ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩-៤០


មេរៀន​ទី ៩ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៩-៤០

បុព្វកថា

ក្នុង​ខែ មករា ឆ្នាំ ១៨៣១ អាចារ្យ​សាសនា​និកាយ​ប្រូតេស្ដង់​មួយ​រូប​ឈ្មោះ យ៉េម្ស ខូវ៉ល ( ជា​ញឹកញាប់​ត្រូវបាន​ប្រកប​ថា ខូវិល ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​សាសនាចក្រ ) បាន​ទៅ​ជួប យ៉ូសែប ស៊្មីធ នៅ​ភូម​ហ្វាយែត រដ្ឋ នូវ យ៉ោក ហើយ « បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះអម្ចាស់ ថា​គាត់​នឹង​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងអស់ ដែល​ព្រះអម្ចាស់​នឹង​ប្រទាន​ដល់​គាត់​តាមរយៈ … អ្នក​បម្រើ​របស់​ទ្រង់ [ ព្យាការី យ៉ូសែប ស្ម៊ីធ ] » ( Joseph Smith, នៅ​ក្នុង History of the Church ១:១៤៣ ) ។ ក្រោយមក យ៉ូសែប បាន​ទទួល​វិវរណៈ ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩ ។

នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ណែនាំ​ដល់ យ៉េម្ស ខូវ៉ល ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ផ្សាយ​អំពី​ភាពពោរពេញ​នៃ​ដំណឹងល្អ​នៅ​រដ្ឋ អូហៃអូ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​បន្ទាប់​ពី​បាន​ទទួល​វិវរណៈ​នេះ យ៉េម្ស បាន​ចាកចេញ​ពី​ភូមិ​ហ្វាយែត ដោយ​គ្មាន​វាចា​អ្វី​សោះ​ឡើយ ។ ភ្លាម​នោះ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ទៅ​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ដោយ​ពន្យល់​អំពី​មូលហេតុ​ដែល យ៉េម្ស ពុំ​បាន​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ដែល​បាន​ប្រទាន​ដល់​គាត់ ។ វិវរណៈ​នោះ ត្រូវបាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤០ ។ ( សូម​មើល Documents វ៉ុល ១ ៖ ខែ កក្កដា ឆ្នាំ ១៨២៨–ខែ មិថុនា ឆ្នាំ ១៨៣១ វ៉ុល ១ នៃ​កម្រង Documents នៃ The Joseph Smith Papers [ ឆ្នាំ ២០១៣ ] ទំព័រ ២៣៣–៣៧ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១-១២

ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ យ៉េម្ស ខូវ៉ល ឲ្យ​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ទទួល​ពិធីបុណ្យជ្រមុជទឹក

សូម​ស្រមៃ​ថា អ្នក​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​អំណោយ​មួយ​ដ៏​អស្ចារ្យ​តាមរយៈ​ឪពុកម្ដាយ ឬ មនុស្ស​ជាទី​ស្រឡាញ់ ។ តើ​អ្នក​អាច​គិត​អំពី​មូលហេតុ​ណា​មួយ ដែល​បណ្ដាល​ឲ្យ​អ្នក​មិន​ជ្រើសរើស​យក​អំណោយ​នោះ​ដែរ​ឬ​ទេ ?

រូបភាព
ក្មេង​ម្នាក់​ដែល​មាន​អំណោយ និង បណ្ណ​ជូនពរ

សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១–៣ដោយ​ស្វែងរក​អំណោយ ដែល​ព្រះវរបិតាសួគ៌ បាន​ប្រទាន​ដល់​កូនចៅ​ទ្រង់ តែ​ពួកគេ​មួយ​ចំនួន​បាន​ជ្រើសរើស​មិន​ទទួល​យក​អំណោយ​នោះ ។ ព្រះអម្ចាស់​ប្រើ​ឃ្លា « រាស្ត្រ​របស់​យើង » ដើម្បី​សំដៅ​ទៅ​លើ​រាស្ត្រ ដែល​ទ្រង់​បាន​បម្រើ​នៅ​ក្នុង​ជីវិត​រមែងស្លាប់ អំឡុង​ពេល​នៃ « កាល​ដ៏​ខ្ពង់ខ្ពស់​បំផុត » ។

