ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩ ៖ ថ្ងៃទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨


មេរៀន​ទី ៩ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៨

បុព្វកថា

ក្នុង​ខែ ធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​សមាជិក​សាសនាចក្រ​ប្រមូល​គ្នា​នៅ​រដ្ឋ អូហៃអូ ( សូម​មើល គ. និង ស. ៣៧ ) ។ នៅថ្ងៃ​ទី ២ ខែ មករា ឆ្នាំ ១៨៣១ ពួក​បរិសុទ្ធ​មក​ពី​សាខា​ផ្សេងៗ នៅ​រដ្ឋ នូវ យ៉ោក បាន​ប្រជុំ​គ្នា​ធ្វើ​សន្និសីទ​សាសនាចក្រ​លើក​ទី ៣ ។ អំឡុង​ពេល​សន្និសីទ​នោះ វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨ ត្រូវបាន​ទទួល ជា​កណ្ឌ​ដែល​ព្រះអម្ចាស់​បាន​លើក​ទឹក​ចិត្ត​ដល់​ពួក​បរិសុទ្ធ ហើយ​បាន​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ព្រះបញ្ញត្តិ​ទ្រង់​ដែល​បញ្ជា​ឲ្យ​ពួកគេ​ផ្លាស់​ទៅ​រដ្ឋ អូហៃអូ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១-៧

ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះបន្ទូល​ប្រាប់​សមាជិក​សាសនាចក្រ​របស់​ទ្រង់​ថា ទ្រង់​គង់​នៅ​ក្នុង​ចំណោម​ពួកគេ

តើ​អ្នក​ធ្លាប់​បាន​កត់ចំណាំ​ថា ព្រះបញ្ញត្តិ​មួយ​ចំនួន​អាច​នឹង​មាន​ភាពងាយស្រួល​សម្រាប់​អ្នក​ក្នុង​ការគោរពប្រតិបត្តិ​តាម និង ផ្សេង​ទៀត​អាច​នឹង​មាន​ការលំបាក​ដែរ​ឬ​ទេ ? សូម​បង្កើត​បញ្ជី​ព្រះបញ្ញត្តិ​មួយ​ចំនួន ដែល​អ្នក​គិត​ថា​មាន​ភាពងាយស្រួល​សម្រាប់​អ្នក​ក្នុង​ការគោរពប្រតិបត្តិ​តាម ៖

រូបភាព
កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន

ឥឡូវនេះ សូម​ពិចារណា​ថា​តើ​ព្រះបញ្ញត្តិ​មួយ​ណា​ដែល​អាច​នឹង​មាន​ការលំបាក​សម្រាប់​អ្នក​ក្នុង​ការគោរព​ប្រតិបត្តិ​តាម ហើយ មូលហេតុ​អ្វី ។

អំឡុង​ពេល​សន្និសីទ​នៃ​សាសនាចក្រ​ក្នុង​ខែ មករា ឆ្នាំ ១៨៣១ ពួក​បរិសុទ្ធ​មួយ​ចំនួន​ក្នុង​រដ្ឋ នូវ យ៉ោក បាន​ចោទ​ជា​សំណួរ​អំពី​ព្រះបញ្ញត្តិ​ដែល​បញ្ជា​ឲ្យ​ពួកគេ​ផ្លាស់​ទៅ​រដ្ឋ អូហៃអូ ។ សូម​ពិចារណា​អំពី​មូលហេតុ​ដែល វា​អាច​ជា​ការលំបាក​សម្រាប់​សមាជិក​សាសនាចក្រ​មួយ​ចំនួន​ទាំងនេះ ក្នុង​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​នេះ ។

ពួក​បរិសុទ្ធ​មួយ​ចំនួន​នៅ​រដ្ឋ នូវ យ៉ោក បាន​ស្ទាក់ស្ទើរ​ក្នុង​ការចាកចោល​កសិដ្ឋាន​ដ៏​រីកចម្រើន និង ស្ថានភាព​សុខស្រួល​របស់​ពួកគេ ដើម្បី​ទៅ​កាន់​កន្លែង​ថ្មី​ដែល​មិន​ប្រាកដប្រជា​នោះ ។ មិន​តែ​ប៉ុណ្ណោះ មនុស្ស​មួយ​ចំនួន​បាន​ប្រឈមមុខ​នឹង​ការខាតបង់​ប្រាក់កាស​ក្នុង​ការដោះដូរ​ទ្រព្យសម្បត្តិ​ខ្លួន បើ​គេ​អាច​លក់​ចេញ​ទ្រព្យ​សម្បត្តិ​របស់​គេ​នោះ ។

ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ពួក​បរិសុទ្ធ យ៉ូសែប ស៊្មីធ បាន​អធិស្ឋាន​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព្រះបញ្ញត្តិ​ក្នុង​ការប្រមូល​គ្នា​នៅ​រដ្ឋ អូហៃអូ នេះ ហើយ​លោក​បាន​ទទួល​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨ ។ នៅ​ពេល​អ្នក​សិក្សា​អំពី​វិវរណៈ​នេះ អ្នក​នឹង​រៀន​អំពី​សេចក្ដីពិត​នានា ដែល​អាច​ជួយ​អ្នក​ឲ្យ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់​ដោយ​ស្ម័គ្រ​ចិត្ត ទោះ​ជា​ព្រះបញ្ញត្តិ​ទាំងនោះ​មាន​សភាព​កាន់តែ​ពិបាក​សម្រាប់​អ្នក​ក្នុង​ការគោរព​ប្រតិបត្តិ​យ៉ាង​ណា​ក្ដី ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:១–៣ដោយ​ស្វែងរក​គោលការណ៍​ទាំងឡាយ ដែល​អ្នក​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ( អ្នក​អាច​នឹង​ចង់​គូសចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ កត់ចំណាំ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​អ្វី​ដែល​អ្នក​ស្វែងយល់ ) ។

គោលការណ៍​សំខាន់​មួយ ដែល​យើង​រៀន​ចេញ​ពី ខទី ២ គឺ​ថា ព្រះយេស៊ូវគ្រីស្ទ ជ្រាប​ដឹង​គ្រប់​ការណ៍​ទាំងអស់ ។ សូម​គិត​អំពី​របៀប​ដែល​ការយល់ដឹង​អំពី​គោលការណ៍​នេះ អាច​ជួយ​ដល់​ពួក​បរិសុទ្ធ​ទាំងនោះ ដែល​បាន​ពុះពារ​ក្នុង​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ឲ្យ​ចាកចេញ​ពី​រដ្ឋ នូវ យ៉ោក ហើយ​ផ្លាស់​លំនៅ​ទៅ​រដ្ឋ អូហៃអូ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ប្រយោគ​មួយ​ចំនួន អំពី​របៀប​ដែល​គោលការណ៍​នេះ ក៏​អាច​នឹង​ជួយ​អ្នក​ក្នុង​គ្រា​ដែល​អ្នក​ពុះពារ​ក្នុង​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក​ដែរ ។

ពីមុន​បាន​ទទួល​វិវរណៈ​នេះ ព្យាការី យ៉ូសែប ស៊្មីធ បាន​ធ្វើ​ការបកប្រែ​ដ៏​បំផុសគំនិត​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ហើយ​បាន​ទទួល​បាន​នូវ​ការណ៍ ដែល​សព្វថ្ងៃ​នេះ​មាន​នៅ​ក្នុង ម៉ូសេ ៦-៧ នៅ​ក្នុង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ។ ជំពូក​ទាំងនេះ​ផ្ដល់​នូវ​ដំណើររឿង​មួយ​របស់​ព្យាការី ហេណុក និង រាស្ត្រ​របស់​លោក ដែល​ត្រូវបាន​ហៅ​ថា​ជា​ទីក្រុង ស៊ីយ៉ូន ដោយសារតែ​សេចក្តីសុចរិត​របស់​ពួកគេ ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៤ដោយ​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់ ហេណុក និង រាស្ត្រ​របស់​លោក ។ វា​អាច​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដើម្បី​ដឹង​ថា នៅ​ពេល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ឱរា​របស់​យើង » គឺ​ទ្រង់​សំដៅ​ទៅ​លើ​វត្តមាន​របស់​ទ្រង់ ។

នៅ​ចុង​បញ្ចប់​នៃ ខទី ៤តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះ​បន្ទូល​ថា ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ សម្រាប់​អ្នក​ទាំងឡាយ​ដែល​បាន​ជឿ​លើ​ព្រះ​នាម​ទ្រង់ ?

