ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣ ៖ ថ្ងៃ​ទី ១ កន្លែង​កណ្ដាល​នៃ​ក្រុង​ស៊ីយ៉ូន


មេរៀន​ទី ១៣ ៖ ថ្ងៃ​ទី ១

កន្លែង​កណ្ដាល​នៃ​ក្រុង​ស៊ីយ៉ូន

សេចក្តីផ្តើម

មេរៀន​នេះ​រំឭក​អំពី​ព្រឹត្តិការណ៍​បី​បួន​ក្នុង​ប្រវត្តិ​សាសនាចក្រ ដែល​កើតឡើង​នៅ​ឃុំចាកសុន រដ្ឋ មិសសួរី ។ ក្នុង​រដូវ​ក្ដៅ​ឆ្នាំ ១៨៣១ ពួក​បរិសុទ្ធ​មួយ​ចំនួន ដែល​បាន​ប្រមូល​គ្នា​នៅ​រដ្ឋ អូហៃអូ បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ទៅ​តាំងលំនៅ​នៅ​ឃុំចាកសុន រដ្ឋ មិសសួរី ។ ក្នុង​វិវរណៈ​ដែល​បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ក្នុង​ខែ កក្កដា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ចង្អុល​បង្ហាញ​ថា ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី គឺ​ជា « កន្លែង​កណ្ដាល » នៃ​ក្រុង​ស៊ីយ៉ូន ( គ. និង ស. ៥៧:៣ ) ។ ពួក​បរិសុទ្ធ​បាន​ចាប់ផ្ដើម​ស្ថាបនា​ទីក្រុង ហើយ​បាន​ខ្នះខ្នែង​រស់នៅ​តាម​ក្រឹត្យវិន័យ​ទាំងឡាយ​នៃ​ព្រះ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ការទាស់ទែងគ្នា​បាន​កើតឡើង​រវាង​ពួក​បរិសុទ្ធ និង ប្រជាជន​នៃ​រដ្ឋ មិសសួរី ដទៃ​ទៀត ដែល​បណ្ដាល​ឲ្យ​មាន​ហិង្សា​ពី​មនុស្សកំណាច​ប្រឆាំង​នឹង​ពួក​បរិសុទ្ធ ។ ពួក​បរិសុទ្ធ​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ឃុំ​ចាកសុន ក្នុង​ខែ វិច្ឆិកា និង ខែ ធ្នូ ឆ្នាំ ១៨៣៣ ។

ព្រះអម្ចាស់​បាន​ចង្អុល​បង្ហាញ​ថា ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី គឺ​ជា​កន្លែង​កណ្ដាល​នៃ​ក្រុង​ស៊ីយ៉ូន

សូម​ស្រមៃ​ថា អ្នក​កំពុង​តែ​បោះជំរំ ហើយ​អ្នក​ដឹង​ថា​មាន​ព្យុះ​មួយ​នឹង​បោកបក់​មក​ដល់ ។ តើ​មាន​វិធី​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​អាច​នឹង​បាន​ការការពារ​ពី​ព្យុះ​នោះ ? តើ​ត្រសាល​អាច​មាន​សារៈសំខាន់​នៅ​ក្នុង​ស្ថានភាព​នេះ​ដែរ​ឬ​ទេ ?

នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ព្យាការី អេសាយ បាន​ប្រើ​ពាក្យ​ត្រសាល ប្រដូច​ទៅ​នឹង​ក្រុង​ស៊ីយ៉ូន​ដែល​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ ទុក​ជា​ការការពារ​សម្រាប់​ពួក​បរិសុទ្ធ ( សូម​មើល អេសាយ ៥៤:២ ) ។ ពួក​អ៊ីស្រាអែល​បាន​ប្រើ​ត្រសាល​ធ្វើ​ជា​ទី​ជម្រក ហើយ​ស្នាក់នៅ កាល​ពួកគេ​រស់នៅ និង ធ្វើ​ដំណើរ​ក្នុង​ទីវាល​រហោស្ថាន ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​អំពី​និមិត្តរូប​ដែល​ទាក់ទង​ទៅ​នឹង​ត្រសាល​ថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« សូម​ស្រមៃ​ក្នុង​ចិត្ត​របស់​អ្នក​អំពី​ត្រសាល​ដ៏​ធំ​មួយ ដែល​ត្រូវ​បាន​ចង​ដោយ​ខ្សែ​ភ្ជាប់​ទៅ​នឹង​ស្នឹង​ជា​ច្រើន ដែល​ត្រូវបាន​ដំ​ចូល​ទៅ​ក្នុង​ដី​យ៉ាង​មាំ ។