អំណោយ​ដែល​រាស្ត្រ​ទាំងនេះ បាន​ជ្រើសរើស​មិន​ទទួល​យក​គឺ ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ពេល​យើង​ជ្រើសរើស​ទទួល​យក​អំណោយ​ជា​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ នោះ​មាន​ន័យ​ថា យើង​ទទួល​បាន​ពរជ័យ និង អំណោយ​កាន់តែ​លើសលែង​ទៅ​ទៀត ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:៤រួច​ស្វែងរក​អំណោយ​មួយ ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​ប្រទាន​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ទទួលយក​ទ្រង់ ។

យើង​ស្វែងយល់​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា បើ​យើង​ទទួល​យក​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​យើង​នូវ​អំណាច​ដើម្បី​ក្លាយ​ទៅ​ជា​កូនចៅ​របស់​ទ្រង់ ។ សូម​គិត​អំពី​ការគូសចំណាំ​ពាក្យ​ទាំងឡាយ ដែល​បង្រៀន​អំពី​គោលការណ៍​នេះ​នៅ​ក្នុង ខទី ៤ ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ពី​ប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​ការប្រែក្លាយ​ទៅ​ជា​បុត្រា និង បុត្រី​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« នៅ​ក្នុង​ន័យ​របស់​វាក្យសព្ទ ដែល​បាន​ប្រើ​នៅ​ក្នុង​បទគម្ពីរ ព្រះអង្គសង្គ្រោះ​ក្លាយ​ទៅ​ជា​ព្រះបិតា​របស់​យើង ព្រោះ​ទ្រង់​ប្រទាន​ដល់​យើង​នូវ​ជីវិត ដែល​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាមរយៈ​ដង្វាយធួន ដែល​បាន​ធ្វើ​ឡើង​ដើម្បី​យើង ។…

« ដូច្នេះ យើង​ក្លាយ​ទៅ​ជា​កូនចៅ​របស់​ទ្រង់ គឺ​ជា​បុត្រា និង បុត្រី​នៃ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​សេចក្ដីសញ្ញា​នៃ​ការគោរពប្រតិបត្តិ​របស់​យើង​ដែល​មាន​ចំពោះ​ទ្រង់ ។ ដោយសារតែ​សិទ្ធិអំណាច​ដ៏​ទេវភាព និង ពលិកម្ម​របស់​ទ្រង់​នៅ​លើ​ឈើឆ្កាង នោះ​យើង​ក្លាយ​ទៅ​ជា​បុត្រា និង បុត្រី​បង្កើត​ខាង​វិញ្ញាណ​របស់​ទ្រង់ ហើយ​ទ្រង់​គឺ​ជា ព្រះបិតា​របស់​យើង » (Doctrines of Salvation,comp Bruce R. McConkie 3vols. [១៩៥៤–៥៦] ១:២៩ ) ។

  1. យោងតាម​អ្វី​ដែល​ប្រធាន ស៊្មីធ បាន​បង្រៀន សូម​សរសេរ​ជា​ពាក្យ​ពេចន៍​ផ្ទាល់ខ្លួន​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​យើង​អាច​ក្លាយ​ទៅ​ជា​កូនចៅ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ដូច​ដែល​អ្នក​បាន​ស្វែងយល់​រួច​មក​ហើយ​ថា យើង​ត្រូវតែ​ជ្រើសរើស​ទទួល​យក​ព្រះយេស៊ូវគ្រីស្ទ ពី​មុន​យើង​ទទួល​បាន​អំណាច​ដើម្បី​ក្លាយ​ទៅ​ជា​បុត្រា និង បុត្រី​ទ្រង់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:៥-៦ដោយ​ស្វែងរក​ការណ៍ ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ទទួល​យក​ទ្រង់​និង អំណាច​របស់​ទ្រង់​ដើម្បី​ក្លាយ​ទៅ​ជា​បុត្រា និង បុត្រី​ទ្រង់ ។

