ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១៦-៧៥


មេរៀន​ទី ១១ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១៦-៧៥

បុព្វកថា

ពេញ​មួយ​ប្រវត្តិសាស្ត្រ មនុស្ស​ជា​ច្រើន​បាន​មាន​យោបល់​ខុស​គ្នា​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ការណ៍​នេះ​បាន​កើតឡើង​យ៉ាង​ប្រាកដ​ក្នុង​ខែ មិនា ឆ្នាំ ១៨៣១ នៅ​ពេល​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ ត្រូវបាន​ទទួល ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​ប្រទាន​សេចក្ដី​ពិស្ដារ​អំពី​ព្រឹត្តិការណ៍ និង ទីសម្គាល់​ជាក់លាក់​ទាំងឡាយ ដែល​ទាក់ទង​ទៅ​នឹង​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ រួមបញ្ចូល​ទាំង​ការស្ថាបនា​ទីក្រុង យេរ៉ូសាឡិម​ថ្មី ( ឬ​ទីក្រុង ស៊ីយ៉ូន ) ។ ព្រះអម្ចាស់​ក៏​បាន​ណែនាំ​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យ​ចាប់ផ្ដើម​បកប្រែ​ព្រះគម្ពីរ​សញ្ញាថ្មី ដើម្បី​ត្រៀមខ្លួន​ពួក​បរិសុទ្ធ​ចំពោះ​អ្វី​ដែល​នឹង​កើតឡើង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១៦-៤៦

ព្រះអង្គសង្គ្រោះ​បើកសម្ដែង​ទីសម្គាល់ និង ព្រឹត្តិការណ៍​នានា ដែល​នឹង​កើតឡើង​ពី​មុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់

តើ​អ្នក​ដឹង​អំពី​ពេល​វេលា ដែល​ព្យុះ​នឹង​បោកបក់​មក​ដល់​តាម​របៀប​ណា ? ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់ ដើម្បី​ស្គាល់​អំពី​ទីសម្គាល់​ទាំងនោះ ?

អ្នក​ទាំងឡាយ​ណា​ដែល​ស្គាល់​អំពី​ទីសម្គាល់​នានា​នៃ​ព្រឹត្តិការណ៍​ដែល​នឹង​កើតឡើង អាច​ត្រៀមខ្លួន​បាន​ជា​ស្រេច​ចំពោះ​ព្រឹត្តិការណ៍​នោះ ។ តើ​ទីសម្គាល់​ណា​ខ្លះ ដែល​អ្នក​ត្រូវ​ស្គាល់ ដើម្បី​ដាស់តឿន​ខ្លួនឯង​ថា ព្រឹត្តិការណ៍​ខាង​ក្រោម​នេះ​កំពុង​តែ​កើតឡើង ឬ នឹង​កើតឡើង ?

  • ថ្ងៃ​ចុងក្រោយ​បង្អស់

  • ការយាងមក​ជា​លើក​ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ

ដូច​បាន​បង្ហាញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១៦មនុស្ស​នៅ​ជំនាន់​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បម្រើ​នៅ​ក្នុង​ជីវិត​រមែងស្លាប់ ក៏​ដូចជា​មនុស្ស​ដែល​បាន​រស់នៅ​ជំនាន់​របស់ យ៉ូសែប ស៊្មីធ និង ពេល​សព្វថ្ងៃ​នេះ បាន​ចាប់​អារម្មណ៍​ស្គាល់​អំពី​ព្រឹត្តិការណ៍​នានា ដែល​នឹង​កើតឡើង​នៅ​ពី​មុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គសង្គ្រោះ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពី​ទីសម្គាល់ ដែល​ដាស់តឿន​យើង​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើតឡើង​នេះ ។ វគ្គ​បទ​គម្ពីរ​ជា​ច្រើន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥ គឺ​ជា​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ពួក​សិស្ស​ទ្រង់ ដែល​បាន​រស់នៅ​ជាមួយ​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ( សូម​មើល ម៉ាថាយ ២៤ ) ។

