ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១–១៥


មេរៀន​ទី ១១ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១–១៥

សេចក្ដីផ្ដើម

សាសនាចក្រ​បាន​បន្ត​រីកចម្រើន​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ហើយ​ការប្រឆាំង និង សេចក្ដី​រាយការណ៍​ក្លែងក្លាយ​អំពី​សាសនាចក្រ​ក៏​បាន​កើនឡើង​ដែរ ។ វិវរណៈ​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ត្រូវ​បាន​ទទួល​ក្នុង​ខែ មិនា ឆ្នាំ ១៨៣១ បាន​នាំ​សេចក្ដី​អំណរ​ដល់​ពួកបរិសុទ្ធ នៅ​ពេល​ពួកគេ​បាន​ប្រឈម​មុខ​នឹង​សេចក្ដី​លំអៀង​នៅ​ក្នុង​មូលដ្ឋាន ។ អ្នក​នឹង​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ ជា​ពីរ​មេរៀន ។ នៅ​ក្នុង​ផ្នែក​ទី​មួយ​នៃ​វិវរណៈ​នេះ ព្រះយេស៊ូវគ្រីស្ទ បាន​ថ្លែងទីបន្ទាល់​អំពី​តួនាទី​របស់​ទ្រង់ ក្នុង​នាម​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ទ្រង់​ក៏​បាន​មាន​ព្រះបន្ទូល​អំពី​ទីក្រុង​របស់ ហេណុក ផងដែរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១-៥

ព្រះយេស៊ូវគ្រីស្ទ ថ្លែង​ទីបន្ទាល់​អំពី​តួនាទី​របស់​ទ្រង់ ក្នុង​នាម​ជា​ព្រះរាជបុត្រា​នៃ​ព្រះ

នៅ​ពេល​អ្នក​ជួប​ប្រទះ​នឹង​ឧបសគ្គ ឬ ការសម្រេចចិត្ត​ដ៏​លំបាក​មួយ តើ​អ្នក​នឹង​ទៅ​រក​នរណា​ឲ្យ​ផ្ដល់​ដំបូន្មាន​ដល់​អ្នក ? តើ​លក្ខណៈ​សម្បត្តិ​បែប​ណា​ខ្លះ ដែល​បុគ្គល​នោះ​ត្រូវ​មាន ដែល​ផ្ដល់​នូវ​ទំនុកចិត្ត​ដល់​អ្នក ក្នុង​ការចែកចាយ​អារម្មណ៍​របស់​អ្នក ហើយ​ស្ដាប់​តាម​ដំបូន្មាន​របស់​គាត់ ?

យើង​មុខជា​ចង់​ស្ដាប់​តាម​បុគ្គល ដែល​យើង​មាន​អារម្មណ៍​ថា​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​យើង​ដោយ​ផ្ទាល់ និង ជា​បុគ្គល​ដែល​ធ្លាប់​មាន​ជោគជ័យ​ក្នុង​បញ្ហា​នោះ ដោយ​ប្រើ​ដំបូន្មាន​ដែល​គាត់​ផ្ដល់​ឲ្យ​នេះ ។ វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ បាន​កើតឡើង​នៅ​ចំ​គ្រា ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង មនុស្ស​ដទៃ​ទៀត បាន​ស្ដាប់ និង អាន​សារលិខិត​ដែល​ទាស់​នឹង​សាសនាចក្រ ។ សូម​អាន​សេចក្ដីណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ រួច​ស្វែងរក​ស្ថានភាព​នានា ដែល​ពួក​បរិសុទ្ធ​បាន​ជួប​ប្រទះ ពេល​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នេះ​ដល់​ពួកគេ ។

