ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣-៣៤


មេរៀន​ទី ៨ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៣-៣៤

បុព្វកថា

ក្នុង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣ ព្រះអម្ចាស់​បាន​ត្រាស់​ហៅ អែសរ៉ា ធេយ័រ និង ណូរត្រុព ស្វីត ឲ្យ​ផ្សាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអម្ចាស់​ក៏​បាន​ប្រទាន​ការណែនាំ​ដល់​បុរស​ទាំង​នេះ អំពី​ការបង្រៀន​ដំណឹងល្អ​ផងដែរ ។ ដូច​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤ ព្រះអម្ចាស់​បាន​ទុក​ព្រះទ័យ​លើ អួរសុន ប្រាត្ត ចំពោះ​សេចក្ដីជំនឿ​របស់​គាត់ ហើយ​ក៏​បាន​ត្រាស់​បញ្ជា​ឲ្យ​គាត់​ទៅ​ផ្សាយ​ដំណឹងល្អ​ផងដែរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១-៦

ព្រះអម្ចាស់​ត្រាស់​ហៅ អែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ឲ្យ​ប្រកាស​ដំណឹងល្អ​ទ្រង់

ព្រះ​ទ្រង់​ទាក់ទង​មក​កាន់​កូនចៅ​ទ្រង់​តាម​របៀប​ជា​ច្រើន ។ តើ​មាន​ឧទាហរណ៍​ណា​មួយ អំពី​របៀប​ដែល​ទ្រង់​ទាក់ទង​មក​កាន់​អ្នក និង ទៅ​កាន់​មនុស្ស​ដែល​អ្នក​ស្គាល់ ?

របៀប​មួយ ដែល​ព្រះអម្ចាស់​អាច​នឹង​ទាក់ទង​មក​កាន់​យើង​គឺ តាមរយៈ​សុបិន និង ការនិមិត្ត ។ សូម​អាន​ដំណើររឿង​នៃ​ការនិមិត្ត​ខាង​ក្រោម​នេះ ដែល​បាន​ដក​ពិសោធន៍​ដោយ អែសរ៉ា ធេយ័រ ។ សូម​ពិចារណា ថា​តើ​ការនិមិត្ត​របស់​គាត់ ទាក់ទង​ដូចម្ដេច​ទៅ​នឹង​រមូរ​ក្រដាស ត្រចៀក និង ត្រែ ។ សូម​គិត​ផងដែរ​អំពី​អត្ថន័យ​នៃ​ការនិមិត្ត​នេះ ។

« មាន​បុរស​ម្នាក់​បាន​មក​ជួប​ខ្ញុំ ថែមទាំង​បាន​នាំ​យក​រមូរ​ក្រដាស​មួយ​ដុំ ហើយ​បាន​បង្ហាញ​វា​មក​ឲ្យ​ខ្ញុំ ក៏​មាន​ត្រែ​មួយ ហើយ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ផ្លុំ​ត្រែ​នោះ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ដែល​ចេះ​ផ្លុំ​ឧបករណ៍​អ្វី​ឡើយ​ក្នុង​មួយ​ជីវិត​ខ្ញុំ​នេះ ។ គាត់​បាន​ពោល​ថា លោក​អាច​ផ្លុំ​វា​បាន សូម​សាកល្បង​ម្ដង​ចុះ ។ ខ្ញុំ​បាន​ដាក់​វា​នៅ​ក្នុង​មាត់​របស់​ខ្ញុំ ហើយ​បាន​ផ្លុំ​វា ហើយ​បាន​បញ្ចេញ​សូរ​សំឡេង​ដ៏​ពិរោះ ដែល​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ឮ​ពី​មុន​មក » ( “Testimony of Brother E. Thayre,” The True Latter Day Saints’ Herald ខែ តុលា ឆ្នាំ ១៨៦២ ទំព័រ ៨២ ) ។