  1. ដើម្បី​ស្វែងរក​ទីសម្គាល់​នានា ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា​នឹង​កើតឡើង​នៅ​ពី​មុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ សូម​សរសេរ​សេចក្ដីយោង​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក រួច​សរសេរ​សេចក្ដីយោង​នៅ​លើ​បន្ទាត់​ខុស​ពី​គ្នា ហើយ​ទុក​ឲ្យ​មាន​ចន្លោះ​ដើម្បី​សរសេរ​ទីសម្គាល់​នានា ៖ គ. និង ស. ៤៥:១៨–២១; គ. និង ស. ៤៥:២២–២៧; គ. និង ស. ៤៥:២៨–៣១, ៣៣; គ. និង ស. ៤៥:៤០–៤៣ ។ បន្ទាប់​មក សូម​អាន​ខគម្ពីរ​ទៅ​តាម​សេចក្ដីយោង​នីមួយៗ ដោយ​ស្វែងរក​ទីសម្គាល់​នានា ដែល​កើតឡើង​នៅ​ពីមុន​ការយាង​មក​ជា​លើក​ទី​ពីរ រួច​កត់ត្រា​ទីសម្គាល់​ទាំងឡាយ​ដាក់​នៅ​ក្បែរ​សេចក្ដីយោង​ទាំង​នោះ ។ បើ​អ្នក​ជ្រើសរើស​ធ្វើ​ដូច្នេះ សូម​គូរ​រូបភាព​នៃ​អ្វី​ដែល​អ្នក​បាន​អាន ជំនួស​ឲ្យ​ការសរសេរ​ពី​ទីសម្គាល់​នានា ។

ទីសម្គាល់​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​ទាំងនេះ​មួយ​ចំនួន បាន​កើតឡើង​ខ្លះ​រួច​ទៅ​ហើយ ។ ឧទាហរណ៍​ព្រះវិហារ​បរិសុទ្ធ​នៅ​យេរ៉ូសាឡិម​ត្រូវបាន​បង្ហាញ​ដោយ​ពួករ៉ូម​ក្នុង​ឆ្នាំ ៧០ នៃ គ.ស. ( សូមមើល គ. និង ស. ៤៥:១៨–២១) ។ ឃ្លា « ពេល​វេលា​នៃ​ពួក​សាសន៍​ដទៃ » នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:២៥ សំដៅ​ទៅ​លើ ជំនាន់​ដែល​ដំណឹងល្អ​ត្រូវ​បាន​នាំ​យក​ទៅ​ដល់​ពួក​សាសន៍​ដទៃ​ជា​អាទិ៍ ឬ អ្នក​ទាំងឡាយ​មិន​មែន​ជា​ខ្សែ​ស្រឡាយ​ពួក​សាសន៍​យូដា គឺ​ជា​ជំនាន់​ដែល​យើង​រស់នៅ​នា​ពេល​សព្វថ្ងៃ​នេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៣៤ដោយ​ស្វែងរក​មើល ថាតើ​ពួកសិស្ស​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច​នៅ​អំឡុង​ពេល​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ កាល​ទ្រង់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួកគេ​អំពី​រឿង​ទាំងនេះ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​មនុស្ស​នា​ពេល​សព្វថ្ងៃ​នេះ អាច​នឹង​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ អំពី​ទីសម្គាល់​ទាំងឡាយ​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គសង្គ្រោះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៣៨ដោយ​ស្វែងរក​ការណ៍​ដែល​យើង​នឹង​ដឹង នៅ​ពេល​យើង​ឃើញ​ទីសម្គាល់​កើតឡើង ។

សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៣២, ៣៩ ។ នៅ​ពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ សូម​ស្វែងរក​ការណ៍ ដែល​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​នា​ពេល​សព្វថ្ងៃ​នេះ​នឹង​ធ្វើ ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​មើល​ទៅ ខទី ៣៩លេខ​យោង ដើម្បី​រៀន​ពាក្យ​មួយ​ទៀត​គឺ « កោតខ្លាច » ។

យោងតាម​អ្វី​ដែល​អ្នក​បាន​សិក្សា តើ​ព្រះអម្ចាស់​សន្យា​យ៉ាង​ដូចម្ដេច ដល់​អ្នក​ដែល​ឈរ​នៅ​ទី​បរិសុទ្ធ និង គារវភាព​ចំពោះ​ទ្រង់ ? សូម​បញ្ចប់​គោលការណ៍​នេះ ៖ បើ​យើង​ឈរ​នៅ​ទីបរិសុទ្ធ ហើយ​ទន្ទឹង​រង់ចាំ​មើល​ទីសម្គាល់ នោះ​យើង​នឹង  ។

ជា​ញឹកញាប់ យើង​គិត​អំពី « ទីបរិសុទ្ធ » ថា​ជា​ទីតាំង​សាសនាចក្រ​មាន​ដូចជា ព្រះវិហារ​បរិសុទ្ធ ឬ សាលាប្រជុំ ។ នៅ​ពេល​អ្នក​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​នេះ សូម​ស្វែងរក​របៀប​មួយ​ផ្សេង​ទៀត ដែល​យើង​អាច​ឈរ​នៅ​ទីបរិសុទ្ធ​បាន ៖

