្រប់ជំនាន់ មានតម្រូវការចាំបាច់​នូវ​បទគម្ពីរ​ពីបុរាណ បូក​រួម​ទាំង​គម្ពីរ​បច្ចុប្បន្នកាល​មកពី​ព្យាការី​នៅរស់ ។ ហេតុដូច្នោះ​ហើយ ការ​អាន និងការ​ពិចារណា​ដ៏​សំខាន់​បំផុត​ដែលអ្នក​គប្បី​ធ្វើ នោះគឺ​ពាក្យ​ពេចន៍​ដ៏បំផុសគំនិត​ថ្មីៗបំផុត​មកពី​មាត់​នៃ​អ្នក​នាំ​ពាក្យ​របស់ព្រះអម្ចាស់ ។ នោះហើយ​ជា​មូលហេតុ​ចាំបាច់​ដែល​អ្នក​មាន​សិទ្ធិ និង អាន​ដោយ​យកចិត្ត​ទុក​ដាក់​នូវ​ពាក្យ​របស់​លោក នៅក្នុងទស្សនាវដ្តី​ប្រចាំ​ខែ​របស់​សាសនាចក្រ » (Jesus Christ—Gifts and Expectations » ទំព័រ ១៧ ) ។

សូម​ពន្យល់ថា យើងគាំទ្រសមាជិកទាំអស់នៃគណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ។ ប៉ុន្តែ ប្រធានសាសនាចក្រ​គឺ​ជា​បុគ្គល​តែម្នាក់​គត់​ដែល​មាន​សិទ្ធិ​អំណាច ដើម្បី​អនុវត្ត​កូនសោ​បព្វជិតភាព​ទាំងអស់​នៅលើ​ផែនដី​នេះ ហើយ​ជា​បុគ្គល​តែម្នាក់​គត់​ដែល​មាន​សិទ្ធិ​អំណាចដើម្បី​ទទួល និង ប្រកាស​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំង​មូល ។

  • យោងតាម​អ្វី​ដែល​បាន​រៀន​នៅក្នុង​មេរៀនថ្មីៗនេះ តើ​ពេល​ណា​ដែល​ប្រធាន​សាសនាចក្រ​បាន​ប្រកាស​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល ឬ ប្រកាស​ពី​ការផ្លាស់ប្តូរ​ពិសេសៗ​នៅ​ក្នុងដំណើរ​ការ​នានា​នៃ​សាសនាចក្រ ? ( ចម្លើយ​អាច​រួមមាន ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ចេញនូវគោលនយោបាយ​ស្ដីអំពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព [​ សូមមើល សេចក្ដីប្រកាស​ជាផ្លូវ​ការទី ១] នៅពេល​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានប្រកាស​កាលពីមុនអំពីសេចក្ដីពិត​ដែលពុំ​បាន​ដឹងឮពីមុនមក អំពី​ពិភពវិញ្ញាណក្រោយជីវិត​រមែង​ស្លាប់ [សូមមើល គ. និង ស. ១៣៨] និង​នៅពេល​ដែលប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានប្រកាស​ថា ពរជ័យ​នៃបព្វជិតភាព ត្រូវ​បាន​ធ្វើឡើង​ឲ្យ​មាន​សម្រាប់​សមាជិក​សក្ដិសម​ទាំងអស់​នៃ​សាសនាចក្រ [សូមមើល​ សេចក្ដីប្រកាស​ជាផ្លូវការ​ទី ២]) ។

សូមអញ្ជើញសិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍ដូច​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​សេចក្ដីពិត​មួយ ស្ដីអំពី​វិវរណៈ​នៅក្នុង​ជំនាន់​របស់​យើង ។

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« សារដំណឹង​ដ៏​រុងរឿង​មួយ​នៃ​ការស្តារឡើងវិញ​នូវ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺថា ព្រះទ្រង់​បន្ត​មាន​បន្ទូល​មកកាន់​កូនចៅ​របស់​ទ្រង់ ! ទ្រង់​មិន​លាក់​ទុកនៅក្នុង​ស្ថានសួគ៌​ឡើយ ប៉ុន្តែ​មាន​ព្រះបន្ទូល​នៅ​សម័យ​នេះ​ដូចដែល​ទ្រង់​បាន​ធ្វើ​នៅក្នុង​សម័យ​បុរាណ​ដែរ ។