អែសរ៉ា ធេយ័រ បាន​រស់នៅ​ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋ​នូវយ៉ោក ហើយ​បាន​ស្គាល់​ក្រុមគ្រួសារ​ស្ម៊ីធ តាមរយៈ​ការងារ ដែល​គាត់​បាន​ធ្វើ​ឲ្យ​លោក​ជា​ច្រើន​ដង ។ ក្នុង​ខែ តុលា ឆ្នាំ ១៨៣០ អ៊ែសរ៉ា ធេយ័ររ និង​អ្នក​រស់នៅ​ភូមិ​ប៉ាល់ម៉ៃរ៉ា ម្នាក់​ទៀត​ឈ្មោះ ណូរត្រុព ស្វ៊ីត បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ ។ មិន​យូរប៉ុន្មាន​បន្ទាប់ពី អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក នោះ​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ​មួយ​ដែល​ថ្លែង​ទៅ​កាន់​បុរស​ទាំង​ពីរ​រូប​នេះ ដែល​ឥឡូវ​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣ ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក អែសរ៉ា បាន​ពន្យល់​ថា « រមូរ​ក្រដាស​នោះ គឺ​ជា​វិវរណៈ​ចំពោះ​ខ្ញុំ និង ណូរត្រុព ស្វ៊ីត » ( “Testimony of Brother E. Thayre,” ទំព័រ ៨២ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:១–២ រួច​ស្វែងរក​ពាក្យ និង ឃ្លា ដែល​ទាក់ទង​នឹង​រមូរ​ក្រដាស ត្រចៀក និង ត្រែ ។

សូម​ពិចារណា​ថា​តើ​វា​មាន​ន័យ​ដូចម្ដេច​ដើម្បី « បើក…​ត្រចៀក ហើយ​ស្ដាប់​តាម​សំឡេង​នៃ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ចុះ » ( គ. និង ស. ៣៣:១ ) ។ សូម​ពិចារណា​អំពី​របៀប ដែល​អ្នក​អាច​បង្ហាញ​ដល់​ព្រះអម្ចាស់​ថា ត្រចៀក​របស់​អ្នក​ត្រូវ​បើក ដើម្បី​ស្ដាប់​តាម​សំឡេង​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច ដើម្បី​ប្រកាស​ដំណឹងល្អ « ហាក់​ដូចជា​ដោយ​សំឡេង​ត្រែ » ? ( គ. និង ស. ៣៣:២ ) ?

    2. នៅ​ក្នុង​ការនិមិត្ត​របស់ អែសរ៉ា ធេយ័រ កាល​គាត់​បាន​ផ្លុំ​ត្រែ​នោះ វា​បាន​បញ្ចេញ​សូរសំឡេង​ពិរោះ ដែល​គាត់​មិន​ដែល​ធ្លាប់​បាន​ឮ​ពី​មុន​មក ។ ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:២ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​សំឡេង​ត្រែ​នោះ​ពិរោះ ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:៣ ព្រះអម្ចាស់​បាន​ប្រើ​និមិត្តរូប​បន្ថែម ដើម្បី​បង្រៀន អែសរ៉ា និង ណូរត្រុព អំពី​ការហៅ​របស់​ពួកគាត់ ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​អាន​ខគម្ពីរ​នេះ រួច​គិត​អំពី​និមិត្តរូប​ដែល​វា​មាន ។ នៅ​ក្នុង​លំហាត់​ខាងក្រោម​នេះ សូម​គូស​បន្ទាត់​ផ្គូផ្គង​និមិត្តរូប​នីមួយៗ​ទៅ​នឹង​អត្ថន័យ​របស់​វា ។

និមិត្តរូប

អត្ថន័យ

ស្រែ ឬ ចម្ការ​ទំពាំងបាយជូរ

សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​បម្រើ​ក្នុង​ការស្ថាបនា​នគរ​ព្រះ​លើ​ផែនដី

អ្នក​ធ្វើការ

លោកិយ

ម៉ោង​ទី​ដប់មួយ

គ្រា​កាន់កាប់ត្រួតត្រា​ចុង​ក្រោយ​នៃ​ដំណឹងល្អ និង គ្រា​ចុង​ក្រោយ ដែល​ព្រះអម្ចាស់​នឹង​រៀបចំ​នគរ​របស់​ទ្រង់​ឡើង​នៅ​លើ​ផែនដី មុន​ពេល​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ ( សូម​មើល Bible Dictionary, “Dispensations” )

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:៤ ដោយ​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់ បាន​ពិពណ៌នា​អំពី​ស្ថានភាព​នៃ​លោកិយ​ក្នុង​ឆ្នាំ ១៨៣០ ។ តើ​អ្នក​ឃើញ​មាន​ឧបសគ្គ​អ្វី​ខ្លះ នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​ព្រះអម្ចាស់​នា​ពេល​បច្ចុប្បន្ន​នេះ ?