« ‹ ទីបរិសុទ្ធ › អាច​មាន​កត្តា​ជាច្រើន​តម្រូវ​ឲ្យ​ធ្វើ​ជាមួយ​នឹង របៀប ដែល​បុគ្គល​ម្នាក់​រស់នៅ ជាជាង ទីកន្លែង ដែល​បុគ្គល​នោះ​រស់នៅ ។ ប្រសិនបើ​យើង​រស់នៅ​ដោយ​សា្អតស្អំ​ដោយ​មាន​ដៃគូ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ឥតដាច់​នោះ យើង​នឹង​ឈរ​នៅក្នុង​ទីបរិសុទ្ធ​មួយ​ហើយ ។…

« ទីបរិសុទ្ធ​ស្ថិត​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ជា​ទី​ដែល​បុគ្គល​ម្នាក់​រីករាយ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ » (គោលលទ្ធិ និង សេចក្តីសញ្ញា សៀវភៅ​សិក្សា​របស់​សិស្សការបោះពុម្ព​ជា​លើក​ទី ២ [ សៀវភៅ​សិក្សា​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ឆ្នាំ ២០០១ ] ទំព័រ ១៩៦) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើង​អាច​រស់នៅ​ក្នុង​លោកិយ​នា​ពេល​សព្វថ្ងៃ​នេះ ហើយ​នៅ​តែ​អាច​ឈរ​នៅ​ទីបរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ កោតខ្លាច ឬ គោរព​តាម​ទ្រង់​នៅ​លើ​មូលដ្ឋានគ្រឹះ​ជា​ប្រចាំ​យ៉ាង​ដូចម្ដេច ? សូម​ពិពណ៌នា​អំពី​បុគ្គល​ម្នាក់​ដែល​អ្នក​ស្គាល់ ជា​អ្នក​ដែល​ប្រព្រឹត្ត​ការណ៍​នេះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤៧-៥៩

ព្រះអង្គសង្គ្រោះ​បើកសម្ដែង​ទីសម្គាល់ និង រឿង​អច្ឆរិយ​ជា​ច្រើន ដែល​នឹង​ជា​ផ្នែក​នៃ​ការបង្ហាញ​ព្រះកាយ​ទ្រង់​ទៅ​ដល់​ពួក​សាសន៍​យូដា

នៅ​ពេល​ព្រះយេស៊ូវគ្រីស្ទ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​បង្ហាញ​ព្រះកាយ​ទៅ​ដល់​ក្រុម​មនុស្ស​ដ៏​ជាក់លាក់ ។ លំដាប់​នោះ ទ្រង់​នឹង​បង្ហាញ​ព្រះកាយ​ក្នុង​ព្រះចេស្ដា អានុភាព និង សិរីល្អ​ដ៏​មហស្ចារ្យ ជា​របៀប​ដែល​មនុស្ស​លោក​ទាំងអស់​នឹង​បាន​ឃើញ​ទ្រង់ ។ អំឡុង​ពេល​នៃ​ការបង្ហាញ​ព្រះកាយ​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ឈរ​លើ​ភ្នំ​អូលីវ នៅ​ទីក្រុង យេរ៉ូសាឡិម ទន្ទឹម​នឹង​ពេល​ពួក​សាសន៍​យូដា​ត្រូវបាន​គេ​ជិះជាន់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៤៨ដោយ​ស្វែងរក​អ្វី​ដែល​នឹង​កើតឡើង​នៅ​លើ​ភ្នំ​នេះ រួមទាំង​ផែនដី កាល​ព្រះអង្គសង្គ្រោះ​ឈរ​នៅ​លើ​នោះ ។

សូម​បំពេញ​តារាង​ខាងក្រោម ដោយ​អាន​ខគម្ពីរ​ទាំងឡាយ រួច​ឆ្លើយ​នឹង​សំណួរ​ដោយ​ប្រើ​ពាក្យ​ពេចន៍​របស់​អ្នក​ផ្ទាល់ ៖

 គ. និង ស. ៤៥:៤៩–៥០ ៖ តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​សាសន៍​ទាំងឡាយ​នៃ​ផែនដី នៅ​គ្រា​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ ?

 គ. និង ស. ៤៥:៥១–៥៣ ៖ ហេតុអ្វី​បាន​ជា​ពួក​សាសន៍​យូដា​នឹង​យំ នៅ​ពេល​ព្រះអម្ចាស់​យាង​ត្រឡប់​មក​វិញ ?