សូម​សង្ខេប​ជា​ពាក្យ​ពេចន៍​ផ្ទាល់ខ្លួន​របស់​អ្នក នូវ​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ក្លាយ​ទៅ​ជា​បុត្រា និង បុត្រី​របស់​ព្រះយេស៊ូវគ្រីស្ទ ៖

ដូច​ដែល​អ្នក​បាន​រៀន​អំពី​បុព្វកថា​នៃ​មេរៀន​នេះ វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩ ត្រូវបាន​ប្រទាន​ឲ្យ​អាចារ្យ​សាសនា​និកាយ​ប្រូតេស្ដង់​មួយ​រូប​ឈ្មោះ យ៉េម្ស ខូវ៉ល ភ្លាមៗ​បន្ទាប់​ពី​គាត់​បាន​ស្វែងយល់​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ ហើយ​គាត់​បាន​ធ្វើ​សេចក្ដីសញ្ញា ដើម្បី​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងអស់ ដែល​គាត់​បាន​ទទួល​តាម​រយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថា​តើ​អ្នក​គិត​ថា ការបង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១–៦ អនុវត្ត​ចំពោះ យ៉េម្ស ខូវ៉ល យ៉ាង​ណា​ដែរ ។ សូម​សរសេរ​ផងដែរ អំពី​គំនិត​របស់​អ្នក ថាតើ​ខគម្ពីរ​ទាំងនេះ​អនុវត្ត​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:៧-៩ ។ តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដូចម្ដេច អំពី​ស្ថានភាព​នៃ​ចិត្ត​របស់ យ៉េម្ស ខូវ៉ល នៅ​គ្រា​ដែល​វិវរណៈ​នេះ​ត្រូវបាន​ប្រទាន​ដល់​គាត់ ? ( អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ ឥឡូវនេះ នៅ​ក្នុង ខទី ៨ ) ។ តើ​ហេតុផល​ណា​ខ្លះ ដែល​ព្រះអម្ចាស់​បាន​លើកឡើង​អំពី​មូលហេតុ​ដែល យ៉េម្ស បាន​បដិសេធ​ទ្រង់​កាល​ពី​មុន​នោះ ? ប្រសិនបើ​អ្នក​ធ្លាប់​មាន​ស្ថានភាព​ដូចជា យ៉េម្ស តើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ដូចម្ដេច ក្រោយ​ពី​បាន​ឮ​ព្រះបន្ទូល​ទាំងនេះ​ហើយ ? ហេតុអ្វីទៅ ?

  1. សូម​ចម្លង​តារាង​ខាងក្រោម​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    បើ​អ្នក​នឹង …

    នោះ …

    សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១០-១២ ។ ពេល​អ្នក​អាន សូមរក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បង្គាប់​ដល់ យ៉េម្ស ខូវ៉ល ឲ្យ​ធ្វើ ។ សូម​សរសេរ​ការបង្គាប់​នោះ​ក្រោម​ពាក្យ​ថា « ប្រសិនបើ​អ្នក​នឹង …» នៅលើ​តារាង ។ លើសពី​នេះ​ទៅ​ទៀត សូម​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​សន្យា​ជាមួយ យ៉េម្ស ខូវ៉ល ថា​គាត់​នឹង​ទទួល​បាន​ការណ៍​នោះ បើ​គាត់​គោរពប្រតិបត្តិ​តាម​ព្រះអម្ចាស់ ។ សូម​សរសេរ​ពរជ័យ​ដែល​បាន​សន្យា​ទាំងនេះ ដាក់​នៅ​ក្រោម​ចំណង​ជើង « នោះ … » នៅ​លើ​តារាង ។