សូម​ពិចារណា​អំពី​ការណ៍ ដែល​ព្រះអម្ចាស់​បាន​ធ្វើ ឬ កំពុង​តែ​ធ្វើ ដើម្បី​ជួយ​អ្នក​ឲ្យ​រស់នៅ​ក្នុង​លោកិយ​ពុក​រលួយ​នេះ​បាន ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:៥-៦ ។ តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​យើង ?

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូប​មួយ ដែល​បង្ហាញ​អំពី​របៀប​មួយ ដែល​ព្រះ​បាន​ជួយ​រាស្ត្រ​ទ្រង់​ចៀស​ឲ្យ​ឆ្ងាយ​ពី​ភាព​ពុក​រលួយ​នៃ​លោកិយ​នេះ ។

អ្នក​អាច​នឹង​ចង់​គូសចំណាំ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:៥–៦ ដែល​បង្រៀន​សេចក្ដីពិត​តទៅនេះ ៖ ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង ហើយ​កំពុង​ប្រមូល​អ្នក​ដែល​ទ្រង់​បាន​រើសតាំង​នៅ​ថ្ងៃ​ចុងក្រោយ ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់តែ​យល់​ច្បាស់​អំពី​សេចក្ដីពិត​នេះ និង សារៈសំខាន់​របស់​វា សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:៦ តើ​នរណា​គឺ​ជា​អ្នក​ដែល​ទ្រង់​បាន​រើស​តាំង ?

    2. នៅ​ពេល​ពិចារណា​អំពី​ភាពពុករលួយ​នៃ​លោកិយ ហេតុអ្វី​បាន​ជា​វា​សំខាន់ ដើម្បី​ប្រមូល​ផ្ដុំ​ពួក​រើសតាំង​របស់​ព្រះអម្ចាស់ ?

    3. តើ​សាសនាចក្រ បាន​ជួយ​អ្នក​ឲ្យ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ភាពពុករលួយ​នៃ​លោកិយ​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៧-១៨

ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ដល់ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត សម្រាប់​ការបង្រៀន​ដំណឹងល្អ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:៧–១០ ដើម្បី​រៀន​អំពី​ការណ៍ ដែល​ព្រះអម្ចាស់​បាន​បង្រៀន អែសរ៉ា ធេយ័រ និង ណូរត្រុព ស្វីត ថា​ពួក​គាត់​ត្រូវ​ធ្វើ​ដោយ​ប្រើ​មាត់​របស់​ពួកគាត់ ។ នៅ​ក្បែរ​រូបភាព​ខាងក្រោម​នេះ សូម​សរសេរ​គោលការណ៍​មួយ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​ស្វែងយល់​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ។ គោលការណ៍​នេះ​អាច​ចាប់ផ្ដើម​ដោយ​ថា ៖ បើ​យើង​បើក​មាត់​របស់​យើង​ប្រកាស​ដំណឹងល្អ នោះ​ព្រះអម្ចាស់​នឹង…

រូបភាព
យុវវ័យ​បី​នាក់​កំពុង​ជជែក​គ្នា
  1. សូម​គិត​អំពី​ពេល​មួយ ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ថា គួរតែ​បាន​ថ្លែង​ចេញ​មក​នូវ​ដំណឹងល្អ ប៉ុន្តែ អ្នក​មិន​បាន​ធ្វើ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​មាន​ស្ថានភាព​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​អាច​នឹង​ស្ទាក់ស្ទើរ ក្នុង​ការបើក​មាត់​របស់​អ្នក​ប្រាប់​អំពី​ដំណឹងល្អ ?