សូម​កត់ចំណាំ​ពាក្យ ចូរ​ប្រុង​ស្ដាប់ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​វា​ទុក ។ ការប្រុង​ស្ដាប់​តាម​នរណា​ម្នាក់ មាន​ន័យ​ថា​ការស្ដាប់​តាម​ដោយ​ប្រុងប្រយ័ត្ន ហើយ​វា​ក៏​អាច​រួម​មាន​ទាំង​ការស្ដាប់តាម និង ការគោរពប្រតិបត្តិ​តាម​ផងដែរ ។ នៅ​ពេល​យើង​ស្ដាប់​ព្រះអម្ចាស់​យ៉ាង​ពិត​ប្រាកដ នោះ​យើង​នឹង​ធ្វើតាម​ឱវាទ និង​ព្រះបញ្ញត្តិ​របស់​ទ្រង់។ នៅ​ដើម​ដំបូង​នៃ​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ធ្វើ​ការប្រកាស​អំពី​តួនាទី​របស់​ទ្រង់​មួយ​ចំនួន និង កិច្ចខ្នះខ្នែង​ទ្រង់​ក្នុង​ការជួយ​ដល់​យើង ។ នៅ​ពេល​យើង​អាន​សេចក្ដី​ប្រកាស​ទាំងនេះ យើង​អាច​រក​ឃើញ​មូលហេតុ ដែល​យើង​ត្រូវស្ដាប់​តាម​ព្រះបន្ទូល​ទ្រង់ ។ សូម​រក​មើល​ពាក្យ ចូរ​ស្ដាប់​តាម និង ស្ដាប់ នៅ​ក្នុង​ខគម្ពីរ ដែល​អ្នក​សិក្សា​នៅ​ក្នុង​មេរៀន​ថ្ងៃ​នេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល អំពី​ព្រះអង្គ​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

តើ​ការដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​បង្កបង្កើត​ផែនដី ដែល​ជា​កន្លែង​យើង​ត្រូវបាន​បញ្ជូន​មក​នេះ ជួយ​យើង​ឲ្យ​ស្ដាប់​តាម​អ្វី​ដែល​ទ្រង់​មាន​ព្រះបន្ទូល​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:២-៣រួច​ស្វែងរក​មូលហេតុ​បន្ថែម ដែល​យើង​ត្រូវ​ស្ដាប់​តាម​ព្រះអង្គសង្គ្រោះ ។ សូម​កត់ចំណាំ​ពី​ភាពបន្ទាន់​នៅ​ក្នុង ខទី ២ ។ យើង​គួរតែ​ស្ដាប់​តាម​ព្រះអង្គសង្គ្រោះ កាល​នៅ​មាន​ពេល​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​មាន​ព្រះបន្ទូល ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៣ បង្រៀន​យើង​ថា ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អ្នក​គាំទ្រ​យើង​ជាមួយ​នឹង​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ។ សូម​កត់ចំណាំ​ពាក្យ ជា នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៣ ។ តើ​អ្នក​យល់​អំពី​ភាពខុសគ្នា​រវាង​ការនិយាយ​ថា « ព្រះយេស៊ូវគ្រីស្ទ នឹង​ធ្វើ​ជា អ្នក​គាំទ្រ​របស់​យើង » និង « ព្រះយេស៊ូវ​គ្រីស្ទ ជា អ្នក​គាំទ្រ​របស់​យើង » ដែរ​ឬ​ទេ ? ព្រះអង្គសង្គ្រោះ​ពុំ​ត្រឹមតែ​អង្វរ​ជំនួស​រឿង​ក្ដី​របស់​យើង​នៅ​ឯ​ការជំនុំជម្រះ​ចុងក្រោយ​នោះ​ទេ ទ្រង់​ថែម​ទាំង​ឈរ​ជា​អ្នក​គាំទ្រ​ជា​រៀង​រាល់​ថ្ងៃ​ទៀត​ផង នៅ​ពេល​យើង​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ប្រែចិត្ត ហើយ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​យើង ។ សូម​ពិចារណា​ថា​តើ​អ្នក​ត្រូវការ​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​ធ្វើជា​អ្នក​គាំទ្រ​អ្វី​ខ្លះ នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពាក្យ អ្នក​គាំទ្រ និង ទំនាក់​ទំនង​នៃ​អ្នក​គាំទ្រ​ជាមួយ​នឹង​ជន​ជាប់ចោទ សូម​គូស​បន្ទាត់​ដោយផ្គូផ្គង​តួនាទី​នៃ​បុគ្គល​នៅ​ខាង​ឆ្វេង ទៅ​នឹង​អត្ថន័យ​ដ៏​ត្រឹមត្រូវ​នៅ​ខាង​ស្ដាំ ។

ចុងចោទ

បុគ្គល​រូប​នេះ ត្រូវ​គេ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ។

ចៅក្រម

បុគ្គល​រូប​នេះ ការពារ​រឿង​ក្ដី​ឲ្យ​គេ ។

មេធាវី

បុគ្គល​រូប​នេះ ស្ដាប់​សាក្សី ហើយ​សម្រេចក្ដី​ស្រប​ទៅ​តាម​ច្បាប់ ។

សូម​ស្រមៃ​ថា អ្នក​បាន​ប្រព្រឹត្ត​ខុស​ច្បាស់ ហើយ​ត្រូវ​គេ​នាំ​ទៅ​ឈរ​នៅ​ចំពោះ​មុខ​ចៅក្រម ។ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ? ហេតុអ្វី​បាន​ជា​អ្នក​មាន​អំណរគុណ ចំពោះ​មេធាវី ដែល​បាន​ការពារ​ក្ដី​ឲ្យ​អ្នក ?

