ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៥១-៥២


មេរៀន​ទី ១២ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥១-៥២

បុព្វកថា

នៅ​ពេល​ពួក​បរិសុទ្ធ​មួយ​ចំនួន​កំពុង​ផ្លាស់​ទីលំនៅ​ពី​ភាគ​ខាង​កើត​នៃ​សហរដ្ឋ បាន​ចាប់ផ្ដើម​ទៅ​ដល់​រដ្ឋ អូហៃអូ ក្នុង​ខែ ឧសភា ឆ្នាំ ១៨៣១ នោះ​ព្រះអម្ចាស់​បាន​បើកសម្ដែង​ព្រះឆន្ទៈ​របស់​ទ្រង់​ទៅ​កាន់​ប៊ីស្សព អែតវឺត ប៉ាទ្រិច តាម​រយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។ នៅ​ក្នុង​វិវរណៈ​នោះ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥១ពួក​បរិសុទ្ធ​ដែល​ផ្លាស់​ទីលំនៅ​មក​ពី​ភូមិ​ខូលស្វិល រដ្ឋ នូវ យ៉ោក ត្រូវ​បាន​ដឹកនាំ​ទៅ​កាន់​ភូមិ​ថមសុន រដ្ឋ អូហៃអូ ជា​ទីតាំង​ដែល​ពួកគេ​បាន​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ ការថ្វាយ និង កិច្ចត្រួតត្រា សុទ្ធតែ​ជា​គោលការណ៍ និង ក្រឹត្យវិន័យ ដែល​សហគមន៍​ស៊ីយ៉ូន ត្រូវ​ផ្អែក​ទៅ​លើ ។ សហគ្រាស​រួបរួម ( ក្រោយ​មក​ត្រូវបាន​ហៅ​ថា សហគ្រាស​សណ្ដាប់ធ្នាប់ ) គឺ​ជា​អង្គការ​មួយ ដែល​ប្រើ​ដើម្បី​គ្រប់គ្រង​ក្រឹត្យវិន័យ​នោះ នៅ​ពេល​នោះ ។ នៅ​ចុង​បញ្ចប់​នៃ​សន្និសីទ​ទី​បួន​នៃ​សាសនាចក្រ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៣–៦ ខែ មិថុនា ឆ្នាំ ១៨៣១ នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ នោះ​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ យ៉ូសែប ស៊្មីធ និង ពួក​អែលឌើរ​ប៉ុន្មាន​នាក់​ទៀត ធ្វើ​ដំណើរ​ជា​គូៗ​ទៅ​កាន់​រដ្ឋ មិសសួរី ទាំង​ផ្សាយ​ដំណឹងល្អ​នៅ​តាម​ផ្លូវ​ផង ។ នៅ​ក្នុង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២ ព្រះអម្ចាស់​បាន​ហៅ​ដៃគូ​នីមួយៗ ហើយ​បាន​ប្រទាន​ដល់​ពួកគាត់​នូវ​របៀប ដែល​អាច​ជួយ​ពួក​គាត់​ឲ្យ​ចៀសវាង​ពី​ការបញ្ឆោត ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥១

ព្រះអម្ចាស់​ណែនាំ​ប៊ីស្សព អែតវឺត ប៉ាទ្រិច ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម​របស់​ពួក​បរិសុទ្ធ

តើ​ក្រុម​ដែល​មាន​សាមគ្គីភាព​ជាង​គេ​បំផុត ដែល​អ្នក​ធ្លាប់​បាន​រួម​ចំណែក គឺជា​ក្រុម​អ្វី ? តើ​អ្នក​ដឹង​ថា​ក្រុម​នៃ​មនុស្ស​នោះ មាន​សាមគ្គីភាព​តាម​របៀប​ណា ? តើ​ការអនុវត្តន៍ និង ព្រឹត្តិការណ៍​បែប​ណា​ខ្លះ ដែល​ជួយ​ឲ្យ​ក្រុម​មួយ​មាន​សាមគ្គីភាព ?