ប្រសិនបើ​អ្នក​ពុំ​ស្គាល់​រឿងប្រដូច​នៃ​ស្ត្រី​ព្រហ្មចារិយ​ទាំង​ដប់​នាក់​ទេ​នោះ សូម​អាន ម៉ាថាយ ២៥:១–១៣ ។ តើ​ស្ត្រី​ព្រហ្មចារិយ​ប្រាំ​នាក់​មាន​គំនិត​ដោយ​របៀប​ណា ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៥៦-៥៧រួច​ស្វែងរក​របៀប​ដែល​យើង​អាច​មាន​គំនិត​ត្រៀមខ្លួន សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ សូម​គិត​ពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

រូបភាព
ស្ត្រីព្រហ្មចារិយ​មាន​គំនិត​ទាំង​ប្រាំ​នាក់

សូម​សរសេរ​គោលការណ៍ « បើ–នោះ » ដោយ​ពន្យល់​អំពី​អ្វី ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​មាន​គំនិត ហើយ​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី​រឿង​ប្រដូច​នេះ និង អំពី​អ្វី​ដែល​ជា​តំណាង​ឲ្យ​ស្ត្រី​ព្រហ្មចារិយ​ទាំង​ដប់​នាក់​នោះ​ថា ៖ « ចំណោទ​នៃ​រឿង​ប្រដូច​នេះ គួរ​ឲ្យ​ភ័យ​ខ្លាច ។ ស្ត្រី​ព្រហ្មចារិយ​ទាំង​ដប់​នាក់ តំណាង​ឲ្យ​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ដ្បិត​សមាជិក​ទាំងអស់​គ្នា​ត្រូវបាន​អញ្ជើញ​ឲ្យ​ទទួល​ភោជនាអាហារ ហើយ​សមាជិក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ នៅ​ពេល​កូនកម្លោះ​បាន​មក​ដល់ ។ ប៉ុន្តែ​មាន​តែ​សមាជិក​ពាក់​កណ្ដាល​ប៉ុណ្ណោះ ដែល​ត្រៀមខ្លួន​ជា​ស្រេច​នៅ​ពេល​កូនកម្លោះ​បាន​មក​ដល់​នោះ » ( Preparation for the Second Coming, » EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ប្រើ​រឿង​ប្រដូច​នៃ​ស្ត្រី​ព្រហ្មចារិយ​ទាំង​ដប់​នាក់ ដើម្បី​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ​ថា ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ខ្ញុំ​ជឿ​ថា ស្ត្រី​ព្រហ្មចារិយ​ទាំង​ដប់​នាក់ តំណាង​ឲ្យ​សមាជិក​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មិនមែន​ជា​មនុស្ស​ទាំងអស់​នៅ​លើ​ផែនដី​នេះ​នោះ​ទេ ។ ស្ត្រី​ព្រហ្មចារិយ​ទាំងអស់ ទាំង​មាន​គំនិត និង អត់​គំនិត ទទួល​បាន​ការអញ្ជើញ​ឲ្យ​ទៅ​ទទួល​ភោជនាអាហារ​ពីធី​មង្គលការ ដូច្នេះ​ពួកគេ​បាន​ដឹង​អំពី​របៀបវារៈ​កម្មវិធី ហើយ​ត្រូវបាន​ដាស់តឿន​អំពី​ទិវា​ដ៏​មាន​សារៈសំខាន់​ដែល​នឹង​មក​ដល់​នោះ ។…

« ពេល​កណ្ដាល​អធ្រាត្រ​បាន​មក​ដល់ ! ជាក់ស្ដែង​នៅ​ពេល​កណ្ដាល​អធ្រាត្រ កាល​ពុំ​បាន​គិត​ស្មាន​ដល់​សោះ នោះ​កូនកម្លោះ​ក៏​បាន​មក​ដល់ ។ នៅ​ពេល​លោកិយ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខសោក និង ត្រូវការ​ជំនួយ ប៉ុន្តែ ហាក់បីដូចជា​គ្រា​នោះ​ត្រូវតែ​កន្លង​ហួស​ទៅ ចំណែក​ឯ​សេចក្ដីសង្ឃឹម​ត្រូវ​រលាយ​បាត់បង់ លំដាប់​នោះ ព្រះគ្រីស្ទ​នឹង​យាង​មក ។ ពេល​កណ្ដាល​អធ្រាត្រ​នៃ​ជីវិត គឺ​ជា​គ្រា​ដែល​ស្ថានសួគ៌​ប្រទាន​សេចក្ដី​អំណរ​ដល់​មនុស្ស​កាល​ពួកគេ​កំពុង​ជួប​ប្រទះ​នឹង​សេចក្ដី​ទុក្ខព្រួយ ។ ប៉ុន្តែ កាល​វេលា​នោះ​បាន​មក​ដល់ ពួកគេ​ពុំ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការត្រៀមខ្លួន​ឡើយ ។…

