ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣–៤១


មេរៀន​ទី ៥ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២៣-៤១

បុព្វកថា

នៅ​ក្នុង​បុព្វកថា​នៃ​មេរៀន​មុន អ្នក​បាន​រៀន​ថា ដើម្បី​ធានា​ដល់ អ៊ី ប៊ី ហ្គ្រាន​ឌិន ចំពោះ​ការ​បង់ថ្លៃ​នៃ​ការ​បោះពុម្ព​ព្រះគម្ពីរមរមន ម៉ាទីន ហារិស បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​បញ្ចាំ​ចម្ការ​របស់​គាត់​មួយ​កន្លែង ។ នៅ​ក្នុង​ផ្នែក​ទីពីរ​នៃ​វិវរណៈ​នេះ ដែល​មាន​សម្រាប់ ម៉ាទិន ហារីស គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣–៤១ ព្រះអម្ចាស់​បាន​ទូន្មាន​ឲ្យ ម៉ាទីន ចំណាយ​ទ្រព្យ​សម្បត្តិ​របស់​គាត់​ដោយ​សេរី​សម្រាប់​ការបោះពុម្ព​ព្រះគម្ពីរមរមន ។ នៅ​ទីបំផុត ម៉ាទីន បាន​លក់​ចម្ការ​របស់​គាត់​ទំហំ ៦១.១០ ហិចតា ដើម្បី​បង់​ថ្លៃ​ឈ្នួល​បោះពុម្ព ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២៣-២៤

ព្រះអង្គសង្គ្រោះ​ថ្លែងទីន្ទាល់​ថា សេចក្តីសុខសាន្ត​កើត​ចេញ​មក​ពី​ការរៀន​អំពី​ទ្រង់

តើ​មាន​ពេល​ណា ដែលអ្នក​ត្រូវ​ធ្វើ​នូវ​រឿង​អ្វី​មួយ​ពិបាក ដែល​អ្នក​ដឹង​ថា​ត្រឹមត្រូវ ប៉ុន្តែ​អ្នក​ពុំ​ប្រាកដ​ក្នុង​ចិត្ត ឬ​ភ័យ​ខ្លាច​អំពី​លទ្ធផល​ដែល​វា​នឹង​កើត​ឡើង​នោះ​ដែរ​ឬ​ទេ ? ( ឧទាហរណ៍ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​មិត្តភក្ដិ​មួយ​ចំនួន ព្រោះ​ពួកគេ​ជះ​ឥទ្ធិពល​អាក្រក់​មក​លើ​អ្នក ) ។ តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដីជំនឿ​ដើម្បី​ធ្វើ​នូវ​អ្វី ដែល​អ្នក​ដឹង​ថា​ជា​រឿង​ត្រឹមត្រូវ ទោះជា​វា​មាន​ការពិបាក​យ៉ាង​ណាក្ដី​នោះ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​ការណ៍​ពិបាកៗ​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ ឬ ជួនកាល អាច​ត្រូវបាន​ស្នើ​ឲ្យ​ធ្វើ​ដោយសារតែ​អ្នក​ជា​សមាជិក​សាសនាចក្រ​នោះ ? ហេតុអ្វី​បាន​ជា​កិច្ចការ​ទាំងនោះ​ពិបាក ឬ ហេតុអ្វី​បាន​ជា​កិច្ចការ​ទាំងនោះ​នឹង​ពិបាក​សម្រាប់​អ្នក​ក្នុង​ការធ្វើ ?

    2. តើ​អារម្មណ៍ និង ទង្វើ​របស់​អ្នក នឹង​ប្រែប្រួល អាស្រ័យ​ទៅ​លើ​បុគ្គល​ដែល​ស្នើ​ឲ្យ​អ្នក​ធ្វើ​នូវ​រឿង​លំបាក​នោះ​ដែរ​ឬ​ទេ ? ហេតុអ្វី​ប្រែប្រួល ឬ ហេតុអ្វី​មិន​ប្រែប្រួល ?