សូម​ពិចារណា​អំពី​ការដឹង​ថា ព្រះយេស៊ូវគ្រីស្ទ អង្វរ​ចំពោះ​ព្រះវរបិតាសួគ៌​ជំនួស​អ្នក​ទាំងឡាយ​ដែល​ជឿ​លើ​ព្រះ​នាម​ទ្រង់ អាច​ជួយ​ដល់​បុគ្គល​ដែល​កំពុង​ពុះពារ​ក្នុង​ការបន្ត​ការព្យាយាម​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:៥-៧ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល អំពី​កន្លែង​ដែល​ទ្រង់​គង់​នៅ ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការជឿ​លើ​គោលការណ៍ ដែល​បាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៧ ជួយ​នាំ​យក​នូវ​ការលួងលោមចិត្ត ក៏​ដូចជា​សេចក្ដីក្លាហាន​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៨-១២

ព្រះអម្ចាស់​ពិពណ៌នា​អំពី​បុគ្គល​ដែល​នឹង​ធន់​នៅ​ក្នុង​ការយាង​មក​ជា​លើក​ទីពីរ

នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​ជួយ​ដល់​ពួកបរិសុទ្ធ​នៅ​រដ្ឋ នូវ យ៉ោក ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​រដ្ឋ អូហៃអូ នោះ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​អំពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

រូបភាព
ការយាង​មក​ជា​លើក​ទីពីរ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:៨-១០រួច​ស្វែងរក​ការណ៍ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បើកសម្ដែង​អំពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ វា​អាច​នឹង​ជួយ​អ្នក​ក្នុង​ការ​ដឹង​ថា បុគ្គល​ទាំងឡាយ​ណា​ដែល « ធន់​នៅ​ថ្ងៃនោះ » ( គ និង ស ៣៨:៨ ) នៃ​ការយាង​មក​ជា​លើក​ទីពីរ គឺ​ជា​បុគ្គល ដែល​នឹង​អាច​បន្ដ​រស់នៅ​លើ​ផែនដី​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​នៅ​ពេល​ដែល​ទ្រង់​យាង​មក​នោះ ហើយ​មិន​ត្រូវ​បាន​បំផ្លាញ​ចោល​ឡើយ ។ សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង ខទី ៨–១០ អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី សារៈសំខាន់​នៃ​ការជ្រះ​បរិសុទ្ធ និង ស្អាតបាត ពីមុន​ការយាង​មក​ជា​លើក​ទីពីរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:១១-១២ ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​មួយ​ចំនួន ដែល​នឹង​កើតឡើង​លើ​ផែនដី ពី​មុន​ការយាង​មក​ជា​លើក​ទី​ពីរ ។ និមិត្តរូប​នៃ​ពួកទេវតា​កំពុង​រង់ចាំ « ច្រូត​ទម្លាក់​ផែនដី » គឺ​ជា​សេចក្ដីយោង ចំពោះ​រឿងប្រដូច​របស់​ព្រះអង្គសង្គ្រោះ អំពី​ស្រូវ និង ស្រងែ ( សូម​មើល ម៉ាថាយ ១៣:២៤–៣០; គ. និង ស. ៨៦:១–៧ ) ដែល​ស្រូវ ( ពួក​សុចរិត ) ត្រូវបាន​ប្រមូល​មុន​ស្រងែ ( ពួក​ទុច្ចរិត ) ដែល​ត្រូវបាន​ប្រមូល ហើយ​ដុត​ចោល ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ត្រៀម​ខ្លួន​អ្នក​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ដើម្បី « ធន់​នៅ​ថ្ងៃ​នោះ » សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មិន​មាន​វត្តមាន​នៅ​ក្នុង​ពួក​ស្រងែ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១៣-៣៣

ព្រះយេស៊ូវគ្រីស្ទ​ពន្យល់​អំពី​មូលហេតុ ដែល​ទ្រង់​បាន​បញ្ជា​ឲ្យ​សមាជិក​សាសនាចក្រ​ទ្រង់​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ ។

សូម​គិត​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ដឹង​ថា​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់ ទោះជា​ខាង​សាច់ឈាម ឬ ខាង​វិញ្ញាណ ក្តី ។ តើ​មាន​ការព្រមាន​អ្វី​ខ្លះ ដែល​ជួយ​អ្នក​ឲ្យ​ដឹង​ថា​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់ ?