« ស្ត្រី​ព្រហ្មចារិយ​អត់​គំនិត​បាន​សុំ​ស្ត្រី​ដទៃ​ទៀត​ឲ្យ​ចែក​ប្រេង​ដល់​ខ្លួន ប៉ុន្តែ ការត្រៀមខ្លួន​ជា​ស្រេច​ខាង​វិញ្ញាណ​ពុំ​អាច​ចែកចាយ​ឲ្យ​បាន​មួយ​រំពេច​នោះ​ទេ ។ ស្ត្រី​ព្រហ្មចារិយ​មាន​គំនិត​បាន​ចេញ​ទៅ បើ​មិន​ដូច្នោះ​ទេ​កូនកម្លោះ​នឹង​ពុំ​មាន​នរណា​មក​ទទួល​ឡើយ ។ ពួកគេ​ត្រូវការ​ប្រេង​របស់​គេ​បម្រុង​សម្រាប់​ខ្លួនគេ​ផ្ទាល់ ដូច្នេះ ពួកគេ​ពុំ​អាច​ទុក​សម្រាប់​ស្ត្រី​ព្រហ្មចារិយ​អត់​គំនិត​បាន​ឡើយ ។ ការទទួលខុសត្រូវ​បាន​ធ្លាក់​ទៅ​លើ​ខ្លួន​គេ​ម្នាក់ៗ ។

« ទង្វើ​បែប​នេះ​ពុំ​មែន​ជា​អត្តទត្ថភាព ឬ ការមិនមាន​សណ្ដានចិត្ត​នោះ​ទេ ។ ប្រេង​ដែល​យើង​ត្រូវការ​ដើម្បី​ស្វែងរក​ការដឹកនាំ និង បង្កើន​ចំណេះដឹង មិន​អាច​ចែកចាយ​បាន​ឡើយ ។ តើ​យើង​អាច​ចែកចាយ​ការ​គោរព​ប្រតិបត្តិ​ចំពោះ​គោលការណ៍​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ សេចក្ដី​រម្ងាប់​ទុក្ខ​ដែល​កើត​ចេញ​ពី​ការរស់នៅ​ដោយ​សុចរិតភាព ឬ ចែកចាយ​ភាពរីកចម្រើន​នៃ​ចំណេះដឹង បាន​យ៉ាង​ដូចម្ដេច​ទៅ ? តើ​បុគ្គល​ម្នាក់​អាច​ចែកចាយ​សេចក្ដីជំនឿ ឬ ទីបន្ទាល់​បាន​យ៉ាង​ដូចម្ដេច​ទៅ ? តើ​បុគ្គល​ម្នាក់​អាច​ចែកចាយ​ឥរិយាបថ ឬ បរិសុទ្ធភាព ឬ ចែកចាយ​បទពិសោធន៍​ក្នុង​បេសកកម្ម បាន​យ៉ាង​ដូចម្ដេច​ទៅ ? តើ​បុគ្គល​ម្នាក់​អាច​ចែកចាយ​អាទិភាព ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច​ទៅ ? បុគ្គល​ម្នាក់ៗ​ត្រូវ​តែ​មាន​ប្រេង​នោះ​ផ្ទាល់ខ្លួន ។

« ស្ត្រី​ព្រហ្មចារិយ​អត់​គំនិត ពុំ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការទិញ​ប្រេង​នោះ​ទេ ។ ពួកគេ​ដឹង​ថា ពួកគេ​គួរតែ​មាន​ប្រេង ។ ពួកគេ​បាន​ពន្យារ​ពេល​ឲ្យ​កន្លង​ហួស​ទៅ​ធម្មតា ដោយ​ពុំ​បាន​ដឹង​អំពី​ពេល​វេលា​ដែល​កូនកម្លោះ​នឹង​មក​ដល់​ឡើយ ។

