ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៦


មេរៀន​ទី ៤ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៦

បុព្វកថា

នៅ​ថ្ងៃ​ក្រោយៗ​មក​ទៀត​ក្នុង​ខែ ឧសភា ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ជួប​ប្រទះ​នឹង​ការគំរាមគំហែង​ពី​សំណាក់​ពួកមនុស្ស​កំណាច កាល​កំពុង​បញ្ចប់​ការបកប្រែ​ព្រះគម្ពីរ​មរមន ។ ដើម្បី​ជួយ​ពួកលោក​ឲ្យ​រួច​ផុត​ពី​សេចក្ដីបៀតបៀន​នោះ ដាវីឌ វិតមើរ បាន​ជួយ​ពួកលោក​ឲ្យ​ប្ដូរទីលំនៅ​ពី​ភូមិ​ហារម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ទៅ​ផ្ទះ​របស់​គ្រួសារ​វិតមើរ​ក្នុង​ភូមិ​ហ្វាយែត រដ្ឋ​នូវយ៉ោក ។ គ្រួសារ វីតមើរ បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​ព្រឹត្តការណ៍​ដែលបាន​បើក​បង្ហាញ​អំពី​ការ​ស្ដារឡើងវិញ។ យ៉ូសែប ស្ម៊ីធ បាន​ពិពណ៌នា​អំពី ដេវីឌ វីតមើរ ចន វីតមើរ និង ពេត្រុស វីតមើរ ជុញ្ញ័រ ថាជា « មិត្ត និង​ជំនួយការ​ដ៏មោះមុត​បំផុត នៅក្នុងកិច្ចការ ហើយ… រំភើប​ដើម្បី​ដឹង​អំពីកាតព្វកិច្ច​របស់ពួកគេ​ម្នាក់ៗ » ( នៅ​ក្នុង History of the Church ១:៤៩ ) ។ ព្យាការី​បាន​អធិស្ឋាន ហើយ​បាន​ទទួល​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​ដែល​ប្រទាន​ដល់​ពួក​បងប្អូន​ប្រុស​ទាំងបី​នាក់​នេះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៤

ព្រះអម្ចាស់​ហៅ ដាវីឌ វិតមើរ ឲ្យ​ជួយ​ដល់​កិច្ចការ​នៅ​ថ្ងៃ​ចុងក្រោយ

ដំណើរឿង​ខាង​ក្រោម​នេះ ពិពណ៌នា​ពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដែល​អនុញ្ញាត​ឲ្យ ដាវីឌ វិតមើរ ជួយ​ដល់ អូលីវើរ ខៅឌើរី និង យ៉ូសែប ស៊្មីធ រត់គេច​ពី​សេចក្ដី​បៀតបៀន​របស់​ពួកលោក ៖

ដាវីឌ វិតមើរ កំពុង​តែ​សាបព្រោះ​ដាំ​ស្រូវសាលី​ក្នុង​កសិដ្ឋាន​គ្រួសារ​មួយ​ក្នុង​ភូមិ​វ៉តធើរលូ រដ្ឋ​នូវយ៉ោក ក្បែរ​ភូមិ​ហ្វាយែត ដែល​កាល​នោះ​គាត់​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ដើម្បី​ជួយ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ គាត់​បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​ធ្វើ​កិច្ចការ​នេះ​នៅ​បន្ទាប់​ពី​គាត់​បង្ហើយ​ការងារ​កសិដ្ឋាន​របស់​គាត់ ។ គាត់​អាច​ភ្ជួរ​រាស់​ស្រែ​របស់​គាត់​បាន​ទាំងស្រុង​ក្នុង​ពេល​មួយ​ថ្ងៃ គឺ​ពី​ព្រលឹម​ដល់​ព្រលប់ ។ នៅ​ថ្ងៃ​បន្ទាប់ គាត់​បាន​ហៀប​នឹង​ចេញ​ទៅ​ដាក់​ជី​ក្នុង​ស្រែ ហើយ​បងស្រី​របស់​គាត់​បាន​តំណាល​ប្រាប់​អំពី​មួយ​ថ្ងៃ​មុន​មាន​បុរស​បី​នាក់​ដែល​នាង​បាន​ឃើញ​កំពុង​សាប​ព្រួស​នៅ​វេលា « ហៀប​នឹង​ថ្ងៃ​ត្រង់ » ។ ខាងក្រោម​នេះ​គឺ​ជា​ដំណើរឿង​របស់ លូស៊ី ម៉ាក ស្ម៊ីធ អំពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ៖

