ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧, ៦៨–៨៤


មេរៀន​ទី ៦ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧, ៦៨–៨៤

បុព្វកថា

ការបង្កើត​សាសនាចក្រ​នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ បាន​ធ្វើ​ឲ្យ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ត្រូវបាន​បម្រើ​ដល់​កូនចៅ​របស់​ព្រះវរបិតាសួគ៌​ទូទាំង​ពិភពលោក​នៅ​ថ្ងៃ​ចុងក្រោយ ។ នៅ​ពីមុន​ថ្ងៃ​ដែល​ត្រូវបាន​រង់ចាំ​អស់​រយៈពេល​ដ៏​យូរ​មក​នេះ ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​បើកសម្ដែង​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ស្ដីពី​តម្រូវការ និង របៀប​នានា​នៃ​ការធ្វើ​ពិធីបុណ្យជ្រមុជទឹក ការណ៍​ដែល​តម្រូវ​ពី​សមាជិក​សាសនាចក្រ និង សេចក្ដី​ពិស្ដារ​នៃ​ការបម្រើ​សាក្រាម៉ង់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧, ៦៨–៧៤

តម្រូវការ និង របៀប​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ត្រូវ​បាន​កំណត់

តើ​អ្នក​នឹង​ថ្លែង​យ៉ាង​ដូចម្ដេច ទៅ​កាន់​មិត្ត​របស់​អ្នក​ដែល​មិនមែន​ជា​សមាជិក ដែល​បាន​សួរ​ថា « តើ​ខ្ញុំ​ត្រូវ​ធ្វើ​ខ្លះ ដើម្បី​បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ចូល​ទៅ​ក្នុង​សាសនាចក្រ​របស់​អ្នក » ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧ រួច​ស្វែងរក​តម្រូវការ​នានា ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​មាន​បំណងប្រាថ្នា​ក្លាយ​ទៅ​ជា​សមាជិក​សាសនាចក្រ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​តម្រូវការ​នីមួយៗ ដែល​អ្នក​រកឃើញ​នៅ​ក្នុង​វគ្គបទគម្ពីរ​នេះ ។

វា​អាច​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដើម្បី​ដឹង​ថា ការបង្ហាញ​ពី​ចិត្តសង្រេង និង វិញ្ញាណ​ទន់ទាប មាន​ន័យ​ថា បន្ទាបខ្លួន ហើយ​ទទួលយក​ព្រះឆន្ទៈ​របស់​ព្រះ ។ វា​ក៏​មាន​ន័យ​ថា ការមានអារម្មណ៍​សោកសា្ដយ​យ៉ាងខ្លាំង​ចំពោះ​អំពើបាប ហើយ​មាន​បំណង​ប្រែចិត្ត​ដោយ​អស់ពី​ចិត្ត ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា ៖ « កាល​ពី​សម័យ​បុរាណ នៅ​ពេល​មនុស្ស​ចង់​ថ្វាយបង្គំ​ព្រះ ហើយ​ស្វែងរក​ពរជ័យ​ពី​ទ្រង់ នោះ​ពួកគេ​តែងតែ​នាំ​យក​អំណោយ​មក​ថ្វាយ ។ ឧទាហរណ៍ នៅ​ពេល​ពួកគេ​ទៅ​ព្រះវិហារ​បរិសុទ្ធ នោះ​ពួកគេ​បាន​នាំ​យក​យញ្ញបូជា​ទៅ​តម្កល់​នៅ​លើ​អាសនា ។ បន្ទាប់​ពី​ការធ្វើ​ដង្វាយធួន និង ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​ពុំ​ទទួល​យក​ដង្វាយ​ដុត​ជា​សត្វ​ទៀត​ឡើយ ។ អំណោយ ឬ យញ្ញបូជា ដែល​ទ្រង់​នឹង​ទទួល​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ ‹ ចិត្តសង្រេង និង វិញ្ញាណទន់ទាប › ។ [ នីហ្វៃទី៣៩:២០ ] ។ នៅ​ពេល​អ្នក​ស្វែងរក​ពរជ័យ​ទាំងឡាយ​នៃ​ការប្រែចិត្ត​ជឿ នោះ​អ្នក​អាច​ថ្វាយ​ដល់​ព្រះអម្ចាស់​នូវ​អំណោយ​នៃ​ចិត្ត​សង្រេង ឬ ប្រែចិត្ត និង វិញ្ញាណ​ទន់ទាប ឬ ការគោរព​ប្រតិបត្តិ​របស់​អ្នក ។ ជាក់ស្ដែង វា​គឺ​ជា​អំណោយ​នៃ​ខ្លួន​អ្នក​ផ្ទាល់​តែ​ម្ដង —គឺ​ថា​អ្នក​ជា​នរណា ហើយ​អ្នក​នឹង​ក្លាយ​ជា​នរណា » ( «When Thou Art Converted,” EnsignLiahona,ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១២ ) ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​លក្ខណៈសម្បត្តិ​ទាំងនេះ​តម្រូវ​ឲ្យ​មាន​ពីមុន​បុគ្គល​ម្នាក់​ទទួល​បុណ្យជ្រមុជទឹក ។

ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧ សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ៖ នៅ​ពេល​យើង​ធ្វើ​ពិធីបុណ្យជ្រមុជទឹក យើង​ធ្វើ​សាក្សី ឬ បង្ហាញ​ថា  ។

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​កំពុង​ធ្វើ ក្នុង​ការរស់នៅ​ឲ្យ​ស្រប​ទៅ​តាម​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់​អ្នក ។

តើ​អ្នក​នឹង​ថ្លែង​យ៉ាង​ដូចម្ដេច ទៅ​កាន់​មិត្តម្នាក់​របស់​អ្នក​ដែល​មិនមែន​ជា​សមាជិក ប្រសិនបើ​ពួកគេ​សួរ​បន្ថែម​អំពី​សំណួរ​នេះ ៖ « តើ​មនុស្ស​ទទួល​បុណ្យជ្រមុជទឹក​ចូល​ទៅ​ក្នុង​សាសនាចក្រ​របស់​អ្នក​យ៉ាង​ដូចម្ដេច » ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧២–៧៤ រួច​គូសចំណាំ​ពី​របៀប​ធ្វើ​បុណ្យជ្រមុជទឹក ដែល​បាន​ពិពណ៌នា​ដោយ​ព្រះអម្ចាស់ ។ ចេញ​ពី​ខគម្ពីរ​ទាំងនេះ យើង​រៀន​ថា ពិធីបុណជ្រមុជទឹក​ត្រូវតែ​ធ្វើ​ឡើង​ដោយ​ការពន្លិច និង ត្រូវតែ​ធ្វើឡើង​ដោយ​បុគ្គល​មួយ​រូប ដែល​កាន់​សិទ្ធិអំណាច​ត្រឹមត្រូវ ( សូម​មើល​ផងដែរ នីហ្វៃទី៣ ១១:២១–២៧ ) ។

តើ​អ្នក​នឹង​ឆ្លើយ​ដូចម្ដេច ប្រសិនបើ​មិត្ត​របស់​អ្នក​សួរ​សំណួរ​ទីបី​ថា ៖ « តើ​មនុស្ស​ទាំង​អស់​តម្រូវ​ឲ្យ​ធ្វើ​អ្វី​ខ្លះ បន្ទាប់​ពី ពួកគេ​បាន​ធ្វើ​បុណ្យជ្រមុជទឹក ហើយ​បាន​ក្លាយ​ទៅ​ជា​សមាជិក​សាសនាចក្រ​របស់​អ្នក​ហើយ​នោះ » ?