« ក្នុង​រឿង​ប្រដូច​នោះ ប្រេង​អាច​រក​ទិញ​បាន​នៅ​ឯ​ផ្សារ ។ នៅ​ក្នុង​ជីវិត​យើង ប្រេង​នៃ​ការត្រៀមខ្លួន​ជា​ស្រេច ស្រក់​មក​មួយ​តំណក់​ម្ដងៗ​តាមរយៈ​ការរស់នៅ​ដោយ​សុចរិត ។ ការ​ចូលរួម​ក្នុង​ការប្រជុំ​សាក្រាម៉ង់ បន្ថែម​ប្រេង​ទៅ​ក្នុង​ចង្កៀង​របស់​យើង មួយ​តំណក់​ម្ដងៗ​អស់​ជា​ច្រើន​ឆ្នាំ ។ ការ​តមអាហារ ការអធិស្ឋាន​ជា​គ្រួសារ ការបង្រៀន​តាម​ផ្ទះ ការគ្រប់គ្រង​លើ​ចំណង់​ខាង​សាច់ឈាម ការ​ផ្សាយ​ដំណឹងល្អ ការសិក្សា​ព្រះគម្ពីរ-- ទង្វើ​នៃ​ការលះបង់​នីមួយៗ និង ការ​គោរពប្រតិបត្តិ គឺ​ជា​ដំណក់​ប្រេង​ដែល​បាន​ស្រក់​បន្ថែម​ទៅ​ក្នុង​ដប​ប្រេង​របស់​យើង ។ ទង្វើ​នៃ​ការមាន​សណ្ដាន​ចិត្ត​ល្អ ការថ្វាយ​ដង្វាយ​ផ្សេងៗ និង ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ គំនិត និង ទង្វើ​បរិសុទ្ធ អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដី​សញ្ញា​សម្រាប់​ភាព​ដ៏​នៅ​អស់កល្ប​ជានិច្ច—ការណ៍​ទាំងនេះ​រួម​ចំណែក​យ៉ាង​សំខាន់​ផងដែរ​ដល់​កំណក់​ប្រេង ដែល​យើង​អាច​ចាក់​ចូល​ទៅ​ក្នុង​ចង្កៀង​របស់​យើង ដែល​ជិត​រលត់​ទៅ​ហើយ​នោះ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ » ( Faith Precedes the Miracle [ ឆ្នាំ ១៩៧២ ] ទំព័រ ២៥៣–៥៦ ) ។

  1. សូម​សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​ត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច តាមរយៈ​ការទទួល​យក​សេចក្ដីពិត និង ការយក​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​អង្គ​ដឹកនាំ ?

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់ អំពី​សារៈសំខាន់​នៃ​ការមាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​ក្នុង​គ្រា​លំបាក​ថា ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« យើង​រស់នៅ​ក្នុង​គ្រា​ដ៏​លំបាក—ដែល​ជា​គ្រា​ដ៏​លំបាក​ពេកពន់ ។ យើង​សង្ឃឹម យើង​អធិស្ឋាន សូម​ឲ្យ​ស្ថានភាព​កាន់តែ​ប្រសើរ​ឡើង ។ ប៉ុន្ដែ​ការណ៍​នោះ​មិន​កើតឡើង​ទាល់​តែ​សោះ ។ ការព្យាករណ៍​បាន​ប្រាប់​យើង​ថា​ដូច្នោះ ។ យើង​នឹង​មិន​ធ្វើ​ជា​មនុស្ស ក្រុម​គ្រួសារ ឬ បុគ្គល ដែល​រួច​ចាក​ផុត​ពី​ការសាកល្បង​ដែល​នឹង​កើតឡើង​នោះ​ទេ ។…

« យើង​មិន​ត្រូវ​រស់នៅ​ដោយ​ភិតភ័យ​នឹង​អនាគត​ឡើយ ។ យើង​មាន​គ្រប់​ហេតុផល​ដើម្បី​បាន​រីករាយ និង ហេតុផល​តូច​បំផុត​ដើម្បី​នឹង​ភិតភ័យ ។ បើ​យើង​ធ្វើតាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ នោះ​យើង​នឹង​មាន​សុខសុវត្ថិភាព ទោះ​ជា​អនាគត​ទៅ​ជា​យ៉ាង​ក៏​ដោយ ។ យើង​នឹង​ត្រូវ​បាន​បង្ហាញ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ » ( «The Cloven Tongues of Fire, » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦០-៦១

ព្រះអម្ចាស់​ណែនាំ​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យ​ចាប់ផ្ដើម​ការបកប្រែ​របស់​លោក​លើ​ព្រះគម្ពីរ​សញ្ញាថ្មី