នៅ​ពេល​ពួក​បរិសុទ្ធ​បាន​មក​ដល់​រដ្ឋ អូហៃអូ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ពួកគេ​នូវ​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ( សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០–៤២ ) ។ នៅ​ក្រោម​ក្រឹត្យវិន័យ​នេះ បុរស និង ស្ត្រី លះបង់​ពេល​វេលា ទេពកោសល្យ និង ទ្រព្យ​សម្បត្តិ​ខាង​លោកិយ​របស់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត ដើម្បី​កសាង និង ស្ថាបនា​នគរ​ព្រះ​ឡើង ។ សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៥១ ដោយ​ស្វែងរក​ការទទួលខុសត្រូវ​ដែល​ប៊ីស្សព អែតវឺត ប៉ាទ្រិច មាន ទាក់ទង​ទៅ​នឹង​ក្រឹត្យវិន័យ​នេះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៥១:១–៨ មាន​នូវ​សេចក្ដី​ណែនាំ​ពី​ព្រះអម្ចាស់​ទៅ​កាន់​ប៊ីស្សព ប៉ាទ្រិច អំពី​ពួក​បរិសុទ្ធ​ដែល​នឹង​ធ្វើ​ដំណើរ​មក​ដល់ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ប៊ីស្សព ប៉ាទ្រិច ឲ្យ « ប្រគល់​ចំណែក​ដល់​ប្រជារាស្ត្រ​នេះ​រៀងៗ​ខ្លួន » នូវ​ដី​ធ្លី និង ទ្រព្យសម្បត្តិ « តាម​កាលៈទេសៈ [ របស់​ពួកគេ ] និង សេចក្ដី​ត្រូវការ [ របស់​ពួកគេ ] » ( គ. និង ស. ៥១:៣ ) ។ ( សូម​ចំណាំ​ថា និយមន័យ​មួយ​នៃ​ពាក្យ សេចក្ដី​ត្រូវការ គឺ​ជា​ការខ្វះ​អ្វី​មួយ ។ ការបញ្ជា​ពី​ព្រះអម្ចាស់​ឲ្យ​បំពេញ « តាម​សេចក្ដី​ត្រូវការ​នៃ​ប្រជារាស្ត្រ​នេះ » គឺ​ជា​ការបញ្ជា​ឲ្យ​ជួយ​ប្រជារាស្ត្រ​ទទួលបាន​របស់​ចាំបាច់ ដែល​ពួកគេ​ពុំ​មាន ) ។ ប៊ីស្សព ប៉ាទ្រិច ត្រូវ​ផ្ដល់​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​ពេញលេញ​ទៅ​ដល់​ក្រុមគ្រួសារ​ទាំងឡាយ ហើយ​ត្រូវ​ធានា​ថា មនុស្ស​គ្រប់​គ្នា​មាន​អាហារ​បរិភោគ និង សំលៀក​បំពាក់​ស្លៀកពាក់​គ្រប់គ្រាន់ ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ពន្យល់​អំពី របៀប​ដែល​ពួក​បរិសុទ្ធ​គួរតែ​ធ្វើ ពេល​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥១:៩ ដោយ​ស្វែងរក​សេចក្ដីណែនាំ​ពី​ព្រះអម្ចាស់​ទៅ​កាន់​ពួក​បរិសុទ្ធ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការដែល​ក្រុម​នៃ​ប្រជារាស្ត្រ​ត្រូវ « មាន​ចិត្ត​តែ​មួយ » មាន​ន័យ​ដូចម្ដេច ? ( អ្នក​អាច​នឹង​ចង់​អាន ម៉ូសេ ៧:១៨ ដើម្បី​ជា​ជំនួយ​ក្នុង​ការឆ្លើយ​នឹង​សំណួរ​នេះ ) ។

    2. យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ៥១:៩ តើ​ព្រះអម្ចាស់​បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​រួម​គ្នា​តែ​មួយ ? តើ​អ្នក​គិត​ថា​ដើម្បី​បាន « រាប់​ដូចគ្នា » និង « ទទួល​ដូចគ្នា » មាន​ន័យ​ដូចម្ដេច ?