ព្រះអម្ចាស់​បាន​ព្រមាន​ដល់​ពួក​បរិសុទ្ធ​អំពី​គ្រោះថ្នាក់​នានា ដែល​ពួកគេ​នឹង​ជួប​ប្រទះ ប្រសិន​បើ​ពួកគេ​ពុំ​ចាកចេញ​ពី​រដ្ឋ នូវ យ៉ោក ទេ​នោះ ។ សូម​មើល​ទៅ​ឃ្លា​ចុងក្រោយ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:១២ ។ តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​ដូចម្ដេច អំពី​ខ្មាំង​សត្រូវ​របស់​ពួក​បរិសុទ្ធ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:១៣, ២៨–២៩ដោយ​ស្វែងរក​មើល​ការប៉ុនប៉ង​របស់​ខ្មាំង​សត្រូវ ដែល​បាន​រួបរួម​គ្នា​នោះ ។ យើង​ស្វែងយល់​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា ព្រះអម្ចាស់​អាច​ព្រមាន​យើង​អំពី​គ្រោះថ្នាក់ ។ ការព្រមាន​បែបនេះ អាច​កើត​មាន​តាមរយៈ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ តាមរយៈ​ការបង្រៀន​នៃ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ រួម​បញ្ចូល​ទាំង​សុន្ទរកថា ដែល​បាន​ផ្ដល់​ឲ្យ​ក្នុង​ពេល​សន្និសីទ​ទូទៅ ។

  1. តើ​អ្នក ឬ មនុស្ស​ដែល​អ្នក​ស្គាល់ ធ្លាប់​ត្រូវបាន​ព្រមាន​ដោយ​ព្រះអម្ចាស់​អំពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ ឬ ខាង​សាច់ឈាម​នៅ​ពេល​ណា​ខ្លះ ? សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ការព្រមាន​មួយ ដែល​អ្នក ឬ សមាជិក​គ្រួសារ ឬ មិត្ត​ម្នាក់​បាន​ទទួល​ពី​ព្រះអម្ចាស់ និង អ្វី​ដែល​អ្នក​បាន​ធ្វើ ( ឬ ប្រាថ្នា​ថា​អ្នក​បាន​ធ្វើ​វា ) ឬ អ្វី​ដែល​សមាជិក​គ្រួសារ ឬ មិត្ត​ម្នាក់​បាន​ធ្វើ​ក្នុង​ការឆ្លើយតប​ទៅ​នឹង​ការព្រមាន​នោះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:១៤-១៥, ៣០ ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ ។ ចេញ​មកពីអ្វី​ដែល​អ្នក​រៀន​នៅ​ចុង​បញ្ចប់​នៃ ខ​ទី ៣០ សូម​បំពេញ​គោលការណ៍​ដូច​ទៅ​នេះ ៖ ប្រសិនបើ នោះ  ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការត្រៀមខ្លួន ផ្ដល់​ឲ្យ​យើង​នូវ​ទំនុកចិត្ត​ក្នុង​ការប្រឈម​មុខ​នឹង​ការប្រឆាំង ឬ គ្រោះថ្នាក់ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ត្រៀមខ្លួន​ជា​ស្រេច​ប្រឆាំង​នឹង​ការស្វះស្វែង​របស់​បច្ចាមិត្ត​ក្នុង​ការធ្វើ​ទុក្ខទោស​ដល់​អ្នក​នោះ ?

សូម​ចងចាំ​ថា ពួក​បរិសុទ្ធ​មួយ​ចំនួន​ក្នុង​រដ្ឋ នូវ យ៉ោក បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​ពួកគេ​ត្រូវបាន​បញ្ជា​ឲ្យ​ចាកចេញ​ពី​រដ្ឋ អូហៃអូ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:១៦, ៣១–៣៣រួច​ស្វែងរក​របៀប​ដែល​ពួក​បរិសុទ្ធ​នឹង​ត្រូវបាន​ពរ បើ​ពួកគេ​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​នេះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រះបញ្ញត្តិ​ដែល​បញ្ជា​ឲ្យ​ចាកចេញ​ពី​រដ្ឋ នូវ យ៉ោក អាច​ជា​សេចក្ដី​សង្គ្រោះ​ខាង​សាច់ឈាម​ដល់​ពួក​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

