ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ២៧


មេរៀន​ទី ៧ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ២៧

បុព្វកថា

អិមម៉ា ស៊្មីធ និង មនុស្ស ១២ នាក់​ទៀត រួមមាន នូវល ណៃត៍ និង សាលី ដែល​ជា​ភរិយា​គាត់ បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នៅ​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៨៣០ នៅ ខូលស្វិល រដ្ឋ នូវ យ៉ោក ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគាត់​ពុំ​បាន​ទទួល​ពិធីបញ្ជាក់​ភ្លាមៗ​នោះ​ទេ ព្រោះ​ពួក​មនុស្ស​កំណាច​ក្នុង​តំបន់​នោះ​បាន​មក​ឆាឆៅ​ពិធី​នោះ ហើយ​ព្យាការី យ៉ូសែប ស៊្មីធ ត្រូវគេ​ចាប់​ខ្លួន « អំពី​បទ​រំខាន​ដល់​អ្នក​ដទៃ ធ្វើ​ឲ្យ​ប្រទេស​មាន​ភាពចលាចល​ដោយ​ការប្រកាស​ពី​ព្រះគម្ពីរ​មរមន ជាដើម » ។ ( សូមមើលHistory of the Church,១:៨៦-៨៨ ) ។ យ៉ូសែប ត្រូវបាន​ដោះលែង​ពី​បទ​ល្មើស​ទាំងនោះ ប៉ុន្តែ ពួក​មនុស្ស​កំណាច​នៅ​តែ​បន្ត​រារាំង​លោក​មិន​ឲ្យ​ចូល​ទៅ ខូលស្វិល រហូត​ដល់​ខែ សីហា ឆ្នាំ ១៨៣០ ជា​ពេល​ដែល​នៅ​ទីបំផុត លោក​អាច​ធ្វើ​ពិធីបញ្ជាក់​ដល់​អ្នកប្រែចិត្តជឿ​ថ្មី​ជា​ច្រើន​នាក់ ។ ក្រោយមក យ៉ូសែប ស៊្មីធ បាន​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ​នៅ​ភូមិហាម៉ូនី រដ្ឋ​ផែនសីលវេញ៉ា ។

នៅ​ដើម​ខែ សីហា ឆ្នាំ ១៨៣០ នូវល ណៃត៍ និង ភរិយា​របស់​គាត់ បាន​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ យ៉ូសែប និង អិមម៉ា ស៊្មីធ ។ ដោយសារ សាលី ណៃត៍ និង អិមម៉ា ពុំ​ទាន់​បាន​ទទួល​ពិធីបញ្ជាក់​នៅ​ឡើយ នោះ​វា​ត្រូវបាន​សម្រេច​ថា ពួកគេ​អាច​ទទួល​បាន​ពិធីបញ្ជាក់ ហើយ​ថា​ពួកអ្នក​ដែល​បាន​ប្រជុំ​គ្នា​នឹង​ទទួលទាន​សាក្រាម៉ង់ ។ នៅ​តាម​ផ្លូវ​ដែល​លោក​ទៅ​រក​ស្រា​ទំពាំង​បាយជូរ​មក​ធ្វើ​ពិធីសាក្រាម៉ង់ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ជួប​នឹង​សារទូត​មក​ពី​ស្ថានសួគ៌​មួយ​អង្គ ហើយ​បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៧ ( សូម​មើល History of the Church, ១:១០៦ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១-៤