« ដំបូន្មាន​ដែល​មិន​អាច​កាត់ថ្លៃ​បាន​របស់​ព្រះ​ចំពោះ​មនុស្សលោក​គឺ ត្រូវបាន​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន​គោលលទ្ធិ និង សេចក្តីសញ្ញា និង មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ។ ជាងនោះទៀត ព្រះអម្ចាស់​មានបន្ទូល​តាមរយៈ​អ្នកបម្រើ​ទាំងឡាយ​របស់​ទ្រង់ ដូចដែល​ទ្រង់​នឹង​ធ្វើ​ម្តងទៀត​នៅ​ឯ​… សន្និសីទ​ទូទៅ » (« Why Do We Need Prophets ? » Ensign, ខែ មិនា ឆ្នាំ ២០១២ ទំព័រ ៤ ) ។

  • តើគោលលទ្ធិអ្វីខ្លះ ស្ដីអំពី​វិវរណៈ​ដែល​ប្រធាន អុជដូហ្វ បង្រៀន​ដល់​យើង ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​ប្រាប់​អ្វី​ស្រដៀងគ្នា​ទៅនឹង​សេចក្ដីថ្លែងការណ៍​ខាង​គោលលទ្ធិ​ដូច​ខាងក្រោម ៖ ព្រះអម្ចាស់​បន្ដ​មាន​បន្ទូលមកកាន់​យើង​នៅសព្វថ្ងៃនេះ តាមរយៈ​ព្យាការី​នៅរស់​របស់​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​យើង​អាច​ស្វែងរក​ពាក្យ​សម្ដី​របស់​ពួកព្យាការី​នៅរស់នៅទីណា ? ( ចម្លើយ​អាច​រួម​មាន​សន្និសីទ​ទូទៅ ទស្សនាវដ្តីនៃសាសនាចក្រ គេហទំព័រ, LDS.orgនិង mormonchannel.org) ។

ដើម្បីជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់ ដែល​ព្រះអម្ចាស់បន្តមាន​បន្ទូល​មក​កាន់​ព្យាការី​នៅរស់​របស់​ទ្រង់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្តីថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន យ៉ូហាន ថេលើរ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់រក​មូលហេតុ ដែល​វិវរណៈ​បន្ត​មាន​តាមរយៈ​ព្យាការី​នោះ​សំខាន់អ្វី​ម្ល៉េះ ។

រូបភាព
ប្រធាន យ៉ូហាន ថេលើរ

« យើង​តម្រូវ​ឲ្យ​មាន​ដើម​ឈើ​ដែល​មាន​ជីវិត—ប្រភពទឹក​រស់—បញ្ញា​ដែល​រស់​រវើក ដែលចេញ​មក​ពី​បព្វជិតភាពដែលកំពុងមានជីវិតនៅឋានសួគ៌ តាមរយៈ​បព្វជិតភាពដែល​កំពុង​នៅរស់​នៅលើ​ផែនដី​នេះ ។… ហើយ​ចាប់តាំងពីពេល​ដែល​អ័ដាម​បាន​ទទួល​ទំនាក់ទំនង​ដំបូង​ជាមួយ​ព្រះ … វា​ត្រូវបានតម្រូវ​ឲ្យ​មាន​វិវរណៈ​ថ្មីៗ សមស្រប​ទៅនឹង​កាលៈទេសៈពិសេសេៗ​នេះ​ដែល​សាសនាចក្រ ឬ បុគ្គល​ម្នាក់​ៗ​ត្រូវ​បាន​ដាក់​ឲ្យ​រស់នៅ​នោះ ។ វិវរណៈ​របស់អ័ដាម​ពុំ​បាន​ណែនាំ​ណូអេ​ឲ្យ​សង់សំពៅ​ទេ ហើយវិវរណៈ​របស់​ណូអេ ពុំបាន​ប្រាប់​ឡុត​ឲ្យ​បោះបង់​ចោល​ទីក្រុង​សូដុំមដែរ ហើយវិវរណៈទាំងនេះ​ក៏​ពុំ​បាន​និយាយ​អំពី​ការ​ធ្វើដំណើរ​របស់​កូនចៅ​អ៊ីស្រាអែល​ឲ្យ​ចាកចេញ​ពី​អេស៊ីព្ទ​ដែរ » ( នៅក្នុង The Gospel Kingdomជ្រើសរើស​ចេញ​ដោយ G. Homer Durham [ ឆ្នាំ ១៩៨៧ ] ទំព័រ ៣៤ ) ។

  • យោងតាម​ប្រធាន​ថេលើរ​ហេតុអ្វី​យើង​ត្រូវការ​ព្យាការី​នៅរស់ ? ( តាមរយៈ​ព្យាការី​នៅរស់ នោះ​ព្រះ​បាន​ប្រទាន​ការណែនាំ​ជាក់លាក់ចំពោះ​សេចក្តីត្រូវការ និង កាលៈទេសៈតាមកាលវេលា ) ។

  • តើ​ការយល់​ដឹង​ពី​ភាព​ចាំបាច់​នៃ​ការ​បន្ត​មាន​វិវរណៈ អាច​ជះឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ស្តាប់ ឬ អាន​ប្រសាសន៍​របស់​ព្យាការី​នៅរស់​យ៉ាង​ដូចម្តេច​ ?