    2. តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​ធ្លាប់​បាន​ចែកចាយ​ដំណឹងល្អ ហើយ​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ត្រូវ​និយាយ ? ឬ តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​បាន​ឃើញ​មនុស្ស​ដទៃ ចែកចាយ​ដំណឹងល្អ ហើយ​ទទួល​អារម្មណ៍​ថា ពួកគេ​ត្រូវ​បាន​បំផុសគំនិត​នៅ​ក្នុង​អ្វី​ដែល​ពួកគេ​បាន​ថ្លែង​នោះ ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:១០-១៥ មាន​នូវ​ការណែនាំ​ពី​ព្រះអម្ចាស់​ទៅ​ដល់ អ៊ែសរ៉ា និង ណូរត្រុព ឲ្យ​ផ្សាយ​គោលការណ៍ និង​ពិធីបរិសុទ្ធ​ដំបូងៗ​ទាំងឡាយ​នៃ​ដំណឹងល្អ ( សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធី​បុណ្យជ្រមុជទឹក និង អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:១៦–១៨ ដើម្បី​រៀន​អំពី​ឱវាទ​បន្ថែម ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ អ៊ែសរ៉ា និង ណូរត្រុព ដែល​នឹង​ជួយ​ពួកគាត់​ឲ្យ​ដឹង​នូវ​អ្វី ដែល​ត្រូវ​និយាយ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។ ឱវាទ​ដែល​មាន​នៅ​ក្នុង ខទី ១៧ ការ​មាន « ចង្កៀង​បង្កាត់ ហើយ​ឆេះ ហើយ​មាន​ប្រេង​នៅ​ជាមួយ​អ្នក​ផង » មាន​ន័យ​ថា ត្រៀម​ខ្លួន​ជា​ស្រេច​ខាង​វិញ្ញាណ និង រួចរាល់​គ្រប់​ពេល​វេលា​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ចំណុច​មួយ​នៃ​ឱវាទ​ដែល​បាន​ប្រទាន​ឲ្យ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:១៦–១៨ រួច​ពន្យល់​អំពី​របៀប ដែល​វា​អាច​ជួយ​អ្នក​ឲ្យ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​បើក​មាត់​អ្នក ហើយ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ​នៅ​គ្រប់​ពេល​វេលា​ទាំងអស់ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៤

ព្រះអម្ចាស់​ទុក​ព្រះទ័យ​លើ អួរសុន ប្រាត្ត ចំពោះ​សេចក្ដីជំនឿ​របស់​គាត់ ហើយ​បាន​ត្រាស់​ហៅ​ឲ្យ​គាត់​ផ្សាយ​ដំណឹងល្អ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤ ផ្ដល់​នូវ​ឧទាហរណ៍​មួយ​អំពី​មនុស្ស​ម្នាក់ ដែល​ត្រូវ​បាន​ប្រទាន​ពរ នៅ​ពេល​មាន​មនុស្ស​ម្នាក់​ទៀត បាន​បើក​មាត់​របស់​គាត់​ចែកចាយ​ដំណឹងល្អ ។ សូម​អាន​សេចក្ដីណែនាំ​អំពី​កណ្ឌ​នៃ​វិវរណៈ​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ដើម្បី​ស្វែងយល់​អំពី​មនុស្ស ដែល​បាន​បើក​មាត់​របស់​គាត់ ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ អួរសុន ប្រាត្ត ។

អួរសុន ប្រាត្ត បាន​មាន​អាយុ ១៩ ឆ្នាំ កាល​គាត់​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ដោយ​បងប្រុស​របស់​គាត់​គឺ ប៉ាលី ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤:១ រួច​កត់ចំណាំ​អំពី​របៀប ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់ អួរសុន ។

ឥឡូវ​នេះ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤:២-៣ ដោយ​ស្វែងរក​មូលហេតុ ដែល​ព្រះអម្ចាស់​ហៅ អួរសុន ថា​ជា​បុត្រ​របស់​ទ្រង់ ។