« ព្យាការី​បាន​ប្រៀបប្រដូច​ស៊ីយ៉ូន​នៅ​ថ្ងៃចុង​ក្រោយ​ទៅនឹង​ត្រសាល​ដ៏​ធំ​មួយ​នៅលើ​ផែនដី ។ ត្រសាល​នោះត្រូវ​បាន​ចង​ដោយ​ខ្សែ​យ៉ាង​ជាប់ ទៅនឹង​ចំរឹង ។ មែនហើយ ចំរឹង​ទាំងនោះ​គឺជា​តំបន់​ភូមិសាស្ដ្រ​ខុសៗគ្នា​ដែល​មាន​ទូទាំង​ផែនដី ។ ថ្មីៗ​នេះ សាសន៍​អ៊ីស្រាអែល​ត្រូវបាន​ប្រមូល​ផ្ដុំ​នៅ​ស្តេក​ខុសៗ​គ្នា​នៃ​ទីក្រុង​ស៊ីយ៉ូន » ( “Strengthen Thy Stakes,” Ensign,ខែ មករា ឆ្នាំ ១៩៩១ ទំព័រ ២ ) ។

រូបភាព
ត្រសាល

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៦ដោយ​ស្វែងរក​មើល​ប្រភេទ​នៃ​ការការពារ ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អស់​អ្នក​ដែល​នឹង​មក​ប្រមូល​គ្នា​នៅ​ក្រុង​ស៊ីយ៉ូន នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពី​ជំនាន់​ដំបូង បាន​គិត​ថា ក្រុង​ស៊ីយ៉ូន ជា​ទីកន្លែង​សុខសាន្ត សុវត្ថិភាព និង ជា​ទីការពារ​ពី​ពួក​ទុច្ចរិត ( សូម​មើល គ. និង ស. ៤៥:៦៦–៧១ ) ។ ពួកគេ​បាន​រង់ចាំ​ដោយ​អន្ទះសា ឲ្យ​ព្រះអម្ចាស់​បើកសម្ដែង​ពី​ទីតាំង​នៃ​ក្រុង​ស៊ីយ៉ូន ដើម្បី​ពួកគេ​អាច​ចាប់ផ្ដើម​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ឡើង ។ ក្នុង​ខែ កក្កដា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ប្រកាស​ថា ដែនដី​មិសសួរី គឺ​ជា​ដែនដី​ស៊ីយ៉ូន​ដែល​បាន​សន្យា ហើយ​ថា ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី គឺ​ជា « កន្លែង​កណ្ដាល » នៃ​ក្រុង​ស៊ីយ៉ូន ( សូម​មើល គ. និង ស. ៥៧:១–៣ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ប្រសិនបើ​អ្នក​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​ជំនាន់​ដំបូង តើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ដូចម្ដេច នៅ​ពេល​បាន​ដឹង​អំពី​ទីកន្លែង​ដែល​ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវបាន​ស្ថាបនា​ឡើង​នោះ ?

    2. តើ​អ្នក​នឹង​ចង់​ចាប់ផ្ដើម​ស្ថាបនា​ក្រុង​នោះ​ឡើង​នៅ​ពេល​ណា ? ហេតុអ្វី ?

តើ​អ្នក​ធ្លាប់​ដំឡើង​ត្រសាល​ដោយ​ពុំ​ត្រឹមត្រូវ ឬ ព្យាយាម​ដំឡើង​វា​ដោយ​ពុំ​ប្រើប្រាស់​ផ្នែក​ទាំងអស់​របស់​វា​ដែរ​ឬ​ទេ ? តើ​មាន​អ្វី​បាន​កើតឡើង ឬ តើ​អ្នក​គិត​ថា​នឹង​មាន​អ្វី​កើតឡើង ?

ដូចជា​ត្រសាល​ដែល​ត្រូវ​ដំឡើង​ទៅ​តាម​របៀប​ត្រឹមត្រូវ និង ដោយ​ប្រើប្រាស់​ផ្នែក​ទាំងអស់​របស់​វា នោះ​ក្រុង​ស៊ីយ៉ូន​ក៏​ត្រូវតែ​បាន​ស្ថាបនា​ឡើង​ស្រប​ទៅ​តាម​របៀប​ជាក់លាក់​មួយ​ដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៥ដោយ​ស្វែងរក​របៀប​ដែល « ត្រសាល » នៃ​ក្រុង​ស៊ីយ៉ូន​ត្រូវតែ​បាន​ស្ថាបនា​ឡើង ដើម្បី​ឲ្យ​ព្រះអម្ចាស់​ទទួល​យក ។