សូម​អាន​ក្បាល​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩ រួច​គូសចំណាំ​ពី​អង្គ ដែល​បាន​ប្រទាន​ព្រះបញ្ញត្តិ ដែល​មាន​នៅ​ក្នុង​វិវរណៈ​នេះ​ទៅ​ដល់ ម៉ាទិន ហារីស ។ ប្រសិនបើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​របស់ ម៉ាទីន តើ​ការ​ដឹង​ថា ព្រះបញ្ញត្តិ​នេះ មក​ពី​ព្រះ នឹង​ជួយ​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

ម៉ាទិន ហារីស មាន​កង្វល់​អំពី​ការដាក់​បញ្ចាំ​ចម្ការ​មួយ​ចំណែក​របស់​គាត់ ដើម្បី​បោះពុម្ព​ព្រះគម្ពីរ​មរមន ។ ព្រះអម្ចាស់ បាន​ឆ្លើយ​តប​ចំពោះ​កង្វល់​របស់ ម៉ាទីន ដោយ​ការបើក​សម្ដែង​រឿង​មួយ​ចំនួន ដែល​គាត់​ចាំបាច់​ត្រូវ​ធ្វើ និង​ការណ៍​មួយ​ចំនួន​ដែល​គាត់​ចាំបាច់​ត្រូវ​ដឹង ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ រួច​គូសចំណាំ​ពី​ការសន្យា​របស់​ព្រះអម្ចាស់​ទៅ​ដល់ ម៉ាទិន ហារីស ។ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:២៣ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ) ។ អ្នក​អាច​សរសេរ​គោលការណ៍​ដូចតទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ បើ​យើង​រៀន​អំពី​ព្រះគ្រីស្ទ ស្ដាប់​តាម​បន្ទូល​ទាំងឡាយ​របស់​ទ្រង់ ហើយ​ដើរ​ក្នុង​ភាពស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ នោះ​យើង​នឹង​បាន​សេចក្ដី​សុខសាន្ដ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​នៅ​ពេល​ណា ដែល​អ្នក​ធ្លាប់​ទទួល​អារម្មណ៍​នៃ​ភាពសុខសាន្ត​ដែល​បាន​សន្យា​នៅ​ក្នុង​គោលការណ៍​នេះ នៅ​ពេល​អ្នក​បាន​ធ្វើ​ការណ៍​ផ្សេងៗ​ដូចជា ការសិក្សា​ព្រះគម្ពីរ ការស្ដាប់​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ និង ការប្រជុំ​ដទៃទៀត ហើយ​ពិចារណា​អំពី​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៤ ដោយ​ស្វែងរក​អ្វី​ដែល ម៉ាទិន ហារីស បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​អំពី​របៀប​ដែល​ការរៀន​អំពី​អ្វី​ទាំងនេះ អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ភាពសុខសាន្ត នៅ​ពេល​អ្នក​ត្រូវបាន​ស្នើ​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​ពិបាក​ណាមួយ​សម្រាប់​ព្រះអម្ចាស់ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ--គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:២៣

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ចាំ​វគ្គ​ចំណេះចំណានខគម្ពីរ​នេះ សូម​សរសេរ​អក្សរ​ពី ក ដល់ ឃ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ក្រោយមក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ ឲ្យ​បាន​ច្រើន​ដង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈពេល ២ នាទី ។ ពេល​ដល់​ម៉ោង សូម​បិទ​ព្រះគម្ពីរ​របស់​អ្នក ហើយ​នៅ​ជាប់​នឹង​អក្សរ ក–គ សូម​សរសេរ​ចំណុច​បី​ដែល​អ្នក​ត្រូវធ្វើ ។ បន្ទាប់​មក​នៅ​ជាប់​នឹង​អក្សរ ឃ សូម​សរសេរ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា យើង​នឹង​នឹង​ទទួលបាន​ប្រសិនបើ​យើង​ធ្វើ​កិច្ចការ​ទាំង​បី​នោះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:២៥-៣៥

ព្រះអម្ចាស់​បញ្ជា ម៉ាទីន ហារិស ឲ្យ​លក់​ទ្រព្យ​សម្បត្តិ​របស់​គាត់​ដើម្បីបោះពុម្ព​ព្រះគម្ពីរមរមន

បន្ទាប់​ពី​បាន​សន្យា ម៉ាទិន ហារីស ដោយ​នូវ​ភាពសុខសាន្ត​បន្ថែម​លើ​ការរៀន​អំពី​ព្រះអង្គសង្គ្រោះ និង ការស្ដាប់​តាម​ព្រះបន្ទូល​ទាំងឡាយ​របស់​ទ្រង់​ហើយ​នោះ ព្រះអម្ចាស់​បាន​ប្រទាន​ព្រះបញ្ញត្តិ និង ឱវាទ​បន្ថែម​ដល់​គាត់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៦ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ ម៉ាទិន ហារីស ធ្វើ ។ ( ម៉ាទិន បាន​ដាក់​បញ្ចាំ​ចម្ការ ទំហំ​៦១.១០ ហិចតា ដែល​បាន​ធ្វើ​ឲ្យ​ការបោះពុម្ព​ព្រះគម្ពីរ​មរមន​អាច​ដំណើរការ​បាន ) ។