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៤–៥ដោយ​ស្វែងរក​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ បំពេញ​តួនាទី​របស់​ទ្រង់ ក្នុង​នាម​ជា​អ្នក​គាំទ្រ និង អង្វរ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​យើង ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវគ្រីស្ទ មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ធ្វើជា​អ្នក​គាំទ្រ​យើង ?

    2. តើ​ព្រះអង្គ​សង្គ្រោះ បាន​ទូល​សុំ​ឲ្យ​ព្រះវរបិតាសួគ៌​ទត​មើល​អ្វី ?

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់​អំពី​ចំណាប់​អារម្មណ៍​របស់ ព្រះអង្គសង្គ្រោះ ចំពោះ​ស្ថានភាព​បច្ចុប្បន្ន ក៏​ដូចជា​ការជំនុំជម្រះ​ចុងក្រោយ​របស់​យើង​ថា ៖ « ខ្ញុំ​មាន​អំណរគុណ​ជា​ពិសេស ហើយ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​អធិស្ឋាន​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះគុណ​នៅ​គ្រប់គ្រា និង គ្រប់​កាលៈទេសៈ ដើម្បី​ឲ្យ​ព្រះវរបិតាសួគ៌​ខ្ញុំ​ស្ដាប់​ឮ​ការ​ទូលសុំ​របស់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះអង្គ​គាំទ្រ​របស់​ខ្ញុំ ជា​អង្គ​គ្មាន​អំពើ​បាប ដែល​បាន​បង្ហូរ​ព្រះលោហិត​របស់​ទ្រង់ នឹង​ទូលអង្វរ​សម្រាប់​រឿង​ក្ដី​របស់​ខ្ញុំ ។ ( សូម​មើល គ. និង ស. ៤៥:៣–៥ ) ។ ខ្ញុំ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ការប្រព្រឹត្ត​បែប​នោះ​ចំពោះ​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​កូនចៅ​ទាំងអស់​របស់​ទ្រង់ ដ្បិត​ទ្រង់​ពិត​ជា​មិន​រើស​មុខ​អ្នក​ណា​ទេ ហើយ​អស់​អ្នក​ណា​ដែល​ទូល​សុំ នោះ​នឹង​បាន​ទទួល » ( I Know in Whom I Have Trusted,” Ensignខែ ឧសភា ឆ្នាំ ១៩៩៣ ទំព័រ ៨៣ ) ។

របៀប​ដែល​ព្រះយេស៊ូវ​អង្វរ​ជំនួស​យើង មាន​សភាព​ខុស​ពី​មេធាវី​នៅ​ក្នុង​តុលាការ ដែល​អនុវត្ត​ច្បាប់​របស់​មនុស្ស ព្រោះ​ទ្រង់​បាន​បង់ថ្លៃ​ការជាប់ទោស​ចំពោះ​អំពើបាប​ស្រេច​ទៅ​ហើយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច អំពី​ព្រះយេស៊ូវគ្រីស្ទ ក្នុង​ការ​ដែល​ទ្រង់​គឺ​ជា​អង្គ​គាំទ្រ​របស់​អ្នក ហើយ​មិន​ត្រឹមតែ​ទូល​អង្វរ​សម្រាប់​រឿងក្ដី​របស់​អ្នក​ប៉ុណ្ណោះ​ទេ ថែមទាំង​បង់​ថ្លៃ​ការជាប់ទោស​ចំពោះ​អំពើបាប​របស់​អ្នក​ទៀត​ផង​នោះ ។

    2. តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះអង្គសង្គ្រោះ​មាន​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​អ្វី​ខ្លះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន ដើម្បី​មក​ឯ​ទ្រង់ ហើយ​ទទួល​យក​ទ្រង់​ធ្វើ​ជា​អង្គ​គាំទ្រ​របស់​អ្នក ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦-១០