សូម​កត់ចំណាំ​ថា ក្រុង​ស៊ីយ៉ូន​ត្រូវតែ​បាន​ស្ថាបនា​ឡើង​នៅ​លើ​គោលការណ៍​នៃ​សុចរិតភាព ។ បន្ទាប់​ពី​ព្រះអម្ចាស់​បាន​បើកសម្ដែង​ពី​ទីតាំង​នៃ​ដែនដី​ក្រុង​ស៊ីយ៉ូន​ក្នុង​ឆ្នាំ ១៨៣១ ទ្រង់​បាន​ប្រទាន​វិវរណៈ​ជា​ច្រើន​នៅ​ពីរ​ឆ្នាំ​ក្រោយ​មក ដោយ​ពិពណ៌នា​អំពី​គោលការណ៍ ដែល​ពួក​បរិសុទ្ធ​គួរតែ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ឡើង ។

សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម ដោយ​ស្វែងរក​គោលការណ៍​នៃ​សុចរិតភាព និង ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​ពួក​បរិសុទ្ធ​ត្រូវ​ធ្វើតាម​ដើម្បី​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ឡើង​ដោយ​ជោគជ័យ ។ នៅ​ក្នុង​ចន្លោះ​ដែល​បាន​ផ្ដល់​ឲ្យ សូម​សរសេរ​គោលការណ៍ និង ព្រះបញ្ញត្តិ​មួយ​ចំនួន ដែល​អ្នក​រក​ឃើញ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១៤-១៩

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៧:១០-១៦

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៧:២១-២២, ២៥-២៧ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៤-៩

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការរស់នៅ​តាម​គោលការណ៍​នៃ​សុចរិតភាព​ទាំងនេះ បាន​ជួយ​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ត្រូវបាន​ការពារ​ពី​ព្យុះ​ខាង​វិញ្ញាណ​តាម​របៀប​ណា ?

    2. តើ​ការរស់នៅ​តាម​គោលការណ៍​ទាំងនេះ អាច​នឹង​ជួយ​ការពារ​យើង​នា​ពេល​សព្វថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

ការទាស់ទែងគ្នា​កើតឡើង​រវាង​ពួក​បរិសុទ្ធ និង ប្រជាជន​រដ្ឋ មិសសួរី

បន្ទាប់​ពី​ព្រះអម្ចាស់​បាន​បើកសម្ដែង​ទីតាំង​នៃ​ក្រុង​ស៊ីយ៉ូន​ក្នុង​ខែ កក្កដា ឆ្នាំ ១៨៣១ ពួក​បរិសុទ្ធ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ជិត ១៤៤៨ គីឡូម៉ែត្រ​ពី​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ទៅ​កាន់​ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ដើម្បី​តាំង​លំនៅ និង​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ឡើង ។

រូបភាព
ផែនទី​ក្រុង​អ៊ិនឌីប៉ែនដែនស៍​ទៅ​កាន់​ទីក្រុង ខឺត​ឡង់

សូម​មើល​ទៅ​ការណែនាំ​អំពី​ត្រសាល​នៅ​ដើម​មេរៀន​នេះ ។ ជា​ញឹកញាប់ ត្រសាល​ពី​បុរាណ​អាច​ពង្រីក​ទំហំ​បាន ដើម្បី​បំពេញ​តាម​ការរីក​ធំ​ឡើង​នៃ​ក្រុមគ្រួសារ ។ ក្នុង​ការបំពេញ​តាម​ការព្យាករណ៍​មួយ​ផ្នែក​របស់​ព្យាការី អេសាយ​គឺ​ថា ព្រំដែន​នៃ​ត្រសាល​ស៊ីយ៉ូន​ត្រូវបាន​ពង្រីក ខ្សែ​ត្រូវបាន​បន្លាយ ហើយ​ស្នឹង​ត្រូវបាន​ពង្រឹង ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ត្រូវបាន​ចង្អុល​បង្ហាញ​ថា​ជា « ស្តេក​មួយ​ដល់​ក្រុង​ស៊ីយ៉ូន » ( គ. និង ស. ៨២:១៣ ) គឺ​នៅ​បន្ទាប់​ពី​កន្លែង​កណ្ដាល​នៃ​ក្រុង​ស៊ីយ៉ូន​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។ ទាំង​ក្នុង​សាសនាចក្រ​ពី​ជំនាន់​ដំបូង និង ក្នុង​សាសនាចក្រ​នៅ​ជំនាន់​សព្វថ្ងៃ​នេះ ពួក​បរិសុទ្ធ​ដែល​ប្រមូល​គ្នា​នៅ​ក្រុង​ស៊ីយ៉ូន ទទួលបាន​ពរជ័យ​នៃ​ការការពារ​ពី​ក្រុង​ស៊ីយ៉ូន ។ ការណ៍​នេះ​មាន​ន័យ​ថា ពួក​បរិសុទ្ធ​ដែល​រស់នៅ​ក្នុង​ស្តេក​នៃ​ស៊ីយ៉ូន អាច​រីករាយ​នឹង​ពរជ័យ និង ការការពារ​ដូចគ្នា​ទៅ​នឹង​ពួក​បរិសុទ្ធ​ដែល​រស់នៅ​ចំ​កន្លែង​កណ្ដាល​នៃ​ក្រុង​ស៊ីយ៉ូន​ដែរ ។