ព្រះអម្ចាស់​ប្រទាន​ការណែនាំ​អំពី​តំណាង​នៃ​ពិធីសាក្រាម៉ង់

តើ​អ្នក​នឹង​គិត​ដូចម្ដេច ប្រសិនបើ​អ្នក​ឃើញ​ដំឡូង​បារាំង​ដែល​បាន​ចិត​សំបក ត្រូវបាន​ប្រើប្រាស់​សម្រាប់​ពិធីសាក្រាម៉ង់ ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ធ្វើ​ទស្សនកិច្ច​ភ្លាមៗ​នៅ​អឺរ៉ុប ដែល​បាន​រង​ការ​ខ្ទេចខ្ទាំ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី ២ ។ នៅ​គ្រា​នោះ ពុំ​សូវ​មាន​អាហារ​សម្រាប់​បរិភោគ​ឡើយ ហើយ​មនុស្ស​ជាច្រើន​បាន​តស៊ូ​គ្រាន់​តែ​ឲ្យ​បាន​រស់រាន​មាន​ជីវិត​ប៉ុណ្ណោះ ។ កង្វះ​អាហារ​បាន​ធ្វើ​ឲ្យ​សមាជិក​សាសនាចក្រ​ចាំបាច់​ត្រូវ​ជំនួស​របស់ ដែល​គេ​ប្រើប្រាស់​ជា​ផ្នែក​នៃ​ពិធីសាក្រាម៉ង់ ។ ប្រធាន ប៊ែនសឹន នៅ​ចាំ​ថា ៖ « ខ្ញុំ​នៅ​តែ​ចាំ​អំពី​ពួក​បរិសុទ្ធ​ជនជាតិ​បារាំង ដែល​ពុំ​អាច​រក​នំប៉័ង​បាន ហើយ​បាន​ប្រើប្រាស់​ដំឡូង​បារាំង​ដែល​ចិត​សំបក​មក​ធ្វើ​ជា​តំណាង​នៃ​ពិធីសាក្រាម៉ង់ » ( Prepare for the Days of Tribulation Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨០ ៣៣–៣៤ )

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:១–២ រួច​ស្វែងរក​អ្វី​ដែល​ទេវតា បាន​មាន​បន្ទូល​ប្រាប់ យ៉ូសែប ស៊្មីធ អំពី​តំណាង​នៃ​ពិធីសាក្រាម៉ង់ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​អាច​ទទួលយក​បាន​នៅ​ក្នុង​កាលៈទេសៈ​នោះ ដែល​ពួកបរិសុទ្ធ​ជនជាតិ​បារាំង បាន​ប្រើប្រាស់​អ្វី​មួយ​ផ្សេងទៀត​ក្រៅ​ពី​នំប៉័ង មក​ធ្វើ​ជា​តំណាង​ពិធីសាក្រាម៉ង់ ?

    2. យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:២ តើ​អ្វី​ដែល​យើង​គួរតែ​ផ្ដោតអារម្មណ៍​ទៅ​លើ នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ?

សូម​បញ្ចប់​គោលការណ៍​តទៅនេះ ដោយ​បំពេញ​នៅ​ក្នុង​ចន្លោះ ៖ នៅ​ពេល​យើង​ទទួលទាន យើង​ត្រូវ អំពី​ពលិកម្មធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ការទទួលទាន​សាក្រាម៉ង់ « ដោយ​ភ្នែក​ស្មោះត្រង់​ទាំងស្រុង ចំពោះ​សិរីល្អ [ របស់​ព្រះ ] » មាន​ន័យ​ដូចម្ដេច ?

    2. តើ​អ្នក​អាច​ចងចាំ​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​បាន​កាន់តែ​ពេញលេញ នៅ​ពេល​អ្នក​ទទួលទាន​សាក្រាម៉ង់ តាម​របៀប​ណា ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:៣–៤ ព្រះអម្ចាស់​បាន​ព្រមាន យ៉ូសែប ស៊្មីធ មិន​ឲ្យ​ប្រើប្រាស់​ស្រា​ទំពាំង​បាយជូរ ឬ ភេសជ្ជៈ​ដែល​មាន​ជាតិ​សុរា ( ភេសជ្ជៈ​ដែល​មាន​សារជាតិ​ស្រវឹង ) សម្រាប់​ពិធីសាក្រាម៉ង់ ដែល​ទិញ​ពី​ខ្មាំងសត្រូវ​របស់​ពួកគេ​ឡើយ ។ មាន​តែ​ស្រាទំពាំងបាយជូរ​ដែល​បាន​ផលិត​ឡើង​ដោយ​ពួកបរិសុទ្ធ​ប៉ុណ្ណោះ ទើប​អាច​ប្រើប្រាស់​បាន ( គ្រា​នោះ​បាន​កើតឡើង​នៅ​ជាង​ពីរ​ឆ្នាំ​មុន​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ដែល​មាន​នៅ​ក្នុង [ គ. និង ស. ៨៩ ] ត្រូវបាន​បើកសម្ដែង ) ។ សព្វ​ថ្ងៃ​នេះ ទឹក​ត្រូវបាន​ប្រើប្រាស់​ក្នុង​ពិធីសាក្រាម៉ង់​ជំនួស​ឲ្យ​ស្រាទំពាំងបាយជូរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:៥-១៤