សូម​អាន ឬ ដកស្រង់​ចេញ​ពី​មាត្រា​នៃ​សេចក្ដី​ជំនឿ​ទី​ប្រាំបី ។ តើ​ឃ្លា « បើសិនជា​បាន​បកប្រែ​ត្រឹមត្រូវ » ណែនាំ​យើង​ដូចម្ដេច អំពី​ព្រះគម្ពីរ​ប៊ីប ? យ៉ូសែប ស៊្មីធ បាន​បើក​ទៅ​វគ្គបទគម្ពីរ​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប នៅ​កាល​ដែល​លោក​បាន​ព្យាយាម ដើម្បី​ឲ្យ​បាន​ដឹង​ថាតើ​សាសនាចក្រ​មួយ​ណា​ដែល​ត្រូវ​ចូលរួម ។ លោក​ស្រឡាញ់​ព្រះគម្ពីរ​ប៊ីប ហើយ​បាន​រក​ឃើញ​ការលួងលោមចិត្ត​ចេញ​ពី​ព្រះបន្ទូល​នៅ​ក្នុង​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​លោក​សិក្សា​អំពី​វា​នោះ លោក​បាន​កត់សម្គាល់​ថា​មាន​កំហុស និង ភាពផ្ទុយគ្នា​ទាំងឡាយ ហើយ​បាន​ដឹង​ថា ព្រះបន្ទូល​មួយ​ចំនួន​ត្រូវបាន​ដកចេញ ឬ មិន​ពេញលេញ ហើយ​លោក​បាន​ពន្យល់​ថា « វា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ចំណុច​សំខាន់​ជាច្រើន​ទាក់ទង​នឹង​សេចក្ដីសង្គ្រោះ​របស់​មនុស្សលោក ត្រូវបាន​ដកចេញ​ពី​ព្រះគម្ពីរ​ប៊ីប ឬ បាត់បង់​ពី​មុន​ព្រះគម្ពីរ​នេះ​ត្រូវ​បាន​ចងក្រង​ឡើង » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២១៧ សូម​មើល​ផងដែរ Bible Dictionary, Bible» ) ។

លោក​ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា ៖ « ខ្ញុំ​ជឿ​លើ​ព្រះគម្ពីរ​ប៊ីប បើសិនជា​វា​ត្រូវបាន​សរសេរ​ដោយ​ដងប៉ាកា​នៃ​អ្នក​និពន្ធ​ដើម ។ អ្នក​បកប្រែ​គ្មាន​វិជ្ជាជីវៈ អ្នក​ចម្លង​ដោយ​គ្មាន​ការយកចិត្តទុកដាក់ ឬ ពួក​សង្ឃ​ដែល​ក្លែងបន្លំ និង ពុករលួយ បាន​បង្កើត​ឲ្យ​មាន​កំហុស​ជា​ច្រើន » (Teachings: Joseph Smith,ទំព័រ ២០៧ សូម​មើល​ផងដែរ នីហ្វៃទី១ ១៣:២៥–២៩ ) ។

នា​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ បកប្រែ​ព្រះគម្ពីរ​ប៊ីប ។ « ការបកប្រែ » នេះ មិនមែន​ធ្វើ​ឡើង​ចេញ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ​ទៀត​នោះ​ទេ ហើយ​ព្យាការី​ក៏​មិន​មាន​សំណៅ​ព្រះគម្ពីរ​ប៊ីប​ដើម​ដើម្បី​បកប្រែ​ដែរ ។ ផ្ទុយទៅវិញ លោក​បាន​អាន ហើយ​សិក្សា​វគ្គបទគម្ពីរ​ចេញ​ពី​កំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍ ហើយ​បាន​ធ្វើ​កំណែ និង ការបន្ថែម​តាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ។ ដោយ​មាន​ការ​ពិនិត្យ​ឡើង​វិញ​ដ៏​បំផុសគំនិត ការបកប្រែ​របស់​ព្យាការី យ៉ូសែប ស៊្មីធ ( JST ) បាន​ប្រទានពរ​ដល់​ពិភពលោក ដោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អត្ថន័យ​នៃ​គោលលទ្ធិ​ក្នុង​ព្រះគម្ពីរ​ប៊ីប ជា​ពិសេស​អំពី​បេសកកម្ម​នៃ​ព្រះយេស៊ូវគ្រីស្ទ និង និស្ស័យ​នៃ​ព្រះ ។

នៅ​ពេល​វិវរណៈ​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ ត្រូវបាន​ប្រទាន​ឲ្យ​នៅ​ថ្ងៃ​ទី ៧ ខែ មិនា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បាន​ធ្វើការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ដ៏​បំផុសគំនិត​លើ​ព្រះគម្ពីរ​សញ្ញាចាស់ ។ នៅ​ថ្ងៃ​បន្ទាប់​ពី​យ៉ូសែប បាន​ទទួល​វិវរណៈ​នេះ លោក​បាន​ចាប់ផ្ដើម​បកប្រែ​ព្រះគម្ពីរ​សញ្ញាថ្មី ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦០-៦១ ដើម្បី​ស្វែងរក​មូលហេតុ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦២-៦៤

ពួកបរិសុទ្ធ​ត្រូវបាន​ព្រមាន​ទុក​ជា​មុន ឲ្យ​ទៅ​ជួបជុំ​គ្នា​នៅ​ភូមិភាគ​ខាង​លិច​ទាំងឡាយ

ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ពួក​បរិសុទ្ធ​ផ្លាស់​ទៅ​ភូមិភាគ​ខាង​លិច « ពី​ដែនដី​ខាង​កើត » ( គ. និង ស. ៤៥:៦៤ ) ។ សូម​មើល​តំបន់​នេះ នៅ​ក្នុង​ផែនទី​ខាងក្រោម ។