សូម​អាន​ព័ត៌មាន​ខាង​ក្រោម​នេះ អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​ដែល​រស់នៅ​ក្នុង​ស្តេក​នៃ​ស៊ីយ៉ូន​នៅ​ទីក្រុង ខឺត​ឡង់ បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ការស្ថាបនា​កន្លែង​កណ្ដាល​នៃ​ក្រុង​ស៊ីយ៉ូន​ឡើង​នៅ​រដ្ឋ មិសសួរី ។ សូម​ស្វែងរក​ការណ៍ ដែល​ពួក​បរិសុទ្ធ​នៅ​ទីក្រុង ខឺតឡង់ បាន​ធ្វើ​ដើម្បី​ជួយ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ឡើង ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ការយល់ដឹង​មួយ​ចំនួន ដែល​អ្នក​គិត​ថា​មាន​ប្រយោជន៍ ។

ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ៖ ក្នុង​សម័យ​ប្រជុំ​សន្និសីទ​ទូទៅ​មួយ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ បាន​ចងក្រង​ផ្ដុំ​គ្នា​នូវ​វិវរណៈ​ទាំងឡាយ ដែល​បាន​ទទួល​រហូត​ដល់​ពេល​នោះ ហើយ​បាន​គ្រោង​នឹង​បោះពុម្ព​វិវរណៈ​ទាំងនោះ​ចេញ​ជា​ព្រះគម្ពីរ ។ អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ បាន​ទទួល​ខុសត្រូវ​ក្នុង​ការនាំ​យក​វិវរណៈ​ទាំងនោះ​ទៅ​កាន់​រដ្ឋ មិសសួរី ដើម្បី​ឲ្យ វិលលាម ដ័បបុលយូ ហ្វែប្ស អាច​បោះពុម្ព​ចេញ​ជា​ព្រះគម្ពីរ​នៃ​បទបញ្ញត្តិ ។ អំឡុង​ឆ្នាំ ១៨៣១–៣២ យ៉ូសែប ស្ម៊ីធ បាន​បន្ត​ទទួល​វិវរណៈ ហើយ​ខិតខំ​បកប្រែ​ដ៏​បំផុសគំនិត​លើ​ព្រះគម្ពីរ​ប៊ីប ។ នា​រដូវ​ផ្ការីក​ក្នុង​ឆ្នាំ ១៨៣២ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ មិសសួរី ដើម្បី​សួរ​សុខទុក្ខ​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ព្រមាន​ពួកគេ​ថា សាតាំង​កំពុង​តែ​ព្យាយាម « ដើម្បី​បំបែរ​ចិត្ត​ពួកគេ​ចេញ​ពី​សេចក្ដី​ពិត » ( គ. និង ស. ៧៨:១០ ) និង ដើម្បី​ចាត់ចែង​ឃ្លាំង​របស់​ប៊ីស្សព​នៅ​ទីក្រុង ខឺតឡង់ និង ក្រុង អ៊ិនឌីប៉ែនដែនស៍ ។ ពួក​បរិសុទ្ធ​ជាច្រើន​បាន​បន្ត​ផ្លាស់​លំនៅ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន ហើយ​ត្រឹម​ចុង​ឆ្នាំ ១៨៣២ មាន​សមាជិក​សាសនាចក្រ​ប្រមាណ​មួយ​ភាគ​បី បាន​រស់នៅ​ក្នុង​ឃុំចាកសុន រដ្ឋ មិសសួរី ។ នៅ​ក្នុង​សាសនាចក្រ​ជំនាន់​ដំបូង ពួក​បរិសុទ្ធ​រស់នៅ​រដ្ឋ អូហៃអូ និង ពួក​បរិសុទ្ធ​រស់នៅ​រដ្ឋ មិសសួរី បាន​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ផ្ដល់​មូលនិធិ​ជា​ប្រាក់ និង ជា​ធនធាន​ក្នុង​ការស្ថាបនា​ក្រុង​ស៊ីយ៉ូន​ឡើង ។