រូបភាព
លូស៊ី ម៉ាក ស្ម៊ីធ

« ដេវីឌ បាន​ទៅ​ចម្ការ ហើយ​បាន​ឃើញ​ថា គាត់​មាន​ការងារ​យ៉ាង​ច្រើន​ដែលត្រូវ​ធ្វើការ​សម្រាប់​រ​យៈពេលពីរថ្ងៃឯណោះ ។… រួច​ហើយ​គាត់បាន​ចង​សេះភ្ជាប់​រនាស់ ហើយជំនួស​ឲ្យ​ការ​បែក​ចែង​ចម្ការជារងៗ តាម​ដែល​កសិករ​ធ្លាប់​ធ្វើ នោះ​គាត់​បាន​ទៅ​រាស់​ជុំវិញចម្ការ​ទាំងមូល គាត់បានបន្តរហួសថ្ងៃត្រង់ គាត់បានសម្រាក​សម្រាប់​អាហារ​ពេល​ល្ងាច គាត់បានមើលជុំវិញ ហើយ​បានមានការភ្ញាក់ផ្អើល​ថា គាត់​បាន​រាស់​បាន​ពាក់កណ្ដាលស្រែរួចទៅ​ហើយ ។ បន្ទាប់ពី​អាហារ​ពេលល្ងាច គាត់បាន​ទៅ​ធ្វើ​ដូច​ពីមុន ហើយ​ដល់​ល្ងាចឡើង គាត់​បាន​បង្ហើយ​អស់ការងារ ដែលត្រូវ​ធ្វើសម្រាប់រយៈពេល​ពីរ​ថ្ងៃ​នោះ។

« ឪពុក​គាត់ ពេល​បាន​ទៅ​ចម្ការ​នៅ​ល្ងាចនោះ​ដែរ បាន​ឃើញ​នូវ​អ្វី​ដែលបាន​ធ្វើ​រួច ហើយ​គាត់​បាន​ស្រែក​ឡើងថា ‹ ច្បាស់​ជាមាន​អំណាច​ពី​ស្ថានខ្ពស់ ជួយ​នៅក្នុងកិច្ចការ​នេះ​ហើយ ហើយ​ឪពុក​គិត​ថា កូន​ត្រូវ​ទៅ​រដ្ឋ​ផែនសិល​វេញ៉ា​ភ្លាម ពេល​កូន​បានបាច​ជី​រួច​រាល់​ហើយ​នោះ​ ›។

« នាព្រឹកឡើង ដេវីឌ បាន​យក​ម៉ែត្រ​ឈើ​មួយ​កាន់នឹង​ដៃ ហើយ​បាន​ចេញទៅ​បាច​ជី ដែល​គាត់​បាន​ទុកចោល កាលពីពីរ​ថ្ងៃមុន គរ​ទុក​នៅជិត​ផ្ទះ​របស់​បងស្រី​គាត់ ប៉ុន្តែ​ពេល​គាត់ទៅដល់​ទីនោះ គាត់​បាន​ឃើញ​ថា វា​បាន​បាត់​អស់រលីង ! រួច​គាត់​បាន​រត់ទៅ​រកបងស្រីរបស់គាត់ ហើយ​សួរ​គាត់ថា តើគាត់មាន​ដឹង​ថា​វា​ទៅណា​ទេ។ គាត់បាន​និយាយ​ដោយភ្ញាក់​ផ្អើល​ថា ‹ ហេតុអ្វី​មក​សួរ​បង​អញ្ជឹង? តើ​វា​ពុំ​ត្រូវបាន​បាច​កាលពី​ម្សិលមិញ​ទេឬអី ? ›