នៅ​ពេល​អ្នក​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥១:១០–២០ អ្នក​នឹង​ឃើញ​ថា ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ប៊ីស្សព ប៉ាទ្រិច តាំង​ឃ្លាំង​មួយ​ឡើង ជា​កន្លែង​ដែល​ពួក​បរិសុទ្ធ​អាច​រក្សា​ទុក​របស់​របរ​ដែល​មាន​ច្រើន​ជាង​សេចក្ដីត្រូវការ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ គឺ​ជា​អភ័យឯកសិទ្ធិ​មួយ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ពន្យល់​ថា ទោះបី​ពួកបរិសុទ្ធ​នឹង​តាំង​លំនៅ​លើ​ដី​ធ្លី​របស់​ខ្លួន​តែ​មួយ​រដូវ​តូច​ក្ដី ក៏​ពួកគេ​គួរតែ​ដាក់​ផែនការ ដើម្បី​មាន​ភាព​ស្មោះត្រង់ ឈ្លាសវៃ និង យុត្តិធម៌​លើ​អ្វី​ដែល​ពួកគេ​ទទួល​បាន ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥២:១-១៣, ២២-៣៤

ព្រះអម្ចាស់​បញ្ជា​ព្យាការី និង ពួក​អែលឌើរ​ប៉ុន្មាន​ទៀត ឲ្យ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ មិសសួរី ហើយ​ផ្សាយ​ដំណឹងល្អ​នៅ​តាម​ផ្លូវ

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១–១៣, ២២–៣៤ ព្រះអម្ចាស់​បាន​ណែនាំ​ព្យាការី យ៉ូសែប ស៊្មីធ និង ពួក​អែលឌើរ​ប៉ុន្មាន​នាក់​ទៀត ឲ្យ​ធ្វើ​ដំណើរ​ជា​គូៗ​ទៅ​រដ្ឋ មិសសួរី ហើយ​ផ្សាយ​ដំណឹងល្អ​នៅ​តាម​ផ្លូវ ។ ព្រះអម្ចាស់​បាន​បើកសម្ដែង​កាល​ពី​មុន​រួច​មក​ហើយ​ថា ពួកបរិសុទ្ធ​នឹង​ស្ថាបនា​សហគមន៍​រួម​មួយ​ឡើង ដែល​ត្រូវបាន​ហៅ​ថា ទីក្រុង ស៊ីយ៉ូន ( សូម​មើល គ. និង ស. ២៨:៩ ) ប៉ុន្តែ ទ្រង់​ពុំ​បាន​បើកសម្ដែង​អំពី​ទីតាំង​របស់​វា​ឡើយ ។ នៅ​ក្នុង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២ ទ្រង់​បាន​សន្យា​នឹង​ពួកគេ​ថា បើ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ស្មោះត្រង់​ចំពោះ​សេចក្ដីណែនាំ​មក​ពី​ទ្រង់ នោះ​ទ្រង់​នឹង​បើកសម្ដែង​ដល់​ពួក​លោក​អំពី​ទីតាំង​នៃ « ដែនដី​នៃ​កេរអាករ [ របស់​ពួក​បរិសុទ្ធ ] » ( គ. និង ស. ៥២:៥ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥២:១៤-២១, ៣៥-៣៦

ព្រះអម្ចាស់​បើកសម្ដែង​របៀប ដែល​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការត្រូវបាន​បញ្ឆោត​ដោយ​សាតាំង

នៅ​ក្នុង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ព្រមាន​ពួក​អែលឌើរ​មួយ​ចំនួន​ក្នុង​សាសនាចក្រ អំពី​វិញ្ញាណ​ក្លែងក្លាយ ហើយ​ទ្រង់​បាន​ប្រទាន​សេចក្ដីណែនាំ​នានា ដែល​នឹង​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​ពួកគេ​បង្រៀន និង រៀន​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។

នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤–២១ សូម​ស្វែងរក​សេចក្ដីណែនាំ​បន្ថែម​ពី​ព្រះអម្ចាស់ ដើម្បី​ជួយ​ពង្រឹង​សមាជិក​សាសនាចក្រ ជា​ពិសេស​អ្នក​ដែល​ទ្រង់​បាន​ហៅ ឲ្យ​ផ្សាយ​ដំណឹងល្អ នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ មិសសួរី ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤ រួច​ស្វែងរក​ឃ្លា ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​អ្វី ដែល​ទ្រង់​បាន​ហៀប​នឹង​ប្រទាន​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា គោលបំណង​នៃ​គំរូ​មួយ​គឺ​ជា​អ្វី ?