សូម​ពិចារណា​អំពី​របៀប ដែល​ព្យាការី យ៉ូសែប ស៊្មីធ និង ពួក​បរិសុទ្ធ​ដទៃ​ទៀត​ក្នុង​រដ្ឋ អូហៃអូ បាន​ជួយ​ដល់​ពួក​បរិសុទ្ធ​ក្នុង​រដ្ឋ មិសសួរី ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ឡើង ។

សូម​អាន​ព័ត៌មាន​ខាង​ក្រោម អំពី​ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ដោយ​ស្វែងរក​អ្វី​ដែល​រារាំង​ពួក​បរិសុទ្ធ​ពី​ការស្ថាបនា​ក្រុង​ស៊ីយ៉ូន​ឡើង ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ការយល់ដឹង​មួយ​ចំនួន ដែល​អ្នក​គិត​ថា​មាន​ប្រយោជន៍ ។

ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ៖ ប៉ាលី ភី ប្រាត្ត បាន​ពិពណ៌នា​អំពី​ការតាំងលំនៅ​របស់​ពួក​បរិសុទ្ធ​នៅ​ក្រុង​ស៊ីយ៉ូន ដោយ​ប្រកាស​ថា « សន្តិភាព និង ភាពសម្បូរសប្បាយ​បាន​បំពាក់​មកុដ​ដល់​អ្នក​ប្រឹងប្រែង​ធ្វើការ ហើយ​ទីរហោស្ថាន​បាន​ក្លាយ​ទៅ​ជា​ចម្ការ​ដែល​ពាសពេញ​ទៅ​ដោយ​ភោគផល » ( Autobiography of Parley Parker Pratt ការបោះពុម្ព​របស់ ប៉ាលី ភី ប្រាត្ត [ ឆ្នាំ ១៩៣៨ ] ទំព័រ ៩៣ ) ។ ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​នៅ​រដ្ឋ មិសសួរី បាន​ទិញ​ដី សាងសង់​ឃ្លាំង និង ដំឡើង​ម៉ាស៊ីន​បោះពុម្ព ហើយ​បាន​បំពេញ​តាម​តម្រូវការ​របស់​ពួក​បរិសុទ្ធ​ដែល​នឹង​ធ្វើ​ដំណើរ​មក​ដល់ ។ ត្រឹម​ខែ កក្កដា ឆ្នាំ ១៨៣៣ ចំនួន​សមាជិក​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ទី​នោះ បាន​កើនឡើង​ដល់​ជិត ១២០០ នាក់ ។ ប៉ុន្តែ ថ្នាក់​ដឹកនាំ​សាសនាចក្រ និង សមាជិក​ពុំ​មែន​រស់នៅ​ដោយ​ពុំ​មាន​បញ្ហា​នោះ​ទេ ។ សមាជិក​មួយ​ចំនួន​បាន​អនុញ្ញាត​ឲ្យ​ភាពអាត្មានិយម និង ភាពលោភលន់​មក​រារាំង​ពួកគេ​ពី​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​ដែរ បាន​មាន​កង្វល់​កាន់តែ​ខ្លាំង​អំពី​វឌ្ឍនភាព​យ៉ាង​រហ័ស​របស់ « ពួក​មរមន » និង ឥទ្ធិពល​របស់​ពួកគេ​ទៅ​លើ​សេដ្ឋកិច្ច និង នយោបាយ​ក្នុង​ស្រុក ។ ថ្នាក់​ដឹកនាំ​សាសនា​ក្នុង​តំបន់​នោះ បាន​បរិសេធ​ជំនឿ​របស់​ពួក​បរិសុទ្ធ ។ ថ្នាក់​ដឹកនាំ​សាសនា​ម្នាក់ បាន​រាលដាល​ពាក្យ​ចចាមអារ៉ាម​អំពី​សមាជិក​សាសនាចក្រ ហើយ​បាន​ញុះញង់​ឲ្យ​ប្រជាជន​ប្រព្រឹត្ត​អំពើ​ហិង្សា​ប្រឆាំង​នឹង​ពួកគេ ។ ទីបំផុត​ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង​ក្នុង​សណ្ឋាន​បែប​ជា​នយោបាយ រួម​ទាំង​បញ្ហា​នៃ​ទាសភាព​ផងដែរ ។ បន្ទាប់​ពី វិលលាម ដ័បបុលយូ ហ្វែប្ស បាន​បោះពុម្ព​អត្ថបទ​ក្រោម​ចំណង​ជើង​ថា « ដោះលែង​ពួក​ស្បែក​ខ្មៅ » ជា​អត្ថបទ ដែល​ប្រជាជន​រដ្ឋ មិសសួរី ដែល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​ទាសភាព សន្និដ្ឋាន​យ៉ាង​ខុស​ស្រឡះ​ថា ពួក​បរិសុទ្ធ​កំពុង​តែ​អញ្ជើញ​ពួក​ទាសករ​ដែល​ត្រូវបាន​ដោះលែង​ឲ្យ​ទៅ​រដ្ឋ មិសសួរី ។ នៅ​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ មនុស្ស​កំណាច​មួយ​ក្រុម​បាន​ទៅ​ក្រុង​អ៊ិនឌីប៉ែនដែនស៍ បាន​គ្រវែង​ម៉ាស៊ីន​បោះពុម្ព​ទៅ​លើ​ផ្លូវ វាយ​កំទេច​ការិយាល័យ​បោះពុម្ព បំផ្លាញ​សន្លឹក​ទំព័រ​នៃ​ព្រះគម្ពីរ​នៃ​បទបញ្ញត្តិ​ដែល​ពុំ​ទាន់​បាន​កឹប​ភ្ជាប់ លាប​ជ័រ​កៅស៊ូ ហើយ​ចាក់​ស្លាប​សត្វ​នៅ​ខ្លួន​ប៊ីស្សព អែតវឺត ប៉ាទ្រិច និង អ្នក​ប្រែចិត្ត​ជឿ​ឈ្មោះ ឆាលស៍ អេលែន ព្រម​ទាំង​បាន​ធ្វើ​ឲ្យ​ទីក្រុង​ទាំងមូល​មាន​ការភ័យ​រន្ធត់ ។ ការប្រទូសរ៉ាយ​បាន​បន្ត​កើតឡើង ហើយ​ពួក​បរិសុទ្ធ​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ឃុំ​ចាកសុន ក្នុង​ខែ វិច្ឆិកា និង ខែ ធ្នូ ក្នុង​ឆ្នាំ​នោះ​ឯង ។