ព្រះអម្ចាស់​នឹង​ទទួលទាន​សាក្រាម៉ង់​ម្ដងទៀត​នៅ​លើ​ផែនដី

សូម​ពិចារណា​អំពី​របៀប​ដែល​បទពិសោធន៍​របស់​អ្នក​នៃ​ការទទួលទាន​សាក្រាម៉ង់ អាច​នឹង​មាន​លក្ខណៈ​ខុសគ្នា ប្រសិនបើ​អ្នក​ធ្វើ​ដូច្នេះ​នៅ​ក្នុង​វត្តមាន​របស់​ព្រះអង្គសង្គ្រោះ ។

នៅ​ពេល​ព្រះអង្គ​សង្គ្រោះ បាន​ណែនាំ​អំពី​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​ទៅ​កាន់​ពួកសាវក​ទ្រង់​នៅ​អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ ទ្រង់​បាន​ព្យាករ​អំពី​គ្រា​មួយ ដែល​ទ្រង់​នឹង​យាង​ត្រឡប់​មក​លើ​ផែនដី​វិញ ហើយ​ទទួលទាន​សាក្រាម៉ង់​ជាមួយ​នឹង​ពួកសិស្ស​ទ្រង់​ម្ដង​ទៀត ( សូម​មើល ម៉ាថាយ ២៦:២៦–២៩ ) ។

ពេញ​មួយ​ប្រវត្តិសាស្ត្រ ព្រះអម្ចាស់​បាន​ប្រទាន​សិទ្ធិអំណាច​បព្វជិតភាព​ទៅ​ដល់​បុរស​សុចរិត ដើម្បី​បម្រើ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ ទ្រង់​ក៏​បាន​ប្រទាន​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​ទៅ​ដល់​ថ្នាក់ដឹកនាំ​បព្វជិតភាព ដើម្បី​ពួកលោក​អាច​ដឹកនាំ ត្រួតត្រា និង និង​គ្រប់គ្រង​លើ​ការប្រើប្រាស់​បព្វជិតភាព​របស់​ទ្រង់​នៅ​លើ​ផែនដី ។

  1. នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:៥–១២ យើង​រៀន​អំពី​មនុស្ស​មួយ​ចំនួន ដែល​នឹង​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​នេះ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន​ខគម្ពីរ​ទាំងនេះ រួច​បង្កើត​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​បុគ្គល​ទាំងឡាយ ដែល​នឹង​ចូលរួម​ការប្រជុំ​នេះ និង កូនសោ ឬ ការទទួលខុសត្រូវ​អ្វី​ដែល​ពួកគេ​មាន ប្រសិនបើ​មាន​លើក​ឡើង ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១៣ រួច​ស្វែងរក​កូនសោ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ទៅ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា « ការកាន់កាប់ត្រួតត្រា​នៃ​ដំណឹងល្អ​សម្រាប់​ពេល​ចុងក្រោយ​បង្អស់ និង សម្រាប់​កំណត់កាល​ដ៏​ពោរពេញ » ។ យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​ថា ការកាន់កាប់ត្រួតត្រា​នៃ​កំណត់កាល​ដ៏​ពោរពេញ​នាំ​មក​ជាមួយ​នូវ​កូនសោ​ទាំងអស់​នៃ​ដំណឹងល្អ ពិធីបរិសុទ្ធ និង សេចក្ដីពិត​នៃ​គ្រាកាន់កាប់ត្រួតត្រា​ដែល​បាន​កន្លង​ហួស​ទៅ ។