ធ្វើតាម​ការទូន្មាន​របស់​ព្យាការី​នៅរស់

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​គ្នា​ពី​ការទូន្មាន​របស់​ព្យាការី​នៅរស់ សូម​ជ្រើសរើស​យក​សុន្ទរកថា​សន្និសីទ​ទូទៅ​មួយ ឬ ច្រើន​ជាង​នេះ​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ប្រធាន​សាសនាចក្រ​កាល​ពី​ឆ្នាំ​មុន ។ សូម​ផ្ដល់​ច្បាប់​ចម្លង​នៃសុន្ទរកថា​នោះ​ទៅ​សិស្ស​ម្នាក់​មួយ​ច្បាប់ ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ស្វែងរក​គោលលទ្ធិ និង គោលការណ៍​ដែល​ព្យាការី​នៅរស់​កំពុង​បង្រៀន​បច្ចុប្បន្ន​នេះ ។

បន្ទាប់ពីសិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​អាន​ហើយ សូម​ឲ្យ​ពួកគេ​ធ្វើ​ជា​បញ្ជី​គោលលទ្ធិ និង គោលការណ៍​ដែល​ប្រធានសាសនាចក្រ​កំពុង​បង្រៀន ។ សូម​គិត​ពីការអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។

ដើម្បីជួយសិស្ស​យល់ និង ដឹងពីសារៈសំខាន់​នៃគោលលទ្ធិ និង គោលការណ៍​ទាំង​នេះដែល​ពួកគេ​បាន​រកឃើញ សូម​សួរ​សំណួរមួយចំនួន ឬ ទាំងអស់​ដូច​ខាង​ក្រោម ៖

  • តើគោលការណ៍ ឬ គោលលទ្ធិ​ណាមួយ​ដែល​អ្នក​ទទួល​អារម្មណ៍​ថា​វា​ទាក់ទងយ៉ាង​ពិសេសជាមួយ​នឹង​អ្នក ? ហេតុអ្វី ?

  • តើ​អ្នក និង គ្រួសារ​របស់​អ្នក​កំពុង​ព្យាយាម​ធ្វើ​តាម​ការទូន្មាន​របស់​ព្យាការី​តាមរបៀប​ណា​ខ្លះ ?

  • ហេតុអ្វី​អ្នក​គិត​ថា​វាសំខាន់ ដែល​យើង​ត្រូវ​សិក្សា ហើយ​អនុវត្ត​នូវ​អ្វី​ដែល​ប្រធាន​សាសនាចក្រ​បច្ចុប្បន្ន​នេះ​កំពុង​បង្រៀន ?

សូមសរសេរ សំណួរ​ខាង​ក្រោម នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរទាំង​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖

ចេញពី​ប្រសាសន៍​របស់​ព្យាការី​នៅរស់​ដែល​អ្នក​ទើបតែ​បាន​សិក្សា តើ​សារលិខិត​អ្វី​ដែល​អ្នក​ទទួល​អារម្មណ៍​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នកទទួល​នោះ ?

តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​តាមរយៈ​ការទូន្មាន​ថ្មីៗ​នេះ​របស់​ព្យាការី​ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូមថ្លែងទីបន្ទាល់​ថា​នៅពេល​ពួកគេ​ធ្វើ​ដូច្នេះ នោះពួកគេ​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះវរបិតាសួគ៌​នឹង​ប្រទានពរ​ដល់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​សិក្សា និង អនុវត្ត​ការបង្រៀននានា​របស់​ព្យាការីនៅរស់ឲ្យបានជាប់លាប់ ។

សូមអញ្ជើញសិស្សឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្យាការី​នៅរស់ ។

នៅពេល​បញ្ចប់​ថ្នាក់​សិក្ខាសាលា​ឆ្នាំសិក្សា​នេះ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​សិក្សា​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ ។ បើពួកគេ​នឹង​ចូល​រៀន​ថ្នាក់សិក្ខាសាលា​វគ្គ​ក្រោយទៀត អ្នកអាច​នឹង​ផ្ដល់​យោបល់​ថា ពួកគេ​ចាប់ផ្ដើម​ការ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ អ្នកអាច​នឹង​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​គាត់​បាន​ទទួល​ដោយ បន្ដ​ការអាន​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ទោះជា​ពេល​ដែល​ថ្នាក់សិក្ខាសាលា​ពុំ​មានក្នុង​រដូវកាល​នោះក្ដី ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