រូបភាព
ការវាយប្រហារ​របស់​ក្រុម​មនុស្ស​កំណាច ទៅ​លើ​ពួក​បរិសុទ្ធ​នៅ​ឃុំចាកសុន រដ្ឋ មិសសួរី

សូម​ស្រមៃ​ថា​តើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ដូចម្ដេច ប្រសិនបើ​អ្នក​គឺ​ជា​ម្នាក់​ក្នុង​ចំណោម​ពួក​បរិសុទ្ធ ដែល​បាន​សង្ឃឹម​ឲ្យ​មាន​ការការពារ​ពី​ព្រះអម្ចាស់ ប៉ុន្តែ បែរជា​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ​វិញ ។

  1. យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​ពួក​បរិសុទ្ធ​ជំនាន់​ដំបូង​បាន​ពុះពារ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន ។ តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ ចេញ​ពី​បទពិសោធន៍​របស់​ពួកគេ ?

តើ​ក្រុង​ស៊ីយ៉ូន​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ពេល​ខាង​មុខ ?

តើ​អ្នក​ធ្លាប់​បាន​សង្ឃឹម ឬ រំពឹង​ឲ្យ​មាន​អ្វី​មួយ​កើតឡើង ដែល​ពុំ​បាន​កើតឡើង​ដែរ​ឬ​ទេ ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​ស្រមៃ​អំពី​ការខកចិត្ត និង ការភាន់ភាំង​ដែល​ពួក​បរិសុទ្ធ​ជំនាន់​ដំបូង​បាន​ជួប​ប្រទះ នៅ​ពេល​សមាជិក​សាសនាចក្រ​ត្រូវបាន​បណ្ដេញ​ចេញ​ពី​ឃុំចាកសុន រដ្ឋ មិសសួរី ។ នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ព្យាការី យ៉ូសែប ស៊្មីធ បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់ ពួក​បរិសុទ្ធ​ដែល​ត្រូវបាន​និរទេស នៅ​មិន​យូរ​ប៉ុន្មាន​ដែល​ពួកគេ​បាន​ភៀសខ្លួន​ចេញ​ពី​ឃុំ​ចាកសុន ។ នៅ​ក្នុង​សំបុត្រ​នោះ​លោក​បាន​សរសរ​ថា « នៅ​ពេល​យើង​ដឹង​អំពី​ការរងទុក្ខ​របស់​បងប្អូន​ទាំងអស់​គ្នា វា​បាន​ដាស់​ឲ្យ​ដួងចិត្ត​យើង​មាន​ការអាណិតអាសូរ វា​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខព្រួយ យើង​មិន​អាច​ទប់​ទឹកភ្នែក​មិន​ឲ្យ​ស្រក់​បាន​ឡើយ » ( នៅ​ក្នុង History of the Church ១:៤៥៤ ) ។