ព្រះអង្គសង្គ្រោះ​អញ្ជើញ​មនុស្ស​ទាំងអស់ ឲ្យ​មក​ធ្វើ​សេចក្ដីសញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច​ជាមួយ​ទ្រង់

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦-១០ដោយ​ស្វែងរក​មូលហេតុ​នានា ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ​យើង ដើម្បី​ស្ដាប់​តាម​ទ្រង់ ។

សេចក្តីសញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច​របស់​ព្រះអម្ចាស់ ដែល​បាន​ថ្លែង​នៅ​ក្នុង ខទី ៩–១០គឺ​ជា « ភាពពោរពេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។… វា​មាន​សភាព​អស់កល្ប​អស់កាល​ជានិច្ច ក្នុង​ន័យ​ដែល​ថា វា​គឺ​ជា​សេចក្ដីសញ្ញា​របស់​ព្រះ ហើយ​ត្រូវបាន​រីករាយ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​គ្រប់​ជំនាន់ ដែល​មនុស្ស​មាន​ឆន្ទៈ​ដើម្បី​ទទួល​យក​វា » ( Guide to the Scriptures, New and Everlasting Covenant,”scriptures.lds.org) ។

សូម​កត់ចំណាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៩ ថា ព្រះយេស៊ូវគ្រីស្ទ បាន​បញ្ជូន​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច « ដើម្បី​ធ្វើ​ជា​ពន្លឺ​ដល់​មនុស្សលោក ហើយ​ដើម្បី​ធ្វើ​ជា​បមាណីយ​ដល់​រាស្ត្រ [ របស់​ទ្រង់ ] … ហើយ​ដើម្បី​ធ្វើ​ជា​សារទូត​នៅ​ចំពោះ​ព្រះភក្ត្រ [ របស់​ទ្រង់ ] ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ [ ទ្រង់ ] » ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា វា​មាន​អត្ថន័យ​ដូចម្ដេច ដើម្បី « មក … រក » សេចក្តីសញ្ញា​នោះ​ចុះ ( គ. និង ស. ៤៥:១០ ) ?

    2. តើ​អ្នក​ធ្លាប់​បាន​ឃើញ​ដំណឹងល្អ​គឺ​ជា​ពន្លឺ ឬ ជា​បមាណីយ​ដល់​មនុស្ស​ដទៃ តាម​របៀប​ណា​ខ្លះ ?

    3. តើ​សេចក្ដីសញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច ឬ ភាពពោរពេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជួយ​រៀបចំ​ផ្លូវ​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់ តាម​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១១-១៥

ព្រះអង្គសង្គ្រោះ​មាន​ព្រះបន្ទូល​អំពី ហេណុក និង រាស្ត្រ​របស់​លោក

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១១ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​ចែកចាយ​ដល់​អ្នក​ទាំងឡាយ​ណា ដែល​ស្ដាប់​តាម​ទ្រង់ ។