    2. តើ​មូលហេតុ​អ្វី​បាន​ជា​ព្រះអម្ចាស់ ប្រទាន​គំរូ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤–២១ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៥–១៩ ដោយ​ស្វែងរក​ទង្វើ និង ឥរិយាបថ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​នឹង​ជួយ​ដល់​រាស្ត្រ​ទ្រង់​ឲ្យ​ចៀសវាង​ពី​ការត្រូវ​បាន​បញ្ឆោត​ដោយ​សាតាំង ។ នៅ​ពេល​អ្នក​ព្យាយាម​យល់​ពី​សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់​ដែល​មាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ សូម​ពិចារណា​អំពី​ការបកស្រាយ​ដូច​ខាងក្រោម​នេះ ៖

  • បុគ្គល « ដែល​មាន​វិញ្ញាណ​ទន់ទាប » ( គ. និង ស. ៥២:១៥ ) មាន​នូវ​ឥរិយាបថ​ជា​អ្នក​ប្រែចិត្ត ។

  • ការបញ្ជា​ឲ្យ « គោរព​ពិធីបរិសុទ្ធ​ទាំងឡាយ​របស់​យើង » ( គ. និង ស. ៥២:១៥ ) សំដៅ​ទៅ​លើ​តម្រូវការ​ឲ្យ​ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​មាន​ដូចជា ពិធី​បុណ្យជ្រមុជទឹក និង រក្សា​សេចក្តីសញ្ញា​ដែល​ទាក់ទង​ទៅ​នឹង​ពិធីបរិសុទ្ធ​ទាំងនោះ ។

  • បុគ្គល « ដែល​ប្រើ​ពាក្យ​សម្ដី​សុភាព ហើយ​ស្អាង​ឡើង » ( គ. និង ស. ៥២:១៦ ) គឺ​ជា​បុគ្គល​ដែល​វាចា​ចេញ​ពាក្យពេចន៍ ដែល​រាបសា ហើយ​លើកតម្កើង និង ធ្វើ​ឲ្យ​មនុស្ស​ដទៃ​រីកចម្រើន ។

  • បុគ្គល​ដែល « ញ័រ​រន្ធត់​នៅ​ក្រោម​ព្រះចេស្ដា [ របស់​ព្រះអម្ចាស់ ] » ( គ. និង ស. ៥២:១៧ ) គឺ​ជា​បុគ្គល ដែល​មាន​គារវភាព​ចំពោះ​ព្រះចេស្ដា​នៃ​ព្រះ ។

  • ដើម្បី « នាំ​ផល » ( គ. និង ស. ៥២:១៧ ) គឺ​ត្រូវ​បង្កើត​អ្វី​ល្អៗ ( មាន​ដូចជា « ការសរសើរ និង ប្រាជ្ញា » ) ដោយ​ការធ្វើតាម​វិវរណៈ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ ។

គោលការណ៍​ដូច​តទៅ​នេះ សង្ខេប​អំពី​ទស្សន​ដែល​បាន​រៀន​ចេញ​ពី​វិវរណៈ​នេះ​ថា ៖ ដើម្បី​ចៀសវាង​ពី​ការត្រូវបាន​បញ្ឆោត​ដោយ​សាតាំង បុគ្គល​ម្នាក់​ត្រូវតែ​ធ្វើតាម​តាម​ពិធីបរិសុទ្ធ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ហើយ​រស់នៅ​តាម​វិវរណៈ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:៣៦ ដោយ​ស្វែងរក​សេចក្ដី​ណែនាំ​បន្ថែម ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។ តើ​ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ពួក​អែលឌើរ​នៃ​សាសនាចក្រ ប្រកាស​អំពី​អ្វី ?

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្នក​ដឹកនាំ ឬ គ្រូបង្រៀន​ម្នាក់ ដែល​អ្នក​ស្គាល់ ថា​ជា​អ្នក​ដែល​រស់នៅ​តាម​គំរូ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤–១៩, ៣៦ ។ តើ​អ្នក​បាន​ទទួល​អត្ថប្រយោជន៍ ពី​ការបង្រៀន និង គំរូ​របស់​បុគ្គល​នេះ​តាម​របៀប​ណា​ខ្លះ ?