ដេវីឌ បាន​ឆ្លើយ​ថា « ‹ ទេ តាម​ដែលខ្ញុំដឹងនោះ › ។

បងស្រី​គាត់បាន​ឆ្លើយ​ថា « ‹ បងភ្ញាក់ផ្អើល​នឹង​រឿង​នោះណាស់ ព្រោះ​ក្មេងៗ​មក​រក​បងកាលព្រឹកមិញ ហើយ​បាន​សុំ​អង្វរ​ឲ្យ​បង​ចេញទៅ​មើល បុរសៗ​ដែល​បាន​បាច​ជីនៅក្នុង​ស្រែ ដោយនិយាយ​ថា ពួកគេ​ពុំធ្លាប់ឃើញនណា បាចជី​លឿន​ដូច្នេះ​ក្នុង​ជីវិត​ពួកគេ​នោះទេ។ បង​បានទៅមើល ហើយ​បាន​ឃើញ​បុរស​បីនាក់​នៅ​ធ្វើការ​ក្នុង​ស្រែ ដូច​ជា​ក្មេង​បាន​និយាយ​មែន ប៉ុន្តែបង​ស្មាន​ថា ប្អូនបានជួល​មនុស្ស​ឲ្យមក​ជួយ ព្រោះ​ប្អូនព្យាយាម​ចង់​ធ្វើការ​នោះឲ្យ​ហើយ​ឆាប់នោះ​អី ខ្ញុំ​ក៏​បាន​ទៅ​ចូល​ក្នុង​ផ្ទះ​ភ្លាម​ដោយ​ពុំ​និយាយ​អ្វី​ទៀត​ពីរឿង​នោះ › ។

« ដាវីឌ​បាន​សាកសួរ​ជាច្រើន​ដើម្បី​ដឹង​រឿងដែល​បាន​កើត​ឡើងនោះ ទាំង​នៅក្នុង​ចំណោម​សាច់ញាតិ និង​អ្នកជិត​ខាង​របស់គាត់ ប៉ុន្តែ​គ្មាន​នរណា​ដឹង​ថា​អ្នកណា​បាន​ធ្វើ​នោះទេ » ( History of Joseph Smith by His Mother, ed. Preston Nibley [ ឆ្នាំ ១៩៥៨ ] ទំព័រ ១៤៨–៤៩ ) ។

សូម​ស្រមៃ​ថា​អ្នក​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​របស់ ដាវីឌ វិតមើរ ។ តើ​អព្ភូតហេតុ​ទាំងនេះ​អាច​នឹង​មាន​អានុភាព​លើ​រូប​អ្នក​យ៉ាង​ដូចម្ដេច ?

បន្ទាប់​ពី ដាវីឌ វិតមើរ បាន​នាំ​ព្យាការី និង អូលីវើរ ខៅឌើរី ទៅ​ដល់​ភូមិ​ហ្វាយែត រដ្ឋ​នូវយ៉ោក ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ពី​ការលេច​ចេញ​មក​នៃ​កិច្ចការ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ និង​ពរជ័យ​ដែល​បាន​សន្យា​ដល់​អស់​អ្នក​ណា​ដែល​រួម​ចំណែក​ក្នុង​កិច្ចការ​នោះ ( សូមមើល គ. និង ស. ១៤:១–៥ ) ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៤:៦–៧ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ដាវីឌ​ធ្វើ និង អំណោយទាន​ដែល​គាត់​នឹង​ទទួល​បាន​មក​វិញ ។ តើ​អំណោយទាន​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ជាមួយ​គាត់ ? តើ​ដេវីឌ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​បាន​ពរជ័យ​នេះ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​មាន​ន័យ​ថា ការរស់នៅ​ជា​និរន្តរ៍​ជាមួយ​ក្រុមគ្រួសារ​ក្នុង​វត្តមាន​របស់​ព្រះ និង ការប្រែក្លាយ​ដូចជា​ទ្រង់ ។ តើ​និយមន័យ​នេះ​ជួយ​អ្នក​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច « គឺ​ជា​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំងឡាយ​នៃ​ព្រះ » យ៉ាង​ដូចម្ដេច ?