រូបភាព
ចម្ការ​របស់ ម៉ាទិន ហារីស

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៥–៣៥ ដោយ​ស្វែងរក​ព្រះបញ្ញត្តិ និង ឱវាទ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ម៉ាទិន ហារីស ។ នៅ​ពេល​អ្នក​អាន សូម​ស្វែងរក ហើយ​ពិចារណា​ពី​ការគូស​ចំណាំ​ឃ្លា « យើង​បញ្ជា » និង « ចូរ​អ្នក » ។

ព្រះអម្ចាស់​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​ពី ម៉ាទីន ហារិស ហើយ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ជាក់លាក់​តាម​ស្ថានភាព​នីមួយៗ​របស់​គាត់ ។ យើង​ពុំ​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​យល់​ពី​មូលហេតុ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ព្រះបញ្ញត្តិ​ជាក់លាក់​ដល់ ម៉ាទីន ហារិស នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​យ៉ាង​ច្បាស់​នូវ​អ្វី ដែល​នឹង​កើតឡើង បើ ម៉ាទីន ពុំ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ទេ​នោះ ។ សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៣៣ ដោយ​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​នឹង​កើត​ឡើង បើ ម៉ាទីន « មិន​អើពើ​ដល់​ពាក្យ​ដំបូន្មាន​ទាំងនេះ » ទេ​នោះ ? នៅ​ក្នុង​បរិបទ​នេះ ពាក្យ មិន​អើពើ មាន​ន័យ​ថា មិន​គោរព​តាម​អ្វី​មួយ ដោយសារតែ​វា​ហាក់បីដូចជា​ពុំ​សំខាន់ ឬ ពុំ​សូវ​មាន​តម្លៃ ។ អ្នក​អាច​នឹង​ចង់​សរសេរ​និយមន័យ​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​ពាក្យ មិន​អើពើ ។

  1. សូម​គិត​អំពី​ព្រះបញ្ញត្តិ​មួយ​ចំនួន និង ឱវាទ ដែល​អ្នក​បាន​ទទួល​ពី​ព្រះអម្ចាស់​តាមរយៈ​ប្រសាសន៍​របស់​ពួកសាវក និង ព្យាការី ពរជ័យ​នៃ​បព្វជិតភាព ( រួម​បញ្ចូល​ទាំង​ពរ​របស់​លោក​អយ្យកោ បើ​អ្នក​មាន ) និង ថ្នាក់ដឹកនាំ​បព្វជិតភាព ។ សូម​សរសេរ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើតាម​សេចក្ដីណែនាំ​នេះ ។

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

អែលឌើរ រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ដំបូន្មាន​ដូចតទៅ​នេះ​ថា ៖ « សូម​រក្សា​ព្រះបញ្ញត្តិ ទាំងអស់ របស់​ព្រះ ដោយ​ដឹង​ថា ព្រះបញ្ញត្តិ​ទាំងនោះ​ត្រូវបាន​ប្រទាន​ឲ្យ ដើម្បី​ប្រទានពរ​ដល់​កូនចៅ​ទ្រង់ និង នាំ​មក​នូវ​សេចក្ដី​អំណរ​ដល់​ពួកគេ ។ [ អ្នក ] នឹង​ជួប​មនុស្ស​ដែល​រើស​ថា បទបញ្ញត្តិ​មួយ​ណា​ដែល​ពួកគេ​នឹង​រក្សា ហើយ​មិន​អើពើ​នឹង​បទបញ្ញត្តិ​ផ្សេង​ទៀត ដែល​ពួកគេ​ជ្រើសរើស​មិន​គោរព​តាម ។ ខ្ញុំ​សូម​ហៅ​ការណ៍​នេះ​ថា​ជា​អាហារ​ប៊ូហ្វេ​ចំពោះ​ការគោរព​ប្រតិបត្តិ​ហើយ ។ ការអនុវត្ត​នៃ​ការរើសពេក និង​ការ​ជ្រើស​រើស​នេះ នឹង​គ្មាន​បានការ​ទេ ។ វា​នឹង​នាំ​ទៅរក​សេចក្ដី​វេទនា ។ ដើម្បី​រៀបចំ​ខ្លួន​ទៅ​ជួប​នឹង​ព្រះ បុគ្គល​ម្នាក់​ត្រូវ​រក្សា​ព្រះ​បញ្ញត្តិ​របស់​ទ្រង់ ទាំងអស់ ។ ដើម្បី​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងនោះ វា​តម្រូវ​ឲ្យ​មាន​សេចក្ដីជំនឿ ហើយ​ការរក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ នឹង​ពង្រឹង​សេចក្ដីជំនឿ​នោះ » (  « Face the Future with Faith »  EnsignLiahonaខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៣៤ ) ។