អ្នក​អាច​នឹង​បាន​កត់ចំណាំ​នៅ​ក្នុង ខទី ៣ ថា អ្នក​ទាំង​អស់​ណា ដែល​ជឿ​លើ ព្រះយេស៊ូវគ្រីស្ទ ក្លាយ​ទៅ​ជា​បុត្រា​របស់​ទ្រង់ ។ នេះ​គឺ​ជា​និមិត្តរូប​នៃ​ជីវិត​ថ្មី ដែល​យើង​ទទួលបាន នៅ​ពេល​យើង​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះអង្គសង្គ្រោះ ។ យើង​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១ ថា ការសន្យា​នេះ​អនុវត្ត​ដូច​គ្នា​ផងដែរ​សម្រាប់​ស្ត្រីៗ ដែល​ក្លាយ​ទៅ​ជា​បុត្រី​របស់​ព្រះយេស៊ូវគ្រីស្ទ នៅ​ពេល​ពួកគេ​ទទួល​យក​ដំណឹងល្អ​ទ្រង់ ។

នៅ​ពេល​អ្នក​អាន​ព័ត៌មាន​ខាងក្រោម​ដែល អួរសុន ប្រាត្ត បាន​សរសេរ​អំពី​ជីវិត​កាល​ពី​មុន​របស់​គាត់ សូម​គូសចំណាំ​អ្វី ដែល​គាត់​បាន​ធ្វើ​ដើម្បី​បង្ហាញ​ថា គាត់​បាន​ជឿ​លើ​ព្រះអម្ចាស់ ៖

រូបភាព
អួរសុន ប្រាត្ត

« ចាប់តាំង​ពី​អាយុ​ដប់​ឆ្នាំ​ដល់​ដប់​ប្រាំបួន​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​ជនបទ​ជា​ច្រើន ហើយ​បាន​ផ្លាស់ទីលំនៅ​ជា​ញឹកញាប់ ប៉ុន្តែ​តាមរយៈ​ព្រះគុណ​របស់​ព្រះ ខ្ញុំ​ត្រូវ​បាន​ការពារ​ពី​សេចក្ដី​អាក្រក់​ជាច្រើន ដែល​មនុស្ស​វ័យ​ក្មេង​បាន​ជួបប្រទះ ដែល​ចំណាប់​អារម្មណ៍​ពីមុន អំពី​សីលធម៌ និង​សាសនា បាន​ដក់​ក្នុង​គំនិត​ខ្ញុំ តាមរយៈ​ឪពុកម្ដាយ​ខ្ញុំ វា​តែងតែ​ដិតជាប់​នឹង​ខ្ញុំ ហើយ​ជា​ញឹកញាប់ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ដ៏​ខ្លាំង​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ស្ថានភាព​នា​ពេល​អនាគត​មួយ ប៉ុន្តែ​ពុំ​ដែល​បាន​ចាប់ផ្ដើម​ស្វែងរក​ព្រះអម្ចាស់​ដ៏​ពិត​ទេ រហូត​មក​ដល់​រដូវ​ស្លឹកឈើ​ជ្រុះ​ក្នុង​ឆ្នាំ ១៨២៩ ។ បន្ទាប់មក ខ្ញុំ​បាន​ចាប់​ផ្ដើម​អធិស្ឋាន​យ៉ាង​ក្លៀវក្លា ប្រែចិត្ត​ពីគ្រប់​អំពើបាប​របស់ខ្ញុំ ។ ក្នុង​ភាពស្ងប់ស្ងាត់​នា​ពេល​រាត្រី កាល​ដែល​អ្នក​ដទៃ​ទៀត​បាន​លង់លក់​នៅ​ក្នុង​ដំណេក ជា​ញឹកញាប់​ខ្ញុំ​បាន​ចូល​ទៅ​កន្លែង​ស្ងាត់​ខ្លះៗ​ក្នុង​ទីវាល​តែ​ឯង ឬ​វាល​រហោស្ថាន​ស្ងាត់​ដាច់​ពី​គេ ហើយ​ឱន​ក្បាល​ចំពោះ​ព្រះអម្ចាស់ ហើយ​បាន​អធិស្ឋាន​រាប់​ម៉ោង ដោយ​ដួងចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប ដ្បិត​ការធ្វើ​បែប​នេះ​ជា​ការលួងលោមចិត្ត និង សេចក្ដី​រីករាយ​ចំពោះ​ខ្ញុំ ។ បំណងប្រាថ្នា​ដ៏​ធំ​នៃ​ចិត្ត​របស់​ខ្ញុំ គឺ​ដើម្បី​ឲ្យ​ព្រះអម្ចាស់​សម្ដែង​ព្រះឆន្ទៈ​ទ្រង់​អំពី​ខ្ញុំ ។ ខ្ញុំ​បាន​បន្ត​អធិស្ឋាន​តាម​របៀប​ដ៏​ក្លៀវក្លា​នេះ​រហូត​ដល់​ខែ កញ្ញា ឆ្នាំ ១៨៣០ ជា​ពេល​ដែល​អែលឌើរ​ពីរ​រូប​នៃ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​មក​ជួប​អ្នក​ជិត​ខាង​ខ្ញុំ ដែល​ជា​បងប្រុស​របស់​ខ្ញុំ​គឺ ប៉ាលី ។ ខ្ញុំ​បាន​ចូលរួម​ការណាត់ជួប​មួយ​ចំនួន​របស់​ពួកគាត់ ។