សូម​ពិចារណា​អំពី​ពរជ័យ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ យ៉េម្ស ខូវ៉ល ។ ទោះជា យ៉េម្ស បាន​បម្រើ​ជា​អាចារ្យ​សាសនា​អស់​រយៈ​ពេល ៤០ ឆ្នាំ​មក​ហើយ​ក្ដី ក៏​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​គាត់​នូវ​ភាពពោរពេញ​នៃ​ដំណឹងល្អ ដែល​រួម​បញ្ចូល​ទាំង​ការទទួលខុសត្រូវ និង ពរជ័យ​នានា ដែល​គាត់​ពុំ​ធ្លាប់​មាន​ពី​មុន​មក​មាន​ដូចជា អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការតែងតាំង​បព្វជិតភាព ។

សូម​កត់ចំណាំ​ពាក្យ បើសិនជា នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១០–១១ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ពិចារណា​អំពី​ចំណុច​ពិសេស​នៃ​ពាក្យ បើសិនជា នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ និង អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ យ៉េម្ស ខូវ៉ល ថា​គាត់​នឹង​ត្រូវ​ធ្វើ ដើម្បី​ទទួលបាន​ពរជ័យ​នានា​ដែល​បាន​សន្យា​ទុក ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា ពរជ័យ​នានា​ដែល​ព្រះអម្ចាស់​បាន​សន្យា​ទុក​នោះ គឺ​ស្រប​ទៅ​តាម​ការស្ដាប់​តាម​ព្រះសូរសៀង​របស់​ទ្រង់ ។ អ្នក​អាច​នឹង​សរសេរ​សេចក្ដីពិត​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ក្បែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩:១០-១១ ។

  1. សូម​គិត​អំពី​ពរជ័យ​មួយ​ចំនួន ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​អ្នក ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ពរជ័យ​ទាំងនេះ​ចំនួន​បី ថែមទាំង​អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ​ដើម្បី​ទទួលបាន​ពរជ័យ​ទាំងនោះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១៣-២៤

យ៉េម្ស ខូវ៉ល ត្រូវបាន​ហៅ​ឲ្យ​ផ្សាយ​អំពី​ភាពពោរពេញ​នៃ​ដំណឹងល្អ​នៅ​រដ្ឋ អូហៃអូ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១៣-១៤រួច​ស្វែងរក​ទីកន្លែង ដែល​ព្រះអម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ យ៉េម្ស ខូវ៉ល ទៅ​ផ្សាយ​ដំណឹងល្អ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១៥–២៤ ព្រះអម្ចាស់​បាន​ប្រទាន​សេចក្ដីណែនាំ​ទៅ​ដល់ យ៉េម្ស ខូវ៉ល អំពី​ការណ៍​ដែល​គាត់​ត្រូវ​បង្រៀន ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:២២រួច​ពិចារណា ថា​តើ​វា​ទាក់ទង​ទៅ​នឹង​គោលការណ៍​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​វិវរណៈ​នេះ​យ៉ាង​ដូចម្ដេច ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤០

ព្រះអម្ចាស់​បើក​សម្ដែង​អំពី​មូលហេតុ​ដែល យ៉េម្ស ខូវ៉ល បាន​បដិសេធ​ព្រះបន្ទូល​ទ្រង់

នៅ​ថ្ងៃ​បន្ទាប់​ពី​បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩ យ៉េម្ស ខូវ៉ល បាន​ចាកចេញ​ពី​ភូមិហ្វាយែត រដ្ឋ នូវ យ៉ោក ដោយ​គ្មាន​វាចា​អ្វី​សោះ​ឡើយ ។ ព្រះអម្ចាស់​បាន​បើកសម្ដែង​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន អំពី​មូលហេតុ​ដែល យ៉េម្ស ពុំ​បាន​គោរពប្រតិបត្តិ​តាម​សេចក្ដីណែនាំ​របស់​ទ្រង់ ហើយ​ទទួល​យក​ពរជ័យ​ដែល​បាន​សន្យា​ទុក​នោះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤០:១–៣ដោយ​ស្វែងរក​មូលហេតុ ដែល​គាត់​ពុំ​បាន​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ។