    2. តើ​ព្រះបញ្ញត្តិ​បញ្ជា​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ អាច​ក្លាយ​ទៅ​ជា​សេចក្ដី​សង្គ្រោះ​ខាង​វិញ្ញាណ​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

យើង​ស្វែងយល់​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា ព្រះអម្ចាស់​ពុំ​គ្រាន់តែ​ព្រមាន​យើង​អំពី​គ្រោះថ្នាក់​តែ​ប៉ុណ្ណោះ​ទេ ទ្រង់​ថែមទាំង​ប្រទាន​ព្រះបញ្ញត្តិ​ដើម្បី​ជា​ការការពារ​ដល់​ពួកយើង​ផងដែរ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ប្រយោគ​មួយ​ចំនួន ដែល​ពន្យល់​អំពី​របៀប​ដែល​ការរក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ អាច​ការពារ​យើង​បាន​ទាំង​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ​ផង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣៤-៤២

សមាជិក​សាសនាចក្រ​ត្រូវបាន​ប្រទាន​ព្រះបញ្ញត្តិ​ទាំងឡាយ​ស្ដីពី​ការប្រមូលផ្ដុំគ្នា​នៅ​រដ្ឋ អូហៃអូ

គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:៣៤–៤២ មាន​នូវ​ព្រះបញ្ញត្តិ និង ឱវាទ ដែល​នឹង​ជួយ​ពួកបរិសុទ្ធ​ក្នុង​ការផ្លាស់ទីលំនៅ​របស់​ពួកគេ​ទៅ​រស់នៅ​ឯ​រដ្ឋ អូហៃអូ ។ សម្រាប់​ពួក​បរិសុទ្ធ​ជា​ច្រើន ធនធាន​តែ​មួយ​គត់​ក្នុង​ជីវភាព​រស់នៅ​គឺ​ជា​កសិដ្ឋាន​របស់​ពួកគេ ។ ដោយ​មាន​សមាជិក​សាសនាចក្រ​ជា​ច្រើន​បាន​ដាក់​លក់​ដី​ធ្លី​របស់​ខ្លួន​ក្នុង​ពេល​តែ​មួយ នោះ​ការលក់​ចេញ​ដី​បាន​មាន​ច្រើន​បរិបូរណ៌​មួយ​រំពេច ។ ដោយ​មាន​ជម្រើស​ច្រើន នោះ​អតិថិជន​បាន​ទិញ​ដី​កសិដ្ឋាន​របស់​ពួក​បរិសុទ្ធ​ក្នុង​តម្លៃ​ថោក​ជាង​ធម្មតា ។

សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣៧, ៣៩ដោយ​ស្វែងរក​ឱវាទ​ទៅ​ដល់​ពួក​បរិសុទ្ធ អំពី​ដី​កសិដ្ឋាន​របស់​ពួកគេ ។ សូម​ពិចារណា​អំពី​របៀប​ដែល ការមាន​សេចក្ដីជំនឿ​លើ​ការសន្យា​ដ៏​អស់​កល្បជានិច្ច​របស់​ព្រះអម្ចាស់ អាច​ជួយ​យើង​ឲ្យ​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ទោះជា​ព្រះបញ្ញត្តិ​ទាំងនោះ​តម្រូវ​ឲ្យ​មាន​ការលះបង់​មួយ​ចេញ​យើង​ក្ដី ។

ពួក​បរិសុទ្ធ​ជាច្រើន​នៅ​រដ្ឋ នូវ យ៉ោក បាន​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​បាន​លះបង់​ដ៏​មហិមា​ដើម្បី​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ ។

  1. នៅ​ដើម​មេរៀន​ថ្ងៃ​នេះ អ្នក​ត្រូវបាន​សុំ​ឲ្យ​គិត​អំពី​ព្រះបញ្ញត្តិ​មួយ​ចំនួន ដែល​អាច​កាន់តែ​មាន​ការលំបាក​សម្រាប់​អ្នក​ក្នុង​ការគោរពប្រតិបត្តិ​តាម​ជាង​ព្រះបញ្ញត្តិ​ផ្សេងៗ​ទៀត ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​ការយល់ដឹង​ពី​គោលការណ៍ ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ អាច​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដីជំនឿ និង ទំនុកចិត្ត​ដែល​អ្នក​ត្រូវការ ដើម្បី​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងនោះ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