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៦៨–៦៩ រួច​ស្វែងរក​ការរំពឹង​ទុក​របស់​ព្រះអម្ចាស់​ចំពោះ​យើង​ម្នាក់ៗ បន្ទាប់ពី​យើង​បាន​ទទួល​បុណ្យជ្រមុជទឹក ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ការរំពឹង​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៦៨ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​យើង​ថា សមាជិក​ថ្មី​ត្រូវ​បង្រៀន​ដោយ​ពួក​អែលឌើរ នៅ​បន្ទាប់​ពី​ពិធីបុណ្យជ្រមុជទឹក និង ពី​មុន​ទទួល​ពិធី​បញ្ជាក់ ។ នា​ពេល​បច្ចុប្បន្ន​នេះ ការអនុវត្ត​ការបង្រៀន​មេរៀន​អ្នក​ផ្សព្វផ្សាយសាសនា​ដល់​សាសនាគន់ការី មុន​ពេល​ពិធីបុណ្យជ្រមុជទឹក នាំ​ឲ្យ​មនុស្ស​ទាំង​អស់​ទទួលបាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ភ្លាម​បន្ទាប់​ពី​ពួកគេ​បាន​ទទួល​បុណ្យជ្រមុជទឹក​ហើយ ។

យើង​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៦៩ អំពី​របៀប​ដែល​យើង​អាច​សម្ដែង ឬ បង្ហាញ​ភាពសក្ដិសម​របស់​យើង​បន្ទាប់​ពី​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ហើយ ។ សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ដោយ​ប្រើ​ការដឹកនាំ​របស់​ព្រះអម្ចាស់​ចំពោះ​យើង​នៅ​ក្នុង​ខគម្ពីរ​នោះ ៖ បន្ទាប់​ពី​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក យើង​បង្ហាញ​ភាពសក្ដិសម​របស់​យើង​ដល់​ព្រះអម្ចាស់​តាមរយៈ  ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​មាន​សារៈសំខាន់ ដែល​អ្នក​ត្រូវ​មាន​ភាពសក្ដិសម​ជានិច្ច​បន្ទាប់​ពី​អ្នក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ហើយ ?

    2. តើ​អ្នកគិត​ថា​វា​មានន័យ​ដូចម្ដេច​ដើម្បី​សម្ដែង ឬ បង្ហាញ​ពី « ដំណើរ និង វាចា​ដ៏​សុចរិត » ?

  2. សូម​អាន​ផ្នែក នេះ​នៃ ដើម្បី​កម្លាំង​នៃ​យុវជនក្រោម​ចំណងជើង « ភាសា » ( [ ឆ្នាំ ២០១១ ] ទំព័រ ២០–២១ ) រួច​ស្វែងរក​របៀប​ដែល​យុវវ័យ​អាច​សម្ដែង « ដំណើរ និង វាចា​ដ៏​សុចរិត » បាន ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​បទពិសោធន៍​នៅ​ពេល​អ្នក​បាន​ឃើញ​មនុស្ស​ដទៃ​ប្រព្រឹត្ត​ការណ៍​ទាំងនោះ ។ តើ​អ្នក​គិត​ថា​ទង្វើ និង​អាកប្បកិរិយា​របស់​ពួកគេ មាន​ឥទ្ធិពល​ដល់​មនុស្ស​ជុំ​វិញ​ខ្លួន​ពួកគេ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​នឹង​សម្ដែង « ដំណើរ និង វាចា​ដ៏​សុចរិត » នៅ​ថ្ងៃ​ខាង​មុខ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥-៧៩

ព្រះអម្ចាស់ ប្រទាន​ការណែនាំ​ស្ដីអំពី​ការបម្រើ​ពិធី​សាក្រាម៉ង់

តើ​អ្នក​ធ្លាប់​មាន​មិត្ត​ភក្តិ ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ បាន​មក​ចូល​ការប្រជុំ​សាក្រាម៉ង់​ជាមួយ​អ្នក​ដែរ​ឬ​ទេ ? ប្រសិនបើ​មាន តើ​អ្នក​បាន​ពន្យល់​អំពី​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​យ៉ាង​ដូចម្ដេច ? ប្រសិនបើ​អ្នក​ពុំ​ដែល​មាន​ឱកាស​ធ្វើ​ដូច្នេះ​ទេ​នោះ តើ​អ្នក​នឹង​ថ្លែង​ដូចម្ដេច​ទៅ​កាន់​មិត្ត​អ្នក ដើម្បី​ជួយ​គាត់​ឲ្យ​យល់​អំពី​ពិធី​សាក្រាម៉ង់ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៥ រួច​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​សមាជិក​សាសនាចក្រ​ធ្វើ​ជា​ញឹកញាប់ ។