រូបភាព
ផែនទី​ភូមិភាគ​ឦសាន​នៃ​សហរដ្ឋ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦២–៦៤ ដើម្បី​ស្វែងរក​មូលហេតុ ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​ទ្រង់​ទៅ​ជួបជុំ​គ្នា​នៅ « ភូមិភាគ​ខាង​លិច​ទាំងឡាយ » ( គ. និង ស. ៤៥:៦៤ ) ។

តើ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​អំពី​អ្វី​ទាក់ទង​នឹង​ឃ្លា « គឺ​នៅ​មាត់​ទ្វារ » ( គ. និង ស. ៤៥:៦៣ ) ?

សូម​ពិចារណា​អំពី​អត្ថន័យ​នៃ​ការប្រៀបធៀប​នៃ​ឃ្លា « គឺ​នៅ​មាត់​ទ្វារ » ។

ក្នុង​ឆ្នាំ ១៨៣១ ព្រំដែន​ភូមិភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក លាត​សន្ធឹង​លើ​ព្រំប្រទល់​នៃ​រដ្ឋ មិសសួរី ។ ពេល​ក្រោយ​មក​ទៀត ព្រះអម្ចាស់​បាន​ដឹកនាំ​ពួក​បរិសុទ្ធ​ទៅ​កាន់តែ​ឆ្ងាយ​នៅ​ប៉ែក​ខាង​លិច—ដល់​ទីតាំង​មួយ​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​រដ្ឋ យូថាហ៍ ។ នៅ​ពេល​ពួក​បរិសុទ្ធ​បាន​គោរពប្រតិបត្តិ​តាម​ឱវាទ​របស់​ព្រះអម្ចាស់ នោះ​ពួកគេ​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ចេញ​ពី​សេចក្ដី​វិនាស​ទាំងឡាយ​នៃ​សង្គ្រាម​ស៊ីវិល ក្នុង​ប្រទេស​អាមេរិក ( ១៨៦១–៦៥ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦៥-៧៥

ព្រះអម្ចាស់​ពិពណ៌នា​អំពី​ទីក្រុង យេរ៉ូសាឡិម​ថ្មី ( ទីក្រុង ស៊ីយ៉ូន )

បើ​អ្នក​អាច​រស់នៅ​ទី​ណា​ក៏​បាន​នោះ តើ​អ្នក​នឹង​ចង់​រស់នៅ​ទី​ណា ? ហេតុអ្វី ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦៥–៦៧ដោយ​ស្វែងរក​ឈ្មោះ​នៃ​ដែនដី​កេរអាករ និង មូលហេតុ​នានា​ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ដែនដី​ដែល​គួរ​ឲ្យ​ចង់​រស់នៅ ។

  1. សូម​ធ្វើ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​មូលហេតុ​ដែល​ទីក្រុង យេរ៉ូសាឡិ​ថ្មី ជា​ទីតាំង​ដែល​អ្នក​ចង់​រស់នៅ ។

ខគម្ពីរ​ទាំងនេះ​បង្រៀន​ថា ទីក្រុង យេរ៉ូសាឡិម​ថ្មី នឹង​ត្រូវ​ក្លាយ​ជា​ទីកន្លែង​នៃ​សន្តិភាព និង សុខសុវត្ថិភាព ហើយ​សិរីល្អ​នៃ​ព្រះអម្ចាស់​នឹង​ស្ថិត​នៅ​ទី​នោះ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦៧ សូម​កត់ចំណាំ​អំពី​អ្វី​ដែល​នឹង​ស្ថិត​នៅ​ទី​នោះ បន្ថែម​ពី​លើ​សិរីល្អ​នៃ​ព្រះអម្ចាស់ ។ តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា អ្វី​ជា​លទ្ធផល​នៃ​ការមាន « សេចក្ដី​កោតខ្លាច​ដល់​ព្រះអម្ចាស់ » ក៏​នឹង​មាន​វត្តមាន​នៅ​ទីនោះ​ដែរ​នោះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦៨-៧១ដោយ​ស្វែងរក​មើល​ថា នរណា​ដែល​នឹង​ទៅ​ជួបជុំ​គ្នា​នៅ​ឯ​ទីក្រុង យេរ៉ូសាឡិម​ថ្មី ( ទីក្រុង ស៊ីយ៉ូន ) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​បញ្ចប់​សេចក្ដីថ្លែងការណ៍​នេះ ៖ ដោយសារតែ​ការណ៍​ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃ​នេះ នោះ​ខ្ញុំ​នឹង​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ដែល​នឹង​កើតឡើង​ដោយ …

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១៦-៧៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