សារៈសំខាន់​នៃ​ការ​ធ្វើតាម​ពួក​ព្យាការី​នៅរស់

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន​ថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« យើងគប្បី​រក្សា​កែវភ្នែក​របស់​យើង​ផ្ដោត​មុតមាំ​បំផុត​ទៅលើ​មេបញ្ជាការរបស់​យើង ដែលជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួលវិវរណៈ និងជាប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ លើស​មនុស្ស​រមែងស្លាប់​ណាៗទាំងអស់ ។ នេះ​គឺជា​បុរស​ដែលឈរ​នៅគៀក​នឹង​ប្រភព​នៃទឹករស់បំផុត ។ មាន​ការ​ណែនាំ​ពីសួគ៌ា​មួយចំនួនសម្រាប់​យើង ដែល​យើងអាច​ទទួលបាន​តែ​តាមរយៈព្យាការី​តែ​ប៉ុណ្ណោះ ។ របៀប​ល្អ​មួយ​ដើម្បីវាស់​ជំហរ​របស់​អ្នក​ជាមួយនឹង​ព្រះអម្ចាស់ គឺ​ត្រូវ​មើល​ថា​អ្នកមានអារម្មណ៍​យ៉ាងណា រួច​ធ្វើ​សកម្មភាព​តាម​ពាក្យសម្ដី​ដ៏បំផុសគំនិត​របស់​អ្នកតំណាង​នៅលើ​ផែនដី​របស់​ទ្រង់ ដែលជា​ព្យាការី-ជាប្រធាន ។ ពាក្យសម្ដីដ៏បំផុសគំនិត​របស់ប្រធាន គឺ​ត្រូវ​យកចិត្តទុកដាក់ជាខ្លាំង ។ មនុស្ស​ទាំងអស់ គឺ​មានសិទ្ធិ​ដើម្បីទទួល​កា​របំផុសគំនិត ហើយមនុស្ស​ផ្សេងៗ​គឺ​មានសិទ្ធិ​ដើម្បី​ទទួលវិវរណៈ សម្រាប់កិច្ចការ​ជាក់លាក់​របស់ពួកគេ ។ ប៉ុន្តែ​មានតែ​បុរស​ម្នាក់​គត់​ដែល​ឈរ​ជា​អ្នកនាំ​ពាក្យ​របស់ព្រះអម្ចាស់​ទៅកាន់សាសនាចក្រ និងពិភពលោក ហើយ​លោក​គឺជា​ប្រធាន​នៃ​សាសនាចក្រ ។ ពាក្យសម្ដី​របស់មនុស្ស​ផ្សេងៗ​ទៀតទាំងអស់ គប្បី​ត្រូវ​បាន​ថ្លឹងថ្លែងប្រៀបធៀប​ទៅនឹង​ពាក្យ​ដ៏បំផុសគំនិត​របស់​លោក ។

« ទោះជា​ព្យាការី​របស់ទ្រង់ ជាមនុស្សរមែង​ស្លាប់ក្ដី ព្រះទ្រង់នឹងមិន​ទុក​ឲ្យ​លោក​ដឹកនាំ​ព្រះវិហាររបស់ទ្រង់​ឲ្យវង្វេងឡើយ ។ ( សូមមើលDiscourses of Wilford Woodruff, ទំព័រ. ២១២–១៣) ។ ព្រះជ្រាបដឹង​រឿង​គ្រប់យ៉ាង ចាប់ពី​ចុង​ដល់ដើម ហើយគ្មាន​មនុស្ស​ណា​ក្លាយជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ចៃដន្យ ឬ​បន្ដ​នៅទីនោះដោយ​គាប់ជួនឡើយ ឬ​ត្រូវ​បាន​ហៅ​ឲ្យត្រឡប់ទៅ​ផ្ទះ​ដោយ​ចៃដន្យដែរ ។