ព្រះអម្ចាស់​បាន​ពន្យល់​នៅ​ក្នុង​វិវរណៈ​ក្រោយៗ​មក​ទៀត​ថា « មិន​ជា​សំខាន់​ទេ​ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​បរិភោគ ឬ ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ផឹក នៅ​ពេល​អ្នក​រាល់​គ្នា​ទទួលទាន​សាក្រាម៉ង់ បើសិនជា​អ្នក​រាល់​គ្នា​ធ្វើ​ឡើង​ដោយ​ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​របស់​យើង—គឺ​ដោយ​ការចងចាំ​ដល់​ព្រះវរបិតា អំពី​ព្រះកាយ​របស់​យើង​ដែល​បាន​ដាក់​ចុះ​ដើម្បី​អ្នក និង អំពី​ព្រះលោហិត​របស់​យើង​ដែល​បាន​ច្រួច​ដើម្បី​ការផ្ដាច់បាប​ទាំងឡាយ​របស់​អ្នក » ( គ. និង ស. ២៧:២ ) ។ សព្វថ្ងៃ​នេះ យើង​ប្រើ​ទឹក​សម្រាប់​សាក្រាម៉ង់ « ដោយ​នូវ​ការចងចាំ​ដល់​ព្រះលោហិត​នៃ​[ ព្រះយេស៊ូវគ្រីស្ទ ] ដែល​បាន​ច្រួច​ជំនួស [ ពួកយើង ] » (គ. និង ស. ២០:៧៩ ) ជំនួស​ឲ្យ​ស្រាទំពាំងបាយជូរ​វិញ ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​យើង​ត្រូវ​បាន​ណែនាំ​ឲ្យ​ទទួលទាន​ពិធី​សាក្រាម៉ង់​ជាមួយគ្នា​ញឹកញាប់​ដូច្នេះ ? អែលឌើរ មេលវិន ជី បាឡាដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី​ពរជ័យ​ពិសេស​មួយ​ដែល​កើតឡើង​ពី​ការទទួលទាន​ពិធី​សាក្រាម៉ង់​ជា​រៀងរាល់​សប្ដាហ៍ ៖

រូបភាព
អែលឌើរ មែលវិន ជេ បាឡឺដ

« យើង​ចង់​ឲ្យ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​គ្រប់​រូប​មក​ឯ​តុ​សាក្រាម៉ង់​ដោយសារ​វា​គឺ​ជា​ទី​សម្រាប់​បង្រៀន​ខ្លួនឯង សង្កេត​មើល​ខ្លួនឯង ជា​ទី​ដែល​យើង​អាច​រៀន​កែតម្រូវ​ទិសដៅ​ខ្លួន ធ្វើ​ឲ្យ​ជីវិត​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ ដោយ​ធ្វើ​ឲ្យ​ចុះសម្រុង​នឹង​ការបង្រៀន​របស់​សាសនាចក្រ និង ពួកបងប្អូន​ប្រុស​ស្រី ។…

« …រឿង​មួយ​ដែល​នឹង​ផ្ដល់​សុវត្ថិភាព​ដល់​បុរស និង​ស្ត្រី​គ្រប់រូប នោះ​គឺជា​ការ​មាន​មុខ​នៅ​តុ​សាក្រាម៉ង់​ជា​រៀងរាល់​ថ្ងៃ​បរិសុទ្ធ ។ យើង​នឹង​មិន​នៅ​ឆ្ងាយ​ពី​ព្រះ​មួយ​សប្ដាហ៍—​គឺ​មិន​នៅ​ឆ្ងាយពេកឡើយ​បើ​មិន​តាមរយៈដំណើរ​ការ​នៃ​ការសង្កេត​មើល​ខ្លួន​ឯងទេ នោះយើង​ពុំ​អាចនឹង​កំហុស​ឆ្គង​នានា ដែល​យើង​បាន​ប្រព្រឹត្តឡើយ ។… ផ្លូវ​ទៅ​កាន់​តុ​សាក្រាម៉ង់ គឺ​ជា​ផ្លូវ​នៃ​សុខ​សុវត្ថិភាព​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ( នៅ​ក្នុង Bryant S. Hinckley, Sermons and Missionary Services of Melvin Joseph Ballard [ ឆ្នាំ ១៩៤៩ ] ទំព័រ ១៥០–៥១ ) ។