សូម​ពិចារណា​ថា​តើ អ្នក​មាន​ទំនោរ​មិន​អើពើ ឬ​មិន​គោរព​ចំពោះ​ព្រះបញ្ញត្តិ​ណា​មួយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក និង​ថា​តើ​មាន​ព្រះបញ្ញត្តិ​ជាក់លាក់​ណាមួយ ដែល​អ្នក​អាច​គោរពប្រតិបត្តិ​ដោយ​មាន​ការលះបង់​កាន់តែ​ច្រើន​ដែរ​ឬ​ទេ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៣៦-៤១

ព្រះអម្ចាស់​ទូន្មាន​ដល់ ម៉ាទីន ហារិស ស្ដី​អំពី​ការបម្រើ​របស់​គាត់

ដូចជា ម៉ាទីន ហារិស ផងដែរ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​សម្រេច​ចិត្ត​ថា​តើ​យើង​នឹង​ចុះចូល​ឆន្ទៈ​របស់​យើង​ទៅ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ដែរ​ឬ​ទេ ទោះជា​អ្វី​ដែល​ទ្រង់​បាន​សុំ​ឲ្យ​យើង​ធ្វើ​មាន​ការលំបាក​យ៉ាង​ណា​នោះ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ចែកចាយ​ដំណើររឿង​របស់​យុវជន​ម្នាក់​ដែល​បាន​សម្រេច​ចិត្ត​ថា​តើ គាត់​ត្រូវ​ចុះចូល​ឆន្ទៈ​របស់​គាត់​នឹង​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ដែរ​ឬ​ទេ ។ សូម​អាន​ផ្នែក​ទីមួយ​នៃ​ដំណើររឿង​នេះ រួច​ប្រៀបធៀប​បទពិសោធន៍​របស់​យុវជន​នេះ​ទៅ​នឹង​បទពិសោធន៍​របស់ ម៉ាទិន ហារីស ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ហូសេ ហ្គា​សា មក​ពី​ប្រទេស ម៉ិកស៊ិក [ បាន ] កើត​មក​ក្នុង​ភាពក្រីក្រ ប៉ុន្តែ​បាន​បីបាច់​ដោយ​សេចក្ដីជំនឿ ហូសេ បាន​ត្រៀមខ្លួន​សម្រាប់​ការហៅបម្រើ​បេសកកម្ម ។ ខ្ញុំ​បាន​មាន​វត្តមាន​នៅ​ថ្ងៃ ដែល​គាត់​ទទួល​បាន​អនុសាសន៍ ។ នោះមាន​សេចក្ដី​ថ្លែង​ការណ៍​ថា៖ ‹ បងប្រុស ហ្គាសា នឹង​បម្រើ​ដោយ​ការ​លះបង់​ដ៏​ធំធេង​ចំពោះគ្រួសារ​របស់គាត់ ព្រោះ​គាត់​ជា​អ្នក​ផ្គង់​ផ្គង់​គ្រួសារ។ គាត់​មាន​តែ​ទ្រព្យ​មួយ​ប៉ុណ្ណោះ--ជា​ការសន្សំ​តែម​ទុក-- ដែល​គាត់​យល់ព្រម​លក់​វា បើចាំបាច់ ដើម្បី​ជួយ​រក​ថវិកា​ចេញ​បេសកកម្ម​របស់​គាត់ › ។