« ព្យាការី​ដ៏សំខាន់បំផុត ចំពោះយើងរាល់គ្នា​ គឺ​ជា​ព្យាការី​ម្នាក់​ដែលកំពុង​រស់នៅ​ក្នុងជំនាន់ និង​សម័យ​របស់យើង ។ នេះ​គឺជា​ព្យាការី​ដែល​មានការណែនាំ​មកពី​ព្រះសម្រាប់​យើង​បច្ចុប្បន្ន​នេះ ។ វិវរណៈរបស់​ព្រះ​ទៅកាន់អ័ដាម ពុំ​បង្រៀន​ដល់​ណូអេពី​របៀប​សង់​សំពៅ​ទេ ។ គ្រប់ជំនាន់ មានតម្រូវការចាំបាច់​នូវ​បទគម្ពីរ​ពីបុរាណ បូក​រួម​ទាំង​គម្ពីរ​បច្ចុប្បន្នកាល​មកពី​ព្យាការី​នៅរស់ ។ ហេតុដូច្នោះ​ហើយ ការ​អាន និងការ​ពិចារណា​ដ៏​សំខាន់​បំផុត​ដែលអ្នក​គប្បី​ធ្វើ នោះគឺ​ពាក្យ​ពេចន៍​ដ៏បំផុសគំនិត​ថ្មីៗបំផុត​មកពី​មាត់​នៃ​អ្នក​នាំ​ពាក្យ​របស់ព្រះអម្ចាស់ ។ នោះ​ជាមូលហេតុ​ដែល​វាសំខាន់ ដែល​អ្នកបាន​ទទួល ហើយអាន​ពាក្យ​សម្ដីរបស់​លោក​ដោយ​យក​ចិត្ត​ទុកដាក់​តាម​សម័យ​កាល​សាសនាចក្រ » ( «Jesus Christ—Gifts and Expectations,» ខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ១៦-១៧ ) ។

ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ ក៏បាន​គូស​បញ្ជាក់ផងដែរ​អំពី​សេចក្ដីត្រូវការ​ដើម្បីស្ដាប់​ព្យាការីនៅរស់ ៖

រូបភាព
ប្រធាន ជេ រ៉ូប៊ីន ក្លាក

« មួយរយៈពេល​កន្លង​ទៅ មានកូន​សៀវភៅ​មួយក្បាល​បាន​ដាក់​នៅលើ​តុ​របស់ខ្ញុំ ។… នៅ​ក្រប​ទំព័រ​ខាង​ក្រៅ​ថ្លែង​ថា ‹ យើង​ត្រូវការ​ព្យាការី​ម្នាក់ › ហើយ​ពេល​ខ្ញុំអាន​វា​នៅពេលនោះ រួច​ហើយពេល​ខ្ញុំគិត​អំពី​វា​នៅពេល​នេះ ខ្ញុំ​បានគិត​ថា​ពិភពលោក​ពិតជាពុំយល់​ទេ ។…

«… យើង​ពុំ​មែន​ខ្វះព្យាការី​ម្នាក់ទេ អ្វី​ដែល​យើងខ្វះ​គឺខ្វះ​ត្រចៀក​ស្ដាប់​ និង​ខ្វះ​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​រស់នៅ​តាម ដូច​ដែលព្រះបាន​បញ្ជា » (នៅក្នុង Conference Report, ខែ តុលា ឆ្នាំ ១៩៤៨, ទំព័រ ៧៩–៨០) ។

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានមាន​ប្រសាសន៍​ថា ៖

រូបភាព
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

« ព្រះអម្ចាស់​នឹង​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ ឬនរណា​ផ្សេងទៀត​ដែល​ឈរ​ជា​ប្រធាន​នៃ​សាសនាចក្រ​នេះ ដឹកនាំ​អ្នក​ឲ្យ​វង្វេងចេញឡើយ ។ វា​ពុំ​មាន​នៅ​ក្នុង​កម្មវិធី​នោះ​ទេ ។ វា​ពុំ​មែន​ជា​ព្រះតម្រិះ​របស់​ព្រះ​នោះ​ទេ ។ បើសិនជា​ខ្ញុំ​ខំ​ធ្វើដូច្នោះ នោះព្រះអម្ចាស់​ទ្រង់​នឹង​ដក​ខ្ញុំ​ចេញពី​កន្លែង​របស់ខ្ញុំហើយ ហើយ​ទ្រង់​ក៏​នឹងប្រព្រឹត្ត​ដូច្នោះ​ដល់​អ្នកណា​ដែល​ខំ​ដឹកនាំកូន​ចៅ​របស់​មនុស្ស​ឲ្យចេញ​ពី​ព្រះបន្ទូល​ទាំងឡាយនៃ​ព្រះ និងចេញ​ពីកាតព្វកិច្ច​របស់គេយ៉ាង​ដូច្នោះដែរ » (សេចក្ដីប្រកាស​ជាផ្លូវ​ការ​ទី ១) ។