រូបភាព
ការទទួលទាន​សាក្រាម៉ង់

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ការទទួលទាន​សាក្រាម៉ង់​ជា​រៀង​រាល់​សប្ដាហ៍ អាច​ជា​ការការពារ​ដល់​អ្នក ។

  1. ដើម្បី​ស្វែងយល់​អំពី​មូលហេតុ ដែល​សាក្រាម៉ង់​គឺ​ជា​ផ្លូវ​នៃ​សុខសុវត្ថិភាព​សម្រាប់​អ្នក នោះ​សូម​សរសេរ​ចំណងជើង​ទាំង​ពីរ​ខាង​ក្រោម​នេះ​ដាក់​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ យើង​ធ្វើ​សាក្សី​ថា ៖

    នៅ​ពេល​យើង​ស្មោះត្រង់​ចំពោះ​ការសន្យា​ទាំងឡាយ ដែល​យើង​បាន​ធ្វើ​អំឡុង​ពេល​ពិធីសាក្រាម៉ង់ នោះ​ព្រះអម្ចាស់​ទ្រង់​សន្យា​ថា ៖

    សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧–៧៩ ដោយ​ស្វែងរក​ការណ៍​ដែល​យើង​ធ្វើ​សាក្សី ឬ សន្យា នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ។ សូម​សរសេរ​ការណ៍​ដែល​អ្នក​រកឃើញ​នៅ​ពី​ក្រោម​ចំណងជើង « នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់… » នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។ បន្ទាប់​មក សូម​អាន​ខគម្ពីរ​ទាំងនោះ​សាជាថ្មី ដោយ​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​សន្យា ។ សូម​សរសេរ​ការណ៍​ដែល​អ្នក​រកឃើញ​នៅ​ពី​ក្រោម​ចំណងជើង « នៅ​ពេល​យើង​ស្មោះត្រង់… » នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

សូម​រំឭក​អំពី​តម្រូវការ​នៃ​ពិធីបុណ្យជ្រមុជទឹក ដែល​អ្នក​បាន​រកឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧ ។ តើ​មាន​ភាពស្រដៀងគ្នា​ណា​ខ្លះ ដែល​អ្នក​ឃើញ​មាន​នៅ​ក្នុង​សេចក្ដី​សញ្ញា ដែល​អ្នក​បាន​ធ្វើ​កាល​ពី​ពិធីបុណ្យជ្រមុជទឹក និង​ការសន្យា​ដែល​អ្នក​បាន​ធ្វើ​អំឡុង​ពេល​ពិធីសាក្រាម៉ង់ ?

នៅ​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ នោះ​យើង​រំឭក​សេចក្ដីសញ្ញា ដែល​យើង​បាន​ធ្វើ កាល​យើង​បាន​ទទួល​បុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​អាច​បង្ហាញ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការលើក​ដាក់​មក​លើ​ខ្លួន​អ្នក​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​មាន​ការណ៍​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​អាច​ធ្វើ ដើម្បី​ចងចាំ​អំពី​ព្រះអង្គ​សង្គ្រោះ​ពេញ​មួយ​សប្ដាហ៍​បាន ? ( សូម​មើល​ផងដែរ ម៉ូសាយ ១៨:៨–១០) ។

    3. តើ​ការទទួលទាន​សាក្រាម៉ង់ ជួយ​អ្នក​សម្ដែង​នូវ « ដំណើរ និង វាចា​ដ៏​សុចរិត » យ៉ាង​ដូចម្ដេច ( គ. និង ស. ២០:៦៩ ) ?