គ្រា​កាន់កាប់ត្រួតត្រា​គឺ​ជា​អំឡុង​ពេល​ដែល​ព្រះអម្ចាស់​បើក​សម្តែង​នូវ​គោលលទ្ធិ ពិធីបរិសុទ្ធ និង បព្វជិតភាព​របស់​ទ្រង់ ។ វា​គឺ​ជា​អំឡុង​ពេល​មួយ « ដែល​យ៉ាង​ហោច​ណាស់ ព្រះ​អម្ចាស់​មាន​អ្នក​បម្រើ​ដែល​មាន​សិទ្ធិអំណាច​ម្នាក់​នៅ​លើ​ផែនដី ដែល​កាន់​បព្វជិតភាព​ដ៏​បរិសុទ្ធ និង កូនសោ​ទាំងឡាយ និង ជា​អ្នក​ដែល​មាន​ការចាត់តាំង​ដ៏​ទេវភាព​ដើម្បី​ចែកចាយ​ដំណឹងល្អ​ទៅ​ដល់​ប្រជាជាតិ​នានា​នៅ​លើ​ផែនដី ។ នៅ​ពេល​ការណ៍​នេះ​កើតឡើង ដំណឹងល្អ​ត្រូវបាន​បើកសម្ដែង​សាជាថ្មី ដើម្បី​កុំ​ឲ្យ​មនុស្ស​ដែល​រស់នៅ​ក្នុង​គ្រាកាន់កាប់ត្រួតត្រា​នោះ ពឹងផ្អែក​ជាទូទៅ​លើ​ចំណេះដឹង​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ក្នុង​គ្រាកាន់កាប់ត្រួតត្រា​ដែល​បាន​កន្លង​ហួស​ទៅ​ហើយ » ( Bible Dictionary, “Dispensations” ) ។

គ្រាកាន់កាប់ត្រួតត្រា​របស់​យើង គឺជា​គ្រា​កាន់កាប់ត្រួតត្រា​ចុងក្រោយ​បង្អស់ ។ ជាញឹកញាប់​វា​ត្រូវបាន​ហៅ​ថា « ការកាន់កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់ » ដោយសារតែ​កូនសោ​ទាំងអស់​នៃ​បព្វជិតភាព ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង​សម្រាប់​ជា​ពរជ័យ​នៃ​កូនចៅ​របស់​ទ្រង់ ដែល​បាន​ស្ដារឡើងវិញ ( សូម​មើល អេភេសូ ១:១០ ) ។ ព្យាការី យ៉ូសែប ស៊្មីធ គឺជា​អ្នក​នាំ​មុខ អ្នកដឹកនាំ ក្នុង​គ្រាកាន់កាប់ត្រួតត្រា​នៃ​ដំណឹងល្អ​នេះ​ដូចជា អ័ដាម អេណុក ណូអេ និង ម៉ូសេ ដែល​ជា​អ្នក​នាំ​មុខ​គ្រាកាន់កាប់ត្រួតត្រា​នៃ​ដំណឹងល្អ​កាល​ពី​ជំនាន់​មុនៗ ។

សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:១៤ រួច​ស្វែងរក​ថា​តើ​មាន​នរណា​ទៀត ដែល​នឹង​មាន​វត្តមាន​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់​ជាមួយ​ព្រះអង្គសង្គ្រោះ ។

តើ​អ្នក​គិត​ថា « អស់​អ្នក​ណា​ដែល​ព្រះវរបិតា​របស់​យើង​បាន​ប្រទាន​ដល់​យើង​ចេញ​ពី​លោកិយ​ផង » នោះ ព្រះអង្គ​សង្គ្រោះ​ទ្រង់​សំដៅ​ទៅ​លើ​នរណា ?

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​ថ្លែង​ថា ៖ « គ្រប់​មនុស្ស​ស្មោះត្រង់​ទាំងអស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ទាំងមូល គ្រប់​មនុស្ស​ទាំងអស់​ដែល​បាន​រស់នៅ​ដោយ​ស្មោះត្រង់​ដូចនេះ​ក្នុង​គោលបំណង​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​ព្រះវរបិតា​នោះ នឹង​មាន​វត្តមាន ហើយ​នឹង​ទទួលទាន​សាក្រាម៉ង់​ជាមួយ​ព្រះអម្ចាស់ » (The Promised Messiah: The First Coming of Christ [ ឆ្នាំ ១៩៧៨ ] ទំព័រ ៥៩៥ ) ។