    2. តើ​ការសន្យា​អំពី​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច អាច​បំផុស​គំនិត​ឲ្យ​អ្នក​រក្សា​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៤:៧ ព្រះអម្ចាស់​បាន​បង្រៀន​អំពី​គោលការណ៍​មួយ​ដ៏​មាន​សារៈសំខាន់ ដែល​អនុវត្ត​ចំពោះ​យើង​ម្នាក់ៗ​ថា ៖ ប្រសិនបើ​យើង​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត លំដាប់​នោះ​យើង​នឹង​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សូម​គិត​អំពី​ការសរសេរ​គោលការណ៍​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ដើម្បី​យល់​គោលការណ៍​នេះ​ឲ្យ​បាន​កាន់តែ​ច្បាស់ សូម​ពិចារណា​ថាការកាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត​នៅ​ក្នុង​ស្ថានភាព​ដូចខាងក្រោម អាច​នឹង​មាន​ន័យ​យ៉ាង​ណា ៖

  • យុវជន​ម្នាក់​ដែល​ទើបតែ​បាន​ចូល​សាសនាចក្រ​នា​ពេល​ថ្មីៗ​នេះ មាន​អារម្មណ៍​ថា​គាត់​គ្មាន​មិត្តភក្ដិ​នៅ​ក្នុង​វួដ​របស់​គាត់ ។

  • យុវនារី​ម្នាក់​មាន​ជំងឺ ដែល​តម្រូវ​ឲ្យ​បន្ត​ទទួលទាន​ថ្នាំ និង មាន​ការថែទាំ​ផ្ទាល់ខ្លួន​ពី​សំណាក់​មនុស្ស​ដទៃ ។

  • ឪពុក​ម្ដាយ​របស់​យុវជន ឬ យុវនារី​ម្នាក់​ទើបតែ​លែងលះ​គ្នា​នា​ពេល​ថ្មីៗ​នេះ ហើយ​ឪពុក ឬ ម្ដាយ​នោះ​មាន​ម្នាក់​ពុំ​សកម្ម​នៅ​ក្នុង​សាសនាចក្រ ។

  • យុវជន ឬ យុវនារី​ម្នាក់​កំពុង​ពុះពារ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការល្បួង​ដែល​នាំ​ទៅ​រក​ភាពញៀន ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៤:៨ ដើម្បី​ស្វែងយល់​ពី​ពរជ័យ​មួយ​ទៀត​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ដាវីឌ វិតមើរ នឹង​ទទួល​បាន​ផ្អែកទៅ​លើ​ការគោរពប្រតិបត្តិ​របស់​គាត់ ។

មិន​យូរប៉ុន្មាន​បន្ទាប់​ពី​បាន​ទទួល​វិវរណៈ​នេះ ដាវីឌ វិតមើរ បាន​ក្លាយ​ទៅ​ជា​សាក្សី​មួយ​រូប​ក្នុង​ចំណោម​សាក្សី​ទាំងបី​រូប​នៃ​ព្រះគម្ពីរ​មរមន ។ គាត់​បាន​ឃើញ​ទេវតា​មរ៉ូណៃ និង ផ្ទាំងចំណារ​មាស ហើយ​គាត់​បាន​ឮ​ព្រះ​សូរសៀង​របស់​ព្រះ ថ្លែងទីបន្ទាល់​អំពី​ភាពពេញលេញ​នៃ​បញ្ជី​ប្រវត្តិ​នោះ ។