សូម​អាន​សេចក្ដីថ្លែង​ដូចតទៅ​នេះ ស្ដីពី​ការរក្សា និង ការរំឭក​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក ៖ « អ្នក​ទទួលបាន​ពរជ័យ​ដ៏​អស្ចារ្យ នៅ​ពេល​អ្នក​រក្សា​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក ។ នៅ​ពេល​អ្នក​រំឭក​វា នោះ​ព្រះអម្ចាស់​រំឭក​ការសន្យា​ដែល​បាន​ធ្វើ​ដើម្បី​ផ្ដាច់បាប​របស់​អ្នក ។ បាន​ស្អាត​ពីអំពើបាប អ្នក​អាច ‹ មាន​ព្រះវិញ្ញាណ​របស់ទ្រង់​គង់នៅជាមួយ​នឹង [ អ្នក ] ជា​ដរាប › (គ និង ស ២០:៧៧)។ ការ​មានភាពជាដៃគូ​នៃព្រះវិញ្ញាណ​ដ៏ខ្ជាប់ខ្ជួន គឺ​ជា​អំណោយ​ដ៏ធំបំផុត​មួយ ដែលអ្នក​អាច​ទទួលបាន​ក្នុង​ជីវិត​រមែង​ស្លាប់។ ព្រះវិញ្ញាណ​នឹង​ដឹកនាំ​អ្នក​នៅ​លើ​មាគ៌ា​នៃ​សេចក្ដីសុចរិត និង​ភាព​សុខសាន្ដ ដែល​ដឹកនាំ​អ្នក​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​អ្នក និង​ព្រះយេស៊ូវគ្រីស្ទ » (ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៤៨) ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការយល់ដឹង​អំពី​ពរជ័យ​នៃ​ការមាន​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ លើកទឹកចិត្ត​យើង​ឲ្យ​គោរព​ដល់​សេចក្ដីសញ្ញា​ពិធី​បុណ្យជ្រមុជទឹក​យើង​យ៉ាង​ដូចម្ដេច ?

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា យើង​អាច​នឹង​រីករាយ​នឹង​ពរជ័យ​នៃ​ការបម្រើ​នៃ​ពួកទេវតា​បាន នៅ​ពេល​យើង​រំឭក​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់​យើង តាមរយៈ​ការទទួលទាន​សាក្រាម៉ង់​ដោយ​មាន​ភាពសក្ដិសម ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ជំហាន​សំខាន់ៗ​ដែល​ទាក់ទង​ទៅ​នឹង​ការផ្ដាច់បាប គឺ​ត្រូវបាន​ធ្វើ​ឡើង​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបរិសុទ្ធ​នៃ​ការរំឭក​ក្នុង​ពិធីសាក្រាម៉ង់ ។…

« …ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​អើរ៉ុន​ទាំងនេះ គឺ​សំខាន់​ផង​ដែរ​ចំពោះ​ការបម្រើ​នៃ​ពួកទេវតា ។

…សារលិខិត​របស់ទេវតា អាច​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​សម្លេង ឬ​ដោយ​គំនិត ឬ​អារម្មណ៍​ទំនាក់ទំនង​នៅក្នុង​ចិត្ត ។…

« … ទេវតា​ភាគ​ច្រើន​ទំនាក់ទំនង​តាម​រយៈ​អារម្មណ៍ ឬ បាន​ស្ដាប់​ឮ ជាជាង​ការបាន​ឃើញ ។