សូម​គិត​អំពី​សមាជិក​ក្នុង​គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ រួច​ពិចារណា​អំពី​របៀប​ដែល​ពួក​លោក បង្ហាញ​គំរូ​មក​ពី​ព្រះអម្ចាស់ ក្នុង​ការមិន​ឲ្យ​ត្រូវបាន​បញ្ឆោត​ដោយ​សាតាំង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៣៧-៤៤

ព្រះអម្ចាស់​ប្រទាន​ឱវាទ​ទៅ​ដល់​ថ្នាក់ដឹកនាំ ដែល​បន្ត​រស់នៅ​ក្នុង​រដ្ឋ អូហៃអូ

ទន្ទឹម​នឹង​ពេល​ព្រះអម្ចាស់​បាន​ហៅ​អ្នក​កាន់​បព្វជិតភាព​ជាច្រើន​ក្នុង​ជំនាន់​ដំបូង ឲ្យ​ផ្សាយ​ដំណឹងល្អ​នៅ​តាម​ផ្លូវ​ទៅ​កាន់​រដ្ឋ មិសសួរី ឬ ទីកន្លែង​ដទៃ​ទៀត​នោះ ទ្រង់​ក៏​បាន​បញ្ជា​ឲ្យ​ពួក​អែលឌើរ​ប៉ុន្មាន​នាក់​ទៀត ឲ្យ​បន្ត​រស់នៅ​ក្នុង​រដ្ឋ អូហៃអូ ដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:៣៩–៤០ ដោយ​ស្វែងរក​សេចក្ដី​ណែនាំ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​អែលឌើរ​ដែល​បន្ត​រស់នៅ​រដ្ឋ អូហៃអូ ។ ( នៅ​ពេល​អ្នក​អាន វា​អាច​នឹង​មាន​ប្រយោជន៍ ដើម្បី​ស្គាល់​ថា​ពាក្យ ដែល​នៅ​សល់ សំដៅ​ទៅ​លើ​អ្នក​ដែល​បន្ត​រស់នៅ ) ។ សូម​គិត​ពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

សូម​គិត​អំពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​អ្នក​គិត​ថា ដើម្បី « នឹកចាំ​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ពី​មនុស្ស​ទាល់ក្រ និង មនុស្ស​កំសត់​ទុរគត » មាន​ន័យ​ដូចម្ដេច ( គ. និង ស. ៥២:៤០ ) ? ហេតុអ្វី​បាន​ជា​ការគ្រាន់តែ​គិត​អំពី​មនុស្ស​កំសត់​ទុរគត មិន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​ព្រះបញ្ញត្តិ​ពី​ព្រះអម្ចាស់ ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:៤០ តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដូចម្ដេច អំពី​រាស្ត្រ ដែល​បដិសេធ​មិន​ជួយ​ដល់​មនុស្ស​កំសត់​ទុរគត ?

យោង​តាម​ខគម្ពីរ​នេះ សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖ សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​មើល​ថែ ហើយ​ខ្វាយខ្វល់​ពី  ។

  1. សូម​គិត​អំពី​មនុស្ស​ដែល​អ្នក​ស្គាល់ ជា​បុគ្គល​ដែល​អ្នក​ចាត់ទុក​ថា​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​មនុស្ស​ទាំងនេះ មើលថែ ហើយ​ខ្វាយខ្វល់​ពី​មនុស្ស​កំសត់​ទុរគត ។

សូម​គិត​អំពី​គ្រា ដែល​អ្នក​បាន​មាន​ឱកាស​ខ្វាយខ្វល់​ពី​មនុស្ស​ទាល់​ក្រ និង មនុស្ស​ទុរគត អ្នក​ជំងឺ និង អ្នក​រងទុក្ខ ។ សូម​គិត​អំពី​ការដាក់​គោលដៅ​ជាក់លាក់​មួយ ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​របស់​នរណាម្នាក់ និង ដើម្បី​ធ្វើ​ជា​សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥១-៥២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