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៤:១១ ជា​ខគម្ពីរ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ដាវីឌ វិតមើរ នូវ​ការសន្យា​មួយ​ទៀត​ដោយ​ផ្អែក​ទៅ​លើ​ភាពស្មោះត្រង់​របស់​គាត់ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​ជា​ពាក្យ​របស់​អ្នក​ផ្ទាល់ សូម​សរសេរ​គោលការណ៍ « បើសិនជា–នោះ » ដែល​អ្នក​រក​ឃើញ​ក្នុង​ខគម្ពីរ​នេះ ។ ( របៀប​មួយ​ដើម្បី​សរសេរ​គោលការណ៍​នេះ មាន​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៥-១៦

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន យ៉ូហាន និង ពេត្រុស វិតមើរ អំពី​អ្វី​ដែល​មាន​តម្លៃ​បំផុត​ចំពោះ​ពួកគាត់

ដើម្បី​សិក្សា​អំពី​វិវរណៈ​ទាំងឡាយ​ដែល​ត្រូវបាន​ប្រទាន​ឲ្យ​ដល់ យ៉ូហាន និង ពេត្រុស វិតមើរ សូម​អញ្ជើញ​សមាជិក​គ្រួសារ ឬ មិត្តភក្តិ​ម្នាក់​អាន​ខគម្ពីរ​មួយ​ចំនួន​ជាមួយ​អ្នក​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៥:១ ដោយ​ខ្លួន​អ្នក​ផ្ទាល់ បន្ទាប់​មក សូម​ឲ្យ​សមាជិក​គ្រួសារ ឬ មិត្តភក្តិ​របស់​អ្នក​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៦:១ ។ សូម​អាន​ផងដែរ​ខទី ២–៦ នៃ​កណ្ឌ​ទាំងពីរ ដោយ​ឆ្លាស់គ្នា​ម្ដងម្នាក់​រវាង​ខគម្ពីរ​ទាំងនេះ​តាម​របៀប​ដូចគ្នា​នេះ ។ សូម​កំណត់​អំពី​ការណ៍​ដែល​ខុស​គ្នា​អំពី​វិវរណៈ​ទាំងពីរ​នេះ ។

តើ​ភាពខុសគ្នា​តែ​មួយ​គត់​ក្នុង​ការប្រើ​ពាក្យ​នៃ​វិវរណៈ​ទាំងពីរ​នេះ​គឺ​ជា​អ្វី ?

ដោយសារតែ​ខទី ២–៦ ក្នុង​វិវរណៈ​នេះ​មាន​លក្ខណៈ​ដូចគ្នា​សុទ្ធសាធ នោះ​វា​ហាក់ដូចជា​ព្រះអម្ចាស់​អាច​ប្រទាន​វិវរណៈ​មួយ ហើយ​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​បុរស​ទាំង​ពីរ​នាក់ ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ចេញ​ពី​ការពិត​ដែល​ថា ទ្រង់​បាន​យក​ពេល​មាន​ព្រះបន្ទូល​ទៅ​កាន់ យ៉ូហាន និង ពេត្រុស ទាំង​ពីរ​នាក់​ដោយ​ផ្ទាល់​រៀងៗ​ខ្លួន ?

ពេល​ខ្លះ ព្រះអម្ចាស់​អាច​នឹង​បើកសម្ដែង​សារលិខិត​តែ​មួយ​ទៅ​កាន់​បុគ្គល​ជា​ច្រើន គឺ​ដោយសារ​តែ​ពួកគេ​មាន​តម្រូវការ កាលៈទេសៈ ឬ បំណងប្រាថ្នា​ស្រដៀងគ្នា ។ ដើម្បី​ស្គាល់​បំណងប្រាថ្នា​ដែល​យ៉ូហាន និង ពេត្រុស វិតមើរ បាន​មាន​ដូចគ្នា​នោះ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៥:៣–៤ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៦:៣–៤ ម្ដង​ទៀត ។ តើ យ៉ូហាន និង ពេត្រុស វិតមើរ ទាំងពីរ​នាក់​មាន​បំណង​ប្រាថ្នា​ដូចម្ដេច ?