« ជាទូទៅ ពរជ័យ​នៃ​ការ​មានភាពជាដៃគូ និង​ទំនាក់ទំនង​ខាង​វិញ្ញាណ គឺ​មាន​តែ​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ស្អាតស្អំ​ប៉ុណ្ណោះ ។… តាមរយៈ​ពិធីបរិសុទ្ធ​បព្វជិតភាព​អើរ៉ុន​នៃ​ពិធីបុណ្យជ្រមុជទឹក និង ពិធីសាក្រាម៉ង់ នោះ​យើង​ត្រូវ​បាន​ស្អាតស្អំ​ពី​អំពើ​បាប​របស់​យើង ហើយ​បាន​សន្យា​ថា បើ​យើង​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​របស់​យើង នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​យើង​ជានិច្ច ។ ខ្ញុំ​ជឿ​ថា ការសន្យា​ពុំ​សំដៅ​តែ​ទៅ​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ប៉ុន្ដែ​ក៏​សំដៅ​ទៅ​លើ​ការ​បម្រើ​នៃ​ពួក​ទេវតា​ដែរ ដ្បិត ‹ ពួក​ទេវតា​និយាយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហេតុដូច្នោះ​ហើយ ពួក​ទេវតា​និយាយ​អំពី​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ › (នីហ្វៃទី​២ ៣២:៣  ) ។ ដូច្នេះ គឺ​អ្នក​ទាំងឡាយ​ដែល​កាន់​បព្វជិត​ភាព​អើរ៉ុន ដែល​បើក​ទ្វារ​សម្រាប់​សមាជិក​សាសនាចក្រ​ទាំងអស់ ដែល​ទទួល​ទាន​ពិធីសាក្រាម៉ង់​ដោយ​សក្ដិសម ដើម្បី​រីករាយ​នឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និងការ​បម្រើ​នៃ​ពួកទេវតា » ។ ( «The Aaronic Priesthood and the Sacrament » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣៨–៣៩ ) ។

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​នឹង​រៀបចំ​ខ្លួន​អ្នក​ផ្ទាល់ ដើម្បី​ទទួលទាន​សាក្រាម៉ាង់​ជា​រៀង​រាល់​សប្តាហ៍ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៨០-៨៤

កំណត់ត្រា​សមាជិកភាព​សាសនាចក្រ​គឺ​ត្រូវ​រក្សា​យ៉ាង​ត្រឹមត្រូវ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៨១-៨៤ មាន​នូវ​សេចក្ដី​ណែនាំ​ពី​ព្រះអម្ចាស់​ថា ពួក​អែលឌើរ​ក្នុង​សាសនាចក្រ​ជំនាន់​មុន ត្រូវ​កត់ត្រា​ឈ្មោះ​របស់​មនុស្ស​ដែល​បាន​ចូលរួម​ក្នុង​សាសនាចក្រ ។ ពួកគេ​ត្រូវបាន​ប្រាប់​ឲ្យ​នាំ​យក​បញ្ជី​ឈ្មោះ​ទាំងនេះ​ទៅ​សន្និសីទ​នានា ដើម្បី​ឲ្យ​បញ្ជី​ទាំងនោះ​ត្រូវបាន​រក្សា​ទុក​នៅ​ក្នុង​សៀវភៅ​មួយ ។ ឈ្មោះ​របស់​អ្នក​ទាំងឡាយ​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ ត្រូវ​បាន​ដក​ចេញ​ពី​សៀវភៅ​នោះ ។ បន្ថែម​ពីលើនោះ សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ផ្លាស់​ពី​ទីតាំងមួយ​ទៅ​ទីតាំង​មួយ​ទៀត គឺ​ត្រូវ​យក​វិញ្ញាបនបត្រ​នៃ​សមាជិកភាព​របស់​ពួកគេ​ទៅ​ជាមួយ ដើម្បី​ប្រគល់​ទៅ​ឲ្យ​អ្នកដឹកនាំ​បព្វជិតភាព​ថ្មី​របស់​ពួកគេ ។ នៅ​ជំនាន់​របស់​យើង ថ្នាក់​ដឹកនាំ​សាសនាចក្រ បន្ដ​រក្សា​កំណត់ត្រា​សមាជិក​ភាព​ត្រឹមត្រូវ ប៉ុន្តែ​វិធីសាស្ត្រ​នៃការ​ធ្វើ​វា គឺ​មានភាព​ងាយ​ស្រួល​ច្រើន ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧, ៦៨-៨៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