រូបភាព
យ៉ូសែប ស៊្មីធ

នៅ​ក្នុង​សំបុត្រ​នោះ​ដែរ ព្យាការី​បាន​សរសេរ​អំពី​ការទូលសួរ​របស់​លោក​ចំពោះ​ព្រះអម្ចាស់​អំពី​មូលហេតុ ដែល​ការរំពឹងទុក​របស់​ពួក​បរិសុទ្ធ​ចំពោះ​ក្រុង​ស៊ីយ៉ូន​ត្រូវបាន​រលាយ​សាបសូន្យ​ថា ៖ « ខ្ញុំ​ដឹង​ថា ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​បាន​ស្រោចស្រង់​ស្រប​តាម​ពេល​វេលា​របស់​ព្រះអម្ចាស់ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​ទូល​សួរ​អំពី​បញ្ហា​ទាំងនេះ​ថា តើ​នឹង​មាន​ថ្ងៃ​នៃ​ការបន្សុទ្ធ ទុក្ខព្រួយ និង សេចក្ដី​វេទនា ប៉ុណ្ណា​ទៀត​ដែល​ព្រះអម្ចាស់​មិន​ទាន់​បាន​បង្ហាញ​ប្រាប់ នោះ​ព្រះសូរសៀង​នៃ​ព្រះអម្ចាស់​បាន​បន្លឺ​ថា ៖ ចូរ​នៅ​ឲ្យ​ស្ងៀម ហើយ​ចូរ​ដឹង​ថា យើង​គឺ​ជា​ព្រះ ! អស់​អ្នក​ដែល​រងទុក្ខ​ដោយសារ​តែ​ព្រះ​នាម​យើង នឹង​បាន​សោយរាជ្យ​ជាមួយ​យើង ហើយ​អ្នក​ណា​ដែល​ប្ដូរ​ជីវិត​របស់​ខ្លួន​ដោយ​យល់​ដល់​ព្រះ​នាម​របស់​យើង នោះ​នឹង​បាន​មក​វិញ » ( នៅ​ក្នុង History of the Church ១:៤៥៣–៥៤ ) ។

តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ យ៉ូសែប ស៊្មីធ ឲ្យ​ធ្វើ​អ្វី កាល​លោក​បាន​ទូល​សួរ​អំពី​មូលហេតុ ដែល​ពួក​បរិសុទ្ធ​បាន​បរាជ័យ​ក្នុង​ការស្ថាបនា​ក្រុង​ស៊ីយ៉ូន ? សូម​គិត​ថា​តើ​របៀប ដែល​ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ព្យាការី អាច​ជា​ប្រយោជន៍​នៅ​ពេល​បញ្ហា​ទាំងឡាយ​ក្នុង​ជីវិត​អ្នក​ពុំ​ដំណើការ​ទៅ​តាម​អ្វី ដែល​អ្នក​សង្ឃឹម ឬ រំពឹងទុក​តាម​របៀប​ណា ។

ក្រោយ​មក ព្រះអម្ចាស់​បាន​ប្រទាន​ការយល់ដឹង​បន្ថែម ទៅ​លើ​មូលហេតុ​ដែល​ការព្យាយាម​របស់​ពួក​បរិសុទ្ធ​ក្នុង​ការស្ថាបនា​ក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​បរាជ័យ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៥–៦, ៩–១០, ២៣–២៤ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​តម្រូវ​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ធ្វើ ពីមុន​ក្រុង​ស៊ីយ៉ូន​ត្រូវបាន​ស្ថាបនា​ឡើង ។

នៅ​ក្នុង​មេរៀន​នេះ ក្រុង​ស៊ីយ៉ូន​ត្រូវបាន​សំដៅ​ទៅ​លើ​កន្លែង ដែល​ពួក​បរិសុទ្ធ​ស្ថាបនា​ទីក្រុង​ដ៏​បរិសុទ្ធ​មួយ ដែល​ជា​ទីក្រុង យេរ៉ូសាឡិម​ថ្មី ។ ប៉ុន្តែ អត្ថន័យ​កុ្រង​ស៊ីយ៉ូន គឺ​ជ្រាលជ្រៅ​ជាង​ទីតាំង​ជាក់លាក់​មួយ ដែល​ពួក​បរិសុទ្ធ​អាច​ស្វែងរក​ការការពារ​ទៅ​ទៀត ។ ពួក​បរិសុទ្ធ​ជំនាន់​ដំបូង​អាច​គិត​ថា វា​គ្រាន់តែ​ជា​ការស្ថាបនា​ទីក្រុង​មួយ​តែ​ប៉ុណ្ណោះ ប៉ុន្តែ ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ចង់​ស្ថាបនា​មនុស្ស​សុចរិត​ឲ្យ​ដូចជា​ស្ថាបនា​ទីក្រុង​ដែរ ។ « ត្រសាល » ការពារ​នៃ​ក្រុង​ស៊ីយ៉ូន អាច​មាន​នៅ​គ្រប់​ទីកន្លែង​ដែល ប្រជាជន​គោរពប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល ( សូម​មើល គ. និង ស. ១០៥:៥ ) ។