« ដោយ​បាន​ជឿ​លើ យថាភាព​ដ៏​ទេវភាព​នៃ​គោលលទ្ធិ ដែល​ពួកគាត់​បាន​បង្រៀន ខ្ញុំ​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​នៅ​ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ១៨៣០ ។ នេះ​គឺ​ចំ​ថ្ងៃ​កំណើត​គម្រប់​ដប់ប្រាំបួន​ឆ្នាំ​របស់​ខ្ញុំ ។ ខ្ញុំ​គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​នៅ​ក្នុង [ តំបន់ ] នោះ ដែល​បាន​ទទួល​យក ហើយ​គោរពប្រតិបត្តិ​តាម​សារលិខិត » ( នៅ​ក្នុង The Orson Pratt Journals,comp. Elden J. Watson [ ឆ្នាំ ១៩៧៥ ] ទំព័រ ៨–៩ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤:៤–៦ ដើម្បី​ឃើញ​អ្វី ដែល​ព្រះអម្ចាស់​បាន​ត្រាស់​ហៅ អួរសុន ប្រាត្ត ឲ្យ​ធ្វើ ដើម្បី​ទទួល​បាន​ពរជ័យ​បន្ថែម ។ សូម​ពិចារណា​អំពី​មូលហេតុ ដែល​យើង​ទទួល​បាន​ពរជ័យ​កាន់តែ​ច្រើន នៅ​ពេល​យើង​បង្រៀន​ដំណឹងល្អ​ទៅ​កាន់​មនុស្ស​ដទៃ ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់ អួរសុន អំពី​ទីសម្គាល់​មួយ​ចំនួន ដែល​នឹង​កើតឡើង​នៅ​ពីមុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ( សូម​មើល គ. និង ស. ៣៤:៧–៩ ) ។ បន្ទាប់មក ទ្រង់​បាន​បញ្ចប់​វិវរណៈ​នេះ​ដោយ​បាន​លើក​ទឹកចិត្ត អួរសុន ក្នុង​ការហៅ​របស់​គាត់​ដើម្បី​ផ្សាយ​ដំណឹងល្អ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤:១០–១២ ដោយ​ស្វែងរក​សេចក្ដីពិត​តទៅនេះ ៖ អ្នក​ទាំងឡាយ​ណា ដែល​បង្រៀន​ដំណឹងល្អ​ដោយ​ឧស្សាហ៍​ព្យាយាម នឹង​ធ្វើ​ដូច្នោះ​តាម​រយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បើ​យើង​មាន​ចិត្ត​ស្មោះត្រង់ នោះ​ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​យើង ។

តើ​ការសន្យា​របស់​ព្រះអម្ចាស់​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤:១១ អាច​ជួយ​លួងលោម ហើយ​ពង្រឹង​មនុស្ស​ម្នាក់​នៅ​ក្នុង​គ្រា​ដែល​បាក់​ទឹកចិត្ត​យ៉ាង​ដូចម្ដេច ?

  1. សូម​ពិពណ៌នា​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា វា​ចាំបាច់​ត្រូវ​មាន​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្រៀន​ដំណឹងល្អ​ទៅ​ដល់​មនុស្ស​ដទៃ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣-៣៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