« ប្រធាន ឃឹមបឹល បាន​ស្ដាប់​ដោយ​យកចិត្ត​ទុក​ដាក់​ពេល​សេចក្ដីថ្លែង​នេះ​បាន​អាន​ឲ្យ​លោក​ស្ដាប់ រួច​ហើយ​លោក​បាន​តប​ថា ៖ ‹ ចូរ​ឲ្យ​គាត់​លក់​តែម​សន្សំ​របស់​គាត់​ចុះ ។ ការ​លះបង់​ដូច្នេះ​នឹង​នាំ​មកនូវ​ពរជ័យ​ដល់គាត់ » (Profiles of Faith » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៧៨, ទំព័រ ៥៦ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការសម្រេចិត្ត​ដ៏​លំបាកៗ ដូចជា​អ្វី​ដែល ហូសេ ចាំបាច់​ត្រូវធ្វើ​នោះ អាច​នឹង​មាន​ភាពកាន់តែ​ងាយស្រួល​យ៉ាង​ដូចម្ដេច បើ​យើង​ធ្លាប់​មាន​បទពិសោធន៍​នៃ​សេចក្ដីសុខសាន្ត​ដែល​មាន​មក​ពី​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់​ហើយ​នោះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:៣៦–៤១ ដោយ​ស្វែងរក​ពាក្យ ឬ ឃ្លា​ដែល​បង្រៀន​ពី​គោលការណ៍​ដូចតទៅ​នេះ ៖ បើ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ប្រទាន​ពរជ័យ​ដល់​យើង ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ទ្រព្យ​សម្បត្តិ​លើ​ផែនដី​ទៅ​ទៀត ។

តើ​អ្នក​គិត​ថា ពរជ័យ​អ្វី​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ទ្រព្យ​សម្បត្តិ​លើ​ផែនដី​ទៅ​ទៀត ដែល ហូសេ នឹង​ទទួលបាន​តាមរយៈ​ការបម្រើ​បេសកកម្ម​នោះ ? សូម​អាន​សេចក្ដីបញ្ចប់​នៃ​ដំណើររឿង​នេះ រួច​ស្វែងរក​ពរជ័យ​បន្ថែម​ដែល ហូសេ នឹង​ទទួល​បាន​សម្រាប់​ការអនុវត្តន៍​គោលការណ៍​នេះ ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« បន្ទាប់​មក ដោយ​មាន​ស្នាមញញឹម​លើ​ទឹក​មុខ និង​ការ​ព្រិចភ្នែក នោះ​ព្យាការី​ដ៏​ជា​ទីស្រឡាញ់​រូប​នេះ [ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ]​បាន​មាន​ប្រសាសន៍​ថា ‹ រាល់ខែ​នៅ​ការិយាល័យ​កណ្ដាល​របស់​សាសនាចក្រ នោះ​យើង​ទទួលបាន​សំបុត្រ​រាប់​ពាន់​ពី​គ្រប់​ទីកន្លែង​ទាំងអស់​លើ​ពិភពលោក ។ ចូរ​យើង​សន្សំ​តែម​នោះ​ទុក ហើយ​ប្រគល់​វា​ទៅ​ឲ្យ ហូសេ នៅ​ពេល​គាត់​បញ្ចប់​បេសកកម្ម​របស់​គាត់ ។ គាត់​នឹង​មាន​តែម​សន្សំ​ដ៏​ស្អាតបំផុត​ជាង​យុវជន​ណាៗ​ទាំង​អស់​ក្នុង​ប្រទេស ម៊ិកស៊ីក ដោយ​ពុំ​ត្រូវ​ចំណាយប្រាក់ › » (Profiles of Faith, »ទំព័រ ៥៦ ) ។

សូម​ពិចារណា​អំពី​របៀប​ដែល​គោលលទ្ធិ ដែល​អ្នក​បាន​រៀន​ចេញ​ពី​មេរៀន​នេះ អាច​ជួយ​ពង្រឹង​ឆន្ទៈ​របស់​អ្នក​ឲ្យ​ចុះចូល​ទៅ​នឹង​ព្រះហឫទ័យ​របស់​ព្រះ ។

ម៉ាទិន ហារីស បាន​គោរពប្រតិបត្តិ​ដោយ​ដាក់​បញ្ចាំ​ចម្ការ​របស់​គាត់ មួយ​ចំណែក​ដើម្បី​ចំណាយ​លើ​ការបោះពុម្ព​ព្រះគម្ពីរ​មរមន ។ ដោយសារតែ​ការជ្រើសរើស​របស់ ម៉ាទីន នោះ​ជីវិត​មនុស្ស​រាប់លាន​នាក់ ត្រូវ​បាន​ប្រទានពរ ហើយ​នឹង​នៅ​តែ​បន្ត​ទទួល​បាន​ពរជ័យ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ចុះចូល​ឆន្ទៈ​របស់​អ្នក​ទៅ​នឹង​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣–៤១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