អ្នក​អាច​នឹង​ចងចាំ​ចេញ​ពី​ការសិក្សា​របស់​អ្នក​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:២១ ដែល​ព្រះអម្ចាស់​បាន​ពន្យល់​ថា ក្រុង​ស៊ីយ៉ូន​គឺ​ជា​ក្រុង​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ ។ សូម​រំឭក​ឡើង​វិញ អំពី​គោលការណ៍​នៃ​សុចរិតភាព និង ព្រះបញ្ញត្តិ​ទាំងឡាយ ដែល​អ្នក​រក​បាន​នៅ​មុន​នេះ​បន្តិច​ក្នុង​មេរៀន​នេះ ។ សូម​គិត​អំពី​របៀប​ដែល​គោលការណ៍​សុចរិត​ទាំងនេះ ជួយ​បុគ្គល​ម្នាក់​ឲ្យ​មាន​ចិត្ត​ល្អ​សុទ្ធសាធ ។

អែលឌើរ ដេវីឌ អ័រ ស្តូន នៃ​ពួក​ចិតសិប​នាក់ បាន​ពន្យល់​អំពី​របៀប ដែល​យើង​អាច​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ឡើង​នៅ​ជំនាន់​យើង​នេះ​ថា ៖

រូបភាព
អែលឌើរ ដាវីឌ អ័រ ស្តូន

« ទោះ​ជា​យើង​នៅ​ទី​ណា​ក៏​ដោយ ទោះ​ជា​ទីក្រុង​ណា​ដែល​យើង​រស់នៅ​ក៏​ដោយ យើង​អាច​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ផ្ទាល់​ខ្លួន​របស់​យើង​ដោយ​រស់នៅ​តាម​គោលការណ៍​នៃ​នគរ​សេឡេស្ទាល ហើយ​ព្យាយាម​ឲ្យ​មាន​ចិត្ត​ល្អ​សុទ្ធសាធ ។ ក្រុង​ស៊ីយ៉ូន​គឺ​ជា​ក្រុង​ដែល​មាន​សម្រស់​ស្រស់​ត្រកាល ហើយ​ព្រះអម្ចាស់​បាន​ទ្រ​វា​ដោយ​ព្រះហស្ត​ទ្រង់​ផ្ទាល់ ។ គេហដ្ឋាន​របស់​យើង អាច​ជា​ទី​ជ្រក​កោន និង ទីការពារ ដូចជា​ក្រុង​ស៊ីយ៉ូន​ដែរ ។

« យើង​ពុំ​ចាំបាច់​ត្រូវ​ធ្វើតាម​វប្បធម៌​នៃ​ទីកន្លែង និង ពេល​វេលា​នោះ​ឡើយ ។ យើង​អាច​ក្លាហាន​ឡើង ហើយ​អាច​ដើរ​ក្នុង​មាគ៌ា​របស់​ព្រះអម្ចាស់ និង ដើរតាម​ស្នាម​ព្រះបាទា​ទ្រង់ ។ ហើយ​បើ​យើង​ធ្វើ​ដូចនោះ យើង​នឹង​ត្រូវបាន​ហៅ​ថា​ជា​ក្រុង​ស៊ីយ៉ូន ហើយ​យើង​នឹង​ក្លាយ​ជា​រាស្ត្រ​នៃ​ព្រះអម្ចាស់ » ( « Zion in the Midst of Babylon » Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៩៣ ) ។

  1. សូម​សង្ខេប​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ​អំពី​ក្រុង​ស៊ីយ៉ូន ។ តើ​អ្នក​មាន​តួនាទី​អ្វី​ខ្លះ ក្នុង​ការស្ថាបនា​ក្រុង​ស៊ីយ៉ូន​ឡើង​នៅ​កន្លែង​ដែល​អ្នក​រស់នៅ ?

  2. សូម​ពិចារណា​អំពី​គោលការណ៍​នៃ​សុចរិតភាព ដែល​អ្នក​បាន​រាយ​នៅ​មុន​នេះ​បន្តិច​ក្នុង​មេរៀន​នេះ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គោលដៅ​មួយ ដែល​នឹង​ជួយ​អ្នក​ឲ្យ​រស់នៅ​តាម​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងនោះ ឲ្យ​បាន​កាន់តែ​ស្មោះត្រង់ ។

  3. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី កន្លែង​កណ្ដាល​នៃ​ក្រុង​ស៊ីយ៉ូន ហើយ​បាន​បញ្ចប់​វា​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