  1. សូម​សរសេរ​ឈ្មោះ​របស់​អ្នក​នៅ​ក្រោម​បញ្ជី​ឈ្មោះ​នៃ​អស់​អ្នក​ទាំងឡាយ​ណា ដែល​ត្រូវបាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ដូច​តទៅនេះ ៖ តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច នៅ​ពេល​ដឹង​ថា អ្នក​អាច​មាន​វត្តមាន​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់​ជាមួយ​ព្រះអម្ចាស់ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥-១៨

ព្រះអម្ចាស់​ត្រាស់​បញ្ជា​រាស្ត្រ​របស់​ទ្រង់​ឲ្យ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ

គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:១៥–១៨ មាន​នូវ​ឱវាទ ដែល​នឹង​ជួយ​យើង​ឲ្យ​មាន​ភាពសក្ដិសម​ដើម្បី​ទទួលបាន​ពរជ័យ​ពី​ព្រះអម្ចាស់ រួមមាន​ពរជ័យ​នៃ​ការចូលរួម​ការប្រជុំ​សាក្រាម៉ង់ ដែល​បាន​លើកឡើង​នៅ​ក្នុង ខទី ៤–១៤ ។

តើ​អ្នក​នឹង​ចង់​បំពាក់​ទៅ​ដោយ​សំលៀកបំពាក់​ដូចម្ដេច ប្រសិនបើ​អ្នក​ដឹង​ថា​អ្នក​នឹង​ចេញ​ទៅ​ច្បាំង ?

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:១៥ រួច​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ​ដល់​យើង ឲ្យ​ត្រៀមខ្លួន​សម្រាប់​ចម្បាំង​ខាង​វិញ្ញាណ​របស់​យើង​យ៉ាង​ដូចម្ដេច ?

    2. ព្រះអម្ចាស់​បាន​សន្យា​ថា បើ​យើង​បំពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ​មក​លើ​ខ្លួន​យើង នោះ​យើង​នឹង​អាច​តតាំង​នឹង​ថ្ងៃ​អាក្រក់​បាន ។ តើ​អ្នក​គិត​ថា « ថ្ងៃ​អាក្រក់ » សំដៅ​ទៅ​លើ​អ្វី ? តើ​អ្នក​គិត​ថា « ការឈរ » នៅ​ពេល​នោះ​មាន​ន័យ​ដូចម្ដេច ?

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:១៥–១៨ រួច​សរសេរ​ឈ្មោះ​នៅ​លើ​ចំណែក​នៃ​គ្រឿងសឹក​នីមួយៗ នៅ​ក្នុង​ដ្យាក្រាម​ដែល​មាន​មក​ជាមួយ​ដោយ​ពាក្យ ឬ ឃ្លា​ចេញ​ពី​ខគម្ពីរ​ទាំងនោះ ។

រូបភាព
គ្រឿង​សឹក​នៃ​ព្រះ
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ពាក់ គ្រប់ គ្រឿង​សឹក​នៃ​ព្រះ ?

    2. តើ​លក្ខណៈ​នានា ដែល​ទាក់ទង​នឹង​ចំណែក​នីមួយៗ​នៃ​គ្រឿងសឹក អាច​ការពារ​យើង​ទាស់​នឹង​ការល្បួង និង សេចក្ដីអាក្រក់​បាន​យ៉ាងដូចម្ដេច ?

    3. តើ​អ្នក​ធ្លាប់​ទទួលបាន​អារម្មណ៍​នៃ​ការការពារ​នៅ​ក្នុង​ជីវិត​អ្នក នៅ​ពេល​អ្នក​ព្យាយាម​ពាក់​គ្រឿងសឹក​នៃ​ព្រះ​តាម​របៀប​ណា ?

សូម​ពិចារណា​អំពី​ការណ៍​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ពាក់​គ្រប់​គ្រឿង​សឹក​នៃ​ព្រះ​បាន​យ៉ាង​ពេញលេញ ដោយ​គិត​អំពី​ថា​តើ មាន​ចំណុច​ណា​ខ្លះ​ទៀត​នៅ​ក្នុង​ជីវិត​អ្នក​ដែល​ត្រូវការ​ពង្រឹង ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