សូម​ប្រៀបធៀប គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:៨ និង ៤០:១ ដើម្បី​ឃើញ​ថា ដួងចិត្ត​របស់ យ៉េម្ស ខូវ៉ល បាន​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ បាន នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤០:១ ។

សូម​ប្រៀបធៀប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩:៩ និង ៤០:២ ។ យោងតាម​ខគម្ពីរ​ទាំងនោះ សូម​បង្កើត​បញ្ជី​ហេតុផល​ចំនួន​បី អំពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ យ៉េម្ស ខូវ៉ល បាន​បដិសេធ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ បាន​បកស្រាយ​បំភ្លឺ​ថា ៖ « [ យ៉េម្ស ខូវ៉ល ] បាន​ប្រែចិត្ត​ជឿ​លើ​សេចក្ដីពិត​ទៅ​ហើយ ដ្បិត​វា​មាន​សភាព​ច្បាស់លាស់ ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង​ដល់​គាត់ អំពី​ការណ៍​ដែល​មាន​តែ​គាត់ និង ព្រះអម្ចាស់​ប៉ុណ្ណោះ ដែល​ដឹង​ថា​ជា​សេចក្ដីពិត​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​គាត់​បាន​ដក​ខ្លួន​ចេញ​ពី​អានុភាព​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ហើយ​យក​ពេល​ទៅ​គិត​អំពី​បញ្ហា​ថា​គាត់​នឹង​បាត់បង់​មិត្តភក្ដិ​នៃ​លោកិយ ថែមទាំង​ទីតាំង និង មុខ​តំណែង​ក្នុង​ចំណោម​ពួក​អ្នក​ជឿ​របស់​គាត់​ផង​នោះ គឺ​គាត់​បាន​ចុះចាញ់ ហើយ​បាន​បដិសេធ​ចោល​នូវ​ការសន្យា និង ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​គាត់ » ( Church History and Modern Revelation វ៉ុល ២ [ ឆ្នាំ ១៩៥៣ ] ១:១៧៤ ) ។

តើ​សព្វថ្ងៃ​នេះ មាន​អ្វី​ដែល​អាច​ល្បួង​យើង​ឲ្យ​បដិសេធ​ចោល​ព្រះបន្ទូល​ព្រះ ? អ្នក​អាច​សរសេរ​គោលការណ៍​ដូច​តទៅនេះ​ដាក់​នៅ​ក្នុង​បទគម្ពីរ​របស់​អ្នក​ក្បែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤០ និង ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ សេចក្ដី​កោតខ្លាច និង ការខ្វាយខ្វល់​ពី​លោកិយ អាច​នាំ​ឲ្យ​យើង​បដិសេធ​ចោល​ព្រះបន្ទូល​ព្រះ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​សេចក្ដី​កោតខ្លាច និង ការខ្វាយខ្វល់​ពី​លោកិយ ដែល​អាច​រារាំង​យើង​មិន​ឲ្យ​ដើរតាម​ព្រះអម្ចាស់​ដោយ​អស់​ពី​ដួងចិត្ត ។ ក្រោយ​មក សូម​សរសេរ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​មាន​សេចក្ដីជំនឿ​ក្នុង​ការយកឈ្នះ​លើ​សេចក្ដី​កោតខ្លាច ឬ ការខ្វាយខ្វល់​ពី​លោកិយ ហើយ​ទទួល​យក​ព្រះអម្ចាស់​ដោយ​ស្មោះស្ម័គ្រ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩-៤០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