រូបភាព
ទីក្រុង ស៊ីយ៉ូន ត្រូវបាន​លើក​ឡើង​ទៅ​លើ

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា រាស្ត្រ​មួយ​ចំនួន​បាន​ហៅ​ទ្រង់​ថា « ព្រះ​នៃ​លោក​ហេណុក » ( គ. និង ស. ៤៥:១១ ) ។ ហេណុក​គឺ​ជា​ព្យាការី​ដ៏​ឆ្នើម ដែល​បាន​រស់នៅ​ពីមុន​ជំនាន់​លោក​ណូអេ និង សម័យ​នៃ​ការជន់​លិច ។ ផែនដី​នៅ​ជំនាន់​របស់​លោក​ហេណុក បាន​គ្រប​ដណ្ដប់​ទៅ​ដោយ​អំពើ​ទុច្ចរិត គឺ​ដូចជា​ជំនាន់​នៃ​យាង​មក​វិញ​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ​ដែរ ប៉ុន្តែ លោក​ហេណុក​បាន​ដឹកនាំ​ក្រុម​ប្រជារាស្ត្រ​សុចរិត ដែល​បាន​រស់នៅ​ក្នុង​ទីក្រុង​មួយ​ឈ្មោះ​ថា ទីក្រុង ស៊ីយ៉ូន ។ នៅ​ទីបំផុត ប្រជារាស្ត្រ​ទីក្រុង ស៊ីយ៉ូន ត្រូវបាន « បែក​ចេញ​ពី​ផែនដី » ឬ ត្រូវបាន​លើកឡើង​ទៅ​ឯ​ស្ថានសួគ៌ ដោយ​ព្រោះ​តែ​សុចរិតភាព​របស់​ពួកគេ ( សូម​មើល គ. និង ស. ៤៥:១២ម៉ូសេ ៧:៦៩ ) ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១២ដោយ​ស្វែងរក ថាតើ​ទីក្រុង ស៊ីយ៉ូន ត្រូវបាន​រក្សា​ទុក​សម្រាប់​អ្វី ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១២–១៤ បង្រៀន​យើង​ថា ព្រះអម្ចាស់​បាន​ទទួល​ប្រជារាស្ត្រ​ទីក្រុង ស៊ីយ៉ូន ឡើង​ទៅ​ឯ​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​រក្សា​ពួកគេ​ទុក « រហូត​ដល់​ថ្ងៃ​នៃ​សេចក្ដីសុចរិត​នឹង​មក​ដល់ » ។ នៅ​ថ្ងៃ​នោះ ហេណុក និង រាស្ត្រ​របស់​លោក នឹង​ត្រឡប់​មក​ផែនដី​វិញ ដើម្បី​ជួប​ជាមួយ​រាស្ត្រ​របស់​ព្រះអម្ចាស់​នៅ​ទីក្រុង យេរ៉ូសាឡិម​ថ្មី ដែល​ក៏​នឹង​ត្រូវបាន​ហៅ​ថា ទីក្រុង ស៊ីយ៉ូន ដែរ ( សូម​អាន ម៉ូសេ ៧:៦២–៦៤ ) ។ ព្យាការី​ទាំងអស់​បាន​ទន្ទឹង​រង់ចាំ​ថ្ងៃ​នោះ ។ ដោយសារតែ​អំពើ​ទុច្ចរិត​នៃ​ប្រជាជន​ដែល​រស់នៅ​លើ​ផែនដី ទើប​ថ្ងៃ​នោះ​មិន​ទាន់​បាន​មក​ដល់​នៅ​ឡើយ​ទេ ទោះជា​យ៉ាងណា​ក៏​ដោយ បុរស​ដ៏​បរិសុទ្ធ​ជាច្រើន​ដែល​បាន​ទន្ទឹង​រង់ចាំ​ថ្ងៃ​នោះ នឹង​បាន​ឃើញ​ថ្ងៃ​នោះ​ជា​ប្រាកដ ។

  1. សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១៥ ។ បន្ទាប់​មក​សូម​មើល​ត្រឡប់​ទៅ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១–១៤ រួច​ពិចារណា​អំពី​តួនាទី ឬ លក្ខណៈសម្បត្តិ​របស់​ព្រះអង្គសង្គ្រោះ ដែល​ជួយ​អ្នក​ឲ្យ​មាន​បំណង​ស្ដាប់​តាម​ទ្រង់ ។ សូម​ពន្យល់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​តួនាទី ឬ លក្ខណៈសម្បត្តិ​របស់​ព្រះអង្គសង្គ្រោះ​នោះ ជួយ​អ្នក​ឲ្យ​មាន​បំណង​ស្ដាប់​តាម​ទ្រង់ ។

គោលការណ៍​មួយ ដែល​អ្នក​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥ គឺ​ថា ការរៀន​អំពី​ព្រះអង្គសង្គ្រោះ និង អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង អាច​បង្កើន​បំណងប្រាថា្ន​យើង​ឲ្យ​ស្ដាប់​តាម​ទ្រង់ ។ ព្រះអម្ចាស់​បាន​ណែនាំ​អំពី​ព្រះអង្គ​ទ្រង់ ហើយ​បាន​អញ្ជើញ​ពួក​បរិសុទ្ធ​ឲ្យ​ស្ដាប់​តាម​ទ្រង់ ដោយសារតែ​មាន​ភាពសំខាន់​នៅ​ក្នុង​ខគម្ពីរ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១៥–១៦ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ថា ទ្រង់​នឹង​ថ្លែង ហើយ​ព្យាករ ។ តើ​អ្នក​អាច​រៀបចំ​ខ្លួន​អ្នក​យ៉ាង​ដូចម្ដេច ដើម្បី​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នៅ​ពេល​អ្នក​សិក្សា​ខគម្ពីរ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ ដែល​មាន​នៅ​ក្នុង​មេរៀន​បន្ទាប់ ?

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១-១៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