ព្រះអម្ចាស់​បាន​បង្រៀន​នៅ​ក្នុង​វិវរណៈ​ទាំងនេះ​ថា កិច្ច​ខិតខំ​របស់​យើង​ដើម្បី​នាំ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ គឺ​មាន​តម្លៃ​បំផុត​ចំពោះ​យើង ។ នៅ​ពេល​អ្នក​ជួយ​នាំ​មនុស្ស​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ ពួកគេ​ក៏​នឹង​យល់​ផងដែរ​ថា ព្រះ​ទ្រង់​ជ្រាប ហើយ​មាន​ព្រះទ័យ​ស្រឡាញ់​ពួកគេ ។

វិវរណៈ​ទាំងនេះ​ក៏​បង្រៀន​ដូច្នេះ​ដែរ​ថា ព្រះ​ទ្រង់​ជ្រាប​ពី​យើង​ម្នាក់ៗ ។ ទ្រង់​ជ្រាប​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង ។

រូបភាព
យុវនារី​ដាក់​ដៃ​គងថ្ងាស
  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​គំនិត​របស់​អ្នក​អំពី​របៀប​ដែល​ពរជ័យ​បព្វជិតភាព ឬ ការហៅ​បេសកកម្ម អាច​បង្ហាញ​ថា ព្រះ​ទ្រង់​ជ្រាប​ពី​យើង​ម្នាក់ៗ ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ជា​គំរូ​នៃ​សេចក្ដីពិត​ដែល​ថា ព្រះ​ទ្រង់​ជ្រាប​ពី​យើង​ម្នាក់ៗ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« កាល​លើក​មុន ខ្ញុំ​បាន​និយាយ​ទៅកាន់​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់ ដែល​បាន​លើក​ទឹកចិត្ត​ឲ្យទន្ទេញចាំ​ឈ្មោះ​របស់​យុវវ័យ​ទាំងអស់​ដែល​មាន​អាយុ ១៣ ទៅ ២១ ឆ្នាំ នៅក្នុង​សេ្ដក​របស់គាត់។ ការ​ប្រើ​រូប​ថតដែលមិនដឹងខ្លួន​របស់យុវជន និង​យុវនារី គាត់​បាន​បង្កើត​ជា​កាតបញ្ចាំង ដើម្បី​គាត់អាច​មើល​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ និង​នៅពេល​ផ្សេងៗទៀត។ អ្នកដឹកនាំ​បព្វជិតភាព​នេះ បាន​រៀន​យ៉ាង​ឆាប់​អំពី​ឈ្មោះរបស់​យុវវ័យទាំងអស់។

« នៅយប់មួយ អ្នកដឹកនាំ​បព្វជិតភាព​នោះ បាន​សុបិន​អំពី​យុវជន​ម្នាក់​ដែល​គាត់​បាន​ស្គាល់​តែ​ក្នុង​រូបថត។ នៅក្នុងការ​សុបិន​នោះ គាត់បាន​ឃើញ​យុវជន​នោះ ស្លៀកពាក់​អាវ​ពណ៌ស ហើយ​ពាក់​ស្លាក​ឈ្មោះ​អ្នកផ្សព្វផ្សាយសាសនា។ យុវជន​នោះ កំពុង​បង្រៀន​ដល់គ្រួសារ​មួយ ដោយមាន​ដៃគូ​អង្គុយជិត​គាត់។ យុវជន​នោះ កាន់​ព្រះគម្ពីរមរមន​នៅក្នុង​ដៃ​គាត់ ហើយ​គាត់​បាន​មើល​ទៅ​ដូចជា គាត់​កំពុង​ថ្លែងទីបន្ទាល់​អំពី​ភាព​ពេញលេញ​នៃ​ព្រះគម្ពីរ។ រួច​ហើយ​អ្នក​ដឹកនាំ​បព្វជិតភាព​នោះ​បាន​ភ្ញាក់ដឹង​ខ្លួន​ពីសុបិន។

« នៅក្នុង​ការ​ជួបជុំ​បព្វជិតភាព​មួយ អ្នកដឹកនាំ​រូបនោះ​បានទៅ​ជួប​នឹង​យុវជន ដែល​គាត់​បាន​ឃើញ​ក្នុងសុបិន ហើយ​បាន​សុំ​និយាយ​នឹង​យុវជន​នោះ​រយៈពេល​ពីរបីនាទី ។ បន្ទាប់​ពីការ​ណែនាំ​សង្ខេបៗមក អ្នកដឹកនាំ​បាន​ហៅ​យុវជន​នោះ​ដោយឈ្មោះ ហើយ​បាន​និយាយ​ថា ៖ ‹ ខ្ញុំ​ពុំ​មែន​ជា​មនុស្ស​រវើរវាយ​ទេ។ ខ្ញុំ​ពុំ​ដែល​សុបិន​ឃើញ​សមាជិក​នៅលីវណាម្នាក់ក្នុង​ស្ដេក​នេះ​ទេ ក្រៅពី​អ្នក។ ខ្ញុំ​ចង់ប្រាប់អ្នកអំពី​សុបិន​របស់ខ្ញុំ រួច​ហើយ​ខ្ញុំ​ចង់ឲ្យ​អ្នកជួយ​ខ្ញុំ​យល់​អំពី​អត្ថន័យ​របស់​វា ›។

« អ្នកដឹកនាំ​បព្វជិតភាព​បាន​រៀបរាប់ប្រាប់ពី​សុបិន​នោះ ហើយ​បាន​សួរ​ដល់​យុវជន​នោះ អំពី​អត្ថន័យ​នៃ​សុបិន ។ យុវជន​ម្នាក់​បាន​ឆ្លើយ​តប​ទាំង​អួល​ដើមក​ថា ‹ វា​មាន​ន័យ​ថា ព្រះ​ជ្រាបដឹង​ថា​ខ្ញុំ​ជា​នរណា › ។ ការសន្ទនា​បន្ទាប់ទៀត រវាង​យុវជន​នេះ និង​អ្នក​ដឹកនាំ​បព្វជិតភាព គឺ​មាន​អត្ថន័យ​បំផុត ហើយ​ពួកគាត់​បាន​យល់​ព្រម​ដើម្បី​ជួប ហើយ​ប្រឹក្សា​ជាមួយគ្នា​ពីមួយ​គ្រា​ទៅមួយគ្រា អំឡុង​ពេលជាច្រើន​ខែ​បន្តបន្ទាប់មក » (The Tender Mercies of the Lord » Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៥, ទំព័រ១០០)។

សូម​ពិចារណា ( ឬ ពិភាក្សា​ជាមួយ​មនុស្ស​ដែល​អ្នក​បាន​អាន​ជាមួយ ) អំពី​មូលហេតុ​ដែល​វា​អាច​ជា​អត្ថប្រយោជន៍​សម្រាប់​យើង​ក្នុង​ការដឹង​ថា ព្រះ​ទ្រង់​ជ្រាប​ពី​យើង​ម្នាក់ៗ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ស្ថានភាព​នៃ​ការយល់ដឹង​ថា ព្រះ​ទ្រង់​ជ្រាប​ពី​អ្នក​ម្នាក់ៗ​ដោយ​ផ្ទាល់ បាន​ជួយ​អ្នក​តាម​របៀប​មួយ​ចំនួន ឬ សរសេរ​អំពី​របៀប​ដែល​ការយល់ដឹង​ថា ព្រះ​ទ្រង់​ជ្រាប​ពី​អ្នក​ម្នាក់ៗ​ដោយ​ផ្ទាល់ អាច​មាន​អានុភាព​លើ​ការសម្រេចចិត្ត​ដែល​អ្នក​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

កំណត់ចំណាំ​សម្រាប់​កិច្ចការ​ទី ២ ៖ របៀប​មួយ​ដែល​អ្នក​អាច​ថ្លែង​ពី​គោលការណ៍​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៤:១១ គឺ ៖ បើ​យើង​ជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​ដោយ​មាន​ចិត្ត​ស្មោះត្រង់ ខណៈ​នោះ ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ។